១០១
ព្រះយេស៊ូវត្រូវគេធ្វើគុត
សូមមើលការដ៏អាក្រក់ដែលកំពុងតែកើតឡើងនៅទីនេះ! ព្រះយេស៊ូវត្រូវគេកំពុងតែធ្វើគុត។ គេបានព្យួរទ្រង់នៅលើបង្គោលឈើ។ គេដំដែកគោលទម្លុះព្រះហស្តនិងព្រះបាទរបស់ទ្រង់។ ហេតុអ្វីបានជាបុគ្គលណាម្នាក់ចង់ប្រព្រឹត្តបែបនេះដល់ព្រះយេស៊ូវដូច្នេះ?
នេះគឺពីព្រោះមានមនុស្សខ្លះស្អប់ព្រះយេស៊ូវ។ តើអ្នកដឹងគេជាអ្នកណាទេ? ពួកគេម្នាក់ជាទេវតាដ៏អាក្រក់ឈ្មោះ អារក្សសាតាំង។ វាជាអ្នកដែលធ្វើឲ្យអ័ដាមនិងនាងអេវ៉ាមិនគោរពតាមព្រះយេហូវ៉ា។ ហើយសាតាំងជាអ្នកដែលធ្វើឲ្យពួកសត្រូវរបស់ព្រះយេស៊ូវ ប្រព្រឹត្តបទឧក្រិដ្ឋដ៏អាក្រក់នេះ។
សូម្បីតែមុននឹងព្រះយេស៊ូវត្រូវបានគេដំដែកគោលភ្ជាប់នឹងបង្គោល ពួកសត្រូវរបស់ទ្រង់ក៏បានធ្វើអំពើកំណាចដល់ទ្រង់ដែរ។ តើអ្នកនៅចាំពីរបៀបដែលពួកគេមកឯសួនច្បារគែតសេម៉ានីហើយចាប់យកទ្រង់ទៅនោះទេ? តើពួកសត្រូវនោះ ជាអ្នកណា? ត្រូវហើយ ពួកគេជាមេដឹកនាំសាសនា។ សូមឲ្យយើងពិនិត្យមើលការដែលកើតឡើងជាបន្ទាប់។
នៅពេលដែលពួកមេដឹកនាំសាសនាបានចាប់យកព្រះយេស៊ូវទៅ ពួកសាវករបស់ទ្រង់បានរត់បាត់អស់។ ពួកគេបានទុកចោលព្រះយេស៊ូវតែម្នាក់ឯង ជាមួយពួកសត្រូវរបស់ទ្រង់ ដោយសារតែគេមានសេចក្ដីភ័យខ្លាច។ ប៉ុន្តែ សាវកពេត្រុសនិងយ៉ូហានមិនបានទៅឆ្ងាយទេ។ ពួកគេបានដើរតាមពីក្រោយ ដើម្បីនឹងមើលការណ៍ដែលនឹងកើតឡើងដល់ព្រះយេស៊ូវ។
ពួកសង្ឃបាននាំព្រះយេស៊ូវទៅអ្នកចាស់ទុំម្នាក់ឈ្មោះអាណ ដែលធ្លាប់ធ្វើជាសម្ដេចសង្ឃ។ ពួកមនុស្សទាំងនោះ មិនបាននៅទីនេះយូរទេ។ បន្ទាប់មក គេយកព្រះយេស៊ូវទៅឯផ្ទះលោកកៃផា ដែលជាសម្ដេចសង្ឃនៅពេលនេះ។ ពួកមេដឹកនាំសាសនាជាច្រើនបានមកជួបជុំនៅឯផ្ទះរបស់លោក។
នៅឯផ្ទះរបស់លោកកៃផានេះ គេបានធ្វើការវិនិច្ឆ័យទោសដល់ទ្រង់។ គេបាននាំមនុស្សមកឲ្យប្រាប់ការមិនពិតអំពីព្រះយេស៊ូវ។ ពួកមេដឹកនាំសាសនាទាំងអស់និយាយថា៖ ‹គួរតែសម្លាប់យេស៊ូវចោលទៅ›។ បន្ទាប់មកគេក៏ស្ដោះដាក់ព្រះភក្ដ្រទ្រង់ ហើយក៏វាយតប់ទ្រង់ដែរ។
កាលដែលការទាំងអស់នេះកំពុងតែកើតឡើង ពេត្រុសឈរនៅខាងក្រៅក្នុងទីលាន។ នេះជារាត្រីដ៏ត្រជាក់ ដូច្នេះហើយពួកមនុស្សក៏បង្កាត់ភ្នក់ភ្លើង។ កាលដែលពួកគេកំពុងតែកំដៅខ្លួនគេនៅជុំវិញភ្លើងនោះ អ្នកបំរើស្រីម្នាក់បានឃើញពេត្រុស ហើយនិយាយថា៖ ‹បុរសនេះ ក៏នៅជាមួយព្រះយេស៊ូវដែរ›។
ពេត្រុសឆ្លើយតបថា៖ ‹មិនមែនខ្ញុំទេ›!
ពួកគេនិយាយបីដងថា ពេត្រុសធ្លាប់នៅជាមួយព្រះយេស៊ូវ។ ប៉ុន្តែ ពេត្រុសឆ្លើយថាមិនពិតជារៀងរាល់ដង។ ពេលពេត្រុសនិយាយសេចក្ដីនេះនៅលើកទីបី ព្រះយេស៊ូវបានងាកមកមើលគាត់។ ពេត្រុសមានចិត្តសោកស្ដាយណាស់ដោយបានភូតភរ ហើយគាត់ក៏ដើរចេញទៅទាំងយំសោក។
កាលដែលសុរិយាចាប់ផ្ដើមរះឡើងនៅព្រឹកថ្ងៃសុក្រ ពួកសង្ឃនាំព្រះយេស៊ូវទៅឯតុលាការជាន់ខ្ពស់នៃសាសន៍យូដា។ នៅទីនេះពួកគេពិគ្រោះគ្នារិះរកវិធីដែលគេនឹងប្រុងធ្វើដល់ទ្រង់។ គេយកទ្រង់ទៅឯលោកប៉ុនទាស-ពីឡាត់ ជាអ្នកគ្រប់គ្រងស្រុកយូដា។
ពួកសង្ឃប្រាប់ពីឡាត់ថា៖ ‹នេះជាបុរសដ៏អាក្រក់ម្នាក់ គួរតែសម្លាប់វាចោលទៅ›។ ក្រោយពីបានសួរសំនួរព្រះយេស៊ូវហើយ លោកពីឡាត់មានប្រសាសន៍ថា៖ ‹ខ្ញុំឃើញថាគាត់មិនបានធ្វើខុសអ្វីទេ›។ បន្ទាប់មក លោកពីឡាត់បញ្ជូនព្រះយេស៊ូវទៅស្តេចហេរ៉ូឌ អាន់ទីប៉ាស។ ស្តេចហេរ៉ូឌជាអ្នកគ្រប់គ្រងស្រុកកាលីឡេ ប៉ុន្តែទ្រង់ស្នាក់នៅក្រុងយេរូសាឡិម។ ស្តេចហេរ៉ូឌក៏មិនឃើញថាព្រះយេស៊ូវធ្វើខុសអ្វីដែរ ដូច្នេះក៏បញ្ជូនទ្រង់វិលត្រឡប់មកឯលោកពីឡាត់វិញ។
លោកពីឡាត់ចង់ដោះព្រះយេស៊ូវឲ្យរួចខ្លួន។ ប៉ុន្តែ ពួកសត្រូវរបស់ព្រះយេស៊ូវចង់ឲ្យអ្នកជាប់គុកម្នាក់ទៀតរួចខ្លួនជំនួសវិញ។ បុរសម្នាក់នេះជាចោរឈ្មោះបារ៉ាបាស។ ឥឡូវនេះជាថ្ងៃរសៀលហើយ កាលលោកពីឡាត់បានយកព្រះយេស៊ូវចេញមកក្រៅ។ លោកមានប្រសាសន៍ទៅប្រជាជនថា៖ ‹មើល! ស្តេចរបស់ពួកឯង›! ប៉ុន្តែពួកសង្គ្រាជមានប្រសាសន៍ថា៖ ‹ចូរយកវាទៅ! សម្លាប់វា! សម្លាប់វា›! ដូច្នេះ លោកពីឡាត់ក៏ឲ្យបារ៉ាបាសរួចខ្លួន តែគេយកព្រះយេស៊ូវទៅធ្វើគុតវិញ។
នៅរសៀលថ្ងៃសុក្រ ព្រះយេស៊ូវត្រូវបានគេដំដែកគោលភ្ជាប់នឹងបង្គោលឈើ។ អ្នកមិនអាចឃើញពួកគេនៅក្នុងរូបភាពនេះទេ ប៉ុន្តែនៅទាំងសងខាងព្រះយេស៊ូវ មានឧក្រិដ្ឋជនពីរនាក់ដែលត្រូវបានគេសម្លាប់នៅនឹងបង្គោលឈើដែរ។ មុននឹងព្រះយេស៊ូវទទួលមរណភាព ឧក្រិដ្ឋជនម្នាក់និយាយទៅទ្រង់ថា៖ ‹សូមចាំទូលបង្គំផង ពេលទ្រង់ចូលទៅក្នុងព្រះរាជាណាចក្ររបស់ទ្រង់›។ ហើយព្រះយេស៊ូវក៏ឆ្លើយតបថា៖ ‹ខ្ញុំសន្យាថា អ្នកនឹងនៅជាមួយខ្ញុំក្នុងសួនមនោរម្យ›។
តើនោះមិនជាសេចក្ដីសន្យាដ៏អស្ចារ្យទេឬ? តើអ្នកដឹងថា ព្រះយេស៊ូវមានបន្ទូលអំពីសួនមនោរម្យអ្វីទេ? តើសួនមនោរម្យដែលព្រះបានបង្កើតមុនដំបូងនោះ នៅឯណា? ត្រូវហើយ គឺនៅលើផែនដី។ ហើយនៅពេលដែលព្រះយេស៊ូវឡើងសោយរាជ្យជាស្តេចនៅស្ថានសួគ៌ ទ្រង់នឹងប្រោសបុរសនេះឲ្យមានជីវិតរស់ឡើងវិញ ដើម្បីទទួលនូវការអរសប្បាយក្នុងសួនមនោរម្យនៅលើផែនដី។ តើយើងមិនសប្បាយចិត្តអំពីរឿងនេះទេឬ?
ម៉ាថាយ ២៦:៥៧-៧៥; ២៧:១-៥០; លូកា ២២:៥៤-៧១; ២៣:១-៤៩; យ៉ូហាន ១៨:១២-៤០; ១៩:១-៣០