បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ១១៣
  • ប៉ុលនៅក្នុងក្រុងរ៉ូម

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប៉ុលនៅក្នុងក្រុងរ៉ូម
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • «ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • គោលសំខាន់ៗពីសៀវភៅទីតុស ភីលេម៉ូន និងហេព្រើរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ១១៣

១១៣

ប៉ុល​នៅ​ក្នុង​ក្រុង​រ៉ូម

សូម​ក្រឡេក​មើល​ច្រវាក់​ដែល​ជាប់​នឹង​ដៃ​ប៉ុល និង​ទាហាន​សាសន៍​រ៉ូម​ម្នាក់​ដែល​កំពុង​តែ​ឈរ​យាម​គាត់។ ប៉ុល​ជា​អ្នក​ជាប់​គុក​នៅ​ក្រុង​រ៉ូម។ គាត់​កំពុង​តែ​រង់​ចាំ​រហូត​ដល់​សេសារ​សម្រេច​ធ្វើ​យ៉ាង​ណា​នឹង​គាត់។ កាល​ដែល​គាត់​ជា​អ្នក​ជាប់​គុក គេ​បាន​អនុញ្ញាត​ឲ្យ​ប្រជាជន​មក​លេង​គាត់។

ក្រោយ​ពី​បាន​មក​ដល់​ក្រុង​រ៉ូម​បី​ថ្ងៃ​មក ប៉ុល​ក៏​ផ្ដាំ​ឲ្យ​ពួក​មេ​ដឹក​នាំ​សហគមន៍​សាសន៍​យូដា​មក​ជួប​នឹង​គាត់។ ជា​លទ្ធផល ពួក​យូដា​នៅ​ក្រុង​រ៉ូម​ជា​ច្រើន​បាន​មក។ ប៉ុល​ផ្សាយ​ទៅ​ពួក​គេ​អំពី​ព្រះ​យេស៊ូវ​និង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ អ្នក​ខ្លះ​បាន​ជឿ​ហើយ​ក៏​ទៅ​ជា​ជន​គ្រីស្ទាន ប៉ុន្តែ​អ្នក​ឯ​ទៀត​មិន​ជឿ​ទេ។

ចំពោះ​ទាហាន​ផ្សេងៗ​ដែល​មាន​កិច្ចការ​យាម​គាត់​នោះ ប៉ុល​ក៏​ផ្សាយ​ដល់​ពួក​គេ​ដែរ។ អស់​រយៈ​ពីរ​ឆ្នាំ​ដែល​គាត់​បាន​ជាប់​គុក​នៅ​ទី​នេះ ប៉ុល​បាន​ផ្សាយ​ដល់​គ្រប់​មនុស្ស​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន។ ជា​លទ្ធផល សូម្បី​តែ​ពួក​គ្រួសារ​នៃ​សេសារ​ក៏​ឮ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​ដែរ ហើយ​ពួក​គេ​ខ្លះ​ក៏​បាន​ទៅ​ជា​ជន​គ្រីស្ទាន។

ប៉ុន្តែ តើ​ភ្ញៀវ​ដែល​កំពុង​តែ​អង្គុយ​សរសេរ​នឹង​តុ​នេះ ជា​អ្នក​ណា? តើ​អ្នក​អាច​ស្មាន​បាន​ទេ? ត្រូវ​ហើយ នេះ​ជា​ធីម៉ូថេ។ ធីម៉ូថេ​ក៏​បាន​ជាប់​គុក​ដោយ​សារ​តែ​ការ​ផ្សាយ​អំពី​ព្រះ​រាជាណាចក្រ ប៉ុន្តែ​គាត់​បាន​រួច​ខ្លួន​ហើយ។ ហើយ​គាត់​បាន​មក​ទី​នេះ​ដើម្បី​ជួយ​ប៉ុល។ តើ​អ្នក​ដឹង​ធីម៉ូថេ​កំពុង​តែ​សរសេរ​អ្វី​ទេ? សូម​ឲ្យ​យើង​ពិនិត្យ​មើល។

តើ​អ្នក​នៅ​ចាំ​ក្រុង​ភីលីព​និង​ក្រុង​អេភេសូរ​នៅ​ក្នុង​រឿង​ទី​១១០​ទេ? ប៉ុល​បាន​ជួយ​ផ្ដើម​បង្កើត​ក្រុម​ជំនុំ​គ្រីស្ទាន​ជា​ច្រើន​នៅ​ក្នុង​ក្រុង​ទាំង​នោះ។ ឥឡូវ​នេះ​កាល​ដែល​គាត់​នៅ​ជាប់​គុក ប៉ុល​ក៏​សរសេរ​សំបុត្រ​ទៅ​ពួក​គ្រីស្ទាន​ទាំង​នេះ។ សំបុត្រ​ទាំង​នេះ​គឺ​នៅ​ក្នុង​ព្រះ​គម្ពីរ ហើយ​ត្រូវ​បាន​ហៅ​ជា​អេភេសូរ​និង​ភីលីព។ ឥឡូវ​នេះ ប៉ុល​កំពុង​តែ​ប្រាប់​ធីម៉ូថេ​ឲ្យ​សរសេរ​ទៅ​មិត្ត​គ្រីស្ទាន​របស់​គេ​នៅ​ក្រុង​ភីលីព។

ពួក​ជន​គ្រីស្ទាន​នៃ​ក្រុង​ភីលីព​បាន​មាន​ចិត្ត​ល្អ​ចំពោះ​ប៉ុល​ណាស់។ ពួក​គេ​បាន​ផ្ញើ​អំណោយ​មក​ឲ្យ​គាត់​នៅ​ឯ​គុក ដូច្នេះ​ហើយ បាន​ជា​ប៉ុល​សម្ដែង​សេចក្ដី​អំណរ​គុណ​ដល់​គេ​វិញ។ អេប៉ាប្រូឌីត​ជា​បុរស​ដែល​បាន​យក​អំណោយ​មក​ឲ្យ។ ប៉ុន្តែ គាត់​បាន​ឈឺ​ស្ទើរតែ​នឹង​ស្លាប់។ ឥឡូវ​នេះ​គាត់​បាន​ជា​ហើយៗ​បំរុង​នឹង​ទៅ​ផ្ទះ​វិញ។ គាត់​នឹង​យក​សំបុត្រ​ពី​ប៉ុល​និង​ធីម៉ូថេ​ទៅ​ជា​មួយ​គាត់ នៅ​ពេល​ដែល​គាត់​ត្រឡប់​ទៅ​ក្រុង​ភីលីព​វិញ។

កាល​ដែល​ប៉ុល​នៅ​ជាប់​គុក គាត់​ក៏​បាន​សរសេរ​សំបុត្រ​ពីរ​ច្បាប់​ទៀត ដែល​យើង​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ។ សំបុត្រ​មួយ​សំរាប់​ជន​គ្រីស្ទាន​នៅ​ក្រុង កូល៉ុស។ តើ​អ្នក​ដឹង​ឈ្មោះ​សំបុត្រ​នេះ​ទេ? គឺ​ឈ្មោះ​កូល៉ុស។ សំបុត្រ​មួយ​ទៀត ជា​សំបុត្រ​ផ្ទាល់​ខ្លួន​ជូន​ចំពោះ​មិត្ត​ស្និទ្ធ​ស្នាល​ម្នាក់​ឈ្មោះ ភីលេម៉ូន ដែល​រស់​នៅ​ក្រុង​កូល៉ុស​ដែរ។ សំបុត្រ​នេះ​ស្តី​អំពី​អ្នក​បំរើ​របស់​​ភីលេម៉ូន​ម្នាក់​ឈ្មោះ​អូនេស៊ីម។

អូនេស៊ីម​បាន​រត់​ចេញ​ពី​ភីលេម៉ូន ហើយ​ក៏​បាន​មក​នៅ​ក្រុង​រ៉ូម។ មិន​ដឹង​ជា​អូនេស៊ីម​ទទួល​ដំណឹង​ពី​អ្នក​ណា​ទេ តែ​គាត់​បាន​ដឹង​ឮ​អំពី​ប៉ុល​ជាប់​គុក​នៅ​ទី​នេះ។ គាត់​ក៏​មក​លេង ហើយ​ប៉ុល​បាន​ផ្សាយ​ដល់​អូនេស៊ីម។ បន្ដិច​ក្រោយ​មក អូនេស៊ីម​ក៏​បាន​ទៅ​ជា​ជន​គ្រីស្ទាន​ម្នាក់។ ឥឡូវ​នេះ អូនេស៊ីម​គាត់​មាន​ចិត្ត​ស្ដាយ​ណាស់ ដែល​គាត់​បាន​រត់​ចេញ​ពី​ភីលេម៉ូន​នោះ។ ដូច្នេះ តើ​អ្នក​ដឹង​ថា​ប៉ុល​សរសេរ​អ្វី​នៅ​ក្នុង​សំបុត្រ​នេះ​ទៅ​ភីលេម៉ូន​ទេ?

ប៉ុល​សុំ​ឲ្យ​ភីលេម៉ូន​អត់​ទោស​ដល់​អូនេស៊ីម។ ប៉ុល​សរសេរ​ថា៖ ‹ខ្ញុំ​នឹង​ជូន​គាត់​ទៅ​អ្នក​វិញ ប៉ុន្តែ​ឥឡូវ​នេះ គាត់​មិន​គ្រាន់​តែ​ជា​អ្នក​បំរើ​របស់​អ្នក​ទេ។ គាត់​ជា​ជន​គ្រីស្ទាន​ដ៏​ល្អ​ម្នាក់​ដែរ›។ នៅ​ពេល​ដែល​អូនេស៊ីម​ទៅ​ក្រុង​កូល៉ុស​វិញ គាត់​ក៏​យក​សំបុត្រ​ពីរ​នេះ​ទៅ​ជា​មួយ​គាត់​ដែរ មួយ​សំរាប់​ជូន​ដល់​ពួក​ជន​គ្រីស្ទាន​កូល៉ុស ហើយ​មួយ​ទៀត​សំរាប់​ភីលេម៉ូន។ យើង​អាច​នឹក​ស្មាន​ថា ភីលេម៉ូន​ច្បាស់​ជា​សប្បាយ​ចិត្ត​ណាស់ នៅ​ពេល​ដែល​គាត់​ដឹង​ថា​អ្នក​បំរើ​របស់​គាត់​បាន​ទៅ​ជា​គ្រីស្ទាន​ម្នាក់​នោះ។

នៅ​ពេល​ប៉ុល​សរសេរ​ទៅ​ពួក​ជន​គ្រីស្ទាន​ភីលីព​និង​ភីលេម៉ូន គាត់​មាន​ដំណឹង​ល្អ​ខ្លះ​សំរាប់​ពួក​គេ។ ប៉ុល​ប្រាប់​ពួក​ជន​គ្រីស្ទាន​ភីលីព​ថា៖ ‹ខ្ញុំ​បញ្ជូន​ធីម៉ូថេ​ទៅ​ឯ​អ្នក ប៉ុន្តែ​បន្ដិច​ទៀត​ខ្ញុំ​ក៏​នឹង​ទៅ​លេង​អ្នក​រាល់​គ្នា​ដែរ›។ ហើយ​ចំពោះ​ភីលេម៉ូន គាត់​សរសេរ​ថា៖ ‹ចូរ​រក​កន្លែង​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​ជា​មុន​ផង›។

នៅ​ពេល​ដែល​ប៉ុល​ត្រូវ​បាន​លែង​ពី​គុក គាត់​បាន​ទៅ​លេង​បង​ប្អូន​ប្រុស​ស្រី​គ្រីស្ទាន​នៅ​កន្លែង​ជា​ច្រើន។ ប៉ុន្តែ ក្រោយ​មក​ប៉ុល​ក៏​ត្រូវ​ជាប់​គុក​នៅ​ក្រុង​រ៉ូម​ម្ដង​ទៀត។ គាត់​ដឹង​ថា គេ​នឹង​សម្លាប់​គាត់​ហើយ​ម្ដង​នេះ។ ដូច្នេះ គាត់​ក៏​សរសេរ​សំបុត្រ​ទៅ​ធីម៉ូថេ​ឲ្យ​មក​ជា​ប្រញាប់។ ប៉ុល​សរសេរ​ថា៖ ‹ខ្ញុំ​បាន​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ ហើយ​ព្រះ​នឹង​ប្រទាន​អំណោយ​ដល់​ខ្ញុំ›។ ក្រោយ​ពី​ប៉ុល​បាន​ស្លាប់​ពីរ​បី​ឆ្នាំ​មក ក្រុង​យេរូសាឡិម​ត្រូវ​បាន​កំទេច​ចោល​ម្ដង​ទៀត ហើយ​ម្ដង​នេះ​គឺ​ត្រូវ​កំទេច​ដោយ​ពួក​រ៉ូម។

ប៉ុន្តែ មាន​រឿង​ជា​ច្រើន​ទៀត​នៅ​ក្នុង​ព្រះ​គម្ពីរ។ ព្រះ​យេហូវ៉ា​បាន​ចាត់​ឲ្យ​សាវក​យ៉ូហាន​កត់​ទុក ក្នុង​សៀវភៅ​គម្ពីរ​ចុង​ក្រោយ​បង្អស់​ខ្លះៗ រួម​ទាំង​សៀវភៅ​គម្ពីរ​វិវរណៈ។ សៀវភៅ​គម្ពីរ​នេះ​ប្រាប់​អំពី​អនាគត​កាល។ ឥឡូវ​នេះ សូម​ឲ្យ​យើង​រៀន​អំពី​ព្រឹត្ដិការណ៍​ជា​ច្រើន​ទៀត​នៅ​អនាគត​កាល។

កិច្ចការ ២៨:១៦​-​៣១; ភីលីព ១:១៣; ២:១៩​-​៣០; ៤:១៨​-​២៣; ហេព្រើរ ១៣:២៣; ភីលេម៉ូន ១​-​២៥; កូល៉ុស ៤:៧​-​៩; ធីម៉ូថេ​ទី​២ ៤:៧​-​៩

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក