៥៤
បុរសដ៏ខ្លាំងបំផុត
តើអ្នកស្គាល់ឈ្មោះបុរសដ៏ខ្លាំងបំផុតដែលធ្លាប់រស់នៅទេ? គាត់ជាចៅហ្វាយម្នាក់ឈ្មោះសាំសុន ។ ព្រះយេហូវ៉ាប្រទានឲ្យកម្លាំងទៅសាំសុន។ សូម្បីតែមុននឹងសាំសុនកើតមក ព្រះយេហូវ៉ាមានបន្ទូលប្រាប់ម្ដាយគាត់ថា៖ ‹មិនយូរបន្ដិចទៀត ឯងនឹងមានកូនប្រុសមួយ។ វានឹងដឹកនាំក្នុងការជួយសង្គ្រោះសាសន៍អ៊ីស្រាអែលពីពួកភីលីស្ទីន›។
ពួកភីលីស្ទីនជាមនុស្សដ៏អាក្រក់ដែលរស់នៅស្រុកកាណាន។ ពួកគេមានទាហានជាច្រើន ហើយគេបានធ្វើទុក្ខដល់ប្រជាជនអ៊ីស្រាអែលខ្លាំងណាស់។ នៅពេលមួយ កាលដែលសាំសុនធ្វើដំណើរតាមផ្លូវទៅកន្លែងដែលពួកភីលីស្ទីនរស់នៅ សិង្ហយ៉ាងធំមួយបានចេញមកគ្រហឹមដាក់គាត់។ ប៉ុន្តែសាំសុនបានសម្លាប់សិង្ហនោះដោយដៃទទេ។ គាត់ក៏បានសម្លាប់ពួកភីលីស្ទីនដ៏អាក្រក់រាប់រយនាក់ដែរ។
ក្រោយមកសាំសុនបានជាប់ចិត្តស្នេហានឹងស្ត្រីម្នាក់ឈ្មោះដេលីឡា។ ពួកមេដឹកនាំភីលីស្ទីនសន្យានឹងនាងដេលីឡាថា គេម្នាក់ៗនឹងឲ្យប្រាក់ចំនួន១.១០០ដុំ បើសិនជានាងប្រាប់គេនូវអ្វីដែលធ្វើឲ្យសាំសុនមានកម្លាំងខ្លាំងនោះ។ ដេលីឡាចង់បានលុយទាំងអស់នោះ។ នាងមិនមែនជាមិត្តដ៏ពិតរបស់សាំសុនទេ ឬក៏ជាប្រជាជនរបស់ព្រះដែរ។ ដូច្នេះ នាងខំព្យាយាមសួរសាំសុននូវអ្វីដែលធ្វើឲ្យគាត់មានកម្លាំងខ្លាំងនោះ។
នៅទីបំផុត ដេលីឡាបានធ្វើឲ្យសាំសុនប្រាប់នាងនូវរឿងសម្ងាត់នៃកម្លាំងរបស់គាត់។ គាត់និយាយថា៖ ‹សក់របស់ខ្ញុំមិនដែលកាត់ទេ។ តាំងពីខ្ញុំកើតមក ព្រះបានរើសខ្ញុំជាអ្នកបំរើដ៏ពិសេសមួយ ហៅថាជាអ្នកន៉ាសារីត។ បើសិនជាសក់ខ្ញុំបានកាត់ទៅ ខ្ញុំនឹងលែងមានកម្លាំងខ្លាំងទៀតហើយ›។
នៅពេលដែលដេលីឡាដឹងអំពីរឿងនេះហើយ នាងក៏ធ្វើឲ្យសាំសុនគេងលក់លើភ្លៅនាង។ បន្ទាប់មក នាងហៅបុរសម្នាក់ឲ្យចូលមកកាត់សក់គាត់ចោលអស់ទៅ។ នៅពេលដែលសាំសុនក្រោកឡើង គាត់បាត់កម្លាំងអស់រលីង។ ពួកភីលីស្ទីនក៏ចូលមកចាប់គាត់។ គេបានខ្វេះយកភ្នែកគាត់ទាំងពីរចេញ ហើយក៏ធ្វើឲ្យគាត់ទៅជាបាវរបស់គេ។
នៅថ្ងៃមួយ ពួកភីលីស្ទីនធ្វើជប់លៀងយ៉ាងធំ ដើម្បីនឹងថ្វាយបង្គំដល់ព្រះរបស់គេឈ្មោះដាកន ហើយគេក៏យកសាំសុនចេញពីគុកមកដើម្បីនឹងសើចចំអកដាក់គាត់។ ពេលចន្លោះនោះ សក់របស់សាំសុនក៏ដុះមកវិញ។ សាំសុននិយាយទៅក្មេងដែលដឹកដៃគាត់ថា៖ ‹ចូរឲ្យខ្ញុំពាល់សសរដែលទ្ររោងនេះ›។ បន្ទាប់មក សាំសុនអធិស្ឋានទៅព្រះយេហូវ៉ាសុំកម្លាំងមកវិញ ហើយគាត់ក៏ដាក់ដៃនៅនឹងសសរ។ រួចគាត់ស្រែកឡើងថា៖ ‹ចូរឲ្យទូលបង្គំស្លាប់ជាមួយនឹងពួកភីលីស្ទីនចុះ›។ មានពួកសាសន៍ភីលីស្ទីនប្រហែលជា៣.០០០នាក់ដែលនៅកន្លែងជប់លៀងនោះ ហើយនៅពេលសាំសុនបានច្រានសសរនោះទៅ រោងនោះក៏រលំសម្លាប់ពួកអាក្រក់ទាំងនោះអស់ទៅ។
ពួកចៅហ្វាយ ជំពូកទី១៣ ទៅ ជំពូកទី១៦