ជំពូកទីប្រាំមួយ
រឿងចំណោទដែលយើងគ្រប់គ្នាត្រូវតែប្រឈមមុខ
១, ២. (ក) តើរឿងអ្វីដែលសាតាំងបានចោទក្នុងសួនអេដែន? (ខ) តើសាតាំងចង់និយាយយ៉ាងណាអំពីរឿងចំណោទនេះ តាមអ្វីដែលវាបានពោលនោះ?
អ្នកគឺជាប់ទាក់ទងនឹងរឿងចំណោទដ៏សំខាន់បំផុត ដែលមនុស្សលោកត្រូវតែប្រឈមមុខ។ បើអ្នកគាំទ្រខាងណាក្នុងរឿងចំណោទនេះ នេះនឹងបញ្ជាក់ថាអនាគតជារៀងរហូតរបស់អ្នកនឹងទៅជាយ៉ាងណាដែរ។ រឿងចំណោទនេះបានចោទឡើងពេលមានការបះបោរផ្ទុះឡើងក្នុងសួនអេដែន។ នៅពេលនោះ សាតាំងបានសួរអេវ៉ាថា៖ «តើព្រះមានបន្ទូលហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ?»។ ស្ត្រីនោះបានឆ្លើយថាចំពោះដើមឈើមួយ ព្រះបានមានបន្ទូលថា៖ «កុំឲ្យបរិភោគផ្លែនោះឡើយ . . . ក្រែងលោស្លាប់»។ រួចមក សាតាំងបានចោទព្រះយេហូវ៉ាថាទ្រង់កុហក ដោយពោលថា ជីវិតរបស់អេវ៉ានិងជីវិតរបស់អ័ដាម មិនពឹងទៅលើការស្ដាប់បង្គាប់ព្រះទេ។ សាតាំងបានអះអាងថា ព្រះបានលាក់អ្វីល្អពីពួកគាត់ ពោលគឺជាសមត្ថភាពតាំងនូវខ្នាតតម្រាដោយខ្លួនឯងសំរាប់ជីវិតរបស់ពួកគាត់។ សាតាំងបានអះអាងថា៖ «ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង»។—លោកុប្បត្តិ ៣:១-៥
២ តាមការពិត សាតាំងបានពោលថា មនុស្សនឹងបានប្រយោជន៍ច្រើនជាងបើពួកគេសម្រេចចិត្តដោយខ្លួនឯង ជាជាងស្ដាប់តាមច្បាប់របស់ព្រះ។ ដោយធ្វើយ៉ាងនេះ វាបានប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះតែម្ដង។ នេះក៏បានចោទឡើងនូវរឿងដ៏សំខាន់បំផុតទាក់ទងនឹងអធិបតេយ្យសកលលោករបស់ព្រះ ពោលគឺជាសិទ្ធគ្រប់គ្រងរបស់ទ្រង់។ សំនួរនេះបានចោទឡើងថា៖ តើការគ្រប់គ្រងមួយណាគឺប្រសើរជាងចំពោះមនុស្ស? តើការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ឬការគ្រប់គ្រងដែលមិនពឹងពាក់លើទ្រង់? យើងដឹងថា ព្រះយេហូវ៉ាអាចប្រហារជីវិតរបស់អ័ដាមនិងអេវ៉ានៅពេលភ្លាមៗនោះ តែបើធ្វើដូច្នេះគឺប្រាកដជាមិនបានដោះស្រាយរឿងអំពីអធិបតេយ្យឲ្យបានត្រឹមត្រូវទេ។ ព្រះទ្រង់អនុញ្ញាតឲ្យសង្គមមនុស្សរីកចំរើនមួយកំរិតដ៏យូរ ដោយធ្វើដូច្នេះ ទ្រង់អាចសម្ដែងឲ្យឃើញថា ការគ្រប់គ្រងដោយមិនពឹងពាក់ទៅលើទ្រង់និងច្បាប់របស់ទ្រង់ នឹងបង្កើតបានផលយ៉ាងណា។
៣. តើអ្វីជារឿងដ៏សំខាន់ទីពីរដែលសាតាំងបានលើកឡើង?
៣ ការទិតៀនរបស់សាតាំងទៅលើសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា មិនបានចប់នៅក្នុងសួនអេដែននោះទេ។ វាបាននាំឲ្យមានការសង្ស័យទៅលើភក្ដីភាពរបស់អ្នកឯទៀតចំពោះព្រះយេហូវ៉ា។ រឿងនេះក៏បានទៅជារឿងដ៏សំខាន់ទីពីរ។ ការប្រឆាំងរបស់វាគឺរួមបញ្ចូលកូនចៅរបស់អ័ដាមនិងអេវ៉ា ព្រមទាំងបុត្រាដែលជាបុគ្គលវិញ្ញាណទាំងឡាយរបស់ព្រះ សូម្បីតែបុត្រច្បងដ៏ជាទីស្រឡាញ់របស់ទ្រង់ផងដែរ។ តួយ៉ាងដូចជា នៅសម័យរបស់លោកយ៉ូប សាតាំងបានចោទថា អស់អ្នកដែលបំរើព្រះយេហូវ៉ា គឺបំរើទ្រង់មិនមែនដោយស្រឡាញ់ព្រះនិងការគ្រប់គ្រងរបស់ទ្រង់ទេ តែបំរើទ្រង់ដោយអត្តទត្ថភាពទៅវិញ។ វាបានប្រឆាំងថា បើពួកអ្នកបំរើបានត្រូវដាក់ឲ្យនៅក្រោមការពិបាក នោះពួកគេនឹងធ្វើតាមសេចក្ដីប្រាថ្នាប្រកបដោយអត្តទត្ថភាពជាពុំខាន។—យ៉ូប ២:១-៦; វិវរណៈ ១២:១០
អ្វីដែលព្រឹត្ដិការណ៍ក្នុងប្រវត្ដិសាស្ត្របានសឲ្យឃើញ
៤, ៥. តើប្រវត្ដិសាស្ត្របានសឲ្យឃើញយ៉ាងណាអំពីមនុស្សដឹកនាំជីវិតរបស់ពួកគេ?
៤ ចំណុចដ៏សំខាន់មួយក្នុងរឿងអធិបតេយ្យនេះគឺថា៖ ព្រះមិនបានបង្កើតមនុស្សលោកឲ្យរស់នៅដោយឥតពឹងពាក់លើការគ្រប់គ្រងរបស់ទ្រង់ឲ្យមានភាពជោគជ័យនោះឡើយ។ ព្រះបានធ្វើឲ្យមនុស្សពឹងពាក់លើច្បាប់ដ៏សុចរិតរបស់ព្រះ ដើម្បីជាប្រយោជន៍ដល់ពួកគេ។ ព្យាការីយេរេមាបានទទួលស្គាល់ថា៖ «ឱព្រះយេហូវ៉ាអើយ! ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ។ ឱព្រះយេហូវ៉ាអើយ! សូមផ្ចាលទូលបង្គំចុះ!»។ (យេរេមា ១០:២៣, ២៤) ដូច្នេះ ព្រះបន្ទូលរបស់ព្រះដាស់តឿនថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»។ (សុភាសិត ៣:៥) ព្រះបានបង្កើតមនុស្សលោកឲ្យចុះចូលនឹងច្បាប់ខាងធម្មជាតិដើម្បីឲ្យនៅរស់ ហើយទ្រង់ក៏បានបង្កើតច្បាប់ខាងសីលធម៌ដែរ។ ការស្ដាប់តាមច្បាប់នោះនឹងធ្វើឲ្យមានសង្គមដែលប្រកបទៅដោយសាមគ្គីភាព។
៥ យ៉ាងច្បាស់ណាស់ ព្រះទ្រង់ជ្រាបជាមុនថា មនុស្សមិនអាចដឹកនាំខ្លួនឯងដោយជោគជ័យបានទេ បើមិនពឹងពាក់លើការគ្រប់គ្រងរបស់ទ្រង់នោះ។ មនុស្សបានខំប្រឹងទាំងឥតប្រយោជន៍ដើម្បីគ្រប់គ្រងដោយមិនពឹងពាក់លើការគ្រប់គ្រងរបស់ព្រះ ដោយស្ថាបនានូវប្រព័ន្ធនយោបាយ សេដ្ឋកិច្ច និងសាសនាគ្រប់បែបយ៉ាង។ ការខ្វែងគំនិតគ្នានេះបានធ្វើឲ្យមនុស្សឈ្លោះគ្នាឥតឈប់ឈរ រហូតដល់ប្រព្រឹត្តអំពើឃោរឃៅ សង្គ្រាមនិងសេចក្ដីស្លាប់។ «មនុស្សម្នាក់ មានអំណាចលើម្នាក់ទៀត ឲ្យគេត្រូវវេទនា»។ (សាស្ដា ៨:៩) ទូទាំងប្រវត្ដិសាស្ត្ររបស់មនុស្សលោក គឺបានកើតឡើងដូច្នេះមែន។ ព្រះបន្ទូលរបស់ព្រះបានទាយថា មនុស្សអាក្រក់និងពួកឆបោក មានជំនឿនជឿនទៅ«ខាងសេចក្ដីអាក្រក់ កាន់តែខ្លាំងឡើង»។ (ធីម៉ូថេទី២ ៣:១៣) នៅក្នុងសតវត្សទី២០ ជាពេលដែលមនុស្សលោកបានជឿនដល់កំពូលដ៏អស្ចារ្យបំផុតខាងវិទ្យាសាស្ត្រនិងខាងឧស្សាហកម្ម តែក៏ជាពេលដែលមានមហន្តរាយដ៏អាក្រក់បំផុតដែរ។ ពាក្យនៅយេរេមា ១០:២៣ បានសឲ្យឃើញយ៉ាងច្បាស់ក្រៃលែងថា មនុស្សមិនបានបង្កើតមកឲ្យដឹកនាំជីវិតរបស់ពួកគេឡើយ។
៦. មិនយូរប៉ុន្មានទៀត តើព្រះនឹងដោះស្រាយបញ្ហានៃការមិនពឹងពាក់លើទ្រង់យ៉ាងដូចម្ដេច?
៦ លទ្ធផលដ៏ខ្លោចផ្សាដែលមានជាយូរអង្វែងមកពីការមិនពឹងពាក់ទៅលើព្រះនោះ នៅទីបំផុតបានបង្ហាញឲ្យឃើញថា ការគ្រប់គ្រងរបស់មនុស្សមិនអាចបានជោគជ័យឡើយ។ ការគ្រប់គ្រងរបស់ព្រះគឺជាផ្លូវតែមួយគត់ ដែលនាំឲ្យមានសុភមង្គល សាមគ្គីភាព សុខភាពនិងជីវិត។ ព្រះបន្ទូលរបស់ព្រះបង្ហាញថា សេចក្ដីត្រាប្រណីរបស់ព្រះយេហូវ៉ាឲ្យមនុស្សគ្រប់គ្រងដោយឥតពឹងពាក់លើទ្រង់ គឺជិតមកដល់ទីបញ្ចប់ហើយ។ (ម៉ាថាយ ២៤:៣-១៤; ធីម៉ូថេទី២ ៣:១-៥) បន្ដិចទៀត ព្រះនឹងធ្វើអន្តរាគមន៍ចំពោះរឿងរបស់មនុស្ស ដើម្បីបញ្ជាក់នូវការគ្រប់គ្រងរបស់ទ្រង់លើផែនដីនេះ។ ទំនាយក្នុងព្រះគម្ពីរចែងថា៖ «រីឯនៅគ្រានៃស្តេចទាំងនោះ[ការគ្រប់គ្រងរបស់មនុស្សដែលមានវត្តមាននៅឥឡូវនេះ] ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង[នៅស្ថានសួគ៌] ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ[មនុស្សនឹងមិនគ្រប់គ្រងផែនដីទៀតឡើយ] គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះ[នៅសម័យនេះ]វិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។—ដានីយ៉ែល ២:៤៤
ការរួចរស់ជីវិតចូលទៅក្នុងពិភពលោកថ្មីរបស់ព្រះ
៧. នៅពេលការគ្រប់គ្រងរបស់ព្រះបញ្ចប់ការគ្រប់គ្រងរបស់មនុស្ស តើអ្នកណានឹងរួចរស់ជីវិត?
៧ នៅពេលការគ្រប់គ្រងរបស់ព្រះបញ្ចប់នូវការគ្រប់គ្រងរបស់មនុស្ស តើអ្នកណានឹងរួចរស់ជីវិត? ព្រះគម្ពីរឆ្លើយថា៖ «ដ្បិតមនុស្សទៀងត្រង់[អស់អ្នកដែលគាំទ្រការគ្រប់គ្រងរបស់ព្រះ]នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ តែមនុស្សអាក្រក់[អស់អ្នកដែលមិនគាំទ្រការគ្រប់គ្រងរបស់ព្រះ]នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ»។ (សុភាសិត ២:២១, ២២) ស្រដៀងគ្នាដែរ អ្នកតែងបទទំនុកដំកើងពោលថា៖ «ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ . . . ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកដំកើង ៣៧:១០, ២៩
៨. តើតាមរបៀបណាដែលព្រះនឹងធ្វើយុត្ដិកម្មយ៉ាងពេញលេញ ចំពោះអធិបតេយ្យរបស់ទ្រង់?
៨ ក្រោយពីប្រព័ន្ធរបស់សាតាំងបានត្រូវបំផ្លាញចោលហើយ នោះព្រះនឹងនាំឲ្យមានពិភពលោកថ្មីរបស់ទ្រង់ដែលនឹងបំបាត់ចោលអស់ទាំងអំពើឃោរឃៅ សង្គ្រាម ភាពក្រីក្រ ទុក្ខវេទនា ជំងឺ និងសេចក្ដីស្លាប់ ដែលមានអានុភាពលើមនុស្សអស់រាប់ពាន់ឆ្នាំមកហើយ។ ព្រះគម្ពីរពិពណ៌នាយ៉ាងល្អអំពីប្រសិទ្ធិពរ ដែលមនុស្សចេះស្ដាប់បង្គាប់នឹងទទួល គឺថា៖ «ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។ (វិវរណៈ ២១:៣, ៤) តាមរយៈរាជរដ្ឋាភិបាលរបស់ទ្រង់នៅស្ថានសួគ៌ ក្រោមការគ្រប់គ្រងរបស់ព្រះគ្រីស្ទ នោះព្រះយេហូវ៉ានឹងធ្វើយុត្ដិកម្មយ៉ាងពេញលេញ (ឬបញ្ជាក់នូវភាពត្រឹមត្រូវ) នៃសិទ្ធិរបស់ទ្រង់ជាព្រះមហាក្សត្ររបស់យើង និងជាអ្នកគ្រប់គ្រងរបស់យើងផងដែរ។—រ៉ូម ១៦:២០; ពេត្រុសទី២ ៣:១០-១៣; វិវរណៈ ២០:១-៦
របៀបដែលមនុស្សតបឆ្លើយនឹងរឿងចំណោទនេះ
៩. (ក) តើអស់អ្នកដែលនៅស្មោះចំពោះព្រះយេហូវ៉ា មានទស្សនៈយ៉ាងណាអំពីបន្ទូលរបស់ទ្រង់? (ខ) តើលោកណូអេសឲ្យឃើញនូវភក្ដីភាពរបស់គាត់យ៉ាងដូចម្ដេច? ហើយតើយើងអាចទទួលប្រយោជន៍អ្វីពីគំរូរបស់គាត់?
៩ ក្នុងប្រវត្ដិសាស្ត្រ គឺមានមនុស្សប្រុសស្រីដ៏ស្មោះត្រង់ដែលបានសឲ្យឃើញនូវភក្ដីភាពរបស់ពួកគេចំពោះព្រះយេហូវ៉ា និងគោរពទ្រង់ជាព្រះមហាក្សត្រ។ ពួកគេបានដឹងថា ជីវិតរបស់ពួកគេពឹងទៅលើការស្ដាប់និងការធ្វើតាមទ្រង់។ លោកណូអេពិតជាបុគ្គលបែបនេះមែន។ ដូច្នេះ ព្រះមានបន្ទូលទៅណូអេថា៖ «អស់ទាំងសាច់ត្រូវផុតពីមុខអញហើយ . . . [ចូរ]ធ្វើជាទូកធំសំរាប់ឯង»។ លោកណូអេបានចុះចូលតាមសេចក្ដីបង្គាប់របស់ព្រះយេហូវ៉ា។ មនុស្សឯទៀតនៅសម័យនោះប្រកបជីវភាពរស់នៅរបស់ពួកគេ ហាក់ដូចជាគ្មានអ្វីនឹងកើតឡើងឡើយ ថ្វីបើបានទទួលនូវសេចក្ដីព្រមានក៏ដោយ។ ប៉ុន្តែ លោកណូអេបានសាងសង់ទូកដ៏ធំមួយ និងជាប់រវល់នឹងកិច្ចការផ្សព្វផ្សាយប្រាប់អ្នកដទៃអំពីផ្លូវដ៏សុចរិតរបស់ព្រះយេហូវ៉ា។ កំណត់ហេតុនេះចែងទៀតថា៖ «ណូអេក៏ធ្វើដូច្នោះ តាមគ្រប់ទាំងសេចក្ដីដែលព្រះបានបង្គាប់ គាត់ធ្វើការនោះសំរេចទាំងអស់»។—លោកុប្បត្តិ ៦:១៣-២២; ហេព្រើរ ១១:៧; ពេត្រុសទី២ ២:៥
១០. (ក) តើអ័ប្រាហាំនិងសារ៉ាបានគាំទ្រអធិបតេយ្យរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ខ) តើតាមរបៀបណាដែលយើងអាចទទួលប្រយោជន៍ ពីគំរូរបស់អ័ប្រាហាំនិងសារ៉ានោះ?
១០ អ័ប្រាហាំនិងសារ៉ាក៏ជាគំរូដ៏ល្អចំពោះការគាំទ្រអធិបតេយ្យរបស់ព្រះយេហូវ៉ាដែរ គឺថាពួកគាត់បានធ្វើអ្វីៗដែលព្រះបានបង្គាប់ពួកគាត់។ ពួកគាត់បានរស់នៅក្នុងក្រុងអ៊ើរនៃស្រុកខាល់ដេ ដែលជាទីក្រុងមួយដ៏រីកចំរើន។ ប៉ុន្តែ ពេលព្រះយេហូវ៉ាបានបង្គាប់អ័ប្រាហាំឲ្យទៅស្រុកមួយទៀត ជាស្រុកដែលគាត់មិនស្គាល់ឡើយ នោះអ័ប្រាហាំ«ក៏ចេញទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់»។ យ៉ាងប្រាកដហើយ សារ៉ាមានជីវិតដ៏ស្រណុក គឺមានផ្ទះ មិត្តភក្ដិនិងញាតិសន្ដាន។ ប៉ុន្តែ នាងមានចិត្តចុះចូលចំពោះព្រះយេហូវ៉ានិងចុះចូលចំពោះស្វាមីខ្លួន ដោយធ្វើដំណើរចេញទៅស្រុកកាណាន ថ្វីបើនាងមិនដឹងថាស្រុកនោះមានស្ថានភាពយ៉ាងណាក៏ដោយ។—លោកុប្បត្តិ ១១:៣១–១២:៤; កិច្ចការ ៧:២-៤
១១. (ក) តើម៉ូសេគាំទ្រអធិបតេយ្យរបស់ព្រះយេហូវ៉ានៅក្រោមកាលៈទេសបែបណា? (ខ) តើគំរូរបស់ម៉ូសេអាចជាប្រយោជន៍ដល់យើងយ៉ាងណា?
១១ លោកម៉ូសេក៏ជាបុគ្គលម្នាក់ទៀត ដែលបានគាំទ្រអធិបតេយ្យរបស់ព្រះយេហូវ៉ា។ គាត់បានធ្វើដូច្នេះក្រោមកាលៈទេសៈដ៏ពិបាកបំផុត ដោយប្រឈមមុខនឹងស្តេចផារ៉ោននៃស្រុកអេស៊ីបតែម្ដង។ នេះមិនបានសេចក្ដីថា លោកម៉ូសេមានទំនុកចិត្តនឹងខ្លួនគាត់នោះទេ។ ផ្ទុយទៅវិញ គាត់បានសង្ស័យចំពោះសមត្ថភាពរបស់គាត់ក្នុងការនិយាយឲ្យបានល្អ។ ប៉ុន្តែ គាត់ស្ដាប់បង្គាប់តាមព្រះយេហូវ៉ា។ ម្ដងហើយម្ដងទៀត ម៉ូសេបាននាំយកបន្ទូលរបស់ព្រះយេហូវ៉ាមកប្រាប់ស្តេចផារ៉ោនដ៏រឹងចចេសនោះ ដោយមានការគាំទ្រពីព្រះយេហូវ៉ានិងមានអើរ៉ុនជាជំនួយផងដែរ។ សូម្បីតែជនជាតិអ៊ីស្រាអែលខ្លះក៏បានរិះគន់លោកម៉ូសេដែរ។ ប៉ុន្តែ ដោយស្មោះត្រង់នោះម៉ូសេបានធ្វើអ្វីៗទាំងអស់ដែលព្រះយេហូវ៉ាបានបង្គាប់ដល់គាត់ ហើយដោយសារម៉ូសេ នោះជនជាតិអ៊ីស្រាអែលបានត្រូវរំដោះចេញពីស្រុកអេស៊ីប។—និក្ខមនំ ៧:៦; ១២:៥០, ៥១; ហេព្រើរ ១១:២៤-២៧
១២. (ក) តើអ្វីដែលបង្ហាញថា ភក្ដីភាពចំពោះព្រះយេហូវ៉ាទាក់ទងច្រើនទៀត មិនគ្រាន់តែអ្វីដែលព្រះបានកត់ទុកក្នុងព្រះបន្ទូលនោះទេ? (ខ) តើការយល់ដឹងអំពីភក្ដីភាពបែបនេះជួយយើងអនុវត្តតាមយ៉ូហានទី១ ២:១៥ យ៉ាងដូចម្ដេច?
១២ អស់អ្នកដែលមានភក្ដីភាពចំពោះព្រះយេហូវ៉ា មិនបានវែកញែកថា មានតែអ្វីៗដែលព្រះបានសរសេរកត់ទុកមក ដែលពួកគេត្រូវធ្វើនិងស្ដាប់បង្គាប់តាមប៉ុណ្ណោះនោះទេ។ នៅពេលដែលភរិយារបស់ប៉ូទីផារបានខំល្បួងយ៉ូសែបឲ្យប្រព្រឹត្តអំពើផិតជាមួយនឹងនាង នោះឥតមានសេចក្ដីបង្គាប់ដែលបានត្រូវសរសេរពីព្រះ ដែលហាមឃាត់ការផិតគ្នានោះទេ។ ប៉ុន្តែ យ៉ូសែបបានដឹងអំពីរបៀបរៀបចំខាងអាពាហ៍ពិពាហ៍ ដែលព្រះយេហូវ៉ាបានស្ថាបនាឡើងក្នុងសួនអេដែន។ គាត់បានដឹងថា ការរួមភេទជាមួយនឹងភរិយានៃបុរសម្នាក់ទៀត នឹងមិនផ្គាប់ព្រះហឫទ័យរបស់ព្រះឡើយ។ យ៉ូសែបមិនចង់សាកល្បងនូវកំរិត ដែលព្រះនឹងអនុញ្ញាតឲ្យគាត់ប្រព្រឹត្តដូចពួកអេស៊ីបនោះទេ។ គាត់បានគាំទ្រផ្លូវរបស់ព្រះយេហូវ៉ា ដោយរំពឹងគិតលើរបៀបដែលព្រះបានទាក់ទងនឹងមនុស្សលោក ហើយគាត់យកចិត្តទុកដាក់ដោយអនុវត្តតាមអ្វីដែលគាត់យល់ថា ជាបំណងព្រះហឫទ័យរបស់ព្រះ។—លោកុប្បត្តិ ៣៩:៧-១២; ទំនុកដំកើង ៧៧:១១, ១២
១៣. តើបានសម្ដែងឲ្យឃើញថាអារក្សជាអ្នកភូតភរយ៉ាងណា ស្តីអំពី (ក) យ៉ូប (ខ) យុវជនបីនាក់សាសន៍ហេព្រើរនោះ?
១៣ អស់អ្នកដែលពិតជាស្គាល់ព្រះយេហូវ៉ានឹងមិនបែរចេញពីទ្រង់ទេ ទោះជាពួកគេនៅក្រោមការសាកល្បងយ៉ាងខ្លាំងក៏ដោយ។ សាតាំងបានចោទថា បើយ៉ូបបាត់បង់នូវទ្រព្យសម្បត្ដិជាច្រើន ឬលែងមានសុខភាពល្អ សូម្បីតែយ៉ូបដែលព្រះយេហូវ៉ាសរសើរ ក៏នឹងបោះបង់ចោលព្រះដែរ។ ប៉ុន្តែ យ៉ូបបានសឲ្យឃើញថាអារក្សជាអ្នកភូតភរ ថ្វីបើយ៉ូបឥតដឹងនូវមូលហេតុដែលគាត់មានមហន្តរាយច្រើនម្ល៉េះនោះក្ដី។ (យ៉ូប ២:៩, ១០) ជាច្រើនសតវត្សក្រោយមក សាតាំងនៅតែខំបញ្ជាក់នូវចំណុចរបស់វា ដោយធ្វើឲ្យស្តេចដ៏ឃោរឃៅនៃស្រុកបាប៊ីឡូន គំរាមកំហែងពួកយុវជនសាសន៍ហេព្រើរបីនាក់ថា ពួកគេនឹងត្រូវបោះចូលទៅក្នុងគុកភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅ បើពួកគេមិនថ្វាយបង្គំរូបចម្លាក់ ដែលស្តេចនេះបានតាំងឡើងនោះ។ ពួកគេបានត្រូវជំរុញឲ្យជ្រើសរើសយកការស្ដាប់បង្គាប់តាមបញ្ជារបស់ស្តេចនេះ ឬការស្ដាប់បង្គាប់តាមច្បាប់របស់ព្រះយេហូវ៉ាស្តីអំពីសរណវត្ថុបូជា។ ពួកគេបានប្រាប់យ៉ាងម៉ឺងម៉ាត់ថាពួកគេបំរើព្រះយេហូវ៉ា ហើយថាទ្រង់ជាព្រះមហាក្សត្ររបស់ពួកគេ។ ពួកគេចាត់ទុកថា ការមានសេចក្ដីស្មោះត្រង់ចំពោះព្រះ គឺសំខាន់ជាងជីវិតដែលពួកគេមានទៅទៀត!—ដានីយ៉ែល ៣:១៤-១៨
១៤. ជាមនុស្សឥតគ្រប់ល័ក្ខណ៍ តើយើងអាចសឲ្យឃើញថាយើងពិតជាមានភក្ដីភាពចំពោះព្រះយេហូវ៉ាយ៉ាងណាបាន?
១៤ តើយើងត្រូវសន្និដ្ឋានពីគំរូទាំងនេះថា ភក្ដីភាពចំពោះព្រះយេហូវ៉ាបានន័យថាបុគ្គលម្នាក់ត្រូវតែគ្រប់ល័ក្ខណ៍ ឬថា បុគ្គលណាដែលធ្វើខុសនោះបានទទួលបរាជ័យទាំងស្រុងឬ? មិនមែនដូច្នេះទេ! ព្រះគម្ពីរក៏ចែងថា ជួនកាលលោកម៉ូសេក៏បានធ្វើខុសដែរ។ ព្រះយេហូវ៉ាមិនបានបដិសេធចោលម៉ូសេទេ ថ្វីបើទ្រង់មិនសព្វព្រះហឫទ័យក៏ដោយ។ ពួកសាវ័ករបស់ព្រះយេស៊ូគ្រីស្ទក៏មានភាពទន់ខ្សោយនោះដែរ។ ព្រះយេហូវ៉ាជ្រាបអំពីភាពឥតគ្រប់ល័ក្ខណ៍របស់យើង ក៏សព្វព្រះហឫទ័យបើយើងមិនធ្វើកន្តើយដោយចេតនា ចំពោះបំណងព្រះហឫទ័យរបស់ទ្រង់។ ប្រសិនបើដោយភាពទន់ខ្សោយដែលយើងប្រព្រឹត្តអំពើខុស គឺសំខាន់ណាស់ដែលយើងប្រែចិត្តដោយស្មោះ និងមិនប្រព្រឹត្តអំពើនោះទៀត។ តាមរបៀបនេះ យើងបង្ហាញថាយើងពិតជាស្រឡាញ់អ្វីដែលព្រះយេហូវ៉ាមានបន្ទូលថាល្អ និងស្អប់អ្វីដែលទ្រង់បង្ហាញថាអាក្រក់។ យើងអាចមានឋានៈស្អាតស្អំនៅចំពោះព្រះ ដោយសារយើងមានជំនឿលើយញ្ញបូជារបស់ព្រះយេស៊ូ ដែលមានប្រយោជន៍លោះបាបនោះ។—អេម៉ុស ៥:១៥; កិច្ចការ ៣:១៩; ហេព្រើរ ៩:១៤
១៥. (ក) តើអ្នកណានៅក្នុងចំណោមមនុស្ស ដែលបានរក្សាភក្ដីភាពគ្រប់លក្ខណ៍ចំពោះព្រះ? ហើយតើនេះបានសឲ្យឃើញអំពីអ្វី? (ខ) តើយើងបានទទួលជំនួយយ៉ាងណាពីអ្វីដែលព្រះយេស៊ូបានធ្វើ?
១៥ យ៉ាងណាក៏ដោយ តើការស្ដាប់បង្គាប់យ៉ាងគ្រប់ល័ក្ខណ៍ចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ា ជាអ្វីដែលមនុស្សឥតមានលទ្ធភាពធ្វើឬ? អស់៤.០០០ឆ្នាំមកហើយ ចម្លើយចំពោះរឿងនេះគឺដូចជា‹សេចក្ដីអាថ៌កំបាំងដ៏ពិសិដ្ឋ›។ (ធីម៉ូថេទី១ ៣:១៦) ថ្វីបើអ័ដាមបានត្រូវបង្កើតមកជាមនុស្សគ្រប់ល័ក្ខណ៍ក៏ដោយ តែគាត់ឥតបានទុកគំរូដ៏គ្រប់ល័ក្ខណ៍ស្តីអំពីភក្ដីភាពចំពោះព្រះទេ។ ដូច្នេះ តើអ្នកណាអាចធ្វើបានទៅ? កូនចៅដ៏មានបាបរបស់អ័ដាមច្បាស់ជាពុំអាចធ្វើបានទេ។ ព្រះយេស៊ូជាបុគ្គលតែម្នាក់គត់ដែលបានធ្វើដូច្នេះ។ (ហេព្រើរ ៤:១៥) អ្វីដែលព្រះយេស៊ូបានសម្រេចសឲ្យឃើញថា អ័ដាមដែលមានកាលៈទេសៈដ៏ល្អជាងព្រះយេស៊ូ ក៏អាចរក្សាចិត្តស្មោះគ្រប់លក្ខណ៍បានដែរ បើគាត់ចង់ធ្វើនោះ។ គឺមិនមែនដោយសារកំហុសនៃការបង្កើតរបស់ព្រះទេ។ ដូច្នេះ ព្រះយេស៊ូគ្រីស្ទជាគំរូដែលយើងចង់យកតម្រាប់តាម ក្នុងការស្ដាប់បង្គាប់តាមច្បាប់របស់ព្រះ ហើយក្នុងការមានភក្ដីភាពចំពោះព្រះយេហូវ៉ាជាព្រះមហាក្សត្រសកលលោក។—ចោទិយកថា ៣២:៤, ៥
តើអ្វីជាចម្លើយផ្ទាល់ខ្លួនរបស់យើង?
១៦. ហេតុអ្វីក៏យើងត្រូវប្រុងប្រយ័ត្នដោយឥតឈប់ឈរ ស្តីអំពីការប្រព្រឹត្តរបស់យើងចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ា?
១៦ យើងម្នាក់ៗសព្វថ្ងៃនេះ ត្រូវតែប្រឈមមុខនឹងរឿងទាក់ទងនឹងអធិបតេយ្យសកលលោក។ ប្រសិនបើយើងថ្លែងថាយើងនៅខាងព្រះយេហូវ៉ា នោះសាតាំងនឹងពាធាយើង។ វានឹងធ្វើឲ្យមានការបង្ខិតបង្ខំពីគ្រប់ទិសទី និងបន្តធ្វើដូច្នេះរហូតដល់ទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ។ យើងមិនត្រូវធ្វេសប្រហែសសោះឡើយ។ (ពេត្រុសទី១ ៥:៨) ការប្រព្រឹត្តរបស់យើងបង្ហាញថាយើងនៅខាងអ្នកណា ស្តីអំពីរឿងចំណោទដ៏ធំបំផុតដែលទាក់ទងអធិបតេយ្យរបស់ព្រះយេហូវ៉ា និងរឿងសំខាន់ទីពីរគឺជាការរក្សាភក្ដីភាពគ្រប់លក្ខណ៍ចំពោះព្រះក្រោមការសាកល្បង។ យើងមិនគួរចាត់ទុកការប្រព្រឹត្តដ៏ឥតស្មោះត្រង់ជាអ្វីដែលមិនសំខាន់ ដោយសារទង្វើនេះមានទូទៅក្នុងពិភពលោកនោះទេ។ ការរក្សាចិត្តស្មោះគ្រប់លក្ខណ៍ តម្រូវឲ្យយើងខំអនុវត្តតាមផ្លូវដ៏សុចរិតរបស់ព្រះយេហូវ៉ា ក្នុងគ្រប់វិស័យនៃជីវិត។
១៧. តើការភូតភរនិងការលួចមានកំណើតពីណា ដែលបណ្ដាលឲ្យយើងត្រូវបដិសេធចោលនោះ?
១៧ ជាឧទាហរណ៍ យើងមិនអាចធ្វើតាមសាតាំងទេ ដែល«វាជាអ្នកកំភូត ហើយជាឪពុកនៃសេចក្ដីនោះ»។ (យ៉ូហាន ៨:៤៤) យើងត្រូវប្រព្រឹត្តដោយស្មោះត្រង់គ្រប់ប្រការទាំងអស់។ ក្នុងរបបលោកីយ៍របស់សាតាំង ពួកយុវវ័យគឺឥតស្មោះត្រង់ចំពោះមាតាបិតារបស់ខ្លួនទេ។ ប៉ុន្តែ ពួកយុវវ័យគ្រីស្ទានជៀសវាងពីការប្រព្រឹត្តដូចនេះ។ ដោយធ្វើយ៉ាងនេះពួកគេសឲ្យឃើញថា ការចោទរបស់សាតាំងគឺមិនពិតទៅវិញ ពេលវាថារាស្ត្ររបស់ព្រះនឹងលែងមានចិត្តស្មោះគ្រប់លក្ខណ៍ ពេលមានការសាកល្បង។ (យ៉ូប ១:៩-១១; សុភាសិត ៦:១៦-១៩) ហើយដោយការប្រព្រឹត្តរបស់យើងខាងផ្នែកពាណិជ្ជកម្ម ក៏បង្ហាញថាបុគ្គលម្នាក់នៅខាង‹ឪពុកនៃសេចក្ដីភូតភរ› ជាជាងនៅខាងព្រះនៃសេចក្ដីពិត។ ការប្រព្រឹត្តដូចនេះក៏យើងត្រូវបដិសេធចោលដែរ។ (មីកា ៦:១១, ១២) ការលួចក៏មិនត្រឹមត្រូវដែរ ទោះជាបុគ្គលម្នាក់ក្រខ្សត់ ឬបើលួចពីបុគ្គលដែលមានទ្រព្យសម្បត្ដិច្រើនក៏ដោយ។ (សុភាសិត ៦:៣០, ៣១; ពេត្រុសទី១ ៤:១៥) ទោះជាការប្រព្រឹត្តបែបនេះគឺមានទូទៅក្នុងកន្លែងយើងរស់នៅក៏ដោយ ឬក៏ជាការលួចរបស់តិចតួចប៉ុណ្ណោះ ក៏នៅតែប្រឆាំងនឹងច្បាប់របស់ព្រះដែរ។—លូកា ១៦:១០; រ៉ូម ១២:២; អេភេសូរ ៤:២៨
១៨. (ក) នៅទីបញ្ចប់នៃការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ តើនឹងមានការសាកល្បងណាដល់មនុស្សទាំងអស់? (ខ) តើទម្លាប់បែបណាដែលយើងត្រូវបណ្ដុះបណ្ដាលឲ្យមាននៅឥឡូវនេះ?
១៨ ក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទ សាតាំងនិងពួកបិសាចរបស់វានឹងត្រូវឃុំឃាំងក្នុងជង្ហុកធំ ឲ្យលែងមានអានុភាពលើមនុស្សលោកទៀត។ នេះនឹងនាំឲ្យមានការធូរស្រាលយ៉ាងណាទៅហ្ន៎! ប៉ុន្តែ ក្រោយពីមួយពាន់ឆ្នាំនោះ ពួកវានឹងត្រូវដោះលែងចេញអស់មួយរយៈខ្លី។ សាតាំងនិងអស់អ្នកដែលធ្វើតាមវានឹងបង្ខំពួកមនុស្សដែលបានស្ដារឡើងវិញ ដែលកំពុងតែរក្សាចិត្តស្មោះគ្រប់លក្ខណ៍ចំពោះព្រះ។ (វិវរណៈ ២០:៧-១០) បើយើងមានឯកសិទ្ធិរស់នៅពេលនោះ តើយើងនឹងប្រព្រឹត្តយ៉ាងណាស្តីអំពីរឿងទាក់ទង នឹងអធិបតេយ្យសកលលោករបស់ព្រះនោះ? មនុស្សលោកទាំងអស់នៅគ្រានោះជាមនុស្សគ្រប់ល័ក្ខណ៍ ដូច្នេះការប្រព្រឹត្តដ៏មិនស្មោះត្រង់ណា ដែលធ្វើឡើងដោយចេតនា នឹងទទួលសេចក្ដីហិនវិនាសជារៀងរហូតជាក់ជាពុំខាន។ គឺសំខាន់ណាស់ដែលយើងបណ្ដុះបណ្ដាលនូវទម្លាប់ឥឡូវនេះ គឺការប្រព្រឹត្តដ៏ល្អចំពោះសេចក្ដីណែនាំពីព្រះយេហូវ៉ា មិនថាតាមរយៈបន្ទូលឬអង្គការរបស់ទ្រង់ក៏ដោយ! បើយើងធ្វើដូច្នេះ យើងបង្ហាញថាយើងមានភក្ដីភាពដ៏ស្មោះចំពោះព្រះជាព្រះមហាក្សត្រសកលលោក។
ការពិគ្រោះសាឡើងវិញ
• តើរឿងដ៏ធំអ្វីដែលយើងគ្រប់គ្នាត្រូវតែប្រឈមមុខ? តើនេះទាក់ទងនឹងយើងយ៉ាងដូចម្ដេច?
• តើអ្វីគឺអស្ចារ្យអំពីរបៀបដែលមនុស្សប្រុសស្រីនៅសម័យបុរាណ បានសឲ្យឃើញនូវភក្ដីភាពចំពោះព្រះយេហូវ៉ា?
• ហេតុអ្វីក៏សំខាន់ដែលយើងផ្ដល់កិត្ដិយសចំពោះព្រះយេហូវ៉ាដោយការប្រព្រឹត្តរបស់យើងជារៀងរាល់ថ្ងៃ?