អត្ថបទអំពីក្របទស្សនាវដ្ដី | ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ
ហេតុអ្វីពិបាកស្រឡាញ់ព្រះ?
នៅឆ្នាំ៣៣ គ.ស.a លោកយេស៊ូគ្រិស្តបានមានប្រសាសន៍ថា៖«‹អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ត អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិត›។ នេះជាបញ្ញត្ដិទីមួយ ហើយជាបញ្ញត្ដិសំខាន់ជាងគេ»។
មនុស្សខ្លះពិបាកស្រឡាញ់ព្រះ។ សម្រាប់ពួកគេ ព្រះហាក់ដូចជានៅឆ្ងាយពេក ឬមិនអាចយល់បាន ថែមទាំងជាព្រះឃោរឃៅទៀតផង។ សូមពិចារណាពាក្យសម្ដីខ្លះដូចតទៅ៖
ម៉ាកូពីអ៊ីតាលី រៀបរាប់ថា៖«ខ្ញុំបានអធិដ្ឋានសុំព្រះឲ្យជួយខ្ញុំ តែដំណាលគ្នានោះ ខ្ញុំមានអារម្មណ៍ថាលោកនៅឆ្ងាយពេក ហួសពីការដែលខ្ញុំអាចចូលទៅជិតបាន។ ដូច្នេះសម្រាប់ខ្ញុំ ព្រះមិនមែនជាបុគ្គលពិតទេ ហើយលោកគ្មានអារម្មណ៍ទាល់តែសោះ»។
រ៉ូសាពីក្វាតេម៉ាឡា រៀបរាប់ថា៖«ទោះជាខ្ញុំចង់បម្រើព្រះយ៉ាងស្មោះអស់ពីចិត្តក៏ដោយ តែលោកហាក់ដូចជានៅឆ្ងាយពេក។ ខ្ញុំគិតថាលោកជាព្រះឃោរឃៅ ដែលចាំតែដាក់ទណ្ឌកម្មយើងប៉ុណ្ណោះ។ ខ្ញុំមិនជឿថាលោកជាព្រះដែលមានអារម្មណ៍កក់ក្ដៅនោះទេ»។
រេម៉ុនពីកាណាដា រៀបរាប់ថា៖«ពេលនៅក្មេង ខ្ញុំគិតថាព្រះកំពុងរកមើលកំហុសរបស់មនុស្ស ហើយចាំតែដាក់ទោសឲ្យសមនឹងកំហុសយើង។ ពេលខ្ញុំធំឡើង ខ្ញុំយល់ឃើញថាព្រះនៅខ្ពស់ឆ្ងាយពេក។ ព្រះគឺប្រៀបដូចជានាយករដ្ឋមន្ត្រីដែលមើលខុសត្រូវកិច្ចការផ្សេងៗឲ្យប្រជាជន តែមិនយកចិត្តទុកដាក់យ៉ាងស្មោះចំពោះពួកគេទេ»។
ចុះអ្នកវិញគិតយ៉ាងណាដែរ? តើពិបាកឲ្យស្រឡាញ់ព្រះមែនឬ? គ្រិស្តសាសនិកបានសួរសំណួរនោះអស់ជាច្រើនសតវត្សរ៍មកហើយ។ តាមពិត នៅអំឡុងរវាងឆ្នាំ៥០០និង១៥០០ គ.ស. សមាជិកភាគច្រើននៃពិភពគ្រិស្តសាសនាបានឈប់អធិដ្ឋានទៅព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត។ ហេតុអ្វីដូច្នេះ? ដោយសារពួកគេភ័យខ្លាចលោកខ្លាំងពេក។ ប្រវត្តិវិទូម្នាក់ឈ្មោះវីល ដូរេន បាននិយាយថា៖«តើមនុស្សម្នាក់ដែលធ្វើអំពើខុសឆ្គង អាចហ៊ានអធិដ្ឋានទៅព្រះដែលគួរឲ្យភ័យខ្លាច និងដែលនៅឆ្ងាយពីមនុស្សជាតិយ៉ាងដូចម្ដេចបាន?»។
ហេតុអ្វីមនុស្សខ្លះមានទស្សនៈថាព្រះ«គួរឲ្យភ័យខ្លាចនិងនៅឆ្ងាយពេក»? តើគម្ពីរបង្រៀនយ៉ាងណាអំពីព្រះ? តើការដឹងសេចក្ដីពិតអំពីព្រះអាចជួយអ្នកឲ្យស្រឡាញ់លោកឬទេ?