បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
១ នៅពេលយើងបានទទួលសៀវភៅថ្មីនេះហើយឃើញចំណងជើងថាបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ យើងពិតជាឆ្ងល់ណាស់។ ការនិយាយថាបុរសណាម្នាក់គឺឧត្តមបំផុតបានន័យថា គាត់ល្អឆ្នើមជាងមនុស្សរាប់រយកោដិនាក់ឯទៀតដែលធ្លាប់រស់នៅផែនដី។ «ឧត្តម»មានន័យថា«ខ្ពង់ខ្ពស់ ប្រសើរកន្លង»។ បុរសដែលមានលក្ខណៈទាំងនេះប្រាកដជាមនុស្សល្អបណ្ដាច់!
២ ព្រះយេស៊ូគ្រីស្ទដែលជាព្រះរាជបុត្រារបស់ព្រះ ទ្រង់ពិតជាសមនឹងឋានៈដែលហៅថាបុរសឧត្តមបំផុត។ អ្វីដែលទ្រង់បានសម្រេចនៅផែនដីមិនទាក់ទងនឹងទ្រព្យសម្បត្ដិ សមិទ្ធផលក្នុងលោកីយ៍ ឬក៏រឿងនយោបាយឡើយ។ ទ្រង់មកពីក្រុមគ្រួសារសាមញ្ញធម្មតា ហើយភាគច្រើននៃព្រះជន្មទ្រង់ពេលគង់លើផែនដីមិនសូវមានគេស្គាល់ទ្រង់ទេ។ ប៉ុន្តែ នៅពេលព្រះយេស៊ូមានព្រះជន្មាយុ៣០ឆ្នាំ ទ្រង់ចាប់ផ្ដើមមានគេស្គាល់ទូទាំងស្រុកប៉ាឡេស្ទីនដោយសារអ្វីដែលទ្រង់មានបន្ទូលនិងការប្រព្រឹត្តរបស់ទ្រង់។ ទ្រង់បានសម្ដែងឲ្យយល់បុគ្គលិកលក្ខណៈនិងគោលបំណងរបស់ព្រះយេហូវ៉ាតាមរបៀបដែលមនុស្សពុំធ្លាប់ឃើញ។ ទ្រង់បានសម្រេចកិច្ចផ្សព្វផ្សាយមួយដ៏ប្រសើរបណ្ដាច់ដែលពុំធ្លាប់មានមនុស្សណាម្នាក់ធ្វើដូចទេ ក៏បានធ្វើអព្ភូតហេតុអស្ចារ្យជាច្រើន និងបានរៀបចំគ្រឹះមូលដ្ឋានសំរាប់សង្គមមនុស្សដែលនឹងរស់ក្នុងពិភពលោកថ្មី។
៣ លក្ខណៈពិសេសនៃសៀវភៅនេះ: នៅពេលជូនសៀវភៅនេះក្នុងកិច្ចផ្សាយ អ្នកអាចសួរម្ចាស់ផ្ទះថា៖ «ហេតុអ្វីបានជាព្រះយេស៊ូជាបុរសឧត្តមបំផុត?»។ អ្នកអាចឆ្លើយសំនួរនោះបាន ដោយបង្ហាញពីរឬបីជំពូកពីចំណោម១៣៣ជំពូក ដែលជួយឲ្យយល់នូវព្រះជន្ម បុគ្គលិកលក្ខណៈ សេចក្ដីបង្រៀន និងការប្រព្រឹត្តរបស់ទ្រង់។ ជំពូកទី២៤ពន្យល់នូវមូលហេតុទ្រង់យាងមកផែនដី។ ជំពូកទី៣៥មានធម្មទានដ៏ល្បីរបស់ទ្រង់ ដែលទ្រង់បានថ្លែងលើភ្នំ។ ជំពូកទី៤៣លើកឡើងនូវសមត្ថភាពដ៏អស្ចារ្យរបស់ព្រះយេស៊ូក្នុងការបង្រៀនអ្នកឯទៀតដោយប្រើឧទាហរណនិទស្សន៍។ ជំពូកទី១៣៣បង្ហាញឲ្យឃើញទុកជាមុននូវពរខ្លះៗដែលមនុស្សនឹងទទួលពេលដែលទ្រង់បង្ហើយកិច្ចការរបស់ទ្រង់។ ប្រហែលជាការល្អបើអ្នកប្រើសំនួរនៅចុងជំពូកនិមួយៗដើម្បីផ្ដើមការសន្ទនា។ បទគម្ពីរទាំងប៉ុន្មានដែលមានក្នុងរឿងនិមួយៗបង្ហាញកន្លែងដែលយើងអាចរកឃើញកំណត់ហេតុនោះក្នុងព្រះគម្ពីរ។ អ្នកអាចបើកឲ្យគេមើលរូបភាពស្អាតៗដែលបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លានៃបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូ ជំរៅនៃសេចក្ដីមេត្ដាករុណារបស់ទ្រង់ និងព្រះទ័យខ្នះខ្នែងមិនខ្លាចនឿយហត់។—សូមកត់សម្គាល់ជំពូកទី៤៤, ៩៥, ១១៧, និង១២៣
៤ លក្ខណៈពិសេសរបស់សៀវភៅនេះផ្ដល់មូលហេតុជាច្រើនឲ្យយើងលើកទឹកចិត្តអ្នកឯទៀតឲ្យអាន ហើយផ្ដល់សៀវភៅជូនពួកគេដោយក្ដីរំភើបចិត្តជាខ្លាំង។ មនុស្សទាំងអស់ដែលចង់បានជីវិតជារៀងរហូតត្រូវតែក្រេបជញ្ជក់ចំណេះអំពីព្រះយេស៊ូគ្រីស្ទ។ (យ៉ូន. ១៧:៣) ការខ្នះខ្នែងរបស់យើងក្នុងការចែកចាយសៀវភៅនេះអាចជួយមនុស្សជាច្រើនដែលមានចិត្តស្មោះត្រង់ឲ្យទទួលអានុភាពពីបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ។