បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w12 ១/៤ ទំ. ១០-១៣
  • គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • អត្ថបទស្រដៀងគ្នា
  • គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
    ទស្សនាវដ្ដីប៉មយាម: គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
  • គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត
    ទស្សនាវដ្ដីប៉មយាម: គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
  • តើធ្វើដូចម្ដេចអាចផ្ដាច់គ្រឿងញៀន?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
  • គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
w12 ១/៤ ទំ. ១០-១៣

គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែប្រែ​ជីវិត

តើ​អ្វី​ដែល​បាន​ជំរុញ​ចិត្ត​បុរស​ម្នាក់​ឲ្យ​ត្រឡប់​មក​សាសនា​ដែល​គាត់​បាន​លះ​ចោល​វិញ? តើ​បុរស​វ័យ​ក្មេង​ម្នាក់​បាន​រក​ឃើញ​ឪពុក​ដែល​គាត់​ចង់​បាន​ពេញ​មួយ​ជីវិត​របស់​គាត់​យ៉ាង​ដូច​ម្ដេច? សូម​អាន​ពាក្យ​សម្ដី​របស់​ពួក​គាត់។

​«​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​រក​ព្រះ​យេហូវ៉ា​វិញ​»។ ឈ្មោះ: អ៊ីលី ខឹលីល

ឆ្នាំ​កំណើត: ១៩៧៦

ទី​កន្លែង​កំណើត: កោះស៊ីប

ធ្លាប់​ជា: កូន​បង្ហិន​ទ្រព្យ

អតីតកាល​របស់​ខ្ញុំ: ខ្ញុំ​បាន​កើត​នៅ​កោះស៊ីប ប៉ុន្តែ​ធំ​ឡើង​នៅ​ប្រទេស​អូស្ដ្រាលី។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ជា​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ពួក​គាត់​បាន​ខំ​ប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ ក៏​ប៉ុន្តែ ពេល​ខ្ញុំ​មាន​វ័យ​ជំទង់ ខ្ញុំ​ចាប់​ផ្ដើម​ប្រឆាំង។ ខ្ញុំ​លួច​ចេញ​ពី​ផ្ទះ​នៅ​ពេល​យប់​ដើម្បី​ទៅ​ជួប​ក្មេង​ៗ​ជំទង់​ឯ​ទៀត។ ពួក​យើង​ធ្លាប់​លួច​ឡាន ហើយ​បង្ក​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​ទៀត។

មុន​ដំបូង ខ្ញុំ​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ដោយ​លួច​លាក់ ព្រោះ​ខ្ញុំ​ខ្លាច​ធ្វើ​ឲ្យ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​មិន​ពេញ​ចិត្ត។ ប៉ុន្តែ បន្ដិច​ម្ដង​ៗ​ខ្ញុំ​លែង​ខ្លាច​ចិត្ត​ពួក​គាត់​ទៀត។ ខ្ញុំ​បាន​យក​មនុស្ស​ដែល​មាន​អាយុ​ច្រើន​ជាង​ខ្ញុំ​ឆ្ងាយ​ធ្វើ​ជា​មិត្ត​ភក្ដិ ហើយ​ពួក​គេ​មិន​មែន​ជា​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ទេ ពួក​គេ​ថែម​ទាំង​បាន​ជះ​ឥទ្ធិពល​មិន​ល្អ​មក​លើ​ខ្ញុំ​ដែរ។ នៅ​ទី​បំផុត ខ្ញុំ​បាន​ប្រាប់​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ថា ខ្ញុំ​មិន​ចង់​ចូល​រួម​ក្នុង​សាសនា​របស់​ពួក​គាត់​ទៀត​ទេ។ ពួក​គាត់​បាន​ព្យាយាម​ជួយ​ខ្ញុំ​ដោយ​ចិត្ត​អត់​ធ្មត់ ប៉ុន្តែ​ខ្ញុំ​មិន​ព្រម​ទទួល​ជំនួយ​របស់​ពួក​គាត់​ឡើយ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង។

ក្រោយ​ពី​រើ​ចេញ​ពី​ផ្ទះ ខ្ញុំ​ចាប់​ផ្ដើម​ប្រើ​គ្រឿង​ញៀន ថែម​ទាំង​ដាំ​និង​លក់​កញ្ឆា​យ៉ាង​ច្រើន។ ខ្ញុំ​មាន​ទម្លាប់​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌ ហើយ​ខ្ញុំ​ចំណាយ​ពេល​ជា​ច្រើន​ទៅ​ជប់​លៀង​នៅ​ក្លិប។ ខ្ញុំ​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​មនុស្ស​ឆេវឆាវ។ បើ​អ្នក​ណា​ម្នាក់​និយាយ​ឬ​ធ្វើ​អ្វី​មួយ​ដែល​ខ្ញុំ​មិន​ចូល​ចិត្ត នោះ​ខ្ញុំ​ក្ដៅ​ចិត្ត​ខ្លាំង ហើយ​ច្រើន​តែ​ស្រែក​គំហក និង​វាយ​ពួក​គេ។ បើ​និយាយ​ឲ្យ​ចំ​ទៅ ខ្ញុំ​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ត្រូវ​បង្រៀន​ថា​មិន​គួរ​ធ្វើ​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ម្នាក់។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែប្រែ​ជីវិត: ខ្ញុំ​មាន​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​ដែល​ជា​អ្នក​ញៀន​ថ្នាំ​ដូច​គ្នា ហើយ​គាត់​បាន​បាត់បង់​ឪពុក​របស់​គាត់​តាំង​ពី​នៅ​ក្មេង។ ជា​ច្រើន​ដង យើង​និយាយ​គ្នា​រហូត​ដល់​យប់​ជ្រៅ។ នៅ​យប់​ខ្លះ គាត់​ចាប់​ផ្ដើម​និយាយ​អំពី​អារម្មណ៍​របស់​គាត់ ហើយ​គាត់​បាន​និយាយ​ថា គាត់​នឹក​ឪពុក​គាត់​ណាស់។ ដោយ​សារ​ខ្ញុំ​ស្គាល់​អំពី​សេចក្ដី​សង្ឃឹម​ក្នុង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​បាន​ចាប់​ផ្ដើម​ប្រាប់​គាត់​អំពី​លោក​យេស៊ូ​ដោយ​ថា លោក​ធ្លាប់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​លោក​សន្យា​ថា​នឹង​ធ្វើ​ម្ដង​ទៀត​នៅ​ពេល​អនាគត។ (​យ៉ូហាន ៥:២៨, ២៩​) ខ្ញុំ​បាន​និយាយ​ថា​៖ ​«​សូម​ស្រមៃ​គិត​ថា​អ្នក​អាច​ជួប​ឪពុក​របស់​អ្នក​ម្ដង​ទៀត។ យើង​ទាំង​អស់​គ្នា​អាច​រស់​ជា​រៀង​រហូត​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន​»។ ពាក្យ​ទាំង​នោះ​បាន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ចិត្ត​របស់​មិត្ត​ខ្ញុំ។

នៅ​ពេល​ផ្សេង​ទៀត មិត្ត​របស់​ខ្ញុំ​ចាប់​ផ្ដើម​និយាយ​អំពី​រឿង​ផ្សេង​ៗ​ដូច​ជា​គ្រា​ចុង​ក្រោយ​បង្អស់​ឬ​សេចក្ដី​បង្រៀន​អំពី​ព្រះ​បី​អង្គ​រួម​តែ​មួយ។ ខ្ញុំ​បាន​យក​គម្ពីរ​របស់​គាត់ ហើយ​បង្ហាញ​គាត់​នូវ​បទ​គម្ពីរ​ផ្សេង​ៗ​ដែល​បញ្ជាក់​ការ​ពិត​អំពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​គ្រា​ចុង​ក្រោយ​បង្អស់។ (​យ៉ូហាន ១៤:២៨; ធីម៉ូថេទី២ ៣:១​-​៥​) ពេល​ខ្ញុំ​និយាយ​អំពី​ព្រះ​យេហូវ៉ា​កាន់​តែ​ច្រើន​ជា​មួយ​នឹង​មិត្ត​របស់​ខ្ញុំ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​អំពី​លោក​កាន់​តែ​ច្រើន។

