តើអ្នកអាចផ្សព្វផ្សាយនៅ ថ្ងៃអាទិត្យបានទេ?
១. តើយើងអាចរៀនអ្វីពីសកម្មភាពរបស់ប៉ូលនិងគូកនរបស់គាត់ពេលនៅទីក្រុងភីលីព?
១ នៅថ្ងៃឈប់សម្រាកជនជាតិយូដាភាគច្រើននៅទីក្រុងភីលីពបានសម្រាក។ ប៉ូលនិងគូកនរបស់គាត់បានទៅលេងទីក្រុងភីលីពក្នុងកាលដែលធ្វើដំណើរជាសាសនទូត។ បើពួកគាត់បានឈប់សម្រាកពីកិច្ចបម្រើនៅថ្ងៃនោះ គ្មានអ្នកណានឹងបន្ទោសពួកគាត់ឡើយ។ ក៏ប៉ុន្តែប៉ូលនិងគូកនរបស់គាត់បានដឹងថាជនជាតិយូដានឹងមកប្រជុំគ្នានៅខាងក្រៅទីក្រុងដើម្បីអធិដ្ឋាន ដូច្នេះពួកគាត់បានឆ្លៀតឱកាសនោះដើម្បីផ្សព្វផ្សាយឲ្យពួកគេ។ ប៉ូលនិងគូកនរបស់គាត់ពិតជាមានអំណរខ្លាំងណាស់នៅពេលដែលឃើញនាងលីឌាបានស្ដាប់ដំណឹងល្អ ហើយពួកអ្នកផ្ទះនាងក៏បានទទួលការជ្រមុជទឹកដែរ! (សកម្ម. ១៦:១៣-១៥) ដូចគ្នាដែរនៅសព្វថ្ងៃនេះ មនុស្សភាគច្រើនគេសម្រាកនៅថ្ងៃអាទិត្យ ដូច្នេះសូមឲ្យយើងប្រើពេលនោះដើម្បីផ្សព្វផ្សាយដល់ពួកគេ។
២. តើរាស្ត្ររបស់ព្រះយេហូវ៉ាបានយកឈ្នះនឹងការលំបាកអ្វីដើម្បីអាចផ្សព្វផ្សាយនៅថ្ងៃអាទិត្យដោយគ្មានការប្រឆាំង?
២ ការខំប្រឹងផ្សព្វផ្សាយនៅថ្ងៃអាទិត្យ: ក្នុងអំឡុងឆ្នាំ១៩២៧ រាស្ត្ររបស់ព្រះយេហូវ៉ាត្រូវបានលើកទឹកចិត្តឲ្យចំណាយពេលផ្សព្វផ្សាយនៅរាល់ថ្ងៃអាទិត្យ។ ភ្លាមៗនោះមានការប្រឆាំង ហើយបងប្អូនភាគច្រើននៅសហរដ្ឋអាម៉េរិកត្រូវបានគេចាប់ខ្លួន ដោយចោទថាបានបំពានច្បាប់ថ្ងៃឈប់សម្រាកនៅថ្ងៃអាទិត្យ រំខានដល់ភាពស្ងប់ស្ងៀម និងលក់ដូរដោយគ្មានការអនុញ្ញាត។ ប៉ុន្តែរាស្ត្ររបស់ព្រះយេហូវ៉ាមិនឈប់ផ្សព្វផ្សាយទេ។ នៅទសវត្សរ៍ឆ្នាំ១៩៣០ ពួកគេបានរៀបចំធ្វើ«ប្រតិបត្ដិការផ្សាយតាមតំបន់» ដែលពេលនោះអ្នកផ្សព្វផ្សាយពីក្រុមជំនុំផ្សេងៗដែលនៅជិតគ្នាបានរួមគ្នាផ្សាយក្នុងតំបន់តែមួយ។ ជួនកាលពេលដែលពួកអាជ្ញាធរបានចាប់ខ្លួនអ្នកផ្សាយ ពួកគេមិនអាចចាប់ទាំងអស់បានឡើយ ដោយសារអ្នកផ្សាយមានចំនួនច្រើន។ ដូច្នេះកិច្ចផ្សព្វផ្សាយនៅតែបន្តទៀត។ តើអ្នកពិតជាឲ្យតម្លៃចំពោះការលះបង់របស់បងប្អូនដើម្បីឲ្យយើងអាចផ្សព្វផ្សាយនៅថ្ងៃអាទិត្យឬទេ?
៣. ហេតុអ្វីថ្ងៃអាទិត្យជាថ្ងៃដ៏ល្អសម្រាប់កិច្ចផ្សព្វផ្សាយ?
៣ ថ្ងៃផ្សព្វផ្សាយដ៏ល្អ: នៅថ្ងៃអាទិត្យ មនុស្សភាគច្រើនឈប់សម្រាកពីការងារនៅផ្ទះ ជាធម្មតាពួកគេមានអារម្មណ៍ស្រួលជាងនៅថ្ងៃនោះ។ អ្នកខ្លះដែលទៅគោរពព្រះនៅវិហារ ប្រហែលជាចូលចិត្តពិភាក្សាអំពីព្រះនៅថ្ងៃនោះ។ ប្រសិនបើយើងមានកិច្ចប្រជុំនៅថ្ងៃអាទិត្យ សម្លៀកបំពាក់ដែលយើងស្លៀក គឺអាចស្លៀកសម្រាប់កិច្ចផ្សព្វផ្សាយផងដែរ។ ដូច្នេះយើងអាចរៀបចំផ្សព្វផ្សាយមុនឬក្រោយកិច្ចប្រជុំ។ ប្រសិនបើចាំបាច់ សូមយកម្ហូបបន្ដិចបន្តួចមកជាមួយអ្នក។
៤. តើមានមូលហេតុអ្វីខ្លះដែលយើងអាចមានអំណរ បើយើងចំណាយពេលផ្សព្វផ្សាយនៅថ្ងៃអាទិត្យ?
៤ ប្រសិនបើយើងចំណាយពេលនៅថ្ងៃអាទិត្យក្នុងកិច្ចផ្សព្វផ្សាយ យើងក៏នៅតែមានពេលដែលយើងត្រូវការដើម្បីសម្រាកដែរ ហើយការសម្រាកនោះនឹងនាំឲ្យយើងមានអំណរ ដោយសារយើងបានចូលរួមក្នុងកិច្ចបម្រើពិសិដ្ឋ។ (សុភ. ១៩:២៣) ម្យ៉ាងទៀត យើងប្រហែលជាពិសោធន៍នូវអំណរដែលមកពីការរកបានមនុស្សដែលមានលក្ខណៈដូចនាងលីឌា!