បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ២០ ទំ. ១៦៦-១៧៤
  • ដំណើររស់ឡើងវិញ—សំរាប់ពួកណា ហើយនៅទីណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ដំណើររស់ឡើងវិញ—សំរាប់ពួកណា ហើយនៅទីណា?
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​ពួក​ណា​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?
  • នៅ​ពេល​ណា​និង​នៅ​ទីណា ដែល​ត្រូវ​រស់​ឡើង​វិញ
  • អព្ភូតហេតុ​មួយ​របស់​ព្រះ
  • វិធីតែមួយគត់ដើម្បីបំបាត់ចោលសេចក្ដីស្លាប់!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ការប្រោសលោកយេស៊ូឲ្យរស់ឡើងវិញ តើនេះមានអត្ថន័យយ៉ាងណាចំពោះយើង?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • តើការប្រោសឲ្យរស់ឡើងវិញមានន័យយ៉ាងណា?
    សំណួរនិងចម្លើយពីគម្ពីរ
  • មនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ!
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ២០ ទំ. ១៦៦-១៧៤

ជំពូក​ទី​២០

ដំណើរ​រស់​ឡើង​វិញ—សំរាប់​ពួក​ណា ហើយ​នៅ​ទីណា?

១, ២ តើ​ឲ្យ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច ថា​អ្នក​បម្រើ​របស់​ព្រះ​នៅ​ជំនាន់​បុរាណ​បាន​ជឿ​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ​នោះ?

ពួក​អ្នក​បម្រើ​របស់​ព្រះ​តែង​តែ​បាន​ជឿ​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ​ជានិច្ច។ ព្រះ​គម្ពីរ​បាន​ចែង​អំពី​លោក​អ័ប្រាហាំ ដែល​បាន​រស់​នៅ​២.០០០​ឆ្នាំ​មុន​ពេល​ព្រះ​យេស៊ូវ​បាន​ប្រសូត​មក​ជា​មនុស្ស ថា​៖ ​«​លោក​បាន​រាប់​ថា ព្រះ​ទ្រង់​អាច​នឹង​ប្រោស​កូន​[​អ៊ីសាក​] ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន​ផង​»។ (​ហេព្រើរ ១១:១៧​-​១៩​) ក្រោយ​មក​លោក​យ៉ូប​ជា​អ្នក​បម្រើ​ព្រះ បាន​សួរ​ថា​៖ ​«​បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ​»​? ក្នុង​ការ​ឆ្លើយ​នឹង​សំនួរ​ខ្លួន​ឯង លោក​យ៉ូប​បាន​និយាយ​ទៅ​ព្រះ​ថា​៖ ​«​នោះ​ទ្រង់​នឹង​ហៅ ហើយ​ទូលបង្គំ​នឹង​ទូល​តប​»។ ដូច្នេះ​ហើយ គាត់​បាន​បង្ហាញ​ថា គាត់​បាន​ជឿ​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ។—យ៉ូប ១៤:១៤, ១៥

២ ពេល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​គង់​នៅ​លើ​ផែនដី ទ្រង់​បាន​មាន​បន្ទូល​ពន្យល់​ថា​៖ ​«​រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ទាំង​លោក​ម៉ូសេ​ក៏​បាន​បង្ហាញ ក្នុង​រឿង​ពី​គុម្ព​បន្លា​ហើយ ក្នុង​កាល​ដែល​លោក​ហៅ​ព្រះ​អម្ចាស់​[​ព្រះ​យេហូវ៉ា​]​ ថា​ជា​ព្រះ​នៃ​លោក​អ័ប្រាហាំ នៃ​លោក​អ៊ីសាក ហើយ​នៃ​លោក​យ៉ាកុប ដ្បិត​ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​នៃ​មនុស្ស​រស់​វិញ ព្រោះ​មនុស្ស​ទាំងអស់​[​នេះ​]​រស់​សំរាប់​ទ្រង់​»។ (​លូកា ២០:៣៧, ៣៨​) នៅ​ក្នុង​បទ​គម្ពីរ​គ្រីស្ទាន​ភាសា​ក្រិក ពាក្យ​ថា​‹ដំណើរ​រស់​ឡើង​វិញ› បាន​ត្រូវ​ប្រើ​ជាង​៤០​ដង។ មែន​ហើយ ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់​ជា​សេចក្ដី​បង្រៀន​ដ៏​សំខាន់​មួយ​ក្នុង​ព្រះ​គម្ពីរ។—ហេព្រើរ ៦:១, ២

៣ តើ​នាង​ម៉ាថា​បាន​និយាយ​យ៉ាង​ណា ដែល​សម្ដែង​ថា​នាង​មាន​ជំនឿ​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ​នោះ?

៣ ពេល​ដែល​ឡាសារ​ជា​ប្អូន​ប្រុស​របស់​នាង​បាន​ស្លាប់​នោះ នាង​ម៉ាថា​ដែល​ជា​មិត្ត​របស់​ព្រះ​យេស៊ូវ បាន​បង្ហាញ​សេចក្ដី​ជំនឿ​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ។ ពេល​ដែល​ដឹង​ថា​ព្រះ​យេស៊ូវ​បាន​យាង​មក​ដល់ នាង​ម៉ាថា​បាន​រត់​ទៅ​ជួប​ទ្រង់។ នាង​បាន​និយាយ​ថា​៖ ​«​ព្រះ​អម្ចាស់​អើយ បើសិនជា​ទ្រង់​បាន​គង់​នៅ​ទីនេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ​»។ ដោយ​ទត​ឃើញ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​នាង ព្រះ​យេស៊ូវ​ទ្រង់​បាន​ជួយ​សម្រាល​ទុក្ខ​នាង ដោយ​ព្រះ​បន្ទូល​ថា​៖ ​«​ប្អូន​នាង​នឹង​រស់​ឡើង​វិញ​»។ នាង​ម៉ាថា​បាន​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត​កាលណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​ដែរ​»។—យ៉ូហាន ១១:១៧​-​២៤

៤​-​៦ តើ​នាង​ម៉ាថា​មាន​មូលហេតុ​ណា​ខ្លះ ចំពោះ​ជំនឿ​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ​នោះ?

៤ នាង​ម៉ាថា​មាន​មូលហេតុ​យ៉ាង​មុត​មាំ ចំពោះ​ជំនឿ​របស់​នាង​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ។ ជា​​ឧទាហរណ៍ នាង​បាន​ដឹង​ថា ជា​ច្រើន​ឆ្នាំ​ពីមុន​មក ហោរា​របស់​ព្រះ អេលីយ៉ា និង​អេលីសេ ដោយសារ​ឥទ្ធិពល​របស់​ព្រះ ម្នាក់​ៗ​បាន​ប្រោស​ក្មេង​ឲ្យ​រស់​ឡើង​វិញ។ (​ពង្សាវតារក្សត្រទី១ ១៧:១៧​-​២៤; ពង្សាវតារក្សត្រទី២ ៤:៣២​-​៣៧​) ហើយ​នាង​ក៏​ដឹង​ទៀត​ថា បុរស​ម្នាក់​បាន​មាន​ជីវិត​រស់​មក​វិញ ពេល​ដែល​គាត់​បាន​ត្រូវ​បោះ​ទៅ​ក្នុង​រណ្ដៅ​មួយ​ហើយ​បាន​ប៉ះ​នឹង​ឆ្អឹង​របស់​អេលីសេ​នោះ។ (​ពង្សាវតារក្សត្រទី២ ១៣:២០, ២១​) ប៉ុន្តែ ហេតុ​ដែល​បាន​ធ្វើ​ឲ្យ​ជំនឿ​របស់​នាង​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ​បាន​មាំមួន​ជាង​គេ​នោះ គឺ​អ្វី​ៗ​ដែល​ព្រះ​យេស៊ូវ​អង្គ​ផ្ទាល់​បាន​បង្រៀន​និង​បាន​ប្រព្រឹត្ត។

