‹ដំណឹងល្អនេះនឹងត្រូវផ្សព្វផ្សាយ›ជាមិនខាន!
១. ហេតុអ្វីយើងដឹងថាគ្មានអ្នកណាអាចរារាំងការផ្សព្វផ្សាយ?
១ គ្មានអ្វីអាចរារាំងព្រះយេហូវ៉ា មិនឲ្យសម្រេចបំណងប្រាថ្នារបស់លោកឡើយ។ (អេ. ១៤:២៤) បើគិតអំពីគេឌាននិងបុរស៣០០នាក់របស់គាត់ គឺមើលទៅដូចជាពួកគាត់ពុំអាចច្បាំងឈ្នះទ័ពរបស់ជនជាតិម៉ាឌាន ដែលមានទាហាន១៣៥.០០០នាក់បានឡើយ។ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់គេឌានថា៖ «ចូរឯងទៅ . . . ជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃនៃពួកម៉ាឌានចុះ អញបានចាត់ឯងឲ្យទៅហើយ»។ (ចៅ. ៦:១៤) ចុះសព្វថ្ងៃនេះវិញ? តើព្រះយេហូវ៉ាកំពុងគាំទ្រកិច្ចការអ្វី? លោកយេស៊ូមានប្រសាសន៍ថា៖ «ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី»។ (ម៉ាថ. ២៤:១៤) គ្មានអ្នកណាអាចរារាំងកិច្ចការនេះមិនឲ្យសម្រេចបានឡើយ!
២. ហេតុអ្វីយើងអាចប្រាកដថាព្រះយេហូវ៉ានឹងជួយយើងម្នាក់ៗក្នុងកិច្ចផ្សព្វផ្សាយ?
២ ព្រះយេហូវ៉ាជួយយើងម្នាក់ៗ: យើងជឿជាក់ថាព្រះយេហូវ៉ានឹងជួយសាក្សីទាំងឡាយរបស់លោកជាក្រុមដើម្បីសម្រេចកិច្ចការផ្សព្វផ្សាយនេះ ប៉ុន្តែចុះយើងម្នាក់ៗវិញ? តើមានហេតុសង្ឃឹមថាលោកនឹងជួយយើងម្នាក់ៗដែរឬទេ? ពេលដែលសាវ័កប៉ូលជួបនឹងការពិបាក គាត់បានពិសោធន៍ដោយផ្ទាល់នូវជំនួយពីព្រះយេហូវ៉ា តាមរយៈលោកយេស៊ូជាបុត្រលោក។ (២ធី. ៤:១៧) ដូចគ្នាដែរ យើងអាចប្រាកដថាព្រះយេហូវ៉ានឹងឲ្យពរដល់យើង ពេលដែលយើងព្យាយាមធ្វើឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច។—១យ៉ូន. ៥:១៤
៣. តើព្រះយេហូវ៉ាជួយយើងក្នុងករណីណាខ្លះ?
៣ តើបន្ទុកក្នុងជីវិតប្រចាំថ្ងៃធ្វើឲ្យអ្នកហត់ខ្លាំង មិនសូវមានកម្លាំងដើម្បីផ្សព្វផ្សាយឬទេ? បើដូច្នេះ សូមចាំថា៖ «ទ្រង់រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ»។ (អេ. ៤០:២៩-៣១) តើអ្នកកំពុងប្រឈមមុខនឹងការបៀតបៀនឬការប្រឆាំងទេ? បើដូច្នេះ«ចូរផ្ទេរបន្ទុករបស់អ្នកទៅលើព្រះយេហូវ៉ា នោះទ្រង់នឹងជួយទប់ទល់អ្នក»។ (ទំនុក. ៥៥:២២) ជួនកាល តើអ្នកខ្វះទំនុកចិត្តលើខ្លួនដែរឬទេ? បើដូច្នេះ សូមចាំអ្វីដែលព្រះមានប្រសាសន៍ថា៖ «ចូរឯងទៅឥឡូវចុះ អញនឹងនៅជាមួយនឹងមាត់ឯង»។ (និក្ខ. ៤:១១, ១២) តើអ្នកមានបញ្ហាសុខភាពដែលធ្វើឲ្យអ្នកមិនអាចចូលរួមឲ្យបានច្រើនក្នុងកិច្ចផ្សព្វផ្សាយដូចចិត្តអ្នកចង់ឬ? សូមចាំថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះការព្យាយាមរបស់អ្នក ទោះជាអ្វីដែលអ្នកអាចធ្វើបានគឺតិចយ៉ាងណាក៏ដោយ។ លោកក៏អាចធ្វើឲ្យការព្យាយាមរបស់អ្នកបានផលដែរ។—១កូ. ៣:៦, ៩
៤. បើយើងមានជំនឿទុកចិត្តទៅលើព្រះយេហូវ៉ា តើនោះមានឥទ្ធិពលយ៉ាងណាមកលើយើង?
៤ ដៃរបស់ព្រះយេហូវ៉ា«បានលូកទៅហើយ តើអ្នកណានឹងបង្វិលឲ្យត្រឡប់ទៅវិញបាន?»។ (អេ. ១៤:២៧) សូមឲ្យយើងព្យាយាមឥតឈប់ក្នុងការផ្សព្វផ្សាយ«យ៉ាងក្លាហានដោយមានអំណាចពីព្រះយេហូវ៉ា» ហើយដោយជឿជាក់ថាលោកនឹងឲ្យពរទៅលើកិច្ចបម្រើរបស់យើង។—សកម្ម. ១៤:៣