មេរៀនទី៩
អ្នកបំរើព្រះត្រូវតែស្អាតស្អំ
ហេតុអ្វីយើងត្រូវតែស្អាតស្អំក្នុងគ្រប់ប្រការ? (១)
តើស្អាតស្អំខាងវិញ្ញាណមានន័យយ៉ាងណា? (២)
ចុះឯស្អាតស្អំខាងសីលធម៌? (៣) ស្អាតស្អំខាងចិត្ត? (៤) ស្អាតស្អំខាងរូបកាយ? (៥)
តើពាក្យសំដីអាក្រក់បែបណាខ្លះដែលយើងគួរជៀសវាង? (៦)
១. ព្រះយេហូវ៉ាទ្រង់គឺស្អាតស្អំហើយបរិសុទ្ធ។ ទ្រង់តម្រូវឲ្យអ្នកថ្វាយបង្គំទ្រង់រមែងនៅស្អាតស្អំ—ខាងវិញ្ញាណ ខាងសីលធម៌ ខាងចិត្ត និងខាងរូបកាយ។ (ពេត្រុសទី១ ១:១៦) ការនៅស្អាតស្អំចំពោះព្រះនេត្រព្រះគឺជាការពិបាកក្រៃលែង។ យើងរស់នៅក្នុងពិភពលោកដ៏មិនស្អាតស្អំ។ យើងក៏មានការតយុទ្ធនឹងខ្លួនរបស់យើងដែលទោរទន់ទៅរកតែការធ្វើខុស។ ប៉ុន្តែ យើងមិនត្រូវចុះចាញ់ឡើយ។
២. សេចក្ដីស្អាតស្អំខាងវិញ្ញាណ៖ បើយើងចង់បំរើព្រះយេហូវ៉ា នោះយើងមិនអាចកាន់ជាប់នឹងសេចក្ដីបង្រៀនឬទំនៀមទម្លាប់ណាមួយរបស់សាសនាក្លែងក្លាយតទៅទៀតបានឡើយ។ យើងត្រូវតែចាកចេញពីសាសនាក្លែងក្លាយ ហើយមិនត្រូវគាំទ្រសាសនានេះក្នុងរបៀបណាឲ្យសោះ។ (កូរិនថូសទី២ ៦:១៤-១៨; វិវរណៈ ១៨:៤) កាលណាយើងបានរៀនសេចក្ដីពិតអំពីព្រះហើយ យើងត្រូវតែប្រយ័ត្នកុំឲ្យខ្លួនយើងត្រូវវង្វេងដោយមនុស្សដែលបង្រៀនសេចក្ដីមិនពិត។—យ៉ូហានទី២ ១០, ១១
៣. សេចក្ដីស្អាតស្អំខាងសីលធម៌៖ ព្រះយេហូវ៉ាទ្រង់ចង់ឲ្យអ្នកថ្វាយបង្គំទ្រង់មានចរិយាមារយាទជាគ្រីស្ទានពិតនៅគ្រប់ពេលវេលា។ (ពេត្រុសទី១ ២:១២) ទ្រង់ទតឃើញគ្រប់អ្វីៗទាំងអស់ដែលយើងធ្វើ សូម្បីធ្វើដោយសម្ងាត់ក៏ដោយ។ (ហេព្រើរ ៤:១៣) យើងត្រូវតែជៀសវាងអំពើឥតសីលធម៌ខាងការរួមដំណេក និងការប្រព្រឹត្តដ៏ស្មោកគ្រោកឯទៀតនៃលោកីយ៍នេះ។—កូរិនថូសទី១ ៦:៩-១១
៤. សេចក្ដីស្អាតស្អំខាងចិត្ត៖ បើយើងបញ្ចូលក្នុងចិត្តរបស់យើងនូវគំនិតស្អាតស្អំ បរិសុទ្ធ នោះអាកប្បកិរិយារបស់យើងក៏ជាស្អាតស្អំដែរ។ (ភីលីព ៤:៨) ប៉ុន្តែ បើយើងរំពឹងគិតតែរបស់ស្មោកគ្រោក នេះនឹងនាំឲ្យកើតមានអំពើអាក្រក់ហើយ។ (ម៉ាថាយ ១៥:១៨-២០) យើងគួរតែជៀសវាងការកំសាន្តបែបយ៉ាងណាដែលអាចនាំឲ្យសេចក្ដីស្មោកគ្រោកបង្ខូចដល់ចិត្តយើង។ យើងអាចបញ្ចូលទៅក្នុងចិត្តយើងនូវគំនិតស្អាតស្អំ ដោយសិក្សាបន្ទូលរបស់ព្រះ។
៥. សេចក្ដីស្អាតស្អំខាងរូបកាយ៖ ពីព្រោះពួកគេជាអ្នកតំណាងព្រះ ពួកគ្រីស្ទានគួរតែរក្សាខ្លួនប្រាណនិងសំលៀកបំពាក់គេឲ្យបានស្អាតបាត។ យើងគួរតែលាងដៃក្រោយពេលប្រើបង្គន់ ហើយគួរលាងដៃមុនពេលបរិភោគឬកាន់ចំណីអាហារផង។ បើអ្នកឥតមានបង្គន់ត្រឹមត្រូវទេ នោះលាមកគួរតែយកទៅកប់ចោល។ (ចោទិយកថា ២៣:១២, ១៣) ការរក្សារូបកាយឲ្យបានស្អាតនឹងជួយឲ្យមានសុខភាពល្អ។ ផ្ទះសម្បែងរបស់គ្រីស្ទានគួរតែរៀបរយស្អាតបាតទាំងក្នុងទាំងក្រៅ គឺគួរតែលេចផុសឡើងជាឧទាហរណ៍ដ៏ល្អមួយក្នុងសហគមន៍។
៦. ពាក្យសំដីស្អាតស្អំ៖ អ្នកបំរើព្រះត្រូវតែនិយាយសេចក្ដីពិតជានិច្ច។ មនុស្សភូតភរនឹងមិនចូលទៅក្នុងព្រះរាជាណាចក្រនៃព្រះឡើយ។ (អេភេសូរ ៤:២៥; វិវរណៈ ២១:៨) ពួកគ្រីស្ទានមិនត្រូវប្រើពាក្យអាក្រក់ទេ។ ពួកគេមិននិយាយប្រាប់ឬស្ដាប់ដល់រឿងលេងសើចដ៏អាសអាភាសឬរឿងស្មោកគ្រោកឡើយ។ ពួកគេមានសភាពខុសប្លែកពីអ្នកឯទៀតនៅកន្លែងធ្វើការឬនៅឯសាលារៀន ហើយនិងនៅក្នុងសង្កាត់រស់នៅ ដោយព្រោះពាក្យសំដីស្អាតស្អំរបស់គេ។—អេភេសូរ ៤:២៩, ៣១; ៥:៣
[រូបភាពនៅទំព័រ១៨, ១៩]
អ្នកបំរើព្រះត្រូវតែស្អាតស្អំក្នុងគ្រប់ប្រការ