៥ ជិត​ពីរ​ឆ្នាំ​កន្លង​ទៅ នាង​ម៉ាថា​ប្រហែល​ជា​បាន​នៅ​ក្នុង​ទីក្រុង​យេរូសាឡិម នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​ចំណែក​ដែល​ទ្រង់​នឹង​មាន​ក្នុង​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នោះ។ ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​ដ្បិត​ដែល​ព្រះវរបិតា​ទ្រង់​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​យ៉ាង​ណា នោះ​ព្រះ​រាជ​​បុត្រា​នឹង​ប្រោស​ដល់​អ្នក​ណា ដែល​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​ក៏​យ៉ាង​ដូច្នោះ​ដែរ។ កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្ដី​នេះ​ឡើយ ដ្បិត​មាន​ពេល​វេលា​មក ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ទ្រង់ ហើយ​នឹង​ចេញ​មក​»។—យ៉ូហាន ៥:២១, ២៨, ២៩

៦ គ្មាន​ឯកសារ​របស់​ព្រះ​គម្ពីរ​ណា​ដែល​បាន​ចែង​ថា ទ្រង់​បាន​ប្រោស​មនុស្ស​ណា​ម្នាក់​ឲ្យ​រស់​ឡើង​វិញ​ពីមុន​មក​ទេ លើក​លែង​តែ​ក្រោយ​ពី​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​នូវ​វាចា​ទាំង​នេះ។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ទ្រង់​បាន​ប្រោស​យុវជន​ម្នាក់​ឲ្យ​មាន​ជីវិត​មក​វិញ ជា​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ទីក្រុង​ណាអ៊ីន។ ដំណឹង​នេះ​បាន​ឮ​សុសសាយ​ទៅ​ទិស​ខាង​ត្បូង ដល់​ស្រុក​យូដា ដូច្នេះ​ហើយ នាង​ម៉ាថា​ពិត​ជា​បាន​ឮ​អំពី​រឿង​នេះ​ជា​មិន​ខាន។ (​លូកា ៧:១១​-​១៧​) បន្ទាប់​មក នាង​ម៉ាថា​ក៏​ប្រហែល​ជា​បាន​ឮ ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ជិត​សមុទ្រ​នៃ​ស្រុក​កាលីឡេ ក្នុង​គេហដ្ឋាន​របស់​យ៉ៃរ៉ុស។ កូន​ស្រី​របស់​គាត់​ដែល​មាន​អាយុ​១២​ឆ្នាំ​បាន​មាន​ជម្ងឺ​យ៉ាង​ខ្លាំង​ហើយ​បាន​ស្លាប់​ទៅ។ ប៉ុន្តែ ពេល​ដែល​ព្រះ​យេស៊ូវ​បាន​យាង​មក​ដល់​ផ្ទះ​របស់​យ៉ៃរ៉ុស ទ្រង់​ក៏​យាង​ទៅ​កូនក្មេង​ស្លាប់​នោះ​ហើយ​បាន​មាន​បន្ទូល​ថា​៖ ​«​កូន​អើយ ចូរ​ក្រោក​ឡើង​»។ ហើយ​នាង​ក៏​បាន​ធ្វើ​ដូច្នោះ​មែន!—លូកា ៨:៤០​-​៥៦

៧ តើ​ភស្តុតាង​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ប្រទាន​ទៅ​នាង​ម៉ាថា ដើម្បី​បង្ហាញ​ថា​ទ្រង់​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នោះ?

៧ យ៉ាង​ណា​ក៏​ដោយ នាង​ម៉ាថា​មិន​បាន​គិត​ថា ព្រះ​យេស៊ូវ​នឹង​ប្រោស​ប្អូន​ប្រុស​នាង​ឲ្យ​រស់​ឡើង​វិញ​នៅ​ពេល​នោះ​ឡើយ។ ហេតុ​ដូច្នោះ​ហើយ​បាន​ជា​នាង​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ចុង​បំផុត កាលណា​មនុស្ស​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​នឹង​រស់​ឡើង​ដែរ​»។ ប៉ុន្តែ ដើម្បី​ធ្វើ​ឲ្យ​នាង​ម៉ាថា បាន​យល់​ច្បាស់​ពី​កិច្ចការ​ដែល​ទ្រង់​មាន​ក្នុង​ការ​ប្រោស​មនុស្ស​ស្លាប់ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា​៖ ​«​ខ្ញុំ​ជា​សេចក្ដី​រស់​ឡើង​វិញ ហើយ​ជា​ជីវិត អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ ទោះ​បើ​បាន​ស្លាប់​ហើយ គង់​តែ​នឹង​រស់​ឡើង​វិញ​ដែរ។ ឯ​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ​»។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ទ្រង់​ក៏​ត្រូវ​បាន​គេ​នាំ​ទៅ​ឯ​ផ្នូរ ដែល​ឡាសារ​បាន​ត្រូវ​ដាក់​ទុក​នៅ​ទីនោះ។ ទ្រង់​បាន​មាន​បន្ទូល​យ៉ាង​ខ្លាំង​ថា​៖ ​«​ឡាសារ​អើយ ចូរ​ចេញ​មក​»។ ហើយ​ឡាសារ​ដែល​បាន​ស្លាប់​អស់​បួន​ថ្ងៃ​ហើយ​នោះ ក៏​បាន​ចេញ​មក​មែន!—យ៉ូហាន ១១:២៤​-​២៦, ៣៨​-​៤៤

៨ តើ​មាន​ភស្តុតាង​អ្វី ដែល​បង្ហាញ​ថា​ព្រះ​យេស៊ូវ​ទ្រង់​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នោះ?

៨ ប៉ុន្មាន​អាទិត្យ​ក្រោយ​មក ព្រះ​យេស៊ូវ​អង្គ​ទ្រង់​ផ្ទាល់​បាន​ត្រូវ​គេ​ធ្វើ​គុត ហើយ​បាន​ដាក់​នៅ​ក្នុង​ផ្នូរ។ ប៉ុន្តែ ទ្រង់​បាន​គង់​នៅ​ទីនោះ​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ។ សាវក​ពេត្រុស​ពន្យល់​ពី​មូលហេតុ​នេះ ដោយ​មាន​វាចា​ថា​៖ ​«​ឯ​ព្រះ​យេស៊ូវ​នេះ ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​ពួក​យើង​នេះ​ជា​ទី​បន្ទាល់​ពី​ទ្រង់​ទាំងអស់​គ្នា​»។ ពួក​អ្នក​ដឹក​នាំ​ខាង​សាសនា​មិន​អាច​ឃាត់​ឃាំង​ព្រះ​រាជបុត្រា​របស់​ព្រះ​ពី​ការ​ចេញ​ពី​ផ្នូរ​ឡើយ។ (​កិច្ចការ ២:៣២; ម៉ាថាយ ២៧:៦២​-​៦៦; ២៨:១​-​៧​) មិន​អាច​មាន​ការ​សង្ស័យ​ទេ ដែល​ព្រះ​យេស៊ូវ​បាន​ត្រូវ​ប្រោស​ពី​ស្លាប់​នោះ ដ្បិត​ក្រោយ​មក​ទ្រង់​បាន​បង្ហាញ​អង្គ​ទ្រង់​ដ៏​រស់ ដល់​សិស្ស​ទ្រង់​ជា​ច្រើន​នាក់។ នៅ​ពេល​មួយ ទ្រង់​បាន​បង្ហាញ​ដល់​ប្រហែល​ជា​៥០០​នាក់​នៃ​ពួកគេ។ (​កូរិនថូសទី១ ១៥:៣​-​៨​) ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​បាន​ជឿ​យ៉ាង​មុត​មាំ​ទៅ​លើ​ដំណើរ​រស់​ឡើង​វិញ ដល់​ម្ល៉េះ​បាន​ជា​ពួកគេ​ស្ម័គ្រ​ចិត្ត​ស៊ូ​ស្លាប់​ក្នុង​ការ​បម្រើ​ព្រះ។

៩ តើ​មនុស្ស​ចំនួន​ប្រាំ​បួន​នាក់​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ថា ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ នោះ​មាន​អ្នក​ណា​ខ្លះ?

៩ ភស្តុតាង​ថែម​ទៀត​ដែល​បញ្ជាក់​ថា មនុស្ស​ស្លាប់​អាច​ត្រូវ​បាន​ប្រោស​ឲ្យ​រស់ បាន​ផ្ដល់​មក​តាម​រយៈ​សាវក​ពេត្រុស​និង​សាវក​ប៉ុល។ មុន​ដំបូង ពេត្រុស​បាន​ប្រោស​នាង​តេប៊ីថា ក៏​បាន​ត្រូវ​ហៅ​ថា​នាង​ក្ដាន់ ដែល​នៅ​ក្រុង​យ៉ូប៉េ​នោះ ឲ្យ​រស់​ឡើង​វិញ។ (​កិច្ចការ ៩:៣៦​-​៤២​) ហើយ​បន្ទាប់​មក ប៉ុល​បាន​ប្រោស​ឲ្យ​មាន​ជីវិត​មក​វិញ​ដល់​ក្មេង​ជំទង់​ម្នាក់ ឈ្មោះ​អ៊ើទីកុស ដែល​បាន​ស្លាប់​នៅ​ពេល​ដែល​គាត់​បាន​ធ្លាក់​ពី​បង្អួច​មួយ​នៅ​ជាន់​ទីបី នៅ​ពេល​ដែល​ប៉ុល​កំពុង​អធិប្បាយ។ (​កិច្ចការ ២០:៧​-​១២​) ពិត​មែន​ហើយ ដំណើរ​រស់​ឡើង​វិញ​ទាំង​ប្រាំ​បួន​ដែល​បាន​កត់​ទុក​នៅ​ក្នុង​ព្រះ​គម្ពីរ​នេះ ជា​​ភស្តុតាង​យ៉ាង​ជាក់​ស្តែង​ថា មនុស្ស​អាច​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​មក​វិញ​បាន​មែន!

តើ​ពួក​ណា​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១០, ១១ (​ក​) ហេតុ​អ្វី​ក៏​ព្រះ​បាន​រៀបចំ​ឲ្យ​មាន​ដំណើរ​រស់​ឡើង​វិញ? (​ខ​) យោង​ទៅ​តាម​កិច្ចការ ២៤:១៥ តើ​មនុស្ស​ពីរ​ក្រុម​ណា​ខ្លះ ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ?

១០ កាល​ដំបូង​ឡើយ មិន​មែន​ជា​ព្រះ​រាជ​បំណង​របស់​ព្រះ​ទេ ក្នុង​ការ​ប្រោស​អ្នក​ណា​ម្នាក់​ឲ្យ​រស់​ឡើង​វិញ ពីព្រោះ​ប្រសិន​បើ​អ័ដាម​និង​អេវ៉ា​នៅ​តែ​ស្មោះ​ត្រង់ នោះ​នឹង​គ្មាន​អ្នក​ណា​ត្រូវ​ស្លាប់​ឡើយ។ ប៉ុន្តែ ក្រោយ​មក អំពើ​បាប​របស់​អ័ដាម​បាន​នាំ​មក​នូវ​ភាព​មិន​ល្អ​ឥតខ្ចោះ​និង​សេចក្ដី​ស្លាប់​ទៅ​លើ​មនុស្ស​គ្រប់​ៗ​គ្នា។ (​រ៉ូម ៥:១២​) ដូច្នេះ ដើម្បី​ធ្វើ​ឲ្យ​កូនចៅ​របស់​អ័ដាម អាច​មាន​លទ្ធភាព​ក្នុង​ការ​សប្បាយ​នឹង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​បាន​នោះ ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​ដំណើរ​រស់​ឡើង​វិញ។ ប៉ុន្តែ តើ​អ្វី​នឹង​ត្រូវ​សម្រេច ថា​តើ​មនុស្ស​ម្នាក់​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​ឬ​ក៏​មិន​ត្រូវ​នោះ?

១១ ព្រះ​គម្ពីរ​បាន​ពន្យល់​ថា​៖ ​«​ទាំង​មនុស្ស​សុចរិត នឹង​មនុស្ស​ទុច្ចរិត នឹង​បាន​រស់​ឡើង​វិញ​ទាំងអស់​គ្នា​»។ (​កិច្ចការ ២៤:១៥​) នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ឆ្ងល់​ហើយ។ ពួកគេ​ប្រហែល​ជា​ឆ្ងល់​៖ ‹ហេតុ​អ្វី​ក៏​នាំ​«​មនុស្ស​ទុច្ចរិត​»​ឲ្យ​មាន​ជីវិត​មក​វិញ​ដូច្នេះ›? ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​ត្រូវ​គេ​ព្យួរ​នៅ​បង្គោល​ធ្វើ​ទារុណកម្ម​នោះ នឹង​ជួយ​យើង​ដើម្បី​ឆ្លើយ​នូវ​សំនួរ​នេះ។

១២, ១៣ (​ក​) តើ​សេចក្ដី​សន្យា​អ្វី ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​នឹង​ឧក្រិដ្ឋ​ជន​ម្នាក់? (​ខ​) តើ​‹សួន​មនោរម្យ›​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​អំពី​នោះ នៅ​ទីណា?

១២ បុរស​ទាំង​នេះ​ដែល​នៅ​ជិត​ព្រះ​យេស៊ូវ គឺ​ជា​ឧក្រិដ្ឋ​ជន។ ពួកគេ​ម្នាក់ ទើប​តែ​បាន​ឈប់​ប្រមាថ​មើលងាយ​ទ្រង់ ដោយ​និយាយ​ថា​៖ ​«​បើ​ឯង​ជា​ព្រះ​គ្រីស្ទ​ពិត នោះ​ចូរ​ជួយ​សង្គ្រោះ​ខ្លួន​ឯង ហើយ​នឹង​យើង​ផង​»។ ប៉ុន្តែ ឧក្រិដ្ឋ​ជន​ម្នាក់​ទៀត​បាន​ជឿ​ដល់​ព្រះ​យេស៊ូវ។ គាត់​បែរ​មក​ទ្រង់​ហើយ​និយាយ​ថា​៖ ​«​ព្រះ​អម្ចាស់​អើយ កាលណា​ចូល​ទៅ​ក្នុង​នគរ​ទ្រង់ សូម​នឹក​ចាំ​ពី​ទូលបង្គំ​ផង​»។ នៅ​ពេល​នោះ ព្រះ​យេស៊ូវ​បាន​សន្យា​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន​បរមសុខ​[​សួន​មនោរម្យ, ពថ​]​ជា​មួយ​នឹង​ខ្ញុំ​ដែរ​»។—លូកា ២៣:៣៩​-​៤៣

១៣ ប៉ុន្តែ តើ​ព្រះ​យេស៊ូវ​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​ដែល​ទ្រង់​មាន​បន្ទូល​ថា​៖ ​«​អ្នក​នឹង​នៅ​ក្នុង​ស្ថាន​បរមសុខ​[​សួន​មនោរម្យ, ពថ​]​ជា​មួយ​នឹង​ខ្ញុំ​»​នោះ? តើ​សួន​មនោរម្យ​នៅ​ទីណា? អញ្ចឹង តើ​សួន​មនោរម្យ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​កាល​ដើម​ដំបូង​នោះ នៅ​ទីណា? តើ​មិន​នៅ​លើ​ផែនដី​ទេ​ឬ? ព្រះ​ទ្រង់​បាន​ដាក់​មនុស្ស​មួយ​គូ​មុន​ដំបូង​នេះ ក្នុង​សួន​មនោរម្យ​ដ៏​ស្អាត​ដែល​មាន​ឈ្មោះ​ថា សួនច្បារ​អេដែន។ ដូច្នេះ ពេល​ដែល​យើង​អាន​ថា​ឧក្រិដ្ឋ​ជន​ពីដើម​នេះ នឹង​នៅ​ក្នុង​សួន​មនោរម្យ​នោះ យើង​គួរ​តែ​គិត​ក្នុង​ចិត្ត​យើង​ថា ផែនដី​នេះ​នឹង​ធ្វើ​ឲ្យ​ទៅ​ជា​ទីកន្លែង​ដ៏​ស្អាត​មួយ​សំរាប់​រស់​នៅ ដ្បិត​ពាក្យ​ថា​‹សួន​មនោរម្យ› សំដៅ​ចំពោះ​«​សួនច្បារ​»​ ឬ​«​ឧទ្យាន​»។—លោកុប្បត្តិ ២:៨, ៩

១៤ តាម​របៀប​ណា ដែល​ព្រះ​យេស៊ូវ​ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​ឧក្រិដ្ឋ​ជន​ពីដើម​ក្នុង​សួន​មនោរម្យ​នោះ?

១៤ ជា​ធម្មតា ព្រះ​យេស៊ូវ​គ្រីស្ទ​នឹង​មិន​គង់​នៅ​ទីនេះ លើ​ផែនដី​ជា​មួយ​នឹង​ឧក្រិដ្ឋ​ជន​ពីដើម​នោះ​ទេ។ គឺ​ពិត​ជា​មិន​អញ្ចឹង​ទេ ព្រះ​យេស៊ូវ​នឹង​គង់​នៅ​ស្ថានសួគ៌ សោយ​រាជ្យ​ជា​ស្តេច ទៅ​លើ​ផែនដី​ជា​សួន​មនោរម្យ។ ដូច្នេះ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​បុរស​នោះ ក្នុង​ន័យ​ថា ទ្រង់​នឹង​ប្រោស​គាត់​ពី​សេចក្ដី​ស្លាប់ ហើយ​យក​ព្រះទ័យ​ទុក​ដាក់​នឹង​សេចក្ដី​ត្រូវ​ការ​របស់​គាត់ ទាំង​ខាង​សាច់​ឈាម​និង​ខាង​វិញ្ញាណ​ផង។ ប៉ុន្តែ ហេតុ​អ្វី​ក៏​ព្រះ​យេស៊ូវ​នឹង​អនុញ្ញាត​ឲ្យ​បុរស​ដែល​ពីមុន​ជា​ឧក្រិដ្ឋ​ជន​ម្នាក់ ទៅ​រស់​នៅ​ក្នុង​សួន​មនោរម្យ​ដូច្នេះ?

១៥ ហេតុ​អ្វី​ក៏​«​មនុស្ស​ទុច្ចរិត​»​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

១៥ ជា​រឿង​ពិត​មែន​ហើយ ដែល​បុរស​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។ ពីមុន​គាត់​ជា​«​មនុស្ស​ទុច្ចរិត​»។ គាត់​ក៏​មិន​បាន​ស្គាល់​និង​យល់​ពី​ព្រះ​ហឫទ័យ​របស់​ព្រះ​ដែរ។ ប៉ុន្តែ តើ​គាត់​នឹង​ទៅ​ជា​ឧក្រិដ្ឋ​ជន​ម្នាក់​ទេ ប្រសិន​បើ​គាត់​បាន​ស្គាល់​អំពី​ព្រះ​រាជ​បំណង​របស់​ព្រះ​នោះ? ដើម្បី​រក​ឲ្យ​ឃើញ​ច្បាស់​ពី​រឿង​នេះ ព្រះ​យេស៊ូវ​ទ្រង់​នឹង​ប្រោស​បុរស​នេះ​ឲ្យ​រស់​ឡើង​វិញ ព្រម​ទាំង​មនុស្ស​រាប់​កោដិ​នាក់​ទៀត ដែល​បាន​ស្លាប់​ក្នុង​សេចក្ដី​ល្ងង់ខ្លៅ​នោះ​ដែរ។ ឧទាហរណ៍ រាប់​សតវត្ស​កន្លង​មក មនុស្ស​ជា​ច្រើន​នាក់​បាន​ស្លាប់ គឺ​អ្នក​មិន​ដែល​ទាំង​ចេះ​អាន និង​អ្នក​មិន​ដែល​ទាំង​បាន​ឃើញ​ព្រះ​គម្ពីរ​ទៀត​ផង។ ប៉ុន្តែ ពួកគេ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ពី​ហ្សីអូល ឬ​ហាដេស​[​ផ្នូរ​]។ បន្ទាប់​មក នៅ​ក្នុង​សួន​មនោរម្យ​លើ​ផែនដី ពួកគេ​នឹង​ត្រូវ​បាន​បង្រៀន​អំពី​ព្រះ​ហឫទ័យ​ព្រះ ហើយ​ពួកគេ​នឹង​មាន​ឱកាស​ដើម្បី​បង្ហាញ​ថា​ពួកគេ​ពិត​ជា​ស្រឡាញ់​ព្រះ ដោយ​ការ​ប្រព្រឹត្ត​តាម​ព្រះ​ហឫទ័យ​របស់​ទ្រង់​នោះ។

១៦ (​ក​) តើ​អ្នក​ណា​ក្នុង​ចំណោម​មនុស្ស​ស្លាប់ ដែល​មិន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ? (​ខ​) ហេតុ​អ្វី​ក៏​យើង​មិន​គួរ​​ព្យាយាម​កាត់​ក្ដី​ក្នុង​រឿង​នេះ? (​គ​) តើ​អ្វី​គួរ​តែ​ជា​កង្វល់​ដ៏​សំខាន់​បំផុត​របស់​យើង​ម្នាក់​ៗ​នោះ?

១៦ រឿង​នេះ​មិន​មាន​ន័យ​ថា មនុស្ស​គ្រប់​ៗ​គ្នា​នឹង​បាន​ទទួល​នូវ​ដំណើរ​រស់​ឡើង​វិញ​ទេ។ ព្រះ​គម្ពីរ​បង្ហាញ​ថា យូដាស​-​អ៊ីស្ការីយ៉ុត អ្នក​ដែល​បាន​ក្បត់​ព្រះ​យេស៊ូវ នឹង​មិន​បាន​រស់​ឡើង​វិញ​ទេ។ ដោយសារ​តែ​អំពើ​អាក្រក់​ដែល​គាត់​បាន​ប្រព្រឹត្ត​ដោយ​ចេតនា​នោះ យូដាស​បាន​ត្រូវ​ហៅ​ថា​ជា ​«​១​នាក់​នោះ ដែល​បាន​ដំរូវ​ឲ្យ​ត្រូវ​វិនាស​»។ (​យ៉ូហាន ១៧:១២​) គាត់​បាន​ចូល​ទៅ​ក្នុង​ហ្គេហេណា​ជា​និមិត្តរូប ដែល​នៅ​ទីនោះ​គ្មាន​ដំណើរ​រស់​ឡើង​វិញ​ទេ។ (​ម៉ាថាយ ២៣:៣៣​) មនុស្ស​ទាំង​ឡាយ​ណា ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដោយ​ចេតនា ក្រោយ​ពី​បាន​ស្គាល់​ព្រះ​ហឫទ័យ​របស់​ព្រះ​ហើយ អ្នក​នោះ​អាច​នឹង​ធ្វើ​អំពើ​បាប​ប្រឆាំង​នឹង​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ។ ហើយ​ព្រះ​ទ្រង់​នឹង​មិន​ប្រោស​អ្នក​ណា​ដែល​ធ្វើ​បាប​ប្រឆាំង​នឹង​វិញ្ញាណ​បរិសុទ្ធ​ទ្រង់ ឲ្យ​រស់​ឡើង​វិញ​ឡើយ។ (​ម៉ាថាយ ១២:៣២; ហេព្រើរ ៦:៤​-​៦; ១០:២៦, ២៧​) យ៉ាង​ណា​ក៏​ដោយ ដោយ​ព្រោះ​តែ​ព្រះ​ជា​ចៅក្រម​នោះ គ្មាន​មូលហេតុ​ណា​មួយ​ចំពោះ​យើង​ម្នាក់​ៗ​ឲ្យ​កាត់​ក្ដី ថា​តើ​មនុស្ស​អាក្រក់​ណា​មួយ​នៅ​សម័យ​ដើម ឬ​ក៏​សម័យ​ថ្មី នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ឬ​ក៏​មិន​បាន​នោះ​ទេ។ ព្រះ​ទ្រង់​ជ្រាប ពី​អ្នក​ណា​ស្ថិត​នៅ​ក្នុង​ហាដេស និង​អ្នក​ណា​ស្ថិត​នៅ​ក្នុង​ហ្គេហេណា។ ចំណែក​ឯ​ករណីយកិច្ច​របស់​យើង​វិញ យើង​គួរ​តែ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព ដើម្បី​ឲ្យ​យើង​អាច​ទៅ​ជា​មនុស្ស​ប្រភេទ​ដែល​ព្រះ​មាន​ព្រះ​ហឫទ័យ​ចង់​បាន​នៅ​ក្នុង​របប​ថ្មី​របស់​ទ្រង់។—លូកា ១៣:២៤, ២៩

១៧ តើ​ពួក​ណា​ដែល​មិន​ត្រូវ​ការ​ដំណើរ​រស់​ឡើង​វិញ ដើម្បី​នឹង​សប្បាយ​នូវ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​នោះ?

១៧ ហេតុ​ការណ៍​ដ៏​ជាក់​ស្តែង​នោះ គឺ​មិន​មែន​មនុស្ស​ដែល​នឹង​ទទួល​ជីវិត​អស់កល្ប​ជានិច្ច​ទាំងអស់​ទេ ដែល​ត្រូវ​ការ​ដំណើរ​រស់​ឡើង​វិញ។ ពួក​អ្នក​បម្រើ​របស់​ព្រះ​ជា​ច្រើន ដែល​កំពុង​តែ​រស់​នៅ​សព្វ​ថ្ងៃ​នេះ​នៅ​«​ជាន់​ក្រោយ​បង្អស់​»​នៃ​របប​សម័យ​នេះ នឹង​រស់​គង់​នៅ​ផុត​ពី​អើម៉ាគេដូន។ ហើយ​បន្ទាប់​មក ជា​ផ្នែក​នៃ​«​ផែនដី​ថ្មី​»​ដ៏​សុចរិត ពួកគេ​នឹង​មិន​ត្រូវ​ស្លាប់​ទាល់តែ​សោះ។ អ្វី​ៗ​ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​នាង​ម៉ាថា អាច​ទៅ​ជា​សេចក្ដី​ពិត​ក្នុង​ន័យ​ត្រង់​ៗ​បាន​ចំពោះ​ពួកគេ ដែល​ថា​៖ ​«​អស់​អ្នក​ណា​ដែល​រស់​នៅ ហើយ​ជឿ​ដល់​ខ្ញុំ នោះ​មិន​ត្រូវ​ស្លាប់​ឡើយ​»។—យ៉ូហាន ១១:២៦; ធីម៉ូថេ​ទី​២ ៣:១

១៨ តើ​ពួក​ណា​ជា​«​មនុស្ស​សុចរិត​»​ ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ?

១៨ តើ​ពួក​ណា​ជា​«​មនុស្ស​សុចរិត​»​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? អ្នក​ទាំង​នេះ​នឹង​រួម​បញ្ចូល​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ ដែល​បាន​រស់​នៅ​មុន​ពេល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ផែនដី​នេះ។ ពួក​មនុស្ស​ជា​ច្រើន​ទាំង​នេះ បាន​ត្រូវ​រាយរាប់​ដោយ​ឈ្មោះ​នៅ​សៀវភៅ​ហេព្រើរ​ជំពូក​១១។ ពួកគេ​មិន​បាន​សង្ឃឹម​នឹង​ទៅ​ស្ថានសួគ៌​ទេ ប៉ុន្តែ​សង្ឃឹម​នឹង​រស់​នៅ​ម្ដង​ទៀត​នៅ​លើ​ផែនដី​វិញ។ ម្យ៉ាង​ទៀត ក្នុង​ចំណោម​«​មនុស្ស​សុចរិត​»​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ គឺ​នឹង​មាន​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ ដែល​បាន​ស្លាប់​ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ។ ព្រះ​ទ្រង់​នឹង​រ៉ាប់​រង​ថា សេចក្ដី​សង្ឃឹម​របស់​ពួកគេ​ក្នុង​ការ​រស់​នៅ​ជា​និរន្តរ៍​នៅ​លើ​ផែនដី នឹង​បាន​សម្រេច ដោយ​ការ​ប្រោស​ពួកគេ​ពី​សេចក្ដី​ស្លាប់​មក​វិញ។

នៅ​ពេល​ណា​និង​នៅ​ទីណា ដែល​ត្រូវ​រស់​ឡើង​វិញ

១៩ (​ក​) ក្នុង​ន័យ​ណា ដែល​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់​នោះ? (​ខ​) តើ​ពួក​ណា ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បន្ទាប់​មក​នោះ?

១៩ ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ចែង​ជា អ្នក​«​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​មុន​គេ​ទាំងអស់​»។ (​កិច្ចការ ២៦:២៣​) នេះ​បាន​សេចក្ដី​ថា ទ្រង់​ជា​បុគ្គល​ទី​មួយ​ដែល​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ចំពោះ​ពួក​ដែល​មិន​ត្រូវ​ស្លាប់​ម្ដង​ទៀត​នោះ។ ម្យ៉ាង​ទៀត ទ្រង់​ក៏​ជា​បុគ្គល​ទី​មួយ ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​ដែរ។ (​ពេត្រុសទី១ ៣:១៨, ពថ​) ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​យើង​ថា នឹង​មាន​អ្នក​ដទៃ​ផ្សេង​ទៀត​ដែរ ដោយ​ពាក្យ​ថា​៖ ​«​តែ​ម្នាក់​ៗ​តាម​ឋានៈ​របស់​គេ ព្រះ​គ្រីស្ទ​ជា​ផល​ដើម បន្ទាប់​មក ពួក​អ្នក​ដែល​ជា​របស់​ផង​ព្រះ​គ្រីស្ទ​ក្នុង​កំឡុង​ពេល​វត្តមាន​របស់​ទ្រង់​»។ (​កូរិនថូសទី១ ១៥:២០​-​២៣, ពថ​) ដូច្នេះ នៅ​គ្រា​រស់​ឡើង​វិញ អ្នក​ខ្លះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​មុន​អ្នក​ឯ​ទៀត។

២០ (​ក​) តើ​ពួក​ណា​ជា​«​ពួក​អ្នក​ដែល​ជា​របស់​ផង​ព្រះ​គ្រីស្ទ​»​? (​ខ​) តើ​ពួកគេ​មាន​ដំណើរ​រស់​ឡើង​វិញ​មួយ​ណា?

២០ ​«​ពួក​អ្នក​ដែល​ជា​របស់​ផង​ព្រះ​គ្រីស្ទ​»​មាន​១៤៤.០០០​នាក់ ជា​សិស្ស​ដ៏​ស្មោះ​ត្រង់​ដែល​បាន​ជ្រើសរើស ដើម្បី​សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់​ក្នុង​ព្រះ​រាជាណាចក្រ​នោះ។ ចំពោះ​ដំណើរ​រស់​ឡើង​វិញ​ទៅ​ស្ថានសួគ៌​របស់​ពួកគេ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​មាន​ពរ​ហើយ ក៏​បរិសុទ្ធ​ផង អស់​អ្នក​ណា​ដែល​មាន​ចំណែក ក្នុង​ខណ​រស់​ឡើង​វិញ​ជាន់​មុន​ដំបូង​នេះ សេចក្ដី​ស្លាប់​ទី​២​គ្មាន​អំណាច​លើ​អ្នក​ទាំង​នោះ​ឡើយ អ្នក​ទាំង​នោះ​នឹង . . . សោយ​រាជ្យ​ជា​មួយ​នឹង​ទ្រង់​អស់​១​ពាន់​ឆ្នាំ​»។—វិវរណៈ ២០:៦; ១៤:១, ៣

២១ (​ក​) តើ​នៅ​ពេល​ណា​ដែល​ដំណើរ​«​រស់​ឡើង​វិញ​ជាន់​មុន​ដំបូង​»​បាន​ចាប់​ផ្ដើម? (​ខ​) ដោយ​គ្មាន​ការ​សង្ស័យ តើ​ពួក​ណា​ដែល​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​រួច​ហើយ ទៅ​ស្ថានសួគ៌​នោះ?

២១ ដូច្នេះ ក្រោយ​ពី​ដំណើរ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ពួក​អ្នក​១៤៤.០០០​នាក់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បន្ទាប់។ ពួកគេ​បាន​ទទួល​ចំណែក​ក្នុង​ដំណើរ​«​រស់​ឡើង​វិញ​ជាន់​មុន​ដំបូង​»។ តើ​នៅ​ពេល​ណា​ដែល​ការ​ទាំង​នេះ​នឹង​កើត​ឡើង? ព្រះ​គម្ពីរ​បាន​ចែង​ថា ក្នុង​«​កំឡុង​ពេល​វត្តមាន​របស់​ទ្រង់​»។ ដូច​ជា​យើង​បាន​រៀន​ក្នុង​ជំពូក​កន្លង​មក​ហើយ​នេះ វត្តមាន​របស់​ព្រះ​គ្រីស្ទ​បាន​ចាប់​ផ្ដើម​ក្នុង​ឆ្នាំ​១៩១៤។ ដូច្នេះ​ហើយ​«​ថ្ងៃ​»​សំរាប់​ដំណើរ​«​រស់​ឡើង​វិញ​ជាន់​មុន​ដំបូង​»​នៃ​ពួក​គ្រីស្ទាន​ដ៏​ស្មោះ​ត្រង់​ទៅ​ស្ថានសួគ៌ បាន​មក​ដល់​រួច​ហើយ។ គ្មាន​ការ​សង្ស័យ​ទេ ដែល​ពួក​សាវក​និង​ពួក​គ្រីស្ទាន​ពីដើម​ផ្សេង​ទៀត​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថានសួគ៌​រួច​ហើយ​នោះ។—ធីម៉ូថេ​ទី​២ ៤:៨

២២ (​ក​) តើ​ពួក​ណា​ផ្សេង​ទៀត ដែល​មាន​ចំណែក​ក្នុង​ដំណើរ​«​រស់​ឡើង​វិញ​ជាន់​មុន​ដំបូង​»​នោះ? (​ខ​) តើ​នៅ​ពេល​ណា ដែល​ពួកគេ​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ?

២២ ប៉ុន្តែ នៅ​មាន​ពួក​គ្រីស្ទាន​ដែល​កំពុង​តែ​រស់​នៅ​សព្វ​ថ្ងៃ​នេះ ក្នុង​កំឡុង​ពេល​វត្តមាន​ដ៏​មើល​មិន​ឃើញ​របស់​ព្រះ​គ្រីស្ទ ពួក​ដែល​មាន​សេចក្ដី​សង្ឃឹម​ដូច​គ្នា គឺ​ការ​សោយ​រាជ្យ​នៅ​លើ​ស្ថានសួគ៌​ជា​មួយ​ព្រះ​គ្រីស្ទ។ ពួក​នេះ​ជា​ពួក​ដែល​នៅសល់ ពួក​សំណល់​នៃ​ពួក​១៤៤.០០០​នាក់។ តើ​នៅ​ពេល​ណា ទើប​ពួកគេ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? ពួកគេ​មិន​ចាំបាច់​ដេក​លក់​ក្នុង​សេចក្ដី​ស្លាប់​ទេ ប៉ុន្តែ​ពួកគេ​នឹង​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​ភ្លាម នៅ​ពេល​ដែល​គេ​ស្លាប់។ ព្រះ​គម្ពីរ​បាន​ពន្យល់​ថា​៖ ​«​យើង​ទាំងអស់​គ្នា​នឹង​មិន​ដេក​លក់​ទៅ​ទេ តែ​ទាំងអស់​គ្នា​នឹង​បាន​ផ្លាស់​ប្រែ​ទៅ​ក្នុង​១​រំពេច​វិញ គឺ​ក្នុង​១​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ក្នុង​កាល​ដែល​ឮ​សូរ​ត្រែ​ក្រោយ​បង្អស់ ដ្បិត​ត្រែ​នឹង​ឮ​ឡើង​មែន នោះ​ពួក​ស្លាប់​នឹង​រស់​ឡើង​វិញ​»។—កូរិនថូសទី១ ១៥:៥១, ៥២; ថែស្សាឡូនីចទី១ ៤:១៥​-​១៧

២៣ តើ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ណា អំពី​ការ​ប្ដូរ​ទៅ​ជីវិត​ខាង​វិញ្ញាណ?

២៣ ជា​ធម្មតា ដំណើរ​«​រស់​ឡើង​វិញ​ជាន់​មុន​ដំបូង​»​ចំពោះ​ជីវិត​នៅ​ស្ថានសួគ៌​នេះ ជា​ការ​មើល​មិន​ឃើញ​ចំពោះ​ភ្នែក​របស់​មនុស្ស​លោក។ នេះ​ជា​ដំណើរ​រស់​ឡើង​វិញ ដើម្បី​មាន​ជីវិត​ជា​សត្តនិករ​វិញ្ញាណ។ ព្រះ​គម្ពីរ​បាន​ចែង​ពី​ការ​ប្ដូរ​ទៅ​ជា​ជីវិត​ខាង​វិញ្ញាណ​ដោយ​របៀប​នេះ​ថា​៖ ​«​គេ​បាន​កប់​ទៅ ជា​រូបកាយ ដែល​ពុក​​រលួយ តែ​រស់​ឡើង​វិញ ជា​រូបកាយ មិន​ចេះ​ពុករលួយ​ឡើយ បាន​កប់​ទៅ ទាំង​មាន​សេចក្ដី​អាប់ឱន តែ​រស់​ឡើង​វិញ ទាំង​មាន​សិរី​ល្អ . . . បាន​កប់​ទៅ ជា​រូបកាយ​ខាង​សាច់​ឈាម តែ​រស់​ឡើង ជា​រូបកាយ​ខាង​វិញ្ញាណ​វិញ​»។—កូរិនថូសទី១ ១៥:៤២​-​៤៤

២៤ (​ក​) តើ​ដំណើរ​រស់​ឡើង​វិញ​មួយ​ណា ដែល​មាន​បន្ទាប់​ពី​ដំណើរ​«​រស់​ឡើង​វិញ​ជាន់​មុន​ដំបូង​»​នោះ? (​ខ​) ហេតុ​អ្វី​ក៏​ត្រូវ​ហៅ​ជា​ការ​«​រស់​ឡើង​វិញ​បែប​ប្រសើរ​ជាង​»​?

២៤ យ៉ាង​ណា​ក៏​ដោយ ឃ្លា​ដែល​ថា​ដំណើរ​«​រស់​ឡើង​វិញ​ជាន់​មុន​ដំបូង​»​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា នឹង​មាន​ដំណើរ​រស់​ឡើង​វិញ​មួយ​ផ្សេង​ទៀត ជា​បន្តបន្ទាប់។ នេះ​ជា​ដំណើរ​រស់​ឡើង​វិញ ដើម្បី​មាន​ជីវិត​ក្នុង​សួន​​មនោរម្យ​នៅ​លើ​ផែនដី ទាំង​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត។ ការ​នេះ​នឹង​កើត​មាន​ឡើង​ក្រោយ​ពី​អើម៉ាគេដូន។ នេះ​ជា​ការ​«​រស់​ឡើង​វិញ​បែប​ប្រសើរ​ជាង​»​ដំណើរ​រស់​ឡើង​វិញ​របស់​ក្មេង​ប្រុស​ដែល​បាន​ត្រូវ​ប្រោស​ដោយ​​អេលីយ៉ា និង​អេលីសេ ហើយ​និង​ដំណើរ​រស់​ឡើង​វិញ​របស់​អ្នក​ដទៃ​ផ្សេង​ទៀត​ដែល​បាន​ប្រោស​ពីមុន​មក​នោះ។ ហេតុ​អ្វី​ក៏​ដូច្នេះ? ពីព្រោះ​ចំពោះ​ពួក​ដែល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ ក្រោយ​អើម៉ាគេដូន ប្រសិន​បើ​ពួកគេ​ជ្រើសរើស​យក​ការ​បម្រើ​ព្រះ ពួកគេ​នឹង​លែង​ត្រូវ​ស្លាប់​ទៀត​ហើយ។​​—ហេព្រើរ ១១:៣៥

អព្ភូតហេតុ​មួយ​របស់​ព្រះ

២៥ (​ក​) ហេតុ​អ្វី​ក៏​មិន​មែន​រូបកាយ​ដដែល ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ? (​ខ​) អ្វី​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​អ្វី​ដែល​ត្រូវ​ផ្ដល់​ដល់​ពួក​ដែល​ត្រូវ​រស់​ឡើង​វិញ​នោះ?

២៥ ក្រោយ​ពី​មនុស្ស​ម្នាក់​បាន​ស្លាប់ តើ​អ្វី​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ? នេះ​មិន​មែន​ជា​រូបកាយ​ដដែល ដែល​បាន​ស្លាប់​នោះ​ទេ។ ព្រះ​គម្ពីរ​បាន​បង្ហាញ​រឿង​នេះ ពេល​ដែល​បាន​ពណ៌នា​អំពី​ដំណើរ​រស់​ឡើង​វិញ ​ចំពោះ​ជីវិត​ទៅ​ស្ថានសួគ៌។ (​កូរិនថូសទី១ ១៥:៣៥​-​៤៤​) សូម្បី​តែ​ពួក​អ្នក​ដែល​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​នៅ​លើ​ផែនដី ក៏​មិន​ត្រូវ​ទទួល​រូបកាយ​ដដែល ដែល​ពួកគេ​ធ្លាប់​មាន​ពីមុន​មក​ឡើយ នៅ​ពេល​ដែល​គេ​នៅ​រស់​នោះ។ រូបកាយ​នោះ​ប្រហែល​ជា​បាន​ពុករលួយ ហើយ​ត្រឡប់​ទៅ​ជា​ដី​វិញ​ទៅ​ហើយ។ យូរ​ៗ​ទៅ វត្ថុ​ធាតុ​នៃ​សព​នោះ ប្រហែល​ជា​បាន​ជ្រួត​ជ្រាប​ក្លាយ​ទៅ​ជា​ធាតុ​ផ្សេង​ៗ​ទៀត​ដែល​មាន​ជីវិត។ ដូច្នេះ ព្រះ​ទ្រង់​ប្រោស​ឲ្យ​រស់​ឡើង​វិញ មិន​មែន​រូបកាយ​ដដែល​ទេ ប៉ុន្តែ​បុគ្គល​ដដែល ដែល​បាន​ស្លាប់​នោះ។ ចំពោះ​បុគ្គល​ដែល​ទៅ​ស្ថានសួគ៌ ទ្រង់​ប្រទាន​រូបកាយ​វិញ្ញាណ​ថ្មី។ ចំពោះ​ពួក​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដើម្បី​រស់​នៅ​លើ​ផែនដី ទ្រង់​ក៏​ប្រទាន​រូបកាយ​សាច់​ឈាម​ថ្មី​ដែរ។ គ្មាន​ការ​សង្ស័យ​ទេ រូបកាយ​សាច់​ឈាម​ថ្មី​នេះ​មាន​រូប​រាង​ស្រដៀង​នឹង​រូបកាយ​ដែល​មនុស្ស​នោះ​មាន មុន​ពេល​ដែល​គាត់​បាន​ស្លាប់ ដើម្បី​ឲ្យ​អ្នក​ដែល​ស្គាល់​គាត់​ពីដើម នឹង​អាច​សម្គាល់​គាត់​បាន ពេល​គាត់​រស់​មក​វិញ។

២៦ (​ក​) ហេតុ​អ្វី​ក៏​ដំណើរ​រស់​ឡើង​វិញ ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ម្ល៉េះ? (​ខ​) តើ​មនុស្ស​លោក​បាន​បង្កើត​របស់​អ្វី ដែល​អាច​ជួយ​យើង​ឲ្យ​យល់​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ព្រះ ក្នុង​ការ​ចង​ចាំ​មនុស្ស​ដែល​បាន​ស្លាប់​ទៅ?

២៦ ដំណើរ​រស់​ឡើង​វិញ​ពិត​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ។ មនុស្ស​ស្លាប់​ម្នាក់​ប្រហែល​ជា​បាន​បង្កើន​ឲ្យ​មាន​ការ​ពិសោធន៍ និង​ចំណេះវិជ្ជា​យ៉ាង​សន្ធឹក ហើយ​ក៏​មាន​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​ក្នុង​ជីវិត​ដែរ។ គាត់​បាន​លូត​លាស់​នូវ​បុគ្គលិក​លក្ខណៈ ដែល​ធ្វើ​ឲ្យ​គាត់​ប្លែក​ពី​បុគ្គល​ឯ​ទៀត​ទាំងអស់ ដែល​បាន​រស់​មក។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​ទ្រង់​នៅ​តែ​ចង​ចាំ​គ្រប់​ការ​ល្អិតល្អន់​និមួយ​ៗ ហើយ​ទ្រង់​នឹង​បង្កើត​បុគ្គល​នោះ​ឲ្យ​បាន​ពេញលេញ​ដូច​ដើម​វិញ ពេល​ដែល​ទ្រង់​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​នោះ។ ដូច​ជា​ព្រះ​គម្ពីរ​បាន​ចែង​ពី​មនុស្ស​ស្លាប់​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ថា​៖ ​«​មនុស្ស​ទាំងអស់​រស់​សំរាប់​ទ្រង់​»។ (​លូកា ២០:៣៨​) មនុស្ស​លោក​អាច​ថត​សម្លេង និង​រូប​ភាព​របស់​មនុស្ស ហើយ​អាច​ចាក់​ឬ​ក៏​បញ្ចាំង​ឲ្យ​ឃើញ ក្រោយ​ពេល​ដែល​មនុស្ស​នោះ​បាន​ស្លាប់​ទៅ។ ឯ​ព្រះ​យេហូវ៉ា​វិញ ទ្រង់​មាន​សមត្ថភាព​អាច ហើយ​ពិត​ជា​នឹង​នាំ​មក​វិញ​នូវ​ជីវិត​របស់​មនុស្ស​ទាំងអស់​ណា ដែល​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សតិ​របស់​ទ្រង់​នោះ!

២៧ តើ​សំនួរ​អ្វី​ខ្លះ​ចំពោះ​ដំណើរ​រស់​ឡើង​វិញ ដែល​យើង​នឹង​បាន​ចម្លើយ​បន្ទាប់​ទៅ​នេះ?

២៧ ព្រះ​គម្ពីរ​បាន​ចែង​ប្រាប់​យើង ពី​រឿង​ជា​ច្រើន​ទៀត​ដែល​ស្តី​អំពី​ជីវិត​នៅ​ក្នុង​សួន​មនោរម្យ ក្រោយ​ពី​មនុស្ស​ស្លាប់​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ។ ជា​ឧទាហរណ៍ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ពី​មនុស្ស​ដែល​រស់​ឡើង​វិញ អ្នក​ខ្លះ​«​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត​»​ ហើយ​អ្នក​ផ្សេង​ទៀត​«​នឹង​រស់​ឡើង ឲ្យ​ជាប់​មាន​ទោស​»។ (​យ៉ូហាន ៥:២៩​) តើ​ទ្រង់​ចង់​មាន​បន្ទូល​យ៉ាង​ណា? តើ​ស្ថានភាព​ចំពោះ​«​មនុស្ស​សុចរិត​»​ និង​ចំពោះ​«​មនុស្ស​ទុច្ចរិត​»​ដែល​ត្រូវ​បាន​រស់​ឡើង​វិញ ខុស​គ្នា​ឬ? ការ​ពិនិត្យ​សង្កេត​នូវ​ថ្ងៃ​ជំនុំជំរះ នឹង​ឆ្លើយ​នូវ​សំនួរ​បែប​នេះ​ចំពោះ​យើង​បាន។

[​រូបភាព​នៅ​ទំព័រ​១៦៧​]

​«​ខ្ញុំ​ដឹង​ថា . . . [​ប្អូន​ខ្ញុំ​]​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ​»​

អេលីយ៉ា​បាន​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ

អេលីសេ​បាន​ប្រោស​កូនក្មេង​ម្នាក់​ឲ្យ​រស់​ឡើង​វិញ

បុរស​ម្នាក់​ដែល​បាន​ប៉ះ​នឹង​ឆ្អឹង​របស់​អេលីសេ បាន​មាន​ជីវិត​មក​វិញ

[​រូបភាព​នៅ​ទំព័រ​១៦៨​]

មនុស្ស​ដែល​ព្រះ​យេស៊ូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​៖

កូន​ប្រុស​របស់​នាង​មេម៉ាយ​នៅ​ទីក្រុង​ណាអ៊ីន

លោក​ឡាសារ

កូន​ស្រី​របស់​យ៉ៃរ៉ុស

[​រូបភាព​នៅ​ទំព័រ​១៦៩​]

អ្នក​ឯ​ទៀត​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​៖

នាង​តេប៊ីថា

ព្រះ​យេស៊ូវ​អង្គ​ទ្រង់​ផ្ទាល់

អ៊ើទីកុស

[​រូបភាព​នៅ​ទំព័រ​១៧០​]

តើ​សួន​មនោរម្យ​ដែល​ព្រះ​យេស៊ូវ​បាន​សន្យា​ដល់​អ្នក​ធ្វើ​អំពើ​អាក្រក់​នោះ នៅ​ទីណា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក