បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pe ជំ. ២៩ ទំ. ២៣៨-២៤៩
  • ការធ្វើឲ្យបានជោគជ័យក្នុងជីវភាពគ្រួសារ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការធ្វើឲ្យបានជោគជ័យក្នុងជីវភាពគ្រួសារ
  • អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • របៀប​ដែល​ព្រះ​បាន​បង្កើត​បុរស​និង​ស្ត្រី
  • មុខ​នាទី​របស់​ស្វាមី
  • បំពេញ​មុខ​នាទី​ជា​ភរិយា
  • មុខ​នាទី​របស់​កូនចៅ​នៅ​ក្នុង​គ្រួសារ
  • ការ​ដោះ​ស្រាយ​បញ្ហា​គ្រួសារ​ដោយ​ជោគជ័យ
  • របៀបធ្វើឲ្យមានសុភមង្គលក្នុងជីវភាពគ្រួសារ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • កត្ដាសំខាន់ពីរដែលនាំឲ្យអាពាហ៍ពិពាហ៍នៅស្ថិតស្ថេរជាដរាប
    គន្លឹះនៃសុភមង្គលគ្រួសារ
  • ក្រុមគ្រួសារអ្នកអាចមានសុភមង្គលបាន
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើក្រុមគ្រួសាររបស់អ្នកអាចមានសុភមង្គលយ៉ាងដូចម្ដេច? (ភាគទី១)
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
pe ជំ. ២៩ ទំ. ២៣៨-២៤៩

ជំពូក​ទី២៩

ការ​ធ្វើ​ឲ្យ​បាន​ជោគជ័យ​ក្នុង​ជីវភាព​គ្រួសារ

១ (​ក​) តើ​តាម​របៀប​ណា​ដែល​គ្រួសារ​បាន​ចាប់​ផ្ដើម​មាន​ឡើង? (​ខ​) តើ​អ្វី​ជា​ព្រះ​រាជ​បំណង​របស់​ព្រះ​ចំពោះ​គ្រួសារ?

នៅ​ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​បុរស​និង​ស្ត្រី​ទី​មួយ ទ្រង់​បាន​ផ្សំផ្គុំ​ពួកគេ​ជា​មួយ​គ្នា ដើម្បី​បង្កើត​ឲ្យ​មាន​គ្រួសារ​មួយ។ (​លោកុប្បត្តិ ២:២១​-​២៤; ម៉ាថាយ ១៩:៤​-​៦​) ព្រះ​រាជ​បំណង​របស់​ព្រះ​ចំពោះ​ស្វាមី​ភរិយា​នេះ គឺ​ដើម្បី​ចម្រើន​ឲ្យ​បាន​គ្នា​ជា​ច្រើន​ឡើង​ដោយសារ​ការ​បង្កើត​កូនចៅ។ បន្ទាប់​មក នៅ​ពេល​ដែល​កូនចៅ​បាន​ពេញ​រូប​រាង​ហើយ​នោះ ពួកគេ​នឹង​ត្រូវ​រៀប​អាពាហ៍ពិពាហ៍ ហើយ​បង្កើត​ឲ្យ​បាន​ជា​គ្រួសារ​របស់​ពួកគេ​ផ្ទាល់។ នេះ​ជា​ព្រះ​រាជ​បំណង​របស់​ព្រះ ដែល​ជា​យថាហេតុ គ្រួសារ​ទាំងអស់​ដែល​ប្រកប​ដោយ​សុភមង្គល​នឹង​ត្រូវ​រស់​នៅ​ក្នុង​ដំបន់​ទាំងអស់​នៅ​លើ​ផែនដី​នេះ។ ពួកគេ​នឹង​កសាង​ផែនដី​ទាំងមូល​នេះ​ឲ្យ​ទៅ​ជា​សួន​មនោរម្យ​ដ៏​ស្អាត​នៅ​គ្រប់​ទីកន្លែង។—លោកុប្បត្តិ ១:២៨

២, ៣ (​ក​) ហេតុ​អ្វី​ក៏​យើង​មិន​អាច​បន្ទោស​ព្រះ​ចំពោះ​បរាជ័យ​ក្នុង​គ្រួសារ? (​ខ​) តើ​អ្វី​ជា​ការ​ចាំបាច់ ដើម្បី​ឲ្យ​អរ​សប្បាយ​នឹង​ជីវភាព​គ្រួសារ​ឲ្យ​បាន​ជោគជ័យ​នោះ?

២ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ គ្រួសារ​ជា​ច្រើន​កំពុង​តែ​បែក​បាក់​គ្នា ហើយ​គ្រួសារ​ជា​ច្រើន​ទៀត​ដែល​រស់​នៅ​ជួបជុំ​គ្នា​នៅ​ឡើយ ក៏​នៅ​តែ​គ្មាន​សុភមង្គល​ដែរ។ ដូច្នេះ បុគ្គល​ម្នាក់​ប្រហែល​ជា​សួរ​ថា​៖ ‹ប្រសិន​បើ​គ្រួសារ​ពិត​ជា​បាន​បង្កើត​ដោយសារ​ព្រះ​មែន​នោះ តើ​យើង​មិន​សង្ឃឹម​ថា​នឹង​បាន​លទ្ធផល​ប្រសើរ​ជាង​នេះ​ទេ​ឬ›? ទោះជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​អាច​បន្ទោស​ព្រះ ចំពោះ​បរាជ័យ​ក្នុង​គ្រួសារ​បាន​ទេ។ ក្រុម​ហ៊ុន​មួយ​ប្រហែល​ជា​បង្កើត​បាន​ផលិតផល​មួយ​យ៉ាង ហើយ​បាន​ផ្ដល់​ឲ្យ​អនុទ្ទេស​មួយ​ច្បាប់​សំរាប់​របៀប​ប្រើ​របស់​នោះ។ ប៉ុន្តែ តើ​ជា​កំហុស​របស់​ក្រុម​ហ៊ុន​នោះ​ឬ ប្រសិន​បើ​ផលិតផល​នោះ​មិន​ដើរ​ស្រួល​ដោយ​ព្រោះ​តែ​អ្នក​ទិញ​មិន​ធ្វើ​តាម​អនុទ្ទេស​នោះ? មិន​មែន​ដូច្នេះ​ឡើយ។ ផលិតផល​នោះ ទោះបី​ជា​វា​មាន​គុណភាព​ល្អ​ពេញ​ខ្នាត​យ៉ាង​ណា​ក៏​ដោយ ក៏​វា​មិន​ដើរ​បាន​ស្រួល​ឡើយ បើ​មិន​ប្រើ​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ។ នេះ​ក៏​ដូច​គ្នា​នឹង​គ្រួសារ​ដែរ។

៣ ព្រះ​យេហូវ៉ា ទ្រង់​បាន​ប្រទាន​នូវ​សេចក្ដី​ណែនាំ​នៅ​ក្នុង​ព្រះ​គម្ពីរ​សំរាប់​ជីវភាព​គ្រួសារ។ ប៉ុន្តែ ប្រសិន​បើ​សេចក្ដី​ណែនាំ​ទាំង​នេះ​មិន​បាន​ត្រូវ​អើពើ​ទេ​នោះ តើ​នឹង​បាន​លទ្ធផល​យ៉ាង​ណា​ទៅ? ទោះបី​ការ​រៀប​ចាត់​ចែង​គ្រួសារ​ជា​ការ​ល្អ​គ្រប់​លក្ខណៈ​ក៏​ដោយ ក៏​អាច​មាន​ការ​បែក​បាក់​គ្នា​ដែរ។ អញ្ចឹង សមាជិក​នៃ​គ្រួសារ​នឹង​មិន​មាន​សុភមង្គល​ទេ។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​គោលការណ៍​ណែនាំ​នៅ​ក្នុង​ព្រះ​គម្ពីរ​បាន​ត្រូវ​កាន់​តាម​នោះ នេះ​នឹង​ធ្វើ​ឲ្យ​គ្រួសារ​ប្រកប​ទៅ​ដោយ​ជោគជ័យ​និង​សុភមង្គល​ជា​មិន​ខាន។ ដូច្នេះ​ហើយ ជា​ការ​សំខាន់​ណាស់ ដែល​យើង​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់ អំពី​របៀប​ដែល​ព្រះ​បាន​បង្កើត​សមាជិក​ផ្សេង​ៗ​នៃ​ក្រុម​គ្រួសារ ហើយ​អំពី​មុខ​នាទី​ដែល​ទ្រង់​មាន​បំណង​ឲ្យ​ពួកគេ​បំពេញ​នោះ។

របៀប​ដែល​ព្រះ​បាន​បង្កើត​បុរស​និង​ស្ត្រី

៤ (​ក​) តើ​បុរស​និង​ស្ត្រី​មាន​ភាព​ខុស​គ្នា​យ៉ាង​ណា​ខ្លះ? (​ខ​) ហេតុ​អ្វី​ក៏​ព្រះ​បាន​បង្កើត​ឲ្យ​មាន​ភាព​ខុស​គ្នា​បែប​នេះ?

៤ អ្នក​ណា​ក៏​អាច​ឃើញ​ដែរ​ថា ព្រះ​យេហូវ៉ា​មិន​បាន​បង្កើត​បុរស​និង​ស្ត្រី​ឲ្យ​ដូច​គ្នា​ទេ។ ពិត​មែន ពួកគេ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ជា​ច្រើន​យ៉ាង។ ប៉ុន្តែ មាន​ភាព​ខុស​គ្នា​ជា​ច្រើន​ខាង​រូប​រាង​កាយ​និង​ខាង​លក្ខណៈ​នៃ​ភេទ​ដែរ។ ពួកគេ​ក៏​មាន​គុណសម្បត្ដិ​ខាង​អារម្មណ៍​ផ្សេង​ពី​គ្នា​ដែរ។ ហេតុ​អ្វី​ក៏​មាន​ភាព​ខុស​គ្នា​អញ្ចឹង? ព្រះ​បាន​បង្កើត​ពួកគេ​តាម​របៀប​ដូច​នេះ ដើម្បី​ជួយ​គេ​ម្នាក់​ៗ​ក្នុង​ការ​បំពេញ​មុខ​នាទី​រៀង​ៗ​ខ្លួន។ ក្រោយ​ពី​ព្រះ​បាន​បង្កើត​បុរស ទ្រង់​បាន​មាន​បន្ទូល​ថា​៖ ​«​គឺ​មិន​ជា​ការ​ល្អ​ទេ ដែល​បុរស​នេះ​បន្ត​រស់​នៅ​តែ​ម្នាក់​ឯង។ អញ​នឹង​បង្កើត​អ្នក​ជំនួយ​ម្នាក់​សំរាប់​វា ដើម្បី​ជា​គូ​បង្គ្រប់​ចំពោះ​វា​»។—លោកុប្បត្តិ ២:១៨, ពថ

៥ (​ក​) តើ​ស្ត្រី​បាន​បង្កើត​មក​ជា ​«​គូ​បង្គ្រប់​»​សំរាប់​បុរស​យ៉ាង​ណា? (​ខ​) តើ​អាពាហ៍ពិពាហ៍​លើក​ទី​មួយ​បាន​រៀប​ឡើង​នៅ​ទីណា? (​គ​) ហេតុ​អ្វី​ក៏​អាពាហ៍ពិពាហ៍​អាច​ទៅ​ជា​ការ​រៀបចំ​ដ៏​រីករាយ​មួយ​បាន?

៥ គូ​បង្គ្រប់​ជា​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​ស៊ី​គ្នា ឬ​ក៏​សមនឹង​អ្វី​មួយ​ផ្សេង​ទៀត ដើម្បី​ធ្វើ​ឲ្យ​បាន​ពេញលេញ។ ព្រះ​បាន​បង្កើត​ស្ត្រី​ជា​គូ​ដ៏​ជា​ទី​ពេញ​ចិត្ត​សំរាប់​បុរស ដើម្បី​ជួយ​គាត់​ក្នុង​ការ​សម្រេច​នូវ​សេចក្ដី​បង្គាប់​របស់​ព្រះ ឲ្យ​បង្កើត​កូនចៅ​ជា​ច្រើន​និង​ឲ្យ​រក្សា​ផែនដី​នេះ។ ដូច្នេះ ក្រោយ​ពី​បាន​បង្កើត​ស្ត្រី​ពី​ផ្នែក​មួយ​របស់​បុរស ព្រះ​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​លើក​ទី​មួយ នៅ​ក្នុង​សួនច្បារ​អេដែន ដោយ​‹នាំ​[​នាង​]​ទៅ​ឯ​អ័ដាម›។ (​លោកុប្បត្តិ ២:២២; កូរិនថូសទី១ ១១:៨, ៩​) អាពាហ៍ពិពាហ៍​អាច​ទៅ​ជា​ការ​រៀបចំ​ដ៏​រីករាយ​មួយ ពីព្រោះ​បុរស​និង​ស្ត្រី​ម្នាក់​ៗ​បាន​ត្រូវ​បង្កើត​មក​ដោយ​មាន​សេចក្ដី​ត្រូវ​ការ ដែល​មាន​តែ​ម្នាក់​ទៀត​មាន​សមត្ថភាព​នឹង​បំពេញ​បាន។ គុណសម្បត្ដិ​ខុស​ៗ​គ្នា​របស់​ពួកគេ ជួយ​ថ្លឹង​ថ្លែង​គ្នា​ទៅ​វិញ​ទៅ​មក។ ពេល​ណា​ដែល​ស្វាមី​និង​ភរិយា​ចេះ​អធ្យាស្រ័យ​ហើយ​អបអរ​គ្នា​ទៅ​វិញ​ទៅ​មក និង​រួម​កម្លាំង​គ្នា​ធ្វើ​តាម​មុខ​នាទី​ដែល​បាន​ចាត់​មក​នោះ ពួកគេ​ម្នាក់​ៗ​នឹង​ជួយ​ផ្ដល់​ចំណែក​របស់​គេ​រៀង​ៗ​ខ្លួន​ក្នុង​ការ​កសាង​គ្រួសារ​មួយ​ឲ្យ​មាន​សុភមង្គល​បាន។

មុខ​នាទី​របស់​ស្វាមី

៦ (​ក​) តើ​អ្នក​ណា​ដែល​បាន​ត្រូវ​ធ្វើ​ជា​មេ​គ្រួសារ​នោះ? (​ខ​) ហេតុ​អ្វី​ក៏​ការ​នេះ​ជា​ការ​ត្រឹម​ត្រូវ​និង​មាន​ប្រយោជន៍?

៦ អាពាហ៍ពិពាហ៍​មួយ ឬ​ក៏​គ្រួសារ​មួយ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​នាំ​មុខ។ បុរស​បាន​ត្រូវ​បង្កើត​មក​ដោយ​មាន​គុណសម្បត្ដិ​និង​កម្លាំង​ជា​ច្រើន ដើម្បី​តម្រូវ​ឲ្យ​ផ្ដល់​នូវ​ការ​នាំ​មុខ​បែប​នេះ។ ចំពោះ​មូលហេតុ​នេះ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ដ្បិត​ប្ដី​ជា​ក្បាល​នៃ​ប្រពន្ធ ដូច​ជា​ព្រះ​គ្រីស្ទ​ទ្រង់​ជា​សិរសា​នៃ​ពួក​ជំនុំ​ដែរ​»។ (​អេភេសូរ ៥:២៣​) ការ​នេះ​មាន​ប្រយោជន៍​ណាស់ ពីព្រោះ​កាលណា​មិន​មាន​ការ​នាំ​មុខ​ទេ នោះ​នឹង​មាន​បញ្ហា​ហើយ​ការ​ច្របូកច្របល់​ជា​មិន​ខាន។ ចំពោះ​គ្រួសារ​ដែល​គ្មាន​ការ​នាំ​មុខ​នោះ គឺ​ដូច​ជា​ការ​ខំ​ព្យាយាម​បើកបរ​រថយន្ត​ដែល​គ្មាន​ចង្កូត​អញ្ចឹង។ ឬ​ក៏​ប្រសិន​បើ​ភរិយា​ប្រកួតប្រជែង​នឹង​ការ​នាំ​មុខ​បែប​នេះ គឺ​ដូច​ជា​មាន​អ្នក​បើកបរ​ពីរ​នាក់​ក្នុង​រថយន្ត​មួយ ហើយ​ម្នាក់​ៗ​មាន​ចង្កូត​រៀង​ៗ​ខ្លួន កាន់​ទប់​កង់​ខាង​មុខ​ម្នាក់​មួយ។

៧ (​ក​) ហេតុ​អ្វី​ក៏​ស្ត្រី​ខ្លះ​មិន​ចូល​ចិត្ត​នឹង​យោបល់​ដែល​ថា​បុរស​ជា​មេ​គ្រួសារ​នោះ? (​ខ​) តើ​ម្នាក់​ៗ​មាន​មេ​នាំ​មុខ​មួយ​ទេ ហើយ​ហេតុ​អ្វី​ក៏​ការ​រៀបចំ​របស់​ព្រះ​ឲ្យ​មាន​ការ​នាំ​មុខ​ជា​ការ​ដែល​មាន​ប្រាជ្ញា​នោះ?

៧ ប៉ុន្តែ ស្ត្រី​ជា​ច្រើន​មិន​ចូល​ចិត្ត​នឹង​យោបល់​ដែល​ថា​បុរស​ជា​មេ​គ្រួសារ​នោះ​ទេ។ មូលហេតុ​ដ៏​សំខាន់​បំផុត​មួយ​គឺ​ថា ស្វាមី​ជា​ច្រើន​មិន​បាន​កាន់​តាម​ការ​ណែនាំ​របស់​ព្រះ​អំពី​របៀប​អនុវត្តន៍​ការ​នាំ​មុខ​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ឡើយ។ យ៉ាង​ណា​ក៏​ដោយ ហេតុ​ការណ៍​ដ៏​ជាក់​ស្តែង​ដែល​គេ​ទទួល​ស្គាល់​នោះ​គឺ ចំពោះ​អង្គការ​ណា​ក្ដី ដើម្បី​ធ្វើ​ប្រតិបត្ដិ​ការ​ឲ្យ​បាន​ស្រួល គឺ​ត្រូវ​តែ​មាន​អ្នក​ណា​ម្នាក់​ផ្ដល់​នូវ​ការ​ដឹក​នាំ​ហើយ​ធ្វើ​ការ​សម្រេច​ផ្ដាច់​ព្រ័ត្រ។ អញ្ចឹង​ហើយ បាន​ជា​ព្រះ​គម្ពីរ​បាន​ចែង​ដោយ​ប្រាជ្ញា​ថា​៖ ​«​ព្រះ​គ្រីស្ទ​ជា​សិរសា​នៃ​បុរស​ទាំងអស់ ឯ​បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី ហើយ​សិរសា​នៃ​ព្រះ​គ្រីស្ទ គឺ​ជា​ព្រះ​»។ (​កូរិនថូសទី១ ១១:៣​) នៅ​ក្នុង​ការ​រៀបចំ​ចាត់​ចែង​របស់​ព្រះ មាន​តែ​ព្រះ​ទេ​ដែល​មិន​មាន​មេ​នាំ​មុខ។ អ្នក​ផ្សេង​ទៀត​ទាំងអស់ រួម​ទាំង​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ស្វាមី​និង​ភរិយា​ទាំង​ឡាយ ត្រូវ​តែ​ទទួល​យក​ការ​ដឹក​នាំ​ហើយ​ចុះ​ចូល​នឹង​សេចក្ដី​សម្រេច​របស់​អ្នក​ផ្សេង។

៨ (​ក​) តើ​គំរូ​របស់​អ្នក​ណា​ដែល​ស្វាមី​ទាំង​ឡាយ​ត្រូវ​តែ​យក​តម្រាប់​តាម ក្នុង​ការ​អនុវត្ត​ការ​នាំ​មុខ​នោះ? (​ខ​) តើ​មេ​រៀន​អ្វី​ខ្លះ ដែល​ស្វាមី​ត្រូវ​តែ​រៀន​ពី​គំរូ​នោះ?

៨ នេះ​បាន​សេចក្ដី​ថា ដើម្បី​បំពេញ​មុខ​នាទី​របស់​គេ​ជា​ស្វាមី បុរស​ត្រូវ​ព្រម​ទទួល​ការ​នាំ​មុខ​របស់​ព្រះ​គ្រីស្ទ។ ពួកគេ​ក៏​ត្រូវ​កាន់​តាម​គំរូ​របស់​ទ្រង់ ដោយ​អនុវត្ត​ការ​នាំ​មុខ​ទៅ​លើ​ភរិយា​របស់​ពួកគេ ដូច​ជា​ទ្រង់​បាន​អនុវត្ត​ទៅ​លើ​ក្រុម​ជំនុំ​នៃ​ពួក​អ្នក​កាន់​តាម​ទ្រង់​នោះ​ដែរ។ តើ​ព្រះ​គ្រីស្ទ​បាន​ប្រព្រឹត្ត​យ៉ាង​ណា ចំពោះ​ពួក​អ្នក​កាន់​តាម​ទ្រង់​ពីដើម​នៅ​ផែនដី​នោះ? គឺ​តាម​របៀប​ដែល​ប្រកប​ដោយ​សប្បុរស​និង​ព្រះទ័យ​ចេះ​គិតគូរ​ជានិច្ច។ ទ្រង់​មិន​ដែល​មាន​ព្រះទ័យ​ឆេវឆាវ ឬ​ក៏​ឆាប់​ខ្ញាល់​ឡើយ ទោះបី​ពេល​ពួកគេ​មាន​ការ​យឺត​យូរ​នឹង​ទទួល​យក​ការ​ដឹក​នាំ​របស់​ទ្រង់​ក៏​ដោយ។ (​ម៉ាកុស ៩:៣៣​-​៣៧; ១០:៣៥​-​៤៥; លូកា ២២:២៤​-​២៧; យ៉ូហាន ១៣:៤​-​១៥​) តាម​ការ​ពិត ទ្រង់​បាន​ស្ម័គ្រ​ព្រះ​ហឫទ័យ​ប្រទាន​ព្រះ​ជន្ម​ទ្រង់​សំរាប់​ពួកគេ​ទៀត។ (​យ៉ូហានទី១ ៣:១៦​) ស្វាមី​ដែល​ជា​ជន​គ្រីស្ទាន​ត្រូវ​តែ​ខំ​សិក្សា​ឲ្យ​បាន​ហ្មត់ចត់​នូវ​គំរូ​របស់​ព្រះ​គ្រីស្ទ ហើយ​ត្រូវ​អនុវត្ត​តាម​ការ​នោះ​ដោយ​វិធី​ដ៏​ប្រសើរ​បំផុត​ដែល​គាត់​អាច​ធ្វើ​ទៅ​បាន នៅ​ពេល​ដែល​ធ្វើ​ការ​ទាក់ទង​ជា​មួយ​នឹង​គ្រួសារ​របស់​គាត់។ ជា​លទ្ធផល គាត់​នឹង​មិន​ទៅ​ជា​មេ​គ្រួសារ​ដែល​ប្រើ​អំណាច អញនិយម ឬ​ក៏​ឥត​គិត​ក្រែង​ដល់​អ្នក​ដទៃ​នោះ​ឡើយ។

៩ (​ក​) តើ​ភរិយា​ជា​ច្រើន​មាន​ការ​ត្អូញត្អែរ​អ្វី​ខ្លះ? (​ខ​) តើ​ស្វាមី​ទាំង​ឡាយ​គួរ​តែ​កំណត់​អ្វី​ទុក​ក្នុង​ចិត្ត កាល​ដែល​គាត់​កំពុង​តែ​អនុវត្ត​ការ​នាំ​មុខ​នោះ?

៩ ប៉ុន្តែ ម្យ៉ាង​វិញ​ទៀត ស្វាមី​ទាំង​ឡាយ​គួរ​តែ​ពិចារណា​អំពី​រឿង​នេះ​ថា​៖ តើ​ភរិយា​របស់​អ្នក​មាន​ការ​ត្អូញត្អែរ​ថា អ្នក​ពិត​ជា​មិន​បាន​ប្រព្រឹត្ត​ឲ្យ​សម​ជា​មេ​គ្រួសារ​ឬ​ទេ? តើ​នាង​និយាយ​ថា អ្នក​មិន​បាន​ដឹក​នាំ​ក្រុម​គ្រួសារ មិន​គ្រោង​សកម្មភាព​ផ្សេង​ៗ​សំរាប់​គ្រួសារ ហើយ​មិន​អនុវត្ត​ភារៈ​របស់​ខ្លួន​ក្នុង​ការ​សម្រេច​ចិត្ត​ជា​ផ្ដាច់​ព្រ័ត្រ​ឬ? ប៉ុន្តែ ការ​នេះ​ហើយ​ដែល​ព្រះ​បាន​តម្រូវ​ឲ្យ​អ្នក​ជា​ស្វាមី​ម្នាក់ ត្រូវ​តែ​ធ្វើ​នោះ។ ពិត​មែន​ហើយ នេះ​ជា​ការ​ប្រកប​ដោយ​ប្រាជ្ញា​ចំពោះ​លោក​អ្នក ក្នុង​ការ​បើក​ឲ្យ​សមាជិក​ដទៃ​ទៀត​នៃ​គ្រួសារ​បញ្ចេញ​យោបល់​និង​ចំណូល​ចិត្ត ហើយ​យក​យោបល់​ទាំង​នេះ​មក​វែកញែក​មើល នៅ​កាល​ដែល​អ្នក​អនុវត្ត​ការ​នាំ​មុខ​នោះ។ ជា​ស្វាមី លោក​អ្នក​ពិត​ជា​មាន​មុខ​នាទី​លំបាក​ជាង​គេ​នៅ​ក្នុង​គ្រួសារ។ ប៉ុន្តែ ប្រសិន​បើ​លោក​អ្នក​ខិតខំ​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​បំពេញ​ករណីយកិច្ច​នេះ ភរិយា​របស់​អ្នក​នឹង​ច្បាស់​ជា​មាន​ចិត្ត​ចង់​ផ្ដល់​នូវ​ជំនួយ​និង​ការ​ជ្រោមជ្រែង​ដល់​អ្នក​ជា​មិន​ខាន។—សុភាសិត ១៣:១០; ១៥:២២

បំពេញ​មុខ​នាទី​ជា​ភរិយា

១០ (​ក​) តើ​របៀប​ប្រព្រឹត្ដិ​ណា​ដែល​ព្រះ​គម្ពីរ​បាន​ជម្រុញ​ភរិយា​ទាំង​ឡាយ​ឲ្យ​ធ្វើ​នោះ? (​ខ​) តើ​មាន​អ្វី​កើត​ឡើង​ពេល​ដែល​ភរិយា​មិន​ព្រម​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះ​គម្ពីរ​នោះ?

១០ ដូច​ជា​ព្រះ​គម្ពីរ​បាន​ចែង​មក ស្ត្រី​បាន​ត្រូវ​បង្កើត​មក​ជា​ជំនួយ​ដើម្បី​ជួយ​ស្វាមី​របស់​នាង។ (​លោកុប្បត្តិ ២:១៨​) ក្នុង​ការ​អនុវត្តន៍​តាម​មុខ​នាទី​នេះ ព្រះ​គម្ពីរ​បាន​ណែនាំ​ថា​៖ ​«​ស្ត្រី​រាល់​គ្នា​អើយ ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន​»។ (​អេភេសូរ ៥:២២​) សព្វ​ថ្ងៃ​នេះ ការ​ឈ្លានពាន​និង​ការ​ប្រកួតប្រជែង​របស់​ស្ត្រី​ជា​មួយ​នឹង​បុរស​បាន​ទៅ​ជា​ការ​និយម​ទួទៅ។ ប៉ុន្តែ កាលណា​ភរិយា​ទាំង​ឡាយ​ខំ​ដណ្ដើម​ទៅ​មុខ ខំ​ប្រឹង​យក​ឈ្នះ​ការ​នាំ​មុខ​នោះ ការ​ប្រព្រឹត្ត​របស់​ពួកគេ​នេះ​ច្បាស់​ជា​បណ្ដាល​ឲ្យ​មាន​រឿងរ៉ាវ​ហើយ។ បើ​និយាយ​ឲ្យ​ចំ​ទៅ ស្វាមី​ជា​ច្រើន​តែង​តែ​ពោល​ដូច​នេះ​ថា​៖ ‹បើ​នាង​ចង់​គ្រប់​គ្រង​គ្រួសារ ទុក​ឲ្យ​នាង​ធ្វើ​ទៅ​ចុះ›។

១១ (​ក​) តើ​ភរិយា​អាច​ជួយ​ស្វាមី​របស់​ខ្លួន​ឲ្យ​អនុវត្ត​ការ​នាំ​មុខ​យ៉ាង​ណា​បាន? (​ខ​) ប្រសិន​បើ​ភរិយា​បំពេញ​មុខ​នាទី​របស់​នាង​ដែល​ព្រះ​បាន​ប្រទាន​មក​នោះ តើ​នឹង​មាន​អានុភាព​យ៉ាង​ណា​ទៅ​លើ​ស្វាមី​របស់​នាង?

១១ ប៉ុន្តែ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា អ្នក​ត្រូវ​បាន​បង្ខំ​ឲ្យ​ដឹក​នាំ​គ្រួសារ ពីព្រោះ​ស្វាមី​របស់​អ្នក​មិន​ព្រម​ធ្វើ​ដូច្នេះ។ តែ តើ​អ្នក​អាច​ធ្វើ​បាន​ថែម​ទៀត​ទេ ដើម្បី​ជួយ​គាត់​ឲ្យ​បំពេញ​ភារៈ​របស់​គាត់​ជា​មេ​គ្រួសារ​នោះ? តើ​អ្នក​សម្ដែង​ឲ្យ​ឃើញ​ថា អ្នក​ចាត់​ទុក​គាត់​ជា​អ្នក​នាំ​មុខ​ទេ? តើ​អ្នក​សូម​យោបល់​និង​ការ​ណែនាំ​របស់​គាត់​ទេ? តើ​អ្នក​ចៀស​វាង​ក្នុង​ការ​និយាយ​មើលងាយ​ចំពោះ​អ្វី​ៗ​ដែល​គាត់​ធ្វើ​ទេ? ប្រសិន​បើ​អ្នក​ពិត​ជា​ខំ​ប្រឹងប្រែង​ក្នុង​ការ​បំពេញ​មុខ​នាទី​របស់​អ្នក​ដែល​ព្រះ​បាន​ប្រទាន​មក​នៅ​ក្នុង​គ្រួសារ​នោះ ស្វាមី​របស់​អ្នក​ប្រហែល​ជា​នឹង​ចាប់​ផ្ដើម​ទទួល​កាន់​កាប់​ភារៈ​របស់​គាត់​ដែរ។—កូល៉ុស ៣:១៨, ១៩

១២ តើ​អ្វី​ដែល​បង្ហាញ​ថា ភរិយា​អាច​បញ្ចេញ​យោបល់​បាន​យ៉ាង​ត្រឹម​ត្រូវ ទោះបី​បើ​យោបល់​ទាំង​នោះ​មិន​យល់​ស្រប​នឹង​យោបល់​ស្វាមី​របស់​នាង​ក៏​ដោយ?

១២ រឿង​នេះ​មិន​មែន​ថា ភរិយា​មិន​គួរ​បញ្ចេញ​យោបល់​របស់​នាង​នោះ​ទេ ប្រសិន​បើ​នោះ​ខុស​ពី​យោបល់​របស់​ស្វាមី​នាង។ នាង​ប្រហែល​ជា​មាន​ទស្សនៈ​ត្រឹម​ត្រូវ ហើយ​គ្រួសារ​នឹង​បាន​ទទួល​ប្រយោជន៍ ប្រសិន​បើ​ស្វាមី​របស់​នាង​បាន​ស្ដាប់​តាម​នាង។ ភរិយា​របស់​លោក​អ័ប្រាហាំ នាង​សារ៉ា ជា​គំរូ​មួយ​សំរាប់​ភរិយា​គ្រីស្ទាន​ទាំង​ឡាយ ដោយ​ព្រោះ​តែ​ការ​ចុះ​ចូល​នឹង​ស្វាមី​របស់​នាង។ (​ពេត្រុសទី១ ៣:១, ៥, ៦​) នាង​សារ៉ា​បាន​ឲ្យ​យោបល់​សំរាប់​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​គ្រួសារ​មួយ ហើយ​ពេល​ដែល​លោក​អ័ប្រាហាំ​មិន​យល់​ព្រម​តាម​នាង​នោះ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​គាត់​ថា​៖ ​«​ត្រូវ​ស្ដាប់​តាម​[​នាង​]​»។ (​លោកុប្បត្តិ ២១:៩​-​១២​) ពិត​មែន​ហើយ នៅ​ពេល​ដែល​ស្វាមី​ធ្វើ​ការ​សម្រេច​ផ្ដាច់​ព្រ័ត្រ​ទៅ​លើ​រឿង​ណា​មួយ ភរិយា​ត្រូវ​តែ​ជួយ​ជ្រោមជ្រែង​នឹង​ការ​នោះ ប្រសិន​បើ​ការ​ធ្វើ​ដូច្នេះ​មិន​បណ្ដាល​ឲ្យ​នាង​ប្រព្រឹត្ត​ល្មើស​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​នោះ។—កិច្ចការ ៥:២៩

១៣ តើ​ភរិយា​ដ៏​ល្អ​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ហើយ​តើ​នឹង​មាន​អានុភាព​យ៉ាង​ណា​ទៅ​លើ​គ្រួសារ​របស់​នាង?

១៣ ក្នុង​ការ​បំពេញ​មុខ​នាទី​របស់​នាង​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ គឺ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ភរិយា​អាច​ធ្វើ​ក្នុង​ការ​ជួយ​ទំនុកបំរុង​គ្រួសារ។ ឧទាហរណ៍ នាង​អាច​រៀបចំ​ម្ហូបអាហារ​ដែល​មាន​រសជាតិ​យ៉ាង​ឆ្ងាញ់ រក្សា​ផ្ទះ​សម្បែង​ឲ្យ​បាន​ស្អាត​និង​ឲ្យ​មាន​របៀប​រៀប​រយ ហើយ​ចូលរួម​ក្នុង​ការ​អប់រំ​កូនចៅ​ផង។ ព្រះ​គម្ពីរ​បាន​ជម្រុញ​ស្ត្រី​ដែល​រៀប​ការ​ហើយ​«​ឲ្យ​គេ​ស្រឡាញ់​ប្ដី​នឹង​កូន​ខ្លួន ឲ្យ​មាន​ចិត្ត​ធ្ងន់ធ្ងរ ហើយ​បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​ការ​នៅ​ផ្ទះ​ខ្លួន ហើយ​មាន​ចិត្ត​ល្អ នឹង​ចុះ​ចូល​ចំពោះ​ប្ដី ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ដល់​ព្រះ​បន្ទូល​បាន​ឡើយ​»។ (​ទីតុស ២:៤, ៥​) ភរិយា​និង​ម្ដាយ​ដែល​បំពេញ​ភារកិច្ច​ទាំង​នេះ​បាន នឹង​ទទួល​នូវ​សេចក្ដី​ស្រឡាញ់​ដ៏​យូរ​អង្វែង​និង​សេចក្ដី​គោរព​ពី​គ្រួសារ​របស់​នាង​ជា​មិន​ខាន។—សុភាសិត ៣១:១០, ១១, ២៦​-​២៨

មុខ​នាទី​របស់​កូនចៅ​នៅ​ក្នុង​គ្រួសារ

១៤ (​ក​) តើ​មុខ​នាទី​ដ៏​ត្រឹម​ត្រូវ​របស់​កូនចៅ​នៅ​ក្នុង​គ្រួសារ​ជា​អ្វី? (​ខ​) តើ​កូនចៅ​អាច​រៀន​បាន​អ្វី​ខ្លះ ពី​គំរូ​របស់​ព្រះ​យេស៊ូវ?

១៤ ព្រះ​យេហូវ៉ា​បាន​បង្គាប់​គូស្វាមី​ភរិយា​ទី​មួយ​ថា​៖ ​«​ចូរ​បង្កើត​កូនចៅ​ឲ្យ​បាន​ជា​ច្រើន​ឡើង​»។ (​លោកុប្បត្តិ ១:២៨​) មែន​ហើយ ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ពួកគេ​ឲ្យ​មាន​កូនចៅ។ កូនចៅ​ត្រូវ​បាន​ចាត់​ទុក​ជា​ពរ​ដល់​គ្រួសារ។ (​ទំនុកដំកើង ១២៧:៣​-​៥​) ដោយ​ពួកគេ​នៅ​ក្រោម​ច្បាប់​និង​ក្រិត្យ​វិន័យ​របស់​ឪពុក​ម្ដាយ​នោះ ព្រះ​គម្ពីរ​បាន​ប្រៀបធៀប​ឋានៈ​កូនចៅ​ទៅ​នឹង​បាវ​បម្រើ។ (​សុភាសិត ១:៨; ៦:២០​-​២៣; កាឡាទី ៤:១​) សូម្បី​តែ​ព្រះ​យេស៊ូវ​ក៏​នៅ​តែ​ធ្វើ​តាម​បង្គាប់​របស់​មាតា​បិតា​របស់​ទ្រង់​ដែរ ពេល​ដែល​ទ្រង់​នៅ​មាន​ព្រះ​ជន្ម​វ័យ​ក្មេង​នោះ។ (​លូកា ២:៥១​) នេះ​បាន​សេចក្ដី​ថា ទ្រង់​គោរព​ស្ដាប់បង្គាប់​ពួកគេ​ហើយ​ប្រព្រឹត្ត​តាម​អ្វី​ដែល​គេ​ណែនាំ​ដែរ។ ប្រសិន​បើ​កូនក្មេង​ទាំងអស់​ប្រព្រឹត្ត​ដូច​នេះ នោះ​នឹង​ពិត​ជា​នាំ​ឲ្យ​មាន​សុភមង្គល​ដល់​គ្រួសារ​ជា​មិន​ខាន។

១៥ ហេតុ​អ្វី​ក៏​កូនចៅ​តែង​តែ​ជា​ការ​ពិបាក​ចិត្ត​ចំពោះ​មាតា​បិតា?

១៥ ប៉ុន្តែ ជាជាង​ទៅ​ជា​ពរ​ដល់​គ្រួសារ កូនចៅ​សព្វ​ថ្ងៃ​នេះ​តែង​តែ​ជា​មូលហេតុ​នៃ​ការ​ពិបាក​ចិត្ត​ចំពោះ​ឪពុក​ម្ដាយ​ទៅ​វិញ។ ហេតុ​អ្វី​ក៏​ដូច្នេះ? រឿង​នេះ​មក​ពី​កូនចៅ និង​ឪពុក​ម្ដាយ​មិន​បាន​អនុវត្ត​ក្នុង​ជីវិត​របស់​គេ​នូវ​សេចក្ដី​ប្រៀនប្រដៅ​នៃ​ព្រះ​គម្ពីរ​សំរាប់​ជីវភាព​គ្រួសារ។ តើ​ក្រិត្យ​វិន័យ និង​គោលការណ៍​របស់​ព្រះ​ទាំង​នេះ​មាន​អ្វី​ខ្លះ? សូម​ឲ្យ​យើង​ពិនិត្យ​ក្រិត្យ​ខ្លះ​ៗ​នៅ​ទំព័រ​តទៅ​នេះ។ កាលណា​យើង​ពិនិត្យ​អំពី​ការ​នោះ សូម​គិត​ទៅ​មើល ថា​តើ​លោក​អ្នក​មិន​ស្រប​តាម​ទេ​ឬ ដែល​ដោយសារ​ការ​អនុវត្ត​តាម​ច្បាប់​ទាំង​នោះ លោក​អ្នក​អាច​ផ្ដល់​សុភមង្គល​ដល់​គ្រួសារ​របស់​លោក​អ្នក​ជា​មិន​ខាន​នោះ។

ស្រឡាញ់​និង​ឲ្យ​កិត្ដិយស​ដល់​ភរិយា​របស់​អ្នក

១៦ តើ​ស្វាមី​ទាំង​ឡាយ​បាន​ត្រូវ​បញ្ជា​ឲ្យ​ធ្វើ​អ្វី ហើយ​តាម​របៀប​ណា​ដែល​បទ​បញ្ជា​ទាំង​នេះ​នឹង​ត្រូវ​អនុវត្ត​តាម​យ៉ាង​ត្រឹម​ត្រូវ​នោះ?

១៦ ដោយ​មាន​ប្រាជ្ញា​ពី​ព្រះ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ត្រូវ​ឲ្យ​ប្ដី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូច​ជា​ស្រឡាញ់​រូបកាយ​របស់​ខ្លួន​ដែរ​»។ (​អេភេសូរ ៥:២៨​-​៣០​) ម្ដង​ហើយ​ម្ដង​ទៀត ការ​ពិសោធន៍​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ចំពោះ​ភរិយា​ដើម្បី​ឲ្យ​បាន​សប្បាយ​ចិត្ត ពួកគេ​ត្រូវ​តែ​ដឹង​ក្នុង​អារម្មណ៍​ថា ស្វាមី​របស់​ពួកគេ​ស្រឡាញ់​គេ។ ការ​នេះ​បាន​សេចក្ដី​ថា ស្វាមី​ត្រូវ​តែ​ផ្ដល់​ឲ្យ​ភរិយា​របស់​ខ្លួន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស រួម​ទាំង​ការ​ថ្នាក់ថ្នម ចិត្ត​អធ្យាស្រ័យ​និង​ការ​បង្កើត​ឲ្យ​មាន​សេចក្ដី​ទុក​ចិត្ត​ផង។ គាត់​ត្រូវ​តែ​‹រាប់​អាន​នាង›​ជា​ចាំបាច់ ដូច​ជា​ព្រះ​គម្ពីរ​បាន​ចែង​មក​អញ្ចឹង។ គាត់​អាច​ធ្វើ​ការ​ទាំង​នេះ​បាន ដោយ​ចេះ​គិត​ដល់​នាង​នូវ​គ្រប់​កិច្ចការ​ទាំងអស់​ដែល​គាត់​ធ្វើ។ ដោយ​ការ​ធ្វើ​យ៉ាង​នេះ គាត់​នឹង​បាន​ផល​ជា​សេចក្ដី​គោរព​ពី​នាង​ជា​មិន​ខាន។—ពេត្រុសទី១ ៣:៧

គោរព​ស្វាមី​របស់​អ្នក

១៧ តើ​ភរិយា​ទាំង​ឡាយ​ត្រូវ​បញ្ជា​ឲ្យ​ធ្វើ​អ្វី ហើយ​តើ​ពួកគេ​អាច​ធ្វើ​កិច្ចការ​នេះ​បាន​យ៉ាង​ណា?

១៧ ហើយ​តើ​ចំពោះ​ភរិយា​យ៉ាង​ណា​ដែរ? ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ប្រពន្ធ​ក៏​ត្រូវ​កោត​ខ្លាច​ប្ដី​ដែរ​»។ (​អេភេសូរ ៥:៣៣​) ការ​មិន​ប្រព្រឹត្ត​តាម​ដំបូន្មាន​នេះ ជា​មូលហេតុ​ធំ​មួយ ដែល​ស្វាមី​ខ្លះ​មិន​សប្បាយ​ចិត្ត​នឹង​ភរិយា​ខ្លួន។ ភរិយា​បង្ហាញ​នូវ​ការ​គោរព ដោយ​ការ​គាំទ្រ​សេចក្ដី​សម្រេច​ចិត្ត​របស់​ស្វាមី និង​ដោយ​ការ​ធ្វើ​សហ​ប្រតិបត្ដិ​ការ​ជា​មួយ​គាត់​ឲ្យ​អស់​ពី​ចិត្ត​ពី​គំនិត ដើម្បី​ឲ្យ​បាន​សម្រេច​គោល​ដៅ​នៃ​គ្រួសារ​នោះ។ ដោយ​ការ​បំពេញ​មុខ​នាទី​របស់​នាង​ដែល​ព្រះ​គម្ពីរ​បាន​ចែង​មក​ជា​អ្នក​‹ជំនួយ និង​គូ​បង្គ្រប់›​​ចំពោះ​ស្វាមី​នោះ នាង​នឹង​ធ្វើ​ឲ្យ​ស្រួល​ចំពោះ​ស្វាមី​របស់​នាង​ឲ្យ​ស្រឡាញ់​នាង​ដែរ។—លោកុប្បត្តិ ២:១៨, ពថ

ត្រូវ​ស្មោះ​ត្រង់​រវាង​គ្នា​នឹង​គ្នា

១៨ ហេតុ​អ្វី​ក៏​ស្វាមី​ភរិយា​ត្រូវ​តែ​ស្មោះ​ត្រង់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក?

១៨ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ស្វាមី​និង​ភរិយា​ត្រូវ​តែ​ស្មោះ​ត្រង់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​»។ ចំពោះ​ស្វាមី​ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ចូរ​សប្បាយ​ជា​មួយ​នឹង​ភរិយា​របស់​អ្នក​ចុះ ហើយ​ចូរ​ឲ្យ​មាន​សេចក្ដី​រីករាយ​ជា​មួយ​ស្ត្រី​ដែល​អ្នក​រៀប​ការ​ជា​មួយ . . . ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​ត្រូវ​ស្រឡាញ់​ស្ត្រី​ឯ​ទៀត? ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​ចិត្ត​វិភាព​នៃ​ភរិយា​របស់​ជន​ឯ​ទៀត​ដូច្នេះ​»​ (​ហេព្រើរ ១៣:៤; ​សុភាសិត ៥:១៨​-​២០, សេចក្ដី​បកប្រែ​ព្រះ​គម្ពីរ​អង់គ្លេស​សំរាប់​សព្វ​ថ្ងៃ​នេះ​) មែន​ហើយ សេចក្ដី​កំផិត​ជា​ការ​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ ជា​ការ​នាំ​ឲ្យ​មាន​រឿងរ៉ាវ​ក្នុង​គ្រួសារ។ អ្នក​ស្រាវជ្រាវ​ខាង​អាពាហ៍​ពិពាហ៍​ម្នាក់​បាន​កត់សម្គាល់​រឿង​នេះ​ថា ​«​មនុស្ស​ជា​ច្រើន​គិត​ថា ការ​សហាយស្មន់​អាច​បន្ថែម​រសជាតិ​ដល់​អាពាហ៍​​ពិពាហ៍​»​ ប៉ុន្តែ​លោក​ស្រី​បាន​បន្ថែម​ទៀត​ថា ការ​សហាយស្មន់​តែង​តែ​នាំ​ឲ្យ​មាន​«​បញ្ហា​ធំ​មួយ​»​ជានិច្ច។—សុភាសិត ៦:២៧​-​២៩, ៣២

បំពេញ​ការ​កំសាន្ត​នៃ​ស្វាមី​ឬ​ភរិយា​របស់​អ្នក

១៩ តើ​ស្វាមី​ភរិយា​អាច​ទទួល​ការ​សប្បាយ​ដ៏​ច្រើន​អនេក ពី​ការ​រួម​សង្វាស​បាន​យ៉ាង​ណា?

១៩ សុភមង្គល​មិន​មែន​បាន​មក ពេល​ណា​ដែល​បុគ្គល​ម្នាក់​រក​ការ​កំសាន្ត​ខាង​កាមតណ្ហា​សំរាប់​តែ​ខ្លួន​ឯង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​បាន​មក​ដោយសារ​ការ​ខំ​តម្រូវ​ឲ្យ​ពេញ​ចិត្ត​គូ​របស់​ខ្លួន​វិញ។ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ត្រូវ​ឲ្យ​ប្ដី​ប្រព្រឹត្ត​នឹង​ប្រពន្ធ​ដោយ​ចិត្ត​សប្បុរស ហើយ​ត្រូវ​ឲ្យ​ប្រពន្ធ​ប្រព្រឹត្ត​នឹង​ប្ដី​ក៏​ដូច្នោះ​ដែរ​»។ (​កូរិនថូសទី១ ៧:៣​) សេចក្ដី​ដៅ​បញ្ជាក់​គឺ​នៅ​ពាក្យ​ការ​ប្រព្រឹត្ត​នឹង ការ​ឲ្យ។ ហើយ​ដោយសារ​ការ​ឲ្យ អ្នក​ឲ្យ​ក៏​ទទួល​ការ​សប្បាយ​ចិត្ត​ដ៏​ពិត​ប្រាកដ​ដែរ។ រឿង​នេះ​ដូច​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​បន្ទូល​ថា​៖ ​«​ដែល​ឲ្យ នោះ​បាន​ពរ​ជាង​ទទួល​»។—កិច្ចការ ២០:៣៥

ចំណាយ​ពេល​ជា​មួយ​កូនចៅ​របស់​អ្នក

២០ ហេតុ​អ្វី​ក៏​ការ​ធ្វើ​អ្វី​ៗ​ជា​មួយ​កូនចៅ​របស់​ខ្លួន​ជា​ការ​សំខាន់?

២០ កូនក្មេង​ដែល​មាន​អាយុ​ប្រហែល​ជា​ប្រាំ​បី​ឆ្នាំ​ម្នាក់​បាន​និយាយ​ថា​៖ ​«​ប៉ា​ខ្ញុំ​គាត់​ធ្វើ​ការ​រាល់​តែ​ដង។ គាត់​មិន​ដែល​នៅ​ផ្ទះ​ទេ។ គាត់​បាន​ឲ្យ​លុយ​ខ្ញុំ និង​ប្រដាប់​សំរាប់​លេង​ជា​ច្រើន ប៉ុន្តែ ខ្ញុំ​ស្ទើរតែ​មិន​ឃើញ​គាត់​សោះ។ ខ្ញុំ​ស្រឡាញ់​គាត់ ហើយ​ប្រាថ្នា​ចង់​ឲ្យ​គាត់​កុំ​ធ្វើ​ការ​រាល់​តែ​ដង​ពេក ដើម្បី​ឲ្យ​ខ្ញុំ​អាច​ឃើញ​គាត់​ឲ្យ​បាន​ច្រើន​ទៀត​»។ តើ​ជីវភាព​គ្រួសារ​នឹង​បាន​ប្រសើរ​ជា​យ៉ាង​ណា​ទៅ កាលណា​ឪពុក​ម្ដាយ​កាន់​តាម​បទ​បញ្ញត្ត​នៃ​ព្រះ​គម្ពីរ ឲ្យ​បង្រៀន​កូនចៅ​របស់​ខ្លួន ‹ពេល​ដែល​ពួកគេ​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ពេល​ដែល​ពួកគេ​ដើរ​តាម​ផ្លូវ ហើយ​ក្នុង​កាល​ដែល​ពួកគេ​ទទួល​ទាន​ដំណេក ហើយ​ក្រោក​ឡើង​ផង›​នោះ! ការ​ចំណាយ​ពេល​ដែល​មាន​គុណភាព​ល្អ​ជា​មួយ​កូនចៅ ពិត​ជា​ផ្ដល់​ឲ្យ​គ្រួសារ​នូវ​សុភមង្គល​ជា​មិន​ខាន។—ចោទិយកថា ១១:១៩; សុភាសិត ២២:៦

ផ្ដល់​នូវ​ការ​ប្រដែប្រដៅ​ដែល​ត្រូវ​ការ​ជា​ចាំបាច់

២១ តើ​ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ណា​ខ្លះ​អំពី​ការ​ប្រដែប្រដៅ​កូនចៅ​នោះ?

២១ ព្រះវរបិតា​សួគ៌ា​របស់​យើង​តាំង​ជា​គំរូ​ដ៏​ត្រឹម​ត្រូវ​មួយ​ចំពោះ​ឪពុក​ម្ដាយ​ទាំង​ឡាយ ដោយ​ប្រទាន​ទៅ​រាស្ត្រ​ទ្រង់​នូវ​សេចក្ដី​បង្រៀន​ណែនាំ ឬ​ក៏​ការ​ប្រដែប្រដៅ។ កូនចៅ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​ប្រដែប្រដៅ។ (​ហេព្រើរ ១២:៦; សុភាសិត ២៩:១៥​) ដោយ​ទទួល​ស្គាល់​រឿង​នេះ ព្រះ​គម្ពីរ​បាន​ជម្រុញ​ណែនាំ​ថា​៖ ​«​ឪពុក​រាល់​គ្នា​អើយ . . . ចូរ​បង្រៀន​វា​[​កូនចៅ​]​ទៅ​តាម​ដំបូន្មាន នឹង​សេចក្ដី​ដាស់តឿន​របស់​ព្រះ​អម្ចាស់​[​ព្រះ​យេហូវ៉ា​]​វិញ​»។ ការ​ប្រដែប្រដៅ ទោះបី​ត្រូវ​វាយ​ខ្លះ ឬ​ក៏​ដក​យក​សិទ្ធិ​ណា​មួយ គឺ​ជា​សក្ខីភាព​ដែល​បង្ហាញ​ថា ឪពុក​ម្ដាយ​ស្រឡាញ់​កូនចៅ​របស់​គេ។ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​តែ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​វិញ នោះ​ឧស្សាហ៍​វាយ​ផ្ចាល​វា​»។—អេភេសូរ ៦:៤; សុភាសិត ១៣:២៤; ២៣:១៣, ១៤

យុវជន​អើយ—សូម​ទប់ទល់​នឹង​ទម្លាប់​របស់​លោកីយ៍​នេះ

២២ តើ​យុវជន​មាន​ករណីយកិច្ច​ណា​ខ្លះ ហើយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​បំពេញ​កិច្ចការ​នេះ?

២២ លោកីយ៍​នេះ​ខំ​ប្រឹង​ព្យាយាម ដើម្បី​ធ្វើ​ឲ្យ​យុវជន​ទាំង​ឡាយ​ប្រព្រឹត្ត​ល្មើស​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ។ ក៏​ដូច​ជា​ព្រះ​គម្ពីរ​បាន​ចែង​ដែរ​ថា​៖ ​«​សេចក្ដី​ចំកួត រមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូនក្មេង​»។ (​សុភាសិត ២២:១៥​) ដូច្នេះ នេះ​ជា​ការ​ប្រយុទ្ធ​មួយ ដើម្បី​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម​ត្រូវ។ ប៉ុន្តែ​ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ក្មេង​រាល់​គ្នា​អើយ ចូរ​ស្ដាប់បង្គាប់​មាតា​បិតា​ខ្លួន​ក្នុង​ព្រះ​អម្ចាស់ ដ្បិត​ធ្វើ​ដូច្នេះ​ទើប​បាន​ត្រឹម​ត្រូវ​»។ ការ​នេះ​នឹង​នាំ​មក​នូវ​រង្វាន់​ដ៏​សម្បើម។ ដូច្នេះ កូនចៅ​អើយ ចូរ​ឲ្យ​មាន​ប្រាជ្ញា​ឡើង។ ចូរ​គោរព​ដំបូន្មាន​៖ ​«​ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង​»។ សូម​ទប់ទល់​នឹង​សេចក្ដី​ល្បួង​ឲ្យ​ប្រើ​គ្រឿង​ញៀន ឲ្យ​ប្រមឹក ប្រព្រឹត្ត​ការ​សហាយស្មន់ និង​ប្រព្រឹត្ត​អំពើ​ផ្សេង​ទៀត ដែល​ប្រឆាំង​នឹង​ក្រិត្យ​វិន័យ​របស់​ព្រះ​នោះ។—អេភេសូរ ៦:១​-​៤; សាស្ដា ១២:១; សុភាសិត ១:១០​-​១៩

ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គ្នា

២៣ តើ​គ្រួសារ​សប្បាយ​នឹង​ប្រយោជន៍​អ្វី​ខ្លះ ពី​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គ្នា​នោះ?

២៣ ប្រសិន​បើ​មាន​សមាជិក​ណា​ម្នាក់​នៅ​ក្នុង​គ្រួសារ សិក្សា​និង​អនុវត្ត​សេចក្ដី​បង្រៀន​ព្រះ​គម្ពីរ នោះ​នឹង​នាំ​មក​នូវ​សុភមង្គល​ដល់​គ្រួសារ​ជា​មិន​ខាន។ ប៉ុន្តែ ប្រសិន​បើ​សមាជិក​ទាំងអស់​គ្នា​សិក្សា​នោះ—ស្វាមី—ភរិយា និង​កូនចៅ តើ​គ្រួសារ​នោះ​នឹង​បាន​ពោរពេញ​ដោយ​ពរ​យ៉ាង​ណា​ទៅ​ហ្ន៎! គឺ​នឹង​មាន​ការ​ទាក់ទង​យ៉ាង​កក់ក្ដៅ យ៉ាង​ជិត​ស្និទ្ធ ដោយ​បញ្ចេញ​យោបល់​ឆ្លង​ឆ្លើយ​គ្នា​តាម​ចិត្ត ក្នុង​កាល​ដែល​សមាជិក​គ្រួសារ​ម្នាក់​ៗ​ខិតខំ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​នោះ។ ដូច្នេះ សូម​ឲ្យ​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គ្នា ជា​ទម្លាប់​សំរាប់​គ្រួសារ​ចុះ!—ចោទិយកថា ៦:៤​-​៩; យ៉ូហាន ១៧:៣

ការ​ដោះ​ស្រាយ​បញ្ហា​គ្រួសារ​ដោយ​ជោគជ័យ

២៤ ហេតុ​អ្វី​ក៏​ស្វាមី​ភរិយា​គួរ​តែ​អនុញ្ញាត​ឲ្យ​នូវ​កំហុស​ខ្លះ​រវាង​គ្នា​នឹង​គ្នា​នោះ?

២៤ ទោះបី​នៅ​ក្នុង​គ្រួសារ ដែល​តាម​ធម្មតា​មាន​សុភមង្គល​ក៏​ដោយ មួយ​ដង​មួយ​កាល​នឹង​ជួបប្រទះ​នូវ​បញ្ហា​ជា​មិន​ខាន។ រឿង​នេះ​គឺ​មក​ពី​យើង​ទាំងអស់​គ្នា​មិន​មាន​ភាព​ល្អ​ឥតខ្ចោះ ហើយ​ប្រព្រឹត្ត​អំពើ​ខុស។ ព្រះ​គម្ពីរ​បាន​ចែង​ថា​៖ ​«​ដ្បិត​យើង​ទាំងអស់​គ្នា​ក៏​ជំពប់​ជា​ញយ​ៗ​ដែរ​»។ (​យ៉ាកុប ៣:២​) ដូច្នេះ ស្វាមី​ភរិយា មិន​គួរ​ទាមទារ​រក​តែ​ភាព​ល្អ​ឥតខ្ចោះ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។ ផ្ទុយ​ទៅ​វិញ ម្នាក់​ៗ​គួរ​តែ​អនុញ្ញាត​ឲ្យ​ម្នាក់​ទៀត​នូវ​កំហុស​ខ្លះ។ ដូច្នេះ​ហើយ ស្វាមី​ភរិយា​មិន​ត្រូវ​សង្ឃឹម​ថា អាពាហ៍ពិពាហ៍​របស់​ខ្លួន​នឹង​មាន​សុភមង្គល​ដ៏​ល្អ​ឥតខ្ចោះ​ឡើយ ពីព្រោះ​ការ​នេះ​មិន​អាច​សម្រេច​បាន​ទេ​ចំពោះ​មនុស្ស​ដែល​មិន​ល្អ​ឥតខ្ចោះ​នោះ។

២៥ តើ​បញ្ហា​ខាង​អាពាហ៍ពិពាហ៍​ត្រូវ​ដោះ​ស្រាយ​ក្នុង​សេចក្ដី​ស្រឡាញ់​បាន​យ៉ាង​ណា?

២៥ ជា​ធម្មតា​ទេ ដែល​ស្វាមី​ភរិយា​នឹង​ចង់​ខំ​ប្រឹងប្រែង​ក្នុង​ការ​ចៀស​វាង​អ្វី​ដែល​ធ្វើ​ឲ្យ​រកាំ​ចិត្ត​ដល់​គូ​របស់​ខ្លួន​នោះ។ ប៉ុន្តែ ទោះបី​ពួកគេ​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក៏​ដោយ នៅ​ពេល​ខ្លះ​ពួកគេ​នឹង​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​អាក់អន់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មិន​ខាន។ តើ​បញ្ហា​ទាំង​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​យ៉ាង​ណា​បាន? ដំបូន្មាន​នៃ​ព្រះ​គម្ពីរ​គឺ​៖ ​«​សេចក្ដី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេក​អនន្ត​»។ (​ពេត្រុសទី១ ៤:៨​) ការ​នេះ​មាន​ន័យ​ថា ស្វាមី​ភរិយា​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់​នោះ នឹង​មិន​ចេះ​តែ​លើក​សម្ដែង​កំហុស​ដែល​ម្នាក់​ទៀត​បាន​ធ្វើ​នោះ​ឡើយ។ បើ​និយាយ​ឲ្យ​ចំ​ទៅ សេចក្ដី​ស្រឡាញ់​នឹង​បណ្ដាល​ឲ្យ​ស្វាមី​ភរិយា​និយាយ​ថា ‹មែន​ហើយ ឯង​បាន​ធ្វើ​ខុស។ ប៉ុន្តែ​ជួនកាល​ខ្ញុំ​ក៏​ធ្វើ​ខុស​ដែរ។ ដូច្នេះ ខ្ញុំ​បំភ្លេច​កំហុស​របស់​ឯង ហើយ​ឯង​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ចំពោះ​ខ្ញុំ​ដែរ›។—សុភាសិត ១០:១២; ១៩:១១

២៦ ពេល​ដែល​បញ្ហា​ខ្លះ​កើត​មាន​ឡើង តើ​អ្វី​នឹង​ជួយ​ក្នុង​ការ​ដោះ​ស្រាយ​រឿង​នោះ?

២៦ កាលណា​ស្វាមី​ភរិយា​ស្ម័គ្រ​ចិត្ត​ទទួល​កំហុស ហើយ​ខំ​កែ​កំហុស​ខ្លួន​វិញ ការ​ឈ្លោះ​ប្រកែក​គ្នា​និង​ការ​ឈឺចិត្ត​ជា​ច្រើន​នឹង​អាច​ចៀស​វាង​បាន។ គោល​បំណង​របស់​ពួកគេ គឺ​ត្រូវ​ដោះ​ស្រាយ​បញ្ហា មិន​មែន​ចង់​ឈ្នះ​ចាញ់​នូវ​ជម្លោះ​នោះ​ឡើយ។ ទោះបី​គូ​របស់​អ្នក​ជា​អ្នក​ធ្វើ​ខុស​ក៏​ដោយ សូម​សម្រួល​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​ដោយ​សម្ដែង​ចិត្ត​សប្បុរស​ចុះ។ ប្រសិន​បើ​អ្នក​មាន​កំហុស​វិញ សុំ​ការ​អភ័យទោស​ដោយ​ចិត្ត​រាប​ទាប​ចុះ។ សូម​កុំ​ពន្យា​ពេល​ឡើយ តែ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នោះ​ជា​បន្ទាន់។ ​«​កុំ​ឲ្យ​សេចក្ដី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ​»។—អេភេសូរ ៤:២៦

២៧ តើ​ការ​កាន់​តាម​ដំបូន្មាន​ណា​ក្នុង​ព្រះ​គម្ពីរ ដែល​នឹង​ជួយ​ស្វាមី​ភរិយា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​គេ​នោះ?

២៧ ជា​ពិសេស ប្រសិន​បើ​អ្នក​ជា​បុគ្គល​ដែល​បាន​រៀប​ការ​រួច​ហើយ​នោះ អ្នក​ត្រូវ​កាន់​តាម​ជា​ចាំបាច់​នូវ​ដំបូន្មាន​ដែល​ថា​«​កុំ​ឲ្យ​គ្រប់​គ្នា​ស្វែងរក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ ត្រូវ​ស្វែងរក​ចំពោះ​អ្នក​ដទៃ​ផង​»។ (​ភីលីព ២:៤​) លោក​អ្នក​ត្រូវ​តែ​គោរព​ជា​ចាំបាច់​នូវ​បទ​បញ្ជា​នៃ​ព្រះ​គម្ពីរ​ដែល​ថា​៖ ​«​ចូរ​ប្រដាប់​កាយ ដោយ​ចិត្ត​ក្ដួល​អាណិត សប្បុរស សុភាព សំឡូត នឹង​ចិត្ត​អត់ធ្មត់ ទុក​ដូច​ជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​ចុះ។ ហើយ​ទ្រាំទ្រ​គ្នា ទាំង​អត់​ទោស​ទៅ​វិញ​ទៅ​មក បើ​អ្នក​ណា​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា នោះ​ចូរ​អត់​ទោស​ឲ្យ​គេ​ចុះ ដូច​ជា​[​ព្រះ​យេហូវ៉ា, ពថ​]​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។ ចូរ​បន្ថែម​ទាំង​សេចក្ដី​ស្រឡាញ់​ថែម​ទៀត ជា​ចំណង​នៃ​សេចក្ដី​​គ្រប់លក្ខណ៍​»។—កូល៉ុស ៣:១២​-​១៤

២៨ (​ក​) តើ​ការ​លែង​លះ​គ្នា​ជា​វិធី​មួយ ដើម្បី​ដោះ​ស្រាយ​បញ្ហា​រវាង​ស្វាមី​ភរិយា​ឬ? (​ខ​) តើ​ព្រះ​គម្ពីរ​បាន​ចែង​ថា មាន​មូលហេតុ​តែមួយ​ណា​ចំពោះ​ការ​លែង​លះ​គ្នា ដែល​បុគ្គល​ម្នាក់​អាច​មាន​សេរីភាព​នឹង​រៀប​ការ​ជា​ថ្មី​នោះ?

២៨ សព្វ​ថ្ងៃ​នេះ ស្វាមី​ភរិយា​ជា​ច្រើន​មិន​បណ្ដោយ​ឲ្យ​ដំបូន្មាន​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជួយ​ដោះ​ស្រាយ​បញ្ហា​របស់​គេ​ទេ ប៉ុន្តែ​បែរជា​ពួកគេ​ទាមទារ​លែង​លះ​គ្នា​វិញ។ តើ​ព្រះ​ពេញ​ព្រះ​ហឫទ័យ​នឹង​ការ​លែង​លះ​គ្នា ជា​ផ្លូវ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទេ? ទេ ទ្រង់​មិន​ពេញ​ព្រះ​ហឫទ័យ​ទេ។ (​ម៉ាឡាគី ២:១៥, ១៦​) ទ្រង់​មាន​ព្រះ​ហឫទ័យ​ចង់​ឲ្យ​អាពាហ៍ពិពាហ៍​ជា​ការ​រៀបចំ​ដ៏​អស់​មួយ​ជីវិត។ (​រ៉ូម ៧:២​) ព្រះ​គម្ពីរ​អនុញ្ញាត​ឲ្យ​មាន​មូលហេតុ​តែមួយ​ទេ​សំរាប់​ការ​លែង​លះ​គ្នា ដែល​បុគ្គល​នោះ​អាច​មាន​សេរីភាព​នឹង​រៀប​ការ​ជា​ថ្មី​វិញ​បាន ហើយ​នោះ​គឺ​ជា​សេចក្ដី​កំផិត (​ភាសា​ក្រិក​ថា​ភូ​ណនៀ ជា​អំពើ​អសីលធម៌​ដ៏​ធ្ងន់ធ្ងរ​ខាង​ការ​សេពមេថុនកម្ម​)។ ប្រសិន​បើ​សេចក្ដី​កំផិត​បាន​ប្រព្រឹត្ត​ឡើង នោះ​គូ​ដែល​គ្មាន​​កំហុស​អាច​សម្រេច​ចិត្ត​លែង​លះ​គ្នា​ឬ​ក៏​មិន​លែង​លះ​ក៏​បាន។—ម៉ាថាយ ៥:៣២

២៩ (​ក​) ប្រសិន​បើ​ស្វាមី​ឬ​ភរិយា​របស់​អ្នក​មិន​ចូលរួម​ជា​មួយ​អ្នក​ក្នុង​ការ​ថ្វាយបង្គំ​ខាង​គ្រីស្ទាន​នោះ តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា? (​ខ​) តើ​នឹង​អាច​បាន​លទ្ធផល​យ៉ាង​ណា?

២៩ យ៉ាង​ណា​ទៅ ប្រសិន​បើ​ស្វាមី​ឬ​ភរិយា​របស់​អ្នក​បដិសេធ​មិន​ព្រម​សិក្សា​ព្រះ​បន្ទូល​របស់​ព្រះ​ជា​មួយ​អ្នក ឬ​ក៏​ប្រឆាំង​នឹង​សកម្មភាព​គ្រីស្ទាន​របស់​អ្នក​ទៀត​ផង​នោះ? ព្រះ​គម្ពីរ​នៅ​តែ​ជំរុញ​លើកទឹកចិត្ត​អ្នក​ឲ្យ​នៅ​ជា​មួយ​ស្វាមី​ឬ​ភរិយា​របស់​អ្នក ហើយ​អ្នក​មិន​ត្រូវ​យល់​ថា ការ​បំបែក​គ្នា​ជា​ផ្លូវ​ស្រួល​ចេញ​ពី​បញ្ហា​របស់​អ្នក​ឡើយ។ សូម​លោក​អ្នក​ខំ​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថានភាព​នៅ​ក្នុង​ផ្ទះ​បាន​ប្រសើរ ដោយសារ​ការ​អនុវត្ត​អ្វី​ៗ​ដែល​ព្រះ​គម្ពីរ​បាន​ចែង​ចំពោះ​មារយាទ​របស់​អ្នក​ផ្ទាល់។ នៅ​ថ្ងៃ​ណា​មួយ ដោយសារ​តែ​មារយាទ​គ្រីស្ទាន​របស់​អ្នក អ្នក​អាច​បាន​ជោគជ័យ​ទៅ​លើ​ស្វាមី​ឬ​ភរិយា​របស់​អ្នក​ឲ្យ​មក​ខាង​អ្នក​ជា​មិន​ខាន។ (​កូរិនថូសទី១ ៧:១០​-​១៦; ពេត្រុសទី១ ៣:១, ២​) ហើយ​តើ​អ្នក​នឹង​បាន​ពរ​ដ៏​ប្រសើរ​យ៉ាង​ណា​ទៅ​ហ្ន៎ ប្រសិន​បើ​សេចក្ដី​អត់ធ្មត់​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​អ្នក បាន​ផ្ដល់​អ្នក​នូវ​លទ្ធផល​បែប​នេះ!

៣០ ហេតុ​អ្វី​ក៏​ជា​ការ​សំខាន់​ម្ល៉េះ​ចំពោះ​មាតា​បិតា ក្នុង​ការ​ធ្វើ​គំរូ​ល្អ​សំរាប់​កូនចៅ?

៣០ បញ្ហា​គ្រួសារ​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ទាក់ទង​នឹង​កូនចៅ។ តើ​នឹង​អាច​ធ្វើ​យ៉ាង​ណា​ទៅ​បាន ប្រសិន​បើ​នេះ​ជា​ករណី​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​នោះ? ជា​បឋម ជា​មាតា​បិតា អ្នក​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ល្អ​មួយ។ ការ​នេះ​ពីព្រោះ​កូនចៅ​ចេះ​តែ​ទោរ​ទន់​ទៅ​រក​ការ​យក​តម្រាប់​តាម​អ្វី​ដែល​អ្នក​ប្រព្រឹត្ត​ជាជាង​អ្វី​ដែល​អ្នក​ពោល។ ហើយ ពេល​ដែល​ការ​ប្រព្រឹត្ត​របស់​អ្នក​ផ្ទុយ​ពី​ពាក្យ​សម្ដី​របស់​អ្នក​វិញ​នោះ ក្មេង​ៗ​រហ័ស​នឹង​ឃើញ​ការ​នេះ​ណាស់។ ដូច្នេះ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​កូន​របស់​អ្នក​រស់​នៅ​ជា​ជីវិត​គ្រីស្ទាន​ដ៏​ប្រសើរ​នោះ ខ្លួន​អ្នក​ផ្ទាល់​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ដ៏​ល្អ​មួយ។—រ៉ូម ២:២១, ២២

៣១ (​ក​) តើ​មាន​មូលហេតុ​ដ៏​សំខាន់​ជាង​គេ​ណា​ទៀត ដើម្បី​ឲ្យ​កូនចៅ​គោរព​តាម​ដំបូន្មាន​របស់​មាតា​បិតា​របស់​គេ​នោះ? (​ខ​) តើ​អ្នក​អាច​បង្ហាញ​ដល់​កូនចៅ​របស់​អ្នក​ពី​ប្រាជ្ញា​ក្នុង​ការ​គោរព​តាម​ក្រិត្យ​វិន័យ​របស់​ព្រះ ដែល​ហាម​ពី​ការ​សហាយស្មន់​បាន​យ៉ាង​ណា?

៣១ អ្នក​ត្រូវ​តែ​ពិគ្រោះ​វែកញែក​ជា​មួយ​កូនចៅ​ដែរ។ ការ​នេះ​មិន​គ្រប់គ្រាន់​ទេ​បើ​គ្រាន់​តែ​ប្រាប់​ក្មេង​ថា​៖ ‹អញ​មិន​ចង់​ឲ្យ​ឯង​ប្រព្រឹត្ត​សហាយស្មន់​ទេ ពីព្រោះ​វា​ជា​អំពើ​ខុស›។ ពួកគេ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា គឺ​ជា​ព្រះ​យេហូវ៉ា ជា​អ្នក​បង្កើត​របស់​ពួកគេ ដែល​ទ្រង់​បាន​មាន​បន្ទូល​ថា អំពើ​បែប​នេះ​ដូច​ជា​សេចក្ដី​កំផិត​ជា​ដើម គឺ​ជា​អំពើ​ខុស​នោះ។ (​អេភេសូរ ៥:៣​-​៥; ថែស្សាឡូនីចទី១ ៤:៣​-​៧​) ប៉ុន្តែ សូម្បី​តែ​ការ​នេះ​ក៏​មិន​គ្រប់គ្រាន់​ដែរ។ កូនចៅ​ក៏​ត្រូវ​តែ​ជួយ​ឲ្យ​យល់​ឃើញ​ពី​មូលហេតុ​ដែល​ពួកគេ​ត្រូវ​តែ​គោរព​បញ្ញត្ត​របស់​ព្រះ ហើយ​តើ​ការ​នេះ​នឹង​បាន​ជា​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​ពួកគេ។ ជា​ឧទាហរណ៍ លោក​អ្នក​អាច​ទាញ​អារម្មណ៍​កូនចៅ​របស់​អ្នក ទៅ​នឹង​របៀប​ដ៏​អស្ចារ្យ​ដែល​ទារក​បាន​លូត​លាស់​រូប​រាង​ឡើង​ដោយសារ​ការ​រួបរួម​ទឹក​កាម​របស់​បុរស​និង​ពង​របស់​ស្ត្រី ហើយ​សួរ​ថា​៖ ‹តើ​កូន​ឯង​មិន​គិត​ថា ព្រះ​អង្គ​ដែល​ធ្វើ​ឲ្យ​មាន​លទ្ធភាព​នៃ​អព្ភូតហេតុ​របស់​កំណើត​នេះ​ដឹង​យ៉ាង​ប្រសើរ​បំផុត នូវ​របៀប​ដែល​មនុស្ស​លោក​ត្រូវ​ប្រើ​សមត្ថភាព​នៃ​ការ​បង្កើត​កូនចៅ​ដែល​ព្រះ​បាន​ប្រទាន​ទេ​ឬ›? (​ទំនុកដំកើង ១៣៩:១៣​-​១៩​) ឬ​ក៏​អ្នក​អាច​សួរ​ថា​៖ ‹តើ​កូន​ឯង​គិត​ថា ព្រះ​ជា​អ្នក​បង្កើត​ដ៏​អស្ចារ្យ​របស់​យើង​នឹង​ចុះ​បញ្ញត្ត​ណា​មួយ​ដើម្បី​ដក​ហូត​ពី​យើង​នូវ​សេចក្ដី​សប្បាយ​ក្នុង​ជីវិត​ឬ? ផ្ទុយ​ទៅ​វិញ តើ​យើង​មិន​រឹតតែ​សប្បាយ​ទេ​ឬ ប្រសិន​បើ​យើង​គោរព​បញ្ញត្ត​របស់​ទ្រង់​នោះ›?

៣២ (​ក​) តើ​អ្នក​គួរ​មាន​អាកប្បកិរិយា​យ៉ាង​ណា ប្រសិន​បើ​ទស្សនៈ​កូន​របស់​អ្នក​មិន​ស្រប​តាម​ព្រះ​នោះ? (​ខ​) តើ​អ្នក​អាច​ជួយ​កូន​របស់​អ្នក​យ៉ាង​ណា​បាន ដើម្បី​ឲ្យ​ឃើញ​នូវ​ប្រាជ្ញា​ពី​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង​នោះ?

៣២ សំនួរ​យ៉ាង​នេះ​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ចាប់​ផ្ដើម​ពិចារណា​ទៅ​លើ​ក្រិត្យ​វិន័យ​របស់​ព្រះ​ចំពោះ​ការ​ប្រើ​អង្គ​ជា​ត។ សូម​ទទួល​ព្រម​ទស្សនៈ​របស់​គេ​ចុះ។ ប្រសិន​បើ​ទស្សនៈ​នោះ​មិន​ស្រប​ទៅ​តាម​សេចក្ដី​ប្រាថ្នា​របស់​អ្នក​នោះ សូម​កុំ​ខឹង​ឡើយ។ សូម​ឲ្យ​យោគ​យល់​ថា តំណ​របស់​កូន​អ្នក​បាន​រសាត់​យ៉ាង​ឆ្ងាយ​ចេញ​ពី​សេចក្ដី​បង្រៀន​ដ៏​សុចរិត​នៅ​ក្នុង​ព្រះ​គម្ពីរ ហើយ​បន្ទាប់​មក សូម​ខំ​បង្ហាញ​គាត់​អំពី​មូលហេតុ​ដែល​ការ​ប្រព្រឹត្ត​ដ៏​អសីលធម៌​នៃ​តំណ​របស់​គេ​ជា​ការ​មិន​មាន​ប្រាជ្ញា​នោះ។ អ្នក​ប្រហែល​ជា​អាច​ទាញ​អារម្មណ៍​កូន​របស់​អ្នក ទៅ​ឯ​ឧទាហរណ៍​ដ៏​ជាក់លាក់​មួយ ដែល​អំពើ​អសីលធម៌​ខាង​សេព​​មេថុនកម្ម​បាន​បង្កើត​ឲ្យ​មាន​កូន​ឥត​ខាន់ស្លា ជម្ងឺ​ស្វាយ ឬ​ក៏​បញ្ហា​ផ្សេង​ៗ​ទៀត។ ដោយ​វិធី​នេះ គាត់​បាន​ត្រូវ​ជួយ​ឲ្យ​ឃើញ​នូវ​ការ​សម​ហេតុ​សម​ផល និង​ការ​ត្រឹម​ត្រូវ​អំពី​អ្វី​ដែល​ព្រះ​គម្ពីរ​បាន​ចែង​មក​នោះ។

៣៣ ហេតុ​អ្វី​ក៏​សេចក្ដី​សង្ឃឹម​ដែល​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ ចំពោះ​ការ​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី អាច​ជួយ​យើង​ឲ្យ​បាន​ជោគជ័យ​ក្នុង​ជីវភាព​គ្រួសារ​បាន?

៣៣ ជា​ពិសេស សេចក្ដី​សង្ឃឹម​ដែល​មាន​មូលដ្ឋាន​ពី​ព្រះ​គម្ពីរ​ចំពោះ​ការ​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី អាច​ជួយ​យើង​ឲ្យ​បាន​ជោគជ័យ​ក្នុង​ជីវភាព​គ្រួសារ​បាន។ ហេតុ​អ្វី​ក៏​ដូច្នេះ? ពីព្រោះ​ប្រសិន​បើ​យើង​ពិត​ជា​ចង់​រស់​នៅ​ក្នុង​របប​ថ្មី​របស់​ព្រះ យើង​នឹង​ត្រូវ​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​រស់​នៅ​ក្នុង​បច្ចុប្បន្ន​នេះ ឲ្យ​ដូច​ជា​យើង​មាន​សង្ឃឹម​នឹង​រស់​នៅ​ពេល​នោះ​ដែរ។ ការ​នេះ​មាន​ន័យ​ថា យើង​នឹង​កាន់​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សេចក្ដី​បង្រៀន និង​សេចក្ដី​ណែនាំ​របស់​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល ព្រះ​នឹង​បន្ថែម​ទៅ​លើ​សុភមង្គល​របស់​យើង​ក្នុង​បច្ចុប្បន្ន​កាល​នេះ នូវ​សេចក្ដី​រីករាយ​នឹង​ជីវិត​ដ៏​​អស់កល្ប​ជានិច្ច ហើយ​សុភមង្គល​ជា​អនន្តភាព​នៅ​ខាង​មុខ​នេះ​ជា​រហូត​តទៅ។—សុភាសិត ៣:១១​-​១៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក