អក្សរកាណានសម័យបុរាណដែលបានត្រូវឆ្លាក់លើភាជនៈដីដែលមានអាយុកាល៣.០០០ឆ្នាំមានឈ្មោះពីគម្ពីរ
ឈ្មោះពីគម្ពីរលើភាជនៈបុរាណមួយ
នៅឆ្នាំ២០១២ បុរាណវត្ថុវិទូបានរកឃើញបំណែកភាជនៈដីមួយដែលមានអាយុកាល៣.០០០ឆ្នាំមកហើយ។ អ្នកស្រាវជ្រាវរំភើបចិត្តយ៉ាងខ្លាំង។ ហេតុអ្វី? មិនមែនរំភើបចិត្តដោយសារបំណែកនៃភាជនៈនោះទេ ប៉ុន្តែគឺដោយសារអ្វីដែលបានត្រូវសរសេរលើបំណែកទាំងនោះ។
ពេលបុរាណវត្ថុវិទូបានដាក់ផ្គុំបំណែកទាំងអស់នោះឲ្យជាប់គ្នា ពួកគេអាចអានអក្សរកាណានដែលបានត្រូវសរសេរលើភាជនៈនោះ។ អក្សរនោះអានថា៖ «អែសបាល បេន បេតា» ដែលមានន័យថា«អែសបាល កូនរបស់បេតា»។ នេះជាលើកទី១ដែលបុរាណវត្ថុវិទូបានរកឃើញឈ្មោះនោះនៅលើវត្ថុបុរាណណាមួយ។
មានបុគ្គលម្នាក់ទៀតក្នុងគម្ពីរដែលមានឈ្មោះអែសបាល។ គាត់ជាកូនប្រុសម្នាក់របស់ស្តេចសុល។ (របាក្សត្រទី១ ៨:៣៣; ៩:៣៩) សាស្ដ្រាចារ្យម្នាក់ឈ្មោះយ៉ូសេហ្វ ការហ្វិងខិលដែលជាសមាជិកក្រុមដែលបានរកឃើញភាជនៈនោះ គាត់បាននិយាយថា៖ «គឺគួរឲ្យចាប់អារម្មណ៍ដែលឃើញថាមានឈ្មោះអែសបាលនេះក្នុងគម្ពីរ ហើយឥឡូវឈ្មោះនេះក៏បានត្រូវរកឃើញដែរនៅលើវត្ថុបុរាណពីសម័យរបស់ស្តេចដាវីឌ»។ អ្នកខ្លះគិតថាឈ្មោះនេះមានតែនៅសម័យនោះប៉ុណ្ណោះ។ នេះជាឧទាហរណ៍មួយទៀតអំពីរបៀបដែលបុរាណវត្ថុវិទ្យាគាំទ្រគម្ពីរ!
ក្នុងគម្ពីរ អែសបាលដែលជាកូនរបស់សុលក៏បានត្រូវហៅថាអ៊ីសបូសែតដែរ។ (សាំយូអែលទី២ ២:១០) ហេតុអ្វីពាក្យ«បាល»បានត្រូវជំនួសដោយពាក្យ«បូសែត»? អ្នកស្រាវជ្រាវបានពន្យល់ថាអ្នកដែលបានសរសេរសៀវភៅសាំយូអែលទី២ប្រហែលជាបានជៀសវាងពីការប្រើឈ្មោះអែសបាល ដោយសារនេះរំលឹកជនជាតិអ៊ីស្រាអែលអំពីព្រះបាលដែលជាព្រះនៃខ្យល់ព្យុះដែលជនជាតិកាណានបានគោរពបូជា។ ប៉ុន្តែ ក្នុងគម្ពីរនៅសៀវភៅរបាក្សត្រទី១ យើងនៅតែអាចឃើញឈ្មោះអែសបាល។