មានប្រវត្ដិសាស្ត្រពិត មិនមានរឿងព្រេង
«ខ្ញុំបានស្រាវជ្រាវយ៉ាងហ្មត់ចត់នូវហេតុការណ៍ទាំងអស់ដែលបានកើតឡើងតាំងពីដើមដំបូង ហើយបានព័ត៌មានត្រឹមត្រូវ»។—លូកា ១:៣
លក្ខណៈខុសប្លែកនៃគម្ពីរបរិសុទ្ធ: ជាធម្មតារឿងនិទាននិងរឿងព្រេងមិនពណ៌នាអំពីពេលវេលា ទីកន្លែង និងឈ្មោះរបស់បុគ្គលម្នាក់ៗយ៉ាងជាក់លាក់ទេ។ ផ្ទុយទៅវិញ គម្ពីរបរិសុទ្ធមានព័ត៌មានល្អិតល្អន់ជាច្រើនអំពីប្រវត្ដិសាស្ត្រ ដែលពង្រឹងទំនុកចិត្តអ្នកអានឲ្យជឿជាក់ថា អ្វីដែលមានក្នុងគម្ពីរគឺ‹សុទ្ធតែពិតទាំងអស់› (The Psalms for Today, by R. K. Harrison)។—ទំនុកតម្កើង ១១៩:១៦០
ឧទាហរណ៍: គម្ពីរបានរៀបរាប់ថា «នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន . . . ដឹកនាំយ៉ូយ៉ាគីន[ស្តេចយូដា] . . . ទៅឯស្រុកបាប៊ីឡូន»។ បន្ទាប់មក«អេវីល មេរ៉ូដាក ជាស្តេចស្រុកបាប៊ីឡូន ទ្រង់ចាប់តាំងសោយរាជ្យឡើង ហើយក៏ប្រោសមេត្ដាដល់យ៉ូយ៉ាគីនជាស្តេចយូដា ដោះចេញពីគុក» ហើយថែមទាំង«ផ្គត់ផ្គង់ថ្វាយ[យ៉ូយ៉ាគីន]រាល់តែថ្ងៃជានិច្ច ដរាបដល់អស់ព្រះជន្មទ្រង់»។—ពង្សាវតារក្សត្រទី២ ២៤:១១, ១៥; ២៥:២៧-៣០
កំណត់ត្រារបស់បុរាណវត្ថុវិទូ: ក្នុងសំណង់បាក់បែកក្រុងបាប៊ីឡូនសម័យបុរាណ អ្នកបុរាណវត្ថុវិទ្យាបានជីករកឃើញឯកសាររដ្ឋបាលក្នុងគ្រាសោយរាជ្យរបស់ស្តេចនេប៊ូក្នេសាទី២។ ក្នុងឯកសារនោះមានបញ្ជីស្តីអំពីការចែករបបអាហារដល់ពួកអ្នកទោស និងពួកអ្នកដែលនៅក្នុងរាជវាំង។ បញ្ជីនោះក៏រៀបរាប់អំពី«យ៉ាអ៊ូគីន[យ៉ូយ៉ាគីន]»ដែលជា«ស្តេចនៃស្រុកយ៉ាហ៊ុត(យូដា)»ព្រមទាំងអ្នកផ្ទះរបស់គាត់ដែរ។ ចុះតើអេវីល មេរ៉ូដាកជាអ្នកស្នងរាជ្យពីស្តេចនេប៊ូក្នេសាឬទេ? អ្នកបុរាណវត្ថុវិទូបានរកឃើញអក្សរចារិកនៅលើបំណែកថូនៅជិតទីក្រុងស៊ូសា។ អក្សរចារិកនោះបានសរសេរថា៖ «រាជវាំងនៃអាមីល ម៉ាដឹក[អេវីល មេរ៉ូដាក]ស្តេចបាប៊ីឡូន ជាបុត្ររបស់នេប៊ូក្នេសាជាស្តេចបាប៊ីឡូន»។
តើលោកអ្នកគិតយ៉ាងណា? តើមានគម្ពីរបុរាណរបស់សាសនាផ្សេងទៀតដែលរៀបរាប់ជាក់លាក់និងត្រឹមត្រូវតាមប្រវត្ដិសាស្ត្រដូចនេះឬទេ? ឬក៏មានតែគម្ពីរបរិសុទ្ធមួយប៉ុណ្ណោះ?
[ឃ្លាអក្សរធំនៅទំព័រ៥]
«ការបញ្ជាក់អំពីព្រឹត្ដិការណ៍ក្នុងប្រវត្ដិសាស្ត្រនិងភូមិសាស្ត្រក្នុងគម្ពីរបរិសុទ្ធ គឺមានភាពត្រឹមត្រូវជាង និងគួរឲ្យទុកចិត្តជាងព័ត៌មានដែលបានផ្ដល់មកពីឯកសារនៅសម័យបុរាណឯទៀតទាំងអស់» (A SCIENTIFIC INVESTIGATION OF THE OLD TESTAMENT, BY ROBERT D. WILSON)។
[រូបភាពនៅទំព័រ៥]
ឯកសាររដ្ឋបាលនៃស្រុកបាប៊ីឡូនដែលរៀបរាប់អំពីយ៉ូយ៉ាគីនជាស្តេចយូដា
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៥]
© bpk, Berlin/Vorderasiatisches Museum, SMB/Olaf M. Tessmer/Art Resource, NY