បន្ដិច​ម្ដង​ៗ គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដែល​មិន​ទាន់​ដុះ​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ គឺជា​គ្រាប់​ពូជ​ដែល​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ព្យាយាម​ដាំ​នោះ ចាប់​ផ្ដើម​ដុះ​ឡើង​ហើយ។ ជា​ឧទាហរណ៍ ជួនកាល​ពេល​ខ្ញុំ​នៅ​ពិធី​ជប់​លៀង ហើយ​កំពុង​ប្រើ​ថ្នាំ​ញៀន​ជា​មួយ​មិត្ត​ភក្ដិ ស្រាប់​តែ​ខ្ញុំ​ចាប់​ផ្ដើម​គិត​អំពី​ព្រះ​យេហូវ៉ា។ មិត្ត​ជា​ច្រើន​របស់​ខ្ញុំ​បាន​អះអាង​ថា​ពួក​គេ​ស្រឡាញ់​ព្រះ ប៉ុន្តែ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ផ្ទុយ​ពី​ពាក្យ​សម្ដី​ទាំង​ស្រុង។ ដោយ​សារ​ខ្ញុំ​មិន​ចង់​ធ្វើ​ដូច​ពួក​គេ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ហើយ គឺ​ខ្ញុំ​ត្រូវ​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ។

ពិត​មែន​ហើយ ពេល​ខ្ញុំ​ព្យាយាម​ត្រឡប់​មក​វិញ មាន​ការ​ប្រព្រឹត្ត​ដែល​ពិបាក​កែប្រែ និង​ស្រួល​កែប្រែ។ ការ​ប្រព្រឹត្ត​ខ្លះ​ងាយ​ស្រួល​កែប្រែ​ដូច​ជា ការ​ផ្ដាច់​គ្រឿង​ញៀន។ ខ្ញុំ​ក៏​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​មិត្ត​ចាស់​របស់​ខ្ញុំ​ដែរ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​គ្រិស្ត​សាសនិក​ម្នាក់​ដែល​ជា​អ្នក​ចាស់​ទុំ។

ក៏​ប៉ុន្តែ ការ​ប្រព្រឹត្ត​ផ្សេង​ទៀត​គឺ​ពិបាក​កែប្រែ​ណាស់។ ជា​ពិសេស ខ្ញុំ​ពិបាក​ទប់​កំហឹង​របស់​ខ្ញុំ។ ជួនកាល​ខ្ញុំ​ខំ​គ្រប់​គ្រង​កំហឹង​របស់​ខ្ញុំ​អស់​មួយ​រយៈ តែ​ពេល​ខ្លះ​ខ្ញុំ​បែរ​ជា​ផ្ទុះ​កំហឹង​វិញ។ ខ្ញុំ​ស្ដាយ​ក្រោយ​រាល់​ដង​ដែល​ខ្ញុំ​ធ្វើ​ដូច្នោះ ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​ជា​មនុស្ស​បរាជ័យ។ ដោយ​សារ​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត ខ្ញុំ​បាន​ទៅ​ជួប​អ្នក​ចាស់​ទុំ​ដែល​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ។ អ្នក​ចាស់​ទុំ​នោះ​តែង​តែ​អត់​ធ្មត់ និង​បង្ហាញ​ចិត្ត​សប្បុរស ហើយ​ខ្ញុំ​រមែង​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​គាត់។ នៅ​ពេល​មួយ គាត់​បាន​ឲ្យ​ខ្ញុំ​អាន​អត្ថបទ​មួយ​ពី​ទស្សនាវដ្ដី​ប៉មយាម ដែល​រៀប​រាប់​អំពី​សារៈសំខាន់​នៃ​ការ​មិន​ឈប់​ព្យាយាម។a យើង​ពិគ្រោះ​គ្នា​អំពី​ជំហាន​ផ្សេង​ៗ​ដែល​ខ្ញុំ​អាច​ធ្វើ​តាម​ពេល​ខ្ញុំ​ខឹង។ បន្ដិច​ម្ដង​ៗ ដោយ​នឹក​ចាំ​អំពី​អត្ថបទ​នោះ និង​អធិដ្ឋាន​យ៉ាង​ច្រើន​ទៅ​ព្រះ​យេហូវ៉ា ខ្ញុំ​អាច​គ្រប់​គ្រង​លើ​កំហឹង​របស់​ខ្ញុំ​បាន។ នៅ​ទី​បំផុត ក្នុង​ខែ​មេ​សា ឆ្នាំ​២០០០ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្លាយ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​រំភើប​ចិត្ត​ណាស់។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល: ឥឡូវ ខ្ញុំ​មាន​សេចក្ដី​សុខ​ក្នុង​ចិត្ត ហើយ​ចិត្ត​ខ្ញុំ​មិន​បន្ទោស​ខ្ញុំ​ទេ ដោយ​សារ​ខ្ញុំ​មិន​ធ្វើ​បាប​រាង​កាយ​របស់​ខ្ញុំ​ដោយ​ប្រើ​គ្រឿង​ញៀន​ឬ​ប្រព្រឹត្ត​អំពើ​ប្រាសចាក​សីលធម៌​ទៀត។ ទោះ​ជា​ខ្ញុំ​ទៅ​ធ្វើ​ការ ចូល​រួម​កិច្ច​ប្រជុំ ឬ​ចូល​រួម​ក្នុង​ការ​កម្សាន្ត​ក៏​ដោយ ខ្ញុំ​សប្បាយ​ជាង​មុន​ឆ្ងាយ​ណាស់។ ខ្ញុំ​មាន​ទស្សនៈ​ល្អ​ចំពោះ​ជីវិត។

ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​លោក​បាន​ផ្ដល់​ឪពុក​ម្ដាយ​ឲ្យ​ខ្ញុំ ដែល​ពួក​គាត់​ខំ​ព្យាយាម​ជួយ​ខ្ញុំ​ជា​និច្ច។ ខ្ញុំ​ក៏​បាន​គិត​អំពី​ពាក្យ​របស់​លោក​យេស៊ូ​ដែល​មាន​នៅ​យ៉ូហាន ៦:៤៤ ដែល​ថា​៖ ​«​គ្មាន​មនុស្ស​ណា​ម្នាក់​អាចម​ក​ឯ​ខ្ញុំ​បាន​ឡើយ លុះ​ត្រា​តែ​អ្នក​នោះ​បាន​ត្រូវ​ទាញ​នាំ​មក​ដោយ​បិតា​នៅ​ស្ថាន​សួគ៌ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។ ខ្ញុំ​រំភើប​ចិត្ត​ណាស់​ពេល​គិត​ថា ខ្ញុំ​អាច​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ​ដោយ​សារ​លោក​បាន​ទាញ​នាំ​ខ្ញុំ។

​«​ខ្ញុំ​ចង់​បាន​ឪពុក​ម្នាក់​យ៉ាង​ខ្លាំង​»។ ឈ្មោះ: ម៉ាកូ អាន់តូញ៉ូ អាល់វ៉ារេស សូតូ

ឆ្នាំ​កំណើត: ១៩៧៧

ទី​កន្លែង​កំណើត: ប្រទេស​ស៊ីលី

ធ្លាប់​ជា: អ្នក​លេង​ភ្លេង​អំពី​ហិង្សា

អតីតកាល​របស់​ខ្ញុំ: ខ្ញុំ​រស់​នៅ​ជា​មួយ​ម្ដាយ​នៅ​ទី​ក្រុង​ពុន​តា អា​រី​ណា ដែល​ជា​ទី​ក្រុង​ដ៏​ល្អ​មួយ​នៅ​ច្រក​សមុទ្រ​ម៉ាជេឡាន់ ជិត​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អាម៉េរិក​ខាង​ត្បូង។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បែក​គ្នា​ពេល​ដែល​ខ្ញុំ​មាន​អាយុ​ប្រាំ​ឆ្នាំ ហើយ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​គេ​បោះបង់​ចោល។ ខ្ញុំ​ចង់​បាន​ឪពុក​ម្នាក់​យ៉ាង​ខ្លាំង។

ម្ដាយ​របស់​ខ្ញុំ​បាន​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ហើយ​គាត់​បាន​យក​ខ្ញុំ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក​នៅ​ឯ​សាល​ប្រជុំ។ ក៏​ប៉ុន្តែ ខ្ញុំ​ស្អប់​កិច្ច​ប្រជុំ​ណាស់ ហើយ​ខ្ញុំ​ច្រើន​តែ​ស្រែក​ឡូឡា​និង​បោក​ខ្លួន​ពេល​ធ្វើ​ដំណើរ​ទៅ​កិច្ច​ប្រជុំ​នោះ។ ពេល​ខ្ញុំ​មាន​អាយុ​១៣​ឆ្នាំ ខ្ញុំ​ឈប់​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់។

នៅ​ពេល​នោះ ខ្ញុំ​បាន​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្រឡាញ់​បទ​ភ្លេង ហើយ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មាន​ទេព​កោសល្យ​ក្នុង​ការ​លេង​ភ្លេង​ណាស់។ ពេល​ខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ ខ្ញុំ​បាន​លេង​ភ្លេង​ដែល​លើក​តម្កើង​អំពើ​ហិង្សា​នោះ​ក្នុង​ពិធី​បុណ្យ ក្នុង​បារ និង​ក្នុង​ពិធី​ជប់​លៀង​ផ្សេង​ៗ។ ការ​សេពគប់​ជា​មួយ​អ្នក​លេង​ភ្លេង​ដែល​មាន​ទេព​កោសល្យ បាន​ជំរុញ​ខ្ញុំ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​តន្ត្រីសម័យ។ ខ្ញុំ​ចាប់​ផ្ដើម​រៀន​លេង​ភ្លេង​នៅ​សាលា​តូរ្យតន្ត្រី​ក្នុង​តំបន់​នោះ។ ពេល​ខ្ញុំ​មាន​អាយុ​២០​ឆ្នាំ ខ្ញុំ​បាន​ប្ដូរ​ទៅ​រស់​នៅ​រាជធានី​នៃ​ប្រទេស​ស៊ីលី គឺ​ទី​ក្រុង​សាន់ទីយ៉ាហ្គោ ដើម្បី​រៀន​ជំនាញ​នេះ​ថែម​ទៀត។ ខ្ញុំ​ក៏​នៅ​បន្ត​លេង​ភ្លេង​អំពី​ហិង្សា​ជា​មួយ​វង់​ភ្លេង​ផ្សេង​ៗ​ដែរ។

ក្នុង​រវាង​ពេល​ទាំង​អស់​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​ជីវិត​គ្មាន​ន័យ​អ្វី​សោះ។ ដើម្បី​ជម្រុះ​អារម្មណ៍​ទាំង​អស់​នោះ ខ្ញុំ​បាន​ផឹក​ស្រា​ស្រវឹង និង​ប្រើ​គ្រឿង​ញៀន​ជា​មួយ​សមាជិក​ក្រុម​ភ្លេង​របស់​ខ្ញុំ ដែល​ខ្ញុំ​ចាត់​ទុក​ពួក​គេ​ដូច​ជា​ក្រុម​គ្រួសារ​របស់​ខ្ញុំ។ ខ្ញុំ​ចង់​ធ្វើ​ជា​មនុស្ស​ក្រៅ​សង្គម ហើយ​នេះ​បាន​ត្រូវ​បង្ហាញ​ដោយ​រូបរាង​ខាង​ក្រៅ​របស់​ខ្ញុំ។ ខ្ញុំ​ពាក់​ខោ​អាវ​ពណ៌​ខ្មៅ ទុក​ពុក​ចង្កា ហើយ​ទុក​សក់​វែង​រហូត​ដល់​ចង្កេះ។

ជា​ច្រើន​លើក​ច្រើន​សា ចិត្ត​គំនិត​របស់​ខ្ញុំ​បណ្ដាល​ឲ្យ​ខ្ញុំ​មាន​បញ្ហា​ជា​មួយ​អ្នក​ឯ​ទៀត​រហូត​ដល់​វាយ​តប់​គ្នា ហើយ​ប៉ូលិស​ក៏​ធ្លាប់​ចាប់​ខ្ញុំ​ដែរ។ នៅ​ពេល​មួយ ដោយ​មាន​ជាតិ​ស្រា​ក្នុង​ខ្លួន ខ្ញុំ​បាន​វាយ​ក្រុម​អ្នក​លក់​គ្រឿង​ញៀន ដែល​បាន​ធ្វើ​បាប​ខ្ញុំ​និង​មិត្ត​របស់​ខ្ញុំ។ ក្រុម​អ្នក​លក់​គ្រឿង​ញៀន​នោះ​បាន​វាយ​ខ្ញុំ​យ៉ាង​ដំណំ​រហូត​ដល់​ខ្ញុំ​បាក់​ឆ្អឹង​ថ្គាម។

ក៏​ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​បំផុត​គឺ​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្ញុំ។ នៅ​ថ្ងៃ​មួយ ខ្ញុំ​បាន​ដឹង​ថា​សង្សារ​របស់​ខ្ញុំ​បាន​ក្បត់​ខ្ញុំ​ដោយ​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្ញុំ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​មិត្ត​ទាំង​អស់​បាន​លាក់​រឿង​នោះ​មិន​ឲ្យ​ខ្ញុំ​ដឹង។ ខ្ញុំ​បាន​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង។

ដូច្នេះ ខ្ញុំ​បាន​រើ​ទៅ​នៅ​ទី​ក្រុង​ពុន​តា អា​រី​ណា​វិញ ជា​កន្លែង​ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម​បង្រៀន​ភ្លេង និង​ធ្វើ​ការ​ជា​អ្នក​លេង​សែ​ល​ឡូ។ ខ្ញុំ​ក៏​បន្ត​លេង និង​ថត​បទ​ភ្លេង​អំពី​ហិង្សា​នោះ​ដែរ។ ខ្ញុំ​បាន​ជួប​នឹង​ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​ស៊ូ​សាន ហើយ​យើង​ចាប់​ផ្ដើម​រស់​នៅ​ជា​មួយ​គ្នា។ ក្រោយ​មក នៅ​ពេល​មួយ ស៊ូ​សាន​បាន​ដឹង​ថា​ម្ដាយ​របស់​នាង​ជឿ​លើ​សេចក្ដី​បង្រៀន​អំពី​ព្រះ​បី​រួម​ជា​ព្រះ​តែ​មួយ ហើយ​ខ្ញុំ​មិន​បាន​ជឿ​ដូច​នោះ​ទេ។ នាង​បាន​សួរ​ខ្ញុំ​ថា​៖ ​«​ដូច្នេះ តើ​អ្វី​ជា​សេចក្ដី​ពិត​»។ ខ្ញុំ​បាន​ឆ្លើយ​ថា សេចក្ដី​បង្រៀន​អំពី​ព្រះ​បី​រួម​ជា​ព្រះ​តែ​មួយ​ជា​ជំនឿ​មិន​ពិត ប៉ុន្តែ​ខ្ញុំ​មិន​អាច​បង្ហាញ​ភ័ស្តុតាង​ពី​គម្ពីរ​បាន​ទេ។ ក៏​ប៉ុន្តែ ខ្ញុំ​ដឹង​ថា​អ្នក​ណា​អាច​ឆ្លើយ​បាន។ ខ្ញុំ​បាន​ប្រាប់​នាង​ថា​សាក្សី​ព្រះ​យេហូវ៉ា​អាច​បង្ហាញ​នាង​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ ក្រោយ​មក ខ្ញុំ​បាន​ធ្វើ​អ្វី​មួយ​ដែល​ខ្ញុំ​មិន​បាន​ធ្វើ​អស់​ច្រើន​ឆ្នាំ​មក​ហើយ គឺ​ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ ហើយ​សុំ​ជំនួយ​ពី​លោក។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ខ្ញុំ​ឃើញ​បុរស​ម្នាក់​ដែល​ខ្ញុំ​ដូច​ជា​ធ្លាប់​ស្គាល់ ហើយ​ខ្ញុំ​បាន​សួរ​គាត់​ថា តើ​គាត់​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​ឬ? ទោះ​ជា​មើល​ទៅ​គាត់​ដូច​ជា​ភ័យ​ខ្លាច​ដោយ​សារ​រូបរាង​ខាង​ក្រៅ​របស់​ខ្ញុំ​ក៏​ដោយ គាត់​បាន​ឆ្លើយ​សំណួរ​របស់​ខ្ញុំ​អំពី​កិច្ច​ប្រជុំ​ដែល​មាន​នៅ​ឯ​សាល​ប្រជុំ។ ខ្ញុំ​ជឿ​ជាក់​ថា​ការ​ជួប​សាក្សី​នេះ​ជា​ចម្លើយ​ចំពោះ​ការ​អធិដ្ឋាន​របស់​ខ្ញុំ។ ខ្ញុំ​បាន​ទៅ​ចូល​រួម​កិច្ច​ប្រជុំ ហើយ​បាន​អង្គុយ​នៅ​កៅអី​ជួរ​ក្រោយ​គេ​បង្អស់​ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ចាប់​អារម្មណ៍​នឹង​ខ្ញុំ។ ក៏​ប៉ុន្តែ បង​ប្អូន​ជា​ច្រើន​ចាប់​ផ្ដើម​ចំណាំ​មុខ​ខ្ញុំ​ថា ខ្ញុំ​ធ្លាប់​ចូល​រួម​កិច្ច​ប្រជុំ​ពេល​ខ្ញុំ​នៅ​ក្មេង។ ពួក​គេ​បាន​ស្វាគមន៍​ខ្ញុំ ហើយ​ឱប​ខ្ញុំ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​សេចក្ដី​សុខសាន្ត​ខ្លាំង​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ។ ពេល​ខ្ញុំ​ឃើញ​បុរស​ដែល​បាន​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ​ពេល​ដែល​ខ្ញុំ​នៅ​ក្មេង​នោះ ខ្ញុំ​បាន​សុំ​គាត់​ឲ្យ​បង្រៀន​គម្ពីរ​ដល់​ខ្ញុំ​ម្ដង​ទៀត។

វិធី​ដែល​គម្ពីរ​បាន​ជួយ​ខ្ញុំ​ឲ្យ​កែប្រែ​ជីវិត: នៅ​ថ្ងៃ​មួយ ខ្ញុំ​បាន​អាន​សុភាសិត ២៧:១១ ដែល​ចែង​ថា​៖ ​«​កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីករាយ​ចុះ​»។ ខ្ញុំ​បាន​ភ្ញាក់​ផ្អើល​ណាស់​ដោយ​គិត​ថា មនុស្ស​ជាតិ​អាច​ធ្វើ​ឲ្យ​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង​មាន​ចិត្ត​រីករាយ។ ខ្ញុំ​ចាប់​ផ្ដើម​ដឹង​ថា ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ខ្ញុំ​ស្វែងរក​ជា​យូរ​មក​ហើយ!

ខ្ញុំ​ចង់​ធ្វើ​ឲ្យ​បិតា​របស់​ខ្ញុំ​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត និង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក ប៉ុន្តែ​ខ្ញុំ​ប្រៀប​ដូច​ជា​ខ្ញុំ​បម្រើ​របស់​គ្រឿង​ញៀន និង​ស្រា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ខ្ញុំ​ចាប់​ផ្ដើម​យល់​អំពី​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ៦:២៤ ដែល​ចែង​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ​»។ ពេល​ខ្ញុំ​ខំ​ប្រឹង​កែប្រែ គោលការណ៍​ក្នុង​កូរិនថូសទី១ ១៥:៣៣ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ខ្ញុំ។ បទ​គម្ពីរ​នោះ​ចែង​ថា​៖ ​«​ការ​សេពគប់​អាក្រក់​បង្ខូច​ការ​ប្រព្រឹត្ត​ល្អ​»។ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា ខ្ញុំ​មិន​អាច​ផ្ដាច់​ទម្លាប់​អាក្រក់​ទាំង​នេះ​បាន​ទេ បើ​ខ្ញុំ​នៅ​តែ​បន្ត​ទៅ​ដើរ​លេង​នៅ​កន្លែង​ដដែល ហើយ​សេពគប់​ជា​មួយ​នឹង​មនុស្ស​ដដែល​នោះ។ ឱវាទ​ក្នុង​គម្ពីរ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្ញុំ​ត្រូវ​តែ​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ដើម្បី​ផ្ដាច់​អ្វី​ៗ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទម្លាប់​អាក្រក់​ទាំង​នោះ។—ម៉ាថាយ ៥:៣០

ការ​ឈប់​ស្ដាប់​និង​លេង​បទ​ភ្លេង​ដែល​លើក​តម្កើង​អំពើ​ហិង្សា​ជា​អ្វី​ដែល​ពិបាក​បំផុត ព្រោះ​នេះ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ។ ប៉ុន្តែ ដោយ​មាន​ជំនួយ​ពី​មិត្ត​ភក្ដិ​ក្នុង​ក្រុម​ជំនុំ ខ្ញុំ​អាច​បញ្ឈប់​ទម្លាប់​នោះ​បាន។ ខ្ញុំ​ឈប់​ផឹក​ស្រា​ហួស​ប្រមាណ និង​ឈប់​ប្រើ​គ្រឿង​ញៀន។ ខ្ញុំ​ក៏​កាត់​សក់​និង កោរ​ពុក​ចង្កា​ដែរ ហើយ​ឈប់​ពាក់​តែ​ខោ​អាវ​ពណ៌​ខ្មៅ​ទៀត។ ពេល​ខ្ញុំ​ប្រាប់​ស៊ូ​សាន​ថា ខ្ញុំ​ចង់​កាត់​សក់​របស់​ខ្ញុំ នាង​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​រហូត​ដល់​នាង​ចង់​ដឹង​ថា តើ​ខ្ញុំ​ធ្វើ​អ្វី​នៅ​ឯ​សាល​ប្រជុំ? នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ទៅ​សាល​ប្រជុំ​ជា​មួយ​បង​ដើម្បី​មើល​ថា​មាន​អ្វី​កើត​ឡើង​នៅ​ឯ​សាល​ប្រជុំ​នោះ!​»។ នាង​បាន​ពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​នាង​បាន​ឃើញ ហើយ​មិន​យូរ​ក្រោយ​មក​នាង​ក៏​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ដែរ។ នៅ​ទី​បំផុត ខ្ញុំ​និង​ស៊ូ​សាន​បាន​រៀប​ការ​ជា​មួយ​គ្នា។ ក្នុង​ឆ្នាំ​២០០៨ យើង​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ យើង​សប្បាយ​ចិត្ត​ណាស់​ដោយ​បាន​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ម្ដាយ​របស់​ខ្ញុំ។

ផល​ប្រយោជន៍​ដែល​ខ្ញុំ​ទទួល: ខ្ញុំ​បាន​រួច​ផុត​ពី​ពិភព​លោក​មួយ​ដែល​ពោរ​ពេញ​ដោយ​សុភមង្គល​ក្លែង​ក្លាយ និង​ពី​មិត្ត​ភក្ដិ​ដែល​ក្បត់​ចិត្ត។ ខ្ញុំ​នៅ​តែ​ស្រឡាញ់​ចម្រៀង ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ចេះ​ជ្រើស​រើស​វា។ ខ្ញុំ​ប្រើ​បទ​ពិសោធន៍​របស់​ខ្ញុំ​ដើម្បី​ជា​ប្រយោជន៍​ដល់​សមាជិក​ក្នុង​ក្រុម​គ្រួសារ និង​អ្នក​ឯ​ទៀត ជា​ពិសេស​ប្អូន​ៗ​វ័យ​ក្មេង។ ខ្ញុំ​ចង់​ជួយ​ពួក​គេ​ឲ្យ​យល់​ថា អ្វី​ៗ​ភាគ​ច្រើន​ដែល​ពិភព​លោក​នេះ​ផ្ដល់​ឲ្យ​ប្រហែល​មើល​ទៅ​ដូច​ជា​គួរ​ឲ្យ​ចង់​បាន​ណាស់ ប៉ុន្តែ​នៅ​ទី​បំផុត វា​គ្រាន់តែ​ជា​«​សំរាម​»​ទេ។—ភីលីព ៣:៨

ខ្ញុំ​បាន​រក​ឃើញ​មិត្ត​ភក្ដិ​ដែល​ស្មោះ​ត្រង់​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក ជា​កន្លែង​ដែល​មាន​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​សុខសាន្ត​យ៉ាង​ពិត​ប្រាកដ។ បន្ថែម​ទៅ​ទៀត ដោយ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ខ្ញុំ​បាន​រក​ឃើញ​បិតា​ដែល​ខ្ញុំ​ខំ​រក​យូរ​ហើយ។

[​កំណត់​សម្គាល់​]

a អត្ថបទ​នេះ​មាន​ចំណង​ជើង​ថា​៖ ​«​ការ​ចេះ​ស៊ូ​ទ្រាំ​នាំ​ឲ្យ​មាន​ជោគជ័យ​»​ដែល​មាន​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០០០ ទំព័រ​៤​-​៦ ជា​ភាសា​អង់គ្លេស។

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១១​]

​«​ខ្ញុំ​អាច​ត្រឡប់​មក​ឯ​ព្រះ​យេហូវ៉ា​វិញ ដោយ​សារ​លោក​បាន​ទាញ​នាំ​ខ្ញុំ​»​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក