បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ជំ. ៤ ទំ. ៤១-៥១
  • តើព្រះយេស៊ូគ្រីស្ទជាអ្នកណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើព្រះយេស៊ូគ្រីស្ទជាអ្នកណា?
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​មេស្ស៊ី​ដែល​ត្រូវ​មក​តាម​សន្យា​របស់​ព្រះ
  • តើ​ព្រះ​យេស៊ូ​មក​ពី​ណា?
  • តើ​ព្រះ​យេស៊ូ​ជា​មនុស្ស​បែប​ណា?
  • បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ចុង​បញ្ចប់​ព្រះ​ជន្ម​ទ្រង់
  • តើលោកយេស៊ូគ្រិស្តជាអ្នកណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើលោកយេស៊ូជាអ្នកណា?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ព្រះយេស៊ូគ្រីស្ទកូនសោដែលបង្ហាញនូវចំណេះអំពីព្រះ
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • ចម្លើយចំសំណួររបស់យើងស្ដីអំពីលោកយេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
មើលបន្ថែមទៀត
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ជំ. ៤ ទំ. ៤១-៥១

ជំពូក​ទី​បួន

តើ​ព្រះ​យេស៊ូ​គ្រីស្ទ​ជា​អ្នក​ណា?

តើ​ព្រះ​យេស៊ូ​មាន​តួ​នាទី​ពិសេស​អ្វី?

តើ​ព្រះ​យេស៊ូ​មក​ពី​ណា?

តើ​ព្រះ​យេស៊ូ​ជា​បុគ្គល​បែប​ណា?

១, ២​. (​ក​) ហេតុ​អ្វី​គ្រាន់​តែ​ឮ​អំពី​អ្នក​ល្បី​មិន​មាន​ន័យ​ថា​អ្នក​ពិត​ជា​ស្គាល់​គាត់​នោះ? (​ខ​) តើ​មាន​ការ​ភាន់​ច្រឡំ​អ្វី​ខ្លះ​អំពី​ព្រះ​យេស៊ូ?

ក្នុង​ពិភព​លោក​មាន​មនុស្ស​ជា​ច្រើន​ដែល​ល្បី​ឈ្មោះ។ អ្នក​ខ្លះ​ល្បី​ឈ្មោះ​ក្នុង​សហគមន៍ នៅ​ទី​ក្រុង ឬ​ក្នុង​ប្រទេស​របស់​ខ្លួន។ អ្នក​ឯ​ទៀត​ត្រូវ​គេ​ស្គាល់​ទូ​ទាំង​ពិភព​លោក។ ក៏​ប៉ុន្តែ​គ្រាន់​តែ​ស្គាល់​ឈ្មោះ​របស់​អ្នក​ល្បី​នេះ​មិន​មាន​ន័យ​ថា​អ្នក​ស្គាល់​បុគ្គល​នោះ​ច្បាស់​ទេ ក៏​មិន​មាន​ន័យ​ថា​អ្នក​ដឹង​ព័ត៌មាន​ល្អិត​ល្អន់​អំពី​ប្រវត្ដិ ឬ​បុគ្គលិក​លក្ខណៈ​ពិត​របស់​គាត់​ដែរ។

២ មនុស្ស​ទូ​ទាំង​ផែន​ដី​ធ្លាប់​ឮ​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ ទោះ​ជា​ទ្រង់​ធ្លាប់​រស់​នៅ​២.០០០​ឆ្នាំ​មុន​ក៏​ដោយ។ ក៏​ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ភាន់​ច្រឡំ​មិន​ដឹង​ថា ការ​ពិត​ព្រះ​យេស៊ូ​ជា​អ្នក​ណា​នោះ​ទេ។ មនុស្ស​ខ្លះ​និយាយ​ថា ព្រះ​យេស៊ូ​គ្រាន់​តែ​ជា​បុរស​ម្នាក់​ដែល​មាន​ចិត្ត​ល្អ។ អ្នក​ខ្លះ​ទៀត​អះអាង​ថា​ព្រះ​យេស៊ូ​គ្រាន់​តែ​ជា​ព្យាការី​ម្នាក់។ អ្នក​ឯ​ទៀត​ជឿ​ថា​ព្រះ​យេស៊ូ​ជា​ព្រះ ហើយ​យើង​ត្រូវ​តែ​ថ្វាយ​បង្គំ​ទ្រង់។ តើ​យើង​ពិត​ជា​គួរ​ថ្វាយ​បង្គំ​ព្រះ​យេស៊ូ​ឬ?

៣​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​អ្នក​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ?

៣ គឺ​ជា​ការ​សំខាន់​ដែល​អ្នក​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ​យេស៊ូ។ តើ​ហេតុ​អ្វី? ពី​ព្រោះ​ព្រះ​គម្ពីរ​ប្រាប់​ថា​៖ ​«​នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ នឹង​ព្រះ​យេស៊ូ​វ​គ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង​»។ (​យ៉ូហាន ១៧:៣, កំណែ​ជា​អក្សរ​ទ្រេត​) ប្រាកដ​ហើយ ការ​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា​និង​ព្រះ​យេស៊ូ​គ្រីស្ទ​អាច​នាំ​ឲ្យ​បាន​ជីវិត​ជា​រៀង​រហូត​នៅ​ផែន​ដី​មនោ​រម្យ។ (​យ៉ូហាន ១៤:៦​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​យេស៊ូ​ជា​គំរូ​ល្អ​បំផុត​អំពី​របៀប​ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ឯ​ទៀត​ហើយ​អំពី​របៀប​រស់​នៅ​ដែល​ត្រូវ​មាន។ (​យ៉ូហាន ១៣:៣៤, ៣៥​) ក្នុង​ជំពូក​ទី​មួយ​នៃ​សៀវភៅ​នេះ យើង​បាន​រៀន​សេចក្ដី​ពិត​អំពី​ព្រះ។ ឥឡូវ​យើង​នឹង​ពិចារណា​នូវ​អ្វី​ដែល​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​អំពី​ព្រះ​យេស៊ូ​គ្រីស្ទ។

ព្រះ​មេស្ស៊ី​ដែល​ត្រូវ​មក​តាម​សន្យា​របស់​ព្រះ

៤​. តើ​ឋានន្តរ​«​ព្រះ​មេស្ស៊ី​»​និង​«​ព្រះ​គ្រីស្ទ​»​មាន​ន័យ​យ៉ាង​ណា?

៤ ជា​យូរ​មុន​ដែល​ព្រះ​យេស៊ូ​ប្រសូត​មក​នោះ ព្រះ​គម្ពីរ​បាន​ទាយ​អំពី​បុគ្គល​ម្នាក់​ដែល​ព្រះ​នឹង​ចាត់​ឲ្យ​មក គឺ​ជា​ព្រះ​មេស្ស៊ី​ឬ​ព្រះ​គ្រីស្ទ។ ឋានន្តរ​ជា​«​ព្រះ​មេស្ស៊ី​»​ (​ពាក្យ​ភាសា​ហេព្រើរ​) និង​«​ព្រះ​គ្រីស្ទ​»​ (​ពាក្យ​ភាសា​ក្រិច​) មាន​ន័យ​ថា​«​អ្នក​ចាក់​ប្រេង​តាំង​»។ អ្នក​ដែល​ព្រះ​បាន​សន្យា​ចាត់​ឲ្យ​មក​នោះ នឹង​ត្រូវ​ចាក់​ប្រេង​តាំង​ឬ​តែង​តាំង​ដោយ​ព្រះ​ដើម្បី​កាន់​មុខ​តំណែង​ពិសេស។ ក្នុង​ជំពូក​ក្រោយ​ៗ​នៃ​សៀវភៅ​នេះ យើង​នឹង​រៀន​ថែម​ទៀត​អំពី​តួ​នាទី​សំខាន់​របស់​ព្រះ​មេស្ស៊ី​ក្នុង​ការ​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ​បាន​សម្រេច។ យើង​ក៏​នឹង​រៀន​អំពី​ពរ​ដែល​យើង​អាច​ទទួល​ពី​ព្រះ​យេស៊ូ​នៅ​ឥឡូវ​នេះ​ដែរ។ ប៉ុន្តែ​មុន​ព្រះ​យេស៊ូ​ប្រសូត​មក​នោះ មនុស្ស​ជា​ច្រើន​ច្បាស់​ជា​បាន​ឆ្ងល់​ថា​៖ ‹តើ​អ្នក​ណា​នឹង​ក្លាយ​ទៅ​ជា​ព្រះ​មេស្ស៊ី?›។

៥​. តើ​សិស្ស​របស់​ព្រះ​យេស៊ូ​បាន​ជឿ​ជាក់​ថា​ទ្រង់​ជា​អ្នក​ណា?

៥ នៅ​សតវត្សរ៍​ទី​មួយ គ.ស. សិស្ស​របស់​ព្រះ​យេស៊ូ​ពី​ភូមិ​ណាសារ៉ែត​បាន​ជឿ​ជាក់​ថា ទ្រង់​ជា​ព្រះ​មេស្ស៊ី​ដែល​ត្រូវ​មក​តាម​ទំនាយ។ (​យ៉ូហាន ១:៤១​) សិស្ស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ពេត្រុស​បាន​ទូល​ប្រាប់​ព្រះ​យេស៊ូ​ដោយ​ត្រង់​ៗ​ថា​៖ ​«​ទ្រង់​ជា​ព្រះ​គ្រីស្ទ​»។ (​ម៉ាថាយ ១៦:១៦​) ក៏​ប៉ុន្តែ​ហេតុ​អ្វី​សិស្ស​ទាំង​នោះ​រួម​ទាំង​យើង​ផង​ដែរ​អាច​ប្រាកដ​ថា ព្រះ​យេស៊ូ​ពិត​ជា​ព្រះ​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា​នឹង​ចាត់​មក​នោះ?

៦​. សូម​ឲ្យ​ឧទាហរណ៍​អំពី​របៀប​ព្រះ​យេហូវ៉ា​បាន​ជួយ​ឲ្យ​មនុស្ស​ស្មោះ​ត្រង់​ដឹង​ថា​នរណា​ជា​ព្រះ​មេស្ស៊ី។

៦ បណ្ដា​ព្យាការី​របស់​ព្រះ​ដែល​ធ្លាប់​រស់​ពី​មុន​ព្រះ​យេស៊ូ​បាន​ទាយ​ប្រាប់​ព័ត៌មាន​ល្អិត​ល្អន់​ជា​ច្រើន​អំពី​ព្រះ​មេស្ស៊ី។ ព័ត៌មាន​ល្អិត​ល្អន់​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ឯ​ទៀត​ដឹង​ថា​នរណា​ជា​ព្រះ​មេស្ស៊ី។ យើង​អាច​ប្រៀប​ធៀប​ដូច​ត​ទៅ​នេះ: ឧបមា​ថា​មាន​គេ​ចាត់​អ្នក​ឲ្យ​ទៅ​ទទួល​ភ្ញៀវ​ម្នាក់​ដែល​អ្នក​ពុំ​ស្គាល់​នៅ​ឯ​បេន​ឡាន​ក្រុង ឬ​ពី​ស្ថានីយ៍​រថ​ភ្លើង ឬ​ក៏​ព្រលាន​យន្តហោះ។ បើ​ពួក​គេ​ពណ៌នា​ខ្លះ​ៗ​អំពី​ភ្ញៀវ​នោះ នេះ​ជួយ​អ្នក​ច្រើន​ណាស់ មែន​ទេ? ស្រដៀង​គ្នា​ដែរ តាម​រយៈ​បណ្ដា​ព្យាការី​ដែល​បាន​កត់​ទុក​ទំនាយ​ក្នុង​ព្រះ​គម្ពីរ ព្រះ​យេហូវ៉ា​បាន​ពណ៌នា​យ៉ាង​ល្អិត​ល្អន់​អំពី​អ្វី​ដែល​ព្រះ​មេស្ស៊ី​នឹង​ប្រព្រឹត្ត​ហើយ​ឆ្លង​កាត់។ ពេល​ដែល​អ្វី​ៗ​ក្នុង​ទំនាយ​ទាំង​នេះ​បាន​កើត​ឡើង នោះ​បាន​ជួយ​ឲ្យ​អ្នក​ស្មោះ​ត្រង់​ដឹង​យ៉ាង​ច្បាស់​ថា​នរណា​ជា​ព្រះ​មេស្ស៊ី។

៧​. ស្តី​អំពី​ព្រះ​យេស៊ូ តើ​ទំនាយ​ពីរ​អ្វី​បាន​សម្រេច?

៧ សូម​ពិចារណា​ឧទាហរណ៍​ពីរ។ ទី​មួយ ជាង​៧០០​ឆ្នាំ​មុន ព្យាការី​មីកា​បាន​ទាយ​ថា អ្នក​ដែល​ព្រះ​បាន​សន្យា​ចាត់​ឲ្យ​មក​នឹង​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ដែល​ជា​ភូមិ​តូច​មួយ​នៅ​ស្រុក​យូដា។ (​មីកា ៥:១​) តាម​ការ​ពិត តើ​ព្រះ​យេស៊ូ​បាន​ប្រសូត​នៅ​ឯ​ណា? គឺ​នៅ​ភូមិ​បេថ្លេហិម​នោះ​ឯង! (​ម៉ាថាយ ២:១, ៣​-​៩​) ទី​ពីរ បទ​ទំនាយ​មួយ​នៅ​ដានីយ៉ែល ៩:២៥ បាន​បង្ហាញ​រាប់​រយ​ឆ្នាំ​មុន​ឲ្យ​ដឹង​ពី​ឆ្នាំ​ដែល​ព្រះ​មេស្ស៊ី​ត្រូវ​លេច​មក ពោល​គឺ​ឆ្នាំ​២៩​គ.ស.។a ដោយ​សារ​ទំនាយ​ទាំង​នេះ​និង​ទំនាយ​ឯ​ទៀត​បាន​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ​នោះ នេះ​ជា​ភស្តុ​តាង​បញ្ជាក់​ថា ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា​ចាត់​ឲ្យ​មក។

៨, ៩​. នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក តើ​មាន​ភស្តុ​តាង​អ្វី​ដែល​បញ្ជាក់​ថា​ទ្រង់​ជា​ព្រះ​មេស្ស៊ី?

៨ នៅ​ដំណាច់​ឆ្នាំ​២៩​គ.ស. មាន​ភស្តុ​តាង​ថែម​ទៀត​ដែល​បញ្ជាក់​ថា​ព្រះ​យេស៊ូ​គឺ​ជា​ព្រះ​មេស្ស៊ី។ គឺ​នៅ​ឆ្នាំ​នោះ​ឯង​ដែល​ព្រះ​យេស៊ូ​បាន​ទៅ​ជួប​យ៉ូហាន បាទីស្ទ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នៅ​ទន្លេ​យ័រដាន់។ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​យ៉ូហាន​និង​ឃើញ​សញ្ញា​មួយ​ដើម្បី​ដឹង​ថា​នរណា​ជា​ព្រះ​មេស្ស៊ី។ យ៉ូហាន​បាន​ឃើញ​សញ្ញា​នោះ​នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ ព្រះ​គម្ពីរ​ប្រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដោយ​ចែង​ថា​៖ ​«​កាល​ព្រះ​យេស៊ូ​វ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ក៏​សណ្ឋិត​លើ​ទ្រង់ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា ‹នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់› ​»។ (​ម៉ាថាយ ៣:១៦, ១៧​) ក្រោយ​បាន​ឃើញ​ហើយ​ឮ​អ្វី​ដែល​កើត​ឡើង​នោះ យ៉ូហាន​ដឹង​ប្រាកដ​ថា​ព្រះ​បាន​ចាត់​ព្រះ​យេស៊ូ​ឲ្យ​មក។ (​យ៉ូហាន ១:៣២​-​៣៤​) នៅ​ពេល​ដែល​វិញ្ញាណ​បរិសុទ្ធ​ឬ​សកម្ម​ពល​របស់​ព្រះ​បាន​ត្រូវ​ចាក់​លើ​ព្រះ​យេស៊ូ​នៅ​ថ្ងៃ​នោះ ព្រះ​យេស៊ូ​ទៅ​ជា​ព្រះ​មេស្ស៊ី​ឬ​ព្រះ​គ្រីស្ទ គឺ​ជា​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ដឹក​នាំ​និង​ជា​ស្តេច។—អេសាយ ៥៥:៤

៩ ការ​សម្រេច​នូវ​ទំនាយ​ព្រះ​គម្ពីរ ហើយ​ការ​បញ្ជាក់​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់​បង្ហាញ​យ៉ាង​ជាក់​ច្បាស់​ថា ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា​ចាត់​ឲ្យ​មក។ ប៉ុន្តែ​ព្រះ​គម្ពីរ​ក៏​មាន​ចម្លើយ​ចំពោះ​សំនួរ​សំខាន់​ពីរ​ទៀត​ដែល​ទាក់​ទង​នឹង​ព្រះ​យេស៊ូ​គ្រីស្ទ​គឺ: តើ​ទ្រង់​មក​ពី​ណា? ហើយ​តើ​ទ្រង់​ជា​មនុស្ស​បែប​ណា?

តើ​ព្រះ​យេស៊ូ​មក​ពី​ណា?

១០​. តើ​ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ណា​អំពី​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូ​មុន​ដែល​យាង​មក​ផែន​ដី?

១០ ព្រះ​គម្ពីរ​បង្រៀន​ថា ព្រះ​យេស៊ូ​ធ្លាប់​មាន​ព្រះ​ជន្ម​នៅ​ឯ​ស្ថាន​សួគ៌​មុន​ទ្រង់​យាង​មក​ផែន​ដី។ មីកា​បាន​ទាយ​ថា ព្រះ​មេស្ស៊ី​នឹង​ប្រសូត​មក​នៅ​ភូមិ​បេថ្លេហិម ហើយ​ក៏​បាន​ទាយ​ថា​ព្រះ​មេស្ស៊ី​មាន​ដើម​កំណើត​«​ចាប់​តាំង​ពី​បុរាណ​»។ (​មីកា ៥:១​) ព្រះ​យេស៊ូ​ធ្លាប់​មាន​បន្ទូល​ជា​ច្រើន​ដង​ថា ទ្រង់​ធ្លាប់​មាន​ព្រះ​ជន្ម​នៅ​ស្ថាន​សួគ៌​មុន​ប្រសូត​មក​ជា​មនុស្ស។ (​យ៉ូហាន ៣:១៣; ៦:៣៨, ៦២; ១៧:៤, ៥​) ពេល​ដែល​ព្រះ​យេស៊ូ​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌ ទ្រង់​មាន​ទំនាក់​ទំនង​ពិសេស​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។

១១​. តើ​ព្រះ​គម្ពីរ​បង្ហាញ​ថា​ព្រះ​យេស៊ូ​ជា​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​បំផុត​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១១ ព្រះ​យេស៊ូ​ជា​ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​បំផុត​របស់​ព្រះ​យេហូវ៉ា។ នេះ​គឺ​សមរម្យ​មែន។ ព្រះ​យេស៊ូ​ជា​«​បង​ច្បង​នៃ​គ្រប់​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​មក​»​ ដ្បិត​ព្រះ​បាន​បង្កើត​ព្រះ​យេស៊ូ​មុន​អ្វី​ៗ​ទាំង​អស់។b (​កូល៉ុស ១:១៥​) មាន​ហេតុ​មួយ​ទៀត​ដែល​ព្រះ​រាជបុត្រា​នេះ​គឺ​ជា​បុគ្គល​ពិសេស។ ព្រះ​យេស៊ូ​ជា​«​ព្រះ​រាជបុត្រា​ទ្រង់​តែ​១​»។ (​យ៉ូហាន ៣:១៦​) នេះ​មាន​ន័យ​ថា គឺ​មាន​តែ​ព្រះ​យេស៊ូ​ប៉ុណ្ណោះ​ដែល​ព្រះ​បាន​បង្កើត​ដោយ​ផ្ទាល់។ ក៏​មាន​តែ​ព្រះ​យេស៊ូ​ប៉ុណ្ណោះ​ដែល​ព្រះ​បាន​ប្រើ​ពេល​ដែល​ទ្រង់​បង្កើត​របស់​សព្វសារពើ។ (​កូល៉ុស ១:១៦​) ព្រះ​យេស៊ូ​ក៏​ហៅ​ថា​«​ព្រះ​បន្ទូល​»​ដែរ។ (​យ៉ូហាន ១:១៤​) នេះ​ឲ្យ​យើង​ដឹង​ថា​ព្រះ​យេស៊ូ​មាន​បន្ទូល​តាង​នាម​ឲ្យ​ព្រះ ដោយ​ប្រាប់​កូន​ឯ​ទៀត​របស់​ព្រះ​វរបិតា​ដែល​រួម​ទាំង​បុគ្គល​វិញ្ញាណ​ទាំង​មនុស្ស​ជាតិ​អំពី​បន្ទូល​និង​ការ​ណែនាំ​របស់​ព្រះ។

១២​. ហេតុ​អ្វី​យើង​ដឹង​ថា​ព្រះ​រាជបុត្រា​ច្បង​គឺ​មិន​ស្មើ​នឹង​ព្រះ?

១២ តើ​ព្រះ​រាជបុត្រា​ច្បង​មាន​ឋានៈ​ស្មើ​នឹង​ព្រះ​ដូច​មនុស្ស​ខ្លះ​ជឿ​នោះ​ទេ? ព្រះ​គម្ពីរ​មិន​បង្រៀន​ដូច្នេះ​ឡើយ។ ដូច​យើង​បាន​រៀន​ក្នុង​វគ្គ​មុន​នោះ ព្រះ​យេស៊ូ​ត្រូវ​បាន​បង្កើត។ ដូច្នេះ គឺ​ច្បាស់​ហើយ​ថា ព្រះ​យេស៊ូ​មាន​ដើម​កំណើត រីឯ​ព្រះ​យេហូវ៉ា​វិញ​ទ្រង់​គ្មាន​ដើម​កំណើត​ទេ ហើយ​ក៏​មិន​ចេះ​ស្លាប់​ដែរ។ (​ទំនុក​ដំកើង ៩០:២​) ព្រះ​រាជបុត្រា​តែ​មួយ​ពុំ​បាន​ប្រាថ្នា​ឲ្យ​បាន​ឋានៈ​ស្មើ​នឹង​ព្រះ​វរបិតា​សោះ​ឡើយ។ ព្រះ​គម្ពីរ​បង្រៀន​យ៉ាង​ច្បាស់​ថា​ព្រះ​វរបិតា​គឺ​ធំ​ជាង​ព្រះ​រាជបុត្រា។ (​យ៉ូហាន ១៤:២៨; កូរិនថូស​ទី១ ១១:៣​) មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ជា​«​ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា​»។ (​លោកុប្បត្តិ ១៧:១​) ដូច្នេះ គ្មាន​អ្នក​ណា​ស្មើ​នឹង​ទ្រង់​ឡើយ។c

១៣​. ពេល​ដែល​ព្រះ​គម្ពីរ​ប្រាប់​ថា​ព្រះ​រាជបុត្រា​ជា​«​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ​»​នោះ តើ​មាន​ន័យ​ដូច​ម្ដេច?

១៣ ព្រះ​យេហូវ៉ា​និង​ព្រះ​រាជបុត្រា​ច្បង​របស់​ទ្រង់​ធ្លាប់​មាន​ភាព​ជិត​ស្និទ្ធ​អស់​រាប់​ពាន់​លាន​ឆ្នាំ តាំង​ពី​យូរ​មុន​ដែល​សកលលោក​ត្រូវ​បាន​បង្កើត។ ទ្រង់​ទាំង​ពីរ​អង្គ​ច្បាស់​ជា​បាន​ស្រឡាញ់​គ្នា​យ៉ាង​ខ្លាំង​ណាស់! (​យ៉ូហាន ៣:៣៥; ១៤:៣១​) ព្រះ​រាជបុត្រា​ស្ងួន​ភ្ងា​នេះ​គឺ​ដូច​ព្រះ​វរបិតា​របស់​ទ្រង់​បេះបិទ។ ហេតុ​នេះ​ហើយ​ព្រះ​គម្ពីរ​ប្រាប់​ថា​ព្រះ​រាជបុត្រា​នោះ​ជា​«​រូប​អង្គ​នៃ​ព្រះ​ដ៏​មើល​មិន​ឃើញ​»។ (​កូល៉ុស ១:១៥​) កូន​ប្រុស​មួយ​រូប​អាច​មាន​លក្ខណៈ​ដូច​ឪពុក​បេះបិទ។ នេះ​ដូច​គ្នា​ដែរ​ព្រះ​រាជបុត្រា​ក៏​មាន​គុណ​សម្បត្ដិ​និង​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​វរបិតា​ទ្រង់​ដូច​បេះបិទ។

១៤​. តើ​ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​យេហូវ៉ា​បាន​ប្រសូត​មក​ជា​មនុស្ស​យ៉ាង​ដូច​ម្ដេច?

១៤ ព្រះ​រាជបុត្រា​តែ​មួយ​របស់​ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​ចេញ​ពី​ស្ថាន​សួគ៌​មក​ផែន​ដី​ដើម្បី​រស់​ជា​មនុស្ស​ជាតិ។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​ឆ្ងល់​ថា‹តើ​បុគ្គល​វិញ្ញាណ​អាច​ប្រសូត​មក​ជា​មនុស្ស​ម្នាក់​យ៉ាង​ដូច​ម្ដេច?›។ ដើម្បី​ធ្វើ​ឲ្យ​នេះ​បាន​សម្រេច ព្រះ​យេហូវ៉ា​ធ្វើ​អព្ភូតហេតុ​មួយ។ ទ្រង់​បាន​ផ្ទេរ​ព្រះ​ជន្ម​របស់​ព្រះ​រាជបុត្រា​ច្បង​របស់​ទ្រង់​ទៅ​ក្នុង​ផ្ទៃ​របស់​ស្រី​ក្រមុំ​បរិសុទ្ធ​សាសន៍​យូដា​ម្នាក់​ឈ្មោះ​ម៉ារា ដោយ​មិន​ចាំ​បាច់​មាន​បុរស​ម្នាក់​ធ្វើ​ជា​បិតា​នោះ​ទេ។ ដូច្នេះ ម៉ារា​បាន​សម្រាល​កូន​ប្រុស​ដ៏​គ្រប់​ល័ក្ខណ៍​មួយ ហើយ​ថ្វាយ​ព្រះ​នាម​ទ្រង់​យេស៊ូ។—លូកា ១:៣០​-​៣៥

តើ​ព្រះ​យេស៊ូ​ជា​មនុស្ស​បែប​ណា?

១៥​. ហេតុ​អ្វី​យើង​អាច​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង​តាម​រយៈ​ព្រះ​យេស៊ូ?

១៥ បន្ទូល​និង​ការ​ប្រព្រឹត្ត​របស់​ព្រះ​យេស៊ូ​ពេល​ដែល​ទ្រង់​គង់​នៅ​ផែន​ដី​ជួយ​ឲ្យ​យើង​ស្គាល់​ទ្រង់​កាន់​តែ​ច្បាស់។ សំខាន់​ជាង​នោះ​ទៅ​ទៀត តាម​រយៈ​ព្រះ​យេស៊ូ​យើង​ក៏​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង​ដែរ។ តើ​ហេតុ​អ្វី? សូម​ចាំ​ថា ព្រះ​រាជបុត្រា​គឺ​ដូច​ព្រះ​វរបិតា​បេះបិទ។ នេះ​ជា​មូលហេតុ​ដែល​ព្រះ​យេស៊ូ​មាន​បន្ទូល​ប្រាប់​សិស្ស​ម្នាក់​របស់​ទ្រង់​ថា​៖ ​«​អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះ​វរបិតា​ដែរ​»។ (​យ៉ូហាន ១៤:៩​) សៀវភៅ​បួន​ក្នុង​ព្រះ​គម្ពីរ​ដែល​ហៅ​ថា​សៀវភៅ​ដំណឹង​ល្អ គឺ​មាន​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន​ដែល​ប្រាប់​យើង​អ្វី​ៗ​ជា​ច្រើន​អំពី​ជីវិត សកម្មភាព និង​លក្ខណៈ​សម្បត្ដិ​របស់​ព្រះ​យេស៊ូ​គ្រីស្ទ។

១៦​. តើ​សារ​ដ៏​សំខាន់​បំផុត​ដែល​ព្រះ​យេស៊ូ​បាន​បង្រៀន​ជា​អ្វី? តើ​សេចក្ដី​បង្រៀន​របស់​ទ្រង់​មក​ពី​ណា?

១៦ ព្រះ​យេស៊ូ​ត្រូវ​គេ​ស្គាល់​ជា​«​លោក​គ្រូ​»។ (​យ៉ូហាន ១:៣៨; ១៣:១៣​) តើ​ព្រះ​យេស៊ូ​បាន​បង្រៀន​អ្វី? សំខាន់​បំផុត ទ្រង់​ផ្សព្វ​ផ្សាយ​សារ​អំពី​«​ដំណឹង​ល្អ​ពី​នគរ​»​ឬ​ព្រះ​រាជាណាចក្រ​របស់​ព្រះ ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​ដែល​នឹង​គ្រប់​គ្រង​ផែន​ដី​ទាំង​មូល​ហើយ​នាំ​ឲ្យ​មាន​ពរ​ជា​រៀង​រហូត​ដល់​មនុស្ស​ដែល​ស្ដាប់​បង្គាប់។ (​ម៉ាថាយ ៤:២៣​) តើ​សារ​នោះ​ជា​សារ​របស់​អ្នក​ណា? ព្រះ​យេស៊ូ​មាន​បន្ទូល​ដោយ​អង្គ​ទ្រង់​ថា​៖ ​«​សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ មិន​មែន​ជា​របស់​ខ្ញុំ​ទេ គឺ​ជា​របស់​ផង​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ​»។ (​យ៉ូហាន ៧:១៦​) ព្រះ​យេស៊ូ​ជ្រាប​ថា​ព្រះ​វរបិតា​របស់​ទ្រង់​ចង់​ឲ្យ​មនុស្ស​ឮ​នូវ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ទ្រង់។ នៅ​ជំពូក​ទី​៨ យើង​នឹង​រៀន​ច្រើន​ថែម​ទៀត​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ​និង​អ្វី​ៗ​ដែល​ព្រះ​រាជាណាចក្រ​នោះ​នឹង​ធ្វើ​ឲ្យ​បាន​សម្រេច។

១៧​. តើ​ព្រះ​យេស៊ូ​បាន​បង្រៀន​នៅ​កន្លែង​ណា? ហេតុ​អ្វី​បាន​ជា​ទ្រង់​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត?

១៧ តើ​ព្រះ​យេស៊ូ​បាន​បង្រៀន​មនុស្ស​នៅ​កន្លែង​ណា? នៅ​គ្រប់​ទី​កន្លែង​ដែល​មាន​មនុស្ស ពោល​គឺ​នៅ​ជនបទ ទី​ក្រុង ភូមិ ផ្សារ និង​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ។ ព្រះ​យេស៊ូ​មិន​បាន​រង់​ចាំ​មនុស្ស​ឲ្យ​មក​ឯ​ទ្រង់​ឡើយ។ ទ្រង់​បាន​ទៅ​ជួប​ពួក​គេ​វិញ។ (​ម៉ាកុស ៦:៥៦; លូកា ១៩:៥, ៦​) ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូ​ខំ​ព្យាយាម​យ៉ាង​ខ្លាំង​ហើយ​ចំណាយ​ពេល​ច្រើន​ដូច្នោះ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន? ពី​ព្រោះ​នោះ​ជា​ព្រះ​ហឫទ័យ​របស់​ព្រះ​សំរាប់​ទ្រង់។ ព្រះ​យេស៊ូ​តែង​តែ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​វរបិតា​ទ្រង់​ជា​និច្ច។ (​យ៉ូហាន ៨:២៨, ២៩​) ប៉ុន្តែ​មាន​ហេតុ​មួយ​ទៀត​ដែល​ទ្រង់​បាន​ផ្សព្វ​ផ្សាយ។ ទ្រង់​អាណិត​ហ្វូង​មនុស្ស​ដែល​មក​ជួប​ទ្រង់។ (​ម៉ាថាយ ៩:៣៥, ៣៦​) អ្នក​ដឹក​នាំ​សាសនា​ដែល​គួរ​តែ​បង្រៀន​ពួក​គេ​នូវ​សេចក្ដី​ពិត​អំពី​ព្រះ​និង​គោល​បំណង​របស់​ទ្រង់ បែរ​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​សោះ​ឡើយ។ ព្រះ​យេស៊ូ​ជ្រាប​ថា​មនុស្ស​ទាំង​នោះ​ត្រូវ​ការ​សារ​អំពី​ព្រះ​រាជាណាចក្រ​ព្រះ​ខ្លាំង​ណាស់។

១៨​. តើ​គុណ​សម្បត្ដិ​អ្វី​ខ្លះ​របស់​ព្រះ​យេស៊ូ​ដែល​ទាក់​ទាញ​ទឹក​ចិត្ត​របស់​អ្នក​ខ្លាំង​បំផុត?

១៨ ព្រះ​យេស៊ូ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ជំ​រៅ​ព្រះ​ទ័យ​មេត្ដា​ករុណា​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​ឯ​ទៀត។ ហេតុ​នេះ​អ្នក​ឯ​ទៀត​មាន​អារម្មណ៍​ស្រួល​ទាក់​ទង​នឹង​ទ្រង់ ហើយ​ក៏​ឃើញ​ថា​ទ្រង់​សប្បុរស​ដែរ។ សូម្បី​តែ​ក្មេង​តូច​ៗ​មាន​អារម្មណ៍​ស្រួល​ណាស់​ពេល​ដែល​នៅ​ជា​មួយ​ទ្រង់។ (​ម៉ាកុស ១០:១៣​-​១៦​) ព្រះ​យេស៊ូ​មិន​រើស​មុខ​អ្នក​ណា​ឡើយ។ ទ្រង់​ស្អប់​អំពើ​ពុក​រលួយ​និង​អំពើ​អយុត្ដិធម៌។ (​ម៉ាថាយ ២១:១២, ១៣​) នៅ​សម័យ​នោះ​មនុស្ស​ស្រី​មិន​សូវ​ទទួល​នូវ​ការ​គោរព​ក៏​មិន​សូវ​មាន​សិទ្ធិ​ប៉ុន្មាន​ដែរ ក៏​ប៉ុន្តែ​ព្រះ​យេស៊ូ​នៅ​តែ​ប្រព្រឹត្ត​ទៅ​លើ​ស្ត្រី​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ។ (​យ៉ូហាន ៤:៩, ២៧​) ព្រះ​យេស៊ូ​មាន​ព្រះ​ទ័យ​រាប​ទាប​ពិត​ប្រាកដ​មែន។ មាន​ពេល​មួយ​ដែល​ទ្រង់​លាង​ជើង​របស់​បណ្ដា​សាវ័ក​ទ្រង់ ទោះ​ជា​ការ​នោះ​ជា​កិច្ច​ការ​របស់​ខ្ញុំ​បំរើ​ក៏​ដោយ។

១៩​. តើ​ឧទាហរណ៍​អ្វី​បង្ហាញ​ថា​ព្រះ​យេស៊ូ​តែង​តែ​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត?

១៩ ព្រះ​យេស៊ូ​តែង​គិត​អំពី​សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ឯ​ទៀត។ ជាក់​ស្តែង​គឺ​ពេល​ដែល​ទ្រង់​ធ្វើ​អព្ភូតហេតុ​ប្រោស​មនុស្ស​ឲ្យ​ជា​ឡើង​វិញ​ដោយ​អំណាច​ពី​វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ។ (​ម៉ាថាយ ១៤:១៤​) ជា​ឧទាហរណ៍ បុរស​ម្នាក់​ដែល​មាន​ជំងឺ​ឃ្លង់​បាន​មក​ឯ​ព្រះ​យេស៊ូ​ហើយ​ទូល​ថា​៖ ​«​បើ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ទ្រង់​អាច​នឹង​ប្រោស​ឲ្យ​ទូល​បង្គំ​ជា​ស្អាត​បាន​»។ ព្រះ​យេស៊ូ​យល់​ច្បាស់​ពី​ទំហំ​ទុក្ខ​និង​ការ​ឈឺ​ចាប់​របស់​បុរស​នេះ។ ដោយ​មាន​ព្រះ​ទ័យ​ក្ដួល​អាណិត ព្រះ​យេស៊ូ​លូក​ព្រះ​ហស្ត​ទៅ​ពាល់​បុរស​នោះ​ដោយ​ពោល​ថា​៖ ​«​ខ្ញុំ​ចង់​ដែរ ឲ្យ​ជា​ស្អាត​ទៅ​»​ ហើយ​បុរស​នោះ​បាន​ជា​ឡើង​វិញ​មែន។ (​ម៉ាកុស ១:៤០​-​៤២​) តើ​អ្នក​អាច​ស្រមៃ​គិត​ដល់​អារម្មណ៍​របស់​បុរស​នោះ​បាន​ទេ?

បាន​បង្ហាញ​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ចុង​បញ្ចប់​ព្រះ​ជន្ម​ទ្រង់

២០, ២១​. ហេតុ​អ្វី​ព្រះ​យេស៊ូ​ជា​គំរូ​ល្អ​ស្តី​អំពី​ការ​ស្ដាប់​បង្គាប់​ព្រះ​យ៉ាង​ស្មោះ​ត្រង់​នោះ?

២០ ព្រះ​យេស៊ូ​ជា​គំរូ​ល្អ​បំផុត​ស្តី​អំពី​ការ​ស្ដាប់​បង្គាប់​ព្រះ​ដោយ​ស្មោះ​ត្រង់។ ទ្រង់​បាន​សម្ដែង​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​វរបិតា​របស់​ទ្រង់​ក្នុង​គ្រប់​កាលៈទេសៈ និង​នៅ​ចំពោះ​មុខ​ការ​ប្រឆាំង​និង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង។ ពេល​ដែល​សាតាំង​ខំ​ល្បួង​ព្រះ​យេស៊ូ ទ្រង់​បាន​បដិសេធ​យ៉ាង​ដាច់​ខាត ដោយ​ពុំ​ធ្វើ​តាម​ការ​ល្បួង​របស់​វា​ឡើយ។ (​ម៉ាថាយ ៤:១​-​១១​) នៅ​គ្រា​មួយ សូម្បី​តែ​សាច់​ញាតិ​ខ្លះ​របស់​ព្រះ​យេស៊ូ​ក៏​មិន​បាន​ជឿ​លើ​ទ្រង់​ដែរ រហូត​ដល់​និយាយ​ថា​ទ្រង់​«​វង្វេង​ស្មារតី​»។ (​ម៉ាកុស ៣:២១​) ប៉ុន្តែ​ព្រះ​យេស៊ូ​មិន​បាន​ឲ្យ​ពួក​គេ​មាន​អានុភាព​មក​លើ​ទ្រង់​ឡើយ។ ទ្រង់​បន្ត​ធ្វើ​ការ​ដែល​ព្រះ​ប្រគល់​ឲ្យ។ ទោះ​ជា​មាន​ការ​បន្តុះ​បង្អាប់ ហើយ​មាន​គេ​ធ្វើ​បាប​ទ្រង់​ក៏​ដោយ តែ​ព្រះ​យេស៊ូ​បាន​ទប់​ព្រះ​ទ័យ ពុំ​ដែល​ធ្វើ​បាប​ទៅ​លើ​អ្នក​ប្រឆាំង​ទ្រង់​វិញ​ឡើយ។—ពេត្រុស​ទី១ ២:២១​-​២៣

២១ ព្រះ​យេស៊ូ​បាន​រក្សា​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ទ្រង់​សោយ​ទិវង្គត​យ៉ាង​វេទនា​ដែល​គួរ​ឲ្យ​សង្វេគ។ (​ភីលីព ២:៨​) សូម​គិត​អំពី​អ្វី​ដែល​ព្រះ​យេស៊ូ​បាន​រង​ទ្រាំ​នៅ​ថ្ងៃ​ចុង​ក្រោយ​ដែល​ទ្រង់​ជា​មនុស្ស។ ទ្រង់​ត្រូវ​គេ​ចាប់ ត្រូវ​ចោទ​ប្រកាន់​ដោយ​សាក្សី​ក្លែង​ក្លាយ ត្រូវ​កាត់​ទោស​ដោយ​ចៅ​ក្រម​ពុក​រលួយ ហើយ​ត្រូវ​ហ្វូង​មនុស្ស​ចំអក​ឡកឡឺយ។ ទ្រង់​ក៏​បាន​ទទួល​ទារុណកម្ម​ក្នុង​កណ្ដាប់​ដៃ​ពួក​ទាហាន​ទៀត​ផង។ ក្រោយ​ត្រូវ​គេ​បោះ​ដែក​គោល​ព្យួរ​នឹង​បង្គោល​ឈើ​ទារុណកម្ម​នោះ ទ្រង់​បន្លឺ​ព្រះ​សូរ​សៀង​ថា​៖ ​«​ការ​ស្រេច​ហើយ!​»​ រួច​ផុត​ដង្ហើម​ទៅ។ (​យ៉ូហាន ១៩:​៣០; កិច្ច​ការ ៥:៣០​) ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​ទី​បី​ក្រោយ​ទ្រង់​សោយ​ទិវង្គត​នោះ ព្រះ​វរបិតា​របស់​ទ្រង់​នៅ​ស្ថាន​សួគ៌​បាន​ប្រោស​ទ្រង់​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ។ (​ពេត្រុស​ទី១ ៣:១៨​) ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក ទ្រង់​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ។ នៅ​ស្ថាន​សួគ៌​ទ្រង់​«​គង់​ខាង​ស្ដាំ​ព្រះ​»​ ហើយ​រង់​ចាំ​ទទួល​អំណាច​ជា​ស្តេច។—ហេព្រើរ ១០:១២, ១៣

២២​. តើ​ព្រះ​យេស៊ូ​បាន​បើក​ឱកាស​អ្វី​ដោយ​រក្សា​ភាព​ស្មោះ​ត្រង់​រហូត​ដល់​សោយ​ទិវង្គត​នោះ?

២២ ដោយ​រក្សា​ភាព​ស្មោះ​ត្រង់​រហូត​ដល់​សោយ​ទិវង្គត តើ​ព្រះ​យេស៊ូ​បើក​ឱកាស​អ្វី? ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ បើក​ឱកាស​ឲ្យ​យើង​ទទួល​ជីវិត​ជា​រៀង​រហូត​នៅ​ផែន​ដី​មនោ​រម្យ​សម​ស្រប​តាម​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ ជំពូក​បន្ទាប់​នឹង​ពន្យល់​នូវ​មូលហេតុ​ដែល​ការ​សោយ​ទិវង្គត​របស់​ព្រះ​យេស៊ូ​ផ្ដល់​ឲ្យ​យើង​នូវ​លទ្ធភាព​ទទួល​ជីវិត​បែប​នេះ។

[កំណត់​សម្គាល់]

a ដើម្បី​បាន​ការ​ពន្យល់​ថែម​ទៀត​អំពី​ទំនាយ​របស់​ដានីយ៉ែល​ដែល​ព្រះ​យេស៊ូ​បាន​ធ្វើ​ឲ្យ​សម្រេច​នោះ សូម​មើល​ការ​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​របៀប​បទ​ទំនាយ​ដានីយ៉ែល​ទាយ​ពី​ការ​យាង​មក​របស់​ព្រះ​មេស្ស៊ី​»។

b ព្រះ​យេហូវ៉ា​ត្រូវ​ហៅ​ថា​ព្រះ​វរបិតា​ដោយ​សារ​ទ្រង់​ជា​អ្នក​បង្កើត។ (​អេសាយ ៦៤:៨​) ដោយ​សារ​ព្រះ​បាន​បង្កើត​ព្រះ​យេស៊ូ នោះ​ព្រះ​យេស៊ូ​ត្រូវ​ហៅ​ថា​ព្រះ​រាជបុត្រា​របស់​ព្រះ។ ស្រដៀង​គ្នា​ដែរ បុគ្គល​វិញ្ញាណ​ឯ​ទៀត​ហើយ​សូម្បី​តែ​អ័ដាម​ក៏​ត្រូវ​ហៅ​ថា​កូន​ព្រះ​ដែរ។—យ៉ូប ១:៦; លូកា ៣:៣៨

c ដើម្បី​បាន​ភស្តុ​តាង​ថែម​ទៀត​ដែល​បញ្ជាក់​ថា​ព្រះ​រាជបុត្រា​គឺ​មិន​ស្មើ​នឹង​ព្រះ​នោះ សូម​មើល​ការ​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា «​សេចក្ដី​ពិត​អំពី​ព្រះ​វរបិតា ព្រះ​រាជបុត្រា និង​វិញ្ញាណ​បរិសុទ្ធ​»។

អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន

▪ បទ​ទំនាយ​ដែល​បាន​កើត​ឡើង​ហើយ​ការ​បញ្ជាក់​ពី​ព្រះ​ជា​ភស្តុ​តាង​បង្ហាញ​ថា ព្រះ​យេស៊ូ​ជា​ព្រះ​មេស្ស៊ី​ឬ​ព្រះ​គ្រីស្ទ។—ម៉ាថាយ ១៦:១៦

▪ ព្រះ​យេស៊ូ​ធ្លាប់​មាន​ព្រះ​ជន្ម​នៅ​ស្ថាន​សួគ៌​ជា​បុគ្គល​វិញ្ញាណ​យូរ​មុន​ដែល​ទ្រង់​យាង​មក​ផែន​ដី។—យ៉ូហាន ៣:១៣

▪ ព្រះ​យេស៊ូ​ជា​លោក​គ្រូ ក៏​ជា​បុរស​ដែល​បង្ហាញ​ភាព​កក់​ក្ដៅ និង​ជា​គំរូ​អំពី​ការ​ស្ដាប់​បង្គាប់​ព្រះ​យ៉ាង​គ្រប់​ល័ក្ខណ៍។—ម៉ាថាយ ៩:៣៥, ៣៦

[រូប​ភាព​នៅ​ទំព័រ​៤២]

នៅ​ពេល​ដែល​ព្រះ​យេស៊ូ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ទ្រង់​ក្លាយ​ទៅ​ជា​ព្រះ​មេស្ស៊ី​ឬ​ព្រះ​គ្រីស្ទ

​​[រូប​ភាព​នៅ​ទំព័រ​៤៨, ៤៩]

ព្រះ​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ណា​ដែល​មាន​មនុស្ស

​​​​​

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក