សំបុត្រពី គណៈអភិបាល
បងប្អូនសាក្សីព្រះយេហូវ៉ាជាទីស្រឡាញ់:
យើងសប្បាយរីករាយក្រៃលែងដោយបានសរសេរសំបុត្រជូនបងប្អូនជាទីស្រឡាញ់ជាង៧លាននាក់ដែលកំពុងបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។ ពេលសាក្សីជួបសាក្សីឯទៀតដែលមកពីប្រទេសផ្សេងៗ ពួកគាត់មានអារម្មណ៍ថា ពួកគាត់មានសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ដែលប្រៀបដូចជាចំណងដ៏ពិសេសមួយ។—យ៉ូន. ១៣:៣៤, ៣៥
យោងតាមសេចក្ដីរាយការណ៍ពីបងប្អូនទូទាំងពិភពលោកបានបញ្ជាក់ថា បងប្អូនយ៉ាងច្រើនមានការគោរពប្រណិប័តន៍ជាក្រុមគ្រួសារយ៉ាងទៀងទាត់។ ចំពោះបងប្អូនដែលមានកូនតូចៗ ពួកគាត់បានប្រើវិធីផ្សេងៗដើម្បីជួយកូនឲ្យចូលចិត្ត និងប្រមូលអារម្មណ៍ទៅលើការគោរពប្រណិប័តន៍ជាក្រុមគ្រួសារនោះ។ (អេភ. ៦:៤) ចំពោះគូប្ដីប្រពន្ធវិញ ការសិក្សាគម្ពីរជាមួយគ្នាបានជួយពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ (អេភ. ៥:២៨-៣៣) ប្រាកដណាស់ មិនថាយើងនៅតែម្នាក់ឯង ឬមានក្រុមគ្រួសារក៏ដោយ យើងទាំងអស់គ្នាកំពុងទទួលប្រយោជន៍ពីការលៃទុកមួយថ្ងៃសម្រាប់សិក្សាបណ្ដាំរបស់ព្រះយ៉ាងស៊ីជម្រៅ។—យ៉ូស. ១:៨, ៩
យើងមានចិត្តអាណិតអាសូរចំពោះបងប្អូនដែលបានរងទុក្ខដោយសារគ្រោះមហន្តរាយធម្មជាតិ។ យើងសូមឆ្លៀតយកឱកាសនេះ ដើម្បីថ្លែងអំណរគុណចំពោះបងប្អូនដែលខំព្យាយាមផ្ដល់ជំនួយដោយឥតស្ទាក់ស្ទើរក្នុងអំឡុងពេលមានទុក្ខលំបាកនោះ។ (សកម្ម. ១១:២៨-៣០; កាឡ. ៦:៩, ១០) ម្យ៉ាងទៀត នៅក្នុងក្រុមជំនុំនីមួយៗ បងប្អូនខ្លះបានកត់សម្គាល់ឃើញថា មានអ្នកដែលត្រូវការជំនួយផ្នែកសម្ភារ ដូច្នេះបងប្អូនបានចាត់វិធានការផ្ដល់ជំនួយ។ ដូចគំរូរបស់នាងដ័រកាសក្នុងគម្ពីរដែរ បងប្អូនបាន«ធ្វើអំពើល្អ»ជាបរិបូរ«និងធ្វើទានជាច្រើន»។ (សកម្ម. ៩:៣៦) សូមជឿជាក់ថា ព្រះយេហូវ៉ាចាំអ្វីដែលបងប្អូនបានធ្វើ ហើយលោកនឹងផ្ដល់រង្វាន់ដល់បងប្អូនវិញជាក់ជាមិនខាន។—ម៉ាថ. ៦:៣, ៤
នៅប្រទេសខ្លះ មនុស្សកំពុង«បង្កើតការប្រទូសរ៉ាយដោយអាងមាត្រាច្បាប់»ដើម្បីជាន់ឈ្លីសិទ្ធិរបស់បងប្អូន។ (ទំនុក. ៩៤:២០-២២) ដោយដឹងអំពីការបៀតបៀនដែលលោកយេស៊ូបានទាយទុក បងប្អូនកំពុងប្រឈមមុខយ៉ាងក្លាហាននឹងការបៀតបៀនបែបនោះ ដោយយកព្រះយេហូវ៉ាជាទីពឹងជ្រក។ (យ៉ូន. ១៥:១៩, ២០) សូមមានទំនុកចិត្តថា យើងតែងអធិដ្ឋានយ៉ាងទៀងទាត់អំពីបងប្អូនជាទីស្រឡាញ់ កាលដែលបងប្អូនបន្ត«និយាយការពារសេចក្ដីសង្ឃឹមដែលនៅក្នុងអ្នករាល់គ្នា នៅចំពោះមុខមនុស្សទាំងអស់ដែលទាមទារឲ្យអ្នករាល់គ្នាប្រាប់អំពីមូលហេតុដែលអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមនោះ»។—១ពេ. ៣:១៣-១៥
យើងពិតជាសរសើរបងប្អូនរាប់លាននាក់! ពីមួយឆ្នាំទៅមួយឆ្នាំ សាថានខំល្បួងឥតឈប់ឈរឲ្យមនុស្សប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដ៏គួរឲ្យខ្ពើមរអើម ហើយផ្សាយគំនិតរបស់វាដោយប្រើល្បិចពិសពុលដើម្បីបង្ខូចចិត្តគំនិតរបស់មនុស្សបន្ដិចម្ដងៗ។ ទោះជាយ៉ាងនោះក៏ដោយ ក៏បងប្អូននៅតែរក្សាភាពស្អាតស្អំជានិច្ច។ ស្របពេលដែលខ្នាតតម្រាសីលធម៌របស់ពិភពលោកនេះកាន់តែអាប់ឱនទៅ នោះបងប្អូនក៏កំពុង«ទទួលកម្លាំងដោយលោកម្ចាស់និងដោយភាពខ្លាំងក្លានៃឫទ្ធានុភាពរបស់លោក»ដែរ។ (អេភ. ៦:១០) បងប្អូនបាន«ពាក់គ្រប់គ្រឿងចម្បាំងពីព្រះ» ហេតុនេះហើយបងប្អូនកំពុងកាន់ជំហរមាំមួននៅចំពោះមុខ«កលល្បិចទាំងប៉ុន្មានរបស់មេកំណាច»។ (អេភ. ៦:១១, ១២) សូមចាំថា គំរូរបស់បងប្អូនធ្វើឲ្យព្រះយេហូវ៉ាអាចតបឆ្លើយចំពោះសាថានដែលជាអ្នកតិះដៀលលោក!—សុភ. ២៧:១១
យើងពិតជារំភើបចិត្តខ្លាំងណាស់ដោយដឹងថា ក្នុងឆ្នាំ២០១១ មានមនុស្សចំនួន១៩.៣៧៤.៧៣៧នាក់បានចូលរួមពិធីរំលឹកមរណភាពរបស់លោកម្ចាស់យើង។ ហេតុមួយដែលនាំឲ្យមនុស្សច្រើនដូចនេះចូលរួម គឺដោយសារក្នុងខែមេសាឆ្នាំមុន បងប្អូនយ៉ាងច្រើនបានចូលរួមធ្វើជាអ្នកត្រួសត្រាយជំនួយតាមសេចក្ដីអញ្ជើញរបស់យើង។ មនុស្សរាប់លាននាក់នៅផែនដីបានឮសាក្សីដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាកំពុងសរសើរលោកដោយមានសាមគ្គីភាព។ (រ៉ូម ១០:១៨) មិនថាបងប្អូននៅក្នុងចំណោមបងប្អូន ២.៦៥៧.៣៧៧នាក់ដែលបានធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងខែមេសានោះ ឬក៏បងប្អូនបានព្យាយាមបង្កើនសកម្មភាពផ្សាយតាមវិធីណាមួយក៏ដោយ ក៏បងប្អូនទាំងអស់បានធ្វើឲ្យគណៈអភិបាលសប្បាយរីករាយ ដោយសារបងប្អូនស្ម័គ្រចិត្តចូលរួម ហើយខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ។—ទំនុក. ១១០:៣; កូឡ. ៣:២៣
ឆ្នាំមុន មានអ្នកថ្មីចំនួន២៦៣.១៣១នាក់ដែលបានប្រគល់ខ្លួនចំពោះព្រះយេហូវ៉ា។ យើងសូមអរគុណចំពោះព្រះយេហូវ៉ា និងចំពោះបងប្អូនទាំងអស់ដែលបានចូលរួមជាមួយយើងក្នុងការចែកលិខិតអញ្ជើញដល់អ្នកឯទៀត ដោយពោលថា៖ «‹មកចុះ!› ហើយអ្នកណាដែលបានឮ ចូរនិយាយថា៖ ‹មកចុះ!› ហើយចូរឲ្យអ្នកណាដែលស្រេក មកចុះ ចូរឲ្យអ្នកណាដែលចង់បានទឹកដែលផ្ដល់ជីវិត មកយកដោយឥតគិតថ្លៃ»។ (បប. ២២:១៧) ជាពិសេស នៅឯមហាសន្និបាតឆ្នាំ២០១១ ក្រោយពេលយើងបានពិចារណានូវចំណុចផ្សេងៗអំពី រាជាណាចក្ររបស់ព្រះដែលកំពុងគ្រប់គ្រងនៅស្ថានសួគ៌ នោះយើងអាចនិយាយដោយរំភើបចិត្តខ្លាំងជាងមុនទៅទៀតថា៖ ‹សូមឲ្យរាជាណាចក្ររបស់ព្រះបានមកដល់›។ លោកយេស៊ូបានពង្រឹងទំនុកចិត្តរបស់យើងដោយមានប្រសាសន៍ថា៖ «ខ្ញុំនឹងមកយ៉ាងឆាប់» ហើយយើងអាចឆ្លើយចេញពីដួងចិត្តរបស់យើងដូចសាវ័កយ៉ូហានថា៖ «អាមេន! លោកម្ចាស់យេស៊ូ សូមអញ្ជើញមក»។—បប. ២២:២០
កាលដែលបងប្អូនចាំយាមចំពោះព្រឹត្ដិការណ៍ដ៏គួរឲ្យរំភើបចិត្តនេះ សូមមានទំនុកចិត្តថា យើងពិតជាស្រឡាញ់បងប្អូនណាស់ ដោយសារបងប្អូនកំពុងស្រឡាញ់ព្រះយេហូវ៉ា«ដោយការប្រព្រឹត្ត និងដោយសេចក្ដីពិត»។—១យ៉ូន. ៣:១៨
ពីបងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា)