មានអ្នកផ្សាយជាង១០០នាក់ជាលើកទីមួយនៅប្រទេសកម្ពុជា!
១ សូម្បីតែនៅខែកក្កដា ឆ្នាំ២០០១ មានអ្នកផ្សាយ៩៩នាក់ដែលបានរាយការណ៍ក្នុងកិច្ចផ្សព្វផ្សាយព្រះរាជាណាចក្រនៅក្នុងក្រុមជំនុំពីរនៅប្រទេសកម្ពុជា។ សេចក្ដីរាយការណ៍សរុបសំរាប់ខែសីហាបានត្រូវរៀបចំទាំងមានចិត្តរំភើប។ គួរឲ្យសប្បាយអ្វីម្ល៉េះទេ! ពេលឃើញថាមាន១០៣នាក់ដែលកំពុងតែមានសកម្មភាពក្នុងកិច្ចផ្សព្វផ្សាយ ថែមទាំងបញ្ចប់ឆ្នាំកិច្ចបំរើដោយមានចំនួនច្រើនបំផុតដែលធ្លាប់មាន ហើយក៏នាំមកនូវកិត្ដិយសចំពោះព្រះយេហូវ៉ាផងដែរ! ព្រឹត្ដិការណ៍ដ៏សំខាន់នេះខាងកិច្ចបំរើព្រះធិបតេយ្យប្រចាំប្រទេសកម្ពុជា គឺជាពេលសមរម្យឲ្យយើងនឹកចាំពីកិច្ចការដែលបានត្រូវសម្រេចនិងកំណត់គោលដៅសំរាប់អនាគត។—ទំនុកដំកើង ៨៥:៨
២ សាសនទូតបាននាំមុខក្នុងកិច្ចផ្សព្វផ្សាយមួយកំរិតក្នុងប្រទេសកម្ពុជានៅជិតដំណាច់ទសវត្សឆ្នាំ១៩៥០រហូតដល់ពាក់កណ្ដាលឆ្នាំ១៩៦៥។ អស់មួយរយៈជាង២៥ឆ្នាំចាប់ពីពេលនោះទៅ កិច្ចផ្សព្វផ្សាយព្រះរាជាណាចក្រនៅប្រទេសនេះបានឈប់ង៉ក់។ ក៏ប៉ុន្តែ នៅឆ្នាំ១៩៩២ នាយកក្រសួងធម្មការនិងសាសនាបានទទួលយ៉ាងរាក់ទាក់នូវអ្នកតំណាងសមាគមប៉មយាមម្នាក់។ នាយកនោះចង់ស្វែងយល់ថាតើប្រជាជនកម្ពុជានឹងបានប្រយោជន៍អ្វីពីសាសនទូតរបស់យើងបើសិនជាពួកគេត្រូវអនុញ្ញាតឲ្យចូលក្នុងប្រទេសនេះវិញ។ អ្នកតំណាងបានពន្យល់ថា ស្មរបន្ទាល់ព្រះយេហូវ៉ាបង្រៀនមនុស្សឲ្យរស់នៅសមស្របទៅតាមក្រិត្យវិន័យនិងគោលការណ៍ព្រះគម្ពីរដែលមានប្រយោជន៍ខាងវិញ្ញាណ សីលធម៌និងជីវិតប្រចាំថ្ងៃ ថែមទាំងជួយអ្នកឲ្យធ្វើជាពលរដ្ឋដ៏ល្អជាងមុនទៅទៀត។ (អេសាយ ៤៨:១៧) នាយកក៏បានអនុម័តឲ្យមានសាសនទូតពីរនាក់ចូលក្នុងប្រទេសកម្ពុជានៅពេលនោះ។ លោកព្រមទាំងអនុញ្ញាតឲ្យគ្រីស្ទសាសនានិកាយ«យេហូវ៉ា»បើកការិយាល័យមួយសំរាប់ការផ្សព្វផ្សាយនៅរាជធានីភ្នំពេញ។
៣ វិញ្ញាណរបស់ព្រះយេហូវ៉ាតែងតែសម្រេចការ។ តាំងតែពីទីចាប់ផ្ដើមដ៏តូចនេះ ចំនួនម៉ោងដែលបានត្រូវចំណាយជាលំដាប់លំដោយក្នុងកិច្ចផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ ហើយនិងក្នុងការត្រឡប់ទៅជួបគេនិងបង្រៀនព្រះគម្ពីរ បានចំរើនឡើងយ៉ាងច្រើនអស្ចារ្យទន្ទឹមគ្នានឹងការផ្គត់ផ្គង់ជាទៀងទាត់នូវប្រកាសនវត្ថុជំនួយថ្មីៗ ជាភាសាខ្មែរសំរាប់ការសិក្សាព្រះគម្ពីរ។ មានអំណរដ៏ពិសេសពេលសិស្សព្រះគម្ពីរដំបូងជនជាតិខ្មែរបានរីកចំរើនទៅដល់ការផ្សព្វផ្សាយព្រះរាជាណាចក្រ ការឧទ្ទិសថ្វាយខ្លួន និងការទទួលបុណ្យជ្រមុជទឹក។ នេះបានចាក់គ្រឹះឲ្យមានអ្នកថ្មីជាច្រើនទៀតមកគាំទ្រខាងសេចក្ដីពិត។
៤ ព្រះយេហូវ៉ាបានរៀបចំអ្វីៗទាំងអស់បានល្អប្រសើរដោយចាត់អ្នកភ្ជួររាស់ អ្នកសាបព្រោះ អ្នកថែទាំដំណាំ និងអ្នកច្រូត។ ក្នុងប៉ុន្មានឆ្នាំបន្ទាប់មកសាសនទូតថែមទៀតបានត្រូវចាត់ឲ្យមកផ្សព្វផ្សាយនៅប្រទេសកម្ពុជា និងបងប្អូនជាច្រើនទៀតបានមករស់នៅប្រទេសកម្ពុជា ដើម្បីបំរើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង។ ការរីកចំរើនផ្នែកកិច្ចផ្សព្វផ្សាយជាភាសាខ្មែរពិតជាទីពេញចិត្តមែន!។ តើយើងគួរប្រព្រឹត្តតបនឹងនេះយ៉ាងដូចម្ដេច? យើងត្រូវមានអំណរដោយសារការលូតលាស់ចំរើនឡើង ដែលបានកើតឡើងក្នុងកំឡុងពេលប្រាំបួនឆ្នាំនេះ។ ក៏ប៉ុន្តែ យើងក៏ត្រូវប្រព្រឹត្តដោយយល់ដឹងពីភាពបន្ទាន់ផងដែរ។ ព្រះយេហូវ៉ាបានមានបន្ទូលថា«អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្ស១ពាន់»ហើយទ្រង់«នឹងបញ្ជឿនឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់»។ (អេសាយ ៦០:២២) ដូច្នេះ យើងត្រូវបន្តបំរើដោយពឹងពាក់លើវិញ្ញាណរបស់ព្រះយេហូវ៉ាដែលបណ្ដាលឲ្យមានការរីកចំរើន ហើយជួយមនុស្សថែមទៀតនៅប្រទេសកម្ពុជាឲ្យលើកកិត្ដិយសនិងសរសើរព្រះនាមរបស់ទ្រង់។—លូកា ៨:១៥