ជំពូកទី៣៥
យើងអាចភ្ញាក់ពីសេចក្ដីស្លាប់!
បើយើងស្លាប់ តើព្រះចង់ប្រោសយើងឲ្យរស់ឡើងវិញឬទេ?— បុរសល្អម្នាក់ឈ្មោះយ៉ូបបានជឿថាព្រះពិតជាចង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញមែន។ ដូច្នេះ ពេលយ៉ូបគិតថាគាត់ហៀបនឹងស្លាប់ គាត់និយាយទៅព្រះថា៖ ‹លោកនឹងហៅ ហើយខ្ញុំនឹងឆ្លើយតប›។ យ៉ូបបាននិយាយថាព្រះយេហូវ៉ាមានបំណងព្រះហឫទ័យ ឬចង់ប្រោសគាត់ឲ្យរស់ឡើងវិញខ្លាំងណាស់។—យ៉ូប ១៤:១៤, ១៥
លោកយេស៊ូក៏មានអារម្មណ៍ដូចព្រះយេហូវ៉ាជាបិតាដែរ គឺលោកយេស៊ូចង់ជួយយើង។ ពេលបុរសកើតឃ្លង់ម្នាក់និយាយទៅកាន់លោកថា៖ «បើលោកចង់ធ្វើឲ្យខ្ញុំជាស្អាត លោកអាចធ្វើបាន»។ លោកយេស៊ូបានឆ្លើយថា៖ «ខ្ញុំចង់ធ្វើឲ្យអ្នកជាស្អាតមែន»។ រួចមក លោកបានប្រោសបុរសដែលឈឺនោះឲ្យជាពីជំងឺឃ្លង់។—ម៉ាកុស ១:៤០-៤២
តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងណាថាលោកស្រឡាញ់កូនតូចៗ?
បន្ថែមទៅទៀត លោកយេស៊ូស្រឡាញ់ក្មេងៗ ដោយសារលោកបានរៀនពីគំរូបិតាលោក។ នៅសម័យបុរាណ ព្រះយេហូវ៉ាបានប្រើអ្នកបម្រើរបស់លោកពីរដង ឲ្យប្រោសកូនក្មេងឲ្យរស់ឡើងវិញ។ ជាឧទាហរណ៍ អេលីយ៉ាបានសុំព្រះយេហូវ៉ាប្រោសកូនប្រុសរបស់ស្ត្រីម្នាក់ឲ្យរស់ឡើងវិញ ដោយសារស្ត្រីនោះបានបង្ហាញភាពរាក់ទាក់ចំពោះគាត់។ ពេលមួយទៀត ព្រះយេហូវ៉ាក៏បានប្រើអ្នកបម្រើរបស់លោកម្នាក់ទៀតឈ្មោះអេលីសេឲ្យប្រោសក្មេងប្រុសម្នាក់ឲ្យរស់ឡើងវិញដែរ។—ពង្សាវតារក្សត្រទី១ ១៧:១៧-២៤; ពង្សាវតារក្សត្រទី២ ៤:៣២-៣៧
យើងពិតជាសប្បាយរីករាយណាស់ដោយដឹងថាព្រះយេហូវ៉ាស្រឡាញ់យើងយ៉ាងខ្លាំង មែនទេ?— លោកគិតដល់យើងមិនគ្រាន់តែពេលយើងនៅរស់ប៉ុណ្ណោះទេ តែក្រោយយើងស្លាប់ លោកក៏នឹកចាំយើងដែរ។ លោកយេស៊ូបាននិយាយថា សូម្បីតែមនុស្សស្លាប់ទៅក្ដី ព្រះនៅតែចាត់ទុកថាពួកគេនៅរស់នៅឡើយ! (លូកា ២០:៣៨) គម្ពីរប្រាប់ថា៖ ‹ទោះជាសេចក្ដីស្លាប់ ជីវិត ឬអ្វីៗនៅគ្រាឥឡូវនេះ អ្វីៗនៅគ្រាខាងមុខ គ្មានអ្វីអាចធ្វើឲ្យយើងឃ្លាតចេញពីសេចក្ដីស្រឡាញ់របស់ព្រះឡើយ›។—រ៉ូម ៨:៣៨, ៣៩
ពេលលោកយេស៊ូនៅផែនដី លោកបានបង្ហាញថាព្រះយេហូវ៉ាស្រឡាញ់កូនតូចៗ។ កូនច្បាស់ជានៅចាំ ពេលលោកបានឆ្លៀតពេលនិយាយជាមួយកូនក្មេងអំពីព្រះ។ ប៉ុន្តែ តើកូនដឹងទេថាព្រះបានឲ្យលោកយេស៊ូមានសមត្ថភាពប្រោសកូនក្មេងឲ្យរស់ឡើងវិញ?— សូមស្ដាប់រឿងអំពីពេលលោកយេស៊ូបានប្រោសក្មេងស្រីម្នាក់ដែលមានអាយុ១២ឆ្នាំឲ្យរស់ឡើងវិញ នាងជាកូនរបស់បុរសម្នាក់ឈ្មោះយ៉ៃរ៉ុស។
យ៉ៃរ៉ុសរស់នៅជិតសមុទ្រកាលីឡេជាមួយប្រពន្ធនិងកូនស្រីតែមួយរបស់គាត់។ ថ្ងៃមួយកូនស្រីគាត់បានឈឺធ្ងន់ណាស់ ហើយគាត់ឃើញថានាងជិតស្លាប់ហើយ។ ដូច្នេះ គាត់ក៏នឹកគិតដល់លោកយេស៊ូដែលជាបុរសដ៏អស្ចារ្យ ពីព្រោះគាត់បានឮថាលោកយេស៊ូអាចប្រោសមនុស្សឈឺឲ្យជាសះស្បើយឡើងវិញ។ ម្ល៉ោះហើយ យ៉ៃរ៉ុសបានទៅរកលោកយេស៊ូ ហើយឃើញលោកកំពុងបង្រៀនមនុស្សជាច្រើននៅឆ្នេរសមុទ្រកាលីឡេ។
យ៉ៃរ៉ុសបានដើរចូលកាត់ក្រុមមនុស្សទៅរកលោកយេស៊ូ ហើយលុតជង្គង់នៅមុខលោក។ គាត់និយាយទៅលោកយេស៊ូថា៖ ‹កូនស្រីរបស់ខ្ញុំឈឺធ្ងន់ណាស់។ សូមលោកអញ្ជើញមកជួយនាងផង។ ខ្ញុំសុំអង្វរលោក›។ ភ្លាមនោះ លោកយេស៊ូបានទៅជាមួយយ៉ៃរ៉ុស ហើយក្រុមមនុស្សដែលបានមកស្ដាប់គ្រូដ៏ល្អប្រសើរក៏ទៅតាមលោកដែរ។ ប៉ុន្តែ ក្រោយពីពួកគេធ្វើដំណើរបានឆ្ងាយបន្ដិច បុរសខ្លះធ្វើដំណើរមកពីផ្ទះរបស់យ៉ៃរ៉ុសជួបគាត់តាមផ្លូវ ហើយជម្រាបថា៖ «កូនស្រីរបស់អ្នកស្លាប់ហើយ! មិនចាំបាច់រំខានលោកគ្រូទៀតឡើយ»។
លោកយេស៊ូបានឮអ្វីដែលបុរសទាំងនោះនិយាយ។ លោកដឹងថាយ៉ៃរ៉ុសពិបាកចិត្តខ្លាំងណាស់ ពេលដែលកូនតែមួយរបស់គាត់បានស្លាប់នោះ។ ដូច្នេះ លោកបានប្រាប់គាត់ថា៖ ‹កុំខ្លាចឡើយ គ្រាន់តែមានជំនឿលើព្រះប៉ុណ្ណោះ នោះកូនស្រីរបស់អ្នកនឹងមិនអីទេ›។ ក្រោយពីនិយាយដូច្នោះហើយ លោកយេស៊ូនិងពួកគេបន្តធ្វើដំណើររហូតទៅដល់ផ្ទះរបស់យ៉ៃរ៉ុស។ នៅទីនោះ មិត្តភក្ដិរបស់ក្រុមគ្រួសារយ៉ៃរ៉ុសកំពុងយំ ដោយពិបាកចិត្តខ្លាំងណាស់ ព្រោះក្មេងស្រីដ៏គួរឲ្យស្រឡាញ់នោះបានស្លាប់ហើយ។ ប៉ុន្តែ លោកយេស៊ូប្រាប់ពួកគេថា៖ ‹ឈប់យំទៅ ក្មេងនេះមិនបានស្លាប់ទេ តែនាងកំពុងដេកលក់›។
ពេលឮលោកយេស៊ូនិយាយពាក្យនេះ មនុស្សនៅទីនោះចាប់ផ្ដើមសើច ព្រោះពួកគេដឹងថាក្មេងស្រីនោះបានស្លាប់ហើយ។ ហេតុអ្វីលោកយេស៊ូនិយាយថានាងកំពុងដេកលក់? តើកូនគិតយ៉ាងណា?— តើកូនគិតថា លោកចង់បង្រៀនពួកគេអំពីអ្វី?— លោកចង់ឲ្យពួកគេដឹងថាសេចក្ដីស្លាប់គឺដូចជាការដេកលក់ស៊ប់។ លោកចង់បង្រៀនពួកគេថា តាមរយៈឫទ្ធានុភាពរបស់ព្រះ លោកអាចប្រោសមនុស្សស្លាប់ឲ្យមានជីវិតម្ដងទៀត។ សម្រាប់លោកយេស៊ូការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ គឺងាយស្រួលដូចជាយើងដាស់មនុស្សម្នាក់ឲ្យភ្ញាក់ពីដំណេកដូច្នោះដែរ។
លោកយេស៊ូបានប្រោសកូនស្រីរបស់យ៉ៃរ៉ុសឲ្យរស់ឡើងវិញ តើយើងទាញមេរៀនអ្វី?
លោកយេស៊ូសុំឲ្យមនុស្សគ្រប់គ្នាចេញពីផ្ទះ ទុកតែសាវ័កពេត្រុស យ៉ាកុប យ៉ូហាន និងឪពុកម្ដាយរបស់ក្មេងស្រីនោះប៉ុណ្ណោះ។ រួចមក លោកបានចូលទៅជិតក្មេងស្រីដែលបានស្លាប់នោះ។ លោកបានកាន់ដៃនាងហើយនិយាយថា៖ ‹ក្មេងស្រីអើយ! ចូរក្រោកឡើង!›។ រំពេចនោះនាងក្រោកឡើង ហើយចាប់ផ្ដើមដើរ! ឪពុកម្ដាយរបស់នាងសប្បាយចិត្តឥតឧបមាពេលដែលឃើញដូចនោះ។—ម៉ាកុស ៥:២១-២៤, ៣៥-៤៣; លូកា ៨:៤០-៤២, ៤៩-៥៦
ឥឡូវសូមគិតអំពីនេះ ដោយសារលោកយេស៊ូអាចប្រោសក្មេងស្រីនោះឲ្យរស់ឡើងវិញ តើលោកអាចប្រោសអ្នកឯទៀតឲ្យរស់ឡើងវិញដែរទេ?— តើកូនគិតថាលោកពិតជានឹងធ្វើដូច្នោះឬទេ?— មែនហើយ លោកនឹងធ្វើដូច្នោះមែន។ លោកយេស៊ូផ្ទាល់បាននិយាយថា៖ «នឹងមានវេលាមកដល់ ដែលអស់អ្នកនៅក្នុងផ្នូរដែលសម្រាប់ជាទីរំលឹក នឹងឮសំឡេងរបស់[ខ្ញុំ] ហើយចេញមក»។—យ៉ូហាន ៥:២៨, ២៩
តើកូនគិតថាលោកយេស៊ូចង់ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញទេ?— មានឧទាហរណ៍មួយទៀតក្នុងគម្ពីរដែលជួយឆ្លើយសំណួរនេះ។ នៅថ្ងៃមួយ មានរឿងមួយបានកើតឡើងនៅជិតក្រុងណេអ៊ីន ហើយរឿងនោះជួយយើងឲ្យដឹងថាលោកយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះអ្នកដែលកំពុងយំកើតទុក្ខនៅពិធីបុណ្យសព។
ស្ត្រីម្នាក់កំពុងហែសពកូនប្រុសរបស់នាងចេញពីក្រុងណេអ៊ីនជាមួយនឹងមនុស្សមួយក្រុម។ មិនយូរមុននោះ ប្ដីរបស់នាងបានស្លាប់ ហើយឥឡូវកូនប្រុសតែមួយរបស់នាងបានស្លាប់ទៀត។ នាងពិតជាក្រៀមក្រំចិត្តខ្លាំងណាស់! កាលដែលពួកគេកំពុងសែងសពកូនប្រុសនាងចេញពីក្រុង មានមនុស្សជាច្រើនដើរទៅតាមជាមួយដែរ។ នាងយំសោកនឹងកូន ហើយទោះជាពួកគេនិយាយយ៉ាងណាក៏ដោយ ក៏មិនអាចលួងលោមនាងបានដែរ។
នៅថ្ងៃនោះ ចៃដន្យលោកយេស៊ូនិងពួកអ្នកកាន់តាមលោកកំពុងធ្វើដំណើរទៅក្រុងណេអ៊ីន។ ជិតទ្វារក្រុង ពួកគាត់បានជួបក្រុមមនុស្សដែលកំពុងហែសពកូនប្រុសរបស់ស្ត្រីនោះទៅបញ្ចុះ។ ពេលលោកយេស៊ូឃើញស្ត្រីនោះយំនិងកើតទុក្ខជាខ្លាំង លោករំជួលចិត្តអាណិតនាងណាស់ ដូច្នេះ លោកចង់ជួយនាង។
ដូច្នេះ លោកនិយាយដោយទន់ភ្លន់តែម៉ឺងម៉ាត់ទៅនាងថា៖ «ឈប់យំទៅ»។ កាយវិការនិងសម្ដីរបស់លោកយេស៊ូធ្វើឲ្យមនុស្សគ្រប់គ្នាមើលទៅលោកដោយចាប់អារម្មណ៍។ ពេលលោកយេស៊ូទៅជិតសពនោះ មនុស្សគ្រប់គ្នារឹតតែឆ្ងល់ថាលោកយេស៊ូបម្រុងនឹងធ្វើអ្វី។ លោកបានបង្គាប់ថា៖ «អ្នកកំលោះ ខ្ញុំប្រាប់អ្នកថា ចូរក្រោកឡើង!»។ ភ្លាមនោះ គាត់បានក្រោកអង្គុយ ហើយចាប់ផ្ដើមនិយាយ។—លូកា ៧:១១-១៧
សូមស្រមៃគិតទៅមើល ស្ត្រីនេះពិតជាមានអារម្មណ៍សប្បាយយ៉ាងណាទៅ! នោះបង្ហាញថាលោកយេស៊ូពិតជាស្រឡាញ់មនុស្ស ហើយចង់ជួយពួកគេ មែនទេ?— តើកូននឹងមានអារម្មណ៍យ៉ាងណា បើកូនឃើញមនុស្សដែលកូនស្រឡាញ់រស់ឡើងវិញ?— សូមគិតទៅមើល នៅពិភពលោកថ្មីរបស់ព្រះ យើងនឹងទទួលស្វាគមន៍មនុស្សទាំងឡាយដែលបានរស់ឡើងវិញ នោះពិតជាអស្ចារ្យណាស់!—ពេត្រុសទី២ ៣:១៣; ការបើកបង្ហាញ ២១:៣, ៤
តើការប្រោសកូនប្រុសតែមួយរបស់ស្ត្រីនេះឲ្យរស់ឡើងវិញបង្ហាញយើងអំពីអ្វី?
នៅពេលនោះ ក្នុងចំណោមអ្នកដែលនឹងត្រូវប្រោសឲ្យរស់ឡើងវិញ ក៏មានអ្នកដែលយើងធ្លាប់ស្គាល់ពីមុនដែរ រួមទាំងកូនក្មេងផង។ យើងនឹងស្គាល់ពួកគេ ដូចជាយ៉ៃរ៉ុសស្គាល់កូនស្រីរបស់គាត់ ពេលលោកយេស៊ូបានប្រោសនាងឲ្យរស់ឡើងវិញ។ អ្នកខ្លះទៀតជាអ្នកដែលបានស្លាប់អស់រាប់រយឆ្នាំ ឬរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែ ព្រះនឹងមិនភ្លេចពួកគេទេ សូម្បីតែពួកគេបានរស់នៅតាំងពីយូរមកហើយក៏ដោយ។
យើងពិតជាសប្បាយរីករាយណាស់ ដោយដឹងថាព្រះយេហូវ៉ានិងលោកយេស៊ូជាបុត្ររបស់លោកស្រឡាញ់យើងខ្លាំងដូចនេះ មែនទេ?— លោកទាំងពីរចង់ឲ្យយើងរស់ មិនគ្រាន់តែប៉ុន្មានឆ្នាំប៉ុណ្ណោះទេ តែជារៀងរហូត!
សូមអានគម្ពីរស្តីអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យសម្រាប់មនុស្សស្លាប់នៅ អេសាយ ២៥:៨ សកម្មភាព ២៤:១៥ និងកូរិនថូសទី១ ១៥:២០-២២។