ជួយសិស្សគម្ពីរឲ្យរៀបចំសម្រាប់ការសិក្សា
១ សិស្សគម្ពីរដែលរៀបចំសម្រាប់ការសិក្សាជារៀងរាល់សប្ដាហ៍បង្ហាញចំណាប់អារម្មណ៍ស្មោះក្នុងការសិក្សា និងធម្មតាមានការរីកចម្រើនលឿនជាងអ្នកដែលមិនរៀបចំសម្រាប់សិក្សា។ ជួនកាល សិស្សមិនបានរៀបចំដោយសារគាត់មិនចេះ។ ប្រហែលជាចាំបាច់ឲ្យយើងបង្រៀនគាត់ឲ្យចេះរៀបចំ។ តើអាចធ្វើនេះយ៉ាងដូចម្ដេច?
២ តាំងតែពីដំបូងឡើយ ចូរឆ្លៀតយកពេលបន្ដិចបន្តួចដើម្បីជួយសិស្សឲ្យយល់ថា ការរៀបចំនេះ គឺរួមបញ្ចូលការសិក្សាដោយខ្លួនឯង។ មនុស្សជាច្រើន ថ្វីបើចេះអានក៏ដោយ តែមិនបានត្រូវបង្រៀនឲ្យចេះសិក្សាទេ។
៣ ចូរបង្ហាញសិស្សពីប្រយោជន៍នៃការសិក្សា: អ្នកអាចបង្ហាញសៀវភៅសិក្សារបស់អ្នកដល់សិស្សនូវចំណុចដែលអ្នកបានគូសពាក្យនិងឃ្លាសំខាន់ៗ។ ចូរឲ្យគាត់ឃើញថាគ្រាន់តែក្រឡេកមើលពាក្យដែលគូសនោះ អាចរំលឹកគាត់នូវគំនិតដែលគាត់អាចនិយាយចេញពីចិត្ត។ ដូច្នេះហើយ ពេលឆ្លើយសំណួរ គាត់នឹងមិនអានទាំងអស់ពីសៀវភៅទេ។ ការបង្ហាត់បង្រៀនយ៉ាងល្អតាំងពីដំបូង នឹងជួយគាត់ឲ្យចេះឆ្លើយដែលមានខ្លឹមសារពេលក្រោយមកនៅឯកិច្ចប្រជុំក្រុមជំនុំ។ ពាក្យសម្ដីរបស់គាត់នឹងបង្ហាញនូវអំណរគុណចំពោះព័ត៌មានដែលកំពុងតែពិគ្រោះនោះ និងបង្ហាញនូវជម្រៅនៃការយល់របស់គាត់។
៤ បង្រៀនគាត់ឲ្យចេះប្រើគម្ពីរ: សិស្សត្រូវរៀនបើករកខគម្ពីរដែលមានក្នុងសៀវភៅរៀននោះ។ កាលណាសិស្សអាចបើករកខគម្ពីរបានហើយ នោះគាត់នឹងដឹងគុណកាន់តែខ្លាំងឡើង ដែលថាគាត់ពិតជាសិស្សគម្ពីរមែន។ ថ្វីបើមុនដំបូងគាត់ត្រូវមើលតារាងឈ្មោះនៃសៀវភៅគម្ពីរក៏ដោយ យើងគួរលើកទឹកចិត្តសិស្សឲ្យស្គាល់លំដាប់លំដោយនៃឈ្មោះសៀវភៅ ដែលមាន៦៦ក្បាលក្នុងគម្ពីរ។ នៅពេលគាត់បើកមើលខគម្ពីរ ចូរជួយគាត់ឲ្យរកពាក្យឬឃ្លាដែលគាំទ្រចំណុចក្នុងវគ្គ ហើយមិនបំបែរអារម្មណ៍ទៅចំណុចផ្សេងៗ ដែលឥតទាក់ទងនឹងការសិក្សានោះ។
៥ កាលដែលសិស្សរីកចម្រើន សូមលើកទឹកចិត្តគាត់ឲ្យអានគម្ពីរពីដើមដល់ចប់។ ចូរបញ្ជាក់ថាគម្ពីរទាំងមូលគឺបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ហើយថាគ្រិស្តសាសនិកពិតត្រូវទទួលការបង្ហាត់បង្រៀនពីបណ្ដាំរបស់ព្រះ។—ម៉ាថ. ៤:៤; ២ធី. ៣:១៦, ១៧
៦ ចូរបង្ហាញសៀវភៅផ្សេងៗពីអង្គការព្រះ: នៅពេលដែលសិស្សបានរីកចម្រើន គាត់អាចចាប់ផ្ដើមប្រើឯកសារយោងផ្សេងៗរបស់អង្គការព្រះ។ ដោយចេះគិតវែកញែក សូមលើកទឹកចិត្តគាត់ឲ្យបើកមើលព័ត៌មានបន្ថែមក្នុងសៀវភៅផ្សេងៗរបស់អង្គការព្រះ កាលដែលគាត់ចូលរួមប្រជុំក្នុងក្រុមជំនុំ។ ចូរបង្រៀនគាត់ឲ្យចេះប្រើនូវលក្ខណៈពិសេសៗនៃសេចក្ដីបកប្រែពិភពលោកថ្មី ដូចជា«លិបិក្រមពាក្យសំខាន់ៗក្នុងគម្ពីរ»។
៧ ប្រសិនបើយើងបង្រៀនសិស្សគម្ពីរឲ្យចេះរៀបចំសម្រាប់ការសិក្សា នោះយើងនឹងជួយពួកគាត់ឲ្យបន្តរីកចម្រើនក្នុងសេចក្ដីពិត ជាសិស្សដែលមានសមត្ថភាព សូម្បីតែក្រោយការសិក្សាគម្ពីរនៅផ្ទះបានចប់ហើយក្ដី។