អ្នកអានសួរថា . . .
តើសាក្សីព្រះយេហូវ៉ាមានអ្នកបង្រៀនជាស្ត្រីទេ?
មាន។ នៅទូទាំងពិភពលោក ស្ត្រីដែលជាសាក្សីព្រះយេហូវ៉ារាប់លាននាក់គឺជាអ្នកបង្រៀន។ ពួកគាត់គឺជាមនុស្សមួយក្រុមធំដែលផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ ទំនុកតម្កើង ៦៨:១១ (ខ.ស.) បានទាយទុកថា៖«ព្រះអម្ចាស់ចេញបញ្ជា ពួកស្ត្រីដែលប្រៀបបាននឹងកងទ័ពមួយយ៉ាងធំ នាំគ្នាចេញទៅប្រកាសដំណឹង»។
ទោះជាយ៉ាងណាក្ដី សូមកុំយល់ច្រឡំអំពីកិច្ចការបង្រៀនរបស់ស្ត្រីដែលជាសាក្សីព្រះយេហូវ៉ា ជាមួយនឹងស្ត្រីដែលជាបុព្វជិតនៃសាសនាផ្សេងទៀត។ មានមូលហេតុមួយចំនួនដែលធ្វើឲ្យពួកគាត់ខុសពីគ្នា។ តើមូលហេតុទាំងនោះរួមបញ្ចូលអ្វីខ្លះ?
មនុស្សដែលពួកគាត់បង្រៀនគឺខុសគ្នា។ ស្ត្រីដែលជាបុព្វជិតជាពិសេសក្នុងពិភពគ្រិស្តសាសនា មានតំណែងជាអ្នកដឹកនាំក្នុងវិហារ ហើយមនុស្សដែលពួកគាត់បង្រៀនគឺជាសមាជិកក្នុងវិហារនោះ។ រីឯស្ត្រីដែលជាសាក្សីព្រះយេហូវ៉ា ពួកគាត់បង្រៀនមនុស្សនៅក្រៅក្រុមជំនុំ ពោលគឺមនុស្សដែលពួកគាត់ជួបនៅទីសាធារណៈ ពីផ្ទះមួយទៅផ្ទះមួយ និងនៅកន្លែងផ្សេងទៀត។
មូលហេតុមួយទៀតដែលស្ត្រីដែលជាសាក្សីព្រះយេហូវ៉ាខុសគ្នាពីស្ត្រីដែលជាបុព្វជិតសាសនាឯទៀត គឺភារកិច្ចរបស់ពួកគាត់ក្នុងក្រុមជំនុំ។ ស្ត្រីដែលជាបុព្វជិតនៃពិភពគ្រិស្តសាសនា និងក្នុងវិហារផ្សេងៗគឺជាអ្នកត្រួតពិនិត្យ ហើយជាអ្នកណែនាំសមាជិកក្នុងវិហារអំពីជំនឿសាសនារបស់ពួកគាត់។ ប៉ុន្តែ ស្ត្រីដែលជាសាក្សីព្រះយេហូវ៉ាមិនបង្រៀនសមាជិកក្រុមជំនុំ ពេលមានបុរសដែលបានទទួលការជ្រមុជទឹកហើយនៅក្នុងក្រុមជំនុំទេ។ មានតែបុរសដែលបានត្រូវតែងតាំងឲ្យបង្រៀនប៉ុណ្ណោះដែលអាចធ្វើដូច្នេះ។—ធីម៉ូថេទី១ ៣:២; យ៉ាកុប ៣:១
គម្ពីររៀបរាប់ថាមានតែបុរសប៉ុណ្ណោះដែលមានតួនាទីត្រួតពិនិត្យក្រុមជំនុំ។ សូមកត់សម្គាល់គំរូរបស់សាវ័កប៉ូលអំពីអ្វីដែលគាត់បានសរសេរទៅកាន់អ្នកត្រួតពិនិត្យម្នាក់ឈ្មោះទីតុស៖«ហេតុនេះហើយបានជាខ្ញុំទុកអ្នកនៅកោះក្រេត គឺដើម្បីឲ្យអ្នក . . . តែងតាំងបុរសចាស់ទុំនៅក្រុងនីមួយៗ»។ ប៉ូលបានបន្ថែមទៀតថា បុរសដែលបានត្រូវតែងតាំងត្រូវតែ«គ្មានកន្លែងចាប់កំហុសបាន មានប្រពន្ធតែមួយ»។ (ទីតុស ១:៥, ៦) ប៉ូលបានឲ្យការណែនាំស្រដៀងគ្នានេះក្នុងសំបុត្រ ទៅកាន់ធីម៉ូថេដែលថា៖«ប្រសិនបើបុរសណាកំពុងព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ គាត់ចង់បានកិច្ចការដ៏ល្អប្រសើរ។ ដូច្នេះ អ្នកត្រួតពិនិត្យត្រូវជាអ្នកដែលគ្មានកន្លែងបន្ទោស មានប្រពន្ធតែមួយ...មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀន»។—ធីម៉ូថេទី១ ៣:១, ២
ហេតុអ្វីភារកិច្ចជាអ្នកត្រួតពិនិត្យក្រុមជំនុំគឺសម្រាប់តែបុរសប៉ុណ្ណោះ? ប៉ូលនិយាយថា៖«ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីបង្រៀន ឬមានអំណាចលើបុរសទេ ប៉ុន្តែឲ្យនៅស្ងៀមវិញ។ ព្រោះអាដាមបានត្រូវបង្កើតមុន រួចមកអេវ៉ា»។ (ធីម៉ូថេទី១ ២:១២, ១៣) ដូច្នេះ តាមលំដាប់នៃការបង្កើតបានបញ្ជាក់អំពីគោលបំណងរបស់ព្រះស្ដីអំពីបុគ្គលដែលមានភារកិច្ចបង្រៀននិងត្រួតពិនិត្យក្រុមជំនុំ។
អ្នកបម្រើរបស់ព្រះយេហូវ៉ាធ្វើតាមគំរូរបស់លោកយេស៊ូគ្រិស្ត ដែលជាមេដឹកនាំរបស់ពួកគាត់។ លូកាដែលជាអ្នកកាន់តាមម្នាក់របស់លោកយេស៊ូបានសរសេរអំពីកិច្ចបម្រើផ្សាយរបស់លោកថា៖«លោកចាប់ផ្ដើមធ្វើដំណើរពីក្រុងមួយទៅក្រុងមួយ ហើយពីភូមិមួយទៅភូមិមួយ ដោយផ្សព្វផ្សាយនិងប្រកាសដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ»។ ក្រោយមក លោកយេស៊ូក៏បានចាត់អ្នកកាន់តាមរបស់លោកឲ្យទៅធ្វើកិច្ចការនេះដែរ ហើយគម្ពីរបញ្ជាក់ថា៖«ពួកគាត់បានធ្វើដំណើរពីភូមិមួយទៅភូមិមួយពេញតំបន់នោះ ដោយប្រកាសដំណឹងល្អ»។—លូកា ៨:១; ៩:២-៦
សព្វថ្ងៃនេះ អ្នកបម្រើរបស់ព្រះយេហូវ៉ាទាំងប្រុសទាំងស្រី អាចរួមចំណែកយ៉ាងសកម្មក្នុងការធ្វើតាមអ្វីដែលលោកយេស៊ូបានទាយទុកថា៖«ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ រួចទីបញ្ចប់នឹងមកដល់»។—ម៉ាថាយ ២៤:១៤