អ្នកអានសួរថា . . .
តើព្រះប្រកាន់ជាតិសាសន៍ឬទេ?
▪ ព្រះមិនចេះប្រកាន់ជាតិសាសន៍ទេ។ គម្ពីរបានចែងយ៉ាងច្បាស់ថា៖ «ព្រះមិនរើសមុខទេ តែនៅគ្រប់ជាតិសាសន៍ លោកពេញចិត្តនឹងអ្នកណាដែលកោតខ្លាចលោកហើយប្រព្រឹត្តអំពើសុចរិត»។—សកម្មភាព ១០:៣៤, ៣៥
ស្តីអំពីរឿងនេះ ទស្សនៈរបស់ព្រះគឺខ្ពង់ខ្ពស់ជាងទស្សនៈរបស់មនុស្សមិនល្អឥតខ្ចោះ។ មនុស្សជាច្រើនជឿថា ជាតិសាសន៍មួយ (តាមធម្មតាជាតិសាសន៍របស់ខ្លួន) គឺល្អជាងជាតិសាសន៍ឯទៀត។ ការរើសអើងបែបនេះគឺស្រដៀងនឹងទស្សនៈរបស់ឆាល ដាវីន ដែលគាត់បានសរសេរថា៖ «នៅពេលមួយនាអនាគត . . . ពូជមនុស្សដែលមានអរិយធម៌ជឿនលឿនប្រាកដជានឹងបំផ្លាញពូជមនុស្សព្រៃឲ្យផុតពូជទៅ រួចពួកគេនឹងឡើងជំនួសវិញ»។ គួរឲ្យស្ដាយណាស់ ជាតិសាសន៍ជាច្រើនពិតជាបានក្លាយទៅជាជនរងគ្រោះនៃការប្រកាន់ពូជសាសន៍នេះ។
តើមានទីសម្អាងដែលអាចបញ្ជាក់ថាជាតិសាសន៍ណាមួយប្រសើរជាងជាតិសាសន៍មួយទៀតឬទេ? ជាឧទាហរណ៍ តើពួកអ្នកវិទ្យាសាស្ត្របានបង្ហាញថាជាតិសាសន៍ខ្លះមានហ្សែនដែលល្អជាងគេ ហើយជាតិសាសន៍ឯទៀតមានហ្សែនដែលអន់ជាងឬទេ? មិនមែនទេ។ សាស្ដ្រាចារ្យនៃសកលវិទ្យាល័យមួយដែលបានសិក្សាអំពីហ្សែនរបស់មនុស្សជាតិ បានសរសេរថា៖ ‹ក្នុងហ្សែនគ្មានទីសម្អាងអ្វីដែលអាចឲ្យយើងធ្វើការបែងចែកអំពីលក្ខណៈរបស់ជាតិសាសន៍នានាបានទេ . . . គេតែងសួរខ្ញុំថា តើជនជាតិក្រិចឬជនជាតិអ៊ីតាលីមានហ្សែនផ្សេងពីសាសន៍ឯទៀតឬទេ? ប៉ុន្តែ វាគ្មានអ្វីខុសគ្នាទេ . . . យើងសុទ្ធតែដូចគ្នា›។
អ្វីដែលវិទ្យាសាស្ត្ររកឃើញស្តីអំពីរឿងនេះគឺស្របគ្នានឹងអ្វីដែលចែងក្នុងគម្ពីរ។ គម្ពីរបង្រៀនថា ព្រះបានបង្កើតបុរសម្នាក់និងស្ត្រីម្នាក់ដែលមនុស្សទាំងអស់ជាកូនចៅរបស់ពួកគេ។ (លោកុប្បត្តិ ៣:២០; សកម្មភាព ១៧:២៦) បើដូច្នេះ ចំពោះព្រះ មនុស្សទាំងអស់គឺជាជាតិសាសន៍តែមួយ។
ចំពោះព្រះយេហូវ៉ាពណ៌សម្បុរ ឬមុខមាត់របស់មនុស្សម្នាក់ គឺមិនសំខាន់ទាល់តែសោះ។ លោកឲ្យតម្លៃទៅលើអ្វីដែលសំខាន់ជាងនោះឆ្ងាយណាស់ ពោលគឺចិត្តរបស់យើង។ លោកបានមានប្រសាសន៍ថាលោក«មិនវិនិច្ឆ័យដូចមនុស្សលោកដែលមើលតែសំបកក្រៅប៉ុណ្ណោះទេ» តែលោក«មើលចិត្តគំនិតវិញ»។ (សាំយូអែលទី១ [សាមូលែទី១] ១៦:៧, ខ.ស.) ការចាំអំពីរឿងនេះអាចជួយលើកទឹកចិត្តយើងច្រើនណាស់។ តើតាមរបៀបណា?
មិនថាយើងជាជាតិសាសន៍អ្វីក៏ដោយ យើងជាច្រើននាក់មិនពេញចិត្តនឹងលក្ខណៈនៃរាងកាយរបស់យើងទេ។ ទោះជាយ៉ាងនោះក៏ដោយ យើងមិនសូវមានសមត្ថភាពដើម្បីកែច្នៃអ្វីៗទាំងនោះឡើយ។ ប៉ុន្តែយើងអាចកែប្រែអ្វីដែលសំខាន់បំផុតបាន ពោលគឺចិត្តគំនិតរបស់យើង។ (កូឡុស ៣:៩-១១) បើយើងទទួលស្គាល់ការពិតអំពីចិត្តគំនិតខ្លួន យើងប្រហែលជាឃើញថា យើងចាត់ទុកជាតិសាសន៍របស់ខ្លួនប្រសើរជាង ឬអន់ជាងជាតិសាសន៍មួយផ្សេងទៀត។ ប៉ុន្តែដោយសារគំនិតទាំងពីរនេះមិនស្របតាមគំនិតរបស់ព្រះ យើងគួរព្យាយាមបំបាត់គំនិតបែបនោះចោល។—ទំនុកតម្កើង ១៣៩:២៣, ២៤
កាលដែលយើងព្យាយាមមានទស្សនៈដូចព្រះយេហូវ៉ាចំពោះមនុស្សឯទៀត យើងអាចដឹងច្បាស់ថាលោកនឹងជួយយើង។ បណ្ដាំរបស់លោកបានរំលឹកយើងថា៖ «ព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដាជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។ (របាក្សត្រទី២ ១៦:៩) លោកធ្វើដូច្នេះដល់មនុស្សគ្រប់ជាតិសាសន៍ដោយមិនរើសអើងឡើយ។