ប្រអប់សំណួរ
◼ តើយើងគួរគិតអំពីអ្វីខ្លះទុកជាមុន បើយើងចង់ប្រគល់ទ្រព្យសម្បត្ដិខ្លះ ឬទាំងអស់ដល់អង្គការរបស់ព្រះយេហូវ៉ា ក្រោយពេលដែលយើងស្លាប់?
ពេលដែលមនុស្សស្លាប់ ពួកគេមិនអាចគ្រប់គ្រងលើទ្រព្យសម្បត្ដិរបស់ខ្លួនទៀតឡើយ។ (សាស្ដ. ៩:៥, ៦) ដូច្នេះ មនុស្សជាច្រើនបានធ្វើលិខិតបណ្ដាំមត៌កតាមផ្លូវច្បាប់ទុកជាមុន ដែលក្នុងលិខិតបណ្ដាំនោះពន្យល់អំពីឆន្ទៈក្នុងការបែងចែកទ្រព្យសម្បត្ដិរបស់ខ្លួន។ (២ព. ២០:១) ជាធម្មតាឯកសារតាមផ្លូវច្បាប់នេះ ក៏បញ្ជាក់អំពីបុគ្គលដែលត្រូវធ្វើជាអ្នកតំណាងឬជាអ្នកប្រតិបត្ដិ។ នៅប្រទេសជាច្រើន បើគ្មានឯកសារតាមផ្លូវច្បាប់នេះទេ គឺពួកអាជ្ញាធរជាអ្នកសម្រេចចិត្តក្នុងការបែងចែកទ្រព្យរបស់អ្នកដែលស្លាប់។ ដូច្នេះ បើយើងមានឆន្ទៈច្បាស់លាស់ស្តីអំពីទ្រព្យសម្បត្ដិរបស់យើង ដូចជាចង់ប្រគល់ទ្រព្យខ្លះឬទាំងអស់ដល់អង្គការរបស់ព្រះយេហូវ៉ា នោះជាការសំខាន់ណាស់ដែលយើងរៀបចំឯកសារតាមផ្លូវច្បាប់ដើម្បីបញ្ជាក់អំពីឆន្ទៈរបស់យើង ហើយយើងក៏ត្រូវគិតឲ្យបានហ្មត់ចត់អំពីបុគ្គលដែលយើងចង់ជ្រើសរើសធ្វើជាអ្នកតំណាងឬជាអ្នកប្រតិបត្ដិដែរ។
អ្នកតំណាងឬអ្នកប្រតិបត្ដិគឺមានភារកិច្ចធ្ងន់ធ្ងរណាស់។ អាស្រ័យទៅលើចំនួននិងទំហំនៃទ្រព្យសម្បត្ដិ គាត់ត្រូវប្រមូលអ្វីៗដែលពាក់ព័ន្ធនឹងទ្រព្យទាំងអស់មក ហើយធ្វើការបែងចែកទៅតាមអ្វីដែលបានចែងក្នុងលិខិតបណ្ដាំមត៌ក។ ការធ្វើដូច្នេះអាចចំណាយពេលយូរនិងមានភាពស្មុគស្មាញផងដែរ។ ម្យ៉ាងទៀត ជាញឹកញយពួកអាជ្ញាធរចេញសេចក្ដីណែនាំដែលយើងត្រូវធ្វើតាម។ មិនមែនបងប្អូនទាំងអស់ក្នុងក្រុមជំនុំអាចធ្វើជាអ្នកតំណាងឬអ្នកប្រតិបត្ដិដ៏ល្អនោះទេ។ យើងគួរប្រាកដថា បុគ្គលដែលយើងជ្រើសរើសឲ្យធ្វើជាតំណាងគឺជាអ្នកដែលមានសមត្ថភាព គួរឲ្យទុកចិត្ត ហើយជាអ្នកដែលមានឆន្ទៈធ្វើតាមគោលបំណងរបស់យើង។
បើអ្នកបានត្រូវស្នើសុំឲ្យធ្វើជាអ្នកតំណាងឬជាអ្នកប្រតិបត្ដិ: បើបងប្អូនណាម្នាក់ស្នើសុំអ្នកឲ្យធ្វើជាអ្នកតំណាងក្នុងការបែងចែកទ្រព្យរបស់គាត់ក្រោយពេលដែលគាត់ស្លាប់ នោះមុនអ្នកយល់ព្រមទទួលភារកិច្ចនេះ អ្នកត្រូវគិតគូរជាមុនសិន ហើយអធិដ្ឋានដោយអស់ពីចិត្តដើម្បីដឹងថាអ្នកអាចបំពេញភារកិច្ចនេះបានឬក៏មិនបាន។ (លូក. ១៤:២៨-៣២) ក្រោយពេលម្ចាស់បណ្ដាំស្លាប់ អ្នកត្រូវជូនដំណឹងដល់អស់អ្នកដែលនឹងត្រូវទទួលមត៌កតាមបណ្ដាំរបស់អ្នកស្លាប់។ រួចមក ពេលអ្នកទទួលសិទ្ធិអំណាចដើម្បីបែងចែកមត៌កនោះហើយ អ្នកត្រូវបំពេញភារកិច្ចនោះស្របតាមច្បាប់និងតាមល័ក្ខខ័ណ្ឌដែលមានក្នុងបណ្ដាំមត៌កឲ្យបានដិតដល់។ យើងសូមបញ្ជាក់ថា ទោះជាទ្រព្យមត៌កនោះមានចំនួននិងទំហំប៉ុណ្ណាក៏ដោយ ក៏អ្នកតំណាងឬអ្នកប្រតិបត្ដិ មិនត្រូវប្រើឬចែកទ្រព្យនោះខុសពីល័ក្ខខ័ណ្ឌដែលមានចែងក្នុងលិខិតបណ្ដាំមត៌កឡើយ។ ទ្រព្យណាដែលលិខិតបណ្ដាំបានកំណត់ថាប្រគល់ឲ្យសាជីវកម្មស្របច្បាប់មួយរបស់សាក្សីព្រះយេហូវ៉ា ទ្រព្យនោះគឺជារបស់អង្គការព្រះយេហូវ៉ា។—លូក. ១៦:១០; ២១:១-៤