វិញ្ញាណរបស់ព្រះយេហូវ៉ានៅជាមួយនឹងយើង
១ ជាស្មរបន្ទាល់ព្រះយេហូវ៉ា យើងមានកិច្ចការដ៏ធំមួយ។ ព្រះយេស៊ូមានបន្ទូលថា៖ «ឯដំណឹងល្អនឹងត្រូវផ្សាយដល់គ្រប់សាសន៍ជាមុនសិន»។ (ម៉ាកុស ១៣:១០) ពីទស្សនៈរបស់មនុស្ស គឺថាមិនអាចធ្វើទៅបានទេ ប៉ុន្តែមិនមែនដូច្នេះទេ។ យើងមានសកម្មពលដ៏ខ្លាំងអស្ចារ្យបំផុតក្នុងសកលលោក ដែលគាំទ្រយើង—វិញ្ញាណបរិសុទ្ធរបស់ព្រះ។—ម៉ាថាយ ១៩:២៦
២ ទីសំអាងនៅសតវត្សទីមួយ: ដោយអនុវត្តទំនាយអេសាយទៅលើខ្លួនទ្រង់ ព្រះយេស៊ូមានបន្ទូលថា៖ «ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ . . . ឲ្យផ្សាយដំណឹងល្អ»។ (លូកា ៤:១៧, ១៨) មុនទ្រង់យាងទៅស្ថានសួគ៌ ទ្រង់បានមានបន្ទូលទៅពួកសាវ័កទ្រង់ ថាវិញ្ញាណបរិសុទ្ធនឹងឲ្យអំណាចទៅពួកគេ ដើម្បីធ្វើបន្ទាល់«រហូតដល់ចុងផែនដីបំផុត»។ ក្រោយមក វិញ្ញាណរបស់ព្រះបានបណ្ដាលភីលីពឲ្យទៅផ្សាយនឹងអ្នកកំរៀវ ដែលជារដ្ឋការខាងតុលាការ ហើយវិញ្ញាណរបស់ព្រះបញ្ជូនពេត្រុសទៅជួបនាយទាហានសាសន៍រ៉ូម និងវិញ្ញាណរបស់ព្រះបញ្ជូនប៉ុលនិងបាណាបាសឲ្យទៅផ្សាយដល់សាសន៍ដទៃ។ តើមានអ្នកណាដែលបានគិតថា មនុស្សពីប្រវត្ដិបែបនេះនឹងទទួលយកសេចក្ដីពិតនោះ? ប៉ុន្តែ ពួកគេទទួលយកសារនោះពិតមែន។—កិច្ចការ ១:៨; ៨:២៩-៣៨; ១០:១៩, ២០, ៤៤-៤៨; ១៣:២-៤, ៤៦-៤៨
៣ ទីសំអាងនៅសម័យថ្មី: សៀវភៅវិវរណៈបង្ហាញថា វិញ្ញាណបរិសុទ្ធមានការទាក់ទងនឹងការផ្សាយដំណឹងល្អសព្វថ្ងៃនេះ ដោយថ្លែងថា៖ «វិញ្ញាណនិងប្រពន្ធថ្មោងថ្មីពោលថា៖ ‹អញ្ជើញមក›! . . . ហើយអ្នកណាដែលចង់បានមានតែយកទឹកជីវិតនោះចុះ ឥតចេញថ្លៃទេ»។ (វិវរណៈ ២២:១៧) វិញ្ញាណបរិសុទ្ធបានជម្រុញទឹកចិត្តកូនក្រមុំនៃព្រះគ្រីស្ទ និង«ចៀមឯទៀត»របស់គេឲ្យផ្សាយដំណឹងល្អដល់មនុស្សទាំងអស់។ (យ៉ូហាន ១០:១៦) យើងគួរតែមានចិត្តក្លាហានក្នុងការផ្សាយរបស់យើង ហើយឲ្យស្ទាក់ស្ទើរក្នុងការទៅជួបមនុស្សផ្សេងៗ ដោយទុកចិត្តថា វិញ្ញាណរបស់ព្រះនឹងជួយយើង។ សៀវភៅប្រចាំឆ្នាំ ១៩៩៨ ផ្ដល់នូវភស្តុតាងដែលអាចទុកចិត្តបាន ថាវិញ្ញាណរបស់ព្រះនៅបន្តជាប់ជាមួយនឹងអ្នកបំរើរបស់ទ្រង់។ សូមមើលលទ្ធផលចុះ! កំឡុងកិច្ចបំរើពីរឆ្នាំកន្លងទៅនេះ ជាមធ្យម មានជាង១.០០០នាក់បានធ្វើបុណ្យជ្រមុជទឹករៀងរាល់ថ្ងៃ។
៤ សូមចងចាំថា វិញ្ញាណរបស់ព្រះនឹងសណ្ឋិតជាមួយយើងជានិច្ច កាលដែលយើងផ្សាយសារព្រះរាជាណាចក្ររហូតទាល់តែដល់កំណត់របស់ព្រះយេហូវ៉ា។ ចំណេះនេះនឹងលើកទឹកចិត្តហើយជម្រុញយើង ឲ្យខំប្រឹងយ៉ាងខ្នះខ្នែងក្នុងកិច្ចការព្រះរាជាណាចក្រដ៏សំខាន់បំផុតនេះ។—ធីម៉ូថេទី១ ៤:១០