អត្ថបទអំពីក្របទស្សនាវដ្ដី | ពាក្យកុហកដែលធ្វើឲ្យមនុស្សពិបាកស្រឡាញ់ព្រះ
ពាក្យកុហកដែលធ្វើឲ្យមនុស្សជឿថាព្រះគឺអាថ៌កំបាំង
តើមនុស្សជាច្រើនជឿយ៉ាងណា?
គ្រិស្តសាសនា«និកាយធំៗបីគឺ រ៉ូម៉ាំងកាតូលិក អូធូដុក្សខាងកើត និងប្រូតេស្តង់ ជឿថាព្រះមួយនៅក្នុងបុគ្គលបីរូបគឺ ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ។ យោងតាមទ្រឹស្ដីគ្រិស្តសាសនា ជំនឿនេះបង្ហាញថាពួកគេមិនបានទទួលស្គាល់ថាមានព្រះបីអង្គទេ តែទទួលស្គាល់ថាបុគ្គលទាំងបីនោះគឺជាព្រះតែមួយ» (The New Encyclopædia Britannica)។
សេចក្ដីពិតពីគម្ពីរ
លោកយេស៊ូជាបុត្ររបស់ព្រះ មិនដែលអះអាងថាលោកនិងព្រះជាបុគ្គលតែមួយ ឬថាលោកមានភាពស្មើនឹងព្រះដែលជាបិតាឡើយ។ ផ្ទុយទៅវិញ លោកបានមានប្រសាសន៍ថា៖«ខ្ញុំទៅឯបិតាដែលនៅស្ថានសួគ៌ ពីព្រោះបិតានៅស្ថានសួគ៌គឺធំជាងខ្ញុំ»។ (យ៉ូហាន ១៤:២៨) លោកក៏បានប្រាប់អ្នកកាន់តាមម្នាក់ដែរថា៖«ខ្ញុំនឹងឡើងទៅឯបិតារបស់ខ្ញុំនិងបិតារបស់អ្នករាល់គ្នា ហើយទៅឯព្រះរបស់ខ្ញុំនិងព្រះរបស់អ្នករាល់គ្នា»។—យ៉ូហាន ២០:១៧
សកម្មពលបរិសុទ្ធមិនមែនជាព្រះមួយរូបទេ។ គ្រិស្តសាសនិកនៅសម័យមុន«បានពេញទៅដោយសកម្មពលបរិសុទ្ធ» ហើយព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖«ខ្ញុំនឹងចាក់សកម្មពលខ្លះរបស់ខ្ញុំទៅលើមនុស្សគ្រប់ប្រភេទ»។ (សកម្មភាព ២:១-៤, ១៧) ដូច្នេះ សកម្មពលបរិសុទ្ធមិនមែនជាផ្នែកមួយនៃព្រះបីរួមគ្នាជាព្រះតែមួយទេ តែជាឫទ្ធានុភាពរបស់ព្រះ។
មូលហេតុត្រូវដឹង
បណ្ឌិតខាងគោលលទ្ធិកាតូលិកឈ្មោះខាល រ៉ាណឺ និងហឺបឺត ហ្វូគ្រីមឡឺ បានពន្យល់ថា ព្រះបីរួមគ្នាជាព្រះតែមួយ«មិនអាចយល់បានទេ បើគ្មានការបកស្រាយ ហើយទោះជាក្រោយពីបកស្រាយហើយក៏ដោយ ក៏មិនអាចយល់បានទាំងអស់ដែរ»។ តើអ្នកពិតជាអាចស្រឡាញ់នរណាម្នាក់ដែលអ្នកមិនអាចស្គាល់ឬមិនអាចយល់បានទេ? ច្បាស់ហើយថា ទ្រឹស្ដីនៃព្រះបីរួមគ្នាជាព្រះតែមួយ គឺជាឧបសគ្គរារាំងមនុស្សមិនឲ្យស្គាល់និងស្រឡាញ់ព្រះ។
ម៉ាកូដែលបានរៀបរាប់ក្នុងអត្ថបទមុន ក៏បានយល់ឃើញថាសេចក្ដីបង្រៀនអំពីព្រះបីរួមគ្នាជាព្រះតែមួយគឺជាការរារាំងមួយមែន។ គាត់និយាយថា៖«ខ្ញុំធ្លាប់គិតថាព្រះព្យាយាមលាក់បាំងមិនឲ្យខ្ញុំស្គាល់លោក ហើយនេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាលោកនៅឆ្ងាយណាស់មិនអាចចូលទៅជិតបាន និងជាបុគ្គលអាថ៌កំបាំង»។ ក៏ប៉ុន្តែ គម្ពីរប្រាប់ថា៖‹ព្រះមិននៅឆ្ងាយពីយើងម្នាក់ៗទេ›។ (សកម្មភាព ១៧:២៧) ព្រះមិនបានលាក់អត្តសញ្ញាណរបស់លោកទេ។ ផ្ទុយទៅវិញ លោកចង់ឲ្យយើងស្គាល់លោក។ លោកយេស៊ូបានមានប្រសាសន៍ថា៖«យើងគោរពប្រណិប័តន៍ដោយមានចំណេះ»។—យ៉ូហាន ៤:២២
ម៉ាកូបាននិយាយទៀតថា៖«ពេលខ្ញុំបានរៀនដឹងថាព្រះមិនមែនជាផ្នែកមួយនៃព្រះបីរួមគ្នាជាព្រះតែមួយទេ នោះបន្តិចម្ដងៗ ខ្ញុំអាចមានចំណងមិត្តភាពដោយផ្ទាល់ជាមួយនឹងលោក»។ ប្រសិនបើយើងចាត់ទុកព្រះយេហូវ៉ាថាជាបុគ្គលមួយដាច់ដោយឡែក និងមិនមែនជាបុគ្គលអាថ៌កំបាំងទេ នោះយើងកាន់តែងាយស្រួលក្នុងការស្រឡាញ់លោក។ គម្ពីរចែងថា៖«អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ អ្នកនោះមិនស្គាល់ព្រះទេ ពីព្រោះព្រះគឺជាសេចក្ដីស្រឡាញ់»។—យ៉ូហានទី១ ៤:៨