បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ១៥ ទំ. ១២៧-១៣៣
  • ការប្រែទៅជាអនុរាស្ដម្នាក់នៃរដ្ឋាភិបាលរបស់ព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការប្រែទៅជាអនុរាស្ដម្នាក់នៃរដ្ឋាភិបាលរបស់ព្រះ
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ត្រូវ​ការ​តម្រិះ​វិជ្ជា​ជា​ចាំបាច់
  • ការ​តម្រូវ​ឲ្យ​មាន​ចរិយា​ដ៏​សុចរិត
  • សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​រដ្ឋាភិបាល​របស់​ព្រះ
  • រដ្ឋាភិបាលរបស់ព្រះដែលផ្ដល់នូវសន្ដិភាព
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើរាជាណាចក្ររបស់ព្រះជាអ្វី?
    សំណួរនិងចម្លើយពីគម្ពីរ
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ១៥ ទំ. ១២៧-១៣៣

ជំពូក​ទី១៥

ការ​ប្រែ​ទៅ​ជា​អនុរាស្ត្រ​ម្នាក់​នៃ​រដ្ឋាភិបាល​របស់​ព្រះ

១, ២ តើ​ត្រូវ​ធ្វើ​អ្វី​ជា​ចាំបាច់ ដើម្បី​ឲ្យ​បាន​ទៅ​ជា​អនុរាស្ត្រ​ម្នាក់​នៃ​រដ្ឋាភិបាល​របស់​ព្រះ?

តើ​អ្នក​ចង់​រស់​នៅ​ជា​និរន្តរ៍​នៅ​លើ​ផែនដី នៅ​ក្រោម​រដ្ឋាភិបាល​របស់​ព្រះ​ទេ? មនុស្ស​ណា​ដែល​មាន​សតិ​ត្រឹម​ត្រូវ នឹង​ឆ្លើយ​ថា ចង់! អ្នក​នឹង​ទទួល​យ៉ាង​រីករាយ​នូវ​ប្រយោជន៍​ដ៏​អស្ចារ្យ​ជា​ច្រើន។ ប៉ុន្តែ ដើម្បី​ទទួល​របស់​ទាំង​នោះ អ្នក​មិន​គ្រាន់​តែ​លើកដៃ​ហើយ​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ចង់​ទៅ​ជា​អនុរាស្ត្រ​ម្នាក់​នៃ​រដ្ឋាភិបាល​របស់​ព្រះ›​ប៉ុណ្ណោះ​ទេ។ គឺ​ត្រូវ​តែ​មាន​កិច្ចការ​ជា​ចាំបាច់​ច្រើន​ទៀត​ដែរ។

២ ជា​ឧទាហរណ៍ ឧបមា​ថា​អ្នក​ចង់​ចូល​សញ្ជាតិ​នៃ​ប្រទេស​ផ្សេង​ទៀត។ ដើម្បី​នឹង​ធ្វើ​យ៉ាង​នេះ​បាន អ្នក​នឹង​ត្រូវ​អនុលោម​តាម​សេចក្ដី​តម្រូវ ដែល​អ្នក​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​បាន​ដាក់​មក។ ប៉ុន្តែ មុន​នឹង​អ្នក​អាច​ធ្វើ​ការ​នេះ​បាន អ្នក​ត្រូវ​តែ​រៀន​ឲ្យ​ដឹង​អំពី​សេចក្ដី​តម្រូវ​ទាំង​នេះ​សិន។ តាម​របៀប​ស្រដៀង​គ្នា​នោះ អ្នក​ត្រូវ​តែ​រៀន​ជា​ចាំបាច់ នូវ​អ្វី​ៗ​ដែល​ព្រះ​ទ្រង់​តម្រូវ​ពី​អ្នក​ណា​ដែល​ចង់​ទៅ​ជា​អនុរាស្ត្រ​របស់​រដ្ឋាភិបាល​ទ្រង់។ ហើយ​បន្ទាប់​មក អ្នក​ត្រូវ​អនុលោម​តាម​សេចក្ដី​តម្រូវ​ទាំង​នោះ។

ត្រូវ​ការ​តម្រិះ​វិជ្ជា​ជា​ចាំបាច់

៣ តើ​អ្វី​ជា​សេចក្ដី​តម្រូវ​មួយ ដើម្បី​ឲ្យ​បាន​ទៅ​ជា​អនុរាស្ត្រ​ម្នាក់​នៃ​រដ្ឋាភិបាល​របស់​ព្រះ?

៣ សេចក្ដី​តម្រូវ​ដ៏​សំខាន់​មួយ ចំពោះ​ការ​ប្រែ​ទៅ​ជា​អនុរាស្ត្រ​នៃ​រដ្ឋាភិបាល​របស់​ព្រះ​នោះ គឺ​ជា​ការ​កើន​តម្រិះ​វិជ្ជា​ខាង​«​ភាសា​»​នៃ​រដ្ឋាភិបាល​នេះ។ ពិត​ហើយ នេះ​ជា​ការ​សម​ហេតុ​សម​ផល​មែន។ ដ្បិត​រដ្ឋាភិបាល​របស់​មនុស្ស​ខ្លះ ក៏​តម្រូវ​អ្នក​ចូល​សញ្ជាតិ​ថ្មី​ឲ្យ​ចេះ​និយាយ​ភាសា​របស់​ប្រទេស​ពួកគេ​ដែរ។ បើ​អញ្ចឹង តើ​ពួក​អ្នក​ដែល​នឹង​ទទួល​ជីវិត​នៅ​ក្រោម​រដ្ឋាភិបាល​របស់​ព្រះ​ត្រូវ​តែ​រៀន​«​ភាសា​»​អ្វី​ទៅ?

៤ អ្វី​ជា​«​ភាសា​បរិសុទ្ធ​»​ ដែល​រាស្ត្រ​របស់​ព្រះ​ត្រូវ​តែ​រៀន?

៤ សូម​កត់សម្គាល់ ពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​អំពី​រឿង​នេះ​នៅ​ក្នុង​ព្រះ​បន្ទូល​ទ្រង់ ជា​ព្រះ​គម្ពីរ​ថា​៖ ​«​នៅ​គ្រា​នោះ អញ​នឹង​ឲ្យ​ជនជាតិ​ទាំង​ឡាយ មាន​បបូរមាត់​ស្អាត​[​ភាសា​បរិសុទ្ធ​«​ពថ​»​] ដើម្បី​ឲ្យ​គេ​បាន​អំពាវនាវ​ដល់​ព្រះ​នាម​ព្រះ​យេហូវ៉ា​ទាំងអស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់​»។ (​សេផានា ៣:៩​) ​«​ភាសា​បរិសុទ្ធ​»​នេះ ជា​សេចក្ដី​ពិត​នៃ​ព្រះ​ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ។ ជា​ពិសេស នេះ​ជា​សេចក្ដី​ពិត​អំពី​រាជ​រដ្ឋាភិបាល​របស់​ព្រះ។ ដូច្នេះ ដើម្បី​ឲ្យ​បាន​ទៅ​ជា​អនុរាស្ត្រ​ម្នាក់​នៃ​រដ្ឋាភិបាល​របស់​ព្រះ លោក​អ្នក​ត្រូវ​តែ​រៀន​«​ភាសា​»​នេះ ដោយ​យក​ចូល​នូវ​តម្រិះ​វិជ្ជា​អំពី​ព្រះ​យេហូវ៉ា និង​អំពី​ការ​រៀបចំ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។—កូល៉ុស ១:៩, ១០; សុភាសិត ២:១​-​៥

៥ (​ក​) តើ​អ្វី​ដែល​យើង​ត្រូវ​តែ​ដឹង អំពី​រដ្ឋាភិបាល​របស់​ព្រះ? (​ខ​) តើ​តម្រិះ​វិជ្ជា​អ្វី ដែល​យើង​ត្រូវ​ការ​ជា​ចាំបាច់ ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​ដ៏​អស់កល្ប​ជានិច្ច?

៥ សព្វ​ថ្ងៃ​នេះ រដ្ឋាភិបាល​របស់​មនុស្ស​ខ្លះ តម្រូវ​ឲ្យ​ពួក​អ្នក​ដែល​ទទួល​សញ្ជាតិ​មាន​តម្រិះ​ខ្លះ​អំពី​ប្រវត្ដិសាស្ត្រ​នៃ​រដ្ឋាភិបាល​របស់​ពួកគេ ហើយ​ក៏​ឲ្យ​មាន​តម្រិះ​អំពី​ដំណើរ​ប្រតិបត្ដិ​ការ​នៃ​រដ្ឋាភិបាល​នោះ​ផង។ ក៏​យ៉ាង​នេះ​ដែរ លោក​អ្នក​គួរ​តែ​ដឹង​រឿង​បែប​នេះ​អំពី​រដ្ឋាភិបាល​របស់​ព្រះ ប្រសិន​បើ​អ្នក​នឹង​ទៅ​ជា​​អនុរាស្ត្រ​នៃ​រដ្ឋាភិបាល​នេះ​បាន។ តម្រិះ​វិជ្ជា​នេះ អាច​នាំ​ទៅ​ជីវិត​ដ៏​អនន្ត​បាន។ ក្នុង​សេចក្ដី​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា​ទ្រង់ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​៖ ​«​នេះ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង​»។—យ៉ូហាន ១៧:៣

៦ (​ក​) តើ​អនុរាស្ត្រ​នៃ​រដ្ឋាភិបាល​របស់​ព្រះ គួរ​តែ​មាន​សមត្ថភាព​នឹង​ឆ្លើយ​សំនួរ​អ្វី​ខ្លះ? (​ខ​) តើ​អ្នក​អាច​ឆ្លើយ​នូវ​សំនួរ​ទាំង​នេះ​បាន​ទេ?

៦ ប្រសិន​បើ​លោក​អ្នក​បាន​សិក្សា​ជំពូក​មុន​ៗ​ក្នុង​សៀវភៅ​នេះ​រួច​មក​ហើយ​នោះ មក​ដល់​ពេល​ឥឡូវ​នេះ អ្នក​គួរ​តែ​បាន​យល់​យ៉ាង​ច្រើន​នូវ​តម្រិះ​វិជ្ជា​ដ៏​សំខាន់​បំផុត​នេះ​ហើយ។ តើ​អ្នក​យល់​ពី​ការ​នេះ​ទេ? តើ​អ្នក​អាច​សម្ដែង​ថា ខ្លួន​បាន​រៀន​ហើយ​យល់​ពី​ការ​នេះ ដោយ​ឆ្លើយ​សំនួរ​ទាំង​ឡាយ​នេះ ដូច​ជា​៖ តើ​ពេល​ណា​ដែល​ព្រះ​បាន​សម្ដែង​ព្រះ​បំណង​ទ្រង់​ជា​លើក​ទី​មួយ ចំពោះ​រាជ​រដ្ឋាភិបាល​នោះ? តើ​ជន​បម្រើ​ណា​ខ្លះ​របស់​ព្រះ ដែល​បាន​សង្ឃឹម​នឹង​ទៅ​ជា​អនុរាស្ត្រ​នៅ​លើ​ផែនដី​នៃ​រដ្ឋាភិបាល​នេះ? តើ​រដ្ឋាភិបាល​របស់​ព្រះ​នឹង​មាន​អ្នក​គ្រប់​គ្រង ឬ​ស្តេច​ប៉ុន្មាន​អង្គ? តើ​ស្តេច​ទាំង​នេះ​នឹង​សោយ​រាជ្យ​ពី​ទីណា? តើ​ពួក​ណា​ជា​អ្នក​ដែល​ព្រះ​ជ្រើសរើស​មុន​គេ ឲ្យ​ធ្វើ​ជា​ស្តេច​ក្នុង​រដ្ឋាភិបាល​ព្រះ? តើ​ព្រះ​យេស៊ូវ​បាន​សម្ដែង​ឲ្យ​ឃើញ​ភស្តុតាង​យ៉ាង​ណា ដែល​ថា​ទ្រង់​នឹង​ទៅ​ជា​ស្តេច​ដ៏​ល្អ​មួយ​អង្គ​នោះ? ប៉ុន្តែ ដើម្បី​ឲ្យ​បាន​ទៅ​ជា​អនុរាស្ត្រ​ម្នាក់​នៃ​រដ្ឋាភិបាល​របស់​ព្រះ គឺ​ត្រូវ​តែ​មាន​សេចក្ដី​តម្រូវ​ច្រើន​ទៀត មិន​គ្រាន់​តែ​មាន​តម្រិះ​វិជ្ជា​អំពី​រឿង​នេះ​ប៉ុណ្ណោះ​ទេ។

ការ​តម្រូវ​ឲ្យ​មាន​ចរិយា​ដ៏​សុចរិត

៧ រីឯ​រដ្ឋាភិបាល​របស់​មនុស្ស​នានា តើ​សេចក្ដី​តម្រូវ​ចំពោះ​ការ​ចូល​សញ្ជាតិ​ខុស​គ្នា​យ៉ាង​ណា?

៧ រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ​តម្រូវ​ឲ្យ អ្នក​ចូល​សញ្ជាតិ​ថ្មី​ត្រូវ​ធ្វើ​តាម​បមាណីយ​ខាង​ចរិយា​ដែល​បាន​តាំង​មក។ ជា​ឧទាហរណ៍ ពួកគេ​ប្រហែល​ជា​និយាយ​ថា បុរស​ម្នាក់​អាច​មាន​ប្រពន្ធ​តែមួយ​ទេ និង​ស្ត្រី​ម្នាក់​អាច​មាន​ប្ដី​តែមួយ​ដែរ។ ប៉ុន្តែ រដ្ឋាភិបាល​ខ្លះ​ទៀត​មាន​ច្បាប់​ខុស​គ្នា។ ពួកគេ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​គេ មាន​គូស្វាមី​ភរិយា​ជា​ច្រើន។ ចំពោះ​មនុស្ស​ណា​ដែល​ចង់​ទៅ​ជា​អនុរាស្ត្រ​នៃ​រដ្ឋាភិបាល​របស់​ព្រះ តើ​គេ​ត្រូវ​មាន​ចរិយា​យ៉ាង​ណា? តើ​ព្រះ​មាន​បន្ទូល​យ៉ាង​ណា ដែល​ជា​ការ​ត្រឹម​ត្រូវ​ចំពោះ​រឿង​អាពាហ៍ពិពាហ៍​នោះ?

៨ (​ក​) តើ​បមាណីយ​របស់​ព្រះ​ចំពោះ​រឿង​អាពាហ៍ពិពាហ៍​យ៉ាង​ណា​ដែរ? (​ខ​) អ្វី​ជា​សេចក្ដី​កំផិត ហើយ​ព្រះ​មាន​បន្ទូល​យ៉ាង​ណា​អំពី​រឿង​នេះ?

៨ កាល​ដើម​ដំបូង​ឡើយ ព្រះ​យេហូវ៉ា​បាន​ដាក់​បមាណីយ​ចំពោះ​​អាពាហ៍ពិពាហ៍ ពេល​ដែល​ទ្រង់​បាន​ប្រទាន​ភរិយា​តែមួយ​ឲ្យ​អ័ដាម។ ព្រះ​បាន​មាន​បន្ទូល​ថា​៖ ​«​ដោយ​ហេតុ​នោះ បាន​ជា​មនុស្ស​ប្រុស​នឹង​លា​ចេញ​ពី​ឪពុក​ម្ដាយ​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១​សុទ្ធ​»។ (​លោកុប្បត្តិ ២:២១​-​២៤​) ព្រះ​យេស៊ូវ​បាន​ពន្យល់​ថា នេះ​ជា​បមាណីយ​ដ៏​ត្រឹម​ត្រូវ​សំរាប់​ពួក​គ្រីស្ទាន។ (​ម៉ាថាយ ១៩:៤​-​៦​) ដោយសារ​គូស្វាមី​ភរិយា​បាន​ទៅ​ជា​«​សាច់​តែ​១​សុទ្ធ​»​ហើយ​នោះ ដូច្នេះ​ប្រសិន​បើ​ពួកគេ​សេព​មេថុន​ជា​មួយ​អ្នក​ដទៃ​ទៀត ពួកគេ​នឹង​ធ្វើ​ឲ្យ​ខូច​កិត្ដិយស​ដល់​អាពាហ៍​​ពិពាហ៍​នោះ។ អំពើ​នេះ​ត្រូវ​បាន​ហៅ​ជា​សេចក្ដី​កំផិត ហើយ​ព្រះ​មាន​បន្ទូល​ថា ទ្រង់​នឹង​កាត់​ទោស​ដល់​ពួក​អ្នក​កំផិត។—ហេព្រើរ ១៣:៤; ម៉ាឡាគី ៣:៥

៩ (​ក​) តើ​ព្រះ​ទ្រង់​មាន​ទស្សនៈ​យ៉ាង​ណា ពី​មនុស្ស​ដែល​មាន​ការ​សេពមេថុនកម្ម នៅ​ពេល​ដែល​ពួកគេ​មិន​បាន​រៀប​ការ​នោះ? (​ខ​) អ្វី​ជា​ការ​សហាយស្មន់?

៩ ម្យ៉ាង​វិញ​ទៀត ប្រុស​និង​ស្រី​ជា​ច្រើន​រស់​នៅ​ជា​មួយ​គ្នា និង​មាន​ការ​រួម​ដំណេក​ជា​មួយ​គ្នា ប៉ុន្តែ​ពួកគេ​មិន​បាន​រៀប​ការ​ទេ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ព្រះ​មិន​ដែល​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​ការ​ទាក់ទង​ដ៏​ជិត​ស្និទ្ធ រវាង​បុរស​នឹង​ស្ត្រី ជា​មូលដ្ឋាន​នៃ​ការ​ល្បង​មើល​ទេ។ ដូច្នេះ ការ​រស់​នៅ​ជា​មួយ​គ្នា​ដែល​មិន​បាន​រៀប​ការ ជា​អំពើ​បាប​ប្រឆាំង​នឹង​ព្រះ ដែល​ទ្រង់​ជា​អ្នក​បង្កើត​ការ​រៀបចំ​ឲ្យ​មាន​អាពាហ៍ពិពាហ៍​នោះ។ នេះ​បាន​ហៅ​ថា​ការ​សហាយស្មន់។ ការ​សហាយស្មន់​ជា​ការ​សេពមេថុនកម្ម​ជា​មួយ​មនុស្ស​ណា​មួយ ដែល​អ្នក​មិន​បាន​រៀប​ការ។ ហើយ​ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ចូរ​រត់​ពី​ការ​សហាយស្មន់​ចេញ . . . អ្នក​ណា​ដែល​សហាយស្មន់​គ្នា នោះ​ឈ្មោះ​ថា​ធ្វើ​បាប​ដល់​រូបកាយ​ខ្លួន​ឯង​ផង​»។ (​កូរិនថូសទី១ ៦:១៨​) ដូច្នេះ​ហើយ ចំពោះ​មនុស្ស​ដែល​នៅ​លីវ ការ​សេពមេថុនកម្ម​ជា​មួយ​អ្នក​ណា​ម្នាក់ ជា​ការ​ខុស​ហើយ។

១០ តើ​មាន​អំពើ​សេព​មេថុន​ណា​ទៀត​ដែល​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​ព្រះ?

១០ សព្វ​ថ្ងៃ​នេះ បុរស​និង​ស្ត្រី​ជា​ច្រើន​បាន​ប្រព្រឹត្ត​អំពើ​សេព​មេថុន​ជា​មួយ​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា—បុរស​ជា​មួយ​នឹង​បុរស ហើយ​ស្ត្រី​ជា​មួយ​នឹង​ស្ត្រី។ មនុស្ស​ប្រភេទ​នេះ​បាន​ត្រូវ​ហៅ​ថា មនុស្ស​លេង​កូន​ជឹង។ ប៉ុន្តែ​បន្ទូល​ព្រះ​បាន​ចែង​ថា អ្វី​ៗ​ដែល​ពួកគេ​ធ្វើ​នេះ គឺ​ខុស ហើយ​ជា​«​ការ​ដ៏​អាក្រក់​ជួជាតិ​»។ (​រ៉ូម ១:២៦, ២៧​) ក៏​ជា​ការ​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​ដែរ ចំពោះ​មនុស្ស​ណា​ដែល​សេព​មេថុន​ជា​មួយ​នឹង​សត្វ។ (​លេវីវិន័យ ១៨:២៣​) អ្នក​ណា​មួយ​ដែល​ចង់​រស់​នៅ​ក្រោម​រដ្ឋាភិបាល​របស់​ព្រះ ត្រូវ​តែ​ចាក​ចេញ​ឲ្យ​ផុត ពី​ការ​ប្រព្រឹត្ត​អំពើ​អសីលធម៌​ទាំង​នេះ។

១១ (​ក​) តើ​ព្រះ​ទ្រង់​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​ការ​ប្រើ​គ្រឿង​សុរា​នោះ? (​ខ​) ពួក​អ្នក​ដែល​ចង់​ទៅ​ជា​អនុរាស្ត្រ​នៃ​រដ្ឋាភិបាល​របស់​ព្រះ ត្រូវ​ជៀសវាង​ពី​ការ​ប្រព្រឹត្ត​អ្វី​ខ្លះ ដែល​ធ្វើ​ឲ្យ​ខូច​សុខភាព​នោះ?

១១ ការ​ផឹក​ស្រា ប៊ីយែ័រ ឬ​ក៏​គ្រឿង​សុរា​ដោយ​សម​ល្មម​នោះ មិន​មែន​ជា​ការ​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​ព្រះ​ទេ។ តាម​ការ​ពិត ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា ស្រា​បន្ដិច​បន្តួច​អាច​ជា​ការ​ល្អ​ចំពោះ​សុខភាព​របស់​មនុស្ស។ (​ទំនុកដំកើង ១០៤:១៥; ធីម៉ូថេទី១ ៥:២៣​) ប៉ុន្តែ ជា​ការ​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​ព្រះ ក្នុង​ការ​ធ្វើ​ឲ្យ​ស្រវឹង ឬ​ក៏​ចូលរួម​ក្នុង​ការ​ជប់លៀង​ដ៏​អវិន័យ​ដែល​នៅ​ទីនោះ​មនុស្ស​សម្ដែង​ចរិយា​​មារយាទ​អសីលធម៌។ (​អេភេសូរ ៥:១៨; ពេត្រុសទី១ ៤:៣, ៤​) បន្ថែម​ទៅ​លើ​ការ​ប្រើ​គ្រឿង​សុរា​ដើម្បី​ឲ្យ​ស្រវឹង​នោះ មនុស្ស​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​បាន​ប្រើ​គ្រឿង​ញៀន​ផ្សេង​ៗ សំរាប់​គោល​បំណង​ដូច​គ្នា​ដែរ។ ម្យ៉ាង​ទៀត ដើម្បី​ជា​ការ​កំសាន្ត ពួកគេ​ប្រហែល​ជា​ជក់​កញ្ឆា​ឬ​ក៏​ថ្នាំ ឯ​អ្នក​ដទៃ​ទៀត​ទំពា​ស្លា​ឬ​ក៏​ម្លូ។ ប៉ុន្តែ​របស់​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​កាយ​ពួកគេ​ស្មោកគ្រោក និង​មាន​គ្រោះថ្នាក់​ដល់​សុខភាព​របស់​គេ​ផង។ ដូច្នេះ ប្រសិន​ជា​លោក​អ្នក​ចង់​ទៅ​ជា​អនុរាស្ត្រ​ម្នាក់​នៃ​រដ្ឋាភិបាល​របស់​ព្រះ អ្នក​ត្រូវ​តែ​ជៀស​ឲ្យ​ផុត​ពី​របស់​ដែល​ពោរពេញ​ទៅ​ដោយ​សេចក្ដី​គ្រោះថ្នាក់​ទាំង​នេះ។—កូរិនថូសទី២ ៧:១

១២ (​ក​) តើ​ការ​ប្រព្រឹត្ត​មិន​ស្មោះ​ត្រង់ ដែល​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​ព្រះ មាន​អ្វី​ខ្លះ? (​ខ​) តើ​មនុស្ស​ដែល​ជាប់​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ទាំង​នេះ អាច​ទទួល​នូវ​សេចក្ដី​អនុគ្រោះ​ពី​ព្រះ​បាន​យ៉ាង​ណា?

១២ ជា​ការ​ជាក់​ស្តែង​ណាស់ រដ្ឋាភិបាល​របស់​មនុស្ស​ទាំង​ឡាយ មិន​ចង់​បាន​ពួក​ឧក្រិដ្ឋ​ជន​ជា​ពលរដ្ឋ​ថ្មី​របស់​គេ​ទេ។ ហើយ​ព្រះ​យេហូវ៉ា​មាន​បមាណីយ​រឹតតែ​ខ្ពស់​ទៅ​ទៀត។ ទ្រង់​តម្រូវ​ឲ្យ​យើង ​«​ប្រព្រឹត្ត​ល្អ ក្នុង​គ្រប់​ការ​ទាំងអស់​»។ (​ហេព្រើរ ១៣:១៨​) ប្រសិន​បើ​បុគ្គល​ណា​មិន​កាន់​ក្រិត្យ​វិន័យ​ព្រះ បុគ្គល​នោះ​នឹង​មិន​បាន​អនុញ្ញាត​ឲ្យ​រស់​នៅ​ក្រោម​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​ឡើយ។ សព្វ​ថ្ងៃ​នេះ មនុស្ស​តែង​តែ​ធ្វើពើ​ជា​អ្នក​ស្មោះ​ត្រង់ ប៉ុន្តែ​ពួកគេ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ជា​ច្រើន។ យ៉ាង​ណា​ក៏​ដោយ ព្រះ​អាច​ទត​ឃើញ​គ្រប់​ការ​ទាំងអស់។ គ្មាន​អ្នក​ណា​អាច​បំភាន់​ទ្រង់​បាន​ឡើយ។ (​ហេព្រើរ ៤:១៣; សុភាសិត ១៥:៣; កាឡាទី ៦:៧, ៨​) ដូច្នេះ ចំពោះ​អ្នក​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ក្រិត្យ​វិន័យ​ទ្រង់ ដូច​ជា​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​ខាង​ការ​ភូត​កុហក និង​ការ​លួច​ជា​ដើម ព្រះ​យេហូវ៉ា​នឹង​ធ្វើ​យ៉ាង​ណា ដើម្បី​នឹង​មិន​ឲ្យ​អ្នក​នោះ​ទៅ​ជា​អនុរាស្ត្រ​នៃ​រដ្ឋាភិបាល​ទ្រង់​បាន​ឡើយ។ (​អេភេសូរ ៤:២៥, ២៨; វិវរណៈ ២១:៨​) ប៉ុន្តែ ព្រះ​ទ្រង់​មាន​ព្រះទ័យ​អត់ធ្មត់​និង​ចេះ​អត់​ឱន​ទោស។ ដូច្នេះ ប្រសិន​បើ​ជន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​ម្នាក់ ឈប់​ការ​ប្រព្រឹត្ត​អាក្រក់​របស់​គាត់ ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​ល្អ​វិញ​នោះ ព្រះ​នឹង​ទទួល​យក​គាត់​ជា​មិន​ខាន។—អេសាយ ៥៥:៧

១៣ តើ​អ្នក​បម្រើ​របស់​ព្រះ​ត្រូវ​មាន​ទស្សនៈ​យ៉ាង​ណា ចំពោះ​ច្បាប់​នៃ​រដ្ឋាភិបាល​របស់​មនុស្ស?

១៣ ប៉ុន្តែ តើ​ការ​គោរព​តាម​ច្បាប់​នៃ​រដ្ឋាភិបាល​របស់​មនុស្ស​យ៉ាង​ណា​ដែរ? ដរាប​ណា​រដ្ឋាភិបាល​របស់​មនុស្ស​មាន​នៅ ព្រះ​នៅ​តែ​តម្រូវ​ឲ្យ​អ្នក​បម្រើ​ទ្រង់​ចុះ​ចូល​នឹង​«​ពួក​មាន​អំណាច​ទាំងអស់​»​ជានិច្ច។ ពន្ធ​ត្រូវ​តែ​បង់​ឲ្យ​ពួកគេ ទោះបី​ពន្ធ​នោះ​ច្រើន​យ៉ាង​ណា​ក្ដី ហើយ​ទោះបី​បុគ្គល​នោះ​មិន​យល់​ស្រប​នឹង​របៀប​ប្រើ​ប្រាក់​ពន្ធ​នោះ​ក៏​ដោយ។ ច្បាប់​របស់​រដ្ឋាភិបាល​ក៏​ត្រូវ​តែ​គោរព​ដែរ។ (​រ៉ូម ១៣:១, ៧; ​ទីតុស ៣:១​) លើក​លែង​តែ​ការ​មួយ គឺ​បើ​កាលណា​ការ​គោរព​ច្បាប់​នោះ អាច​បណ្ដាល​ឲ្យ​បុគ្គល​នោះ​ល្មើស​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ។ ក្នុង​ករណី​នេះ លោក​ពេត្រុស និង​សាវក​ឯ​ទៀត​បាន​ពោល​ថា​«​ត្រូវ​តែ​ស្ដាប់បង្គាប់​របស់​ព្រះ​ជាជាង​មនុស្ស​»។—កិច្ចការ ៥:២៩

១៤ តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា ថា​យើង​យល់​ស្រប​តាម​ទស្សនៈ​របស់​ព្រះ​អំពី​តម្លៃ​នៃ​ជីវិត​នោះ?

១៤ ព្រះ​ចាត់​ថា​ជីវិត​មាន​តម្លៃ​យ៉ាង​ខ្ពស់។ ពួក​អ្នក​ដែល​ចង់​ទៅ​ជា​អនុរាស្ត្រ​នៃ​រដ្ឋាភិបាល​ទ្រង់ ត្រូវ​តែ​យល់​អំពី​រឿង​នេះ។ ជា​ការ​ជាក់​ស្តែង ឃាតកម្ម​ជា​ការ​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​ព្រះ។ ប៉ុន្តែ​សំអប់​តែង​តែ​នាំ​ឲ្យ​កើត​មាន​ឃាតកម្ម ហើយ​បើ​អ្នក​ណា​មួយ​នៅ​តែ​ស្អប់​មនុស្ស​គ្នា​ឯង​នោះ គាត់​នោះ​មិន​អាច​ទៅ​ជា​អនុរាស្ត្រ​ម្នាក់​នៃ​រដ្ឋាភិបាល​របស់​ព្រះ​បាន​ឡើយ។ (​យ៉ូហានទី១ ៣:១៥​) ដូច្នេះ​ហើយ ការ​អនុវត្តន៍​តាម​អ្វី​ៗ​ដែល​បាន​ចែង​នៅ​ក្នុង​ព្រះ​គម្ពីរ​អេសាយ ២:៤ អំពី​ការ​មិន​ត្រូវ​លើក​អាវុធ​ដើម្បី​សម្លាប់​អ្នក​ជិត​ខាង​យើង គឺ​ជា​ការ​សំខាន់​ដ៏​ជីវិត​សម្ព័ន្ធ។ បន្ទូល​របស់​ព្រះ​បង្ហាញ​ថា សូម្បី​តែ​ជីវិត​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​របស់​ម្ដាយ​មិន​ទាន់​កើត​នោះ ក៏​មាន​តម្លៃ​ណាស់​ដែរ​ចំពោះ​ព្រះ​យេហូវ៉ា។ ​(​និក្ខមនំ ២១:២២, ២៣; ទំនុកដំកើង ១២៧:៣​) ប៉ុន្តែ ការ​ពន្លូត​កូន​រាប់​លាន​នាក់​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ការ​បំផ្លាញ​ជីវិត​បែប​នេះ ជា​ការ​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ ពីព្រោះ​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​នោះ គឺ​ជា​បុគ្គល​ដែល​មាន​ជីវិត​ម្នាក់​ដែរ ហើយ​មិន​គួរ​ណា​ត្រូវ​បំផ្លាញ​ឡើយ។

១៥ តើ​សេចក្ដី​បញ្ជា​ណា​ខ្លះ​នៃ​ស្តេច​របស់​ព្រះ ដែល​អនុរាស្ត្រ​នៃ​ព្រះ​រាជាណាចក្រ​ទាំងអស់​ត្រូវ​តែ​គោរព​ធ្វើ​តាម?

១៥ ប៉ុន្តែ ចំពោះ​ពួក​ដែល​នឹង​ទៅ​ជា​អនុរាស្ត្រ​នៃ​រដ្ឋាភិបាល​របស់​ព្រះ ពួកគេ​ត្រូវ​តែ​អនុលោម​តាម​សេចក្ដី​តម្រូវ​ច្រើន​ថែម​ទៀត គឺ​មិន​គ្រាន់​តែ​ការ​មិន​ប្រព្រឹត្ត​អំពើ​ខុស ឬ​អំពើ​អសីលធម៌​ប៉ុណ្ណោះ​ទេ។ ពួកគេ​ក៏​ត្រូវ​តែ​ខំ​ប្រឹងប្រែង​សម្ដែង​សេចក្ដី​សប្បុរស​ដល់​អ្នក​ដទៃ​ដែរ។ ពួកគេ​ត្រូវ​តែ​ដឹក​នាំ​ជីវភាព​របស់​គេ​ឲ្យ​ស្រប​តាម​វិន័យ​របស់​ព្រះ ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ស្តេច​បាន​ប្រគល់​មក ដូច​ជា​៖​«​អស់​ទាំង​ការ​អ្វី ដែល​អ្នក​រាល់​គ្នា​ចង់​ឲ្យ​មនុស្ស​លោក ប្រព្រឹត្ត​នឹង​ខ្លួន នោះ​ត្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត​នឹង​គេ​ដូច្នោះ​ដែរ​»។ (​ម៉ាថាយ ៧:១២​) ព្រះ​គ្រីស្ទ​បាន​ធ្វើ​ជា​គំរូ​ក្នុង​ការ​សម្ដែង​សេចក្ដី​ស្រឡាញ់​ដល់​អ្នក​ដទៃ។ ទ្រង់​បាន​ប្រគល់​រហូត​ដល់​ព្រះ​ជន្ម​របស់​ទ្រង់​សំរាប់​មនុស្ស​លោក និង​បាន​បញ្ជា​អ្នក​កាន់​តាម​ទ្រង់​ថា​៖ ​«​ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ​»។ (​យ៉ូហាន ១៣:៣៤; យ៉ូហានទី១ ៣:១៦​) គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សប្បុរស និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ​ប្រភេទ​នេះ ដែល​នឹង​ធ្វើ​ឲ្យ​ការ​រស់​នៅ នៅ​ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ​ជា​ទី​សប្បាយ​ដ៏​ពិត​ប្រាកដ។—យ៉ាកុប ២:៨

១៦, ១៧ (​ក​) តើ​មាន​មូលហេតុ​ល្អ​ណា​ខ្លះ ចំពោះ​ការ​កែ​ប្រែ​ក្នុង​ជីវិត​របស់​យើង​ដើម្បី​ឲ្យ​ស្រប​តាម​សេចក្ដី​តម្រូវ​របស់​ព្រះ? (​ខ​) ហេតុ​អ្វី​ក៏​យើង​អាច​ជឿជាក់​ក្នុង​ចិត្ត​ថា យើង​អាច​ធ្វើ​ការ​កែ​ប្រែ​ចាំបាច់​ទាំងអស់​នេះ​បាន?

១៦ ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា មនុស្ស​ត្រូវ​តែ​ធ្វើ​ការ​កែ​ប្រែ​ក្នុង​ជីវិត​របស់​គេ ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​តម្រូវ ចំពោះ​ការ​ប្រែ​ទៅ​ជា​អនុរាស្ត្រ​នៃ​រដ្ឋាភិបាល​របស់​ព្រះ។ (​អេភេសូរ ៤:២០​-​២៤​) តើ​អ្នក​កំពុង​តែ​ធ្វើ​ការ​កែ​ប្រែ​ទាំង​នេះ​ឬ? ពិត​ហើយ ការ​ខំ​ប្រឹងប្រែង​ទាំង​ប៉ុន្មាន​ណា​ដែល​អ្នក​ធ្វើ​នោះ ជា​ការ​មាន​ផល​ប្រយោជន៍​ណាស់! ហេតុ​អ្វី? រឿង​នេះ​មិន​មាន​ន័យ​ថា អ្នក​នឹង​គ្រាន់​តែ​មាន​ជីវិត​រីករាយ​តែ​ពីរបី​ឆ្នាំ​ប៉ុណ្ណោះ នៅ​ក្រោម​រដ្ឋាភិបាល​របស់​មនុស្ស​ណា​មួយ​ឡើយ។ មិន​មែន​ទេ ប៉ុន្តែ​លោក​អ្នក​នឹង​ទទួល​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ដោយ​សុខភាព​ដ៏​ល្អ​ឥតខ្ចោះ​នៅ​លើ​ផែនដី​ជា​សួន​មនោរម្យ នៅ​ក្រោម​រដ្ឋាភិបាល​មួយ​ដែល​គ្រប់​គ្រង​ដោយ​ព្រះ!

១៧ សូម្បី​តែ​ឥឡូវ​នេះ បើ​អ្នក​ធ្វើ​តាម​សេចក្ដី​តម្រូវ​របស់​ព្រះ នោះ​អ្នក​នឹង​បាន​ជីវិត​យ៉ាង​សប្បាយ​ជាង​ពីមុន​ទៅ​ទៀត។ ប៉ុន្តែ​លោក​អ្នក​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ជា​ច្រើន។ មែន​ហើយ មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ស្អប់​គ្នា​ឬ​ជា​មនុស្ស​លោភ​ពីមុន ឥឡូវ​បាន​ប្រែចិត្ត​ហើយ។ ពួក​អ្នក​កំផិត ពួក​សហាយស្មន់ ពួក​លេង​កូន​ជឹង ពួក​ប្រមឹក ពួក​ឃាតករ ពួក​ចោរ មនុស្ស​ញៀន និង​ពួក​អ្នក​ជក់​ថ្នាំ ក៏​បាន​កែ​ប្រែ​ដំណើរ​ជីវិត​របស់​គេ​ដែរ។ ពួកគេ​បាន​ធ្វើ​នេះ​ដោយសារ​ការ​ខំ​ប្រឹងប្រែង​ដ៏​ពិត និង​ដោយសារ​ជំនួយ​ពី​ព្រះ។ (​កូរិនថូសទី១ ៦:៩​-​១១; កូល៉ុស ៣:៥​-​៩​) ដូច្នេះ ប្រសិន​ជា​លោក​អ្នក​មាន​ការ​កែ​ប្រែ​ដ៏​ពិបាក ដើម្បី​ធ្វើ​ឲ្យ​ស្រប​នឹង​សេចក្ដី​តម្រូវ​របស់​ព្រះ​នោះ សូម​កុំ​ចុះ​ចាញ់​ឡើយ។ លោក​អ្នក​នឹង​ឈ្នះ​ជា​មិន​ខាន!

សេចក្ដី​ស្មោះ​ត្រង់​ចំពោះ​រដ្ឋាភិបាល​របស់​ព្រះ

១៨ តើ​តាម​របៀប​ដ៏​ពិសេស​ណា ដែល​ព្រះ​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​យើង​សម្ដែង​ការ​គាំទ្រ​ដ៏​ស្មោះ​ត្រង់​របស់​យើង ចំពោះ​ព្រះ​រាជាណាចក្រ​របស់​ទ្រង់​នោះ?

១៨ នេះ​មិន​ជា​ការ​ចំឡែក​ទេ ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​អនុរាស្ត្រ​របស់​ទ្រង់ ​គាំទ្រ​យ៉ាង​ស្មោះ​ត្រង់​ដល់​រាជ​រដ្ឋាភិបាល​របស់​ទ្រង់​នោះ។ រដ្ឋាភិបាល​របស់​មនុស្ស​ទាំង​ឡាយ​ក៏​បាន​តម្រូវ​ការ​ដូច​គ្នា​ពី​ពលរដ្ឋ​របស់​គេ​ដែរ។ ប៉ុន្តែ តើ​តាម​របៀប​ដ៏​ពិសេស​ណា ដែល​ព្រះ​មាន​ព្រះ​ហឫទ័យ​ចង់​បាន​នូវ​ការ​គាំទ្រ​ដ៏​ស្មោះ​ត្រង់​នោះ? តើ​តាម​របៀប​ដែល​អនុរាស្ត្រ​របស់​ទ្រង់​ត្រូវ​លើក​គ្រឿង​សឹក​ទៅ​ប្រយុទ្ធ​សំរាប់​ព្រះ​រាជាណាចក្រ​ទ្រង់​ឬ? គឺ​មិន​មែន​ទេ។ ផ្ទុយ​ទៅ​វិញ ដូច​ជា​ព្រះ​​យេស៊ូវ​គ្រីស្ទ និង​ពួក​អ្នក​កាន់​តាម​ទ្រង់​ពីដើម ពួកគេ​ត្រូវ​តែ​ទៅ​ជា​អ្នក​នាំ​ពាក្យ ឬ​ជា​អ្នក​ប្រកាស​ដ៏​ស្មោះ​ត្រង់​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (​ម៉ាថាយ ៤:១៧; ១០:៥​-​៧; ២៤:១៤​) នេះ​ជា​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា គឺ​មនុស្ស​គ្រប់​ៗ​គ្នា​ត្រូវ​តែ​ដឹង​អំពី​ព្រះ​រាជាណាចក្រ​របស់​ទ្រង់ ហើយ​អំពី​របៀប​ដែល​ព្រះ​រាជាណាចក្រ​នេះ​នឹង​ដោះ​ស្រាយ​បញ្ហា​របស់​មនុស្ស​លោក​បាន។ តើ​អ្នក​បាន​និយាយ​ប្រាប់​អំពី​អ្វី​ៗ​ដែល​អ្នក​បាន​រៀន​ពី​បន្ទូល​របស់​ព្រះ ដល់​ញាតិសន្ដាន មិត្ត​ភក្ដ្រ និង​អ្នក​ដទៃ​ដែរ​ឬ​ទេ? ដ្បិត​នេះ​ហើយ​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ ដែល​ចង់​ឲ្យ​អ្នក​ធ្វើ​យ៉ាង​នេះ។—រ៉ូម ១០:១០; ពេត្រុសទី១ ៣:១៥

១៩ (​ក​) ហេតុ​អ្វី​ក៏​យើង​អាច​ទទួល​នូវ​ការ​ប្រឆាំង កាលណា​យើង​និយាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដល់​អ្នក​ដទៃ? (​ខ​) តើ​សំនួរ​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​តែ​ឆ្លើយ?

១៩ ព្រះ​គ្រីស្ទ​និង​ពួក​អ្នក​កាន់​តាម​ទ្រង់​ពីដើម​ត្រូវ​ការ​ជា​ចាំបាច់​នូវ​សេចក្ដី​ក្លាហាន ដើម្បី​ប្រាប់​ទៅ​អ្នក​ដទៃ អំពី​ព្រះ​រាជាណាចក្រ ដ្បិត​ជា​ញឹកញាប់​ទ្រង់​និង​ពួក​សិស្ស​បាន​ជួបប្រទះ​នឹង​ការ​ប្រឆាំង។ (​កិច្ចការ ៥:៤១, ៤២​) នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​គ្នា​ដែរ។ លោកីយ៍​ដែល​គ្រប់​គ្រង​ដោយ​អារក្ស​នេះ មិន​ចង់​ឲ្យ​ដំណឹង​ល្អ​នៃ​ព្រះ​រាជាណាចក្រ​បាន​ប្រកាស​ឡើយ។ ដូច្នេះ សំនួរ​ទាំង​ឡាយ​ដែល​ត្រូវ​ឆ្លើយ​នោះ គឺ​ថា​៖ តើ​អ្នក​គាំទ្រ​ខាង​ណា? តើ​អ្នក​នឹង​ផ្ដល់​នូវ​ការ​គាំទ្រ​ដ៏​ស្មោះ​ត្រង់​ចំពោះ​រាជាណាចក្រ​របស់​ព្រះ​ទេ? ព្រះ​ហឫទ័យ​របស់​ទ្រង់​គឺ​ថា ការ​ផ្សព្វផ្សាយ​ដ៏​ធំ​មួយ​អំពី​ព្រះ​រាជាណាចក្រ​នឹង​ត្រូវ​ធ្វើ​ឡើង មុន​នឹង​ទីបញ្ចប់​បាន​មក​ដល់។ តើ​អ្នក​នឹង​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​នេះ​ទេ?

[​រូបភាព​នៅ​ទំព័រ​១២៨​]

ពួក​អ្នក​ដែល​ទៅ​ជា​អនុរាស្ត្រ​នៃ​រដ្ឋាភិបាល​របស់​ព្រះ ត្រូវ​តែ​មាន​តម្រិះ​វិជ្ជា​អំពី​រដ្ឋាភិបាល​នេះ

[​រូបភាព​នៅ​ទំព័រ​១៣១​]

អនុរាស្ត្រ​នៃ​រដ្ឋាភិបាល​របស់​ព្រះ ត្រូវ​តែ​ជៀសវាង​ឲ្យ​ផុត​ពី​ការ​ប្រព្រឹត្ត​ណា​ដែល​ព្រះ​កាត់​ទោស

[​រូបភាព​នៅ​ទំព័រ​១៣៣​]

អនុរាស្ត្រ​នៃ​រដ្ឋាភិបាល​របស់​ព្រះ ត្រូវ​តែ​ប្រាប់​អ្នក​ដទៃ​អំពី​រដ្ឋាភិបាល​នេះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក