អ្នកផ្សាយគ្រិស្តសាសនិក ត្រូវអធិដ្ឋាន
១. ដើម្បីសម្រេចកិច្ចបម្រើរបស់យើង តើយើងត្រូវធ្វើអ្វី?
១ យើងមិនអាចបំពេញកិច្ចបម្រើ ដោយយកខ្លួនយើងជាទីពឹងឡើយ។ ព្រះយេហូវ៉ាឲ្យកម្លាំងដល់យើងដើម្បីសម្រេចកិច្ចការរបស់លោក។ (ភី. ៤:១៣) លោកប្រើបណ្ដាទេវតារបស់លោកដើម្បីជួយយើងស្វែងរកមនុស្សដែលមានចិត្តគំនិតដូចចៀម។ (បប. ១៤:៦, ៧) គឺព្រះយេហូវ៉ាទេ ដែលធ្វើឲ្យគ្រាប់ពូជនៃសេចក្ដីពិតដែលយើងដាំនិងស្រោចនោះបានដុះឡើង។ (១កូ. ៣:៦, ៩) ជាការសំខាន់ណាស់ ដែលអ្នកផ្សាយគ្រិស្តសាសនិកយកបិតានៅស្ថានសួគ៌ជាទីពឹង!
២. តើយើងអាចអធិដ្ឋានអំពីអ្វីខ្លះ?
២ អធិដ្ឋានដើម្បីខ្លួន: យើងគួរអធិដ្ឋានរាល់ដងដែលយើងផ្សព្វផ្សាយ។ (អេភ. ៦:១៨) តើយើងគួរអធិដ្ឋានអំពីរឿងអ្វីខ្លះ? យើងអាចអធិដ្ឋានសុំជំនួយឲ្យមានទស្សនៈល្អចំពោះតំបន់ផ្សាយរបស់យើង ហើយយើងក៏អាចអធិដ្ឋានសុំសេចក្ដីក្លាហានដែរ។ (សកម្ម. ៤:២៩) យើងអាចសុំព្រះយេហូវ៉ានាំយើងទៅជួបមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវ ដើម្បីឲ្យយើងអាចបង្រៀនគម្ពីរដល់ពួកគេ។ ប្រសិនបើម្ចាស់ផ្ទះសួរយើងសំណួរមួយ យើងអាចអធិដ្ឋានក្នុងចិត្តយ៉ាងខ្លី សុំព្រះយេហូវ៉ាជួយយើងឆ្លើយត្រឹមត្រូវ។ (នេហ. ២:៤) យើងក៏អាចអធិដ្ឋានសុំប្រាជ្ញាដើម្បីចាត់ទុកកិច្ចបម្រើថាជាកិច្ចការសំខាន់បំផុតក្នុងជីវិតយើង។ (យ៉ា. ១:៥) ម្យ៉ាងទៀត ព្រះយេហូវ៉ាពេញចិត្តពេលដែលយើងអធិដ្ឋានអរគុណលោកសម្រាប់ឯកសិទ្ធិបម្រើលោក។—កូឡ. ៣:១៥
៣. តើការអធិដ្ឋានឲ្យអ្នកឯទៀតជួយធ្វើឲ្យកិច្ចផ្សព្វផ្សាយជឿនទៅមុខយ៉ាងដូចម្ដេច?
៣ អធិដ្ឋានដើម្បីអ្នកឯទៀត: យើងក៏គួរ«អធិដ្ឋានឲ្យគ្នាទៅវិញទៅមក»ដែរ ដោយលើកឈ្មោះរបស់បងប្អូនរួមជំនឿនៅពេលដែលសមធ្វើដូច្នោះ។ (យ៉ា. ៥:១៦; សកម្ម. ១២:៥) តើអ្នកមានបញ្ហាសុខភាពដែលរារាំងអ្នក មិនឲ្យផ្សព្វផ្សាយច្រើនឬ? បើដូច្នេះ ចូរអធិដ្ឋានដើម្បីបងប្អូនរួមជំនឿដែលមានសុខភាពល្អ។ កុំមើលស្រាលថាសេចក្ដីអធិដ្ឋានរបស់អ្នកដើម្បីអ្នកឯទៀតគ្មានឥទ្ធិពលឡើយ! ជាការសមរម្យដែរ បើយើងអធិដ្ឋានសុំឲ្យពួកអាជ្ញាធរមានទស្សនៈល្អចំពោះកិច្ចផ្សព្វផ្សាយ ដើម្បីឲ្យបងប្អូនរបស់យើង«អាចរក្សាឲ្យមានជីវិតស្ងៀមស្ងាត់»។—១ធី. ២:១, ២
៤. ហេតុអ្វីយើងគួរតស៊ូក្នុងការអធិដ្ឋាន?
៤ ការផ្សព្វផ្សាយដំណឹងល្អទូទាំងផែនដីជាកិច្ចការដែលយើងពុំអាចសម្រេចដោយអាងកម្លាំងរបស់យើងបានឡើយ។ ប្រសិនបើយើង«តស៊ូក្នុងការអធិដ្ឋាន» យើងនឹងសម្រេចកិច្ចការនេះដោយជំនួយពីព្រះយេហូវ៉ា។—រ៉ូម ១២:១២