បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • pr ផ. ៤ ទំ. ១៦-១៩
  • ពិភពគ្រីស្ទសាសនាបានក្បត់ព្រះនិងព្រះគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពិភពគ្រីស្ទសាសនាបានក្បត់ព្រះនិងព្រះគម្ពីរ
  • តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • លទ្ធិ​ខុស​ផ្ទុយ​ពី​ព្រះ​គម្ពីរ
  • អំពើ​ប្រព្រឹត្ត​ដែល​ប្រឆាំង​នឹង​ព្រះ
  • មិន​មែន​គ្រីស្ទាន
  • មិត្តសំឡាញ់មិនស្មោះនៃព្រះគម្ពីរ
    ព្រះគម្ពីរបន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស?
  • តើពិភពគ្រិស្តសាសនាតំណាងដោយយេរូសាឡិមឬ?
    ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!
  • ហេតុដែលសាសនានៃលោកីយ៍នឹងត្រូវវិនាស
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
តើអ្វីជាគោលបំណងនៃជីវិត? តើអ្នកអាចរកឃើញយ៉ាងដូចម្ដេច?
pr ផ. ៤ ទំ. ១៦-១៩

ផ្នែកទី៤

ពិភព​គ្រីស្ទ​សាសនា​បាន​ក្បត់​ព្រះ​និង​ព្រះ​គម្ពីរ

១, ២​. ហេតុ​អ្វី​ក៏​អ្នក​ខ្លះ​ខ្វះ​ការ​កោត​គោរព​ដល់​ព្រះ​គម្ពីរ តែ​ព្រះ​គម្ពីរ​ប្រាប់​យើង​យ៉ាង​ដូច​ម្ដេច?

១ ប្រជាជន​នៅ​ប្រទេស​ជា​ច្រើន​បាន​ជៀសវាង​ហើយ​ខ្វះ​ការ​កោត​គោរព​ដល់​ព្រះ​គម្ពីរ ពីព្រោះ​ដោយ​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ពួក​អ្នក​ដែល​អះអាង​ថា​ខ្លួន​កាន់​តាម​ព្រះ​គម្ពីរ។ នៅ​ប្រទេស​ខ្លះ គេ​បាន​ថា​ព្រះ​គម្ពីរ​ជា​សៀវភៅ​ដែល​នាំ​ឲ្យ​កើត​សង្គ្រាម ជា​​សៀវភៅ​របស់​មនុស្ស​ពូជ​ស្បែក​ស ហើយ​ជា​​សៀវភៅ​ដែល​គាំទ្រ​អាណានិគមនិយម។ ប៉ុន្តែ​មតិ​អស់​នេះ​គឺ​ខុស​ស្រឡះ។

២ ព្រះ​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​មក​នៅ​មជ្ឈិម​បូព៌ា មិន​គាំទ្រ​សង្គ្រាម​អាណានិគម​និង​ការ​កេង​ប្រវ័ញ្ចន៍​លោភ​លន់ ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​នាម​សាសនា​គ្រីស្ទាន​ជា​យូរ​មក​ហើយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ដោយ​អាន​ព្រះ​គម្ពីរ​និង​រៀន​អំពី​សិក្ខាបទ​នៃ​សាសនា​គ្រីស្ទាន​ពិត​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន នោះ​អ្នក​នឹង​ឃើញ​ថា ព្រះ​គម្ពីរ​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​សង្គ្រាម​ច្បាំង​គ្នា អំពើ​អសីលធម៌ និង​ការ​កេង​ប្រវ័ញ្ចន៍​ពី​អ្នក​ដទៃ។ នេះ​ជា​កំហុស​របស់​មនុស្ស​លោភ​លន់ មិន​មែន​របស់​ព្រះ​គម្ពីរ​ទេ។ (កូរិនថូសទី១ ១៣:​១-៦; យ៉ាកុប ៤:​១-៣; ៥:​១-៦; យ៉ូហានទី១ ៤:​៧, ៨) ដូច្នេះ សូម​កុំ​ឲ្យ​ការ​ប្រព្រឹត្ត​ខុស​ទំនង​នៃ​មនុស្ស​ចិត្ត​កំណាញ់ ដែល​មិន​គោរព​តាម​ដំបូន្មាន​ដ៏​ប្រពៃ​នៃ​ព្រះ​គម្ពីរ ឃាត់​ឃាំង​អ្នក​មិន​ឲ្យ​ទទួល​ផល​ប្រយោជន៍​ពី​ភោគទ្រព្យ​ព្រះ​គម្ពីរ​ឡើយ។

៣​. តើ​ហេតុ​ការណ៍​ក្នុង​ប្រវត្ដិសាស្ត្រ​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ណា​អំពី​ពិភព​គ្រីស្ទ​សាសនា?

៣ ក្នុង​ចំណោម​ពួក​ដែល​មិន​រស់​នៅ​តាម​ដំបូន្មាន​ព្រះ​គម្ពីរ គឺ​មាន​មនុស្ស​និង​ជាតិ​សាសន៍​របស់​ពិភព​គ្រីស្ទ​សាសនា។ ពាក្យ «ពិភព​គ្រីស្ទ​សាសនា» មាន​អត្ថន័យ​ថា ជា​ពិភពលោក​មួយ​ប៉ែក​ដែល​ច្រើន​មាន​សាសនា​គ្រីស្ទាន។ ភាគ​ច្រើន​គឺ​បស្ចិម​ប្រទេស ជា​មួយ​នឹង​ប្រព័ន្ធ​សាសនា​ទាំង​ប៉ុន្មាន ដែល​បាន​ក្លាយ​ជា​ល្បី​លេច​មុខ​ចាប់​តាំង​ពី​ប្រហែល​សតវត្ស​ទីបួន​នៃ​ស.យ.។ ពិភព​គ្រីស្ទ​សាសនា​បាន​កាន់​ព្រះ​គម្ពីរ​ជា​ច្រើន​សតវត្ស​មក​ហើយ។ ពួក​បព្វជិត​បាន​អះអាង​ថា​គេ​បង្រៀន​ពី​ព្រះ​គម្ពីរ ហើយ​ថា​គេ​ជា​អ្នក​តំណាង​ព្រះ។ ប៉ុន្តែ តើ​បព្វជិត​និង​សាសនទូត​នៃ​ពិភព​គ្រីស្ទ​សាសនា​បង្រៀន​សេចក្ដី​ពិត​ទេ? តើ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ពិត​ជា​តំណាង​ព្រះ​និង​ព្រះ​គម្ពីរ​មែន​ទេ? តើ​ក្នុង​ពិភព​គ្រីស្ទ​សាសនា​ច្រើន​តែ​មាន​សាសនា​គ្រីស្ទាន​មែន​ឬ? មិន​មែន​ទេ តាំង​ពី​បាន​ល្បី​លេច​មុខ​ក្នុង​សតវត្ស​ទី៤​មក ពិភព​គ្រីស្ទ​សាសនា​បាន​ទៅ​ជា​ខ្មាំង​សត្រូវ​នៃ​ព្រះ​និង​ព្រះ​គម្ពីរ​វិញ។ មែន​ហើយ ហេតុ​ការណ៍​ក្នុង​ប្រវត្ដិសាស្ត្រ​បង្ហាញ​ថា ពិភព​គ្រីស្ទ​សាសនា​បាន​ក្បត់​ព្រះ​និង​ព្រះ​គម្ពីរ។

លទ្ធិ​ខុស​ផ្ទុយ​ពី​ព្រះ​គម្ពីរ

៤, ៥​. តើ​អ្វី​ជា​លទ្ធិ​ខុស​ផ្ទុយ​ពី​ព្រះ​គម្ពីរ ដែល​ពិភព​គ្រីស្ទ​សាសនា​បង្រៀន?

៤ លទ្ធិ​សំខាន់⁠ៗនៃ​ពិភព​គ្រីស្ទ​សាសនា​គឺ​មិន​មែន​សំអាង​លើ​ព្រះ​គម្ពីរ​ទេ តែ​សំអាង​ទៅ​លើ​អភូតកថា​បុរាណ​របស់​ក្រិក អេស៊ីប បាប៊ីឡូន និង​សាសន៍​ឯ​ទៀត​ទៅ​វិញ។ សេចក្ដី​បង្រៀន​ដូច​ជា ព្រលឹង​មនុស្ស​រមែង​មិន​ស្លាប់​ជានិច្ច ទារុណកម្ម​ដ៏​អស់កល្ប​ក្នុង​ភ្លើង​នរក ភ្លើង​សម្រង់​បាប និង​ព្រះ​ត្រី​ឯកភាព (គឺ​រូប​បី​អង្គ​ក្នុង​ព្រះ​តែ​មួយ) គឺ​ឥត​មាន​ក្នុង​ព្រះ​គម្ពីរ​ទេ។

៥ ជា​ឧទាហរណ៍ សូម​ពិចារណា​មើល​អំពី​សេចក្ដី​បង្រៀន​ដែល​ថា មនុស្ស​អាក្រក់​នឹង​ត្រូវ​ទទួល​ទារុណកម្ម​រហូត​ដល់​អស់កល្ប​ក្នុង​ភ្លើង​នរក។ តើ​អ្នក​យល់​យ៉ាង​ណា​ដែរ​អំពី​គំនិត​នេះ? មនុស្ស​ជា​ច្រើន​យល់​ថា​នេះ​ជា​ការ​អាក្រក់​រអើម​ណាស់។ គេ​យល់​ថា​មិន​សម​ហេតុ​សោះ ដែល​ព្រះ​នឹង​ធ្វើ​ទារុណកម្ម​មនុស្ស​អស់កល្ប​ជានិច្ច ទុក​ឲ្យ​គេ​ឈឺ​ចាប់​ខ្លោចផ្សា​ខ្លាំង​យ៉ាង​នេះ។ គំនិត​អាក្រក់​ឃោរឃៅ​បែប​នេះ​គឺ​ខុស​ផ្ទុយ​ពី​ព្រះ​នៃ​ព្រះ​គម្ពីរ​ហើយ ដ្បិត «ព្រះ​ទ្រង់​ជា​សេចក្ដី​ស្រឡាញ់»។ (យ៉ូហានទី១ ៤:⁠៨) ព្រះ​គម្ពីរ​ប្រាប់​យ៉ាង​ច្បាស់​ថា សេចក្ដី​បង្រៀន​បែប​នេះ ‹មិន​ដែល​ចូល​ក្នុង​ព្រះ​ហឫទ័យ› នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​ឡើយ។​—⁠យេរេមា ៧:⁠៣១; ១៩:៥; ៣២:⁠៣៥

៦​. តើ​ព្រះ​គម្ពីរ​បង្ហាញ​ឲ្យ​ឃើញ​ថា សេចក្ដី​បង្រៀន​អំពី​ព្រលឹង​អមតៈ​គឺ​ខុស​យ៉ាង​ដូច​ម្ដេច?

៦ សព្វ​ថ្ងៃ​នេះ​មាន​សាសនា​ជា​ច្រើន រួម​ទាំង​ពិភព​គ្រីស្ទ​សាសនា​បង្រៀន​ថា មនុស្ស​មាន​ព្រលឹង​អមតៈ ដែល​ត្រូវ​ទៅ​ស្ថានសួគ៌​ឬ​ស្ថាន​នរក​នៅ​ពេល​មនុស្ស​ស្លាប់​ទៅ។ ព្រះ​គម្ពីរ​ឥត​បង្រៀន​ដូច្នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​បាន​ចែង​យ៉ាង​ច្បាស់​ថា⁠៖ «មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ . . . ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់[ផ្នូរ] ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិតគូរ គ្មាន​ដំរិះ ឬ​ប្រាជ្ញា​ឡើយ»។ (សាស្ដា ៩:​៥, ១០) ហើយ​អ្នក​តែង​ទំនុកដំកើង​បាន​ថ្លែង​ប្រាប់​ថា ពេល​ស្លាប់​មនុស្ស​ក៏ «ត្រឡប់​ទៅ​ជា​ដី​វិញ នៅ​ថ្ងៃ​នោះ​ឯង អស់​ទាំង​គំនិត​របស់​គេ​ក៏​សូន្យ​បាត់​ទៅ»។​—⁠ទំនុកដំកើង ១៤៦:⁠៤

៧​. តើ​អ័ដាម​និង​អេវ៉ា​បាន​ទទួល​ទណ្ឌកម្ម​អ្វី នៅ​ពេល​ដែល​គេ​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​វិន័យ​របស់​ព្រះ?

៧ សូម​ឲ្យ​ចាំ​ដែរ​ថា នៅ​ពេល​ដែល​អ័ដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​វិន័យ​ព្រះ ទណ្ឌកម្ម​ដែល​ពួក​គេ​បាន​ទទួល​គឺ​មិន​មែន​ជា​ភាព​អមតៈ​ទេ ដ្បិត​នោះ​នឹង​គឺ​ជា​រង្វាន់ មិន​មែន​ជា​ទណ្ឌកម្ម​ឡើយ! ផ្ទុយ​ទៅ​វិញ ព្រះ​មាន​បន្ទូល​ប្រាប់​ពួក​គេ​ថា គេ​នឹង «ត្រឡប់​ទៅ​ជា​ដី​វិញ ពីព្រោះ[ព្រះ​បាន​យក​ពួក​គេ]ពី​ដី​មក»។ ព្រះ​ក៏​មាន​បន្ទូល​បញ្ជាក់​ដល់​អ័ដាម​ថា⁠៖ «ដ្បិត​ឯង​ជា​ធូលីដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលីដី​វិញ»។ (លោកុប្បត្តិ ៣:⁠១៩) ដូច្នេះ សេចក្ដី​បង្រៀន​ថា​ព្រលឹង​ជា​អមតៈ គឺ​ឥត​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ។ គឺ​ពិភព​គ្រីស្ទ​សាសនា​ទេ​ដែល​បាន​រើស​យក​ពី​ពួក​អ្នក​មិន​មែន​ជា​គ្រីស្ទាន ដែល​បាន​រស់​នៅ​មុន​ពួក​គេ​នោះ។

៨​. តើ​ព្រះ​គម្ពីរ​បង្ហាញ​ឲ្យ​ឃើញ​ថា លទ្ធិ​ព្រះ​ត្រី​ឯកភាព​នៃ​ពិភព​គ្រីស្ទ​សាសនា​គឺ​ខុស​យ៉ាង​ដូច​ម្ដេច?

៨ លទ្ធិ​ព្រះ​ត្រី​ឯកភាព​នៃ​ពិភព​​គ្រីស្ទ​សាសនា​សម្ដែង​ថា ព្រះ​គឺ​ជា​ព្រះ​អាថ៌កំបាំង​មាន​រូប​បី​អង្គ​រួម​គ្នា​ជា​មួយ​អង្គ។ តែ​សេចក្ដី​បង្រៀន​នេះ​ក៏​អត់​មាន​ក្នុង​ព្រះ​គម្ពីរ​ដែរ។ ជា​ឧទាហរណ៍ នៅ​អេសាយ ៤០:⁠២៥ ព្រះ​មាន​បន្ទូល​ប្រាប់​យ៉ាង​ច្បាស់​ថា⁠៖ «ឯង​រាល់​គ្នា​នឹង​ប្រៀបផ្ទឹម​អញ​ដូច​ជា​អ្នក​ណា ឲ្យ​អញ​បាន​ស្មើ​នឹង​គេ​នោះ»? ចម្លើយ​គឺ​ច្បាស់​ណាស់⁠៖ គ្មាន​អ្នក​ណា​អាច​ស្មើ​នឹង​ព្រះ​បាន​ទេ។ ហើយ​នៅ​ទំនុកដំកើង ៨៣:⁠១៨ ថ្លែង​ថា⁠៖ «ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល»។​—⁠សូម​មើល អេសាយ ៤៥:៥; ៤៦:៩; យ៉ូហាន ៥:⁠១៩; ៦:⁠៣៨; ៧:⁠១៦ ដែរ

៩​. តើ​យើង​អាច​និយាយ​យ៉ាង​ដូច​ម្ដេច អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ​គម្ពីរ និង​នៃ​ពិភព​គ្រីស្ទ​សាសនា?

៩ សេចក្ដី​បង្រៀន​នៃ​ព្រះ​គម្ពីរ អំពី​ព្រះ​និង​គោល​បំណង​ទ្រង់ គឺ​ច្បាស់​លាស់ ស្រួល​យល់ ហើយ​សម​ហេតុ​ផល។ តែ​សេចក្ដី​បង្រៀន​នៃ​ពិភព​គ្រីស្ទ​សាសនា​គឺ​មិន​ដូច្នោះ​ទេ។ អ្វី​ដែល​រឹតតែ​អាក្រក់​ទៅ​ទៀត​នោះ គឺ​ថា​សេចក្ដី​បង្រៀន​របស់​គេ​គឺ​ខុស​ផ្ទុយ​ពី​ព្រះ​គម្ពីរ។

អំពើ​ប្រព្រឹត្ត​ដែល​ប្រឆាំង​នឹង​ព្រះ

១០, ១១​. តើ​តាម​របៀប​ណា​ដែល​សេចក្ដី​បង្រៀន​នៃ​ព្រះ​គម្ពីរ​តម្រូវ​ផ្ទុយ​ពី​អ្វី​ដែល​ពិភព​គ្រីស្ទ​សាសនា​បាន​ធ្វើ​នោះ?

១០ ក្រៅ​ពី​ការ​បង្រៀន​លទ្ធិ​មិន​ពិត ពិភព​គ្រីស្ទ​សាសនា​ក៏​បាន​ក្បត់​ព្រះ​និង​ព្រះ​គម្ពីរ​ដោយ​អំពើ​ប្រព្រឹត្ត​របស់​គេ​ដែរ។ អំពើ​ដែល​ពួក​បព្វជិត​និង​និកាយ​ទាំងឡាយ​បាន​ប្រព្រឹត្ត​ក្នុង​សតវត្ស​កន្លង​ទៅ និង​នៅ​តែ​ប្រព្រឹត្ត​ក្នុង​ជំនាន់​យើង​នេះ គឺ​ខុស​ផ្ទុយ​ពី​អ្វី⁠ៗដែល​ព្រះ​នៃ​ព្រះ​គម្ពីរ​បាន​តម្រូវ ហើយ​ក៏​ខុស​ផ្ទុយ​ពី​អ្វី⁠ៗដែល​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​ជា​អ្នក​បង្កើត​សាសនា​គ្រីស្ទាន បាន​បង្រៀន​និង​អនុវត្ត​ផង។

១១ ជា​ឧទាហរណ៍ ព្រះ​យេស៊ូ​បង្គាប់​ពួក​អ្នក​កាន់​តាម​ទ្រង់ កុំ​ឲ្យ​ចូល​ជ្រៀតជ្រែក​ក្នុង​រឿង​នយោបាយ​លោកីយ៍​នេះ ឬ​ចូល​រួម​ក្នុង​សង្គ្រាម​លោកីយ៍​នេះ​ឡើយ។ ទ្រង់​ក៏​បាន​បង្គាប់​ពួក​គេ​ឲ្យ​ចេះ​ស្រឡាញ់​សន្ដិភាព​វិញ ឲ្យ​គោរព​តាម​ច្បាប់​វិន័យ ឲ្យ​ស្រឡាញ់​ពួក​មនុស្ស​ផង​ទាំង​ពួង ដោយ​មិន​ចេះ​ប្រកាន់​ពូជ​សាសន៍ ហើយ​ទាំង​ឲ្យ​លះបង់​ជីវិត​ខ្លួន ជាជាង​សម្លាប់​ប្រហារ​ជីវិត​មនុស្ស​ឯ​ទៀត។​—⁠យ៉ូហាន ១៥:⁠១៣; កិច្ចការ ១០:​៣៤, ៣៥; យ៉ូហានទី១ ៤:​២០, ២១

១២​. តើ​ព្រះ​យេស៊ូ​មាន​បន្ទូល​ថា​អ្វី​ដែល​នឹង​សម្គាល់​គ្រីស្ទាន​ពិត?

១២ ប្រាកដ​ហើយ ព្រះ​យេស៊ូ​បាន​បង្រៀន​ថា សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​ឯ​ទៀត​គឺ​ជា​សញ្ញា ដែល​សម្គាល់​គ្រីស្ទាន​ពិត​ពី​គ្រីស្ទាន​ក្លែង​ក្លាយ​ដ៏​ជា​អ្នក​បំប្លែង​ខ្លួន។ ទ្រង់​មាន​បន្ទូល​ទៅ​អ្នក​ដែល​នឹង​កាន់​តាម​ទ្រង់​ថា⁠៖ «ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយសារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។​—⁠យ៉ូហាន ១៣:​៣៤, ៣៥; ១៥:⁠១២

១៣, ១៤​. តើ​អ្វី​ទៅ​ដែល​បង្ហាញ​ថា ពិភព​គ្រីស្ទ​សាសនា​មិន​មែន​តំណាង​ព្រះ​នោះ?

១៣ ប៉ុន្តែ រៀង​រាល់​សតវត្ស ពួក​បព្វជិត​នៃ​ពិភព​គ្រីស្ទ​សាសនា​បាន​ចូល​ជ្រៀតជ្រែក​ក្នុង​នយោបាយ ហើយ​បាន​គាំទ្រ​សង្គ្រាម​នៃ​សាសន៍​របស់​ខ្លួន។ ពួក​គេ​ថែម​ទាំង​បាន​គាំទ្រ​ខាង​ដែល​ច្បាំង​ប្រឆាំង​គ្នា​ផង ក្នុង​សង្គ្រាម​ចំណោម​ពិភព​គ្រីស្ទ​សាសនា ដូច​ជា​សង្គ្រាម​លោក​ទាំង​ពីរ​នៃ​សតវត្ស​នេះ។ ក្នុង​សង្គ្រាម​ទាំង​នេះ ពួក​បព្វជិត​នៅ​ម្ខាង⁠ៗខំ​បន់​ឲ្យ​បាន​ជ័យជំនះ។ ដូច្នេះ​ហើយ​បាន​ជា​សមាជិក​សាសនា ពី​ប្រទេស​មួយ​សម្លាប់​សមាជិក​សាសនា​ដូច​គ្នា​ពី​ប្រទេស​មួយ​ទៀត។ ប៉ុន្តែ​នេះ​គឺ​ជា​របៀប​ដែល​ព្រះ​គម្ពីរ​ប្រាប់​ថា​កូន​អារក្ស​សាតាំង​ប្រព្រឹត្ត មិន​មែន​កូន​ព្រះ​ទេ។ (យ៉ូហានទី១ ៣:​១០-១២, ១៥) ដូច្នេះ ថ្វី​បើ​ពួក​បព្វជិត​និង​គ្នីគ្នា​គេ​បាន​អះអាង​ថា ខ្លួន​ជា​គ្រីស្ទាន​ក៏​ដោយ តែ​ពួក​គេ​បាន​ប្រព្រឹត្ត​ខុស​ផ្ទុយ​នឹង​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ​គ្រីស្ទ ដែល​មាន​បន្ទូល​ប្រាប់​អ្នក​កាន់​តាម​ទ្រង់​ឲ្យ ‹ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម›។​—⁠ម៉ាថាយ ២៦:​៥១, ៥២

១៤ អស់​ជា​ច្រើន​សតវត្ស​មក​ហើយ និកាយ​គ្រីស្ទសាសនា​បាន​ចូល​ដៃ​ជា​មួយ​ពួក​អ្នក​កាន់​អំណាច​នយោបាយ​នៃ​ពិភព​គ្រីស្ទ​សាសនា ពេល​ដែល​សាសន៍​ទាំង​នោះ​វាយ​ពង្រាប​សាសន៍​ឯ​ទៀត ចាប់​គេ​យក​ធ្វើ​ជា​ទាសៈ​ទាំង​ចំអក​មើលងាយ កាល​នៅ​សម័យ​ចក្រពត្ដិ​និយម។ ការ​នេះ​បាន​កើត​ឡើង​អស់​ជា​ច្រើន​សតវត្ស​នៅ​ទ្វីប​អាហ្វ្រិក។ ប្រទេស​ចិន​ក៏​ជួបប្រទះ​នឹង​ការ​ជិះជាន់​បែប​នេះ​ដែរ ពេល​ដែល​ពួក​សាសន៍​ពី​បស្ចិម​ប្រទេស​ចូល​តាំង​អំណាច​ដោយ​ប្រើ​កម្លាំង​ឈ្លានពាន ដូច​ក្នុង​កាល​សង្គ្រាម​អាភៀន និង​ការ​បះបោរ​នៃ​កង​ប្រដាល់​ចិន។

១៥​. តើ​អ្វី​ជា​អំពើ​អាក្រក់​យង់ឃ្នង ដែល​ពិភព​គ្រីស្ទ​សាសនា​បាន​ប្រព្រឹត្ត?

១៥ ពិភព​គ្រីស្ទ​សាសនា​ក៏​បាន​ល្បី​លេច​មុខ​ខាង​ធ្វើ​ទុក្ខ​បៀតបៀន ធ្វើ​ទារុណកម្ម ព្រម​ទាំង​សម្លាប់​ពួក​អ្នក​ដែល​មិន​ស្រប​តាម​គេ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សតវត្ស​ក្នុង​ប្រវត្ដិសាស្ត្រ ដែល​គេ​ហៅ​ថា​យុគអន្ធការ​នោះ។ ក្នុង​ជំនាន់​សាលា​ជំនុំ​របស់​សាសនា​កាតូលិក​ពី​ដើម ដែល​មាន​រយៈ​រាប់​រយ​ឆ្នាំ នោះ​គេ​បាន​បើក​អនុញ្ញាត​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់​យង់ឃ្នង ដូច​ជា​ធ្វើ​ទារុណកម្ម​និង​ធ្វើ​ឃាត​ដល់​មនុស្ស​ត្រឹម​ត្រូវ​ដ៏​គ្មាន​ទោស​កំហុស។ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​គឺ​ជា​ពួក​បព្វជិត​និង​ពួក​អ្នក​កាន់​តាម​គេ ដែល​សុទ្ធតែ​អះអាង​ថា​ខ្លួន​ជា​គ្រីស្ទាន។ ពួក​គេ​បាន​ទាំង​ខំ​រក​បំផ្លាញ​ព្រះ​គម្ពីរ​ចោល​ទៀត​ផង ដើម្បី​កុំ​ឲ្យ​មនុស្ស​សាមញ្ញ​អាន​ព្រះ​គម្ពីរ​បាន។

មិន​មែន​គ្រីស្ទាន

១៦, ១៧​. ហេតុ​អ្វី​បាន​ជា​យើង​អាច​និយាយ​ថា ពិភព​គ្រីស្ទ​សាសនា​មិន​មែន​ជា​គ្រីស្ទាន​នោះ​ទេ?

១៦ ជាតិ​សាសន៍​និង​និកាយ​ទាំង​ប៉ុន្មាន​របស់​ពិភព​គ្រីស្ទ​សាសនា គឺ​មិន​មែន​ជា​គ្រីស្ទាន​ទេ តាំង​ពីដើម​មក​ដល់​ឥឡូវ​នេះ ហើយ​ក៏​មិន​មែន​ជា​អ្នក​បំរើ​ព្រះ​ដែរ។ បន្ទូល​ពី​ព្រះ​ប្រាប់​អំពី​ពួក​គេ​ថា⁠៖ «គេ​ប្រកាន់​ថា គេ​ស្គាល់​ព្រះ តែ​កិរិយា​ប្រយោជន៍​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ ដ្បិត​គេ​ជា​មនុស្ស​គួរ​ខ្ពើម ហើយ​រឹង​ចចេស គឺ​ជា​មនុស្ស​ឥត​មាន​ប្រយោជន៍​អ្វី​ដល់​ការ​ល្អ​ទាំង​អស់»។​—⁠ទីតុស ១:⁠១៦

១៧ ព្រះ​យេស៊ូ​មាន​បន្ទូល​ថា សាសនា​ក្លែងក្លាយ គឺ​អាច​សម្គាល់​បាន​ដោយសារ​ផល​ដែល​គេ​បង្កើត។ ទ្រង់​មាន​បន្ទូល​ថា⁠៖ «ចូរ​ប្រយ័ត​នឹង​ពួក​គ្រូ​ក្លែង​ក្លាយ ដែល​គេ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ពាក់​រោម​ចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ ជា​ឆ្កែ​ចចក​ដែល​ឆ្មក់​ស៊ី​វិញ អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត . . . អស់​ទាំង​ដើម​ឈើ​ល្អ តែង​មាន​ផ្លែ​ល្អ ឯ​ដើម​អាក្រក់ ក៏​តែង​មាន​ផ្លែ​អាក្រក់​ដែរ ធម្មតា​ដើម​ឈើ​ល្អ មិន​ដែល​បញ្ចេញ​ផល​អាក្រក់​បាន​ទេ ហើយ​ដើម​ដែល​អាក្រក់ ក៏​ពុំ​អាច​នឹង​បញ្ចេញ​ផល​ល្អ​បាន​ដែរ អស់​ទាំង​ដើម​ឈើ​ណា ដែល​មិន​កើត​ផលផ្លែ​ល្អ នោះ​ត្រូវ​តែ​កាប់​បោះ​ចោល​ទៅ​ក្នុង​ភ្លើង​ចេញ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ស្គាល់[ពួក​គ្រូ​ក្លែង​ក្លាយ]បាន គឺ​ដោយសារ​ផល​គេ​បង្កើត»។​—⁠ម៉ាថាយ ៧:​១៥-២០

១៨​. តើ​អ្វី​បាន​កើត​ឡើង​ដោយសារ​សេចក្ដី​បង្រៀន​និង​អំពើ​ប្រព្រឹត្ត​របស់​ពិភព​គ្រីស្ទ​សាសនា?

១៨ ដូច្នេះ ដោយសារ​អ្វី​ដែល​គេ​បាន​បង្រៀន និង​អ្វី​ដែល​គេ​បាន​ប្រព្រឹត្ត និកាយ​នៃ​ពិភព​គ្រីស្ទ​សាសនា​បាន​សម្ដែង​ឲ្យ​ឃើញ​ថា គេ​បាន​កុហក​ភូតភរ​ទៅ​វិញ ពេល​គេ​អះអាង​ថា​គេ​ជឿ​ព្រះ​គម្ពីរ កោត​ខ្លាច​ដល់​ព្រះ ហើយ​ថា​ខ្លួន​ជា​គ្រីស្ទាន​នោះ។ ពួក​គេ​បាន​ក្បត់​ព្រះ​និង​ព្រះ​គម្ពីរ។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​នាក់​មាន​ការ​ស្អប់​ខ្ពើម ទាំង​បែរ​ចេញ​លែង​ជឿ​ថា​មាន​ព្រះ​អាទិទេព​មួយ​អង្គ​ទៀត​ផង។

១៩​. ព្រោះ​តែ​ពិភព​គ្រីស្ទ​សាសនា​មិន​បាន​សម្រេច​ជោគជ័យ តើ​នេះ​មាន​ន័យ​ថា​ព្រះ​និង​ព្រះ​គម្ពីរ​មិន​បាន​សម្រេច​ជោគជ័យ​ដែរ​ឬ?

១៩ ប៉ុន្តែ ព្រោះ​តែ​បព្វជិត​និង​ពិភព​គ្រីស្ទ​សាសនា ព្រម​ទាំង​សាសនា​ឯ​ទៀត​នៅ​ក្រៅ​ពិភព​គ្រីស្ទ​សាសនា មិន​បាន​សម្រេច​ជោគជ័យ នោះ​មិន​មែន​មាន​ន័យ​ថា​ព្រះ​គម្ពីរ​មិន​បាន​សម្រេច​ជោគជ័យ​នោះ​ទេ ហើយ​នេះ​ក៏​មិន​មែន​បាន​សេចក្ដី​ថា ព្រះ​មិន​បាន​សម្រេច​ជោគជ័យ​ដែរ។ ផ្ទុយ​ទៅ​វិញ ព្រះ​គម្ពីរ​ប្រាប់​យើង​អំពី​ព្រះ​អាទិទេព​មួយ​អង្គ ដែល​គង់​នៅ ដែល​ខ្វល់ខ្វាយ​ចំពោះ​យើង​ព្រម​ទាំង​អនាគត​របស់​យើង​ផង។ ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​មនុស្ស​ចិត្ត​ស្មោះ​ត្រង់ ដែល​ចង់​ធ្វើ​អំពើ​ល្អ​ត្រឹម​ត្រូវ ដែល​ចង់​ឲ្យ​មាន​យុត្ដិធម៌​និង​សន្ដិភាព​ពាស​ពេញ​លើ​ផែនដី។ ព្រះ​គម្ពីរ​ក៏​បង្ហាញ​នូវ​មូលហេតុ​ដែល​ព្រះ​បាន​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​និង​ការ​ឈឺ​ចាប់ ហើយ​នូវ​របៀប​ដែល​ទ្រង់​នឹង​កាត់​ពួក​អ្នក​ធ្វើ​ទុក្ខ​ដល់​មនុស្ស​គ្នីគ្នា​ឯ​ទៀត​ចោលចេញ​ពី​ផែនដី ព្រម​ទាំង​ពួក​អ្នក​ដែល​អះអាង​តែ​មាត់ ថា​ជា​អ្នក​បំរើ​ទ្រង់​នោះ។

[រូបភាព​នៅ​ទំព័រ​១៧]

គំនូរ«ស្ថាន​នរក»របស់​ដានថេ

[អ្នក​ផ្ដល់​សិទ្ធិ]

Doré’s illustration of Barrators​—⁠Giampolo for Dante’s Divine Comedy

[រូបភាព​នៅ​ទំព័រ​១៧]

ព្រះ​ត្រី​ឯកភាព​នៃ​ពិភព​គ្រីស្ទ​សាសនា

[រូបភាព​នៅ​ទំព័រ​១៧]

ព្រះ​ត្រី​ឯកភាព​នៃ​ហិណ្ឌូ

[អ្នក​ផ្ដល់​សិទ្ធិ]

Courtesy of The British Museum

[រូបភាព​នៅ​ទំព័រ​១៧]

ព្រះ​ត្រី​ឯកភាព​នៃ​អេស៊ីប

[អ្នក​ផ្ដល់​សិទ្ធិ]

Museo Egizio, Turin

[រូបភាព​នៅ​ទំព័រ​១៨]

ផ្ទុយ​ពី​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ ពួក​បព្វជិត​ទាំង​សង​ខាង​បាន​គាំទ្រ​សង្គ្រាម

[អ្នក​ផ្ដល់​សិទ្ធិ]

U.S. Army photo

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក