បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wt ជំ. ៥ ទំ. ៤១-៤៩
  • សេរីភាពដែលពួកអ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ាមាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេរីភាពដែលពួកអ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ាមាន
  • ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • កន្លែង​ដែល​អ្នក​អាច​រក​ឃើញ​សេរីភាព
  • មនុស្ស​ខ្លះ​ចង់​បាន​សេរីភាព​បែប​ផ្សេង
  • ដើម​ហេតុ​នៃ​បញ្ហា
  • របៀបមានសេរីភាពដ៏ពិតប្រាកដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចូរបម្រើព្រះយេហូវ៉ាដែលជាព្រះនៃសេរីភាព
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
  • ចូរឲ្យព្រះយេហូវ៉ាដឹកនាំអ្នកទៅកាន់សេរីភាពពិតប្រាកដ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • ប្អូនៗវ័យក្មេង អ្នកបង្កើតរបស់ប្អូនចង់ឲ្យប្អូនសប្បាយរីករាយ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៨
ចូរថ្វាយបង្គំព្រះពិតតែមួយ
wt ជំ. ៥ ទំ. ៤១-៤៩

ជំពូក​ទី​ប្រាំ

សេរីភាព​ដែល​ពួក​អ្នក​ថ្វាយ​បង្គំ​របស់​ព្រះ​យេហូវ៉ា​មាន

១, ២​. (ក) តើ​ព្រះ​បាន​ប្រទាន​សេរីភាព​បែប​ណា​ដល់​មនុស្ស​មួយ​គូ​ដំបូង? (ខ) ចូរ​រៀប​រាប់​នូវ​ច្បាប់​ខ្លះ⁠ៗ ដែល​បាន​ដឹក​នាំ​នូវ​កិច្ចការ​ដែល​អ័ដាម​និង​អេវ៉ា​ធ្វើ​នោះ។

ពេល​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​បុរស​និង​ស្ត្រី​ដំបូង ពួក​គាត់​មាន​សេរីភាព​លើស​ជាង​សេរីភាព​ដែល​មនុស្ស​លោក​សព្វ​ថ្ងៃ​នេះ​មាន​ទៅ​ទៀត។ ពួក​គាត់​មាន​ទីលំនៅ​ជា​សួន​មនោរម្យ ដែល​ជា​សួនច្បារ​អេដែន​ដ៏​ល្អ​ស្អាត។ ដោយសារ​ពួក​គាត់​មាន​គំនិត​និង​រាង​កាយ​ដ៏​គ្រប់​ល័ក្ខណ៍ នោះ​គឺ​គ្មាន​ជំងឺ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ពុំ​គាប់​ចិត្ត​នឹង​ជីវិត​ឡើយ។ ពួក​គាត់​មិន​មាន​សេចក្ដី​ស្លាប់ ដូច​ជា​មនុស្ស​គ្រប់​គ្នា​មាន​នោះ​ទេ។ ពួក​គាត់​មិន​មែន​ជា​មនុស្ស​យន្ត​នោះ​ឡើយ ប៉ុន្តែ​ពួក​គាត់​មាន​អំណោយ​ទាន​ដ៏​អស្ចារ្យ គឺ​ជា​ចិត្ត​សេរី ដែល​ជា​សមត្ថភាព​ចេះ​សម្រេច​ចិត្ត​ខ្លួន​ឯង។ ប៉ុន្តែ ពួក​គាត់​ត្រូវ​គោរព​តាម​ច្បាប់​របស់​ព្រះ⁠ ⁠បើ​ពួក​គាត់​ចង់​បន្ត​មាន​សេរីភាព​ដ៏​អស្ចារ្យ​បែប​នេះ។

២ ជា​ឧទាហរណ៍ ចូរ​ពិនិត្យ​មើល​នូវ​ច្បាប់​ធម្មជាតិ​ដែល​ព្រះ​បាន​តាំង​ឡើង។ ប្រាកដ​ហើយ ទោះ​ជា​ច្បាប់​ធម្មជាតិ​ទាំង​នេះ​មិន​បាន​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​យ៉ាង​ចំ⁠ៗក៏​ដោយ ប៉ុន្តែ​អ័ដាម​និង​អេវ៉ា​បាន​ត្រូវ​បង្កើត​មក ឲ្យ​ត្រូវ​ស្ដាប់​បង្គាប់​តាម​ច្បាប់​ធម្មជាតិ​ទាំង​នោះ។ ចំណង់​ដែល​ចង់​បរិភោគ​អាហារ ឲ្យ​សញ្ញា​ថា​ពួក​គាត់​ត្រូវ​បរិភោគ។ ការ​ស្រេក​ទឹក ឲ្យ​សញ្ញា​ថា​ពួក​គាត់​ត្រូវ​ពិសា​ទឹក។ ពេល​ថ្ងៃ​លិច​ទៅ ក៏​ឲ្យ​សញ្ញា​ថា​ពួក​គាត់​ត្រូវ​ចូល​សម្រាន្ត​ដែរ។ ព្រះ​យេហូវ៉ា​ក៏​ប្រទាន​ដល់​ពួក​គាត់​នូវ​កិច្ចការ​ធ្វើ​ដែរ។ តាម​ពិត កិច្ចការ​នោះ​គឺ​ដូច​ជា​ច្បាប់​មួយ​ដែរ ពីព្រោះ​កិច្ចការ​នោះ​នឹង​ដឹក​នាំ​ការ​ប្រព្រឹត្ត​របស់​ពួក​គាត់។ ពួក​គាត់​ត្រូវ​បង្កើត​កូន មាន​អំណាច​លើ​សត្វ​គ្រប់​ពូជ​នៅ​លើ​ផែនដី និង​បង្កើន​ទំហំ​សួន​មនោរម្យ​រហូត​ដល់​មាន​ពេញ​ផែនដី​ទាំង​មូល។ (លោកុប្បត្តិ ១:​⁠២៨; ២:​⁠១៥) នេះ​គឺ​ជា​ច្បាប់​មួយ​ដែល​ផ្ដល់​ប្រយោជន៍​ថែម​ទាំង​គាប់​ចិត្ត​ទៀត​ផង! ច្បាប់​ធម្មជាតិ​ទាំង​នោះ​ផ្ដល់​ឲ្យ​ពួក​គាត់​នូវ​កិច្ចការ​ដែល​នាំ​ឲ្យ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ទាំង​ជួយ​ពួក​គាត់​ឲ្យ​ប្រើ​ញាណសតិ​បាន​យ៉ាង​ពេញលេញ​តាម​របៀប​ដែល​មាន​ប្រយោជន៍​នោះ។ ពួក​គាត់​ក៏​មាន​សេរីភាព​ជា​ច្រើន​ចំពោះ​ការ​សម្រេច​ចិត្ត ដើម្បី​បំពេញ​កិច្ចការ​របស់​ពួក​គាត់​ផង​ដែរ។ បើ​ព្រះ​យេហូវ៉ា​បាន​បំពេញ​នូវ​តម្រូវ​ការ​ទាំង​ប៉ុន្មាន​របស់​ពួក​គាត់​ហើយ តើ​ពួក​គាត់​ត្រូវ​ការ​អ្វី​ទៀត​ទៅ?

៣​. តើ​អ័ដាម​និង​អេវ៉ា​អាច​រៀន​ប្រើ​ដោយ​ប្រាជ្ញា​នូវ​សេរីភាព​របស់​ពួក​គាត់ ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ដូច​ម្ដេច?

៣ មែន​ហើយ ព្រះ​ប្រទាន​ដល់​អ័ដាម​និង​អេវ៉ា​នូវ​ឱកាស​ធ្វើ​ការ​សម្រេច​ចិត្ត តែ​នេះ​មិន​បាន​សេចក្ដី​ថា ការ​សម្រេច​ចិត្ត​ទាំង​អស់​របស់​ពួក​គាត់ នឹង​នាំ​ឲ្យ​មាន​ផល​ល្អ​នោះ​ទេ។ ពួក​គាត់​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្ត តែ​ត្រូវ​ធ្វើ​ឡើង​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ច្បាប់​និង​គោលការណ៍​របស់​ព្រះ។ តើ​ពួក​គាត់​អាច​រៀន​ច្បាប់​និង​គោលការណ៍​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច​បាន? ពួក​គាត់​ត្រូវ​ស្ដាប់​ព្រះ​ដែល​ជា​អ្នក​បង្កើត និង​សង្កេត​មើល​ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កិច្ចការ​របស់​ទ្រង់​ផង​ដែរ។ ព្រះ​បាន​ប្រទាន​ដល់​អ័ដាម​និង​អេវ៉ា​នូវ​សតិ​បញ្ញា ដែល​ពួក​គាត់​ត្រូវ​ការ​ចាំបាច់​ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​ពួក​គាត់​បាន​រៀន។ ពីព្រោះ​ព្រះ​បាន​បង្កើត​ពួក​គាត់​ជា​មនុស្ស​គ្រប់​ល័ក្ខណ៍ នោះ​ពួក​គាត់​មាន​ចិត្ត​រេ​ទៅ​រក​ការ​សម្ដែង​នូវ​គុណសម្បត្ដិ​របស់​ព្រះ ពេល​ពួក​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត។ ប្រាកដ​ហើយ ពួក​គាត់​នឹង​ប្រុង​ប្រៀប​សម្ដែង​នូវ​គុណសម្បត្ដិ​របស់​ព្រះ ពេល​ពួក​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត បើ​ពួក​គាត់​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ដើម្បី​ពួក​គាត់ ហើយ​បើ​ពួក​គាត់​ចង់​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ទ្រង់។​—⁠លោកុប្បត្តិ ១:​២៦, ២៧; យ៉ូហាន ៨:⁠២៩

៤​. (ក) តើ​សេចក្ដី​បង្គាប់​ដែល​ហាម​អ័ដាម​និង​អេវ៉ា​ពី​ការ​បរិភោគ​ផ្លែ​ពីដើម​មួយ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​ឬ​ទេ? (ខ) ហេតុ​អ្វី​ក៏​នេះ​ជា​សេចក្ដី​តម្រូវ​ដ៏​សម​ហេតុ​សម​ផល?

៤ ដូច្នេះ ដោយ​ត្រឹម​ត្រូវ ព្រះ​បាន​សម្រេច​ព្រះទ័យ​សាកល្បង​នូវ​ភក្ដីភាព​របស់​ពួក​គាត់​ចំពោះ​ទ្រង់ ក្នុង​នាម​ជា​ព្រះ​អង្គ​ដែល​បាន​ប្រទាន​ជីវិត​ចំពោះ​ពួក​គាត់ ហើយ​ថែមទាំង​បាន​សាកល្បង​ថា តើ​ពួក​គាត់​សុខ​ចិត្ត​បន្ត​រស់​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ច្បាប់​ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ទេ។ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ដល់​អ័ដាម​នូវ​សេចក្ដី​បង្គាប់​នេះ​ថា⁠៖ «ឯង​នឹង​ស៊ី​ផ្លែ​ឈើ​ទាំង​អស់​ក្នុង​សួនច្បារ​នេះ​បាន​តាម​ចិត្ត តែ​ឯ​ត្រង់​ដើម​ដឹង​ខុសត្រូវ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ស៊ី​ផល​ឡើយ ដ្បិត​នៅ​ថ្ងៃ​ណា​ដែល​ឯង​ស៊ី នោះ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន»។ (លោកុប្បត្តិ ២:​១៦, ១៧) ពេល​អេវ៉ា​បាន​ត្រូវ​បង្កើត​មក នាង​ក៏​បាន​ត្រូវ​ប្រាប់​ឲ្យ​ដឹង​អំពី​ច្បាប់​នេះ​ដែរ។ (លោកុប្បត្តិ ៣:​២, ៣) តើ​ការ​ដាក់​កំរិត​នេះ​បាន​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​ឬ​ទេ? ប្រាកដ​ជា​មិន​ដូច្នេះ​ទេ!។ ទោះ​ជា​ពួក​គាត់​មិន​បរិភោគ​ពី​ផ្លែ​នៃ​ដើម​មួយ​នោះ​ក៏​ដោយ តែ​ពួក​គាត់​នៅ​តែ​មាន​ម្ហូបអាហារ​បរិភោគ​គួរ​ជា​ទី​ពេញ​ចិត្ត​គ្រប់​ប្រភេទ។ (លោកុប្បត្តិ ២:​៨, ៩) គឺ​ជា​ការ​សម​ហេតុ​ផល​ដែល​ពួក​គាត់​គួរ​តែ​ទទួល​ស្គាល់​ថា ផែនដី​នេះ​ជា​របស់​ផង​ព្រះ ពីព្រោះ​ទ្រង់​ជា​អ្នក​បង្កើត។ ដូច្នេះ ទ្រង់​មាន​សិទ្ធិ​បង្កើត​ច្បាប់​ដែល​សម​តាម​គោល​បំណង​របស់​ទ្រង់ ហើយ​ដែល​មាន​ប្រយោជន៍​ចំពោះ​មនុស្ស​លោក។​—⁠ទំនុកដំកើង ២៤:​១, ១០

៥​. (ក) តើ​តាម​របៀប​ណា​ដែល​អ័ដាម​និង​អេវ៉ា​បាន​បាត់បង់​នូវ​សេរីភាព​ដ៏​វិសេស​វិសាល​របស់​ពួក​គាត់? (ខ) តើ​អ្វី​ដែល​បាន​ចូល​មក​ជំនួស​សេរីភាព​របស់​អ័ដាម​និង​អេវ៉ា? ហើយ​តើ​នេះ​មាន​អានុភាព​លើ​យើង​យ៉ាង​ដូច​ម្ដេច?

៥ ប៉ុន្តែ តើ​មាន​អ្វី​កើត​ឡើង? ទេវតា​មួយ​រូប​ដែល​បាន​ត្រូវ​ជំរុញ​ដោយ​មហិច្ឆតា បាន​ប្រើ​សេរីភាព​តាម​របៀប​ឥត​ត្រឹម​ត្រូវ ហើយ​ក៏​ក្លាយ​ជា​សាតាំង ដែល​មាន​ន័យ​ថា «អ្នក​ប្រឆាំង»។ វា​បាន​ល្បួង​អេវ៉ា​ដោយ​ធានា​រ៉ាប់​រង​ដល់​នាង​នូវ​អ្វី​ដែល​ផ្ទុយ​នឹងបំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ (លោកុប្បត្តិ ៣:​៤, ៥) អ័ដាម​ក៏​បាន​ចូល​រួម​ជា​មួយ​នឹង​អេវ៉ា​ក្នុង​ការ​បំពាន​លើ​ច្បាប់​របស់​ព្រះ​ផង​ដែរ។ ពួក​គាត់​បាន​បាត់បង់​នូវ​សេរីភាព​ដ៏​វិសេស​វិសាល​របស់​ខ្លួន ពីព្រោះ​ពួក​គាត់​បាន​យក​អ្វី​ដែល​មិន​មែន​ជា​របស់​ផង​ខ្លួន។ អំពើ​បាប​បាន​ក្លាយ​ជា​ម្ចាស់​នៃ​ពួក​គាត់ ហើយ​នៅ​ទី​ចុង​បំផុត ពួក​គាត់​ក៏​ទទួល​សេចក្ដី​ស្លាប់​ដូច​ព្រះ​បាន​ព្រមាន​រួច​មក​ហើយ។ កូន​ចៅ​របស់​អ័ដាម​និង​អេវ៉ា​បាន​ទទួល​នូវ​មរតក​ពី​ពួក​គាត់​ដែល​ជា​អំពើ​បាប ដែល​ឃើញ​ជាក់​ស្តែង​ដោយសារ​កូន​ចៅ​ទាំង​នោះ​មាន​ទំនោរ​ចិត្ត​រេ​ទៅ​រក​អំពើ​ខុស​ទំនង​ពី​កំណើត។ អំពើ​បាប​ក៏​នាំ​ឲ្យ​មាន​ភាព​ទន់ខ្សោយ ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ ភាព​ចាស់​ជរា​និង​សេចក្ដី​ស្លាប់​ជា​លទ្ធផល។ ទំនោរ​ចិត្ត​រេ​ទៅ​រក​អំពើ​ខុស​ទំនង ដែល​បាន​បង្ក​រឹតតែ​ខ្លាំង​ឡើង​ដោយ​អានុភាព​របស់​សាតាំង ក៏​បាន​បង្កើត​នូវ​សង្គម​មនុស្ស​មួយ​ដែល​មាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្អប់ ឧក្រិដ្ឋកម្ម ការ​ជិះជាន់ និង​សង្គ្រាម​ដែល​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់។ នេះ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​សេរីភាព​ដែល​ព្រះ​បាន​ប្រទាន​ដល់​មនុស្ស​នៅ​ដើម​ដំបូង​មែន!​—⁠ចោទិយកថា ៣២:​៤, ៥; យ៉ូប ១៤:​១, ២; រ៉ូម ៥:⁠១២; វិវរណៈ ១២:៩

កន្លែង​ដែល​អ្នក​អាច​រក​ឃើញ​សេរីភាព

៦​. (ក) តើ​សេរីភាព​ពិត​ប្រាកដ​អាច​រក​ឃើញ​នៅ​កន្លែង​ណា? (ខ) តើ​សេរីភាព​បែប​ណា​ដែល​ព្រះ​យេស៊ូ​បាន​ពិគ្រោះ​នោះ?

៦ ដោយសារ​មាន​ស្ថានភាព​ដ៏​អាក្រក់​នៅ​គ្រប់​កន្លែង​សព្វ​ថ្ងៃ​នេះ គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​មនុស្ស​ចង់​បាន​យ៉ាង​ខ្លាំង​នូវ​សេរីភាព​ពេញលេញ​ជាង។ ប៉ុន្តែ តើ​មនុស្ស​អាច​រក​ឃើញ​សេរីភាព​ដ៏​ពិត​ប្រាកដ​នៅ​កន្លែង​ណា? ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា⁠៖ «បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ពាក្យ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​ជា​សិស្ស​ខ្ញុំ​មែន អ្នក​រាល់​គ្នា​នឹង​ស្គាល់​សេចក្ដី​ពិត ហើយ​សេចក្ដី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច»។ (យ៉ូហាន ៨:​៣១, ៣២) ពេល​ពួក​គេ​បដិសេធ​ចោល​អ្នក​គ្រប់គ្រង​ម្នាក់​ឬ​រដ្ឋាភិបាល​មួយ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​មួយ​ទៀត​នោះ សេរីភាព​នេះ​មិន​មែន​ជា​សេរីភាព​ដែល​មនុស្ស​លោក​សង្ឃឹម​ចង់​បាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ សេរីភាព​នេះ​នឹង​ដោះ​ស្រាយ​នូវ​ដើម​ហេតុ​នៃ​បញ្ហា​របស់​មនុស្ស។ ព្រះ​យេស៊ូ​កំពុង​តែ​ពិគ្រោះ​អំពី​សេរីភាព​ឲ្យ​រួច​ពី​ចំណង​នៃ​អំពើ​បាប។ (យ៉ូហាន ៨:​២៤, ៣៤​-​៣៦) ដូច្នេះ​ហើយ ប្រសិន​បើ​បុគ្គល​ម្នាក់​ក្លាយ​ជា​សិស្ស​ដ៏​ស្មោះ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ នោះ​គាត់​នឹង​មាន​ការ​កែ​ប្រែ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ជីវិត​របស់​គាត់ ពោល​នោះ​គឺ​ជា​សេរីភាព!

៧​. (ក) តើ​ក្នុង​ន័យ​យ៉ាង​ណា ដែល​យើង​អាច​រួច​ពី​បាប​ឥឡូវ​នេះ? (ខ) ដើម្បី​ឲ្យ​មាន​សេរីភាព​នោះ តើ​យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា?

៧ នេះ​មិន​បាន​សេចក្ដី​ថា គ្រីស្ទាន​ពិត​សព្វ​ថ្ងៃ​នេះ លែង​ទទួល​នូវ​ឥទ្ធិពល​ពី​ទំនោរ​ចិត្ត​រេ​ទៅ​រក​អំពើ​បាប​ពី​កំណើត​នោះ​ឡើយ។ ដោយសារ​បាប​បាន​ឆ្លង​មក​ដល់​ពួក​គេ នោះ​ពួក​គេ​ក៏​នៅ​តែ​ខំ​ប្រឹង​ទប់ទល់​ទាំង​លំបាក​នឹង​បាប​នេះ​ដែរ។ (រ៉ូម ៧:​២១​-​២៥) ប៉ុន្តែ ប្រសិន​បើ​បុគ្គល​ម្នាក់​ពិត​ជា​រស់​នៅ​ស្រប​តាម​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូ នោះ​គាត់​លែង​ជា​ខ្ញុំ​បំរើ​របស់​បាប​ទៀត​ហើយ។ ចំពោះ​គាត់ បាប​ដែល​ប្រៀប​ដូច​ជា​អ្នក​ប្រើ​អំណាច​ផ្ដាច់ការ ដែល​គាត់​ត្រូវ​ស្ដាប់​បង្គាប់​តាម​ដោយ​គ្មាន​ផ្លូវ​ជ្រើសរើស​នោះ នឹង​លែង​មាន​អានុភាព​លើ​គាត់​ទៀត​ហើយ។ គាត់​នឹង​មិន​ជាប់​ក្នុង​ជីវិត​ដែល​ឥត​មាន​គោល​បំណង ដែល​ធ្វើ​ឲ្យ​គាត់​មាន​មនសិការ​មិន​ល្អ​នោះ​ទេ។ គាត់​នឹង​មាន​មនសិការ​ជ្រះថ្លា​នៅ​ចំពោះ​ព្រះ ពីព្រោះ​អំពើ​បាប​នៅ​ពេល​មុន​បាន​ត្រូវ​អត់​ឱន​ទោស​ឲ្យ ដោយសារ​គាត់​មាន​ជំនឿ​លើ​យញ្ញបូជា​របស់​ព្រះ​គ្រីស្ទ។ ទំនោរ​ចិត្ត​រេ​ទៅ​រក​អំពើ​បាប​ប្រហែល​ជា​នឹង​ខំ​មាន​អានុភាព​លើ​គាត់ តែ​ពីព្រោះ​គាត់​បដិសេធ​មិន​ប្រព្រឹត្ត​តាម​ទំនោរ​ចិត្ត​ទាំង​នោះ ទាំង​នឹក​ចាំ​នូវ​សេចក្ដី​បង្រៀន​ដ៏​ល្អ​របស់​ព្រះ​គ្រីស្ទ នោះ​គាត់​បង្ហាញ​ថា បាប​លែង​មាន​អំណាច​លើ​គាត់​ទៀត​ហើយ។​—⁠រ៉ូម ៦:​១២​-​១៧

៨​. (ក) តើ​សាសនា​គ្រីស្ទាន​ដ៏​ពិត​ផ្ដល់​អ្វី​ឲ្យ​យើង? (ខ) តើ​យើង​គួរ​មាន​អាកប្បកិរិយា​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​គ្រប់គ្រង​ពិភពលោក?

៨ ចូរ​ពិនិត្យ​មើល​នូវ​សេរីភាព​ដែល​យើង​ជា​គ្រីស្ទាន​មាន។ យើង​បាន​ត្រូវ​រំដោះ​ពី​ឥទ្ធិពល​នៃ​សេចក្ដី​បង្រៀន​ក្លែង​ក្លាយ រួច​ផុត​ពី​ការ​ជាប់​ក្នុង​ចំណង​នៃ​ជំនឿ​ឆ្វេង និង​រួច​ផុត​ពី​ការ​ដើរ​ក្នុង​គន្លង​ជា​ខ្ញុំ​បំរើ​នៃ​អំពើ​បាប។ សេចក្ដី​ពិត​ដ៏​អស្ចារ្យ​អំពី​ស្ថានភាព​នៃ​មនុស្ស​ស្លាប់ និង​អំពី​ដំណើរ​រស់​ឡើង​វិញ បាន​រំដោះ​យើង​ពី​ការ​ខ្លាច​ស្លាប់​ដោយ​ឥត​សម​ហេតុ​ផល។ ចំណេះ​ដឹង​ដែល​ថា​រដ្ឋាភិបាល​មនុស្ស​ដ៏​ឥត​គ្រប់​ល័ក្ខណ៍​នឹង​ត្រូវ​បំបាត់​ចោល ហើយ​និង​មាន​ព្រះ​រាជាណាចក្រ​ដ៏​សុចរិត​របស់​ព្រះ​មក​ជំនួស​វិញ ក៏​រំដោះ​យើង​ចេញ​ពី​ភាព​អស់​សង្ឃឹម​ដែរ។ (ដានីយ៉ែល ២:⁠៤៤; ម៉ាថាយ ៦:⁠១០) ប៉ុន្តែ សេរីភាព​បែប​នេះ មិន​មែន​មាន​ន័យ​ថា យើង​ឥត​គោរព​អាជ្ញាធរ​និង​ច្បាប់​របស់​រដ្ឋាភិបាល​មនុស្ស​នោះ​ទេ។​—⁠ទីតុស ៣:​១, ២; ពេត្រុសទី១ ២:​១៦, ១៧

៩​. (ក) ដោយ​សេចក្ដី​ស្រឡាញ់ តើ​តាម​របៀប​ណា​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​សប្បាយ​នឹង​សេរីភាព​មួយ​កំរិត ដែល​មនុស្ស​អាច​មាន​នៅ​ឥឡូវ​នេះ? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​មាន​ប្រាជ្ញា​បាន?

៩ ព្រះ​យេហូវ៉ា​មិន​ទុក​ឲ្យ​យើង​ខំ​គិត​រក​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត ដោយ​សាកល្បង​ដោយ​ខ្លួន​ឯង​សិន​នោះ​ទេ។ ទ្រង់​ជ្រាប​នូវ​របៀប​ដែល​យើង​បាន​ត្រូវ​បង្កើត​មក អ្វី​ដែល​នាំ​ឲ្យ​យើង​មាន​ការ​ពេញ​ចិត្ត​ដ៏​ពិត និង​អ្វី​ដែល​ផ្ដល់​ជា​ផល​ប្រយោជន៍​ជា​រៀង​រហូត​ចំពោះ​យើង។ ទ្រង់​ជ្រាប​នូវ​គំនិត​និង​អាកប្បកិរិយា ដែល​អាច​បង្ខូច​ទំនាក់ទំនង​របស់​បុគ្គលម្នាក់​ជា​មួយ​ទ្រង់ និង​ជា​មួយ​មនុស្ស​គ្នីគ្នា ប្រហែល​ជា​រារាំង​បុគ្គល​នោះ​ពី​ការ​ចូល​ក្នុង​ពិភពលោក​ថ្មី​ទៀត​ផង។ ដោយ​សេចក្ដី​ស្រឡាញ់​នោះ ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​យើង​អំពី​រឿង​ទាំង​នេះ តាម​រយៈ​ព្រះ​គម្ពីរ​និង​អង្គការ​ដែល​មើល​ឃើញ​របស់​ទ្រង់។ (ម៉ាកុស ១៣:⁠១០; កាឡាទី ៥:⁠១៩​-​២៣; ធីម៉ូថេទី១ ១:​១២, ១៣) រួច​មក យើង​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ការ​ប្រើ​ចិត្ត​សេរី​ដែល​ព្រះ​ប្រទាន​មក ដើម្បី​សម្រេច​ចិត្ត​ថា​យើង​នឹង​មាន​ប្រតិកម្ម​តប​យ៉ាង​ណា​នោះ។ មិន​ដូច​អ័ដាម ប្រសិន​បើ​យើង​ស្ដាប់​តាម​អ្វី​ដែល​ព្រះ​គម្ពីរ​ប្រាប់​យើង នោះ​យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​មាន​ប្រាជ្ញា។ យើង​នឹង​បង្ហាញ​ថា​ទំនាក់ទំនង​ដ៏​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។

មនុស្ស​ខ្លះ​ចង់​បាន​សេរីភាព​បែប​ផ្សេង

១០​. តើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ខ្លះ​ចង់​បាន​សេរីភាព​បែប​ណា?

១០ នៅ​ពេល​ខ្លះ ពួក​យុវ​វ័យ​មួយ​ចំនួន ព្រម​ទាំង​មនុស្ស​ពេញ​វ័យ​ខ្លះ​ទៀត​ដែល​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក៏​អាច​មាន​អារម្មណ៍​ថា ពួក​គេ​ចង់​បាន​សេរីភាព​បែប​ផ្សេង។ របស់​ក្នុង​លោកីយ៍​នេះ​អាច​ហាក់​ដូច​ជា​អ្វី​ដ៏​គាប់​ដល់​ភ្នែក ហើយ​កាល​ណា​ពួក​គេ​គិត​ច្រើន​អំពី​នោះ ពួក​គេ​ក៏​មាន​សេចក្ដី​ប្រាថ្នា​ចង់​ធ្វើ​អ្វី​ដែល​ខុស​ពី​ផ្លូវ​គ្រីស្ទាន និង​អ្វី​ដែល​គេ​និយម​ធ្វើ​ក្នុង​លោកីយ៍​ដែរ។ ពួក​អ្នក​ទាំង​នេះ​មិន​មាន​បំណង​ប្រើ​គ្រឿង​ញៀន ពិសា​ស្រា​ច្រើន ឬ​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់​ឡើយ។ ប៉ុន្តែ ពួក​គេ​ចាប់​ផ្ដើម​សេពគប់​ជា​មួយ​នឹង​មនុស្ស​ដែល​មិន​មែន​ជា​គ្រីស្ទាន​ពិត ថែម​ទាំង​ចង់​ឲ្យ​ពួក​អ្នក​ទាំង​នោះ​ពេញ​ចិត្ត​នឹង​ខ្លួនទៀត​ផង។ ពួក​គេ​ប្រហែល​ជា​ចាប់​ផ្ដើម​និយាយ​និង​ប្រព្រឹត្ត​ដូច​មនុស្ស​ទាំង​នោះ​ដែរ។​—⁠យ៉ូហានទី៣ ១១

១១​. ជួន​កាល​តើ​សេចក្ដី​ល្បួង​ឲ្យ​ធ្វើ​អាក្រក់​មក​ពី​ប្រភព​ណា?

១១ ជួន​កាល​សេចក្ដី​ល្បួង​ឲ្យ​ប្រព្រឹត្ត​អ្វី​ដែល​ខុស​ពី​ផ្លូវ​គ្រីស្ទាន គឺ​ដោយសារ​បុគ្គល​ដែល​អះអាង​ថា​ខ្លួន​បំរើ​ព្រះ​យេហូវ៉ា។ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ពួក​គ្រីស្ទាន​ខ្លះ​នៅ​សម័យ​ដើម ហើយ​រឿង​ដូច​នេះ​ក៏​អាច​មាន​នៅ​សម័យ​យើង​នេះ​ដែរ។ មនុស្ស​បែប​នេះតែង​ចង់​ធ្វើ​អ្វី​ដែល​ពួក​គេ​គិត​ថា នឹង​នាំ​ឲ្យ​គេ​សប្បាយ​ចិត្ត ប៉ុន្តែ​ការ​ប្រព្រឹត្ត​នេះ​គឺប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ។ ពួក​គេ​ដាស់​តឿន​អ្នក​ដទៃ​ឲ្យ​‹លេង​កំសាន្ត›។ ពួក​គេ​‹សន្យាថា​មាន​សេរីភាព តែ​ខ្លួន​គេ​ក៏​នៅ​ជាប់​ជា​អ្នក​បំរើ​របស់​សេចក្ដី​ពុក​រលួយ​វិញ›។​—⁠ពេត្រុសទី២ ២:⁠១៩

១២​. តើ​អ្វី​ជា​លទ្ធផល​ដ៏​គួរ​ឲ្យ​សោក​ស្ដាយ​នៃ​ការ​ប្រព្រឹត្ត​ដែល​ផ្ទុយ​នឹង​ច្បាប់ ហើយ​និង​គោលការណ៍​របស់​ព្រះ?

១២ លទ្ធផល​នៃ​សេរីភាព​បែប​នេះ គឺ​អាក្រក់​ជានិច្ច ពីព្រោះ​ការ​ធ្វើ​ដូច្នេះ គឺ​ជា​ការ​មិន​ស្ដាប់​បង្គាប់​តាម​ច្បាប់​របស់​ព្រះ។ ជា​ឧទាហរណ៍ ការ​រួម​ដំណេក​ក្រៅ​អាពាហ៍ពិពាហ៍​អាច​នាំ​ឲ្យ​មាន​បញ្ហា​ខាង​ផ្លូវ​ចិត្ត មាន​កាម​រោគ សេចក្ដី​ស្លាប់ មាន​ផ្ទៃពោះ​ដែល​មិន​ចង់​បាន ហើយ​អាច​នាំ​ឲ្យ​អាពាហ៍ពិពាហ៍​បាក់​បែក​ទៀត​ផង។ (កូរិនថូសទី១ ៦:⁠១៨; ថែស្សាឡូនីចទី១ ៤:​៣​-​៨) ការ​ប្រើ​គ្រឿង​ញៀន​អាច​នាំ​ឲ្យ​មនុស្ស​ឆាប់​ខឹង និយាយ​ឡុល⁠ៗជាប់​គ្នា​រ​ដឹក នាំ​ឲ្យ​ចក្ខុ​វិញ្ញាណ​ទៅ​ជា​ព្រិល វិល​មុខ ពិបាក​ដក​ដង្ហើម មមាល និង​បណ្ដាល​ឲ្យ​គេ​ស្លាប់។ ការ​ប្រើ​គ្រឿង​ញៀន​អាច​ធ្វើ​ឲ្យ​មាន​ចំណង់​ខ្លាំង ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ដើម្បី​បាន​លុយ​ទិញ​ថ្នាំ​ញៀន។ ការ​ពិសា​គ្រឿង​ស្រវឹង​ជ្រុល​ក៏​មាន​លទ្ធផល​ដូច​គ្នា​នេះ​ដែរ។ (សុភាសិត ២៣:​២៩​-​៣៥) ពួក​អ្នក​ដែល​ប្រព្រឹត្ត​បែប​នេះ ប្រហែល​ជា​គិត​ថា​ពួក​គេ​មាន​សេរីភាព តែ​ទំរាំ​ដល់​ពួក​គេ​ដឹង​ថា ពួក​គេ​តាម​ពិត​ជា​ខ្ញុំ​បំរើ​នៃ​អំពើ​បាប​នោះ គឺ​វា​ខក​ពេល​ទៅ​ហើយ។ ពិត​ណាស់ បាប​គឺ​ជា​ចៅហ្វាយ​ដ៏​ឃោរឃៅ​មែន! ការ​វែកញែក​លើ​រឿង​នេះ​នៅ​ពេល​ឥឡូវ​នេះ​អាច​ជួយ​ការពារ​យើង​ពី​ការ​ជួបប្រទះ​នូវ​បទ​ពិសោធន៍​ដូច​នេះ។​—⁠កាឡាទី ៦:​៧, ៨

ដើម​ហេតុ​នៃ​បញ្ហា

១៣​. (ក) តើ​សេចក្ដី​ប្រាថ្នា​ដែល​នាំ​ឲ្យ​មាន​បញ្ហា​តែង​កើត​ឡើង​យ៉ាង​ណា? (ខ) ដើម្បី​យល់​ថា​«ពួក​ម៉ាក​អាក្រក់»​គឺ​ជា​បុគ្គល​បែប​ណា តើ​យើង​ត្រូវ​ការ​ទស្សនៈ​របស់​អ្នក​ណា? (គ) ពេល​អ្នក​ឆ្លើយ​សំនួរ​នៅ​វគ្គ​១៣ សូម​បញ្ជាក់​នូវ​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។

១៣ ចូរ​គិត​អំពី​ដើម​ហេតុ​នៃ​បញ្ហា​ភាគ​ច្រើន។ ព្រះ​គម្ពីរ​ពន្យល់​ថា⁠៖ «គ្រប់​គ្នា​កើត​មាន​សេចក្ដី​ល្បួង នោះ​គឺ​ដោយសារ​តែ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ខ្លួន​នាំ​ប្រទាញ ហើយ​លួងលោម​ទេ រួច​កាល​ណា​សេចក្ដី​ប៉ង​ប្រាថ្នា​ជាប់​មាន​ជា​ផ្ទៃ នោះ​សំរាល​ចេញ​មក​ជា​អំពើ​បាប ហើយ​កាល​ណា​បាប​បាន​ពោរពេញ​ឡើង នោះ​ក៏​បង្កើត​ជា​សេចក្ដី​ស្លាប់»។ (យ៉ាកុប ១:​១៤, ១៥) តើ​បុគ្គល​ម្នាក់​មាន​សេចក្ដី​ប្រាថ្នា​នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​អ្វី​ដែល​ចូល​ទៅ​ក្នុង​គំនិត​របស់​គាត់។ ជា​ធម្មតា​នេះ​គឺ​ដោយសារ​ការ​សេពគប់​ជា​មួយ​នឹង​មនុស្ស ដែល​ឥត​ធ្វើ​តាម​គោលការណ៍​ព្រះ​គម្ពីរ។ ប្រាកដ​ហើយ យើង​គ្រប់​គ្នា​ដឹង​ថា យើង​ត្រូវ​តែ​ជៀសវាង​«ពួក​ម៉ាក​អាក្រក់»។ (កូរិនថូសទី១ ១៥:⁠៣៣) តើ​ការ​សេពគប់បែប​ណា​គឺ​អាក្រក់​នោះ? តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​រឿង​នេះ? ការ​វែក​ញែក​ចំពោះ​សំនួរ​ដែល​មាន​ជា​បន្ទាប់ ហើយ​ការ​បើក​មើល​ខគម្ពីរ​ដែល​មិន​បាន​ដក​ស្រង់​នោះ នឹង​ជួយ​យើង​សន្និដ្ឋាន​យ៉ាង​ត្រឹម​ត្រូវ។

តើ​ហេតុ​ការណ៍​ដែល​ថា មនុស្ស​ខ្លះ​ទំនង​ជា​មនុស្ស​ទៀងត្រង់ មាន​ន័យ​ថា​ពួក​គេ​ជា​ពួក​ម៉ាក​ល្អ​ឬ​ទេ? (លោកុប្បត្តិ ៣៤:​១, ២, ១៨, ១៩)

តើ​ការ​សន្ទនា​របស់​ពួក​គេ និង​ប្រហែល​ជា​រឿង​កំប្លែង​ដែល​ពួក​គេ​និយាយ បង្ហាញ​ថា​យើង​គួរ​នៅ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ពួក​គេ​ឬ​ទេ? (អេភេសូរ ៥:​៣, ៤)

តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា បើ​យើង​សេពគប់​ជិត​ស្និទ្ធ​ជា​មួយ​នឹង​មនុស្ស​ដែល​ឥត​ស្រឡាញ់​ទ្រង់​នោះ? (របាក្សត្រទី២ ១៩:​១, ២)

ទោះ​ជា​យើង​ធ្វើ​ការ​ឬ​ទៅ​សាលា​ជា​មួយ​នឹង​មនុស្ស ដែល​ឥត​មាន​សាសនា​ដូច​យើង​ក្ដី ហេតុ​អ្វី​បាន​ជា​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន? (ពេត្រុសទី១ ៤:​៣, ៤)

ការ​ទស្សនា​ទូរទស្សន៍​និង​ខ្សែ​ភាពយន្ត ប្រើ​អ៊ិនថឺណិ​ត អាន​សៀវភៅ ទស្សនាវដ្ដី និង​កាសែត ក៏​ជា​វិធី​សេពគប់​ជា​មួយ​នឹង​អ្នក​ដទៃ​ដែរ។ តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​នឹង​ពត៌មាន​បែប​ណា? (សុភាសិត ៣:⁠៣១; អេសាយ ៨:⁠១៩; អេភេសូរ ៤:​១៧​-​១៩)

តើ​មនុស្ស​ដែល​យើង​ជ្រើសរើស​ធ្វើ​ជា​មិត្តភក្ដិ​នោះ បង្ហាញ​ព្រះ​យេហូវ៉ា​យ៉ាង​ណា​ថា យើង​ជា​មនុស្ស​បែប​ណា​នោះ? (ទំនុកដំកើង ២៦:​១, ៤, ៥; ៩៧:⁠១០)

១៤​. តើ​សេរីភាព​ដ៏​អស្ចារ្យ​ណា​ដែល​មាន​នៅ​ខាង​មុខ​សំរាប់​អស់​អ្នក​ដែល​អនុវត្ត​តាម​ឱវាទ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ?

១៤ ពិភពលោក​ថ្មី​របស់​ព្រះ​គឺ​នៅ​ខាង​មុខ​យើង។ តាម​រយៈ​រាជ​រដ្ឋាភិបាល​របស់​ព្រះ​ដែល​នៅ​ស្ថានសួគ៌ នោះ​មនុស្ស​នឹង​អាច​ត្រូវ​រំដោះ​ពី​អានុភាព​របស់​សាតាំង និង​របប​លោកីយ៍​ទាំង​មូល​របស់​វា។ បន្ដិច​ម្ដង⁠ៗ អានុភាព​នៃ​បាប​នឹង​ត្រូវ​ដក​ចេញ​ពី​មនុស្ស​ដែល​ចេះ​ស្ដាប់​បង្គាប់ ហើយ​យើង​នឹង​មាន​គំនិត​និង​រាង​កាយ​ដ៏​គ្រប់​ល័ក្ខណ៍ ដើម្បី​ឲ្យ​យើង​អាច​សប្បាយ​នឹង​ជីវិត​អស់កល្ប​ជានិច្ច​នៅ​ក្នុង​សួន​មនោរម្យ។ នៅ​ទីបំផុត នោះ​មនុស្ស​ទាំង​អស់​នឹង​មាន​សេរីភាព​ដែល​សម​ស្រប​តាម​«ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់»។ (កូរិនថូសទី២ ៣:⁠១៧) តើ​សម​ហេតុ​ផល​ទេ ដែល​យើង​ប្រថុយ​បាត់បង់​នូវ​ពរ​ទាំង​នេះ ដោយ​ឥត​គោរព​តាម​ឱវាទ​របស់​ព្រះ​នៅ​ពេល​ឥឡូវ​នេះ​នោះ? សូម​ឲ្យ​យើង​បង្ហាញ​យ៉ាង​ច្បាស់​ថា យើង​ពិត​ជា​ចង់​បាន​«សេរីភាព​នៃ​សិរី​ល្អ​របស់​ពួក​កូន​ព្រះ» ដោយ​ប្រើ​សេរីភាព​គ្រីស្ទាន​របស់​យើង​ដោយ​ប្រាជ្ញា​នៅ​សព្វ​ថ្ងៃ​នេះ។​—⁠រ៉ូម ៨:⁠២១

ការ​ពិគ្រោះ​សា​ឡើង​វិញ

• តើ​សេរីភាព​បែប​ណា​ដែល​មនុស្ស​មួយ​គូ​ដំបូង​មាន? បើ​ប្រៀបធៀប​នឹង​សេរីភាព​ដែល​មនុស្ស​មាន​ឥឡូវ​នេះ តើ​សេរីភាព​នោះ​គឺ​ខុស​គ្នា​យ៉ាង​ណា​ដែរ?

• តើ​ពួក​គ្រីស្ទាន​ដ៏​ពិត​មាន​សេរីភាព​អ្វី? តើ​សេរីភាព​នេះ​ខុស​គ្នា​យ៉ាង​ណានឹង​អ្វី​ដែល​មនុស្ស​ក្នុង​លោកីយ៍​នេះ​ចាត់​ទុក​ជា​សេរីភាព​នោះ?

• ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ ដែល​យើង​ជៀសវាង​ពី​ពួក​ម៉ាក​អាក្រក់​នោះ?មិន​ដូច​អ័ដាម តើ​យើង​ឲ្យ​អ្នក​ណា​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​យើង​ស្តី​អំពី​អ្វី​ដែល​អាក្រក់?

[រូបភាព​នៅ​ទំព័រ​៤៦]

បន្ទូល​របស់​ព្រះ​ព្រមាន​ថា⁠៖ «កុំ​ឲ្យ​ច្រឡំ​ឡើយពីព្រោះ​ពួក​ម៉ាក​អាក្រក់​តែង​នឹង​បង្ខូច​កិរិយា​ល្អ»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក