២២
យ៉ូសែបត្រូវគេដាក់គុក
យ៉ូសែបមានអាយុតែ១៧ឆ្នាំទេ កាលដែលគាត់ត្រូវគេយកទៅឯស្រុកអេស៊ីព្ទនោះ។ នៅទីនោះ គាត់បានត្រូវគេលក់ទៅឲ្យបុរសម្នាក់ឈ្មោះប៉ូទីផារ។ ប៉ូទីផារជាអ្នកធ្វើការឲ្យស្តេចអេស៊ីព្ទ ដែលហៅថាផារ៉ោន។
យ៉ូសែបខំប្រឹងធ្វើការឲ្យចៅហ្វាយខ្លួនប៉ូទីផារណាស់។ ដូច្នេះ នៅពេលដែលយ៉ូសែបមានវ័យធំឡើង ប៉ូទីផារបានដាក់គាត់ឲ្យត្រួតត្រាលើផ្ទះរបស់គាត់ទាំងមូល។ អញ្ចឹង ហេតុអ្វីបានជាយ៉ូសែបត្រូវជាប់គុកនៅទីនេះ? រឿងនេះគឺដោយសារតែប្រពន្ធរបស់ប៉ូទីផារ។
យ៉ូសែបបានធំឡើងទៅជាបុរសដ៏សង្ហាម្នាក់ ហើយប្រពន្ធរបស់ប៉ូទីផារចង់ឲ្យគាត់មកដេកជាមួយនឹងនាង។ ប៉ុន្តែ យ៉ូសែបដឹងថានេះជាការខុស ហើយគាត់មិនធ្វើតាមឡើយ។ ប្រពន្ធរបស់ប៉ូទីផារមានចិត្តខឹងណាស់។ ដូច្នេះ នៅពេលដែលប្ដីរបស់នាងត្រឡប់មកផ្ទះវិញ នាងក៏និយាយកុហកទៅគាត់ថា៖ ‹អាយ៉ូសែបអាក្រក់នោះ វាចង់ដេកជាមួយនឹងខ្ញុំ›! ប៉ូទីផារក៏ជឿតាមប្រពន្ធរបស់គាត់ ហើយលោកមានចិត្តខឹងនឹងយ៉ូសែបណាស់។ ដូច្នេះ លោកបានចាត់ឲ្យគេចាប់យ៉ូសែបទៅដាក់គុក។
បុរសដែលជាមេភូឃុំនៅគុកនោះ មិនយូរប៉ុន្មានក៏ឃើញថាយ៉ូសែបជាបុរសដ៏ល្អម្នាក់។ ដូច្នេះ គាត់ក៏ដាក់យ៉ូសែបឲ្យត្រួតត្រាលើអ្នកជាប់គុកទាំងអស់។ ក្រោយមក ស្តេចផារ៉ោនក៏ខ្ញាល់នឹងអ្នកថ្វាយពែងនិងអ្នកដុតនំរបស់ទ្រង់ ហើយក៏ដាក់ពួកគេក្នុងគុកដែរ។ នៅយប់មួយ ពួកគេម្នាក់ៗមានសុបិនពិសេសមួយ ប៉ុន្តែគេមិនយល់នូវអត្ថន័យនៃសុបិនរបស់គេទេ។ ស្អែកឡើងយ៉ូសែបនិយាយថា៖ ‹សូមប្រាប់ខ្ញុំនូវសុបិនរបស់អ្នកមក›។ ហើយនៅពេលដែលគេប្រាប់រឿងនោះ ដោយសារជំនួយពីព្រះ យ៉ូសែបក៏ពន្យល់ប្រាប់នូវអត្ថន័យនៃសុបិនរបស់គេរៀងៗខ្លួន។
ចំពោះអ្នកថ្វាយពែង យ៉ូសែបនិយាយថា៖ ‹នៅក្នុងរវាងបីថ្ងៃ អ្នកនឹងត្រូវលែងពីគុក ហើយអ្នកនឹងទៅជាអ្នកថ្វាយពែងរបស់ស្តេចផារ៉ោនម្ដងទៀត›។ ដូច្នេះ យ៉ូសែបក៏បន្ថែមទៀតថា៖ ‹នៅពេលដែលអ្នកចេញទៅ សូមប្រាប់ស្តេចផារ៉ោនអំពីខ្ញុំ ហើយជួយខ្ញុំឲ្យចេញពីកន្លែងនេះផង›។ ប៉ុន្តែចំពោះអ្នកដុតនំវិញ យ៉ូសែបនិយាយថា៖ ‹នៅតែបីថ្ងៃទៀត ស្តេចផារ៉ោននឹងត្រូវកាត់ក្បាលឯងចោល›។
ក្នុងរវាងបីថ្ងៃក្រោយមក ហេតុការណ៍នោះក៏កើតឡើងដូចយ៉ូសែបបាននិយាយមកមែន។ ស្តេចផារ៉ោនបានចាត់គេឲ្យកាត់ក្បាលរបស់អ្នកដុតនំ។ តែអ្នកថ្វាយពែងវិញ គាត់ត្រូវបានលែងពីគុកហើយក៏ចាប់បំរើស្តេចម្ដងទៀត។ ប៉ុន្តែ អ្នកថ្វាយពែងបានភ្លេចឈឹងអំពីយ៉ូសែប! គាត់មិនបានទូលប្រាប់ស្តេចផារ៉ោនអំពីយ៉ូសែបទេ ហើយយ៉ូសែបក៏នៅជាប់គុកដដែល។
លោកុប្បត្តិ ៣៩:១-២៣; ៤០:១-២៣