ហេតុអ្វីបានជាអ្នកអាចទុកចិត្តព្រះគម្ពីរ?
អ្នកខ្លះនិយាយថាគេមិនទុកចិត្តព្រះគម្ពីរទេ ហើយមនុស្សជាច្រើនក៏យល់ទៅតាមគេដែរ។ ហេតុដូច្នេះហើយបានជាសព្វថ្ងៃមនុស្សជាច្រើនបានបោះចោលនូវរឿងពីព្រះគម្ពីរ ហើយគេចាត់ទុកថាជារបស់ដែលមិនគួរជឿ។
ម្យ៉ាងវិញទៀត អ្វីៗដែលព្រះយេស៊ូវគ្រីស្ទបានសំដែងក្នុងការអធិស្ឋានដល់ព្រះនោះ អាចធ្វើឱយយើងទុកចិត្តដល់ព្រះបន្ទូលបាន៖ «សេចក្ដីពិតគឺជាព្រះបន្ទូលរបស់ទ្រង់»។ ហើយព្រះគម្ពីរផ្ទាល់ក៏ប្រកាសថាពាក្យពេចន៍ទាំងអស់បានបញ្ចេញរឿងដោយវិញ្ញាណពីព្រះមែន។—យ៉ូហាន ១៧:១៧; ធីម៉ូថេទី២ ៣:១៦
តើអ្នកយល់យ៉ាងដូចម្ដេចអំពីរឿងនេះ? តើមានមូលដ្ឋានដ៏ត្រឹមត្រូវណាដើម្បីនឹងជឿទុកចិត្តដល់ព្រះគម្ពីរ? ឬក៏មានភស្តុតាងដ៏ពិតណាបង្ហាញថាព្រះគម្ពីរជារឿងដែលមិនគួរជឿ សំដែងប្រឆាំងនិងខ្លួនឯង ហើយមិនស្របទៅតាមគ្នានោះទេ?
តើព្រះគម្ពីរសំដែងប្រឆាំងនិងខ្លួនឯងទេ?
នៅពេលដែលអ្នកខ្លះប្រកាសថាព្រះគម្ពីរសំដែងប្រឆាំងនឹងខ្លួនឯងនោះ តើមានអ្នកណាមួយដែលបានបង្ហាញអ្នកនូវឧទាហរណ៍ដ៏ជាក់ស្តែងទេ? យើងមិនដែលឃើញរឿងណាមួយដែលមានការប្រឆាំងនោះទេបន្ទាប់ពីធ្វើការពិនិត្យពិច័យមក។ ពិតហើយ រឿងខ្លះក្នុងព្រះគម្ពីរនោះមានទំនងដូចជាប្រឆាំងនឹងគ្នា។ ប៉ុន្តែតាមធម្មតា បញ្ហាបានកើតឡើងពីការខ្វះការចេះដឹងនូវការពិស្ដារនឹងកាលៈទេសៈនៃស្ថានការណ៍ទាំងនោះ។
ជាឧទាហរណ៍ អ្នកខ្លះនឹងយកចិត្តទុកដាក់នូវរឿងដែលគេបានស្មានថាជាការមិនស្របគ្នានៅក្នុងព្រះគម្ពីរនោះដោយសួរថា៖ «តើកាអ៊ីនយកប្រពន្ធគេពីណាមក»? ការស្មានរបស់គេគឺថា កាអ៊ីននិងអេបិលជាកូនតែពីរប៉ុណ្ណោះរបស់អ័ដាមនិងអេវ៉ា។ ប៉ុន្តែការស្មាននេះបានផ្ដេក ទៅលើការមិនយល់ដ៏ច្បាស់លាស់នូវអ្វីៗដែលព្រះគម្ពីរបានសំដែងឡើង។ ព្រះគម្ពីរសំដែងថា អ័ដាម «បង្កើតបានកូនជាប្រុសជាស្រីតទៅ»។ (លោកុប្បត្តិ ៥:៤) ដូច្នេះកាអ៊ីនបានរៀបការជាមួយនឹងប្អូនស្រីមួយ ឬក៏ប្រហែលជាមួយនឹងក្មួយស្រីមួយរបស់គេ។
ជាញឹកញាប់ណាស់ដែលអ្នករិះគន់ជាច្រើនបានរកតែការប្រឆាំងដែលនាំឲ្យគេប្រកាសថា៖ «ម៉ាថាយដែលជាអ្នកសរសេរព្រះគម្ពីរនិយាយថាមេទ័ពម្នាក់បានសុំទូលអង្វរដល់ព្រះយេស៊ូវ ប៉ុន្តែលូកានិយាយថាបាវសំណប់របស់មេទ័ពនោះបានត្រូវបញ្ជូនទៅជួបនឹងទ្រង់។ អ្នកណាមួយដែលនិយាយត្រឹមត្រូវ?» (ម៉ាថាយ ៨:៥, ៦; លូកា ៧:២, ៣) ប៉ុន្តែ តើរឿងនេះពិតជាការប្រឆាំងនឹងគ្នាមែនទេ?
នៅពេលដែលកម្មករបានបញ្ចប់កិច្ចការដ៏ត្រឹមត្រូវរួចមក ហើយគេក៏បានថាចៅហ្វាយគេទេតើដែលជាអ្នកធ្វើ នោះគ្មានអ្នកដែលមានយោបល់ដ៏សមរម្យណាមួយឡើយដែលប្រកាសថារឿងនេះជាការនិយាយប្រឆាំងនឹងខ្លួនឯងទេ។ ឧទាហរណ៍យ៉ាងដូច្នេះ សេចក្ដីរាយការណ៍ថាចៅហ្វាយក្រុងបានកសាងផ្លូវថ្នល់មួយ តើអ្នកយល់ថាសេចក្ដីរាយការណ៍នោះមិនត្រឹមត្រូវទេ ទោះបីជាវិស្វករនិងអ្នកធ្វើការដទៃទៀត ពិតជាបានកសាងផ្លូវថ្នល់នោះដោយផ្ទាល់ដៃគេមែន? ពិតជាមិនមែនទេ។ ក៏ដូចគ្នាដែរ មិនមែនជាការមិនស្របទៅតាមគ្នាទេដែលម៉ាថាយនិយាយថាមេទ័ពម្នាក់បានសុំទូលអង្វរព្រះយេស៊ូវ ប៉ុន្តែលូកាបានសរសេរថាបាវសំណប់មេទ័ពបានត្រូវបញ្ជូនទៅជួបនឹងទ្រង់នោះ។
នៅពេលដែលបានដឹងនូវការពិស្ដារដ៏ច្រើនទៀត យើងនឹងយល់ថារឿងដែលមានទំនងដូចជាភាពមិនស្របគ្នាក្នុងព្រះគម្ពីរនោះមុខជានឹងលែងមានឃើញទៀតឡើយ។
ប្រវត្ដិសាស្ត្រនិងវិទ្យាសាស្ត្រ
គ្រាមួយនោះ ភាពត្រឹមត្រូវនៃប្រវត្ដិសាស្ត្ររបស់ព្រះគម្ពីរក៏ជារឿងមួយដែលមនុស្សជាច្រើនបានសង្ស័យ។ ឧទាហរណ៍មួយដែលអ្នករិះគន់ជាច្រើនបានសង្ស័យគឺការដើរតួក្នុងព្រះគម្ពីរដូចជា ស្តេចសាហ្គុននៃស្រុកអាសស៊ើរបេលសាសារនៃស្រុកបាប៊ីឡូន ហើយនិងប៉ុនទាស-ពីឡាត់ជាចៅហ្វាយខេត្តមួយនៃស្រុករ៉ូម។ ប៉ុន្តែការរកឃើញក្នុងពេលថ្មីៗនេះបានបញ្ជាក់ពីរឿងមួយទៅរឿងមួយក្នុងព្រះគម្ពីរ។ ដូច្នេះហើយបានជាអ្នកប្រវត្ដិសាស្ត្រម៉ូហ្សី-ភើលម៉ាន (Moshe Pearlman) សរសេរថា៖ «ក្នុងពេលភ្លាមនោះ អ្នករកកំហុសជាច្រើនដែលបានសង្ស័យអំពីភាពទៀងទាត់នៃផ្នែកប្រវត្ដិសាស្ត្រ ក្នុងសញ្ញាចាស់ក៏បានចាប់ផ្ដើមប្ដូរគំនិតរបស់គេ»។
បើសិនជាយើងនឹងជឿព្រះគម្ពីរ យើងក៏ត្រូវតែយល់ថារឿងរ៉ាវខាងផ្នែកវិទ្យាសាស្ត្រដែលបានចែងឡើង ក្នុងព្រះគម្ពីរនោះ គឺពិតជាមានភាពត្រឹមត្រូវមែន។ មែនទេ? មិនមែនអស់កាលជាយូរនោះឡើយដែលអ្នកវិទ្យាសាស្ត្របាននិយាយអះអាង ដោយផ្ទុយពីព្រះគម្ពីរថា សកលលោកនេះគ្មានការចាប់ផ្ដើមទេ។ ប៉ុន្តែអ្នកតារាសាស្ត្ររ៉ូបិត-យ៉ាស្ត្រូ (Robert Jastrow) បាននិយាយក្នុងពេលថ្មីៗនេះ អំពីដំណឹងថ្មីដែលបដិសេធរឿងនេះថា៖ «ឥឡូវនេះយើងឃើញហើយថា តាមរបៀបណាដែលភស្តុតាងខាងផ្នែកតារាសាស្ត្របាននាំយើងឲ្យជឿទៅលើមតិក្នុងព្រះគម្ពីរអំពីការចាប់ផ្ដើមរបស់លោកីយនេះ។ រឿងតូចតាចនោះខុសគ្នាមែន ប៉ុន្តែជាតួសំខាន់ក្នុងផ្នែកតារាសាស្ត្រហើយនិងរឿងក្នុងសៀវភៅលោកុប្បត្តិនៃព្រះគម្ពីរគឺពិតជាដូចគ្នាមែន»។—លោកុប្បត្តិ ១:១
មនុស្សក៏បានប្ដូរមតិគេអំពីទ្រង់ទ្រាយនៃផែនដីដែរ។ សៀវភៅឈ្មោះ The World Book Encyclopedia បានពន្យល់ពី«ការធ្វើដំណើរនៃការរកឃើញ»ថា៖ «បានបង្ហាញថា ផែនដីមានទ្រង់ទ្រាយមូល គឺមិនមែនរាបស្មើដូចមនុស្សភាគច្រើនបានជឿនោះទេ»។ ប៉ុន្តែ ព្រះគម្ពីរបានសំដែងយ៉ាងត្រឹមត្រូវតាំងពីដើមមក។ ជាង២០០០ឆ្នាំមុនការធ្វើដំណើរនោះ ព្រះគម្ពីរបានសំដែងក្នុងសៀវភៅអេសាយ ៤០:២២ថា៖ «គឺព្រះដែលគង់ពីលើរង្វង់ផែនដី» ឬ «គង់ពីលើផែនដីមូល»។
បើសិនជាមនុស្សរៀនថែមទៀត ភស្តុតាងជាច្រើននឹងនាំឲ្យគេជឿទុកចិត្តទៅលើព្រះគម្ពីរ។ លោកហ្វ្រេដេរិក-ខេនយ៉ុន (Sir Frederick Kenyon) ជាអតីតចាងហ្វាងនៃសារមន្ទីររបស់ស្រុកអង់គ្លេសបានសរសេរថា៖ «លទ្ធផលដ៏សម្រេចបានបញ្ជាក់សេចក្ដីពិត ពីអ្នកមានជំនឿដែលយល់ថា ជំនឿនៃព្រះគម្ពីរនឹងពិតជាកើនឡើង នៅពេលដែលការចេះដឹងរបស់គេបានលូតលាស់ជាច្រើន»។
ការទាយអំពីពេលអនាគត
ប៉ុន្តែតើយើងអាចទុកចិត្តជាពិតប្រាកដទេ នូវការទាយក្នុងព្រះគម្ពីរអំពីពេលអនាគត ថែមទាំងសេចក្ដីសន្យាអំពី «ផ្ទៃមេឃថ្មីនិងផែនដីថ្មី ដ៏សុចរិត»? (ពេត្រុសទី២ ៣:១៣; វិវរណៈ ២១:៣, ៤) អញ្ចឹង តើព្រះគម្ពីរបានសំដែងនូវឯកសារយ៉ាងណាខ្លះអំពីលក្ខណៈដ៏ត្រឹមត្រូវនៃការទាយក្នុងគ្រាមុនមកនោះ? ម្ដងជាពីរដងហើយ ការទាយក្នុងព្រះគម្ពីរបានត្រូវសំរេចឡើងមែន ទោះបីជាការទាយនោះបានចែងមករាប់រយឆ្នាំមុនពេលដែលរឿងរ៉ាវទាំងនោះបានកើតឡើងក៏ដោយ។
ជាឧទាហរណ៍ ព្រះគម្ពីរបានទាយនូវការធ្លាក់ចុះនៃក្រុងបាប៊ីឡូនដ៏ខ្លាំង ជិត២០០ឆ្នាំមុនពេលដែលរឿងនោះបានកើតឡើង។ តាមពិតព្រះបានសំដែងថា ពួកមេឌីដែលបានចងសម្ពន្ធជាមួយនឹងពួកពើស៊ីនោះ នឹងបានជាអ្នកឈ្នះវិញ។ ហើយថ្វីបើស៊ីរូសជាស្តេចលើស្រុកពើស៊ីដែលមិនទាន់កើតនៅឡើយ ព្រះគម្ពីរបានទាយថា លោកនឹងជាអ្នកធំក្នុងការឈ្នះនោះ។ គម្ពីរបានចែងថាទឹកដែលការពារទីក្រុងបាប៊ីឡូនគឺជាទន្លេអ៊ើប្រាត «នឹងរីងស្ងួតទៅ» ហើយថា «ទ្វារទាំងនោះ (នៃទីក្រុងបាប៊ីឡូន) នឹងមិនត្រូវបិទវិញឡើយ»។—យេរេមា ៥០:៣៨; អេសាយ ១៣:១៧-១៩; អេសាយ ៤៤:២៧–៤៥:១
រឿងដ៏ល្អិតល្អន់ទាំងនេះបានកើតឡើងគ្រប់សព្វមែន ដូចជាអ្នកប្រវត្ដិសាស្ត្រហេរូដូទើស (Herodotus) បានរាយការណ៍មក។ ថែមទៅទៀត ព្រះគម្ពីរបានទាយថា ក្រោយមកទីក្រុងបាប៊ីឡូននឹងត្រូវទៅជាសំណង់បាក់បែកដែលគ្មានអ្នកស្រុកនៅឡើយ។ ការទាយនេះបានសម្រេចយ៉ាងត្រឹមត្រូវមែន។ សព្វថ្ងៃទីក្រុងបាប៊ីឡូនជាពូននៃគំនរច្រើនដែលសោះកក្រោះ (អេសាយ ១៣:២០-២២; យេរេមា ៥១:៣៧, ៤១-៤៣) ហើយព្រះគម្ពីរជាសៀវភៅដែលពោរពេញទៅដោយការទាយជាច្រើនទៀត ដែលបានសម្រេចឡើងដោយធ្វើឲ្យរំភើបយ៉ាងខ្លាំងណាស់។
ដូច្នេះ តើព្រះគម្ពីរបានទាយយ៉ាងណាខ្លះអំពីការរៀបចំនៃលោកីយក្នុងសម័យនេះ? ព្រះគម្ពីរបានចែងថា៖ «នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថ មើលងាយ មិនស្រឡាញ់តាមធម្មតាមនុស្ស ... គេមានឫកពារជាអ្នកគោរពប្រតិបត្ដិដល់ព្រះ ប៉ុន្តែ មិនព្រមទទួលស្គាល់ព្រះចេស្ដា ដែលមកដោយការគោរពប្រតិបត្ដិនោះទេ»។—ធីម៉ូថេទី២ ៣:១-៥
សព្វថ្ងៃនេះយើងកំពុងតែឃើញការកើតឡើងជាច្រើនពីទំនាយនេះ។ ប៉ុន្តែព្រះគម្ពីរក៏បានទាយដែរអំពី «ជាន់ក្រោយបង្អស់» ថា៖ «សាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនឹងកើតមានអំណត់»។ ថែមទៅទៀត «ក៏នឹងមានកក្រើកដីជាខ្លាំង នឹងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ»។—ម៉ាថាយ ២៤:៧; លូកា ២១:១១
តាមពិត ការទាយជាច្រើនក្នុងព្រះគម្ពីរកំពុងតែកើតមានឡើងជាបន្តទៅទៀត! ដូច្នេះហើយ តើយើងគួរតែគិតយ៉ាងណាអំពីសេចក្ដីសន្យាជាច្រើនក្នុងព្រះគម្ពីរដែលមិនទាន់កើតនៅឡើយ ដូចជា «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច» ហើយ «នោះគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល . . . ក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ»?—ទំនុកដំកើង ៣៧:២៩; អេសាយ ២:៤
ប៉ុន្តែថ្វីបើរឿងទាំងនេះពិតហើយ អ្នកខ្លះនិយាយថាគេ «នៅមិនទាន់ជឿនៅឡើយ»។ ប៉ុន្តែជាប្រាកដ មិនមានហេតុផលណាមួយឡើយដែលគួរតែធ្វើឲ្យយើងសង្ស័យនូវរបស់អ្វីៗ ដែលអ្នកបង្កើតរបស់យើងបានសន្យាមក។ បន្ទូលរបស់ទ្រង់នឹងជាទីទុកចិត្តដល់យើងមែន! (ទីតុស ១:២) ដោយសារការពិនិត្យភស្តុតាងថែមទៀត អ្នកនឹងអាចទៅជាអ្នកជឿនូវរឿងសំខាន់ទាំងនេះបាន។
បើគ្មានការបញ្ជាក់ថែមទៀតទេនោះ អត្ថបទនៃព្រះគម្ពីរនៅក្នុងព្រឹត្ដិប័ត្រនេះ បានដកស្រង់ចេញពីសេចក្ដីបកប្រែជាភាសាខ្មែរ ពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ដែលផ្សាយចេញក្នុងឆ្នាំ១៩៥៤។
[ឃ្លាអក្សរធំនៅទំព័រ៤]
«លទ្ធផលដ៏សម្រេចបានបញ្ជាក់សេចក្ដីពិតពីអ្នកមានជំនឿដែលយល់ថាជំនឿនៃព្រះគម្ពីរនិងពិតជាកើនឡើងនៅពេលដែលការចេះដឹងរបស់គេបានលូតលាស់ជាច្រើន»