បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/១១ ទំ. ៣១-៣២
  • «ផ្ទះរបស់ខ្ញុំនៅជាមួយនឹងខ្ញុំជានិច្ច»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ផ្ទះរបស់ខ្ញុំនៅជាមួយនឹងខ្ញុំជានិច្ច»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/១១ ទំ. ៣១-៣២

អនុស្សាវរីយ៍​ពី​សម័យ​មុន

​«​ផ្ទះ​របស់​ខ្ញុំ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច​»​

ក្នុង​អំឡុង​ពេល​មាន​សកម្មភាព​ផ្សព្វ​ផ្សាយ​យ៉ាង​លឿន​រយៈ​ពេល​៩​ថ្ងៃ នៅ​ខែ​សីហា​និង​ខែ​កញ្ញា ឆ្នាំ​១៩២៩ អ្នក​ផ្សព្វ​ផ្សាយ​ជាង​១០.០០០​នាក់​បាន​ផ្សព្វ​ផ្សាយ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​នៅ​សហរដ្ឋអាម៉េរិក។ ពួក​គាត់​បាន​ផ្ដល់​សៀវភៅ​និង​កូន​សៀវភៅ​ប្រហែលជា​២៥០.០០០​ក្បាល​ឲ្យ​បណ្ដា​ជន។ ក្នុង​ចំណោម​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ទាំង​នេះ មាន​អ្នក​ត្រួស​ត្រាយ​ប្រហែលជា​មួយ​ពាន់​នាក់។ ចំនួន​របស់​ពួក​គាត់​បាន​កើន​ឡើង​យ៉ាង​ខ្លាំង! ឯកសារ​ប៊ូឡើទិន (​Bulletin​)a បាន​សរសេរ​អំពី​ការ​កើន​ឡើង​នេះ​«​ដែល​ស្ទើរតែ​មិន​គួរ​ជឿ​»​ថា ចំនួន​អ្នក​ត្រួស​ត្រាយ​បាន​កើន​ឡើង​មួយ​ជា​បី​ពី​ឆ្នាំ​១៩២៧​ដល់​ឆ្នាំ​១៩២៩។

នៅ​ចុង​ឆ្នាំ​១៩២៩ មាន​វិបត្ដិ​ហិរញ្ញវត្ថុ។ នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​តុលា ឆ្នាំ​១៩២៩ ដែល​គេ​ហៅ​ថា​ជា​ថ្ងៃ​អង្គារ​ដ៏​អាក្រក់ តម្លៃ​ផ្សារ​ភាគ​ហ៊ុន​នៅ​ក្រុង​ញូវ​យ៉ក​ដែល​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ទូ​ទាំង​ពិភព​លោក​មាន​វិបត្ដិ​ធ្ងន់ធ្ងរ។ ធនាគារ​រាប់​ពាន់​បាន​ក្ស័យ​ធន។ កសិដ្ឋាន​ជា​ច្រើន​ឈប់​ដំណើរ​ការ។ រោង​ចក្រ​ធំ​ៗ​បាន​បិទ​ទ្វារ។ មនុស្ស​រាប់​លាន​នាក់​បាន​បាត់បង់​ការ​ងារ។ នៅ​ឆ្នាំ​១៩៣៣ នៅ​សហរដ្ឋអាម៉េរិក ការ​រឹប​យក​ផ្ទះ​បាន​ឡើង​ដល់​កំពូល​គឺ​១.០០០​ខ្នង​ក្នុង​មួយ​ថ្ងៃ។

តើ​អ្នក​ផ្សព្វ​ផ្សាយ​ពេញ​ពេល​អាច​ដោះ​ស្រាយ​ជីវភាព​រស់​នៅ​ក្នុង​អំឡុង​គ្រា​មាន​វិបត្ដិ​បែប​នេះ​យ៉ាង​ដូច​ម្ដេច? ចម្លើយ​គឺ​ផ្ទះ​ដែល​មាន​កង់។ ឡាន​ដែល​ជា​ផ្ទះ​មួយ ឬ​ផ្ទះ​សណ្ដោង​មួយ​ដែល​មិន​ចាំ​បាច់​បង់​ឈ្នួល​ផ្ទះ​និង​ពន្ធ បាន​ជួយ​អ្នក​ត្រួស​ត្រាយ​ជា​ច្រើន​នាក់​ឲ្យ​បន្ត​កិច្ច​បម្រើ​ផ្សាយ​ដោយ​ចំណាយ​តិច​បំផុត។b ក្នុង​អំឡុង​ពេល​មាន​មហាសន្និបាត ផ្ទះ​ចល័ត​គឺ​ជា​បន្ទប់​សណ្ឋាគារ​មួយ​ដែល​មិន​គិត​ថ្លៃ។ នៅ​ឆ្នាំ​១៩៣៤ ឯកសារ​ប៊ូឡើទិន​មាន​ប្លង់​ល្អិត​ល្អន់​សម្រាប់​ផ្ទះ​តូច​មួយ តែ​ស្រួល​រស់​នៅ ដោយ​មាន​អ្វី​ដែល​មាន​ប្រយោជន៍​ដូច​ជា​ប្រព័ន្ធ​ទឹក ចង្ក្រាន គ្រែ​ដែល​បត់​បាន និង​ការ​ដាក់​វត្ថុ​ធាតុ​ដើម្បី​ការពារ​ត្រជាក់។

អ្នក​ផ្សព្វ​ផ្សាយ​ដែល​ចេះ​ឆ្នៃ​ប្រឌិត​ដែល​នៅ​ជុំ​វិញ​ពិភព​លោក​បាន​ចាប់​ផ្ដើម​សង់ផ្ទះ​ដែល​មាន​កង់។ បង​ប្រុស​ឈ្មោះ​វីកទឺរ ប្លាកវេល​បាន​នឹក​ចាំ​ថា​«​ណូអេ​គ្មាន​បទ​ពិសោធន៍​ក្នុង​ការ​សង់​ទូក​ទេ ហើយ​ខ្ញុំ​ក៏​គ្មាន​បទ​ពិសោធន៍​ឬ​ចំណេះ​ដឹង​អំពី​ការ​សង់ផ្ទះ​សណ្ដោង​ដែរ​»។ ប៉ុន្តែ​វីកទឺរ​ពិត​ជា​បាន​សង់ផ្ទះ​នោះ​មែន។

អេវឺរី​និង​ឡូវីនយ៉ា ប៊្រីស្តូ មាន​ឡាន​ដែល​ជា​ផ្ទះ​មួយ។ អេវឺរី​បាន​និយាយ​ថា​៖ ​«​ផ្ទះ​របស់​ខ្ញុំ​នៅ​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច​»។ ក្រុម​គ្រួសារ​ប៊្រីស្តូ​បាន​ត្រួស​ត្រាយ​ជា​មួយ​នឹង​ហាវី​និង​អាន ខនរ៉ូ ដែល​ឡាន​ចល័ត​របស់​ពួក​គាត់​មាន​ជញ្ជាំង​ធ្វើ​ពី​ក្រដាស​លាប​ជ័រ​កៅស៊ូ។ រាល់​ដង​ដែល​ពួក​គាត់​រើ​ផ្ទះ​របស់​ពួក​គាត់ បំណែក​ក្រដាស​របេះ​ធ្លាក់។ អេវឺរី​នឹក​ចាំ​ថា​៖ ​«​គ្មាន​អ្នក​ណា​ធ្លាប់​ឃើញ​ផ្ទះ​សណ្ដោង​បែប​នេះ​ពី​មុន​ទេ ហើយ​តាំង​ពី​ពេល​នោះ​មក​មិន​ដែល​ឃើញ​មាន​មួយ​ដូច​នោះ​ដែរ!​»។ ប៉ុន្តែ​អេវឺរី​និយាយ​ថា ក្រុម​គ្រួសារ​ខនរ៉ូ​និង​កូន​ប្រុស​ពីរ​នាក់​របស់​ពួក​គាត់​គឺ​ជា​«​ក្រុម​គ្រួសារ​ដែល​មាន​សុភមង្គល​បំផុត​»។ ហាវី ខនរ៉ូ​បាន​សរសេរ​ថា​៖ ​«​យើង​មិន​ដែល​ខ្វះ​អ្វី​សោះ ហើយ​យើង​មាន​អារម្មណ៍​ថា​យើង​មាន​សុវត្ថិភាព​ទាំង​ស្រុង​នៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា និង​នៅ​ក្រោម​ការ​ថែ​ទាំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​លោក​»។ ក្រោយ​មក ក្រុម​គ្រួសារ​ខនរ៉ូ​ទាំង​បួន​នាក់​នោះ​បាន​ចូល​រៀន​នៅ​សាលា​គី​លាត ហើយ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​បម្រើ​នៅ​ប្រទេស​ពេរូ​ជា​សាសនទូត។

ក្រុម​គ្រួសារ​បាថៃណូស​ក៏​បាន​ត្រួស​ត្រាយ​ជា​ក្រុម​គ្រួសារ​ដែរ។ ក្រោយ​ពី​ជូស្តូ​និង​វិនឆិនសា​បាន​ដឹង​ថា​ពួក​គាត់​នឹង​មាន​កូន ពួក​គាត់​កែ​ឆ្នៃ​ឡាន​ដឹក​ទំនិញ​ម៉ាក​ហ្វ័ត​ឆ្នាំ​១៩២៩ ជា​ផ្ទះ​មួយ​ដែល​«​មើល​ទៅ​ដូច​ជា​សណ្ឋាគារ​ដ៏​ល្អ​»​បើ​ប្រៀប​នឹង​តង់​ដែល​ពួក​គាត់​ធ្លាប់​រស់​នៅ​ពី​មុន។ ពួក​គាត់​បាន​បន្ត​ផ្សព្វផ្សាយ​ជា​មួយ​កូន​ស្រី​តូច​របស់​ពួក​គាត់​នៅ​ក្នុង​តំបន់​ដែល​ពួក​គាត់​ពេញ​ចិត្ត​ជាង​គេ ដោយ​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​អ៊ីតាលី​ដែល​រស់​នៅ​សហរដ្ឋអាម៉េរិក។

មនុស្ស​ជា​ច្រើន​បាន​ស្ដាប់​ដំណឹង​ល្អ ប៉ុន្តែ​កម្រ​ណាស់​ដែល​បណ្ដា​ជន​ក្រី​ក្រ ហើយ​គ្មាន​ការ​ងារ​ធ្វើ អាច​ធ្វើ​វិភាគ​ទាន​ជា​លុយ​សម្រាប់​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​បាន​ដោះ​ដូរ​ជា​មួយ​នឹង​របស់​ផ្សេង​ៗ។ អ្នក​ត្រួស​ត្រាយ​ពីរ​នាក់​បាន​ធ្វើ​បញ្ជី​របស់​៦៤​ប្រភេទ​ដែល​អ្នក​ចាប់​អារម្មណ៍​បាន​ឲ្យ​ពួក​គាត់។ បញ្ជី​នោះ​មើល​ទៅ​«​ដូច​ជា​បញ្ជី​ទំនិញ​នៅ​ក្នុង​ហាង​មួយ​នៅ​ជនបទ​»។

ហ្វ្រេដ អានដឺសុន​បាន​ជួប​កសិករ​ម្នាក់​ដែល​ចង់​បាន​សៀវភៅ​របស់​យើង​មួយ​ចំនួន ហើយ​បាន​សុំ​ដូរ​ជា​មួយ​នឹង​វ៉ែនតា​១​គូ​ដែល​ពី​មុន​ជា​របស់​ម្ដាយ​គាត់។ នៅ​កសិដ្ឋាន​បន្ទាប់ បុរស​ម្នាក់​មាន​ចំណាប់​អារម្មណ៍​លើ​សៀវភៅ​របស់​យើង ប៉ុន្តែ​គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​គ្មាន​វ៉ែនតា​ដើម្បី​មើល​ទេ​»។ ប៉ុន្តែ ពេល​គាត់​ពាក់​វ៉ែនតា​របស់​អ្នក​ជិត​ខាង​គាត់ គាត់​អាច​មើល​សៀវភៅ​បាន​ច្បាស់​ល្អ ហើយ​គាត់​សប្បាយ​ចិត្ត​ធ្វើ​វិភាគ​ទាន​សម្រាប់​សៀវភៅ​និង​វ៉ែនតា។

ហឺបឺត អាប់បត បាន​ដាក់​ទ្រុង​មាន់​មួយ​ដែល​យួរ​បាន​នៅ​ក្នុង​ឡាន​របស់​គាត់។ ក្រោយ​ពី​បាន​ដោះ​ដូរ​ជា​មួយ​នឹង​មាន់​បី​ឬ​បួន គាត់​យក​មាន់​ទាំង​នោះ​ទៅ​លក់​នៅ​ផ្សារ ហើយ​ចាក់​សាំង​ឡាន​ពេញ​ធុង។ គាត់​បាន​សរសេរ​ថា​៖ ​«​មែន​ហើយ មាន​ពេល​ដែល​យើង​ស្ទើរតែ​គ្មាន​សល់​លុយ​ទេ តែ​យើង​មិន​ឲ្យ​អ្វី​នោះ​បញ្ឈប់​យើង​ឡើយ។ បើ​ឡាន​យើង​មាន​សាំង យើង​នឹង​បន្ត ដោយ​មាន​ជំនឿ​និង​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​»។

ការ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​និង​ការ​តាំង​ចិត្ត​រឹង​មាំ​បាន​ជួយ​រាស្ត្រ​របស់​លោក​ក្នុង​ឆ្នាំ​ដ៏​លំបាក​ទាំង​នោះ។ ក្នុង​អំឡុង​ពេល​ព្យុះ​ភ្លៀង​មួយ ម៉ាកស្វែល​និង​អេមី លូវីស​បាន​រត់​ចេញ​ពី​ផ្ទះ​សណ្ដោង​របស់​ពួក​គាត់​ទាន់​ពេល ហើយ​បាន​ឃើញ​ផ្ទះ​សណ្ដោង​នោះ​ដាច់​ជា​ពីរ​ដោយ​ដើម​ឈើ​មួយ​រលំ​លើ។ ម៉ាកស្វែល​បាន​សរសេរ​ថា​៖ ​«​អ្វី​ទាំង​នេះ​មិន​មែន​ជា​ឧបសគ្គ​ទេ គ្រាន់តែ​ជា​ហេតុ​ការណ៍​អាក្រក់​ប៉ុណ្ណោះ ហើយ​យើង​មិន​ដែល​គិត​បោះបង់​ចោល​កិច្ច​ការ​របស់​យើង​ឡើយ។ មាន​កិច្ច​ការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ហើយ​យើង​ចង់​ធ្វើ​កិច្ច​ការ​ទាំង​នោះ​»។ ដោយ​ឥត​ភ័យ​ខ្លាច​និង​ដោយ​មាន​ជំនួយ​ពី​មិត្ត​ភក្ដិ​ដែល​មាន​សេចក្ដី​ស្រឡាញ់ ម៉ាកស្វែល​និង​អេមី​បាន​សង់ផ្ទះ​របស់​ពួក​គាត់​ដែល​មាន​កង់​ឡើង​វិញ។

នៅ​ក្នុង​គ្រា​លំបាក​ដែល​យើង​ជួប​ប្រទះ គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន​ដដែល​នេះ​ជា​លក្ខណៈ​របស់​សាក្សី​ព្រះ​យេហូវ៉ា​រាប់​លាន​នាក់​ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង។ យ៉ាង​ណា​មិញ ដូច​ពួក​អ្នក​ត្រួស​ត្រាយ​ជំនាន់​ដើម យើង​តាំង​ចិត្ត​បន្ត​កិច្ច​ការ​ផ្សព្វ​ផ្សាយ​រហូត​ដល់​ពេល​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​កិច្ច​ការ​នោះ​គឺ​រួច​រាល់​ហើយ។

a ឥឡូវ​នេះ​ហៅ​ថា​កិច្ច​បម្រើ​ព្រះ។

b នៅ​គ្រា​នោះ អ្នក​ត្រួស​ត្រាយ​ភាគ​ច្រើន​មិន​ធ្វើ​ការ​ងារ​ចិញ្ចឹម​ជីវិត​ទេ។ ពួក​គាត់​បាន​ទទួល​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដែល​បាន​ត្រូវ​បញ្ចុះ​ថ្លៃ ហើយ​ពួក​គាត់​បាន​ប្រើ​វិភាគ​ទាន​ដែល​បាន​មក​ពី​ការ​ជូន​សៀវភៅ​នោះ​សម្រាប់​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​ដ៏​សាមញ្ញ​បំផុត​របស់​ពួក​គាត់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក