ការជួយសម្រាលទុក្ខសម្រាប់មនុស្សក្រៀមក្រំចិត្ត
«ជីវិតទាំងឡាយក៏ថ្ងូរ ហើយឈឺចាប់ជាមួយគ្នា ដរាបដល់គ្រាឥឡូវនេះ»។ (រ៉ូម ៨:២២) សេចក្ដីទុក្ខវេទនារបស់មនុស្សលោកមានជាខ្លាំងណាស់ ពេលដែលរឿងនោះបានចែងមកជាង១.៩០០ឆ្នាំមុននេះ។ មនុស្សជាច្រើនមានចិត្តក្រៀមក្រំ។ ដោយហេតុនេះ បានជាពួកគ្រីស្ទានបានត្រូវជំរុញទឹកចិត្តថា៖ «[ចូរ]ជួយកំសាន្ត ដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត»។—ថែស្សាឡូនីចទី១ ៥:១៤
សព្វថ្ងៃនេះ សេចក្ដីទុក្ខវេទនារបស់មនុស្សគឺធំសម្បើមជាងពីមុនទៅទៀត ហើយមនុស្សជាច្រើនមានចិត្តក្រៀមក្រំលើសជាងពីមុនមកដែរ។ ប៉ុន្តែតើរឿងនេះត្រូវធ្វើឲ្យយើងឆ្ងល់ឬ? គឺមិនមែនទេ ពីព្រោះព្រះគម្ពីរបានសំគាល់គ្រានេះជា «ជាន់ក្រោយបង្អស់» ហើយចែងថាជា «គ្រាលំបាកណាស់»។ (ធីម៉ូថេទី២ ៣:១-៥) ព្រះយេស៊ូវគ្រីស្ទបានទាយថា នៅគ្រាក្រោយបង្អស់ នឹងកើតមាន «សេចក្ដីលំបាកនៅគ្រប់ទាំងសាសន៍» ហើយថា «មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី»។—លូកា ២១:៧-១១, ២៥-២៧; ម៉ាថាយ ២៤:៣-១៤
កាលដែលមនុស្សពិសោធសេចក្ដីខ្វល់ខ្វាយ សេចក្ដីភ័យខ្លាច ការព្រួយចិត្ត ឬក៏អារម្មណ៍មិនល្អផ្សេងៗទៀតដែលធ្វើទុក្ខដល់គេជាយូរយារមកនោះ ពួកគេតែងតែទៅជាមានចិត្តក្រៀមក្រំ។ ហេតុដែលបណ្ដាលឲ្យមានចិត្តក្រៀមក្រំ ឬក៏ការព្រួយចិត្តជាខ្លាំងនោះ គឺប្រហែលជាមកពីសេចក្ដីស្លាប់របស់មនុស្សជាទីស្រឡាញ់ម្នាក់ ពីការលះលែងគ្នា ការបាត់បង់ការងារ ឬក៏ពីជម្ងឺយ៉ាងធ្ងន់ដ៏ឥតឈប់ឈរជាដើម។ មនុស្សអាចទៅជាមានចិត្តក្រៀមក្រំដែរ បើកាលណាគេគិតថា ជីវិតគេគ្មានប្រយោជន៍សោះនោះ ឬក៏គេស្មានថាគេជាអ្នកបរាជ័យហើយបានបណ្ដាលឲ្យមនុស្សជាទីស្រឡាញ់របស់គេទាំងអស់គ្នាស្រងាកចិត្តដែរ។ អ្នកណាក៏អាចទទួលសេចក្ដីទុក្ខព្រួយពីស្ថានការណ៍ដែលមានភាពតានតឹងនោះដែរ ប៉ុន្តែ កាលណាមនុស្សម្នាក់កើតមានចិត្តអស់សង្ឃឹម ហើយមិនអាចរកផ្លូវដោះស្រាយបញ្ហាពិបាករបស់គេបានទេ គេអាចកើតមានចិត្តក្រៀមក្រំដ៏ខ្លាំងណាស់ជាលទ្ធផលនោះ។
មនុស្សពីបុរាណកាលបានពិសោធអារម្មណ៍ដែលស្រដៀងនឹងគ្នាដែរ។ លោកយ៉ូបបានរងទុក្ខជម្ងឺនិងគ្រោះថ្នាក់ជាច្រើន។ លោកបានស្មានថា ព្រះអង្គបានលះបង់លោកចោល ដោយហេតុនេះ បានជាលោកបានបញ្ចេញសេចក្ដីស្អប់ខ្ពើមចំពោះជីវិតនោះ។ (យ៉ូប ១០:១; ២៩:២, ៤, ៥) លោកយ៉ាកុបមានចិត្តក្រៀមក្រំដោយសារ តាមដំណឹងមក កូនប្រុសរបស់លោកបានស្លាប់ទៅ។ លោកបានបដិសេធមិនព្រមទទួលសេចក្ដីសម្រួលចិត្ត ហើយលោកប្រាថ្នាចង់ស្លាប់ទៅវិញ។ (លោកុប្បត្តិ ៣៧:៣៣-៣៥) ដោយស្តេចដាវីឌដឹងនូវភាពមានទោសពីកំហុសដ៏ធ្ងន់របស់លោក លោកបានស្រែកយ៉ាងសោកស្ដាយថា៖ «ទូលបង្គំឈឺ ហើយកោងខ្លួនចុះជាខ្លាំង ទូលបង្គំដើរទាំងមានទុក្ខគ្រាំជាដរាបរាល់ថ្ងៃ»។—ទំនុកដំកើង ៣៨:៦, ៨; កូរិនថូសទី២ ៧:៥, ៦
សព្វថ្ងៃនេះ មនុស្សជាច្រើននាក់បានទៅជាមានចិត្តក្រៀមក្រំ ដោយសារតែដាក់បន្ទុកលើខ្លួនគេច្រើនលើសលុប ក្នុងការខ្នះខ្នែងខំធ្វើការប្រចាំថ្ងៃដែលហួសពីសមត្ថភាពរបស់គេ ខាងសតិ ខាងចិត្ត នឹងខាងរូបកាយ។ តាមមើលទៅ ភាពតានតឹង ដែលបញ្ចូលជាមួយនឹងគំនិតនិងអារម្មណ៍មិនល្អ អាចធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងរូបកាយ ហើយបណ្ដាលឲ្យមានភាពមិនស្មើគ្នាខាងជាតិគីមីនៅក្នុងខួរក្បាល ដែលបណ្ដាលឲ្យកើតមានចិត្តក្រៀមក្រំនោះ។—សូមប្រៀបធៀបនឹង សុភាសិត ១៤:៣០
ជំនួយដែលពួកគេត្រូវការ
អេប៉ាប្រូឌីត ជាជនគ្រីស្ទានម្នាក់ពីសតវត្សទី១នៅក្រុងភីលីពបាន «មានចិត្តព្រួយណាស់ ដោយព្រោះ[ពួកសំឡាញ់របស់គាត់]បានឮថា គាត់ឈឺ»។ អេប៉ាប្រូឌីតបានទទួលជម្ងឺក្រោយពីបានត្រូវពួកសំឡាញ់របស់គាត់ចាត់គាត់យកជីវព្រឹត្ដិទៅឲ្យសាវកប៉ុលនៅក្រុងរ៉ូម គាត់ប្រហែលជានឹកក្នុងចិត្តថា គាត់មិនបានសម្រេចការតាមបំណងពួកសំឡាញ់របស់គាត់ទេ ហើយថា ពួកគេចាត់ទុកគាត់ជាអ្នកបរាជ័យនោះដែរ។ (ភីលីព ២:២៥-២៧; ៤:១៨) តើសាវកប៉ុលបានជួយគាត់យ៉ាងណា?
លោកបានចាត់អេប៉ាប្រូឌីតឲ្យទៅទីលំនៅរបស់គាត់វិញ ជាមួយនឹងសំបុត្រមួយទៅពួកសំឡាញ់ភីលីព ដែលបានចែងថា៖ «ចូរទទួល[អេប៉ាប្រូឌីត]ក្នុងព្រះអម្ចាស់ ដោយអំណរគ្រប់ជំពូក ហើយរាប់អានមនុស្សយ៉ាងនោះចុះ»។ (ភីលីព ២:២៨-៣០) ដោយសារសាវកប៉ុលបានចែងពាក្យសរសើរគាត់ដល់ម្ល៉េះ ហើយដោយសារពួកភីលីពបានទទួលស្វាគមន៍គាត់ដោយចិត្តរាក់ទាក់និងសេចក្ដីស្រឡាញ់នោះ ការនេះពិតជាបានជួយកំសាន្តចិត្តអេប៉ាប្រូឌីត ហើយបានជួយគាត់ឲ្យស្រាកស្រួលពីសេចក្ដីក្រៀមក្រំចិត្តរបស់គាត់ដែរ។
គឺគ្មានសេចក្ដីសង្ស័យទេ ដំបូន្មានរបស់ព្រះគម្ពីរថា៖ «ជួយកំសាន្ត ដល់ពួកអ្នកណាដែលមានសេចក្ដីទន់ក្រំចិត្ត» គឺជាដំបូន្មានដ៏ល្អបំផុត។ ស្ត្រីម្នាក់ដែលបានរងទុក្ខសេចក្ដីក្រៀមក្រំចិត្តបាននិយាយថា៖ «យើងម្នាក់ៗត្រូវតែដឹងថា មានអ្នកឯទៀតចេះស្រឡាញ់យកចិត្តទុកដាក់នឹងយើងជាមនុស្សម្នាក់មែន»។ «យើងត្រូវតែឮគេនិយាយថា ‹ខ្ញុំយល់អារម្មណ៍អ្នកហើយ បន្ដិចទៀតអ្នកប្រាកដនឹងជាឡើងវិញហើយ›»។
ជាញឹកញាប់ ជនដែលក្រៀមក្រំចិត្តត្រូវតែចាប់ផ្ដើមការប្រព្រឹត្តខ្លួនឯង ដោយស្វែងរកមនុស្សណាម្នាក់ដែលចេះអធ្យាស្រ័យ ដែលអាចទុកចិត្តទៅលើនិងអាចប្រាប់រឿងសម្ងាត់បាន។ ជនម្នាក់នេះគួរតែជាអ្នកចេះយកចិត្តទុកដាក់ក្នុងការស្ដាប់ ហើយមានសេចក្ដីអត់ធ្មត់ដ៏បរិបូរ។ អ្នកនោះគួរតែចៀសវាងពីការស្តីប្រដៅមនុស្សដែលមានចិត្តក្រៀមក្រំ ឬក៏សំដីដែលថ្កោលទោស ដូចជា ‹អ្នកមិនគួរមានអារម្មណ៍ដូច្នោះទេ› ឬក៏‹អ្នកមានអាកប្បកិរិយាមិនត្រឹមត្រូវទេ›។ មនោអារម្មណ៍របស់មនុស្សដែលក្រៀមក្រំចិត្តមិនមានភាពមាំមួនទេ ហើយសំដីទិតៀនយ៉ាងនោះ នឹងបណ្ដាលឲ្យគាត់មានចិត្តព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីខ្លួនគាត់ទៀត។
មនុស្សម្នាក់ដែលមានចិត្តក្រៀមក្រំប្រហែលជាមានអារម្មណ៍ថា ជីវិតខ្លួនគ្មានន័យសោះ។ (យ៉ូណាស ៤:៣) យ៉ាងណាក៏ដោយ មនុស្សម្នាក់គួរតែនឹកចាំថា អ្វីដែលសំខាន់ជាងគេនោះ គឺជាយ៉ាងណាដែលព្រះឲ្យតម្លៃទៅលើបុគ្គលនោះ។ មនុស្សលោក «មិនបានរាប់អាន[ព្រះយេស៊ូវ]សោះ» ប៉ុន្តែការនេះមិនបានបង្ខូចកិត្ដិយសដ៏ពិតប្រាកដរបស់ទ្រង់ចំពោះព្រះឡើយ។ (អេសាយ ៥៣:៣) សូមយល់ជាប្រាកដថា ដូចជាព្រះស្រឡាញ់ព្រះរាជបុត្រដ៏ស្ងួនភ្ងារបស់ទ្រង់ នោះទ្រង់ក៏ស្រឡាញ់លោកអ្នកដែរ។—យ៉ូហាន ៣:១៦
ព្រះយេស៊ូវទ្រង់មានព្រះទ័យអាណិតអាសូរចំពោះមនុស្សដែលរងទុក្ខវេទនា ហើយទ្រង់ខ្នះខ្នែងជួយពួកគេឲ្យយល់ឃើញនូវតម្លៃរបស់គេរៀងៗខ្លួន។ (ម៉ាថាយ ៩:៣៦; ១១:២៨-៣០; ១៤:១៤) ទ្រង់បានពន្យល់ថា ព្រះប៉ាន់តម្លៃសូម្បីតែសត្វចាបដែលតូចហើយមិនសំខាន់ទាំងនោះផង។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា «គ្មានចាបណាមួយដែលព្រះទ្រង់ភ្លេចទេ»។ យ៉ាងនេះ តើព្រះប៉ាន់តម្លៃដល់មនុស្សដែលខំព្យាយាមធ្វើតាមបំណងព្រះហឫទ័យទ្រង់ជាងអម្បាលម៉ានទៅទៀតហ្ន៎! ចំពោះអ្នកទាំងនេះ ព្រះយេស៊ូវមានបន្ទូលថា៖ «សូម្បីទាំងសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ»។—លូកា ១២:៦, ៧
ជាពិតប្រាកដណាស់ រឿងដែលថាព្រះទ្រង់ប៉ាន់តម្លៃដល់គាត់យ៉ាងខ្ពង់ខ្ពស់នោះប្រហែលជាពិបាកនឹងជឿចំពោះមនុស្សដែលមានចិត្តក្រៀមក្រំយ៉ាងខ្លាំង ដែលភាពទន់ខ្សោយហើយគុណវិបត្ដិជាច្រើនបានកើនឡើងហួសពីកំឡាំងរបស់គាត់។ គាត់ប្រហែលជាគិតយ៉ាងប្រាកដថា គាត់មិនសមនឹងបានសេចក្ដីស្រឡាញ់និងការថែរក្សារបស់ទ្រង់ឡើយ។ ព្រះគម្ពីរបានទទួលស្គាល់ថា៖ «ចិត្តយើង[អាច]ចោទប្រកាន់ខ្លួន»។ ក៏ប៉ុន្តែ តើការនេះជាមូលហេតុដែលសម្រេចរឿងនេះឬ? គឺមិនមែនទេ។ ព្រះទ្រង់ជ្រាបថា មនុស្សកំបាបអាចគិតថា ខ្លួនមិនល្អ ព្រមទាំងផ្ដន្ទាទោសខ្លួនឯងទៅទៀត។ ដោយហេតុនេះ បានជាព្រះបន្ទូលរបស់ទ្រង់ជួយសម្រាលចិត្តគេដោយចែងថា៖ «ព្រះទ្រង់ធំជាងចិត្តយើងទៅទៀត ហើយក៏ជ្រាបគ្រប់ទាំងអស់ផង»។—យ៉ូហានទី១ ៣:១៩, ២០
មែនហើយ ព្រះវរបិតាសួគ៌ារបស់យើងដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ទ្រង់មិនគ្រាន់តែឃើញអំពើបាបនិងកំហុសរបស់យើងប៉ុណ្ណោះទេ។ ព្រះអង្គជ្រាបពីស្ថានការណ៍ដែលបណ្ដាលឲ្យយើងធ្វើយ៉ាងនោះ ពីដំណើរជីវភាពទាំងមូលរបស់យើង ព្រមទាំងចេតនានិងហេតុដែលនាំឲ្យយើងធ្វើអ្វីៗដែរ។ ទ្រង់ជ្រាបថា យើងទទួលជាមរដក នូវអំពើបាប ជម្ងឺ និងសេចក្ដីស្លាប់ ហើយថា ដោយហេតុនេះ យើងមានការកម្រិតដ៏ពិបាកយ៉ាងខ្លាំងមែន។ ហេតុការណ៍ដែលថា យើងមានចិត្តព្រួយនិងមួម៉ៅចំពោះខ្លួនឯង នោះឯងជាតឹកតាងដែលបញ្ជាក់ថាយើងមិនចង់ប្រព្រឹត្តអំពើបាបទេ ហើយថា យើងមិនបានប្រព្រឹត្តអំពើដែលហួសហេតុពីមេត្ដាករុណារបស់ព្រះឡើយ។ ព្រះគម្ពីរបានពន្យល់ថា ទោះបីប្រឆាំងនឹងចេតនារបស់យើងក៏ដោយ នោះយើង «បានត្រូវចុះចូលនឹងសេចក្ដីឥតប្រយោជន៍»។ ដោយហេតុនេះ បានជាព្រះទ្រង់មានព្រះទ័យអាណិតនឹងយើង ដោយសារស្ថានភាពដ៏រហេមរហាមនេះ ហើយទ្រង់យកចិត្តទុកដាក់ដោយមេត្ដាធម៌នូវគុណវិបត្ដិរបស់យើង។—រ៉ូម ៥:១២; ៨:២០
យើងត្រូវបានធានាអះអាងថា៖ «ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្ដាករុណា ហើយនឹងសេចក្ដីអាណិតអាសូរ»។ «ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទ្រង់បានដកយកអស់ទាំងការល្មើសនៃយើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ។ ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ»។ (ទំនុកដំកើង ១០៣:៨, ១២, ១៤) ជាពិតប្រាកដមែន ព្រះយេហូវ៉ាជា «ព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក ដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នា ក្នុងគ្រប់ទាំងសេចក្ដីវេទនា»។—កូរិនថូសទី២ ១:៣, ៤
ជំនួយដែលមនុស្សមានចិត្តក្រៀមក្រំត្រូវការជាចាំបាច់នោះ គឺទទួលបានពីការចូលជិតនឹងព្រះរបស់គេដែលប្រកបទៅដោយមេត្ដាករុណា ហើយពីការទទួលសេចក្ដីអញ្ជើញរបស់ទ្រង់ដែលថា៖ ‹ចូរផ្ទេរបន្ទុករបស់គេទៅលើទ្រង់›។ ជាពិតប្រាកដ ទ្រង់អាច «ធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង»។ (ទំនុកដំកើង ៥៥:២២; អេសាយ ៥៧:១៥) ដូច្នេះ បន្ទូលរបស់ព្រះជំរុញទឹកចិត្តឲ្យយើងអធិស្ឋានដោយចែងថា៖ «ហើយចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើ[ព្រះយេហូវ៉ា] ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា»។ (ពេត្រុសទី១ ៥:៧) មែនហើយ ដោយសារសេចក្ដីអធិស្ឋាននិងពាក្យទូលអង្វរ មនុស្សអាចចូលទៅជិតព្រះហើយរមតិនឹង «សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត»។—ភីលីព ៤:៦, ៧; ទំនុកដំកើង ១៦:៨, ៩
សេចក្ដីផ្លាស់ប្ដូរដ៏មានប្រយោជន៍ខ្លះក្នុងរបៀបជីវភាព អាចជួយមនុស្សម្នាក់ឲ្យមានជ័យជំនះលើអារម្មណ៍ក្រៀមក្រំចិត្តនោះដែរ។ ការហាត់ប្រាណ បរិភោគម្ហូបដែលមានគុណភាពល្អ យកចូលខ្យល់ល្អស្អាតនិងសម្រាន្តឲ្យបានគ្រប់គ្រាន់ ហើយចៀសវាងពីការមើលទូរទស្សន៍យ៉ាងហួសហេតុ គឺជាការដែលមានប្រយោជន៍ទាំងអស់មែន។ ស្ត្រីម្នាក់បានជួយមនុស្សដែលមានចិត្តក្រៀមក្រំ ដោយនាំគេឲ្យដើរហាត់ប្រាណ។ កាលដែលស្ត្រីមានចិត្តក្រៀមក្រំម្នាក់បាននិយាយថា៖ «ខ្ញុំមិនចង់ដើរទេ» ស្ត្រីនោះបានឆ្លើយយ៉ាងផ្អែមល្ហែមហើយម៉ឺងម៉ាត់ថា «ចាស អ្នកនឹងត្រូវទៅ»។ ស្ត្រីដែលជួយគេនោះបានរាយការណ៍ថា៖ «យើងបានដើរ៦គីឡូមែត្រ។ កាលដែលយើងត្រឡប់មកវិញ នាងនោះអស់កម្លាំងមែន ប៉ុន្តែនាងមានអារម្មណ៍ស្រួលវិញ។ អ្នកមិនអាចយល់ដឹងថា ការហាត់ប្រាណមានប្រយោជន៍ប៉ុណ្ណាចំពោះអ្នកទេ ទាល់តែអ្នកសាកល្បងការនោះ›។
យ៉ាងណាក៏ដោយ ជួនកាលយើងមិនអាចឈ្នះលើការក្រៀមក្រំចិត្តឲ្យបានគ្រប់សព្វទេ ទោះបីកាលណាយើងសាកល្បងគ្រប់របៀបទាំងអស់ ព្រមទាំងវិធីព្យាបាលខាងវិជ្ជាពេទ្យក៏ដោយ។ ស្ត្រីម្នាក់ដែលមានអាយុមជ្ឈិមវ័យបាននិយាយថា៖ «ខ្ញុំបានសាកល្បងគ្រប់វិធីទាំងអស់ហើយ ប៉ុន្តែចិត្តក្រៀមក្រំក៏នៅតែមានដដែល»។ ស្រដៀងនឹងគ្នានោះដែរ ឥឡូវនេះគឺតែងតែគ្មានលទ្ធភាពនឹងព្យាបាលមនុស្សខ្វាក់ ថ្លង់ ឬក៏ពិការទេ។ យ៉ាងណាក៏ដោយ មនុស្សមានចិត្តក្រៀមក្រំអាចទទួលការជួយសម្រាលទុក្ខនិងសេចក្ដីសង្ឃឹមបាន ដោយសារការអានបន្ទូលរបស់ព្រះជារឿយៗ ដែលផ្ដល់ឲ្យសេចក្ដីសង្ឃឹមដ៏ពិតប្រាកដចំពោះសេចក្ដីធូរស្បើយពីគ្រប់បញ្ហាមនុស្សទាំងអស់ជានិរន្តរ៍។—រ៉ូម ១២:១២; ១៥:៤
កាលដែលគ្មានអ្នកណាម្នាក់នឹងមានចិត្តក្រៀមក្រំទៀតសោះ
កាលដែលព្រះយេស៊ូវបានពណ៌នានូវសេចក្ដីអាក្រក់ក្រៃលែងដែលនឹងកើតឡើងលើផែនដីនៅជាន់ក្រោយបង្អស់ ទ្រង់មានបន្ទូលបន្ថែមទៅទៀតថា៖ «កាលណាការទាំងនេះចាប់តាំងកើតមក នោះឲ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។ (លូកា ២១:២៨) ព្រះយេស៊ូវមានបន្ទូលអំពីសេចក្ដីប្រោសលោះឲ្យចូលទៅក្នុងពិភពលោកថ្មីដ៏សុចរិតរបស់ព្រះ ដែលនៅទីនោះ «ជីវិតទាំងនោះឯង នឹងបានរួចពីចំណងនៃសេចក្ដីពុករលួយ ឲ្យបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះវិញ»។—រ៉ូម ៨:២១
តើនឹងទៅជាសេចក្ដីធូរស្រាលយ៉ាងណាទៅហ្ន៎ ដែលមនុស្សលោកនឹងត្រូវបានប្រោសឲ្យរួចពីគ្រប់បន្ទុកពីអតីតកាល ហើយនឹងភ្ញាក់ឡើងជារៀងរាល់ថ្ងៃដោយមានសតិដ៏ជ្រះថ្លាបំផុត ទាំងមានចិត្តចង់យ៉ាងខ្លាំងនឹងចាប់ផ្ដើមធ្វើកិច្ចការជារៀងរាល់ថ្ងៃ! គឺនឹងគ្មានអ្នកណាត្រូវរារាំង ដោយសារសេចក្ដីទុក្ខវេទនានៃចិត្តក្រៀមក្រំទៀតឡើយ។ សេចក្ដីសន្យាដ៏ពិតប្រាកដចំពោះមនុស្សលោកទាំងអស់គឺថា «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ។ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៣, ៤
បើគ្មានការបញ្ចាក់ថែមទៀតទេនោះ បទគម្ពីរនៅក្នុងខិត្តប័ណ្ណនេះបានដកស្រង់ចេញពីសេចក្ដីបកប្រែជាភាសាខ្មែរ ពីសមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ ដែលផ្សាយចេញក្នុងឆ្នាំ១៩៥៤។ បើមាន «ពថ» នៅបន្ទាប់ពីបទគម្ពីរណា នោះមានន័យថា បានធ្វើការបកប្រែពីសេចក្ដីបកប្រែពិភពលោកថ្មីនៃបទគម្ពីរបរិសុទ្ធជាភាសាអង់គ្លេស កំណែថ្មីនៃឆ្នាំ១៩៨៤។