បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wt ជំ. ១២ ទំ. ១១០-១១៩
  • អត្ថន័យនៃពិធីជ្រមុជទឹករបស់អ្នក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អត្ថន័យនៃពិធីជ្រមុជទឹករបស់អ្នក
  • ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ពិធី​ជ្រមុជ​ទឹក​ដែល​យ៉ូហាន​បាន​ធ្វើ
  • ពិធី​ជ្រមុជ​ទឹក​របស់​ពួក​សិស្ស​គ្រីស្ទាន
  • ការ​រស់​នៅ​ឲ្យ​ស្រប​តាម ការ​ថ្វាយ​ខ្លួន​និង​ពិធី​ជ្រមុជ​ទឹក​របស់​យើង
  • តើ​ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី?
    សំណួរនិងចម្លើយពីគម្ពីរ
  • ហេតុអ្វីយើងទទួលបុណ្យជ្រមុជទឹក?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • សូមអ្នកតាំងគោលបំណងបំរើព្រះជារៀងរហូត
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ការជ្រមុជទឹក ជាគោលដៅដ៏ល្អប្រសើរ!
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
ចូរថ្វាយបង្គំព្រះពិតតែមួយ
wt ជំ. ១២ ទំ. ១១០-១១៩

ជំពូក​ទី​ដប់​ពីរ

អត្ថន័យ​នៃ​ពិធី​ជ្រមុជ​ទឹក​របស់​អ្នក

១​. ហេតុ​អ្វី​ក៏​ពិធី​ជ្រមុជ​ទឹក​គួរ​ជា​ទី​ចាប់​អារម្មណ៍​ចំពោះ​ខ្លួន​យើង​ផ្ទាល់?

នៅ​ក្នុង​ឆ្នាំ​២៩ ស.យ.​យ៉ូហាន​បាន​ធ្វើ​ជ្រមុជ​ទឹក​ថ្វាយ​ព្រះ​យេស៊ូ​នៅ​ទន្លេ​យ័រដាន់។ ព្រះ​យេហូវ៉ា​ក៏​បាន​ទត​ឃើញ​និង​បាន​បង្ហាញ​នូវ​ការ​យល់​ព្រម​ដែរ។ (ម៉ាថាយ ៣:​១៦, ១៧) ដូច្នេះ​ហើយ ព្រះ​យេស៊ូ​បាន​តាំង​គំរូ​ទុក​ឲ្យ​ពួក​សិស្ស​របស់​ទ្រង់​ធ្វើ​តាម។ បី​ឆ្នាំ​ប្រាំ​មួយ​ខែ​ក្រោយ​មក ព្រះ​យេស៊ូ​ប្រទាន​នូវ​សេចក្ដី​ណែនាំ​នេះ​ដល់​ពួក​សិស្ស​របស់​ទ្រង់​ថា⁠៖ «គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង ដូច្នេះ ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចុះ!»។ (ម៉ាថាយ ២៨:​១៨, ១៩) តើ​អ្នក​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ស្រប​តាម​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​បង្គាប់​ឬ​ទេ? បើ​មិន​ដូច្នេះ​ទេ តើ​អ្នក​កំពុង​តែ​ត្រៀម​លក្ខណៈ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេស៊ូ​ឬ​ទេ?

២​. ស្តី​អំពី​ពិធី​ជ្រមុជ​ទឹក តើ​មាន​សំនួរ​ណា​ខ្លះ​ដែល​ត្រូវ​ការ​ចម្លើយ​នោះ?

២ ទោះ​ជា​អ្នក​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​រួច​ហើយ ឬ​បំ​រុង​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ក៏​ដោយ ការ​យល់​ច្បាស់​អំពី​ពិធី​ជ្រមុជ​ទឹក​គឺ​សំខាន់​ចំពោះ​គ្រប់​គ្នា​ដែល​ចង់​បំរើ​ព្រះ​យេហូវ៉ា និង​ចង់​រស់​នៅ​ក្នុង​ពិភពលោក​ថ្មី​ដ៏​សុចរិត​របស់​ទ្រង់។ សំនួរ​ដែល​ត្រូវ​ការ​ចម្លើយ គឺ​មាន​ដូច​ជា⁠៖ តើ​ពិធី​ជ្រមុជ​ទឹក​របស់​ជន​គ្រីស្ទាន​សព្វ​ថ្ងៃ​នេះ​មាន​អត្ថន័យ​ដូច​គ្នា​នឹង​ពិធី​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ​ឬ​ទេ? តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«[ក្នុង]ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ»​មាន​ន័យ​យ៉ាង​ណា? តើ​ការ​រស់​នៅ​តាម​អ្វី​ដែល​ពិធី​ជ្រមុជ​ទឹក​តំណាង​នោះ​រួម​បញ្ចូល​អ្វី​ខ្លះ?

ពិធី​ជ្រមុជ​ទឹក​ដែល​យ៉ូហាន​បាន​ធ្វើ

៣​. តើ​ពិធី​ជ្រមុជ​ទឹក​ដែល​យ៉ូហាន​ធ្វើ​នោះ​គឺ​សំរាប់​តែ​ពួក​ណា?

៣ ប្រាំ​មួយ​ខែ​មុន​នឹង​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​យ៉ូហាន-បាទីស្ទ​បាន​ចេញ​ទៅ​ផ្សព្វផ្សាយ​ក្នុង​ទី​រហោ​ស្ថាន​នៃ​ស្រុក​យូដា ដោយ​ពោល​ថា⁠៖ «ចូរ​ឲ្យ​ប្រែ​ចិត្ត​ចុះ! ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ»។ (ម៉ាថាយ ៣:​១, ២) ប្រជាជន​បាន​ឮ​អ្វី​ដែល​យ៉ូហាន​បាន​ប្រកាស ហើយ​ក៏​ធ្វើ​តាម​សេចក្ដី​ដាស់​តឿន​នោះ​ផង​ដែរ។ ពួក​គេ​បាន​សារភាព​នូវ​អំពើ​បាប​របស់​ពួក​គេ​ដោយ​ឥត​លាក់​លៀម និង​បាន​ប្រែ​ចិត្ត​ពី​កំហុស​នោះ ហើយ​ក៏​បាន​មក​ឯ​យ៉ូហាន​ឲ្យ​គាត់​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ក្នុង​ទន្លេ​យ័រដាន់។ ពិធី​ជ្រមុជ​ទឹក​នោះ​គឺ​សំរាប់​តែ​សាសន៍​យូដា​ទេ។​—⁠លូកា ១:​១៣​-​១៦; កិច្ចការ ១៣:​២៣, ២៤

៤​. ហេតុ​អ្វី​ក៏​សាសន៍​យូដា​នៅ​សតវត្ស​ទី​មួយ​ត្រូវ​តែ​ប្រែ​ចិត្ត​ជា​បន្ទាន់​នោះ?

៤ ពួក​យូដា​ទាំង​នោះ​ត្រូវ​តែ​ប្រែ​ចិត្ត​ជា​បន្ទាន់។ ព្រោះ​ឰយុកោ​របស់​ពួក​គេ​បាន​ចូល​ក្នុង​កិច្ច​ព្រម​ព្រៀង​ជាតិ ដែល​ជា​កិច្ច​ព្រម​ព្រៀង​ដ៏​ឧឡារិក​និង​ជា​ផ្លូវការ​ជា​មួយ​នឹងព្រះ​យេហូវ៉ា​នៅ​ឆ្នាំ​១៥១៣ ម.ស.យ.​នៅ​ឯ​ភ្នំ​ស៊ីណាយ។ ប៉ុន្តែ ដោយសារ​អំពើ​បាប​ដ៏​លាមក​របស់​ពួក​ឰយុកោ​ទាំង​នោះ ពួក​គេ​ពុំ​បាន​បំពេញ​ភារកិច្ច​របស់​ពួក​គេ​តាម​កិច្ច​ព្រម​ព្រៀង​នោះ​ទេ ដូច្នេះ​ពួក​គេ​ត្រូវ​បាន​ផ្ដន្ទា​ទោស​ដោយ​កិច្ច​ព្រម​ព្រៀង​នោះ​វិញ។ មក​ដល់​សម័យ​របស់​ព្រះ​យេស៊ូ នោះ​សភាព​នៃ​បាប​របស់​ពួក​គេ​គឺ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង⁠ៗ។ «ថ្ងៃ​ដ៏​ធំ​ហើយ​គួរ​ស្ញែង​ខ្លាច​របស់​ព្រះ​យេហូវ៉ា»​ដែល​ម៉ាឡាគី​បាន​ទាយ​គឺ​ជិត​ដល់​ហើយ។ «ថ្ងៃ»​នោះ​បាន​មក​ដល់​នៅ​ឆ្នាំ​៧០ ស.យ. ពេល​ពួក​ទ័ព​រ៉ូម​បាន​កំទេច​ចោល​ទី​ក្រុង​យេរូសាឡិម និង​ព្រះ​វិហារ​នៅ​ទី​នោះ ហើយ​ថែម​ទាំង​សម្លាប់​ពួក​គេ​អស់​ជាង​មួយ​លាន​នាក់។ យ៉ូហាន​អ្នក​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក ដែល​មាន​ចិត្ត​ខ្នះខ្នែង​ចំពោះ​ការ​ថ្វាយ​បង្គំ​ពិត បាន​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​«រៀប​ចំ​មនុស្ស​១​ពួក​ទុក​ជា​ស្រេច សំរាប់​ជា​រាស្ត្រ​របស់​ព្រះ​អម្ចាស់» មុន​នឹង​សេចក្ដី​ហិនវិនាស​នោះ​មក​ដល់។ សាសន៍​យូដា​ត្រូវ​តែ​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​ពួក​គេ ដែល​បាន​បំពាន​លើ​កិច្ច​ព្រម​ព្រៀង​ខាង​ក្រិត្យ​វិន័យ​របស់​ម៉ូសេ។ ហើយ​ជួយ​ពួក​គេ​ត្រៀម​ខ្លួន​ជា​មុន​ដើម្បី​ទទួល​រាជបុត្រា​របស់​ព្រះ ដែល​ព្រះ​យេហូវ៉ា​បាន​បញ្ជូន​ទ្រង់​ទៅ​ឯ​ពួក​គេ​នោះ។​—⁠ម៉ាឡាគី ៤:​៤​-​៦; លូកា ១:⁠១៧; កិច្ចការ ១៩:៤

៥​. (ក) ពេល​ព្រះ​យេស៊ូ​បាន​មក​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហេតុ​អ្វី​បាន​ជា​យ៉ូហាន​ប្រកែក? (ខ) តើ​ពិធី​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ​តំណាង​អ្វី?

៥ ព្រះ​យេស៊ូ​ក៏​នៅ​ក្នុង​ចំណោម​បណ្ដាជន​ដែល​មក​ឯ​យ៉ូហាន ដើម្បី​នឹង​ទទួល​បុណ្យ​ជ្រមុជ​ពី​គាត់​ដែរ។ ប៉ុន្តែ ហេតុ​អ្វី? យ៉ូហាន​ដឹង​ថា ព្រះ​យេស៊ូ​ឥត​មាន​អំពើ​បាប​ដើម្បី​មក​សារភាព​នោះ​ទេ។ យ៉ូហាន​ក៏​បាន​ទូល​ទ្រង់​ថា⁠៖ «ដូច​ម្ដេច​បាន​ជា​ទ្រង់​យាង​មក​ឯ​ទូល​បង្គំ គឺ​ទូល​បង្គំ​ដែល​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ពី​ទ្រង់​វិញ​ទេ​តើ?»។ ប៉ុន្តែ ពិធី​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ គឺ​ត្រូវ​តំណាង​អ្វី​មួយ​ផ្សេង​ទៀត។ ដូច្នេះ ព្រះ​យេស៊ូ​បាន​តប​ថា⁠៖ «ចូរ​ធ្វើ​ម្ដង​នេះ​ចុះ! ដ្បិត​គួរ​ឲ្យ​យើង​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​យ៉ាង​ដូច្នេះ»។ (ម៉ាថាយ ៣:​១៣​-​១៥) ពិធី​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ​មិន​បាន​តំណាង​ការ​ប្រែ​ចិត្ត​ពី​អំពើ​បាប​នោះ​ទេ ពីព្រោះ​ទ្រង់​ឥត​មាន​បាប​សោះ ហើយ​ក៏​មិន​មាន​ន័យ​ថា ទ្រង់​ត្រូវ​ថ្វាយ​ខ្លួន​ទ្រង់​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ ពីព្រោះ​ទ្រង់​ជា​សមាជិក​នៃ​សាសន៍​ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​រួច​ទៅ​ហើយ។ ផ្ទុយ​ទៅ​វិញ ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពេល​ទ្រង់​មាន​ព្រះ​ជន្ម​៣០​ឆ្នាំ គឺ​មាន​លក្ខណៈ​ពិសេស​ចំពោះ​ទ្រង់ ហើយ​ពិធី​ជ្រមុជ​ទឹក​នេះ​ក៏​តំណាង​ផង​ដែរ​នូវ​ការ​ប្រគល់​អង្គ​ទ្រង់​ចំពោះ​ព្រះ​វរបិតា​ទ្រង់​នៅ​ស្ថានសួគ៌ ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​ឯ​ទៀត​របស់​ព្រះ។

៦​. តើ​ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ គឺ​សំខាន់​យ៉ាង​ណា​ចំពោះ​ព្រះ​យេស៊ូ?

៦ បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ​ចំពោះ​ព្រះ​គ្រីស្ទ​យេស៊ូ គឺ​រួម​បញ្ចូល​កិច្ចការ​ដែល​ទាក់ទង​នឹង​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ (លូកា ៨:⁠១) ព្រះ​ហឫទ័យ​ព្រះ​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ការ​បូជា​ជីវិត​របស់​ទ្រង់​ជា​មនុស្ស​ដ៏​គ្រប់​ល័ក្ខណ៍​ទុក​ជា​តម្លៃ​លោះ និង​ជា​មូលដ្ឋាន​នៃ​កិច្ច​ព្រម​ព្រៀង​ថ្មី។ (ម៉ាថាយ ២០:⁠២៨; ២៦:​២៦​-​២៨; ហេព្រើរ ១០:​៥​-​១០) ព្រះ​យេស៊ូ​ចាត់​ទុក​ពិធី​ជ្រមុជ​ទឹក​របស់​ទ្រង់​ជា​ពិធី​ដ៏​សំខាន់​ណាស់។ ទ្រង់​មិន​ឲ្យ​ស្មារតី​របស់​ទ្រង់​ត្រូវ​បង្វែរ​ដោយ​រឿង​អ្វី​ផ្សេងៗឡើយ។ ទ្រង់​បាន​ធ្វើ​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​យ៉ាង​ស្មោះត្រង់​រហូត​ដល់​ទីបញ្ចប់​នៃ​ព្រះ​ជន្ម​របស់​ទ្រង់​លើ​ផែនដី​នេះ ដោយ​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ ជា​កិច្ចការ​ដ៏​ចំ​បង​របស់​ទ្រង់។​—⁠យ៉ូហាន ៤:⁠៣៤

ពិធី​ជ្រមុជ​ទឹក​របស់​ពួក​សិស្ស​គ្រីស្ទាន

៧​. តាំង​ពី​បុណ្យ​ថ្ងៃ​ទី៥០​នៅ​ឆ្នាំ​៣៣ ស.យ. តើ​ពួក​គ្រីស្ទាន​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ​អ្វី​ដែល​ទាក់ទង​នឹង​ពិធី​ជ្រមុជ​ទឹក?

៧ យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ពួក​សិស្ស​ដំបូង​របស់​ព្រះ​យេស៊ូ ហើយ​ក្រោយ​មក​ក៏​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​ព្រះ​យេស៊ូ ឲ្យ​មាន​លទ្ធភាព​ក្លាយ​ជា​សមាជិក​នៅ​អនាគត​ក្នុង​ព្រះ​រាជាណាចក្រ​នៅ​ស្ថានសួគ៌។ (យ៉ូហាន ៣:​២៥​-​៣០) ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​យេស៊ូ នោះ​ពួក​សិស្ស​ទាំង​នេះ​ក៏​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ដទៃ​ដែរ ហើយ​ពិធី​ជ្រមុជ​ទឹក​ដែល​ពួក​គេ​ធ្វើ ក៏​មាន​អត្ថន័យ​ដូច​គ្នា​នឹង​ពិធី​ជ្រមុជ​ទឹក​ដែល​យ៉ូហាន​បាន​ធ្វើ​ដែរ។ (យ៉ូហាន ៤:​១, ២) ប៉ុន្តែ ចាប់​ផ្ដើម​ពី​បុណ្យ​ថ្ងៃ​ទី៥០​នៅ​ឆ្នាំ​៣៣ ស.យ. ពួក​សិស្ស​ក៏​ចាប់​ផ្ដើម​សម្រេច​នូវ​មុខ​ងារ​នៃ​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​«ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។ (ម៉ាថាយ ២៨:⁠១៩) អ្នក​នឹង​ទទួល​នូវ​ផល​ប្រយោជន៍​ជា​ច្រើន ពេល​អ្នក​ពិនិត្យ​មើល​នូវ​អត្ថន័យ​នៃ​បុណ្យ​ជ្រមុជ​ទឹក​បែប​នោះ។

៨​. តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា»​មាន​ន័យ​យ៉ាង​ណា?

៨ តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា»​មាន​ន័យ​យ៉ាង​ណា? នេះ​សំដៅ​ទៅ​លើ​ការ​ទទួល​ស្គាល់​ព្រះ​នាម​របស់​ទ្រង់ ទទួល​ស្គាល់​តំណែង អំណាច​គ្រប់គ្រង គោល​បំណង និង​ច្បាប់​របស់​ទ្រង់។ ចូរ​គិត​អំពី​អ្វី​ដែល​នេះ​រួម​បញ្ចូល។ (១) ចំពោះ​ព្រះ​នាម​របស់​ទ្រង់ ទំនុកដំកើង ៨៣:⁠១៨ ចែង​ថា⁠៖ «គឺ​ទ្រង់​តែ​១​អង្គ ព្រះ​នាម​ជា​យេហូវ៉ា ដែល​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល»។ (២) ស្តី​អំពី​តំណែង​របស់​ទ្រង់ ពង្សាវតារក្សត្រទី២ ១៩:⁠១៥ ចែង​ថា⁠៖ ‹ឱ​ព្រះ​យេហូវ៉ា គឺ​ទ្រង់​តែ​មួយ​ជា​ព្រះ​ដ៏​ពិត›។ (៣) ចំពោះ​អំណាច​គ្រប់គ្រង​របស់​ទ្រង់ វិវរណៈ ៤:⁠១១ ចែង​ថា⁠៖ «ឱ​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ! ទ្រង់​គួរ​នឹង​ទទួល​សិរី​ល្អ កិត្ដិនាម នឹង​ព្រះ​ចេស្ដា ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ហើយ​គឺ​ដោយ​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ហើយ ដែល​របស់​ទាំង​នោះ​បាន​កើត​មក ហើយ​មាន​នៅ​ផង»។ (៤) យើង​ក៏​ត្រូវ​ទទួល​ស្គាល់​ថា ព្រះ​យេហូវ៉ា​ជា​ព្រះ​អង្គ​ប្រទាន​ជីវិត ដែល​មាន​បំណង​សង្គ្រោះ​យើង​ពី​បាប​និង​សេចក្ដី​ស្លាប់។ «ឯ​សេចក្ដី​សង្គ្រោះ នោះ​ស្រេច​នៅ​ព្រះ​យេហូវ៉ា»។ (ទំនុកដំកើង ៣:​៨; ៣៦:⁠៩) (៥) យើង​ត្រូវ​តែ​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​មាន​សិទ្ធិ​ច្រើន​បំផុត​ក្នុង​ការ​ប្រទាន​ច្បាប់​ដល់​យើង។ «ព្រះ​យេហូវ៉ា​ទ្រង់​ជា​ចៅក្រម​នៃ​យើង​រាល់​គ្នា ព្រះ​យេហូវ៉ា​ទ្រង់​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ​យេហូវ៉ា​ទ្រង់​ជា​មហាក្សត្រ​នៃ​យើង​រាល់​គ្នា»។ (អេសាយ ៣៣:⁠២២) ពីព្រោះ​ព្រះ​យេហូវ៉ា​មាន​តំណែង​ទាំង​នេះ នោះ​យើង​បាន​ត្រូវ​ដាស់​តឿន​ថា⁠៖ «ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង»។​—⁠ម៉ាថាយ ២២:⁠៣៧

៩​. តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«ដោយ​នូវ​ព្រះ​នាម . . . ព្រះ​រាជបុត្រា»​មាន​ន័យ​យ៉ាង​ណា?

៩ តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«ដោយ​នូវ​ព្រះ​នាម . . . ព្រះ​រាជបុត្រា»​មាន​ន័យ​យ៉ាង​ណា? នេះ​ក៏​មាន​ន័យ​ថា​ទទួល​ស្គាល់​ព្រះ​នាម តំណែង និង​អំណាច​គ្រប់គ្រង​របស់​ព្រះ​យេស៊ូ​គ្រីស្ទ​ផង​ដែរ។ ព្រះ​នាម​របស់​ព្រះ​យេស៊ូ​មាន​ន័យ​ថា «ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្គ្រោះ»។ ព្រះ​យេស៊ូ​ទទួល​តំណែង​របស់​ទ្រង់ ដោយសារ​ទ្រង់​ជា​រាជបុត្រា​តែ​មួយ​គត់​ដែល​ព្រះ​បង្កើត​ផ្ទាល់ ជា​ការ​បង្កើត​ដំបូង​របស់​ព្រះ។ (ម៉ាថាយ ១៦:⁠១៦; កូល៉ុស ១:​១៥, ១៦) យ៉ូហាន ៣:⁠១៦ ចែង​អំពី​រាជបុត្រា​របស់​ព្រះ​ថា⁠៖ «ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក[មនុស្ស​ជាតិ​ដែល​អាច​រំដោះ​ពី​បាប]​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ​រាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ»។ ដោយសារ​ព្រះ​យេស៊ូ​បាន​រក្សា​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ទ្រង់​សោយទិវង្គត​នោះ ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ និង​ប្រទាន​ឲ្យ​ទ្រង់​នូវ​អំណាច​គ្រប់គ្រង​ថែម​ទៀត។ យោង​ទៅ​តាម​សាវ័ក​ប៉ុល ព្រះ​«បាន​លើក​ទ្រង់​ឡើង​យ៉ាង​ខ្ពស់»​ក្នុង​សកលលោក​ឲ្យ​ទទួល​ឋានៈ​ខ្ពស់​បន្ទាប់​ពី​ព្រះ​យេហូវ៉ា។ ហេតុ​នេះ​ហើយ​បាន​ជា​«កាល​ណា​ឮ​ព្រះ​នាម​ព្រះ​យេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់ . . . ហើយ​ឲ្យ​គ្រប់​ទាំង​អណ្ដាត​បាន​ថ្លែង​ប្រាប់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​ជា​ព្រះ​អម្ចាស់ សំរាប់​ជា​សិរី​ល្អ​ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា»។ (ភីលីព ២:​៩-១១) នេះ​បាន​សេចក្ដី​ថា យើង​ស្ដាប់​បង្គាប់​តាម​បញ្ញត្ត​របស់​ព្រះ​យេស៊ូ ដែល​បាន​ចេញ​មក​ពី​ព្រះ​យេហូវ៉ា​ផ្ទាល់​នោះ។​—⁠យ៉ូហាន ១៥:⁠១០

១០​. តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«ដោយ​នូវ​ព្រះ​នាម . . . ព្រះ​វិញ្ញាណ​បរិសុទ្ធ»​មាន​ន័យ​យ៉ាង​ណា?

១០ តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«ដោយ​នូវ​ព្រះ​នាម . . . ព្រះ​វិញ្ញាណ​បរិសុទ្ធ»​មាន​ន័យ​យ៉ាង​ណា? នេះ​មាន​ន័យ​ថា យើង​ទទួល​ស្គាល់​នូវ​តួ​នាទី​និង​សកម្មភាព​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ តើ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជា​អ្វី? ព្រះ​វិញ្ញាណ​បរិសុទ្ធ​គឺ​ជា​សកម្ម​ពល​របស់​ព្រះ​យេហូវ៉ា ដែល​ទ្រង់​ប្រើ​ដើម្បី​សម្រេច​គោល​បំណង​របស់​ទ្រង់។ ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​អ្នក​កាន់​តាម​ទ្រង់​ថា⁠៖ ‹នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះ​វរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ជំនួយ មក​អ្នក​រាល់​គ្នា​ឲ្យ​បាន​គង់​នៅ​ជា​មួយ​នៅ​អស់កល្ប​រៀង​ទៅ គឺ​ជា​ព្រះ​វិញ្ញាណ​នៃ​សេចក្ដី​ពិត›។ (យ៉ូហាន ១៤:​១៦, ១៧) តើ​ព្រះ​វិញ្ញាណ​នឹង​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ទៅ? ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​ពួក​គេ​ទៀត​ថា⁠៖ «កាល​ណា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ​ចេស្ដា ហើយ​នឹង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា នឹង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង»។ (កិច្ចការ ១:⁠៨) តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​ព្រះ​យេហូវ៉ា​ក៏​បាន​បណ្ដាល​ឲ្យ​តែង​ព្រះ​គម្ពីរ​ដែរ គឺ​ថា⁠៖ «សេចក្ដី​ទំនាយ​មិន​ដែល​មក ដោយ​បំណង​ចិត្ត​មនុស្ស​ទេ គឺ​ជា​មនុស្ស​បរិសុទ្ធ​របស់​ព្រះ ដែល​បាន​ទាយ ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់​បណ្ដាល​វិញ»។ (ពេត្រុសទី២ ១:⁠២១) ដូច្នេះ យើង​ត្រូវ​ទទួល​ស្គាល់​តួ​នាទី​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពេល​យើង​សិក្សា​ព្រះ​គម្ពីរ។ វិធី​មួយ​ទៀត ដែល​យើង​ទទួល​ស្គាល់​តួ​នាទី​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​ដោយ​ទូល​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​យើង​បង្កើត​«ផលផ្លែ​នៃ​ព្រះ​វិញ្ញាណ»។ នោះ​គឺ​ជា​«សេចក្ដី​ស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះ​ត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត»។​—⁠កាឡាទី ៥:​២២, ២៣

១១​. (ក) តើ​ពិធី​ជ្រមុជ​ទឹក​នៅ​សម័យ​យើង​មាន​ន័យ​យ៉ាង​ណា? (ខ) តើ​តាម​របៀប​ណា​ដែល​ពិធី​ជ្រមុជ​ទឹក គឺ​ប្រៀប​ដូច​ជា​ស្លាប់​ទៅ ហើយ​ត្រូវ​ងើប​ឡើង​វិញ?

១១ ពួក​អ្នក​ដំបូង​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​សម​ស្រប​តាម​សេចក្ដី​បង្គាប់​របស់​ព្រះ​យេស៊ូ គឺ​ជា​សាសន៍​យូដា​និង​អ្នក​ចូល​សាសនា​យូដា ដែល​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ៣៣ ស.យ.។ ក្រោយ​ពី​នោះ​បន្ដិច​មក ឱកាស​ដ៏​វិសេស​នេះ ក្នុង​ការ​ធ្វើ​ជា​សិស្ស​ព្រះ​គ្រីស្ទ គឺ​មាន​សំរាប់​ពួក​សាសន៍​សាម៉ារី។ បន្ទាប់​មក​នៅ​ឆ្នាំ​៣៦ ស.យ. សេចក្ដី​អញ្ជើញ​នេះ​ក៏​មាន​ការ​អញ្ជើញ​ចំពោះ​សាសន៍​ដទៃ​ដែល​ឥត​កាត់​ស្បែក​ផង​ដែរ។ ពួក​សាសន៍​សាម៉ារី​និង​សាសន៍​ដទៃ​ត្រូវ​តែ​ធ្វើ​ការ​ថ្វាយ​ខ្លួន​ផ្ទាល់​ចំពោះ​ព្រះ​យេហូវ៉ា​ដើម្បី​បំរើ​ទ្រង់​និង​ជា​សិស្ស​នៃ​រាជបុត្រា​របស់​ទ្រង់ មុន​នឹង​ពួក​គេ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ នេះ​ក៏​បន្ត​មាន​ន័យ​ដូច្នេះ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ចំពោះ​ពិធី​ជ្រមុជ​ទឹក​របស់​គ្រីស្ទាន។ ការ​ជ្រមុជ​រូប​កាយ​ទាំង​មូល​ទៅ​ក្នុង​ទឹក​គឺ​ជា​និមិត្តរូប​ដ៏​សម​ហេតុ​ផល​នៃ​ការ​ឧទ្ទិស​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ ពីព្រោះ​ពិធី​ជ្រមុជ​ទឹក​គឺ​ជា​កិច្ច​បញ្ចុះ​សព​ជា​និមិត្តរូប។ ពេល​ដែល​អ្នក​ត្រូវ​ពន្លិច​ទៅ​ក្នុង​ទឹក នេះ​តំណាង​ថា​អ្នក​បាន​ស្លាប់​ពី​គន្លង​ជីវិត​ដើម​របស់​អ្នក។ ពេល​ដែល​អ្នក​ងើប​ចេញ​ពី​ទឹក​វិញ តំណាង​ថា​អ្នក​មាន​ជីវិត​ឡើង​វិញ​ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ។ ‹ពិធី​ជ្រមុជ​ទឹក​មួយ›​នេះ​គឺ​សំរាប់​តែ​ពួក​អ្នក​ដែល​នឹង​ក្លាយ​ទៅ​ជា​គ្រីស្ទាន​ពិត។ នៅ​ឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក នោះ​ពួក​គេ​ក្លាយ​ទៅ​ជា​គ្រីស្ទាន ដែល​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា និង​ជា​អ្នក​បំរើ​ដែល​បាន​តែងតាំង​របស់​ព្រះ។​—⁠អេភេសូរ ៤:៥; កូរិនថូសទី២ ៦:​៣, ៤

១២​. តើ​អ្វី​ជា​គំរូ​នៃ​ពិធី​ជ្រមុជ​ទឹក​ចំពោះ​គ្រីស្ទាន? ហើយ​តើ​នោះ​ជា​គំរូ​យ៉ាង​ដូច​ម្ដេច?

១២ តាម​ទស្សនៈ​របស់​ព្រះ ពិធី​ជ្រមុជ​ទឹក​បែប​នេះ​មាន​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុង​ការ​សង្គ្រោះ​ជីវិត ជា​ឧទាហរណ៍ ក្រោយ​ពី​ពេត្រុស​រៀប​រាប់​ថា ណូអេ​បាន​សាង​សង់​ទូក​ធំ ដែល​គាត់​និង​គ្រួសារ​របស់​គាត់​ចូល​ក្នុង​ទូក​ឲ្យ​បាន​សង្គ្រោះ​ពី​ទឹក​ជំនន់ នោះ​ពេត្រុស​ក៏​បាន​សរសេរ​ថា⁠៖ «នោះ​ហើយ​ជា​គំរូ​ពី​បុណ្យ​ជ្រមុជ ដែល​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ការ​សំអាត​ក្អែល​របស់​រូប​សាច់​ចេញ​ទេ គឺ​ជា​សេចក្ដី​សន្មតិ​របស់​បញ្ញា​ចិត្ត​ដ៏​ជ្រះថ្លា​ចំពោះ​ព្រះ​វិញ ដោយសារ​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ»។ (ពេត្រុសទី១ ៣:⁠២១) ទូក​ធំ​នេះ​ជា​ភស្តុតាង​ដ៏​ជាក់​ច្បាស់​ថា ណូអេ​បាន​ធ្វើ​កិច្ចការ​ដែល​ព្រះ​បាន​ចាត់​ឲ្យ​គាត់​ធ្វើ​យ៉ាង​ស្មោះ​ស្ម័គ្រ។ ក្រោយ​ពី​សាង​សង់​ទូក​ធំ​នេះ​ចប់​ហើយ នោះ​‹លោកីយ​ត្រូវ​ទឹក​ជន់​លិច​បំផ្លាញ​ទៅ›។ (ពេត្រុសទី២ ៣:⁠៦) ប៉ុន្តែ ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​«គឺ​៨​នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ដោយសារ​ទឹក»។​—⁠ពេត្រុសទី១ ៣:⁠២០

១៣​. តើ​គ្រីស្ទាន​ម្នាក់​ត្រូវ​សង្គ្រោះ​ពី​អ្វី​ដោយសារ​ពិធី​ជ្រមុជ​ទឹក?

១៣ សព្វ​ថ្ងៃ​នេះ អស់​អ្នក​ដែល​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា ដែល​មាន​ជំនឿ​ជា​មូលដ្ឋាន​លើ​ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ អ្នក​នោះ​ក៏​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដើម្បី​បង្ហាញ​នូវ​ការ​ថ្វាយ​ខ្លួន​នោះ​ដែរ។ ពួក​គេ​នឹង​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ពួក​គេ​នឹង​ត្រូវ​សង្គ្រោះ​ពី​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​នៅ​បច្ចុប្បន្ន​នេះ​ដែរ។ (កាឡាទី ១:​៣, ៤) ពួក​គេ​នឹង​លែង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សេចក្ដី​ហិនវិនាស ដូច​របប​លោកីយ៍​ដ៏​អាក្រក់​ជួជាតិ​សព្វ​ថ្ងៃ​នេះ​ទៀត​ហើយ។ ពួក​គេ​នឹង​ត្រូវ​សង្គ្រោះ​ពី​សេចក្ដី​ហិនវិនាស និង​ទទួល​មនសិការ​ជ្រះថ្លា​ពី​ព្រះ។ សាវ័ក​យ៉ូហាន​ធានា​ពួក​អ្នក​បំរើ​របស់​ព្រះ​ថា⁠៖ «លោកីយ​នេះ នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​វា នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់កល្ប​ជានិច្ច​វិញ»។​—⁠យ៉ូហានទី១ ២:⁠១៧

ការ​រស់​នៅ​ឲ្យ​ស្រប​តាម ការ​ថ្វាយ​ខ្លួន​និង​ពិធី​ជ្រមុជ​ទឹក​របស់​យើង

១៤​. ហេតុ​អ្វី​បាន​ជា​ពិធី​ជ្រមុជ​ទឹក​ប៉ុណ្ណោះ មិន​អាច​ធានា​រ៉ាប់​រង​ថា​យើង​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​នោះ?

១៤ គឺ​ខុស​ហើយ​បើ​យើង​សន្និដ្ឋាន​ថា ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ប៉ុណ្ណោះ អាច​ធានា​រ៉ាប់​រង​ថា​យើង​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​នោះ។ ពិធី​ជ្រមុជ​ទឹក​មាន​ប្រយោជន៍​លុះ​ត្រា​តែ​បុគ្គល​នោះ ពិត​ជា​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា តាម​រយៈ​ព្រះ​យេស៊ូ​គ្រីស្ទ ហើយ​ក្រោយ​មក​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ទីបញ្ចប់។ «តែ​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ដរាប​ដល់​ចុង​បំផុត​វិញ អ្នក​នោះ​នឹង​បាន​សង្គ្រោះ»។​—⁠ម៉ាថាយ ២៤:⁠១៣

១៥​. (ក) តើ​អ្វី​ជា​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​សព្វ​ថ្ងៃ​នេះ សំរាប់​គ្រីស្ទាន​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក? (ខ) តើ​ការ​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូ គួរ​មាន​សារៈ​សំខាន់​យ៉ាង​ណា​ក្នុង​ជីវិត​របស់​យើង?

១៥ ចំពោះ​ព្រះ​យេស៊ូ ការ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​រួម​បញ្ចូល​របៀប​ដែល​ទ្រង់​ប្រើ​ព្រះ​ជន្ម​របស់​ទ្រង់​ជា​មនុស្ស។ ព្រះ​ជន្ម​របស់​ទ្រង់​នឹង​ត្រូវ​ផ្ដល់​ជា​យញ្ញបូជា។ ក្នុង​ករណី​របស់​យើង រូប​កាយ​របស់​យើង​នឹង​ត្រូវ​ប្រគល់​ថ្វាយ​ព្រះ ហើយ​យើង​ត្រូវ​ធ្វើ​ពលិកម្ម​ខ្លួន ដើម្បី​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ។ (រ៉ូម ១២:​១, ២) យើង​ច្បាស់​ជា​មិន​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​ទេ បើ​យើង​យូរ⁠ៗម្ដង​ប្រព្រឹត្ត​ដូច​មនុស្ស​ក្នុង​លោកីយ៍​ដោយ​ចេតនា ឬ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទុក​ជា​អ្វី​ដ៏​សំខាន់​ក្នុង​ជីវិត​យើង ឬ​ធ្វើ​កិច្ច​បំរើ​បន្ដិច​បន្តួច​ថ្វាយ​ព្រះ។ (ពេត្រុសទី១ ៤:​១​-​៣; យ៉ូហានទី១ ២:​១៥, ១៦) ពេល​ជនជាតិ​យូដា​ម្នាក់​បាន​ទូល​សួរ​ព្រះ​យេស៊ូ ថា​គាត់​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​ជីវិត​អស់កល្ប​ជានិច្ច នោះ​ព្រះ​យេស៊ូ​ក៏​ទទួល​ស្គាល់​នូវ​សារៈ​សំខាន់ នៃ​ការ​ដើរ​តាម​គន្លង​សីលធម៌​ស្អាត​ស្អំ​នោះ​ដែរ។ ប៉ុន្តែ ក្រោយ​មក ទ្រង់​បាន​ចង្អុល​ប្រាប់​នូវ​អ្វី​ដែល​សំខាន់​ជាង⁠៖ គឺ​ថា គាត់​ត្រូវ​ជា​សិស្ស​ព្រះ​គ្រីស្ទ​ឬ​ថា​ជា​អ្នក​កាន់​តាម​ព្រះ​យេស៊ូ។ នេះ​ត្រូវ​តែ​ជា​អ្វី​ដែល​មាន​អាទិ​ភាព​ដ៏​ចំ​បង​ក្នុង​ជីវិត។ នេះ​ក៏​ត្រូវ​ជា​អ្វី​សំខាន់​ជាង​ការ​ស្វែង​រក​ទ្រព្យ​សម្បត្ដិ​ទៅ​ទៀត​ដែរ។​—⁠ម៉ាថាយ ១៩:​១៦​-​២១

១៦​. (ក) តើ​ពួក​គ្រីស្ទាន​ទាំង​អស់​មាន​ភារកិច្ច​យ៉ាង​ណា ដែល​ទាក់ទង​នឹង​ព្រះ​រាជាណាចក្រ​នៃ​ព្រះ? (ខ) ដូច​ត្រូវ​បង្ហាញ​នូវ​ទំព័រ​១១៦​និង​១១៧ តើ​មាន​វិធី​ណា​ខ្លះ​ដែល​យើង​អាច​មាន​ប្រសិទ្ធិភាព ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​សារ​ព្រះ​រាជាណាចក្រ? (គ) តើ​ការ​ចូល​រួម​ធ្វើ​បន្ទាល់​ដ៏​ស្មោះ​អស់​ពី​ចិត្ត ផ្ដល់​ភស្តុតាង​អំពី​អ្វី?

១៦ យើង​សូម​បញ្ជាក់​ម្ដង​ទៀត​ថា បំណង​ព្រះ​ហឫទ័យ​នៃ​ព្រះ​ចំពោះ​ព្រះ​យេស៊ូ រួម​បញ្ចូល​សកម្មភាព​ដ៏​សំខាន់​ទាក់ទង​នឹង​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ ព្រះ​យេស៊ូ​អង្គ​ទ្រង់​ផ្ទាល់​បាន​ត្រូវ​តែងតាំង​ឡើង​ជា​ស្តេច។ ប៉ុន្តែ ពេល​ទ្រង់​គង់​នៅ​លើ​ផែនដី ទ្រង់​ក៏​ធ្វើ​បន្ទាល់​យ៉ាង​ខ្នះខ្នែង​ស្តី​អំពី​ព្រះ​រាជាណាចក្រ​នៃ​ព្រះ។ យើង​ក៏​មាន​កិច្ចការ​ធ្វើ​បន្ទាល់​ស្រដៀង​គ្នា​ដែរ ហើយ​យើង​គួរ​ធ្វើ​កិច្ចការ​នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ពេល​យើង​ធ្វើកិច្ចការ​នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត យើង​បង្ហាញ​ថា យើង​មាន​កតញ្ញូ​ធម៌​ចំពោះ​អធិបតេយ្យ​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស​គ្នីគ្នា។ (ម៉ាថាយ ២២:​៣៦​-​៤០) យើង​ក៏​បង្ហាញ​ថា យើង​មាន​សាមគ្គីភាព​ជា​មួយ​អ្នក​ថ្វាយ​បង្គំ​គ្នីគ្នា​ទូទាំង​ពិភពលោក ដែល​ពួក​គេ​ជា​អ្នក​ប្រកាស​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដែរ។ ដោយ​មាន​សាមគ្គីភាព​ពេញ​ពិភពលោក យើង​ខំ​ឈាន​ទៅ​កាន់​គោល​ដៅ​នៃ​ជីវិត​អស់កល្ប​ជានិច្ច​នៅ​លើ​ផែនដី ក្រោម​ការ​គ្រប់គ្រង​នៃ​ព្រះ​រាជាណាចក្រ​នេះ។

ការ​ពិគ្រោះ​សា​ឡើង​វិញ

• តើ​ពិធី​ជ្រមុជ​ទឹក​របស់​ព្រះ​យេស៊ូ​និង​ពិធី​ជ្រមុជ​ទឹក​សព្វ​ថ្ងៃ​នេះ

មាន​ភាព​ស្រដៀង​គ្នា​និង​ភាព​ខុស​គ្នា​យ៉ាង​ណា?

• តើ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​«ដោយ​នូវ​ព្រះ​នាម​ព្រះ​វរបិតា ព្រះ​រាជបុត្រា នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ»​មាន​ន័យ​យ៉ាង​ណា?

• តើ​ភារកិច្ច​ដែល​មក​ពី​ការ​ធ្វើ​ជ្រមុជ​ទឹក​ជា​គ្រីស្ទាន​ម្នាក់ រួម​បញ្ចូល​អ្វី​ខ្លះ?

[រូបភាព​នៅ​ទំព័រ​១១៦, ១១៧]

វិធី​ខ្លះ⁠ៗដើម្បី​ប្រកាស​សារ​ព្រះរាជាណាចក្រ

ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ

ដល់​ញាតិ​សន្ដាន

ដល់​អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា

ដល់​មិត្ត​រួម​ថ្នាក់

តាម​ផ្លូវ​ថ្នល់

ដោយ​ត្រឡប់​ទៅ​ជួប​អ្នក​ចាប់អារម្មណ៍

ការ​សិក្សា​ព្រះ​គម្ពីរ​តាម​ផ្ទះ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក