សំបុត្រពីគណៈអភិបាល
ជូនចំពោះបងប្អូនជាទីស្រឡាញ់:
«យើងតែងតែអរគុណព្រះ ពេលដែលយើងអធិដ្ឋានអំពីអ្នកទាំងអស់គ្នា ព្រោះយើងតែងនឹកឃើញកិច្ចការដែលអ្នករាល់គ្នាធ្វើដោយជំនឿ ហើយការខំប្រឹងព្យាយាមដែលផុសចេញពីសេចក្ដីស្រឡាញ់ ថែមទាំងរបៀបដែលអ្នករាល់គ្នាស៊ូទ្រាំដោយសារមានសេចក្ដីសង្ឃឹមលើលោកម្ចាស់យេស៊ូគ្រិស្តជាម្ចាស់របស់យើងនៅចំពោះមុខព្រះដែលជាបិតារបស់យើង»។ (១ថែ. ១:២, ៣) ពាក្យពេចន៍ដ៏កក់ក្ដៅទាំងនេះជាអារម្មណ៍របស់យើងខ្ញុំចំពោះបងប្អូនទាំងអស់គ្នា! យើងសូមអរគុណព្រះយេហូវ៉ាចំពោះកិច្ចការដ៏ល្អដែលបងប្អូនកំពុងបំពេញ។ តើបងប្អូនដឹងថាហេតុអ្វីទេ?
ហេតុមួយគឺ ក្នុងអំឡុងឆ្នាំមុនបងប្អូនបានជាប់រវល់បំពេញ«កិច្ចការ . . . ដោយជំនឿ» និង«ខំប្រឹងព្យាយាម»បំពេញកិច្ចការរាជាណាចក្រព្រះដោយ«សេចក្ដីស្រឡាញ់»។ ជាឧទាហរណ៍ បងប្អូនជាច្រើនខំរកឱកាសដើម្បីបង្កើនកិច្ចបម្រើផ្សាយរបស់ខ្លួន។ ក្នុងនោះ បងប្អូនខ្លះបានផ្លាស់ផ្ទះទៅបម្រើនៅតំបន់ផ្សេង អ្នកខ្លះថែមទាំងរើទៅប្រទេសឯទៀត ដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាងអំពីដំណឹងរាជាណាចក្រព្រះ។ បងប្អូនខ្លះទៀតបានបង្កើនកិច្ចបម្រើផ្សាយរបស់ខ្លួនដោយចូលរួមផ្សព្វផ្សាយជាសាធារណៈ។ បងប្អូនជាច្រើនមានចិត្តជំរុញឲ្យបម្រើជាអ្នកត្រួសត្រាយជំនួយក្នុងអំឡុងរដូវពិធីរំលឹក និងពេលមានទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ឬពេលមានសកម្មភាពពិសេសក្នុងខែសីហា ឆ្នាំ២០១៤។ យើងខ្ញុំសូមសរសើរបងប្អូនទាំងអស់ដែលកំពុងបម្រើព្រះយេហូវ៉ាអស់ពីកម្លាំងកាយកម្លាំងចិត្ត ទោះជាបងប្អូនមានកាលៈទេសៈខុសៗគ្នាក្ដី។ (កូឡ. ៣:២៣, ២៤) ដោយសារ‹កិច្ចការដែលបងប្អូនធ្វើដោយជំនឿ› នោះជាមូលហេតុឲ្យយើងអរគុណព្រះយេហូវ៉ាមែន!
យើងខ្ញុំក៏ដឹងគុណយ៉ាងខ្លាំងចំពោះ«ការខំប្រឹងព្យាយាមដែលផុសចេញពីសេចក្ដីស្រឡាញ់»របស់បងប្អូន ដែលបានរួមចំណែកក្នុងកិច្ចការសាងសង់អគារផ្សេងៗរបស់អង្គការយើងនៅទូទាំងពិភពលោក។ យើងពិតជាត្រូវការអគារទាំងនោះណាស់ ដោយសារចំនួននៃរាស្ត្ររបស់ព្រះយេហូវ៉ាកាន់តែកើនឡើងជាលំដាប់។ (អេ. ៦០:២២) បើគិតអំពីចំនួនអ្នកផ្សាយកាលពីឆ្នាំមុនវិញ គឺកើនឡើងដល់កំពូល មាន៨.២០១.៥៤៥នាក់ ហើយចំនួនសិស្សគម្ពីរជាមធ្យម៩.៤៩៩.៩៣៣នាក់ជារៀងរាល់ខែ។ ជាលទ្ធផល ការិយាល័យសាខាជាច្រើននឹងត្រូវពង្រីកឬកែច្នៃ។ ម្យ៉ាងទៀត យើងត្រូវការសាលប្រជុំថែមទៀត! នៅដំណាលគ្នានោះ អង្គការយើងមានគម្រោងបង្កើតការិយាល័យបកប្រែនៅតំបន់ជាច្រើន ដើម្បីអ្នកបកប្រែអាចរស់នៅនិងធ្វើការនៅតំបន់ដែលនិយាយភាសានោះ។
ដូច្នេះ យើងអាចសួរខ្លួនថា‹តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីគាំទ្រកិច្ចការសាងសង់អគារទាំងនោះ?›។ បងប្អូនខ្លះប្រហែលជាស្ម័គ្រចិត្តជួយក្នុងកិច្ចការសាងសង់។ ទោះជាយើងមានជំនាញណាមួយខាងការសាងសង់ឬមិនមានក៏ដោយ យើងទាំងអស់គ្នាមានឯកសិទ្ធិក្នុងការជួយគាំទ្រកិច្ចការសាងសង់ ដោយជូនទ្រព្យសម្បត្ដិជាវិភាគទានដើម្បីកិច្ចការដ៏សំខាន់ទាំងនេះ។ (សុភ. ៣:៩, ១០) សូមគិតអំពីជនជាតិអ៊ីស្រាអែល នៅគ្រាដែលសាងសង់ត្រសាលរបស់ព្រះ។ ពួកគេមានចិត្តជំរុញជាខ្លាំងឲ្យជូនវិភាគទាន រហូតដល់មានការប្រកាសមិនឲ្យពួកគេជូនថែមទៀត។ (និក្ខ. ៣៦:៥-៧) ម្ល៉ោះហើយ ឧទាហរណ៍ក្នុងបទគម្ពីរទាំងនេះពិតជាមានឥទ្ធិពលមកលើចិត្តយើងនិងជំរុញយើងឲ្យធ្វើដូចពួកគេដែរ។ ដូច្នេះ «ការខំប្រឹងព្យាយាមដែលផុសចេញពីសេចក្ដីស្រឡាញ់»របស់បងប្អូនក្នុងកិច្ចបម្រើពិសិដ្ឋទាំងនេះ ពិតជាមូលហេតុមួយទៀតឲ្យយើងអរគុណព្រះយេហូវ៉ាមែន!
នេះជាមូលហេតុដ៏ពិសេសឲ្យយើងអរសប្បាយ ពេលដែលឃើញបងប្អូនខំស៊ូទ្រាំដោយឥតរួញរា។ ជាឧទាហរណ៍ សូមគិតអំពីបងប្អូនជាទីស្រឡាញ់របស់យើងនៅប្រទេសកូរ៉េខាងត្បូង។ ពីមួយជំនាន់ទៅមួយជំនាន់ តាំងពីឆ្នាំ១៩៥០ប្អូនប្រុសៗនៅប្រទេសនោះបានត្រូវគេចាប់ដាក់គុក ខ្លះរយៈពេលខ្លី ខ្លះរយៈពេលវែង ដោយសារពួកគាត់មិនព្រមលះបង់ជំហរអព្យាក្រឹតជាគ្រិស្តសាសនិក។ ពួកគាត់បានស៊ូទ្រាំនឹងការធ្វើបាបនេះ ដោយមិនរាថយឡើយ។ គំរូនៃការស៊ូទ្រាំរបស់បងប្អូនពិតជាពង្រឹងជំនឿយើងណាស់!
នៅប្រទេសអេរីទ្រី បងប្អូនប្រុសបីនាក់បានត្រូវជាប់គុកអស់រយៈពេលជាង២០ឆ្នាំ។ ចំណែកបងប្អូនខ្លះទៀត រួមទាំងបងប្អូនស្រី និងកូនៗរបស់ពួកគាត់បានត្រូវគេចាប់ដាក់គុកដែរ តែអស់រយៈពេលខ្លីជាង។ បងប្អូនជាច្រើនបានព្យាយាមរកវិធីជួយពួកគាត់ឲ្យមានសេរីភាព ប៉ុន្តែវិធីទាំងនោះមិនបានទទួលជោគជ័យឡើយ។ ទោះជាយ៉ាងនោះក៏ដោយ បងប្អូនប្រុសរបស់យើងមិនបានបោះបង់ជំនឿរបស់ខ្លួនទេ។ ពួកគាត់បានបន្តរក្សាចិត្តស្មោះគ្រប់លក្ខណៈ នៅក្រោមកាលៈទេសៈដ៏ពិបាកទាំងនេះ។ ដូច្នេះ យើងមិនចង់ភ្លេចអធិដ្ឋានឲ្យបងប្អូនដ៏ស្មោះត្រង់ទាំងនេះឡើយ។—រ៉ូម ១:៨, ៩
ពិតមែនតែបងប្អូនភាគច្រើនមិនត្រូវជាប់គុកដោយសារជំនឿទេ តែបងប្អូនជាច្រើនកំពុងប្រឈមមុខនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ភាពចាស់ជរា និងការប្រឆាំងពីគូអាពាហ៍ពិពាហ៍ឬសាច់ញាតិដែលមិនរួមជំនឿ ព្រមទាំងបញ្ហាផ្ទាល់ខ្លួនឯទៀតដែលប្រហែលជាគ្មាននរណាម្នាក់ដឹងឡើយ។ ទោះជាដូច្នោះក៏ដោយ បងប្អូនបានបន្តបម្រើព្រះយេហូវ៉ាដោយស្មោះត្រង់! (យ៉ា. ១:១២) យើងខ្ញុំសូមសរសើរបងប្អូនទាំងអស់គ្នាយ៉ាងស្មោះ។ ដោយសារបងប្អូនស៊ូទ្រាំយ៉ាងស្មោះត្រង់ នោះជាមូលហេតុមួយទៀតឲ្យយើងអរគុណព្រះយេហូវ៉ា។
កិច្ចការដែលបងប្អូនធ្វើដោយជំនឿ និងការខំប្រឹងព្យាយាមដែលផុសចេញពីសេចក្ដីស្រឡាញ់ ព្រមទាំងការស៊ូទ្រាំរបស់បងប្អូន ជាមូលហេតុដ៏អស្ចារ្យឲ្យយើង«អរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ»។ (ទំនុក. ១០៦:១) យើងខ្ញុំពិតជាស្រឡាញ់បងប្អូនទាំងអស់គ្នាខ្លាំងណាស់។ យើងអធិដ្ឋានសុំព្រះយេហូវ៉ាជួយពង្រឹងកម្លាំងចិត្តបងប្អូន គាំទ្របងប្អូន និងឲ្យពរបងប្អូនដើម្បីអាចបម្រើលោកជារៀងរហូត។
ពីបងប្អូនរបស់អ្នក
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា)