ជំពូកទី២៧
របៀបទទួលជំនួយតាមរយៈការអធិស្ឋាន
១ តើជំនួយអ្វីដែលយើងត្រូវការជាចាំបាច់ពីព្រះ ហើយតាមរយៈណាដែលយើងអាចទទួលបាន?
ដើម្បីរក្សាខ្លួនឲ្យបានរួចពីឥទ្ធិពលដ៏អាក្រក់នៃលោកីយ៍នេះ ពួកគ្រីស្ទានត្រូវការជាចាំបាច់ ជាពិសេសនូវជំនួយដែលអាចទទួលបានតាមរយៈការអធិស្ឋាន។ ព្រះយេស៊ូវបានមានបន្ទូលថា៖ «ព្រះវរបិតាដែលគង់ស្ថានសួគ៌ . . . ទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធមកអស់អ្នកដែលសូម»។ (លូកា ១១:១៣) យើងត្រូវការជាចាំបាច់នូវវិញ្ញាណបរិសុទ្ធរបស់ព្រះ ឬសកម្មពលរបស់ព្រះ ក៏ដូចជាយើងត្រូវការជាចាំបាច់នូវការសិក្សាព្រះបន្ទូលទ្រង់និងការចូលរួមជាមួយនឹងអង្គការរបស់ទ្រង់ដែរ។ ប៉ុន្តែ ដើម្បីឲ្យបានព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែអធិស្ឋានសូម។
២ (ក) តើការអធិស្ឋានជាអ្វី? (ខ) តើការអធិស្ឋានមានសណ្ឋានយ៉ាងណាខ្លះ? (គ) ហេតុអ្វីក៏ការអធិស្ឋានជាការសំខាន់ម្ល៉េះ?
២ ការអធិស្ឋានជាការនិយាយដោយគោរពជាមួយព្រះ។ គឺអាចមានសណ្ឋានជាសំណូមពរ ដូចជាពេលដែលសូមព្រះនូវវត្ថុផ្សេងៗ។ ប៉ុន្តែការអធិស្ឋានក៏អាចជាការថ្លែងអំណរគុណ ឬក៏ជាការសរសើរដំកើងដល់ព្រះដែរ។ (របាក្សត្រទី១ ២៩:១០-១៣) ដើម្បីឲ្យមានការទាក់ទងយ៉ាងស្និទ្ធជាមួយព្រះវរបិតាសួគ៌ារបស់យើង យើងត្រូវតែនិយាយទៅកាន់ទ្រង់ឲ្យបានញឹកញាប់តាមរយ:ការអធិស្ឋាន។ (រ៉ូម ១២:១២; អេភេសូរ ៦:១៨) សកម្មពលរបស់ទ្រង់ ដែលយើងនឹងទទួលបានដោយសារការសូមនោះ អាចចម្រើនកម្លាំងចិត្តយើងក្នុងការធ្វើតាមព្រះហឫទ័យទ្រង់ ទោះជាមានបញ្ហា ឬក៏សេចក្ដីល្បួងដែលសាតាំងឬក៏លោកីយ៍របស់វាអាចដាក់មកលើយើងក៏ដោយ។—កូរិនថូសទី១ ១០:១៣; អេភេសូរ ៣:២០
៣ (ក) តើកម្លាំងអ្វីដែលយើងអាចទទួលពីព្រះបាន? (ខ) តើវិធីតែមួយណា ដែលយើងអាចរក្សាការទាក់ទងដ៏ស្និទ្ធជាមួយព្រះបាន?
៣ លោកអ្នកប្រហែលជាកំពុងតែមានការប្រយុទ្ធដ៏លំបាកមួយ ដើម្បីកំចាត់នូវទម្លាប់ឬក៏ការប្រព្រឹត្តខ្លះណាដែលមិនមែនជាការពេញព្រះហឫទ័យព្រះនោះ។ ប្រសិនបើដូច្នេះមែន សូមស្វែងរកជំនួយពីព្រះយេហូវ៉ាចុះ។ សូមបែរមករកទ្រង់តាមការអធិស្ឋាន។ សាវកប៉ុលបានធ្វើដូច្នេះ ហើយលោកបានសរសេរថា៖ «ដ្បិតគ្រប់កិច្ចការទាំងអស់ដែលខ្ញុំបានកម្លាំងនោះ ដោយគុណធម៌របស់ទ្រង់ជាអ្នកចែកកម្លាំងឲ្យខ្ញុំ»។ (ភីលីព ៤:១៣, ពថ; ទំនុកដំកើង ៥៥:២២; ១២១:១, ២) ស្ត្រីម្នាក់ដែលបានរួចពីការប្រព្រឹត្តនូវអំពើអសីលធម៌បាននិយាយថា៖ «មានតែទ្រង់ទេ ដែលជាព្រះដែលមានព្រះចេស្ដាដើម្បីជួយអ្នកឲ្យចេញរួចពីស្ថានការណ៍នោះ។ អ្នកត្រូវតែមានការទាក់ទងផ្ទាល់ខ្លួនជាមួយនឹងព្រះយេហូវ៉ា ហើយវិធីតែមួយដើម្បីរក្សាការទាក់ទងផ្ទាល់ខ្លួននោះ គឺត្រូវតែអធិស្ឋាន»។
៤ តើបុរសម្នាក់បានទទួលកម្លាំងចិត្តបានយ៉ាងណា ដើម្បីកំចាត់នូវទម្លាប់ជក់បារីនោះ?
៤ ប៉ុន្តែ បុគ្គលណាមួយប្រហែលជានិយាយថា៖ ‹ខ្ញុំបានអធិស្ឋានសូមជំនួយពីព្រះជាច្រើនដងហើយ ប៉ុន្តែខ្ញុំនៅតែមិនអាចឈប់ប្រព្រឹត្តខុសបានសោះ›។ ពួកអ្នកដែលជក់បារីបាននិយាយយ៉ាងនេះ។ ពេលដែលបុរសម្នាក់នោះបានត្រូវគេសួរថា៖ «តើនៅពេលណាដែលអ្នកអធិស្ឋាន»? គាត់បានឆ្លើយថា៖ «នៅពេលល្ងាចមុននឹងទទួលទានដំណេក នៅពេលក្រោកឡើងពេលព្រឹក ហើយក្រោយពេលដែលកម្លាំងចិត្តខ្ញុំចុះខ្សោយនិងបានជក់បារីហើយ រួចខ្ញុំជំរាបព្រះយេហូវ៉ាថា ខ្ញុំស្ដាយណាស់ពីអ្វីដែលខ្ញុំបានធ្វើ»។ មិត្តរបស់គាត់បាននិយាយថា៖ «ពេលវេលាដែលអ្នកពិតជាត្រូវការជំនួយជាចាំបាច់នោះ គឺនៅពេលដែលអ្នកកំពុងតែឃ្លានចង់ជក់ មែនទេ? គឺពេលនោះហើយដែលអ្នកត្រូវតែអធិស្ឋានទៅព្រះយេហូវ៉ាដើម្បីចម្រើនកម្លាំងចិត្តដល់អ្នក»។ ពេលដែលបុរសនោះបានធ្វើយ៉ាងដូច្នេះ គាត់ក៏បានទទួលជំនួយក្នុងការឈប់ជក់បារីនោះទៅ។
៥ (ក) តើត្រូវការអ្វី ដើម្បីបម្រើព្រះឲ្យបានត្រឹមត្រូវនោះ? (ខ) តើអ្វីបង្ហាញឲ្យឃើញថា ការរងទុក្ខលំបាកតែងតែទាក់ទងក្នុងការចាកចេញពីសកម្មភាពដែលពោរពេញទៅដោយអំពើបាបនោះ?
៥ នេះមិនមានន័យថា ការអធិស្ឋានទៅព្រះ ជាមួយនឹងការសិក្សាព្រះបន្ទូលរបស់ទ្រង់និងការចូលរួមជាមួយនឹងអង្គការដែលមើលឃើញរបស់ទ្រង់ នឹងសម្រួលលោកអ្នកក្នុងការប្រព្រឹត្តអ្វីដែលត្រឹមត្រូវនោះទេ។ ការខំប្រឹងប្រែងគឺនៅតែត្រូវការទៀត មែនហើយ គឺជាការប្រយុទ្ធដ៏ពិបាកមួយដែលអាចទាំងមានការរងទុក្ខលំបាកទៀតផង។ (កូរិនថូសទី១ ៩:២៧) ទម្លាប់អាក្រក់អាចធ្វើឲ្យមានចំណង់យ៉ាងខ្លាំងនូវអ្វីដែលអាក្រក់។ ដូច្នេះ តាមធម្មតាការរងទុក្ខលំបាកនឹងត្រូវមានជាលទ្ធផល នៅពេលដែលបុគ្គលម្នាក់ដកខ្លួនចេញពីសកម្មភាពដែលពោរពេញទៅដោយអំពើបាបនោះ។ តើលោកអ្នកសុខចិត្តរងទុក្ខ ដើម្បីធ្វើអ្វីដែលត្រឹមត្រូវទេ?—ពេត្រុសទី១ ២:២០, ២១
ការអធិស្ឋានដែលព្រះជ្រាបឮ
៦ (ក) ហេតុអ្វីបានជាមនុស្សជាច្រើនមានការពិបាកក្នុងការអធិស្ឋាន? (ខ) តើយើងត្រូវការអ្វីជាចាំបាច់ ដើម្បីឲ្យការអធិស្ឋានរបស់យើងបានត្រូវជ្រាបឮនោះ?
៦ មនុស្សជាច្រើនមានការពិបាកណាស់ក្នុងការអធិស្ឋាន។ ក្មេងស្រីម្នាក់បានសារភាពថា៖ «ខ្ញុំចេះតែមានការលំបាកក្នុងការអធិស្ឋានទៅបុគ្គលដែលខ្ញុំមើលមិនឃើញ»។ ដោយគ្មានមនុស្សណាម្នាក់បានឃើញព្រះទេនោះ យើងត្រូវការជំនឿជាចាំបាច់ ដើម្បីអធិស្ឋានហើយដើម្បីឲ្យព្រះទ្រង់ជ្រាបឮនោះ។ យើងត្រូវតែជឿថា ពិតជាមានព្រះយេហូវ៉ាមែន ហើយទ្រង់អាចសម្រេចអ្វីៗដែលយើងសូមបាន។ (ហេព្រើរ ១១:៦) ប្រសិនបើយើងមានជំនឿបែបនេះ ហើយប្រសិនបើយើងទៅរកព្រះដោយចិត្តយ៉ាងស្មោះនោះ យើងអាចប្រាកដក្នុងចិត្តថា ទ្រង់នឹងជួយយើងជាមិនខាន។ (ម៉ាកុស ៩:២៣) អញ្ចឹងហើយ សូម្បីតែលោកកូនេលាសដែលជានាយទាហាននៃសាសន៍រ៉ូម៉ាំងនៅពេលនោះ ថ្វីបើលោកមិនបានជាផ្នែកមួយនៃអង្គការរបស់ព្រះក៏ដោយ ពេលដែលលោកបានអធិស្ឋានដោយស្មោះពីចិត្តសំរាប់ការដឹកនាំនោះ ព្រះបានឆ្លើយនឹងការអធិស្ឋានរបស់លោក។—កិច្ចការ ១០:៣០-៣៣
៧ (ក) តើការអធិស្ឋានប្រភេទណា ដែលសព្វព្រះហឫទ័យព្រះ? (ខ) តើការអធិស្ឋានប្រភេទណា ដែលព្រះទ្រង់មិនសណ្ដាប់នោះ?
៧ មនុស្សខ្លះមានការពិបាកណាស់ក្នុងការសម្ដែងមនោសញ្ចេតនារបស់គេតាមពាក្យសម្ដី។ ប៉ុន្តែ នេះមិនត្រូវបញ្ឈប់ពួកគេពីការនិយាយទៅព្រះតាមរយៈការអធិស្ឋានឡើយ។ យើងអាចប្រាកដក្នុងចិត្តថា ទ្រង់ជ្រាបដឹងអំពីសេចក្ដីត្រូវការរបស់យើង ហើយឈ្វេងយល់អំពីអ្វីៗដែលយើងចង់និយាយផង។ (ម៉ាថាយ ៦:៨) សូមគិតអំពីរឿងនេះមើល៖ តើពាក្យសម្ដីមួយណាពីកូនក្មេង ដែលលោកអ្នកមានអំណរជាងគេបំផុតនោះ តើពាក្យអំណរគុណដែលងាយស្រួលស្ដាប់ដោយស្មោះពីចិត្ត ឬក៏ពាក្យសម្ដីពិសេសដែលអ្នកណាម្នាក់បានប្រាប់ក្មេងនោះឲ្យនិយាយ? ក៏ដូចគ្នាដែរ ព្រះវរបិតានៅស្ថានសួគ៌របស់យើងទ្រង់មានព្រះហឫទ័យអបអរចំពោះពាក្យសម្ដីងាយស្រួល ស្មោះចេញពីចិត្តយើង។ (យ៉ាកុប ៤:៦; លូកា ១៨:៩-១៤) មិនចាំបាច់មានពាក្យពិសេសណា ឬភាសាសាសនាណានោះទេ។ ទ្រង់មិនទាំងសណ្ដាប់ពួកអ្នកដែលអធិស្ឋានតាមភាសាដ៏ចំឡែក ឬក៏ភាសាដែលប្រើពាក្យខ្ពស់ៗ ដែលធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍ ឬក៏ពួកអ្នកណាដែលនិយាយច្រំដែលៗម្ដងហើយម្ដងទៀតដោយរបៀបមិនស្មោះពីចិត្តនោះ។—ម៉ាថាយ ៦:៥, ៧
៨ (ក) តើអ្វីដែលបង្ហាញថា ព្រះទ្រង់អាចជ្រាបឮការអធិស្ឋានដែលមិនបញ្ចេញសម្ដីនោះ? (ខ) តើព្រះគម្ពីរបានបង្ហាញថា យើងត្រូវតែអធិស្ឋានតាមបែបបទឬក៏ក្នុងទីកន្លែងពិសេសណាមួយឬ?
៨ សូម្បីតែអ្នកអធិស្ឋានមិនបញ្ចេញសម្ដីក៏ដោយ ក៏ព្រះអាចជ្រាបឮដែរ។ នៅពេលដែលនេហេមាបានធ្វើដូច្នេះ ព្រះបានប្រទានតាមសំណូមពរយ៉ាងស្មោះពីចិត្តរបស់គាត់ ហើយក៏ដូចគ្នាជាមួយនឹងនាងហាណាដែរ។ (នេហេមា ២:៤-៨; សាំយូអែលទី១ ១:១១-១៣, ១៩, ២០) បែបបទនៃរាងកាយក៏មិនមែនជាការសំខាន់ដែរ នៅពេលដែលយើងអធិស្ឋាន។ អ្នកអាចអធិស្ឋាន តាមបែបបទយ៉ាងណាក៏បាន ពេលណាក៏បាន ទីកន្លែងណាក៏បាន។ ប៉ុន្តែ ព្រះគម្ពីរបានបង្ហាញថា បែបបទដ៏រាបទាប ដូចជាឱនក្បាល ឬក៏លុតជង្គង់ជាដើមជាការសមត្រឹមត្រូវ។ (ពង្សាវតារក្សត្រទី១ ៨:៥៤; នេហេមា ៨:៦; ដានីយ៉ែល ៦:១០; ម៉ាកុស ១១:២៥; យ៉ូហាន ១១:៤១) ហើយព្រះយេស៊ូវបានបង្ហាញឲ្យឃើញថា ជាការល្អបើយើងអធិស្ឋានក្នុងកន្លែងដាច់ពីគេ ដែលមិនត្រូវឃើញដោយអ្នកដទៃនោះ។—ម៉ាថាយ ៦:៦
៩ (ក) តើការអធិស្ឋានរបស់យើងទាំងអស់គួរតែសំដៅទៅអ្នកណា ហើយហេតុអ្វី? (ខ) ដើម្បីឲ្យការអធិស្ឋានរបស់យើងគាប់ព្រះហឫទ័យព្រះ តើក្នុងនាមរបស់អ្នកណាដែលការអធិស្ឋានទាំងនោះត្រូវថ្វាយ?
៩ ការអធិស្ឋានជាផ្នែកនៃការថ្វាយបង្គំរបស់យើង។ ដោយមូលហេតុនេះ ការអធិស្ឋានរបស់យើង ត្រូវតែថ្វាយទៅតែអ្នកបង្កើតរបស់យើង ព្រះយេហូវ៉ាមួយអង្គប៉ុណ្ណោះ មិនទៅអ្នកណាផ្សេងទៀតឡើយ។ (ម៉ាថាយ ៤:១០) ហើយ ព្រះគម្ពីរបង្ហាញថា ពួកគ្រីស្ទានត្រូវតែចូលទៅជិតព្រះតាមរយៈព្រះយេស៊ូវ ជាអ្នកដែលបានប្រទានព្រះជន្មទ្រង់ ដើម្បីយកចេញនូវអំពើបាបរបស់យើង។ ការនេះបានសេចក្ដីថា យើងត្រូវថ្លែងការអធិស្ឋានរបស់យើង ក្នុងព្រះនាមព្រះយេស៊ូវ។—យ៉ូហាន ១៤:៦, ១៤; ១៦:២៣; អេភេសូរ ៥:២០; យ៉ូហានទី១ ២:១, ២
១០ (ក) តើការអធិស្ឋានរបស់អ្នកណា ដែលមិនសព្វព្រះហឫទ័យព្រះនោះ? (ខ) តើយើងត្រូវតែអនុវត្តតាមសេចក្ដីតម្រូវដ៏សំខាន់ណាខ្លះ ដើម្បីឲ្យការអធិស្ឋានរបស់យើងអាចជ្រាបឮដោយព្រះនោះ?
១០ ប៉ុន្តែ តើការអធិស្ឋានទាំងអស់សព្វព្រះហឫទ័យព្រះយេហូវ៉ាទេ? ព្រះគម្ពីរបានចែងថា៖ «អ្នកណាដែលបែរត្រចៀកចេញមិនព្រមស្ដាប់បញ្ញត្តច្បាប់ នោះទោះទាំងពាក្យអធិស្ឋានរបស់អ្នកនោះ ក៏ជាទីស្អប់ខ្ពើមដែរ»។ (សុភាសិត ២៨:៩; ១៥:២៩; អេសាយ ១:១៥) ដូច្នេះហើយ ប្រសិនបើយើងចង់ឲ្យព្រះជ្រាបឮការអធិស្ឋានរបស់យើង សេចក្ដីតម្រូវដ៏សំខាន់នោះគឺ យើងត្រូវតែធ្វើតាមព្រះហឫទ័យនិងគោរពនូវក្រិត្យវិន័យរបស់ទ្រង់។ បើមិនអញ្ចឹងទេ ព្រះនឹងមិនសណ្ដាប់យើងទេ ក៏ដូចជាបុគ្គលល្អត្រឹមត្រូវម្នាក់នឹងមិនស្ដាប់កម្មវិធីវិទ្យុណាមួយដែលគាត់គិតថាគ្មានសីលធម៌នោះដែរ។ ព្រះគម្ពីរបានចែងថា៖ «ហើយទោះបើយើងសូមអ្វីពីទ្រង់ក៏ដោយ គង់តែនឹងបានសំរេច ពីព្រោះយើងកាន់តាមបញ្ញត្តទ្រង់ ហើយក៏ប្រព្រឹត្តការដែលគាប់ព្រះហឫទ័យដល់ទ្រង់ដែរ»។—យ៉ូហានទី១ ៣:២២
១១ តើការប្រព្រឹត្តតាមការអធិស្ឋានរបស់យើងមានន័យយ៉ាងណា?
១១ នេះបានសេចក្ដីថា យើងត្រូវតែប្រព្រឹត្តតាមអ្វីៗដែលយើងអធិស្ឋានសូម។ ឧទាហរណ៍ ជាការខុសហើយ ចំពោះបុគ្គលណាដែលបានសូមជំនួយពីព្រះ ដើម្បីឈប់ប្រើថ្នាំជក់ ឬកញ្ឆា ហើយក្រោយមកចេញទៅទិញរបស់ទាំងអស់នោះ។ ក៏ជាការខុសដែរ បើគាត់សូមព្រះយេហូវ៉ាឲ្យជួយគាត់ក្នុងការចៀសវាងនូវអំពើអសីលធម៌ ហើយបន្ទាប់មកអានសៀវភៅ និងមើលភាពយន្តនិងកម្មវិធីទូរទស្សន៍ណាដែលបញ្ចាំងរឿងអសីលធម៌នោះ។ ឬក៏ ប្រសិនបើការលេងល្បែងស៊ីសង ជាចំណុចខ្សោយរបស់បុគ្គលណាម្នាក់ គាត់មិនអាចអធិស្ឋានសូមជំនួយពីព្រះឲ្យឈប់បានទេ បើបន្ទាប់មកគាត់ទៅលេងកន្លែងប្រណាំងប្រជែង ឬក៏កន្លែងផ្សេងទៀតដែលទីនោះល្បែងស៊ីសងបានត្រូវប្រព្រឹត្តឡើងនោះ។ ដូច្នេះ ដើម្បីឲ្យការអធិស្ឋានរបស់យើងបានត្រូវជ្រាបឮដោយព្រះ យើងត្រូវតែបង្ហាញទ្រង់ដោយសកម្មភាពរបស់យើងថា សម្ដីរបស់យើងពិតជាចេញពីចិត្តយើងមែន។
១២ (ក) តើរបស់ណាខ្លះ ដែលយើងអាចរួមបញ្ចូលទៅក្នុងការអធិស្ឋានរបស់យើង? (ខ) ដើម្បីឲ្យការអធិស្ឋានរបស់យើងបានសព្វព្រះហឫទ័យព្រះនោះ តើយើងត្រូវតែរៀនអ្វី?
១២ អញ្ចឹង តើរបស់ផ្ទាល់ខ្លួនណាខ្លះ ដែលយើងអាចរួមបញ្ចូលនៅក្នុងការអធិស្ឋានរបស់យើងទៅព្រះយេហូវ៉ា? តាមការពិត របស់ទាំងអស់ណាដែលនឹងមានឥទ្ធិពលលើការទាក់ទងរបស់យើងជាមួយព្រះយេហូវ៉ា គឺជាកម្មវត្ថុត្រឹមត្រូវហើយចំពោះការអធិស្ឋាន រួមទាំងសុខភាពខ្លួនប្រាណ និងការចិញ្ចឹមអប់រំកូនចៅដែរ។ (ពង្សាវតារក្សត្រទី២ ២០:១-៣; ពួកចៅហ្វាយ ១៣:៨) សាវកយ៉ូហានបានសរសេរថា៖ «បើយើងនឹងសូមអ្វី ដែលត្រូវតាមព្រះហឫទ័យទ្រង់ នោះទ្រង់នឹងទទួលព្រម»។ (យ៉ូហានទី១ ៥:១៤) ដូច្នេះ ការដ៏សំខាន់នោះ គឺសំណូមពររបស់យើងត្រូវតែឲ្យស្របនឹងព្រះហឫទ័យរបស់ព្រះ។ ការនេះមានន័យថា ជាបឋមយើងត្រូវរៀនជាចាំបាច់អំពីអ្វីដែលជាព្រះហឫទ័យទ្រង់។ (សុភាសិត ៣:៥, ៦) បន្ទាប់មក ប្រសិនបើយើងយកចិត្តទុកដាក់ទៅលើព្រះហឫទ័យនិងព្រះរាជបំណងរបស់ព្រះ ពេលយើងអធិស្ឋាន ជាជាងគិតតែប្រយោជន៍ផ្ទាល់របស់យើងនោះ ការអធិស្ឋានរបស់យើងនឹងត្រូវបានទទួលស្គាល់ពីព្រះយេហូវ៉ាជាមិនខាន។ ជាការត្រឹមត្រូវណាស់ ដែលយើងថ្លែងអំណរគុណដល់ព្រះយេហូវ៉ាជារៀងរាល់ថ្ងៃចំពោះរបស់ល្អទាំងឡាយដែលទ្រង់ប្រទាន។—យ៉ូហាន ៦:១១, ២៣; កិច្ចការ ១៤:១៦, ១៧
១៣ (ក) តើព្រះយេស៊ូវបានបង្ហាញយ៉ាងណា ចំពោះការសំខាន់ជាងគេបង្អស់ក្នុងការអធិស្ឋានរបស់យើង? (ខ) តើអ្វីដែលជាការសំខាន់បន្ទាប់ពីនោះ ដែលយើងគួរតែអធិស្ឋានសូម?
១៣ ព្រះយេស៊ូវបានប្រទានដល់ពួកអ្នកកាន់តាមទ្រង់នូវគំរូអធិស្ឋានមួយ ដើម្បីបង្ហាញឲ្យពួកគេដឹងនូវការអធិស្ឋានប្រភេទណា ដែលព្រះសព្វព្រះហឫទ័យនោះ។ (ម៉ាថាយ ៦:៩-១៣) ការអធិស្ឋាននេះបង្ហាញថា ព្រះនាមរបស់ព្រះ ព្រះរាជាណាចក្ររបស់ទ្រង់ និងការសម្រេចនូវព្រះហឫទ័យទ្រង់នៅលើផែនដីគឺជាការសំខាន់ជាងគេបង្អស់។ បន្ទាប់មកយើងអាចសូមអ្វីៗដែលយើងត្រូវការសំរាប់ខ្លួនយើងផ្ទាល់ ដូចជាម្ហូបអាហារប្រចាំថ្ងៃរបស់យើង ការអនុគ្រោះនូវអំពើបាប និងការរំដោះពីសេចក្ដីល្បួង ហើយពីបុគ្គលអាក្រក់កំណាច អារក្សសាតាំង។
ការអធិស្ឋានដើម្បីជួយអ្នកដទៃ
១៤ តើព្រះគម្ពីរបង្ហាញយ៉ាងណាពីការសំខាន់នៃការអធិស្ឋានឲ្យអ្នកដទៃ?
១៤ តាមរយៈគំរូរបស់ទ្រង់ ព្រះយេស៊ូវបានបង្ហាញឲ្យឃើញពីការសំខាន់នៃការអធិស្ឋានឲ្យអ្នកដទៃ។ (លូកា ២២:៣២; ២៣:៣៤; យ៉ូហាន ១៧:២០) សាវកប៉ុលបានដឹងពីតម្លៃនៃការអធិស្ឋានបែបនេះ ហើយតែងតែបានសូមឲ្យអ្នកដទៃអធិស្ឋានឲ្យលោក។ (ថែស្សាឡូនីចទី១ ៥:២៥; ថែស្សាឡូនីចទី២ ៣:១; រ៉ូម ១៥:៣០) នៅពេលដែលលោកនៅក្នុងគុក លោកបានសរសេរថា៖ «ដ្បិតខ្ញុំសង្ឃឹមថា ព្រះទ្រង់នឹងប្រគល់ខ្ញុំមកឯអ្នកវិញ ដោយអ្នកអធិស្ឋានឲ្យខ្ញុំផង»។ (ភីលេម៉ូន ២២; អេភេសូរ ៦:១៨-២០) ប៉ុលបានត្រូវដោះលែងពីគុកភ្លាមបន្ទាប់នោះ បង្ហាញឲ្យឃើញនូវប្រយោជន៍នៃការអធិស្ឋានដែលបានធ្វើឡើងដើម្បីរូបលោក។
១៥ តើសំណូមពរប្រភេទណា ដែលយើងអាចសូមឲ្យបុគ្គលទាំងឡាយដែលយើងស្រឡាញ់នោះ?
១៥ ប៉ុលក៏បានអធិស្ឋានឲ្យអ្នកដទៃដែរ។ លោកបានសរសេរថា៖ «យើងខ្ញុំអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងខ្ញុំ បានរាប់អ្នករាល់គ្នាជាគួរនឹងការ ដែលទ្រង់ហៅមកធ្វើ»។ (ថែស្សាឡូនីចទី២ ១:១១) ហើយទៅក្រុមជំនុំផ្សេងទៀត លោកបានពន្យល់ថា៖ «ហើយខ្ញុំអធិស្ឋានដល់ព្រះ សូមកុំឲ្យអ្នករាល់គ្នាធ្វើការអាក្រក់អ្វីឡើយ . . . គឺប្រយោជន៍ឲ្យអ្នករាល់គ្នាបានប្រព្រឹត្តសេចក្ដីល្អតែប៉ុណ្ណោះ»។ (កូរិនថូសទី២ ១៣:៧) នេះពិតជាការល្អក្នុងការកាន់តាមគំរូរបស់ប៉ុល ហើយនឹងធ្វើសំណូមពរណាមួយដើម្បីជាប្រយោជន៍ដល់បុគ្គលដែលយើងស្រឡាញ់។ មែនហើយ «ដ្បិតសេចក្ដីទូលអង្វរ[ដ៏អស់ពីចិត្ត]របស់មនុស្សសុចរិត នោះពូកែណាស់»។—យ៉ាកុប ៥:១៣-១៦
១៦ (ក) ដើម្បីឲ្យបានជំនួយដែលត្រូវការជាចាំបាច់នោះ នៅពេលណាដែលយើងត្រូវអធិស្ឋាន? (ខ) ហេតុអ្វីក៏ការអធិស្ឋានជាឯកសិទ្ធិដ៏អស្ចារ្យមួយ?
១៦ នៅពេលដែលកំពុងបង្រៀនព្រះគម្ពីរ អ្នកបម្រើម្នាក់តែងតែសួរថា៖ «តើអ្នកអធិស្ឋាននៅពេលឯទៀត បន្ថែមទៅលើការអធិស្ឋាននៅពេលសិក្សាព្រះគម្ពីរប្រចាំសប្ដាហ៍របស់អ្នកទេ»? ដើម្បីឲ្យបានជំនួយដែលយើងត្រូវការជាចាំបាច់នោះ យើងត្រូវតែនិយាយទៅព្រះតាមការអធិស្ឋានជារឿយៗ។ (ថែស្សាឡូនីចទី១ ៥:១៧; លូកា ១៨:១-៨) សូមរៀននិយាយដោយចិត្តរាបទាបទៅទ្រង់ ឲ្យដូចជាលោកអ្នកនិយាយទៅមិត្តជាទីស្រឡាញ់និងជាទីទុកចិត្តម្នាក់ដែរ។ ពិតហើយ តើជាឯកសិទ្ធិដ៏អស្ចារ្យយ៉ាងណាទៅហ្ន៎ ដែលយើងអាចអធិស្ឋានទៅព្រះមហាក្សត្រដ៏ខ្ពស់បំផុតនៃសកលលោកនេះ ដែលជាអ្នកស្ដាប់ការអធិស្ឋាន ហើយដឹងថាទ្រង់នឹងសណ្ដាប់លោកអ្នកជាមិនខាននោះ!—ទំនុកដំកើង ៦៥:២
[រូបភាពនៅទំព័រ២២៧]
តើអ្នកត្រូវធ្វើយ៉ាងណា ពេលដែលមានចិត្តចង់ជក់បារី—អធិស្ឋានសូមជំនួយ ឬក៏បណ្ដោយខ្លួនចុះចាញ់?
[រូបភាពនៅទំព័រ២២៩]
តើអ្នកអធិស្ឋានសូមជំនួយ ហើយបន្ទាប់មកទៅចូលរួមក្នុងសកម្មភាពដែលអាចនាំទៅការប្រព្រឹត្តខុសឬ?
[រូបភាពនៅទំព័រ២៣០]
តើអ្នកអធិស្ឋានដោយខ្លួនឯងទេ ឬក៏នៅពេលតែជាមួយអ្នកដទៃ?