សំបុត្រពីគណៈអភិបាល
សូមជំរាបជូនបងប្អូនប្រុសស្រីជាទីរាប់អាន:
«សូមឲ្យអ្នករាល់គ្នាបានប្រកបដោយនូវព្រះគុណ នឹងសេចក្ដីសុខសាន្តអំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា នឹងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទផង»។ (១កូ. ១:៣) យើងប្រាកដជាចង់បានយ៉ាងខ្លាំងនូវពេលដែលជីវិតទាំងឡាយដែលមានដង្ហើមនឹងថ្វាយព្រះយេហូវ៉ានូវសិរីរុងរឿងដែលទ្រង់សមទទួលនោះ! (ទំនុក. ១៥០:៦) កាលដែលយើងរង់ចាំនូវថ្ងៃដ៏ធំអស្ចារ្យនោះ យើងក៏បន្តប្រកាសដំណឹងល្អអំពីព្រះរាជាណាចក្ររបស់ព្រះនិងបង្កើតឲ្យមានសិស្សដែរ។
នៅសព្វថ្ងៃនេះ កិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដីដែលយើងត្រូវប្រមូលអារម្មណ៍នោះគឺការផ្សព្វផ្សាយដំណឹងល្អ។ (ម៉ាក. ១៣:១០) ដោយព្រោះយើងដឹងនូវចំណាប់អារម្មណ៍របស់ព្រះយេហូវ៉ាចំពោះកិច្ចការនេះ នោះយើងអធិស្ឋានថ្វាយព្រះយេហូវ៉ាឲ្យជួយយើងសម្រេចកិច្ចការនេះ ដោយដឹងថាមនុស្សម្នាក់ៗមានឱកាសទទួលប្រយោជន៍ពីរបៀបរៀបចំនៃតម្លៃលោះ។ (វិវរ. ១៤:៦, ៧, ១៤, ១៥) យើងនឹងប្រឈមមុខស្ថានការណ៍ដ៏ពិបាកក៏ពិតមែន ប៉ុន្តែ យើងក៏មានអំណរគុណណាស់ដែល«ព្រះចេស្ដាពីស្ថានលើបានមកគ្របដណ្ដប់លើ[យើង]»ដើម្បីសម្រេចកិច្ចបំរើផ្សាយនេះ!—លូ. ២៤:៤៩
បើមើលក្នុងកំឡុងឆ្នាំកិច្ចបំរើកន្លងទៅនេះ និងសញ្ជឹងគិតនូវអ្វីដែលព្រះយេហូវ៉ាបានសម្រេចតាមរយៈអ្នកបំរើដ៏ស្មោះត្រង់របស់ទ្រង់ នោះធ្វើឲ្យយើងស្កប់ចិត្តមែន។ ដោយត្រូវបានពង្រឹងកម្លាំងដោយវិញ្ញាណបរិសុទ្ធ នោះរាស្ត្ររបស់ព្រះបានសម្ដែងនូវសេចក្ដីស្រឡាញ់ដូចព្រះគ្រីស្ទ ដោយពុះពារយកឈ្នះនឹងសំអប់ដែលមាននៅទូទាំងផែនដី។ សេចក្ដីស្រឡាញ់បែបនេះបានឃើញជាក់ស្តែងនៅឯមហាសន្និបាតរបស់យើង។ ពីខែមិថុនារហូតដល់ខែធ្នូឆ្នាំ២០០៣ បងប្អូនជាងមួយរយប្រទេសបានទៅចូលរួម៣២មហាសន្និបាតអន្តរជាតិដែលមានក្នុងប្រាំមួយទ្វីប។ ពួកសាសនទូត អ្នកដែលធ្វើកិច្ចបំរើអន្តរជាតិ និងសមាជិកបេតអែលដែលត្រូវបញ្ជូនឲ្យទៅបំរើនៅប្រទេសផ្សេងៗ ត្រូវបានសម្ភាសនៅឯមហាសន្និបាតនិងមហាសន្និបាតអន្តរជាតិ។
នៅឯមហាសន្និបាតទាំងនេះ យើងបានទទួលសៀវភៅ«ចូរមើលស្រុកល្អ» និង ចូររៀនពីគ្រូដ៏ឧត្តម ជាភាសាអង់គ្លេស ហើយយើងក៏បានទទួលសៀវភៅបុរសឧត្តមបំផុតដែលធ្លាប់រស់នៅ និងសៀវភៅ ចូរចូលទៅជិតព្រះយេហូវ៉ា ជាភាសាខ្មែរដែរ។ បន្ថែមទៀត គេបានប្រកាសថាសៀវភៅសាលាសំរាប់អ្នកត្រួសត្រាយដែលជាកំណែថ្មីនឹងត្រូវចេញនៅចុងឆ្នាំកិច្ចបំរើ២០០៤។ ជាបណ្ដើរៗ នោះបងប្អូនដែលបានបំរើជាអ្នកត្រួសត្រាយយូរមកហើយនឹងត្រូវអញ្ជើញឲ្យចូលរួមក្នុងថ្នាក់ដែលមានអ្នកត្រួសត្រាយថ្មីៗ ទោះជាបានចូលសាលានោះពីមុនក៏ដោយ។
ដោយសារការគាំទ្រពីព្រះនិងពីសប្បុរសជន នេះអាចធ្វើឲ្យមានលទ្ធភាពកសាងសាលប្រជុំជាច្រើនទៀត ជាពិសេសក្នុងប្រទេសដែលពុំសូវមានធនធាន។ ការកសាងការិយាល័យសាខាកំពុងតែមានក្នុងប្រទេសជាច្រើន ពីព្រោះសេចក្ដីត្រូវការអាហារខាងវិញ្ញាណមានកាន់តែច្រើនឡើងៗនៅទូទាំងពិភពលោក។ សៀវភៅស្តើង ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍ គឺមាន២៩៩ភាសា ដែលត្រូវបានបោះពុម្ពសរុបមាន១៣៩លានក្បាល។ សៀវភៅ ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច មានលើសជាង៩៣លានក្បាល ដែលត្រូវបានបោះពុម្ពជាង១៦១ភាសា។ ហើយសៀវភៅស្តើង តើព្រះតម្រូវអ្វីពីយើង? មានជាង២០០លានក្បាល និងបានបោះពុម្ពក្នុង២៦៧ភាសាដែរ។
យើងសូមទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់បងប្អូន២៥៨.៨៤៥នាក់ ដែលបានថ្វាយជីវិតជូនព្រះយេហូវ៉ាដោយការទទួលបុណ្យជ្រមុជទឹកក្នុងឆ្នាំកិច្ចបំរើដែលបានកន្លងផុតទៅនេះ! ដោយសារអ្នកគាំទ្រព្រះរាជាណាចក្ររបស់ព្រះ នេះបានធ្វើឲ្យអ្នកជាទីបាញ់វង់របស់សាតាំង ប៉ុន្តែ នេះក៏ធ្វើឲ្យអ្នកទទួលពរដ៏ពិសេសពីព្រះយេហូវ៉ានិងការការពារខាងវិញ្ញាណ កាលដែលអ្នករត់ក្នុងការប្រណាំងដែលមាននៅពីមុខអ្នក។ (ហេ. ១២:១, ២; វិវរ. ១២:១៧) ត្រូវហើយ សូមឲ្យបងប្អូនមានទំនុកចិត្តក្នុងខ្លួនថា«ព្រះអង្គដែលរក្សាអ្នក ទ្រង់នឹងមិនផ្ទំរលីវឡើយ»។—ទំនុក. ១២១:៣
បទគម្ពីរប្រចាំឆ្នាំ២០០៤គឺ៖ «[ចូរ]ចាំយាម . . . [ចូរ]ប្រុងប្រៀបខ្លួនជាស្រេច» គឺពិតជាត្រូវពេលមែន។ (ម៉ាថ. ២៤:៤២, ៤៤) នៅក្នុងព្រះបន្ទូលរបស់ព្រះបានពណ៌នាអំពីជនគ្រីស្ទានថា ជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងរបបលោកីយ៍ដែលនឹងត្រូវអន្តរាយ។ (១ពត្រ. [១ពេ.] ២:១១; ៤:៧, ខ.ស.) ហេតុដូច្នេះហើយ យើងត្រូវតែបន្តប្រមូលអារម្មណ៍លើរបស់ខាងវិញ្ញាណ និងបន្តរស់នៅក្នុងជីវភាពសាមញ្ញ ព្រមទាំងបន្តពិនិត្យមើលចិត្តរបស់យើងឲ្យបានផ្ចិតផ្ចង់។ «នាគធំ»ចង់លេបត្របាក់យើង ដោយធ្វើឲ្យយើងចូលប្រឡូកក្នុងរបបលោកីយ៍របស់វា។—វិវរ. ១២:៩
ការអានព្រះគម្ពីរជារៀងរាល់ថ្ងៃគឺត្រូវការជាចាំបាច់ដើម្បីបង្ហាញថាយើងនៅតែប្រុងប្រយ័ត្នខ្លួនជានិច្ច។ នេះអាចជួយយើងឲ្យ‹និយាយម៉ាត់ណាម៉ាត់ហ្នឹង›ក្នុងការបំពេញតាមការឧទ្ទិសថ្វាយខ្លួនចំពោះព្រះ និងដើម្បី«កាន់ខ្ជាប់តាមសេចក្ដីជំនឿដើមដរាបដល់ចុងបំផុត»។ (យ៉ា. ៥:១២; ហេ. ៣:១៤) ការអានព្រះគម្ពីរជារៀងរាល់ថ្ងៃអាចជួយយើងឲ្យនឹកចាំថា លោកីយ៍នេះបានឃ្លាតឆ្ងាយពីខ្នាតតម្រារបស់ព្រះដែលមិនចេះប្រែប្រួល។ (ម៉ាឡ. ៣:៦; ២ធី. ៣:១, ១៣) ចំណេះដឹងអំពីព្រះគម្ពីរអាចជួយយើងឲ្យបដិសេធ«រឿងព្រេងប្រឌិតដោយដំរិះ» និងឲ្យយើងបន្តនៅស្មោះភក្ដីចំពោះព្រះយេហូវ៉ា។—២ពេ. ១:១៦; ៣:១១
ឱ! មាតាបិតាអើយ! កាលដែលអ្នកចិញ្ចឹមអប់រំកូនដោយពាក្យប្រៀនប្រដៅនិងដំបូន្មានរបស់ព្រះយេហូវ៉ា តើអ្នកកំពុងតែជួយបុត្រធីតាឲ្យមានគោលដៅខាងវិញ្ញាណ និងជួយកូនៗឲ្យបន្ត«ចាំយាម»ទេ? (អភ. [អេភ.] ៦:៤, ខ.ស.) តើអ្នកអប់រំបុត្រធីតាឲ្យគិតអំពីអនាគតរបស់ខ្លួន ដូចជាព្រះយេស៊ូដែលជាបុគ្គលដ៏ឆ្លាតបំផុតដែលធ្លាប់រស់នៅលើផែនដីនេះឬទេ? បើព្រះយេស៊ូសព្វព្រះហឫទ័យ ទ្រង់អាចជាជាងឈើ អ្នកច្នៃប្រឌិត ឬគ្រូពេទ្យដ៏ចំណានបំផុតដែលធ្លាប់រស់នៅ ប៉ុន្តែ ផ្ទុយទៅវិញទ្រង់បានជ្រើសយកកិច្ចបំរើពេញពេល។ សូមឲ្យគំរូរបស់ព្រះយេស៊ូជំរុញទឹកចិត្តអ្នកជួយបុត្រធីតាឲ្យយកកិច្ចការខាងព្រះរាជាណាចក្ររបស់ព្រះជាអាទិភាពក្នុងជីវិតរបស់ខ្លួនចុះ!
អ្នកបំរើស្មោះត្រង់ដែលត្រូវបានតំណាងដោយគណៈអភិបាល គឺមានអំណរគុណខ្លាំងណាស់នឹង«មនុស្ស១ហ្វូងយ៉ាងធំ»ចំពោះការជួយយើងបំពេញភារកិច្ចរបស់យើង ពោលគឺ‹ផ្សព្វផ្សាយដំណឹងល្អនេះអំពីព្រះរាជាណាចក្រនៅគ្រប់ក្នុងលោកីយ៍ទុកជាទីបន្ទាល់›។ (វិវរ. ៧:៩; ម៉ាថ. ២៤:១៤,៤៥) បងប្អូនជាទីស្រឡាញ់អើយ! អ្នកមានការធានារបស់ព្រះយេហូវ៉ាថា ទ្រង់ចងចាំ«ការអ្នករាល់គ្នាធ្វើ នឹងសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះ»។—ហេ. ៦:១០
សូមឲ្យអ្នកប្រឈមមុខនឹងអ្វីដែលនឹងកើតឡើងនៅអនាគតដោយចិត្តក្លាហាន កាលដែលអ្នកបន្ត«សំឡឹងចំទៅឯរង្វាន់» ដោយមិនឲ្យមនុស្សណាឬអារក្សមករារាំងអ្នកពីការទទួលរង្វាន់នោះឡើយ។ (ហេ. ១១:២៦; កូល. ២:១៨) ត្រូវហើយ សូមទុកចិត្តលើព្រះយេហូវ៉ាចុះ! ដោយដឹងប្រាកដថា ទ្រង់នឹងជួយអស់អ្នកដែលស្រឡាញ់ទ្រង់ឲ្យទទួលបានជីវិតពិតប្រាកដ។—យ៉ូន. ៦:៤៨-៥៤
យើងសូមឲ្យអ្នកដឹងថា យើងពិតជាមានអំណរដោយបំរើព្រះជាមួយនឹងអ្នករាល់គ្នា ដើម្បីលើកសរសើរសិរីរុងរឿងរបស់ព្រះយេហូវ៉ា។
ពីបងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃស្មរបន្ទាល់ព្រះយេហូវ៉ា)