ចូរប្រដាប់កាយដោយចិត្តរាបទាប
១ ក្មេងប្រុសជំទង់ម្នាក់ដែលជាអ្នកគង្វាលចៀម ទុកចិត្តលើព្រះយេហូវ៉ាហើយបានឈ្នះលើអ្នកចំបាំងដែលមានកម្លាំងយ៉ាងសម្បើម។ (១សាំ. ១៧:៤៥-៤៧) បុរសអ្នកមានម្នាក់បានស៊ូទ្រាំនឹងក្ដីអន្តរាយដោយចិត្តអត់ធ្មត់។ (យ៉ូប ១:២០-២២; ២:៩, ១០) ចំពោះការបង្រៀនរបស់ព្រះរាជបុត្រ នោះទ្រង់ឲ្យព្រះវរបិតារបស់ទ្រង់ទទួលកិត្ដិយសទាំងអស់។ (យ៉ូន. ៧:១៥-១៨; ៨:២៨) ស្តីអំពីឧទាហរណ៍ទាំងប៉ុន្មាននេះ ចិត្តរាបទាបគឺជាកត្ដាមួយដ៏សំខាន់។ សព្វថ្ងៃនេះគឺស្រដៀងគ្នាដែរ យើងត្រូវការចិត្តរាបទាបជាចាំបាច់ពេលយើងត្រូវស៊ូទ្រាំស្ថានការណ៍ផ្សេងៗ។—កូល. ៣:១២
២ ពេលដែលយើងផ្សព្វផ្សាយ: ជាអ្នកបំរើគ្រីស្ទាន យើងមានចិត្តរាបទាបក្នុងការប្រាប់ដំណឹងល្អដល់មនុស្សគ្រប់ប្រភេទ មិនប្រកាន់ដោយព្រោះពូជសាសន៍ ទំនៀមទំលាប់វប្បធម៌ ឬប្រវត្ដិរបស់គេឡើយ។ (១កូ. ៩:២២, ២៣) បើសិនជាមនុស្សខ្លះប្រព្រឹត្តយ៉ាងទ្រគោះ ឬក្រអឺតក្រទមដោយបដិសេធចោលសារព្រះរាជាណាចក្រ យើងមិនចង់តបដូចគេវិញទេ តែចង់រកដោយចិត្តអត់ធ្មត់នូវមនុស្សដែលសមទទួល។ (ម៉ាថ. ១០:១១, ១៤) ជាជាងខំប្រឹងធ្វើឲ្យអ្នកស្ដាប់កោតស្ងើចនឹងចំណេះឬការអប់រំរបស់យើង យើងផ្ដោតអារម្មណ៍ទៅលើព្រះបន្ទូលរបស់ព្រះ ដោយទទួលស្គាល់ថា ព្រះបន្ទូលរបស់ព្រះមានអំណាចច្រើនជាងអ្វីដែលយើងនិយាយក្នុងការនាំឲ្យគេជឿ។ (១កូ. ២:១-៥; ហេ. ៤:១២) ដោយត្រាប់តាមគំរូរបស់ព្រះយេស៊ូ យើងថ្វាយការសរសើរទាំងអស់ដល់ព្រះយេហូវ៉ា។—ម៉ាក. ១០:១៧, ១៨
៣ ក្នុងក្រុមជំនុំ: ពួកគ្រីស្ទានត្រូវ «មានចិត្តសុភាព ដល់គ្នាទៅវិញទៅមក»។ (១ពេ. ៥:៥) បើយើងចាត់ទុកអ្នកឯទៀតសំខាន់ជាងយើង យើងនឹងរកវិធីបំរើបងប្អូនយើង ជាជាងចាំឲ្យគាត់បំរើយើងវិញ។ (យ៉ូន. ១៣:១២-១៧; ភី. ២:៣, ៤) យើងមិនគិតថា កិច្ចការដូចជាការសំអាតសាលព្រះរាជាណាចក្រ ជាកិច្ចការថោកទាបដែលមិនសមរម្យឲ្យយើងធ្វើទេ។
៤ ចិត្តរាបទាបក៏ជួយយើង‹ទ្រាំទ្រគ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់› ដែលបណ្ដុះបណ្ដាលឲ្យមានសេចក្ដីសុខសាន្ត និងសាមគ្គីភាពក្នុងក្រុមជំនុំ។ (អេភ. ៤:១-៣) ចិត្តរាបទាបជួយយើងឲ្យចុះចូលចំពោះអស់អ្នកដែលបានរើសតាំងជាអ្នកនាំមុខនោះ។ (ហេ. ១៣:១៧) ចិត្តរាបទាបជំរុញចិត្តយើងឲ្យទទួលឱវាទឬការទូន្មានប្រដៅ។ (ទំនុក. ១៤១:៥) ហើយចិត្តរាបទាបក៏បណ្ដាលឲ្យយើងពឹងទៅលើព្រះយេហូវ៉ា ក្នុងកាលដែលយើងបំពេញឯកសិទ្ធិដែលយើងមានក្នុងក្រុមជំនុំ។ (១ពេ. ៤:១១) ដូចដាវីឌ យើងយល់ដឹងថា ការទទួលបានជោគជ័យមិនស្រេចទៅលើសមត្ថភាពរបស់មនុស្សទេ តែស្រេចទៅលើការគាំទ្រពីព្រះវិញ។—១សាំ. ១៧:៣៧
៥ នៅចំពោះព្រះភក្ដ្ររបស់ព្រះយើង: សំខាន់បំផុត យើងត្រូវតែ«បន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះ»។ (១ពេ. ៥:៦) បើយើងត្រូវស៊ូទ្រាំនឹងកាលៈទេសៈដ៏ពិបាក យើងក៏ប្រហែលចង់បានយ៉ាងខ្លាំងនូវការធូរស្បើយដែលព្រះរាជាណាចក្រនឹងផ្ដល់មកនោះ។ ប៉ុន្តែ យើងចេះអត់ធ្មត់ ដោយរង់ចាំឲ្យព្រះយេហូវ៉ាសម្រេចការសន្យាតាមពេលកំណត់របស់ទ្រង់ផងដែរ។ (យ៉ា. ៥:៧-១១) ដូចលោកយ៉ូបដែលមានចិត្តស្មោះគ្រប់លក្ខណ៍ កង្វល់ចំបងរបស់យើងគឺឲ្យ«ព្រះនាមព្រះយេហូវ៉ាបានព្រះពរ»។—យ៉ូប ១:២១
៦ ព្យាការីដានីយ៉ែលបាន‹បន្ទាបខ្លួនចុះ នៅចំពោះព្រះរបស់គាត់› ដូច្នេះគាត់បានទទួលព្រះគុណពីព្រះយេហូវ៉ា ហើយមានឱកាសពិសេសជាច្រើនឲ្យបំរើទ្រង់។ (ដា. ១០:១១, ១២) ស្រដៀងគ្នាដែរ សូមឲ្យយើងប្រដាប់កាយដោយចិត្តរាបទាប ដោយដឹងថា«ផលនៃសេចក្ដីសុភាព នឹងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្ដិ កិត្ដិសព្ទ នឹងជីវិត»។—សុ. ២២:៤