៦៩
ក្មេងស្រីជួយបុរសខ្លាំងពូកែម្នាក់
តើអ្នកដឹងក្មេងស្រីនេះកំពុងតែនិយាយអ្វីទេ? នាងកំពុងតែប្រាប់ស្ត្រីនេះអំពីព្យាការីនៃព្រះយេហូវ៉ាម្នាក់ឈ្មោះអេលីសេ ហើយអំពីកិច្ចការដ៏អស្ចារ្យជាច្រើនដែលព្រះយេហូវ៉ាបានជួយលោកឲ្យធ្វើនោះ។ ស្ត្រីនេះពុំស្គាល់ព្រះយេហូវ៉ាទេ ពីព្រោះនាងមិនមែនជាប្រជាជនអ៊ីស្រាអែល។ ដូច្នេះ សូមពិនិត្យមើលពីមូលហេតុដែលក្មេងស្រីនេះបានមកនៅក្នុងគេហដ្ឋានរបស់ស្ត្រីនេះ។
ស្ត្រីនេះជាសាសន៍ស៊ីរី។ ប្ដីរបស់នាងឈ្មោះណាម៉ាន់ ជាមេទ័ពសាសន៍ស៊ីរី។ ពួកស៊ីរីចាប់បានក្មេងស្រីសាសន៍អ៊ីស្រាអែលតូចនេះ ហើយយកនាងមក ឲ្យធ្វើជាអ្នកបំរើរបស់ប្រពន្ធលោកណាម៉ាន់។
លោកណាម៉ាន់មានជំងឺដ៏អាក្រក់មួយហៅថា ឃ្លង់។ ជំងឺនេះអាចធ្វើឲ្យសាច់មនុស្សខ្លះរលួយដាច់ធ្លាក់ចេញ។ ដូច្នេះ នេះជាអ្វីដែលក្មេងស្រីនេះកំពុងតែប្រាប់ប្រពន្ធរបស់លោកណាម៉ាន់ថា៖ ‹បើចៅហ្វាយនាងខ្ញុំអាចទៅជួបព្យាការីនៃព្រះយេហូវ៉ានៅស្រុកអ៊ីស្រាអែល នោះគាត់នឹងប្រោសលោកឲ្យជាពីរោគឃ្លង់ជាមិនខាន›។ ក្រោយមករឿងនេះក៏បានឮដល់ប្ដីរបស់ស្ត្រីនោះ។
លោកណាម៉ាន់ចង់ឲ្យជំងឺរបស់ខ្លួនជាណាស់ ដូច្នេះលោកក៏សម្រេចចិត្តធ្វើដំណើរទៅស្រុកអ៊ីស្រាអែល។ កាលលោកទៅដល់ហើយ លោកក៏ទៅឯផ្ទះអេលីសេ។ លោកអេលីសេចាត់អ្នកបំរើម្នាក់ឲ្យចេញទៅជំរាបលោកណាម៉ាន់ ឲ្យទៅលាងខ្លួនក្នុងទន្លេយ័រដាន់ប្រាំពីរដង។ នេះធ្វើឲ្យលោកណាម៉ាន់ខឹងខ្លាំងណាស់ ហើយលោកក៏និយាយថា៖ ‹ទន្លេនៅឯស្រុកយើងល្អប្រសើរជាងទន្លេនៅក្នុងស្រុកអ៊ីស្រាអែលទៅទៀត›! ក្រោយពីបានមានប្រសាសន៍រួចហើយ លោកណាម៉ាន់ក៏ចេញទៅ។
ប៉ុន្តែ អ្នកបំរើរបស់លោកម្នាក់ជំរាបលោកថា៖ ‹ឱលោកម្ចាស់អើយ បើសិនជាព្យាការីអេលីសេបានប្រាប់ឲ្យលោកធ្វើអ្វីមួយយ៉ាងពិបាក នោះមុខជាលោកធ្វើតាមហើយ។ តែឥឡូវនេះ ហេតុអ្វីបានជាលោកមិនទៅលាងខ្លួនឲ្យដូចពាក្យគាត់បានប្រាប់នោះទៅ›? លោកណាម៉ាន់ស្ដាប់តាមអ្នកបំរើរបស់លោក ហើយក៏ចុះទៅមុជទឹកក្នុងទន្លេយ័រដាន់ប្រាំពីរដង។ រួចមក សាច់របស់លោកក៏ទៅជាមាំស្រស់ស្អាតឡើងវិញ!
លោកណាម៉ាន់មានចិត្តរីករាយណាស់។ លោកក៏វិលទៅឯអេលីសេ ហើយជំរាបប្រាប់គាត់ថា៖ ‹ឥឡូវនេះខ្ញុំដឹងជាប្រាកដថា មានតែព្រះនៃស្រុកអ៊ីស្រាអែលទេ ជាព្រះដ៏ពិតនៅលើផែនដីទាំងមូល ដូច្នេះសូមលោកទទួលអំណោយពីខ្ញុំបាទចុះ›។ តែលោកអេលីសេតបថា៖ ‹ទេ ខ្ញុំនឹងមិនយកទេ›។ អេលីសេដឹងថា ជាការខុសចំពោះគាត់ក្នុងការយកអំណោយនោះ ពីព្រោះជាព្រះយេហូវ៉ាទេ ដែលប្រោសលោកណាម៉ាន់ឲ្យបានជានោះ។ ប៉ុន្តែ អ្នកបំរើរបស់អេលីសេម្នាក់ឈ្មោះកេហាស៊ីចង់បានអំណោយនោះសំរាប់ខ្លួនគាត់។
ដូច្នេះ នេះជាអ្វីដែលកេហាស៊ីធ្វើ។ បន្ទាប់ពីលោកណាម៉ាន់លាចេញទៅ កេហាស៊ីរត់តាមទៅទាន់លោក។ កេហាស៊ីនិយាយថា៖ ‹អេលីសេបញ្ជូនខ្ញុំមកឲ្យជំរាបថា លោកចង់បានអំណោយខ្លះសំរាប់មិត្តដែលទើបនឹងមកលេង›។ មែនហើយ នេះជាពាក្យកំភូត។ ប៉ុន្តែ លោកណាម៉ាន់ពុំដឹងថានេះជាពាក្យកំភូតទេ ដូច្នេះលោកក៏ឲ្យរបស់របរខ្លះៗទៅកេហាស៊ី។
នៅពេលដែលកេហាស៊ីវិលត្រឡប់មកផ្ទះវិញ អេលីសេដឹងអំពីអ្វីៗដែលគាត់បានធ្វើ។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់លោក។ ដូច្នេះលោកនិយាយថា៖ ‹ដោយព្រោះតែឯងប្រព្រឹត្តការអាក្រក់នេះ ជំងឺឃ្លង់របស់ណាម៉ាន់នឹងត្រឡប់មកលើឯងវិញ›។ ហើយស្រាប់តែកើតមានមែន!
តើយើងអាចរៀនអ្វីខ្លះពីរឿងទាំងអស់នេះ? ទីមួយ យើងគួរតែយកតម្រាប់តាមក្មេងស្រីតូចនោះ ដោយនិយាយប្រាប់អ្នកដទៃអំពីព្រះយេហូវ៉ា។ ដ្បិតនឹងអាចមានប្រយោជន៍ជាច្រើន។ ទីពីរ យើងមិនគួរឲ្យមានចិត្តមានះដូចណាម៉ាន់កាលពីមុនដំបូងនោះទេ ប៉ុន្តែយើងគួរតែគោរពតាមអ្នកបំរើរបស់ព្រះ។ ហើយទីបី យើងមិនគួរភូតភរ ដូចជាកេហាស៊ីបានធ្វើនោះឡើយ។ យើងអាចរៀនចេះដឹងបានច្រើនពីការអានព្រះគម្ពីរ មែនទេ?