១០៧
ស្ទេផានត្រូវគេចោលដុំថ្មសម្លាប់
បុរសដែលកំពុងតែលុតជង្គង់នៅទីនេះឈ្មោះ ស្ទេផាន។ គាត់ជាសិស្សដ៏ស្មោះត្រង់ម្នាក់របស់ព្រះយេស៊ូវ។ ប៉ុន្តែ សូមមើលនូវអ្វីដែលកំពុងតែកើតឡើងដល់គាត់ឥឡូវនេះ! ពួកបុរសទាំងនេះ កំពុងតែចោលដុំថ្មធំៗទៅលើគាត់។ ហេតុអ្វីបានជាពួកគេស្អប់ស្ទេផានដល់ម្ល៉េះ រហូតដល់ធ្វើអំពើដ៏អាក្រក់យ៉ាងនេះ? សូមឲ្យយើងពិនិត្យមើល។
ព្រះបានជួយស្ទេផាន ដើម្បីឲ្យសម្ដែងអព្ភូតហេតុដ៏អស្ចារ្យជាច្រើន។ ពួកបុរសទាំងនេះមិនចូលចិត្តនឹងការនោះទេ ដូច្នេះហើយ គេក៏ឈ្លោះប្រកែកនឹងគាត់អំពីការបង្រៀនសេចក្ដីពិតដល់ប្រជាជន។ ប៉ុន្តែ ព្រះបានប្រទានឲ្យស្ទេផានមានប្រាជ្ញាជាច្រើន ហើយស្ទេផានបង្ហាញថាពួកបុរសទាំងនេះ បានបង្រៀនសេចក្ដីមិនពិត។ នេះធ្វើឲ្យពួកគេរឹតតែខឹងឡើង។ ដូច្នេះគេចាប់គាត់ ហើយក៏ហៅមនុស្សឲ្យមកនិយាយបង្កាច់ភូតអំពីគាត់។
សម្ដេចសង្ឃសួរស្ទេផានថា៖ ‹តើរឿងទាំងនេះពិតមែនឬទេ›? ស្ទេផានឆ្លើយតបដោយថ្លែងសុន្ទរកថាដ៏ប្រសើរពីព្រះគម្ពីរ។ នៅទីបញ្ចប់សុន្ទរកថានោះ គាត់ប្រាប់ពីដំណើរដែលពួកបុរសអាក្រក់ បានស្អប់ពួកព្យាការីរបស់ព្រះយេហូវ៉ាជាយូរមកហើយ។ បន្ទាប់មក គាត់ក៏និយាយថា៖ ‹ពួកឯងក៏ដូចពួកបុរសទាំងនោះដែរ។ ពួកឯងបានសម្លាប់ព្រះយេស៊ូវជាអ្នកបំរើព្រះ ហើយឯងមិនបានគោរពតាមច្បាប់របស់ព្រះទេ›។
ពាក្យនេះធ្វើឲ្យមេដឹកនាំសាសនាទាំងនេះមានសេចក្ដីខឹងខ្លាំងណាស់! គេសង្កៀតធ្មេញដោយកំហឹងដ៏ខ្លាំង។ ប៉ុន្តែរួចមក ស្ទេផានក៏ងើយក្បាលឡើង ហើយនិយាយថា៖ ‹មើល! ខ្ញុំឃើញព្រះយេស៊ូវកំពុងតែឈរនៅខាងស្ដាំព្រះនៅស្ថានសួគ៌›។ ខណៈនេះ ពួកបុរសទាំងនេះក៏ខ្ទប់ត្រចៀកគេ ហើយស្ទុះមកឯស្ទេផាន។ គេចាប់អូសគាត់ចេញទៅខាងក្រៅក្រុង។
នៅទីនេះ ពួកគេដោះអាវធំរបស់គេចេញឲ្យយុវជនម្នាក់ឈ្មោះសុលចាំយាមមើល។ តើអ្នកមើលឃើញសុលទេ? បន្ទាប់មក ពួកបុរសខ្លះក៏ចាប់ផ្ដើមចោលដុំថ្មទៅលើស្ទេផាន។ ដូចជាអ្នកអាចឃើញនៅទីនេះ ស្ទេផានលុតជង្គង់ហើយអធិស្ឋានទៅព្រះថា៖ ‹ឱព្រះយេហូវ៉ាអើយ សូមកុំដាក់ទណ្ឌកម្មគេចំពោះការអាក្រក់នេះឡើយ›។ គាត់ដឹងថាពួកបុរសខ្លះត្រូវបានវង្វេងដោយសារពួកមេដឹកនាំសាសនា។ ក្រោយមកស្ទេផានក៏ស្លាប់ទៅ។
នៅពេលដែលអ្នកណាម្នាក់ធ្វើអំពើអាក្រក់ដល់អ្នក តើអ្នកខំរកវិធីធ្វើអាក្រក់ដល់គេ ឬក៏សុំឲ្យព្រះផ្ដន្ទាទោសដល់គេវិញឬ? ដ្បិតស្ទេផាន និងព្រះយេស៊ូវមិនបានធ្វើដូច្នេះទេ។ ពួកគេមានចិត្តល្អ ទោះបីដល់ពួកអ្នកដែលមានចិត្តអាក្រក់ចំពោះគេក៏ដោយ។ សូមឲ្យយើងខំធ្វើតាមគំរូរបស់គេចុះ។