ជំពូកទី៣១
តើអ្នកណាអាចជួយសម្រាលទុក្ខកូន?
តើកូនធ្លាប់មានអារម្មណ៍ថាមិនសប្បាយចិត្ត ឬមានអារម្មណ៍ឯកោទេ?— តើកូនធ្លាប់ឆ្ងល់ថាមានអ្នកណាស្រឡាញ់កូនទេ?— កូនក្មេងខ្លះធ្លាប់ឆ្ងល់ដូចនោះ។ ប៉ុន្តែ ព្រះសន្យាថា៖ ‹ខ្ញុំមិនដែលភ្លេចអ្នកឡើយ›។ (អេសាយ ៤៩:១៥) ពេលគិតអំពីសេចក្ដីសន្យានោះគឺអស្ចារ្យណាស់ មែនទេ?— មែនហើយ ព្រះយេហូវ៉ាពិតជាស្រឡាញ់យើងខ្លាំងណាស់!
តើកូនគិតថាកូនចៀមដែលវង្វេងបាត់នេះមានអារម្មណ៍យ៉ាងណា?
អ្នកសរសេរគម្ពីរម្នាក់បានប្រាប់ថា៖ «បើកាលណាឪពុកម្ដាយលះចោលទូលបង្គំ នោះព្រះយេហូវ៉ាទ្រង់នឹងទទួលទូលបង្គំទុកវិញ»។ (ទំនុកតម្កើង ២៧:១០) ពេលយើងដឹងដូច្នោះ ពិតជាសម្រាលទុក្ខយើងណាស់ មែនទេ?— មែនហើយ ព្រះយេហូវ៉ាប្រាប់យើងថា៖ ‹កុំឲ្យភ័យខ្លាចឡើយ ដ្បិតខ្ញុំនៅជាមួយនឹងអ្នក ខ្ញុំនឹងជួយអ្នក›។—អេសាយ ៤១:១០
ប៉ុន្តែ ជួនកាលព្រះយេហូវ៉ាឲ្យសាថានធ្វើឲ្យយើងមានបញ្ហា។ ព្រះយេហូវ៉ាក៏អនុញ្ញាតឲ្យសាថានល្បួងអ្នកបម្រើរបស់លោកដែរ។ នៅពេលមួយមេកំណាចបានធ្វើឲ្យលោកយេស៊ូរងទុក្ខយ៉ាងខ្លាំងរហូតដល់ស្រែកហៅព្រះយេហូវ៉ាថា៖ «ព្រះខ្ញុំអើយ! ព្រះខ្ញុំអើយ! ហេតុអ្វីបានជាលះចោលខ្ញុំ?»។ (ម៉ាថាយ ២៧:៤៦) ទោះជាលោកយេស៊ូបានរងទុក្ខក៏ដោយ លោកដឹងថាព្រះយេហូវ៉ាស្រឡាញ់លោកជានិច្ច។ (យ៉ូហាន ១០:១៧) លោកយេស៊ូក៏ដឹងដែរថា ព្រះបានអនុញ្ញាតឲ្យសាថានល្បងលអ្នកបម្រើរបស់លោក និងបណ្ដាលឲ្យពួកគេរងទុក្ខ។ នៅជំពូកមួយទៀតនឹងពន្យល់យើងអំពីមូលហេតុដែលព្រះអនុញ្ញាតឲ្យសាថានធ្វើដូច្នេះ។
ពេលយើងនៅក្មេង ជួនកាលយើងឆាប់ខ្លាច។ ជាឧទាហរណ៍ តើកូនធ្លាប់វង្វេងផ្លូវទេ?— តើពេលនោះកូនខ្លាចទេ?— កូនក្មេងជាច្រើនពិតជាខ្លាចមែន។ មានពេលមួយ គ្រូដ៏ល្អប្រសើរបានប្រាប់រឿងមួយអំពីការវង្វេងបាត់។ ប៉ុន្តែមិនមែនកូនក្មេងដែលបានវង្វេងបាត់ទេ គឺសត្វចៀមដែលបានវង្វេងបាត់។
កូនក៏ស្រដៀងនឹងសត្វចៀមដែរ។ ហេតុអ្វីយើងអាចនិយាយដូច្នោះ? ធម្មតាចៀមជាសត្វដែលមិនសូវធំឬខ្លាំងប៉ុន្មានទេ។ ម្យ៉ាងទៀត សត្វចៀមត្រូវការអ្នកថែរក្សា ហើយការពារពួកវា។ អ្នកដែលមើលថែរក្សាសត្វចៀម គេហៅថាគង្វាល។
ក្នុងរឿងនេះលោកយេស៊ូបានប្រាប់អំពីគង្វាលម្នាក់ដែលមានចៀមមួយរយក្បាល។ ប៉ុន្តែមានចៀមមួយបានវង្វេងបាត់ នេះប្រហែលជាដោយសារចៀមនោះចង់មើលអ្វីផ្សេងៗនៅខាងក្រោយភ្នំ។ មិនយូរក្រោយមក ចៀមនោះបានដើរចេញឆ្ងាយពីហ្វូងរបស់វា។ សូមកូនគិតទៅមើល តើចៀមនោះមានអារម្មណ៍យ៉ាងណា ពេលដែលវាមើលជុំវិញខ្លួនឃើញមានតែវាប៉ុណ្ណោះ?—
តើគង្វាលនឹងធ្វើយ៉ាងណា ពេលដែលគាត់ដឹងថាមានចៀមមួយបានវង្វេងបាត់? តើគាត់នឹងនិយាយថា មកពីវាដើរចេញឆ្ងាយពីហ្វូងដោយខ្លួនវា ដូច្នេះមិនចាំបាច់ខ្វល់ពីវាទេ បាត់ក៏បាត់ទៅ? ឬមួយគាត់ទុកចៀម៩៩ក្បាលនៅកន្លែងមួយដែលមានសុវត្ថិភាព ហើយទៅរកចៀមមួយដែលវង្វេងបាត់នោះ? តើសមឲ្យចំណាយកម្លាំងយ៉ាងច្រើនដើម្បីរកចៀមមួយដែលបាត់នោះទេ?— បើកូនជាចៀមដែលបានវង្វេងបាត់នោះ តើកូនចង់ឲ្យគង្វាលមកតាមរកកូនទេ?—
តើគង្វាលដែលបានជួយសង្គ្រោះចៀមរបស់គាត់ប្រៀបដូចជាអ្នកណា?
គង្វាលស្រឡាញ់ចៀមទាំងអស់របស់គាត់ខ្លាំងណាស់ សូម្បីតែចៀមមួយដែលបានវង្វេងបាត់នោះក៏ដោយ។ ដូច្នេះ គាត់បានចេញទៅរកចៀមដែលវង្វេងបាត់នោះ។ សូមគិតទៅមើល តើចៀមដែលបានវង្វេងបាត់នោះនឹងសប្បាយចិត្តខ្លាំងយ៉ាងណា ពេលដែលវាឃើញគង្វាលកំពុងមករកវា! លោកយេស៊ូបាននិយាយថា គង្វាលសប្បាយចិត្តយ៉ាងខ្លាំងដែលគាត់បានរកឃើញចៀមនោះវិញ។ គាត់មានអំណរចំពោះចៀមមួយនោះខ្លាំងជាងចៀម៩៩ក្បាលដែលមិនបានវង្វេងបាត់។ ដូច្នេះ ក្នុងរឿងរបស់លោកយេស៊ូ តើអ្នកណាប្រៀបដូចជាគង្វាលនោះ? តើអ្នកណាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយើង ដូចជាគង្វាលនោះ?— លោកយេស៊ូបានប្រាប់ថា គឺបិតានៅស្ថានសួគ៌របស់លោក។ បិតារបស់លោកគឺព្រះយេហូវ៉ា។
ព្រះយេហូវ៉ាគឺជាគង្វាលដ៏ប្រសើរបំផុតរបស់រាស្ត្រលោក។ លោកស្រឡាញ់មនុស្សទាំងអស់ដែលបម្រើលោក នេះក៏រួមមានក្មេងៗដូចកូនដែរ។ លោកមិនចង់ឲ្យយើងណាម្នាក់រងរបួសឬស្លាប់ឡើយ។ ពេលយើងដឹងថាព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយើង នេះពិតជាសម្រាលទុក្ខយើងណាស់!—ម៉ាថាយ ១៨:១២-១៤
ដូចជាឪពុករបស់កូនជាបុគ្គលពិតព្រះយេហូវ៉ាក៏ជាបុគ្គលដែលមានពិតមែនដែរ តើកូនជឿដូច្នោះទេ?
តើកូនជឿទៅលើព្រះយេហូវ៉ាទេ?— តើកូនគិតថាព្រះយេហូវ៉ាពិតជាមានមែនទេ?— យើងមិនអាចមើលឃើញព្រះយេហូវ៉ាទេ ពីព្រោះលោកជាបុគ្គលវិញ្ញាណដែលយើងមើលមិនឃើញ។ ទោះជាយ៉ាងនោះក៏ដោយ លោកជាបុគ្គលដែលមានពិតមែន ហើយលោកអាចមើលឃើញយើង។ លោកដឹងថាពេលណាយើងត្រូវការជំនួយពីលោក។ បន្ថែមទៀត យើងអាចនិយាយទៅកាន់លោកតាមរយៈសេចក្ដីអធិដ្ឋាន ដូចដែលយើងនិយាយទៅកាន់មនុស្សណាម្នាក់ដូច្នោះដែរ។ ព្រះយេហូវ៉ាក៏ចង់ឲ្យយើងនិយាយទៅកាន់លោកដែរ។
បើកូនមានអារម្មណ៍ឯកោឬមិនសប្បាយចិត្ត តើកូនគួរធ្វើអ្វី?— សូមនិយាយទៅកាន់ព្រះយេហូវ៉ា។ បើកូនចូលទៅជិតលោក នោះលោកនឹងជួយសម្រាលទុក្ខកូន។ សូមចាំថា ព្រះយេហូវ៉ាស្រឡាញ់កូន សូម្បីតែកូនមានអារម្មណ៍ឯកោក៏ដោយ។ សូមកូនយកគម្ពីរមក ហើយបើកទៅសៀវភៅទំនុកតម្កើង។ នៅទំនុកទី២៣ ចាប់ពីខ១ប្រាប់យើងថា៖ «ព្រះយេហូវ៉ាទ្រង់ជាអ្នកគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះ។ ទ្រង់ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី។ ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ»។
សូមកត់សម្គាល់អ្នកសរសេរទំនុកនោះ បាននិយាយបន្ថែមក្នុងខ៤ថា៖ «ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្ដីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្ដីអាក្រក់ណាឡើយ។ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ»។ អ្នកដែលចាត់ទុកថាព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ក៏មានអារម្មណ៍បែបនោះដែរ។ ពួកគេទទួលការសម្រាលទុក្ខពេលដែលពួកគេមានបញ្ហា។ តើកូនមានអារម្មណ៍ដូចនោះដែរទេ?—
ដូចគង្វាលដែលស្រឡាញ់និងថែរក្សាហ្វូងចៀមរបស់គាត់ ព្រះយេហូវ៉ាក៏ថែរក្សារាស្ត្ររបស់លោកយ៉ាងល្អដែរ។ លោកបង្ហាញផ្លូវត្រឹមត្រូវដល់ពួកគេ ហើយពួកគេសប្បាយចិត្តធ្វើតាមលោក។ ទោះជានៅជុំវិញពួកគេមានសុទ្ធតែបញ្ហាក៏ដោយ ក៏ពួកគេមិនភ័យខ្លាចឡើយ ពីព្រោះគង្វាលប្រើព្រនង់ឬដំបង ដើម្បីការពារចៀមរបស់គាត់ពីសត្វផ្សេងៗ។ គម្ពីរបានប្រាប់អំពីរបៀបដែលគង្វាលវ័យក្មេងម្នាក់ឈ្មោះដាវីឌបានការពារចៀមរបស់គាត់ពីសត្វតោនិងសត្វខ្លាឃ្មុំ។ (សាំយូអែលទី១ ១៧:៣៤-៣៦) ដូច្នោះហើយ រាស្ត្ររបស់ព្រះយេហូវ៉ាដឹងថា លោកក៏នឹងការពារពួកគេដែរ។ ដោយសារព្រះយេហូវ៉ានៅជាមួយនឹងពួកគេ នោះពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព។
ដូចគង្វាលការពារចៀមរបស់គាត់ តើអ្នកណាអាចជួយយើងពេលយើងមានបញ្ហា?
ព្រះយេហូវ៉ាពិតជាស្រឡាញ់ចៀមរបស់លោកណាស់ ហើយលោកថែរក្សាពួកគេយ៉ាងថ្នាក់ថ្នម។ គម្ពីរចែងថា៖ ‹ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបី›។—អេសាយ ៤០:១១
កូនច្បាស់ជាសប្បាយចិត្តណាស់ដែលដឹងថាព្រះយេហូវ៉ាជាព្រះបែបនោះ មែនទេ?— តើកូនចង់ធ្វើជាចៀមរបស់លោកទេ?— សត្វចៀមស្ដាប់តាមសំឡេងរបស់គង្វាល ហើយនៅជិតគង្វាលរបស់វា។ តើកូនស្ដាប់បង្គាប់ព្រះយេហូវ៉ាឬទេ?— តើកូននៅជិតលោកដែរទេ?— បើដូច្នោះមែន កូនមិនចាំបាច់ខ្លាចទៀតទេ ព្រោះព្រះយេហូវ៉ានឹងនៅជាមួយកូន។
ព្រះយេហូវ៉ាស្រឡាញ់ហើយថែរក្សាអស់អ្នកដែលបម្រើលោក។ ស្តីអំពីរឿងនេះ សូមអានគម្ពីរជាមួយគ្នានៅ ទំនុកតម្កើង ៣៧:២៥; ៥៥:២២ និងលូកា ១២:២៩-៣១។