៥៩
ហេតុដែលដាវីឌត្រូវរត់ចេញ
បន្ទាប់ពីដាវីឌសម្លាប់កូលីយ៉ាត មេទ័ពអ៊ីស្រាអែលម្នាក់ឈ្មោះអ័ប៊ីនើរនាំគាត់មកឯស្តេចសូល។ ស្តេចសូលពេញព្រះហឫទ័យនឹងដាវីឌណាស់។ ទ្រង់ក៏តាំងគាត់ឲ្យធ្វើជាមេទ័ពក្នុងកងទ័ពរបស់ទ្រង់ ហើយក៏យកគាត់មកនៅក្នុងដំណាក់របស់ស្តេច។
ក្រោយមក នៅពេលដែលពួកទ័ពត្រឡប់មកពីការប្រយុទ្ធនឹងសាសន៍ភីលីស្ទីនវិញ ពួកស្រីៗនាំគ្នាច្រៀងឡើងថា៖ ‹សូលទ្រង់បានសម្លាប់ទាំងពាន់នាក់ ប៉ុន្តែដាវីឌទាំងម៉ឺននាក់›។ ពាក្យនេះធ្វើឲ្យស្តេចសូលមានព្រះហឫទ័យច្រណែន ពីព្រោះដាវីឌបានទទួលកិត្ដិយសច្រើនជាងទ្រង់។ ប៉ុន្តែបុត្រារបស់ស្តេចសូលនាមយ៉ូណាថានមិនច្រណែនទេ។ ទ្រង់ស្រឡាញ់ដាវីឌណាស់ ហើយដាវីឌក៏ស្រឡាញ់យ៉ូណាថានដែរ។ ដូច្នេះ អ្នកទាំងពីរក៏សន្យានឹងគ្នាថា ពួកគេនឹងរមែងជាមិត្តសំឡាញ់ជារហូតទៅ។
ដាវីឌជាអ្នកប្រសប់ដេញពិណណាស់ ហើយស្តេចសូលពេញព្រះហឫទ័យនឹងភ្លេងដែលគាត់លេង។ ប៉ុន្តែថ្ងៃមួយ ការច្រណែនរបស់ស្តេចសូលបណ្ដាលឲ្យទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់មួយ។ កាលដែលដាវីឌកំពុងតែដេញពិណ ស្តេចសូលក៏យកលំពែងរបស់ទ្រង់ ហើយគ្រវែងលំពែងនោះ ដោយមានបន្ទូលថា៖ ‹អញនឹងចាក់ទំលុះដាវីឌភ្ជាប់នឹងជញ្ជាំង›! ប៉ុន្តែដាវីឌឱនគេចផុតពីលំពែងនោះ។ ក្រោយមកទៀត ដាវីឌក៏គេចផុតពីលំពែងរបស់ស្តេចសូល។ ដូច្នេះ ឥឡូវនេះ ដាវីឌដឹងថា គាត់ត្រូវតែប្រយ័ត្នប្រយែងខ្លួនឲ្យមែនទែន។
តើអ្នកនៅចាំពីសេចក្ដីសន្យារបស់ស្តេចសូលទេ? ទ្រង់បានសន្យាថា ទ្រង់នឹងប្រទានបុត្រីរបស់ទ្រង់ឲ្យធ្វើជាប្រពន្ធរបស់បុរសណាដែលបានសម្លាប់កូលីយ៉ាត។ នៅទីបំផុត ស្តេចសូលមានបន្ទូលប្រាប់ដាវីឌថា គាត់អាចយកបុត្រីរបស់ទ្រង់ឈ្មោះមីកាលធ្វើជាប្រពន្ធបាន ប៉ុន្តែគាត់ត្រូវតែសម្លាប់ពួកសត្រូវភីលីស្ទីនអស់១០០នាក់សិន។ សូមគិតអំពីរឿងនេះមើល! ស្តេចសូលពិតជាសង្ឃឹមថា ពួកភីលីស្ទីនមុខនឹងសម្លាប់ដាវីឌហើយ។ ប៉ុន្តែពួកគេសម្លាប់ដាវីឌមិនបានទេ ដូច្នេះស្តេចសូលក៏ប្រទានបុត្រីរបស់ទ្រង់ឲ្យធ្វើជាប្រពន្ធរបស់ដាវីឌទៅ។
នៅថ្ងៃមួយ ស្តេចសូលមានបន្ទូលប្រាប់យ៉ូណាថាននិងពួកមហាតលិកថា ទ្រង់មានព្រះហឫទ័យចង់សម្លាប់ដាវីឌ។ ប៉ុន្តែយ៉ូណាថានមានបន្ទូលទៅបិតារបស់ទ្រង់ថា៖ ‹សូមកុំឲ្យបិតាធ្វើបាបដល់ដាវីឌអី។ ដ្បិតគាត់មិនបានធ្វើអ្វីខុសនឹងបិតាទេ ហើយអ្វីៗដែលគាត់បានធ្វើ នោះសុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់ផង។ គាត់បានប្រថុយជីវិតទៅសម្លាប់កូលីយ៉ាត ហើយពេលដែលបិតាបានឃើញ នោះក៏មានចិត្តអំណរដែរ›។
ស្តេចសូលក៏ស្ដាប់តាមបុត្រារបស់ទ្រង់ ហើយសន្យាថាទ្រង់នឹងមិនធ្វើបាបដល់ដាវីឌទៀតទេ។ ដូច្នេះគេក៏បាននាំដាវីឌត្រឡប់មកវិញ ហើយគាត់បំរើស្តេចសូលក្នុងដំណាក់របស់ទ្រង់ជាម្ដងទៀតដូចពេលមុនៗ។ ប៉ុន្តែ នៅថ្ងៃមួយ កាលដែលដាវីឌកំពុងតែលេងភ្លេង ស្តេចសូលក៏គ្រវែងលំពែងមកឯដាវីឌម្ដងទៀត។ ដាវីឌឱនគេចផុត រួចលំពែងក៏ទៅបុកនឹងជញ្ជាំង។ នេះជាលើកទីបីហើយ! ឥឡូវនេះ ដាវីឌដឹងថាគាត់ត្រូវតែរត់ចេញជាចាំបាច់!
នៅរាត្រីនោះ ដាវីឌត្រឡប់ទៅឯផ្ទះរបស់គាត់វិញ។ ប៉ុន្តែស្តេចសូលបញ្ជូនបុរសខ្លះឲ្យតាមសម្លាប់គាត់។ នាងមីកាលដឹងអំពីគម្រោងការណ៍របស់បិតានាង។ ដូច្នេះ នាងក៏ជំរាបប្រាប់ដល់ប្ដីនាងថា៖ ‹បើបងមិនរត់ទៅឲ្យរួចជីវិតនៅវេលាយប់នេះទេ នោះស្អែកឡើងបងនឹងច្បាស់ជាស្លាប់ហើយ›។ នៅរាត្រីនោះ នាងមីកាលក៏ជួយដាវីឌឲ្យរត់គេចខ្លួនចុះតាមបង្អួច។ ដាវីឌត្រូវតែលាក់ខ្លួនពីកន្លែងមួយទៅកន្លែងមួយអស់រយៈពេលប្រហែលជាប្រាំពីរឆ្នាំ ដើម្បីកុំឲ្យស្តេចសូលអាចរកគាត់ឃើញ។
សាំយូអែលទី១ ១៨:១-៣០; ១៩:១-១៨