ប្អូនៗវ័យក្មេង ចូរបណ្ដុះឲ្យមានចំណងមិត្តភាពរឹងមាំជាមួយនឹងព្រះយេហូវ៉ា
១ ព្រះយេហូវ៉ាចង់មានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងអ្នកដែលមានចិត្តស្មោះត្រង់និងស្អាតស្អំ។ លោកក៏ចង់មានចំណងមិត្តភាពជាមួយមនុស្សដែលមិនមានពុតត្បុត និងដែលធ្វើតាមសម្បថរបស់ខ្លួន។ (ទំនុក. ២៤:៣-៥) យើងពិតជាមានអំណរណាស់ ដែលនៅសព្វថ្ងៃនេះមានគ្រិស្តសាសនិកវ័យក្មេងជាច្រើនមានលក្ខណៈបែបនោះ។ ពួកគាត់ពិតជាមានតម្លៃខ្លាំងណាស់ចំពោះព្រះយេហូវ៉ានិងអង្គការរបស់លោក។ ដោយសារពួកគាត់រក្សាភាពស្អាតស្អំខាងសីលធម៌ នោះព្រះចាត់ទុកពួកគាត់ថាមានតម្លៃ។
២ នៅសព្វថ្ងៃនេះ តើជាការងាយស្រួលទេឲ្យប្អូនៗវ័យក្មេងរក្សាភាពស្អាតស្អំខាងសីលធម៌? គឺមិនងាយស្រួលទេ។ ជារៀងរាល់ថ្ងៃ ពួកគាត់ត្រូវប្រឈមមុខនឹងការបង្ខិតបង្ខំផ្សេងៗ។ នៅក្នុងពិភពលោកនេះ មានឥទ្ធិពលមិនល្អដែលទាក់ទាញចិត្តឲ្យធ្វើអ្វីដែលស្មោកគ្រោក និងប្រព្រឹត្តអំពើប្រាសចាកសីលធម៌។ តើប្អូនៗអាចការពារខ្លួនយ៉ាងដូចម្ដេច? គឺជាការចាំបាច់ដែលប្អូនៗត្រូវមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។
តើប្អូនៗត្រូវធ្វើអ្វីខ្លះ?
៣ ការមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ទាក់ទងនឹងការឲ្យតម្លៃយ៉ាងខ្លាំងចំពោះគុណសម្បត្ដិរបស់លោក។ ដូច្នេះ ប្អូនត្រូវដឹងថាលោកជាបុគ្គលបែបណា។ នេះតម្រូវឲ្យប្អូនយកចិត្តទុកដាក់សិក្សាគម្ពីរដែលជាបណ្ដាំរបស់លោក ជាមួយនឹងសៀវភៅផ្សេងៗដែលមានមូលដ្ឋានលើគម្ពីរ។ ដូចធីម៉ូថេដែរ ប្អូនត្រូវ‹បំប៉នដោយពាក្យនៃជំនឿ និងនៃសេចក្ដីបង្រៀនដ៏ល្អប្រសើរ› ដែលប្អូន«បានកាន់តាមយ៉ាងដិតដល់»។ (១ធី. ៤:៦) ការសិក្សាបែបនេះនឹងជួយប្អូនឃើញ«សេចក្ដីលំអនៃព្រះយេហូវ៉ា»។ (ទំនុក. ២៧:៤) បើប្អូនរៀនកាន់តែច្រើនអំពីលោក នោះប្អូនកាន់តែជិតស្និទ្ធនឹងលោកថែមទៀត។
៤ ដើម្បីមានចំណងមិត្តភាពជិតស្និទ្ធបែបនេះ គឺត្រូវការពេលវេលានិងការព្យាយាម។ ប៉ូលបានប្រាប់ធីម៉ូថេថា៖ «ចូរសញ្ជឹងគិតអំពីការទាំងនេះ ចូរជក់ចិត្តគំនិតនឹងការទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់ឃើញថាអ្នកមានជំនឿន»។ (១ធី. ៤:១៥) បើប្អូនមិនទាន់បានទទួលការជ្រមុជទឹកទេ សូមបន្តរីកចម្រើនរហូតដល់ប្អូនមានគុណសម្បត្ដិគ្រប់គ្រាន់ ដើម្បីប្រគល់ខ្លួនជូនព្រះនិងទទួលការជ្រមុជទឹក។ អារម្មណ៍ដែលយើងមានចំពោះព្រះយេហូវ៉ា ជាព្រះនិងអ្នកផ្ដល់ជីវិតឲ្យយើង គឺមានឥទ្ធិពលខ្លាំងមកលើយើង។ បើយើងបណ្ដុះឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា ដូចជាកូនដែលគោរពស្រឡាញ់ឪពុកយ៉ាងខ្លាំង នោះយើងនឹងមានការប្រព្រឹត្តដែលសឲ្យឃើញនូវចំណងមិត្តភាពរវាងយើងនិងព្រះ។—ម៉ាឡ. ១:៦
៥ ក្នុងអង្គការរបស់យើង គ្រិស្តសាសនិកទាំងប្រុសទាំងស្រីរាប់ម៉ឺននាក់កំពុងប្រើកម្លាំងកាយយ៉ាងស្វាហាប់ និងដោយចិត្តរំភើបក្នុងកិច្ចបម្រើផ្សាយ។ ពួកគាត់ចូលរួមកិច្ចប្រជុំ ហើយបានរៀបចំទុកជាមុនដើម្បីឆ្លើយអស់ពីចិត្ត។ ពួកគាត់រាប់ពាន់នាក់កំពុងប្រើកម្លាំងយុវវ័យក្នុងកិច្ចបម្រើពេញពេល។ សុភាសិត ២០:២៩ ហៅការចំណាយកម្លាំងបែបនោះថា«ជាសេចក្ដីអំនួតរបស់មនុស្សកំឡោះ»។ ទោះជាការបណ្ដុះឲ្យមានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ាតម្រូវឲ្យមានការខំព្យាយាមក្នុងការបម្រើលោកក៏ដោយ តែនោះនឹងនាំឲ្យមានលទ្ធផលល្អ!