មេរៀនទី១៦
ការសម្រេចចិត្តរបស់អ្នកដើម្បីបំរើព្រះ
តើអ្នកត្រូវតែធ្វើយ៉ាងណាខ្លះ ដើម្បីឲ្យបានក្លាយជាមិត្តនៃព្រះ? (១, ២)
តើអ្នកឧទ្ទិសថ្វាយខ្លួនរបស់អ្នកដល់ព្រះយ៉ាងដូចម្ដេច? (១)
តើអ្នកគួរធ្វើបុណ្យជ្រមុជទឹកនៅពេលណា? (២)
តើអ្នកអាចទទួលកម្លាំងយ៉ាងដូចម្ដេច ដើម្បីជួយអ្នកឲ្យនៅស្មោះត្រង់ចំពោះព្រះជានិច្ច? (៣)
១. ដើម្បីក្លាយជាមិត្តនៃព្រះ អ្នកត្រូវតែទទួលចំណេះត្រឹមត្រូវអំពីសេចក្ដីពិតខាងព្រះគម្ពីរ (ធីម៉ូថេទី១ ២:៣, ៤) មានជំនឿលើអ្វីដែលអ្នកបានរៀន (ហេព្រើរ ១១:៦) ប្រែចិត្តពីបាបរបស់អ្នក (កិច្ចការ ១៧:៣០, ៣១) ហើយកែប្រែជីវិតរបស់អ្នកជាថ្មីឡើងវិញ (កិច្ចការ ៣:១៩) បន្ទាប់មក សេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះនឹងជំរុញឲ្យអ្នកឧទ្ទិសថ្វាយខ្លួនដល់ទ្រង់។ នេះមានសេចក្ដីថា ក្នុងសេចក្ដីអធិស្ឋានផ្ទាល់ខ្លួនដល់ព្រះ អ្នកទូលប្រាប់ទ្រង់ ថាអ្នកប្រគល់ខ្លួនដល់ទ្រង់ដើម្បីធ្វើតាមព្រះហឫទ័យនៃទ្រង់។—ម៉ាថាយ ១៦:២៤; ២២:៣៧
២. ក្រោយពេលអ្នកបានឧទ្ទិសថ្វាយខ្លួនដល់ព្រះហើយ នោះអ្នកគួរតែធ្វើបុណ្យជ្រមុជទឹក។ (ម៉ាថាយ ២៨:១៩, ២០) ពិធីបុណ្យជ្រមុជទឹកគឺបង្ហាញឲ្យមនុស្សរាល់គ្នាដឹង ថាអ្នកបានឧទ្ទិសថ្វាយខ្លួនដល់ព្រះយេហូវ៉ា។ ដូច្នេះ ពិធីបុណ្យជ្រមុជទឹកគឺសំរាប់តែពួកអ្នកដែលពេញវ័យគ្រប់គ្រាន់នឹងសម្រេចចិត្តបំរើព្រះ។ ពេលបុគ្គលម្នាក់ទទួលបុណ្យជ្រមុជទឹក នោះរូបកាយទាំងមូលរបស់គាត់គួរត្រូវពន្លិចទៅក្នុងទឹកមួយភ្លែត។a—ម៉ាកុស ១:៩, ១០; កិច្ចការ ៨:៣៦
៣. ក្រោយពេលអ្នកបានឧទ្ទិសថ្វាយខ្លួនហើយ នោះព្រះយេហូវ៉ាទ្រង់នឹងតម្រូវឲ្យអ្នកធ្វើតាមសេចក្ដីសន្យារបស់អ្នក។ (ទំនុកដំកើង ៥០:១៤; សាស្ដា ៥:៤, ៥) អារក្សនឹងខំរកឃាត់ឃាំងមិនឲ្យអ្នកបំរើព្រះយេហូវ៉ា។ (ពេត្រុសទី១ ៥:៨) ប៉ុន្តែសូមចូលទៅជិតព្រះដោយសេចក្ដីអធិស្ឋាន។ (ភីលីព ៤:៦, ៧) សូមសិក្សាបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ។ (ទំនុកដំកើង ១:១-៣) សូមនៅជិតស្និទ្ធនឹងក្រុមជំនុំផង។ (ហេព្រើរ ១៣:១៧) ដោយធ្វើរបស់ទាំងនេះ អ្នកនឹងទទួលកម្លាំងឲ្យនៅស្មោះត្រង់ចំពោះព្រះជានិច្ច។ ត្រូវហើយ ដោយហេតុដូច្នេះអ្នកនឹងអាចធ្វើតាមសេចក្ដីដែលព្រះតម្រូវពីអ្នករហូតដល់អស់កល្បជានិច្ច!
[កំណត់សម្គាល់]
a ការសិក្សាសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ឬសៀវភៅស្រដៀងគ្នាឯទៀត ដែលបោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា គឺជាការប្រសើរដើម្បីរៀបចំខ្លួនសំរាប់ពិធីបុណ្យជ្រមុជទឹក។