១០២
ព្រះយេស៊ូវមានព្រះជន្មនៅរស់
តើអ្នកដឹងស្ត្រីនិងបុរសពីរនាក់នេះជាអ្នកណាទេ? ស្ត្រីនេះឈ្មោះម៉ារា ម៉ាក់ដាឡា ជាមិត្តរបស់ព្រះយេស៊ូវ។ ហើយបុរសដែលស្លៀកពាក់ពណ៌សទាំងនេះ ជាទេវតា។ បន្ទប់តូចដែលនាងម៉ារាកំពុងតែឈ្ងោកមើលនេះ ជាកន្លែងដែលគេដាក់សពរបស់ព្រះយេស៊ូវក្រោយពីទ្រង់បានទទួលមរណភាព។ កន្លែងនេះគេហៅថា ផ្នូរ។ ប៉ុន្តែ ឥឡូវនេះសពមិនឃើញនៅទីនេះទេ! តើអ្នកណាបានយកសពនោះទៅ? សូមឲ្យយើងពិនិត្យមើល។
ក្រោយពីព្រះយេស៊ូវបានទទួលមរណភាព ពួកសង្ឃបានជំរាបប្រាប់លោកពីឡាត់ថា៖ ‹នៅពេលដែលយេស៊ូវនៅរស់ វាបាននិយាយថា បីថ្ងៃក្រោយមក វានឹងរស់ឡើងវិញ។ ដូច្នេះ សូមលោកចាត់ឲ្យគេចាំយាមផ្នូរទៅ។ ដើម្បីកុំឲ្យពួកសិស្សរបស់វាអាចមកលួចសពនោះបាន ហើយនិយាយថា វាបានរស់ឡើងវិញហើយ›! លោកពីឡាត់ក៏ប្រាប់ពួកសង្ឃឲ្យបញ្ជូនទាហានទៅចាំយាមផ្នូរនោះទៅ។
ប៉ុន្តែ ពេលព្រលឹមស្រាងឡើងនៅថ្ងៃទីបី ក្រោយពីព្រះយេស៊ូវបានទទួលមរណភាព ទេវតារបស់ព្រះយេហូវ៉ាមួយអង្គលេចមកភ្លាម ហើយក៏ប្រមៀលថ្មចេញពីមាត់ផ្នូរ។ ពួកទាហានភ័យខ្លាចដល់ម្ល៉េះ បានជាពួកគេទៅជាស្លន់ភាំងស្មារតីអស់។ នៅទីបំផុត ពេលដែលគេឈ្ងោកមើលទៅក្នុងផ្នូរ គេពុំឃើញសពនោះទេ! ពួកទាហានខ្លះវិលទៅឯក្រុងវិញ រួចជំរាបដំណើររឿងប្រាប់ដល់ពួកសង្ឃ។ តើអ្នកដឹងថាពួកសង្ឃដ៏អាក្រក់នោះធ្វើអ្វីទេ? ពួកគេបានសូកប្រាក់ឲ្យពួកទាហាននោះនិយាយពាក្យកុហក។ ពួកសង្ឃបង្គាប់ឲ្យពួកទាហាននិយាយថា ‹ក្នុងកាលដែលយើងខ្ញុំកំពុងតែដេកលក់ នោះពួកសិស្សរបស់វាបានមកនៅពេលយប់ ហើយលួចយកសពនោះបាត់ទៅ›។
នៅគ្រាដំណាលនោះ មានពួកស្ត្រីខ្លះដែលជាមិត្តរបស់ព្រះយេស៊ូវបានមកឯផ្នូរ។ ពួកគេភ្ញាក់ផ្អើលណាស់ ដោយឃើញផ្នូរនៅទទេ! នៅពេលនោះ ស្រាប់តែមានទេវតាពីរអង្គ ស្លៀកពាក់សស្គុសលេចមក។ ពួកគេបានសួរថា ‹ហេតុអ្វីបានជាអ្នករាល់គ្នាមករកព្រះយេស៊ូវនៅទីនេះដូច្នេះ? ទ្រង់បានមានព្រះជន្មរស់ឡើងវិញហើយ។ សូមឆាប់ត្រឡប់ទៅប្រាប់ពួកសិស្សទ្រង់ឲ្យបានដឹងផង›។ ពួកស្ត្រីទាំងនោះក៏រត់ទៅយ៉ាងលឿន! ប៉ុន្តែនៅតាមផ្លូវ មានបុរសម្នាក់បានបញ្ឈប់ពួកគេ។ តើអ្នកដឹងបុរសនេះជាអ្នកណាទេ? បុរសនេះជាព្រះយេស៊ូវ! ទ្រង់មានបន្ទូលថា៖ ‹ចូរទៅប្រាប់ពួកសិស្សរបស់ខ្ញុំចុះ›។
នៅពេលដែលពួកស្ត្រីប្រាប់សិស្សទាំងនោះថា ព្រះយេស៊ូវនៅរស់ ហើយថាពួកគេបានឃើញទ្រង់ ពួកសិស្សទាំងនោះមានការពិបាកនឹងជឿណាស់។ ពេត្រុសនិងយ៉ូហានក៏រត់ទៅមើលដោយខ្លួនឯងនៅឯផ្នូរ ប៉ុន្តែបែរជាឃើញផ្នូរនៅទទេ! ពេលដែលពេត្រុសនិងយ៉ូហានត្រឡប់មកវិញ នាងម៉ារា ម៉ាក់ដាឡានៅតែម្នាក់ឯង។ ពេលនោះនាងឈ្ងោកមើលទៅក្នុងផ្នូរ ហើយឃើញទេវតាពីរអង្គ។
តើអ្នកដឹងថា សពរបស់ព្រះយេស៊ូវទៅជាយ៉ាងណាទេ? ព្រះបានបណ្ដាលឲ្យសពនោះបាត់ទៅ។ ព្រះមិនបានប្រោសព្រះយេស៊ូវឲ្យមានព្រះជន្មរស់ឡើងវិញ ដោយមានរូបកាយដូចកាលទ្រង់ទទួលមរណភាពនោះទេ។ ទ្រង់បានប្រទានរូបកាយវិញ្ញាណថ្មីទៅព្រះយេស៊ូវ ដូចពួកទេវតានៅស្ថានសួគ៌នោះដែរ។ ប៉ុន្តែ ដើម្បីនឹងបង្ហាញថាទ្រង់មានព្រះជន្មនៅរស់នោះ ព្រះយេស៊ូវអាចយករូបកាយដែលមនុស្សអាចមើលឃើញ ដូចជាយើងនឹងរៀនជាបន្ទាប់។
ម៉ាថាយ ២៧:៦២-៦៦; ២៨:១-១៥; លូកា ២៤:១-១២; យ៉ូហាន ២០:១-១២