បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w15 ១៥/៥ ទំ. ២៧-ទំ. ២៨ វ. ៤
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
  • អត្ថបទស្រដៀងគ្នា
  • មិនយូរទៀត កូកនៃស្រុកម៉ាកូកនឹងត្រូវបំផ្លាញ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • ‹ឱកូកអើយ! ខ្ញុំទាស់នឹងអ្នកហើយ›
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • ចូរឈរស្ងៀម ហើយចាំមើលសេចក្ដីសង្គ្រោះដែលព្រះយេហូវ៉ានឹងប្រោស!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៥
w15 ១៥/៥ ទំ. ២៧-ទំ. ២៨ វ. ៤

សំណួរ​ពី​អ្នក​អាន

តើ​អ្នក​ណា​ជា​កូក​នៃ​ស្រុក​ម៉ាកូក​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​សៀវភៅ​អេសេគាល?

អស់​ជា​ច្រើន​ឆ្នាំ សៀវភៅ​របស់​យើង​បាន​ពន្យល់​ថា​ឈ្មោះ​កូក​នៃ​ស្រុក​ម៉ាកូក​សំដៅ​លើ​សាថាន​ក្រោយ​ពី​វា​បាន​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌។ ហេតុ​អ្វី​យើង​បាន​គិត​ដូច្នោះ? ដោយ​សារ​សៀវភៅ​ការ​បើក​បង្ហាញ​បញ្ជាក់​ថា​សាថាន​ជា​អ្នក​ដឹក​នាំ​ការ​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​ទូ​ទាំង​ពិភព​លោក។ (​ការ​បើក​បង្ហាញ ១២:១​-​១៧​) ដូច្នេះ យើង​បាន​យល់​ថា​កូក​ជា​ឈ្មោះ​មួយ​ទៀត​របស់​សាថាន។

ក៏​ប៉ុន្តែ ការ​ពន្យល់​នោះ​នាំ​ឲ្យ​មាន​សំណួរ​ដ៏​សំខាន់​ខ្លះ។ សូម​ពិចារណា​អំពី​រឿង​នេះ: ពេល​និយាយ​អំពី​ការ​បំផ្លាញ​កូក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​លោក​នឹង​ឲ្យ​កូក​«​ដល់​សត្វ​ហើរ​ផ្សេង​ៗ​ដែល​ស៊ី​គំរង់ ហើយ​ដល់​សត្វ​ព្រៃ​ឲ្យ​វា​ស៊ី​ទៅ​»។ (​អេសេគាល ៣៩:៤​) រួច​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​ថែម​ទៀត​ថា​៖ ​«​គ្រា​នោះ អញ​នឹង​ឲ្យ​កន្លែង​១​ដល់​ពួក​កុក[​កូក​] សំ​រាប់​ជា​ទី​កប់​ខ្មោច​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល​»។ (​អេសេគាល ៣៩:១១​) ប៉ុន្តែ តើ​តាម​របៀប​ណា​សាថាន​ដែល​ជា​បុគ្គល​វិញ្ញាណ​អាច​ត្រូវ​សត្វ​ស្លាប​និង​សត្វ​ព្រៃ​ស៊ី? តើ​គេ​អាច​កប់​វា​នៅ​ផែន​ដី​យ៉ាង​ដូច​ម្ដេច​បាន? គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា សាថាន​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត​អស់​រយៈ​ពេល​១.០០០​ឆ្នាំ។ ដូច្នេះ វា​នឹង​មិន​បាន​ត្រូវ​សត្វ​ស៊ី ឬ​កប់​ឡើយ។—ការ​បើក​បង្ហាញ ២០:១, ២

គម្ពីរ​ចែង​ថា នៅ​ដំណាច់​១.០០០​ឆ្នាំ សាថាន​នឹង​ត្រូវ​ដោះ​លែង​ពី​ទី​ជ្រៅ​បំផុត ហើយ​«​វា​នឹង​ចេញ​ទៅ​បំភាន់​ប្រជា​ជាតិ​នានា​នៅ​ជ្រុង​ទាំង​បួន​នៃ​ផែន​ដី គឺ​កូក​និង​ម៉ាកូក ដើម្បី​ប្រមូល​ពួក​គេ​សម្រាប់​សង្គ្រាម​»។ (​ការ​បើក​បង្ហាញ ២០:៨​) ប៉ុន្តែ បើ​សាថាន​គឺ​ជា​កូក នេះ​មាន​ន័យ​ថា​សាថាន​នឹង​បំភាន់​ខ្លួន​ឯង។ ហេតុ​នេះ ​«​កូក​»​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​អេសេគាល​និង​សៀវភៅ​ការ​បើក​បង្ហាញ​មិន​បាន​សំដៅ​លើ​សាថាន​ទេ។

ដូច្នេះ តើ​កូក​នៃ​ស្រុក​ម៉ាកូក​ជា​អ្នក​ណា? ដើម្បី​ឆ្លើយ​សំណួរ​នោះ យើង​ត្រូវ​ស្រាវ​ជ្រាវ​គម្ពីរ​ដើម្បី​ដឹង​ថា​អ្នក​ណា​នឹង​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ។ គម្ពីរ​មិន​គ្រាន់​តែ​ចែង​អំពី​ការ​វាយ​ប្រហារ​ដោយ​«​កុក​នៃ​ស្រុក​ម៉ាកុក​»​ប៉ុណ្ណោះ​ទេ តែ​ក៏​ចែង​ដែរ​អំពី​ការ​វាយ​ប្រហារ​ដោយ​«​ស្តេច​ខាង​ជើង​»​ និង​ការ​វាយ​ប្រហារ​ដោយ​«​ពួក​ស្តេច​នៅ​ផែន​ដី​»។ (​អេសេគាល ៣៨:២, ១០​-​១៣; ដានីយ៉ែល ១១:៤០, ៤៤, ៤៥; ការ​បើក​បង្ហាញ ១៧:១៤; ១៩:១៩​) តើ​ការ​វាយ​ប្រហារ​ទាំង​នេះ​គឺ​ជា​ការ​វាយ​ប្រហារ​ផ្សេង​គ្នា​ឬ​ទេ? ទំនង​ជា​មិន​ផ្សេង​គ្នា​ទេ។ តាម​មើល​ទៅ​គម្ពីរ​ប្រើ​ឈ្មោះ​ផ្សេង​ៗ​ដើម្បី​រៀប​រាប់​អំពី​ការ​វាយ​ប្រហារ​តែ​មួយ។ ហេតុ​អ្វី​យើង​និយាយ​ដូច្នោះ? ពី​ព្រោះ​គម្ពីរ​ប្រាប់​យើង​ថា​ប្រជា​ជាតិ​ទាំង​ឡាយ​នៅ​ផែន​ដី​នឹង​ចូល​រួម​ក្នុង​ការ​វាយ​ប្រហារ​ចុង​ក្រោយ​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ហាម៉ាគេដូន។—ការ​បើក​បង្ហាញ ១៦:១៤, ១៦

ពេល​យើង​ប្រៀប​ធៀប​បទ​គម្ពីរ​ទាំង​អស់​នេះ​ស្តី​អំពី​ការ​វាយ​ប្រហារ​ចុង​ក្រោយ​ទៅ​លើ​រាស្ត្រ​របស់​ព្រះ នោះ​ឈ្មោះ​កូក​នៃ​ស្រុក​ម៉ាកូក​ច្បាស់ជា​មិន​មែន​សំដៅ​លើ​សាថាន​ទេ។ ផ្ទុយ​ទៅ​វិញ កូក​នៃ​ស្រុក​ម៉ាកូក​សំដៅ​លើ​ប្រជា​ជាតិ​មួយ​ចំនួន​ដែល​ចង​សម្ព័ន្ធ​នឹង​គ្នា។ តើ​«​ស្តេច​ខាង​ជើង​»​នឹង​ដឹក​នាំ​ប្រជា​ជាតិ​ទាំង​នេះ​ឬ? យើង​មិន​ដឹង​ច្បាស់​ទេ។ ប៉ុន្តែ ការ​ពន្យល់​នេះ​មើល​ទៅ​សម​ស្រប​នឹង​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អំពី​កូក​ថា​៖ ​«​ឯង​នឹង​ចេញ​ពី​កន្លែង​របស់​ឯង គឺ​ពី​ស្រុក​ខាង​ជើង​បំផុត​មក មាន​ទាំង​សាសន៍​ជា​ច្រើន​មក​ជា​មួយ​នឹង​ឯង​ផង ជា​ពួក​កង​យ៉ាង​សន្ធឹក ហើយ​ជា​ពល​ទ័ព​ខ្លាំង​ពូកែ ដែល​សុទ្ធតែ​ជិះ​សេះ​គ្រប់​ៗ​គ្នា​»។—អេសេគាល ៣៨:៦, ១៥

ស្រដៀង​គ្នា​ដែរ អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​ដែល​រស់​នៅ​សម័យ​អេសេគាល បាន​និយាយ​អំពី​ស្តេច​ខាង​ជើង​ថា​៖ ​«​ដំណឹង​ដែល​នឹង​ចេញ​ពី​ស្រុក​ខាង​កើត ហើយ​ពី​ខាង​ជើង នឹង​នាំ​ឲ្យ​វា​វិតក្ក​ព្រួយ ដូច្នេះ​វា​នឹង​ចេញ​ទៅ​ដោយ​សេចក្ដី​ក្រេវ​ក្រោធ​យ៉ាង​ខ្លាំង​ដើម្បី​នឹង​បំផ្លាញ ហើយ​រំលាង​មនុស្ស​ជា​ច្រើន​បង់។ វា​នឹង​ដំឡើង​អស់​ទាំង​ពន្លា​នៃ​ព្រះ​រាជ​ស្ថាន​នៅ​ជា​កណ្ដាល​សមុទ្រ ហើយ​នឹង​ភ្នំ​បរិសុទ្ធ​ដ៏​ឧត្តម ប៉ុន្តែ​វា​នឹង​មក​ដល់​ចុង​បំផុត​របស់​វា ឥត​មាន​អ្នក​ណា​ជួយ​ឡើយ​»។ (​ដានីយ៉ែល ១១:៤៤, ៤៥​) ការ​រៀប​រាប់​នេះ​គឺ​ស្រដៀង​គ្នា​នឹង​អ្វី​ដែល​សៀវភៅ​អេសេគាល​បាន​ចែង​ស្តី​អំពី​អ្វី​ដែល​កូក​នឹង​ធ្វើ។—អេសេគាល ៣៨:៨​-​១២, ១៦

តើ​អ្វី​នឹង​កើត​ឡើង​ក្រោយ​ពី​ការ​វាយ​ប្រហារ​ចុង​ក្រោយ? ដានីយ៉ែល​ប្រាប់​យើង​ថា​៖ ​«​នៅ​គ្រា​នោះ មីកែល[​លោក​យេស៊ូ​គ្រិស្ត​] ជា​មហា​ទេវតា​ដែល​ដំ​ណាង​ពួក​កូន​ចៅ​របស់​សាសន៍​អ្នក[​ចាប់​តាំង​ពី​ឆ្នាំ​១៩១៤​] លោក​នឹង​ឈរ​ឡើង[​នៅ​សង្គ្រាម​ហាម៉ាគេដូន​] ក៏​នឹង​មាន​គ្រា​វេទនា​ជា​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ចាប់​តាំង​ពី​មាន​នគរ​ដរាប​ដល់​វេលា​នោះ​ឯង នោះ​មិន​ដែល​កើត​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​នៅ​គ្រា​នោះ សាសន៍​អ្នក​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​អស់​អ្នក​ណា​ដែល​មាន​កត់​ទុក​ក្នុង​បញ្ជី​»។ (​ដានីយ៉ែល ១២:១​) ការ​រៀប​រាប់​ស្រដៀង​គ្នា​នេះ​ស្តី​អំពី​អ្វី​ដែល​លោក​យេស៊ូ​នឹង​ធ្វើ​ក៏​បាន​ត្រូវ​ចែង​ដែរ​នៅ​ក្នុង​ការ​បើក​បង្ហាញ ១៩:១១​-​២១។

ប៉ុន្តែ តើ​អ្នក​ណា​ជា​«​កូក​និង​ម៉ាកូក​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ២០:៨? ឈ្មោះ​នេះ​សំដៅ​លើ​អស់​អ្នក​ដែល​បះបោរ​ប្រឆាំង​ព្រះ​យេហូវ៉ា ហើយ​វាយ​ប្រហារ​រាស្ត្រ​របស់​លោក​ក្នុង​អំឡុង​ការ​សាកល្បង​ចុង​ក្រោយ​នៅ​ដំណាច់​១.០០០​ឆ្នាំ។ ពួក​គេ​នឹង​ស្អប់​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ដូច​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន​ដែល​ជា​កូក​នៃ​ស្រុក​ម៉ាកូក​ដែល​នឹង​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​នៅ​ចុង​បញ្ចប់​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ដូច​ប្រជា​ជាតិ​ទាំង​ប៉ុន្មាន​ដែល​នឹង​ត្រូវ​បំផ្លាញ​នៅ​ហាម៉ាគេដូន នោះ​កូក​និង​ម៉ាកូក​ក៏​នឹង​ត្រូវ​បំផ្លាញ​ដែរ។ (​ការ​បើក​បង្ហាញ ១៩:២០, ២១; ២០:៩​) ដូច្នេះ គឺ​ហាក់​ដូច​ជា​សម​ត្រឹម​ត្រូវ​ដែល​ពួក​អ្នក​បះបោរ​ទាំង​អស់​នៅ​ដំណាច់​១.០០០​ឆ្នាំ​បាន​ត្រូវ​ហៅ​ថា​«​កូក​និង​ម៉ាកូក​»។

ក្នុង​នាម​ជា​អ្នក​សិក្សា​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ នោះ​យើង​ចង់​ដឹង​យ៉ាង​ខ្លាំង​ថា​អ្នក​ណា​នឹង​ក្លាយ​ទៅ​ជា​«​ស្តេច​ខាង​ជើង​»​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។ ប៉ុន្តែ ទោះ​ជា​អ្នក​ណា​ជា​អ្នក​ដឹក​នាំ​ប្រជា​ជាតិ​ទាំង​នោះ​ប្រឆាំង​រាស្ត្រ​របស់​ព្រះ​ក៏​ដោយ យើង​ជឿ​ជាក់​លើ​អ្វី​ពីរ​យ៉ាង​គឺ: (​១​) កូក​នៃ​ស្រុក​ម៉ាកូក​និង​កង​ទ័ព​របស់​វា​នឹង​បរាជ័យ ហើយ​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​២​) លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​របស់​យើង​នឹង​សង្គ្រោះ​រាស្ត្រ​របស់​ព្រះ ហើយ​នាំ​ពួក​គេ​ចូល​ទៅ​ក្នុង​ពិភព​លោក​ថ្មី​ដែល​មាន​សន្ដិភាព​និង​សន្ដិ​សុខ​ពិត។—ការ​បើក​បង្ហាញ ៧:១៤​-​១៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក