សំបុត្រពីគណៈអភិបាល
ជូនចំពោះបងប្អូនជាទីស្រឡាញ់:
ព្រះយេហូវ៉ាបិតានៅស្ថានសួគ៌គឺជាគំរូដ៏ល្អបំផុតនៃសេចក្ដីស្រឡាញ់។ ដូច្នេះគម្ពីរចែងថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (១យ៉ូន. ៤:៨) ទោះជាព្រះយេហូវ៉ាជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតក្ដី គម្ពីរមិនដែលចែងថា៖ «ព្រះគឺជាឫទ្ធានុភាព»នោះទេ។ ការគ្រប់គ្រងរបស់លោកមានមូលដ្ឋានលើសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់នេះពិតជាទាក់ទាញចិត្តយើងឲ្យចង់ចូលទៅជិតព្រះយេហូវ៉ាមែន!
យើងសប្បាយដែលព្រះយេហូវ៉ាមិនបង្ខំយើងឲ្យបម្រើលោកទេ។ លោកមិនមែនជាអ្នកកាន់អំណាចផ្ដាច់ការ។ ព្រះយេហូវ៉ាចង់ឲ្យយើងបម្រើលោកដោយសារយើងស្រឡាញ់លោកអស់ពីចិត្ត។ ដោយធ្វើដូច្នេះ យើងបង្ហាញថាយើងចង់ឲ្យព្រះយេហូវ៉ាគ្រប់គ្រងលើយើង ពីព្រោះយើងជឿថារបៀបដែលលោកគ្រប់គ្រងគឺត្រឹមត្រូវ ហើយពោរពេញទៅដោយសេចក្ដីស្រឡាញ់។ នេះបានត្រូវសឲ្យឃើញតាំងពីគ្រាចាប់ផ្ដើមនៃប្រវត្ដិសាស្ត្រមនុស្ស។
ព្រះយេហូវ៉ាមិនបង្ខំអាដាមនិងអេវ៉ាឲ្យស្ដាប់បង្គាប់លោកទេ តែលោកបានឲ្យពួកគាត់មានឱកាសធ្វើការសម្រេចចិត្តដោយខ្លួនឯង។ ប្រសិនបើពួកគាត់ពិតជាស្រឡាញ់លោក ហើយឲ្យតម្លៃចំពោះអ្វីដែលលោកបានធ្វើសម្រាប់ពួកគាត់ នោះពួកគាត់មុខជាមិនចាញ់ការល្បួងរបស់សាថានទេ ទោះជាវាខំព្យាយាមជំរុញពួកគាត់ឲ្យបះបោរប្រឆាំងនឹងព្រះក្ដី។
ក្រោយមកម៉ូសេបាននិយាយក្នុងសេចក្ដីថ្លែងចុងបញ្ចប់របស់គាត់ដល់ជនជាតិអ៊ីស្រាអែលថា៖ «មើល! នៅថ្ងៃនេះ អញបានដាក់សំញែងជីវិត នឹងសេចក្ដីល្អនៅមុខឯង ព្រមទាំងសេចក្ដីស្លាប់នឹងសេចក្ដីអាក្រក់ផង»។ (ចោ. ៣០:១៥) ជនជាតិអ៊ីស្រាអែលមានសេរីភាពជ្រើសរើសរបៀបរស់នៅណាដែលពួកគេចង់បាន។ យ៉ូស្វេបាននិយាយពាក្យស្រដៀងគ្នានេះទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «បើសិនជាឯងរាល់គ្នាមិនគាប់ចិត្តនឹងគោរពប្រតិបត្ដិដល់ព្រះយេហូវ៉ាទេ នោះចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្ដិតាមនៅថ្ងៃនេះចុះ»។ បណ្ដាជនក៏បានឆ្លើយថា៖ «សូមឲ្យគំនិត ដែលនឹងបោះបង់ចោលព្រះយេហូវ៉ា . . . បាននៅឆ្ងាយពីយើងខ្ញុំទៅ»។ (យ៉ូស. ២៤:១៥, ១៦, យើងកែជាអក្សរទ្រេត) សព្វថ្ងៃនេះយើងក៏មានអារម្មណ៍ដូចគ្នាដែរ។ ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ា យើងចង់ឲ្យគំនិតបោះបង់ចោលលោក«នៅឆ្ងាយពីយើង»។
នៅក្នុងក្រុមជំនុំគ្រិស្តសាសនិក យើងយល់ច្បាស់អំពីអត្ថន័យនៃការប្រើចិត្តសេរី។ ទោះជាអ្នកចាស់ទុំមានសិទ្ធិឲ្យឱវាទនិងទូន្មានប្រដៅក៏ដោយ តែពួកគាត់មិនចង់ត្រួតត្រាលើជំនឿនិងជីវិតរបស់បងប្អូនឡើយ។ សាវ័កប៉ូលបានសរសេរថា៖ «មិនមែនថា យើងជាម្ចាស់លើជំនឿរបស់អ្នករាល់គ្នាទេ តែយើងជាអ្នករួមការងារដើម្បីឲ្យអ្នករាល់គ្នាមានអំណរ ព្រោះអ្នករាល់គ្នាកំពុងកាន់ជំហរមាំមួនដោយសារជំនឿរបស់អ្នករាល់គ្នា»។—២កូ. ១:២៤
ពេលយើងធ្វើអ្វីមួយដោយសារយើងចង់ធ្វើ មិនមែនដោយសារត្រូវគេបង្ខំ នោះពិតជាធ្វើឲ្យយើងមានចិត្តសប្បាយរីករាយណាស់! ព្រះយេហូវ៉ាអញ្ជើញយើងឲ្យធ្វើការល្អដែលផុសចេញពីសេចក្ដីស្រឡាញ់។ ពាក្យដែលប៉ូលសរសេរក្រោមការដឹកនាំរបស់ព្រះបញ្ជាក់សារៈសំខាន់នៃរឿងនេះថា៖ «ប្រសិនបើខ្ញុំឲ្យទ្រព្យទាំងអស់របស់ខ្ញុំ ដើម្បីផ្ដល់អាហារឲ្យអ្នកដទៃ ហើយប្រសិនបើខ្ញុំប្រគល់រូបកាយខ្ញុំជាគ្រឿងបូជាដើម្បីខ្ញុំអាចអួតអាង តែខ្ញុំគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំមិនទទួលប្រយោជន៍អ្វីសោះឡើយ»។—១កូ. ១៣:៣
ពិតជានាំឲ្យព្រះយេហូវ៉ាមានអំណរ ហើយទទួលការសរសើរមែន ពេលលោកឃើញបងប្អូនយើងរាប់លាននាក់កំពុងបម្រើលោកដោយសារស្រឡាញ់លោកអស់ពីចិត្ត!
ចំណែកព្រះយេហូវ៉ាវិញ លោកស្រឡាញ់អ្នកបម្រើទាំងអស់របស់លោក រួមទាំងអ្នករាល់គ្នាដែលជាប្អូនៗវ័យក្មេង ដែលកំពុងបង្ហាញថាអ្នកទាំងអស់គ្នាស្រឡាញ់លោក មិនមែនស្រឡាញ់ពិភពលោកនេះនិងរបៀបរស់នៅដែលបំពេញតែបំណងប្រាថ្នារបស់ខ្លួននោះទេ។ សូមមានទំនុកចិត្តថា យើងក៏ស្រឡាញ់បងប្អូនខ្លាំងណាស់ដែរ។—លូក. ១២:៤២, ៤៣
ឆ្នាំមុន បងប្អូនទាំងប្រុសទាំងស្រីនិងប្អូនៗវ័យក្មេង បានបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា ដោយបានចំណាយពេលអស់១.៧៤៨.៦៩៧.៤៤៧ម៉ោងក្នុងកិច្ចផ្សព្វផ្សាយដំណឹងល្អ។ សេចក្ដីស្រឡាញ់នោះបានជំរុញចិត្តបងប្អូន៧.៧៨២.៣៤៦នាក់ឲ្យរួមចំណែកក្នុងកិច្ចបម្រើព្រះទូទាំងពិភពលោក។ យើងសប្បាយរីករាយណាស់ ដោយឃើញបងប្អូនថ្មី២៦៨.៧៧៧នាក់រួមទាំងប្អូនៗវ័យក្មេង ដែលបានបង្ហាញការប្រគល់ខ្លួនទៅព្រះយេហូវ៉ាដោយទទួលការជ្រមុជទឹក។ នេះមានន័យថាជាមធ្យមមាន៥.១៦៨នាក់បានទទួលការជ្រមុជទឹកជារៀងរាល់ចុងសប្ដាហ៍។ នេះពិតជាលើកទឹកចិត្តយើងមែន!
នៅគ្រាចុងក្រោយនេះរាស្ត្ររបស់ព្រះត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន រួមមានការពិបាកផ្សេងៗ ការប្រឆាំង ជំងឺ និងអ្នកខ្លះទៀតរងទុក្ខដោយភាពចាស់ជរា។ ប៉ុន្តែយើងទាំងអស់គ្នាតាំងចិត្តកុំ«រាថយ»ឬ«មិនឈប់តស៊ូ»ឡើយ។ យើងស្រឡាញ់បងប្អូនទាំងអស់គ្នាអស់ពីដួងចិត្ត។—ហេ. ១០:៣៩; ២កូ. ៤:១៦
ពីបងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា)