ប្រអប់សំណួរ
◼ តើកូនៗរបស់ឪពុកម្ដាយគ្រិស្តសាសនិក អាចចូលរួមក្នុងកិច្ចបម្រើផ្សាយដល់កម្រិតណា មុនទៅជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក?
ឪពុកម្ដាយដែលជាគ្រិស្តសាសនិកចង់ឲ្យកូនរបស់ពួកគាត់រីកចម្រើនជាអ្នកបម្រើព្រះយេហូវ៉ា ដែលមានគំនិតចាស់ទុំ។ (១សាំ. ២:១៨, ២៦; លូក. ២:៤០) សូម្បីនៅក្មេងតូចក៏ដោយ ជាកូនក្នុងក្រុមគ្រួសារគ្រិស្តសាសនិកគួរមានសមត្ថភាពនិយាយគាំទ្រជំនឿរបស់គេ ដែលមានមូលដ្ឋានពីគម្ពីរ។ តាំងតែពីកូននៅជាទារកនៅឡើយ ឪពុកម្ដាយនាំកូនចូលរួមក្នុងកិច្ចការផ្សព្វផ្សាយ នោះជួយកូនឲ្យរីកចម្រើនលឿនជាងក្នុងការគោរពប្រណិប័តន៍ព្រះ។ ប៉ុន្តែ អ្វីដែលសំខាន់គឺឲ្យកូនធ្វើស្ម័គ្រពីចិត្ត ទើបគេសប្បាយក្នុងកិច្ចបម្រើផ្សាយ ពោលគឺមានចិត្តចង់ធ្វើជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក និងបន្តចូលរួមក្នុងកិច្ចការផ្សព្វផ្សាយរាជាណាចក្ររបស់ព្រះ។ ឪពុកម្ដាយត្រូវអប់រំកូនៗឲ្យបានដិតដល់។ (១ធី. ៤:៦; ២ធី. ២:១៥) ជួនកាលអ្នកផ្សាយឯទៀតដែលមានសមត្ថភាពអាចជួយប្អូនៗដែលនៅក្មេង ប្រសិនបើឪពុកម្ដាយយល់ព្រម (សូមមើល កិច្ចបម្រើព្រះរាជាណាចក្រយើង ខែមីនា ឆ្នាំ២០០៧ ទំព័រ៦ របៀបជួយអ្នកដែលនៅក្មេង វគ្គ១-២)។
ពេលកូនដែលមានសណ្ដាប់ធ្នាប់ទៅតាមឪពុកម្ដាយក្នុងកិច្ចបម្រើផ្សាយ នោះកូនៗរៀនដឹងរបៀបនិយាយ។ ប៉ុន្តែ មិនត្រូវទទួលស្គាល់ថាជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹកទេ រហូតដល់កូននោះបានបណ្ដុះនូវសមត្ថភាពនិងការប៉ិនប្រសប់របស់ខ្លួន។ ឪពុកម្ដាយជាគ្រិស្តសាសនិកអាចសម្រេចថា កូនៗអាចចូលរួមក្នុងការផ្សព្វផ្សាយដល់កម្រិតណា។ កូនៗដែលមិនបានទទួលស្គាល់ជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹក មិនគួរត្រឡប់ទៅជួបឬទៅផ្សាយជាមួយក្មេងៗឯទៀតឡើយ។ ឪពុកម្ដាយអាចរៀបចំឲ្យកូន អានខគម្ពីរ ជូនខិត្តប័ណ្ណ ទស្សនាវដ្ដី ឬក៏បង្ហាញរូបភាពពីសៀវភៅមួយដល់ម្ចាស់ផ្ទះ ពេលផ្សព្វផ្សាយ។ កាលដែលកូនធំបន្ដិច នោះនឹងអាចចូលរួមច្រើនទៀតក្នុងការផ្សព្វផ្សាយ។
ដោយមានការអប់រំត្រឹមត្រូវ ប្អូនៗដែលនៅក្មេងរៀនយល់តម្លៃនៃកិច្ចបម្រើផ្សាយថាជារឿងដ៏សំខាន់ កាលដែលធ្វើតាមឱវាទរបស់ឪពុកម្ដាយ និងប្រព្រឹត្តដោយមានសណ្ដាប់ធ្នាប់។ ឪពុកម្ដាយមិនគួរបញ្ជូនកូនដែលមិនបានទទួលស្គាល់ជាអ្នកផ្សាយដែលមិនទាន់ទទួលការជ្រមុជទឹកទៅនៅប្រជុំសម្រាប់កិច្ចបម្រើផ្សាយ ដោយសង្ឃឹមថា បងប្អូនឯទៀតនឹងមើលខុសត្រូវនោះទេ។ ឪពុកម្ដាយដែលចេះយកចិត្តទុកដាក់នឹងដឹងថា គឺជាភារកិច្ចផ្ទាល់ខ្លួនក្នុងការចាត់ចែងសកម្មភាពរបស់កូនៗ។ ពិតមែន អ្នកផ្សាយឯទៀតអាចយល់ព្រមជួយក្នុងការអប់រំប្អូនៗដែលនៅក្មេងក្នុងក្រុមជំនុំ ដែលបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការបម្រើព្រះយេហូវ៉ាក្នុងកិច្ចបម្រើផ្សាយ។