បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៥ ទំ. ៣១-៣២
  • «មានកិច្ចការប្រមូលផលជាច្រើនទៀតដែលត្រូវធ្វើ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «មានកិច្ចការប្រមូលផលជាច្រើនទៀតដែលត្រូវធ្វើ»
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៥ ទំ. ៣១-៣២

អនុស្សាវរីយ៍​ពី​សម័យ​មុន

​«​មាន​កិច្ច​ការ​ប្រមូល​ផល​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​»​

គឺ​ជា​ឆ្នាំ​១៩២៣។ មហោស្រព​នៃ​សាលា​បង្ហាត់​បង្រៀន​ល្ខោន​និង​តូរ្យតន្ត្រី​នៅ​ក្រុង​សៅ​ប៉ូឡូ​គឺ​មាន​មនុស្ស​ពេញ! តើ​អ្នក​អាច​ឮ​សំឡេង​ដែល​ស្រួល​ស្ដាប់​របស់​បង​ចច យ៉ាំង​ឬ​ទេ? សុន្ទរកថា​របស់​គាត់​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ព័រទុយហ្គាល់ មួយ​ឃ្លា​ម្ដង​ៗ។ មនុស្ស​ទាំង​៥៨៥​នាក់​ដែល​នៅ​ទី​នោះ​កំពុង​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។ បទ​គម្ពីរ​ជា​ភាសា​ព័រទុយហ្គាល់​បាន​ត្រូវ​បញ្ចាំង​លើ​ផ្ទាំង​ក្រណាត់​ស។ នៅ​ផ្នែក​បញ្ចប់ កូន​សៀវភៅ​១០០​ក្បាល​ដែល​មាន​ចំណង​ជើង​ថា​មនុស្ស​រាប់​លាន​នាក់​ដែល​កំពុង​រស់​នៅ​ឥឡូវ​នេះ​នឹង​មិន​ស្លាប់​ឡើយ! បាន​ត្រូវ​ចែក​ចាយ​ជា​ភាសា​ព័រទុយហ្គាល់ អង់គ្លេស អាឡឺម៉ង់ និង​អ៊ីតាលី។ សុន្ទរកថា​នេះ​មាន​លទ្ធផល​ល្អ! មនុស្ស​និយាយ​ត​ៗ​គ្នា​អំពី​រឿង​នោះ។ ពីរ​យប់​ក្រោយ សាល​នោះ​បាន​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​មក​ស្ដាប់​សុន្ទរកថា​មួយ​ទៀត។ ប៉ុន្តែ តើ​អ្វី​បាន​នាំ​ឲ្យ​មាន​ព្រឹត្ដិការណ៍​ទាំង​នេះ?

នៅ​ឆ្នាំ​១៨៦៧ បង​ស្រី​សារ៉ា បេឡូណា ហ្វើហ្គាសិន ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់ បាន​ចាក​ចេញ​ពី​សហរដ្ឋ​អាម៉េរិក​ទៅ​រស់​នៅ​ប្រទេស​ប្រេស៊ីល។ នៅ​ឆ្នាំ​១៨៩៩ បង​សារ៉ា​ដឹង​ថា​គាត់​បាន​រក​ឃើញ​សេចក្ដី​ពិត ក្រោយ​ពី​គាត់​បាន​អាន​សៀវភៅ​អំពី​គម្ពីរ​ដែល​ប្អូន​ប្រុស​របស់​គាត់​បាន​យក​ពី​សហរដ្ឋ​អាម៉េរិក​មក​ប្រទេស​ប្រេស៊ីល។ បង​សារ៉ា​ជា​អ្នក​ចូល​ចិត្ត​អាន ដូច្នេះ​គាត់​បាន​ជាវ​ទស្សនាវដ្ដី​ប៉មយាម​ជា​ភាសា​អង់គ្លេស។ ដោយ​មាន​ចិត្ត​រំភើប​ចំពោះ​ដំណឹង​ក្នុង​គម្ពីរ គាត់​បាន​សរសេរ​សំបុត្រ​ទៅ​បង​ឆាល ថេស រ៉ាសិល ដោយ​រៀប​រាប់​អំពី​ខ្លួន​គាត់​ថា គាត់​ជា​«​ទី​សំ​អាង​ដែល​បញ្ជាក់​ថា​គ្មាន​អ្នក​ណា​នៅ​ឆ្ងាយ​ពេក​ដើម្បី​ឮ​ដំណឹង​ល្អ​ទេ​»។

បង​សារ៉ា ហ្វើហ្គាសិន​ព្យាយាម​អស់​ពី​សមត្ថភាព​របស់​គាត់​ដើម្បី​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ពី​គម្ពីរ​ដល់​អ្នក​ឯ​ទៀត។ ប៉ុន្តែ​គាត់​ច្រើន​តែ​ឆ្ងល់​ថា​តើ​អ្នក​ណា​នឹង​ជួយ​គាត់ ក្រុម​គ្រួសារ​របស់​គាត់ និង​មនុស្ស​ល្អ​ទាំង​អស់​ដែល​នៅ​ប្រទេស​ប្រេស៊ីល​ឲ្យ​យល់​ដឹង​ថែម​ទៀត? នៅ​ឆ្នាំ​១៩១២ បេតអែល​នៅ​ក្រុង​ប៊្រុគ្លីន​បាន​ប្រាប់​គាត់​ថា​បុគ្គល​ម្នាក់​នឹង​មក​ក្រុង​សៅ​ប៉ូឡូ ហើយ​គាត់​មាន​ខិត្តប័ណ្ណ​រាប់​ពាន់​ដែល​មាន​ចំណង​ជើង​ថា​តើ​មនុស្ស​ស្លាប់​ទៅ​ទី​ណា? ជា​ភាសា​ព័រទុយហ្គាល់។ នៅ​ឆ្នាំ​១៩១៥​គាត់​បាន​និយាយ​ថា​គាត់​តែង​តែ​ភ្ញាក់​ផ្អើល កាល​ដែល​និស្សិត​គម្ពីរ​ជា​ច្រើន​រំពឹង​ថា​មិន​យូរ​ទៀត​ពួក​គាត់​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌។ ដោយ​បញ្ជាក់​ទស្សនៈ​របស់​ខ្លួន គាត់​បាន​សរសេរ​ថា​៖ ​«​ចុះ​យ៉ាង​ណា​ប្រទេស​ប្រេស៊ីល​និង​ទ្វីប​អាម៉េរិក​ខាង​ត្បូង​ទាំង​មូល? . . . ពេល​យើង​ពិចារណា​អំពី​ទ្វីប​អាម៉េរិក​ខាង​ត្បូង​ដែល​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ពិភព​លោក​នេះ គឺ​ស្រួល​ឃើញ​ថា​មាន​កិច្ច​ការ​ប្រមូល​ផល​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​»។ មែន​ហើយ កិច្ច​ការ​ប្រមូល​ផល​ជា​ច្រើន​ទៀត​នឹង​ត្រូវ​ធ្វើ​នៅ​ទី​នោះ!

ប្រហែល​ជា​នៅ​ឆ្នាំ​១៩២០ នាវិក​វ័យ​ក្មេង​ជន​ជាតិ​ប្រេស៊ីល​៨​នាក់​បាន​ចូល​រួម​កិច្ច​ប្រជុំ​ខ្លះ​នៅ​ក្រុង​ញូវ​យ៉ក​កាល​ដែល​នាវា​ចម្បាំង​របស់​ពួក​គេ​កំពុង​ជួស​ជុល។ ពេល​ដែល​ពួក​គេ​មក​ក្រុង​រីយ៉ូដឺសានេរ៉ូ​វិញ ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​ពី​គម្ពីរ​ដែល​ពួក​គេ​បាន​រៀន​នៅ​ពេល​ថ្មី​ៗ​នោះ។ មិន​យូរ​ក្រោយ​មក នៅ​ខែ​មីនា ឆ្នាំ​១៩២៣ បង​ចច យ៉ាំង ដែល​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​បាន​មក​ដល់​ក្រុង​រីយ៉ូដឺសានេរ៉ូ ហើយ​បាន​រក​ឃើញ​អ្នក​ចាប់​អារម្មណ៍។ គាត់​បាន​រៀបចំ​ឲ្យ​សៀវភៅ​ខ្លះ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ព័រទុយហ្គាល់។ មិន​យូរ​ប៉ុន្មាន បង​យ៉ាំង​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​សៅ​ប៉ូឡូ​ដែល​នៅ​ពេល​នោះ​មាន​បណ្ដា​ជន​៦០០.០០០​នាក់។ គាត់​បាន​ថ្លែង​សុន្ទរកថា​នៅ​ទី​នោះ​ហើយ​បាន​ចែក​ចាយ​កូន​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​មនុស្ស​រាប់​លាន​នាក់​ដែល​កំពុង​រស់​នៅ​ឥឡូវ​នេះ​នឹង​មិន​ស្លាប់​ឡើយ! ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ។ គាត់​បាន​រាយ​ការណ៍​ថា​៖ ​«​ដោយ​សារ​ខ្ញុំ​តែ​ម្នាក់​ឯង ខ្ញុំ​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​ផ្សាយ​ព័ត៌មាន​ក្នុង​កាសែត​»។ គាត់​បន្ថែម​ថា នេះ​ជា​«​លើក​ទី​១​ដែល​មាន​ការ​ផ្សាយ​ព័ត៌មាន​អំពី​សុន្ទរកថា​នៅ​ប្រទេស​ប្រេស៊ីល ដោយ​ប្រើ​ឈ្មោះ​សមាគម​និស្សិត​គម្ពីរ​អន្តរជាតិ​»។a

ក្នុង​សេចក្ដី​រាយ​ការណ៍​មួយ​អំពី​ប្រទេស​ប្រេស៊ីល ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩២៣ បាន​រៀប​រាប់​ថា​៖ ​«​កាល​ដែល​យើង​ពិចារណា​អំពី​កិច្ច​ការ​ដែល​បាន​ចាប់​ផ្ដើម​នៅ​ទី​នេះ​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ហើយ​យល់​ថា​គ្មាន​សៀវភៅ​របស់​យើង​នៅ​ពេល​នោះ​ទេ របៀប​ដែល​លោក​ម្ចាស់​បាន​ឲ្យ​ពរ​ទៅ​លើ​កិច្ច​ការ​នេះ​គឺ​អស្ចារ្យ​»។ សេចក្ដី​រាយ​ការណ៍​នោះ​បាន​បន្ត​ថា បង​យ៉ាំង​បាន​ថ្លែង​សុន្ទរកថា​សាធារណៈ​ពីរ​នៅ​ក្រុង​សៅ​ប៉ូឡូ​ក្នុង​ចំណោម​សុន្ទរកថា​សាធារណៈ​២១​ដែល​គាត់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ដែល​សរុប​ទៅ​មាន​មនុស្ស​៣.៦០០​នាក់​បាន​ចូល​រួម​ស្ដាប់។ នៅ​ក្រុង​រីយ៉ូដឺសានេរ៉ូ ដំណឹង​អំពី​រាជាណាចក្រ​បាន​ផ្សាយ​បន្ដិច​ម្ដង​ៗ។ ក្នុង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ សៀវភៅ​របស់​យើង​ជាង​៧.០០០​ក្បាល ជា​ភាសា​ព័រទុយហ្គាល់​បាន​ត្រូវ​ចែក​ចាយ! ម្យ៉ាង​ទៀត ការ​បោះពុម្ព​ផ្សាយ​ទស្សនាវដ្ដី​ប៉មយាម​ជា​ភាសា​ព័រទុយហ្គាល់ បាន​ចាប់​ផ្ដើម​ដោយ​ទស្សនាវដ្ដី​ខែ​វិច្ឆិកា​-​ធ្នូ ឆ្នាំ​១៩២៣។

បង​ចច យ៉ាំង​បាន​ទៅ​ជួប​បង​សារ៉ា ហ្វើហ្គាសិន ហើយ​ទស្សនាវដ្ដី​ប៉មយាម​បាន​រៀប​រាប់​ថា​៖ ​«​បង​ស្រី​យើង​បាន​ចូល​បន្ទប់​ទទួល​ភ្ញៀវ ហើយ​អស់​មួយ​រយៈ​ពេល​គាត់​និយាយ​មិន​រួច។ គាត់​ចាប់​ដៃ​របស់​បង​យ៉ាំង ហើយ​មើល​មុខ​គាត់​យ៉ាង​ស្មោះ នៅ​ទី​បំផុត​គាត់​ក៏​បាន​និយាយ​ថា​៖ ‹តើ​បង​ប្រុស​ពិត​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​មែន​ឬ?›​»។ មិន​យូរ​ប៉ុន្មាន គាត់​និង​កូន​ខ្លះ​របស់​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ តាម​ពិត គាត់​បាន​រង់​ចាំ​អស់​២៥​ឆ្នាំ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក! ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៩២៤ បាន​ប្រាប់​ថា​៥០​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ប្រទេស​ប្រេស៊ីល ហើយ​ពួក​គេ​ភាគ​ច្រើន​នៅ​ក្រុង​រីយ៉ូដឺសានេរ៉ូ។

ឥឡូវ​នេះ ប្រហែល​ជា​៩០​ឆ្នាំ​ក្រោយ​មក យើង​មិន​ចាំ​បាច់​សួរ​ទេ​ថា​៖ ​«​ចុះ​យ៉ាង​ណា​ប្រទេស​ប្រេស៊ីល​និង​ទ្វីប​អាម៉េរិក​ខាង​ត្បូង​ទាំង​មូល?​»។ មាន​សាក្សី​ព្រះ​យេហូវ៉ា​ជាង​៧៦០.០០០​នាក់​ដែល​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ប្រទេស​ប្រេស៊ីល។ នៅ​ទូ​ទាំង​ទ្វីប​អាម៉េរិក​ខាង​ត្បូង ដំណឹង​អំពី​រាជាណាចក្រ​កំពុង​ផ្សាយ​ជា​ភាសា​ព័រទុយហ្គាល់ អេស្ប៉ាញ និង​ភាសា​ជា​ច្រើន​របស់​ជន​ជាតិ​ដើម។ នៅ​ឆ្នាំ​១៩១៥ បង​សារ៉ា ហ្វើហ្គាសិន​បាន​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ពេល​គាត់​បាន​ថា‹មាន​កិច្ច​ការ​ប្រមូល​ផល​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ› (​ដក​ស្រង់​ចេញ​ពី​អនុស្សាវរីយ៍​ពី​សម័យ​មុន​នៅ​ប្រទេស​ប្រេស៊ីល​)។

a សមាគម​និស្សិត​គម្ពីរ​អន្តរជាតិ​ជា​ឈ្មោះ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ធ្លាប់​ប្រើ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក