ចូរជួយមនុស្សឲ្យក្លាយជាសិស្សរបស់ព្រះគ្រីស្ទដោយប្រើសៀវភៅចំណេះ
ភាគទី១: ចូរបង្រៀនដោយមានគោលដៅ
១ ការបង្រៀនតាមវិធីដែលមានអានុភាពលើចិត្តគឺសំខាន់ចាំបាច់ក្នុងការជួយសិស្សព្រះគម្ពីរឲ្យក្លាយទៅជាសិស្សរបស់ព្រះគ្រីស្ទ។ ចិត្តសំដៅទៅអ្វីដែលមាននៅក្នុងខ្លួនមនុស្ស។ (១ពេ. ៣:៤) ចិត្តជាប់ទាក់ទងទៅនឹងអារម្មណ៍ ការជំរុញទឹកចិត្ត សេចក្ដីប្រាថ្នា គំនិត ការយោគយល់ និងឆន្ទៈ។ ដូច្នេះ យើងត្រូវតែប្រើការយល់ធ្លុះដើម្បីឲ្យដឹងថាសិស្សមានចិត្តបែបណា មិនគ្រាន់តែឃើញនូវអាការក្រៅរបស់គាត់ទេ។ ចូរជួយគាត់ឲ្យយល់នូវសេចក្ដីពិតនិងឲ្យចេះស្រឡាញ់សេចក្ដីពិតផងដែរ។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
២ សៀវភៅចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច ជាសៀវភៅដែលផ្ដល់ជំនួយដើម្បីជំរុញមនុស្សដែលមានចិត្តស្មោះ។ (សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៩៦ ទំព័រ១៩) អត្ថបទដែលមានបីភាគក្នុងកិច្ចបំរើព្រះរាជាណាចក្រយើងនឹងពិគ្រោះនូវរបៀបនាំមុខការសិក្សាព្រះគម្ពីរតាមវិធីដែលជំរុញចិត្ត ដោយប្រើសៀវភៅនេះ។ នៅក្នុងភាគទីមួយនេះ យើងនឹងពិនិត្យមើលសៀវភៅចំណេះជាសង្ខេប និងពិនិត្យមើលថាតើអ្នកនាំមុខសិក្សាគួរមានគោលដៅណាខ្លះក្នុងជំពូកនិមួយៗនៃសៀវភៅនេះ។
៣ គោលដៅដំបូង: ជំពូកទី១-៤ គឺជាគន្លឹះដើម្បីនាំឲ្យសិស្សបន្តសិក្សានិងលូតលាស់ខាងវិញ្ញាណ។ ក្នុងភាគនេះ យើងចង់ស្ថាបនាមូលដ្ឋាននៃជំនឿដែលជាទង្វើដ៏សំខាន់។ នេះតម្រូវឲ្យសិស្សព្រះគម្ពីរ(១) ទទួលស្គាល់ព្រះគម្ពីរថាជាសាររបស់ព្រះ (២) ទទួលស្គាល់ថាពិតជាមានព្រះយេហូវ៉ានិងឲ្យចេះស្រឡាញ់ទ្រង់។
៤ ទទួលស្គាល់ព្រះគម្ពីរថាជាព្រះបន្ទូលរបស់ព្រះ (ជំពូកទី១និង២): ជំពូកទី១គឺសំខាន់សំរាប់សិស្សដែលទើបតែសិក្សា។ យើងត្រូវជៀសវាងយ៉ាងណាកុំឲ្យសិស្សយល់ច្រឡំថា ការសិក្សាជាអ្វីដែលពិបាកនិងយល់សាច់រឿងពុំបាន។ ផ្ទុយទៅវិញ យើងត្រូវជួយសិស្សឲ្យមានប្រាថ្នាចង់រៀនព្រះគម្ពីរបន្តទៅទៀត។ ដើម្បីសម្រេចគោលបំណងនេះ រូបភាពដែលមាននៅទំព័រ៤និង៥ និងវគ្គ៤ វគ្គ៥ វគ្គ៧ និងវគ្គ១៨ក្នុងជំពូកទី១អាចផ្ដល់ជាប្រយោជន៍បាន។
៥ អ្នកអាចពិគ្រោះដោយមើលរូបភាពនៅទំព័រទី៤និង៥ រួចនិយាយដូចតទៅថា៖ «តើអ្នកគិតថា មនុស្សដែលធ្លាប់រស់នៅរាប់រយឆ្នាំមកហើយអាចជឿនូវអ្វីៗដែលយើងមានសព្វថ្ងៃនេះ ដូចជាទូរស័ព្ទដៃឬម៉ាស៊ីនថតរូបឌីជីថលឬទេ? (ផ្អាកឲ្យសិស្សឆ្លើយ) គឺដោយសារតែការស្រាវជ្រាវខាងវិទ្យាសាស្ត្រនិងចំណេះ ដែលមនុស្សមានជំនាញក្នុងការផលិតគ្រឿងបច្ចេកទេសបែបនេះ។ យើងទទួលស្គាល់ថាមានគ្រឿងបច្ចេកទេសទាំងនោះដោយគ្មានការសង្ស័យទេ។ ចំណែកសេចក្ដីសង្ឃឹមចំពោះសួនមនោរម្យក៏ដូចគ្នាដែរ។ ប្រសិនបើអ្នកសិក្សាសៀវភៅនេះនិងក្រេបជញ្ជក់យកចំណេះ នោះអ្នកនឹងមានអារម្មណ៍ថា សេចក្ដីសង្ឃឹមនេះមិនមែនជាការយល់សប្ដិនោះឡើយ»។
៦ អ្នកផ្សាយម្នាក់បានកែសម្រួលរឿងប្រៀបប្រដូចនៅវគ្គ៤ ដូចតទៅថា: «ជាធម្មតា នៅពេលដែលយើងបើកឡាន នោះយើងភាគច្រើនមិនអានសៀវភៅបង្គាប់ឡើយ មែនទេ? តើយើងត្រូវមើលសៀវភៅបង្គាប់នោះនៅពេលណា? (ចម្លើយ: នៅពេលដែលឡាននោះខូច) នេះគឺស្រដៀងគ្នានឹងជីវិតរបស់យើងដែរ។ យើងប្រហែលជាមានអារម្មណ៍ថាយើងមានជីវិតល្អហើយ មិនត្រូវការសេចក្ដីណែនាំឡើយ។ ប៉ុន្តែ កាលណាយើងមានបញ្ហាឬធ្លាក់ទឹកចិត្ត ព្រះគម្ពីរអាចជាជំនួយដ៏ពិតដូចសៀវភៅបង្គាប់ដែរ។ បន្ថែមទៅទៀត ប្រសិនបើយើងប្រើឡានតាមសេចក្ដីណែនាំពីសៀវភៅបង្គាប់របស់ឡាន នោះឡានយើងនឹងនៅល្អហើយប្រើបានយូរ។ ដូចគ្នាដែរ ប្រសិនបើយើងប្រើព្រះគម្ពីរជាសេចក្ដីណែនាំប្រចាំថ្ងៃ នោះយើងនឹងមានសុភមង្គលជាយូរអង្វែងដែរ»។
៧ បើសិស្សបានរៀនពីសៀវភៅស្តើងជីវិតដ៏គាប់ចិត្ត នោះវគ្គ៥នៅមេរៀនទី២នឹងផ្ដល់ប្រយោជន៍។ អញ្ជើញសើរើឡើងវិញនូវចំណុចដែលសិស្សគិតថាជាជំនួយ ហើយធ្វើឲ្យគាត់មានអំណរខ្លាំងទៀតចំពោះតម្លៃនៃព្រះគម្ពីរ។ នៅវគ្គ៧នៃសៀវភៅចំណេះ យើងអាចលើកចំណុចបន្ថែមពីសៀវភៅស្តើងនោះ នៅមេរៀនទី៤ វគ្គ៤ និងមេរៀនទី៦ វគ្គ៥។
៨ របាយការណ៍បង្ហាញថាចិត្តខ្នះខ្នែងរបស់សិស្សដែលចង់សិក្សាព្រះគម្ពីរមានកាន់តែច្រើនឡើង ដោយព្រោះពត៌មាននេះក្នុងជំពូកទី១ វគ្គ១៨។ វគ្គ១៨នេះចែងថាព្រះគម្ពីរឆ្លើយ«សំនួរដ៏ជ្រៅពិបាកដោះស្រាយហើយអំពល់ចិត្តជាទីបំផុតនៃជីវិត» ហើយសេចក្ដីណែនាំរបស់ព្រះគម្ពីរ«នឹងជួយអ្នកឲ្យបណ្ដុះបណ្ដាលមិត្តភាពជាមួយនឹងព្រះ» ហើយ«នឹងអាចឲ្យអ្នកទទួលសេចក្ដីសុខសាន្ត ដែលមានតែព្រះទេអាចប្រទានឲ្យ»។ ពីវគ្គនេះ អ្នកអាចប្រាប់នូវជំពូកផ្សេងៗពីបញ្ជីរឿងដែលទាក់ទងនឹងប្រធានទាំងប៉ុន្មាននេះ។ គឺសំខាន់ណាស់ពេលដែលសិក្សាដល់ចុងជំពូកទី១ សិស្សនោះគិតថាព្រះគម្ពីរគឺជាសៀវភៅដែលមានប្រយោជន៍ឲ្យគេសិក្សាជាបន្ត។
៩ គឺមិនជាបញ្ហាទេបើសិស្សចង់សិក្សាជំពូកឆ្លាស់គ្នាតាមចំណូលចិត្តរបស់គាត់នោះ។ ជាឧទាហរណ៍ បើសិស្សម្នាក់សុខចិត្តសិក្សាព្រះគម្ពីរ ដោយព្រោះគាត់ចាប់អារម្មណ៍ចង់ទទួលសេចក្ដីណែនាំអំពីជីវភាពក្នុងគ្រួសារ យើងអាចពិគ្រោះជំពូកទី១៥មុនក៏បាន។ ឬប្រសិនបើសិស្សមានចំណាប់អារម្មណ៍ខ្លាំងនឹងទំនាយព្រះគម្ពីរ យើងអាចចាប់ផ្ដើមសិក្សាជំពូកទី១១។
១០ នៅក្នុងជំពូកទី២ យើងត្រូវប្រើពេលវេលាច្រើនបន្ដិច។ យើងអាចសិក្សាវគ្គ១ដល់វគ្គ៩សំរាប់ការសិក្សាមួយលើក។ ដូចវគ្គ៨ចែងថាព្រះគម្ពីរប្រាប់នូវបុគ្គលិកលក្ខណៈរបស់ព្រះ នោះយើងអាចអានបទគម្ពីរដែលពិគ្រោះអំពីបុគ្គលិកលក្ខណៈទាំងនោះរបស់ទ្រង់។ ជាឧទាហរណ៍ ក្រោយពីពន្យល់ប្រវត្ដិសាស្ត្របន្ដិចហើយ ចូរអានយ៉ូណាសជំពូក៣ ខ១០រហូតដល់ជំពូកទី៤ ខ១១។ ក្រោយពីអានជំពូកទី៤ ខ១-៣ យើងអាចនិយាយថា«យ៉ូណាសនិយាយយ៉ាងចំៗទៅព្រះ បើបុគ្គលណាម្នាក់និយាយបែបនេះដាក់អ្នក តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? តើអ្នកគិតថា ព្រះបានតបឆ្លើយនឹងយ៉ូណាសយ៉ាងណា?»។ បន្ទាប់មកអានខ៤ រួចនិយាយថា«ព្រះបានសួរសំនួរយ៉ូណាស តែគាត់ពុំឆ្លើយទេ។ តើព្រះបានធ្វើយ៉ាងណា?»។ សូមអានខ៥ដល់៨។ ចូរអានបន្ដិចម្ដងៗនិងសួរសំនួរត្រិះរិះ។ នៅចុងបញ្ចប់ សូមសួរសិស្សថាតើគាត់គិតយ៉ាងណាអំពីព្រះ។ សិស្សនោះអាចសន្និដ្ឋានថា«នៅពេលដែលបុគ្គលម្នាក់និយាយយ៉ាងចំៗទៅព្រះ នោះទ្រង់មិនរហ័សបដិសេធមតិរបស់គាត់ ឬក៏មានព្រះទ័យខ្ញាល់នោះឡើយ ទោះជាមតិរបស់គាត់ហាក់ដូចជាគ្មានប្រាជ្ញាក៏ដោយ។ ផ្ទុយទៅវិញ ព្រះបានបង្រៀនគាត់ដោយអត់ធ្មត់»។ យើងក៏អាចបើកមើលសៀវភៅពួកចៅហ្វាយ ៦:១២-២០, ៣៦-៤០; ៧:៩-១៥; និក្ខមនំ ៣:១០-១២; ៤:១-១៩ និងលោកុប្បត្តិ ១៨:២០-៣៣។
១១ ពត៌មានក្រោមចំណងជើងពីវគ្គ១០ផ្ដល់ភស្តុតាងថា ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះ ពោលគឺប្រាជ្ញាដ៏ខ្ពង់ខ្ពស់ ភាពត្រឹមត្រូវដែលអាចទុកចិត្តបានខាងវិទ្យាសាស្ត្រ និងការសម្រេចទំនាយជាច្រើនក្នុងព្រះគម្ពីរ។ នៅពេលដែលសិក្សាមួយលើកៗ ចូរពិគ្រោះពត៌មានក្រោមចំណងជើងតែមួយបានហើយ។ ដូចជាសំនួរដែលមានក្នុងសៀវភៅស្តើង ជីវិតដ៏គាប់ចិត្ត មេរៀនទី៣ វគ្គ៣ ៤ ៦ និងវគ្គ៨ គឺមានប្រសិទ្ធភាពដោយសួរសំនួរត្រិះរិះដែលទាក់ទងនឹងចំណុចដែលសិស្សបានរៀនរួចហើយ។ យោងទៅតាមតម្រូវការរបស់សិស្ស យើងអាចប្រើជំនួយបន្ថែមដូចជាកាសែតវីដេអូដែលមានបីដុំអំពីព្រះគម្ពីរ និងសៀវភៅស្តើង សៀវភៅសំរាប់មនុស្សគ្រប់គ្នាទំព័រ១៤-២៩ជាភាសាអង់គ្លេស។
១២ ទទួលស្គាល់ថាពិតជាមានព្រះយេហូវ៉ានិងឲ្យចេះស្រឡាញ់ទ្រង់ (ជំពូកទី៣និង៤): នៅពេលដែលសិក្សាជំពូកទី៣និង៤ ចូរប្រុងស្មារតីចំពោះគោលដៅនេះ។ សៀវភៅចំណេះមានពត៌មានតិចទេដែលថា តើមានព្រះដែលជាអ្នកបង្កើតឬក៏អត់នោះ។ ដូច្នេះហើយ ពេលដែលពិនិត្យមើលជំពូកទី៣ វគ្គ១និង២ យកល្អយើងសួរសិស្សថាតើគាត់ជឿថាមានព្រះឬក៏យ៉ាងណា។ ដោយបានសិក្សាសៀវភៅជីវិតដ៏គាប់ចិត្ត យើងសង្ឃឹមថាសិស្សនោះនឹងដឹងថាមានព្រះ ទោះជាសិស្សនោះពុំមានទំនុកចិត្តទាំងស្រុងលើព្រះក៏ដោយ។ ម្យ៉ាងវិញទៀត ប្រសិនបើសិស្សនៅមានអារម្មណ៍ថា គាត់មិនជឿលើព្រះដែលជាអ្នកបង្កើត ចូរពិនិត្យមើលមូលហេតុខ្លះៗជាមួយនឹងគាត់។
១៣ ពេលដែលពិចារណាចំណងជើង «ហេតុអ្វីអ្នកគួរតែប្រើព្រះនាមនៃព្រះ» យើងអាចប្រើសៀវភៅចូរចូលទៅជិតព្រះ ជំពូកទី១ វគ្គ៩-១២។ ដើម្បីឲ្យយល់អត្ថន័យនៃព្រះនាមរបស់ព្រះយេហូវ៉ា ជាការល្អបើយើងអាចប្រើរឿងប្រៀបប្រដូចនៅវគ្គ១០។ ដើម្បីបន្តពិគ្រោះពត៌មានក្រោមចំណងជើងនេះ ចូរពិគ្រោះអំពីព្រះនាមរបស់ព្រះយេហូវ៉ាមានន័យយ៉ាងណាចំពោះពួកអ៊ីស្រាអែលនៅគ្រានោះ តើពួកអ្នកដែលទុកចិត្តលើទ្រង់និងពួកអ្នកដែលបដិសេធចោលទ្រង់ទទួលលទ្ធផលយ៉ាងណា? និងតើនេះមានន័យយ៉ាងណាចំពោះយើងសព្វថ្ងៃនេះ? ការយល់អត្ថន័យនៃព្រះនាមរបស់ព្រះ គឺជាជំហានទីមួយដើម្បីស្គាល់ព្រះជាបុគ្គលមួយអង្គ។
១៤ នៅជំពូកទី៣ វគ្គ១៤-១៩ ពិគ្រោះនូវគុណសម្បត្ដិរបស់ព្រះយេហូវ៉ាដែលទាក់ទាញចិត្តយើង។ យើងអាចប្រើឧទាហរណ៍ដែលមានក្នុងធម្មជាតិដែលបានកត់ទុកក្នុងសៀវភៅ ចូរចូលទៅជិតព្រះយេហូវ៉ា ទំព័រ៤៨-៥៤, ១៧២-១៧៥, និង២៧៣-២៧៥។ ដោយប្រើឧទាហរណ៍ដែលបានជំរុញចិត្តរបស់អ្នក ពេលដែលអ្នកបានសិក្សាសៀវភៅនេះ នឹងមានប្រយោជន៍ជាទីបំផុត។
១៥ នៅជំពូកទី៤ យើងពិនិត្យមើលនូវរបៀបដែលព្រះយេស៊ូគ្រីស្ទជាកូនសោចំពោះការស្គាល់ព្រះយេហូវ៉ាឲ្យបានជិតស្និទ្ធ។ ប្រសិនបើអ្នកជួយសិស្សឲ្យបណ្ដុះនូវសេចក្ដីស្រឡាញ់ចំពោះព្រះគ្រីស្ទក្នុងចិត្តរបស់គាត់ នោះអ្នកក៏បណ្ដុះឲ្យគាត់មានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាដែរ។ ម្យ៉ាងវិញទៀត ពេលដែលពិគ្រោះពត៌មានក្រោមចំណងជើង«ដំណើរជីវិតនៃព្រះយេស៊ូលើផែនដី» អ្នកអាចពិគ្រោះចំណុចខ្លះៗនៃជីវិតរបស់ព្រះយេស៊ូ ដូចបានរៀបរាប់ក្នុងសៀវភៅចូរចូលទៅជិតព្រះយេហូវ៉ា ជំពូកទី២៩។ ប្រសិនបើយើងតែងតែជួយសិស្សឲ្យប្រមូលអារម្មណ៍គិតអំពីព្រះយេហូវ៉ា នោះបន្ដិចម្ដងៗ គាត់នឹងអាចបណ្ដុះសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ ប្រសិនបើយើងបានស្ថាបនានូវមូលដ្ឋាននៃជំនឿក្នុងកាលសិក្សាពីជំពូកទី១-៤ នោះការសិក្សានឹងមានដំណើរការល្អពីជំពូកទី៥តទៅទៀត។
១៦ ការសិក្សាជំពូកទី៥-៩: ជំពូកទី៥ពិគ្រោះអំពីសាសនាពិតនិងសាសនាក្លែងក្លាយ។ ជំពូកទី៦ពិគ្រោះនូវការបង្រៀនដ៏សំខាន់ៗថាពិតជាមានសាតាំងនិងសេចក្ដីបាប។ ជំពូកទី៧ពិគ្រោះអំពីតម្លៃលោះរបស់ព្រះយេស៊ូ។ ជំពូកទី៨ពិគ្រោះអំពីរឿងអធិបតេយ្យសកលលោក។ ជំពូកទី៩ពិគ្រោះអំពីសេចក្ដីសង្ឃឹមអំពីដំណើររស់ឡើងវិញ។ សរុបទៅ ជំពូកទាំងនេះឆ្លើយតាមរបៀបដែលធ្វើឲ្យមានការចាប់អារម្មណ៍នូវមូលហេតុដែលមនុស្សស្លាប់។ ចំពោះសិស្សខ្លះប្រហែលជាស្រួលជាងក្នុងការសិក្សាជំពូកទាំងនេះមុនជំពូកទី៥។
១៧ ជំពូកទី១០-១៥: ក្នុងជំពូកនេះ យើងពង្រឹងជំនឿក្នុងចិត្តរបស់សិស្ស។ ពីជំពូកទី១០-១១ យើងចង់ជួយសិស្សឲ្យយល់ថា ព្រះរាជាណាចក្រគឺជាអ្វីដ៏ពិត និងថាសព្វថ្ងៃនេះយើងកំពុងតែរស់នៅថ្ងៃជាន់ក្រោយបង្អស់។ ដើម្បីឲ្យមានជំនឿ សិស្សត្រូវមានកតញ្ញូធម៌និងការដឹងគុណចំពោះព្រះយេហូវ៉ា។ ដើម្បីសម្រេចគោលដៅនេះ ពេលពិគ្រោះជំពូកទី១២-១៥ យើងត្រូវជួយសិស្សឲ្យអនុវត្តតាមចំណុចដែលគាត់បានរៀន និងឲ្យគាត់យល់ថាគោលការណ៍ព្រះគម្ពីរគឺមានប្រយោជន៍យ៉ាងណា។ ចូរជួយសិស្សឲ្យចេះវែកញែកពីភាពខុសគ្នារវាងការដែលមានចំណេះរបស់ព្រះនិងការដែលគ្មានចំណេះរបស់ទ្រង់។ ចូរពិគ្រោះនូវវិធីជាក់លាក់ចំពោះការអនុវត្តន៍តាមពត៌មាននោះឲ្យស្របតាមសមត្ថភាពរបស់សិស្សម្នាក់ៗ។
១៨ ជំពូកទី១៦-១៩: កាលណាសិស្សកាន់តែចង់ធ្វើល្អ សិស្សនោះកាន់តែទុកចិត្តលើព្រះយេហូវ៉ាខ្លាំងថែមទៀតដែរ។ ពេលដែលពិគ្រោះជំពូកទី១៦ ចូរជួយសិស្សឲ្យចេះអធិស្ឋានថ្វាយព្រះយេហូវ៉ាជានិច្ច និងឲ្យទុកចិត្តលើព្រះយេហូវ៉ាពេលដោះស្រាយបញ្ហា។ ប្រសិនបើគាត់បានទទួលជំនួយនិងការសម្រាលទុក្ខពីព្រះយេហូវ៉ាដោយផ្ទាល់ នោះសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះយេហូវ៉ានឹងមានកាន់តែខ្លាំងឡើង និងនាំឲ្យគាត់ឧទ្ទិសថ្វាយខ្លួនដល់ព្រះ។ ក្នុងកាលដែលសិក្សាជំពូកទាំងនេះ អ្នកនាំមុខសិក្សាអាចសម្ដែងនូវអំណរគុណចំពោះសំវិធានការរបស់ព្រះយេហូវ៉ា។
១៩ ដោយសើរើឡើងវិញនូវសៀវភៅចំណេះទាំងមូល នោះយើងបានពិគ្រោះថាអ្នកនាំមុខសិក្សាត្រូវមានគោលដៅយ៉ាងណា ដែលទាក់ទងនឹងចិត្តរបស់សិស្ស។ ពេលប្រើពត៌មានបន្ថែម យើងគួរសួរថា អ្វីដែលយើងចង់សម្រេចជាមួយនឹងពត៌មានបន្ថែមនោះ និងប្រើតែពត៌មានណាដែលសិស្សនោះត្រូវការ។ ចូរកុំគ្រាន់តែអានពត៌មាននោះ តែពន្យល់ដោយរស់រវើកនិងវែកញែកចំណុចនោះជាមួយនឹងគេ។ ចូរចាំជានិច្ចនូវគោលដៅដែលបង្រៀនសិស្សយ៉ាងណាឲ្យចំណេះបានជ្រួតជ្រាបក្នុងចិត្តរបស់សិស្ស និងខំប្រឹងបង្រៀនដើម្បីលើកទឹកចិត្តសិស្សរបស់អ្នក។ នៅក្នុងអត្ថបទជាបន្ទាប់ យើងនឹងពិគ្រោះនូវរបៀបដែលយើងអាចជំរុញចិត្តសិស្ស ដោយប្រើឧបករណ៍ជាជំនួយដើម្បីបង្ហាញសិស្សឲ្យយល់។
[សំណួរសម្រាប់អត្ថបទសិក្សា]
១,២. តើការជំរុញចិត្តមានន័យយ៉ាងណា?
៣. ពេលពិគ្រោះជំពូកទី១-៤ តើយើងអាចមានគោលដៅអ្វីខ្លះ?
៤-៩. តើយើងអាចប្រើជំពូកទី១ ដើម្បីឲ្យសិស្សមានចិត្តខ្នះខ្នែងក្នុងការសិក្សាព្រះគម្ពីរយ៉ាងដូចម្ដេច?
១០, ១១. តើយើងអាចជួយសិស្សឲ្យទទួលស្គាល់ព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះយ៉ាងដូចម្ដេច?
១២. តើយើងអាចធ្វើអ្វីដើម្បីជួយសិស្សឲ្យទទួលស្គាល់ថាពិតជាមានព្រះដែលជាអ្នកបង្កើតមែន?
១៣-១៥. តើយើងអាចជួយសិស្សឲ្យស្រឡាញ់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៦-១៩. តើអ្នកនឹងចង់ប្រើជំពូកទី៥និងជំពូកផ្សេងទៀតយ៉ាងដូចម្ដេច?