ជំពូកទីដប់
តើបុគ្គលវិញ្ញាណមានអានុភាពលើជីវិតយើងយ៉ាងដូចម្ដេច?
តើទេវតាជួយមនុស្សឬទេ?
តើពួកវិញ្ញាណអាក្រក់បញ្ចេញឥទ្ធិពលទៅលើមនុស្សយ៉ាងដូចម្ដេចខ្លះ?
តើយើងត្រូវខ្លាចពួកវិញ្ញាណអាក្រក់ឬទេ?
១. ហេតុអ្វីយើងគួររៀនអំពីទេវតា?
បើអ្នកចង់ស្គាល់មនុស្សណាម្នាក់ឲ្យបានច្បាស់នោះ អ្នកក៏ត្រូវស្គាល់ក្រុមគ្រួសាររបស់គាត់ដែរ។ ស្រដៀងគ្នាដែរ បើចង់ស្គាល់ព្រះយេហូវ៉ា យើងក៏ត្រូវស្គាល់បណ្ដាទេវតាដែរ ដ្បិតទេវតាត្រូវចាត់ទុកជាក្រុមគ្រួសាររបស់ទ្រង់នៅស្ថានសួគ៌។ ក្នុងព្រះគម្ពីរ ទេវតាត្រូវហៅថា «កូនព្រះ»។ (យ៉ូប ៣៨:៧) តើទេវតាមានមុខនាទីអ្វីក្នុងការសម្រេចនូវគោលបំណងរបស់ព្រះ? នៅអតីតកាល តើទេវតាធ្លាប់ធ្វើអន្តរាគមន៍ក្នុងព្រឹត្ដិការណ៍នានាដែលកើតឡើងនៅផែនដីឬទេ? តើទេវតាមានអានុភាពលើជីវិតរបស់អ្នកទេ? បើមានមែន តើមានអានុភាពយ៉ាងដូចម្ដេចខ្លះ?
២. តើទេវតាបានកើតមកពីណា? តើមានទេវតាប៉ុន្មានរូប?
២ ព្រះគម្ពីរចែងអំពីទេវតារាប់រយដង។ សូមពិចារណាបទគម្ពីរខ្លះដើម្បីរៀនថែមទៀតអំពីទេវតា។ តើទេវតាបានកើតមកពីណា? កូល៉ុស ១:១៦ចែងថា៖ «គ្រប់ទាំងអស់ ទាំងរបស់នៅស្ថានសួគ៌ នឹងនៅផែនដី . . . សុទ្ធតែកើតមកដោយសារទ្រង់[ព្រះយេស៊ូគ្រីស្ទ]»។ ដូច្នេះដោយប្រើព្រះយេស៊ូ នោះព្រះយេហូវ៉ាបានបង្កើតបុគ្គលវិញ្ញាណមួយរូបៗដែលហៅថាទេវតា។ តើមានទេវតាប៉ុន្មានរូប? ព្រះគម្ពីរចែងឲ្យដឹងថាទេវតារាប់សែនលានបានត្រូវបង្កើត ហើយទេវតាមួយរូបៗគឺខ្លាំងក្លាណាស់។—ទំនុកដំកើង ១០៣:២០a
៣. តើយ៉ូប ៣៨:៤-៧ ប្រាប់អ្វីខ្លះអំពីទេវតា?
៣ ព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះចែងថា«អស់ទាំងកូនព្រះបានស្រែកអរសាទរ»នៅពេលដែលផែនដីត្រូវបង្កើត។ (យ៉ូប ៣៨:៤-៧) នេះមានន័យថា ទេវតាធ្លាប់រស់នៅយូរមុនដែលមនុស្សត្រូវបង្កើត ហើយមុនដែលផែនដីបានត្រូវបង្កើតទៀតផង។ ខគម្ពីរនេះក៏ឲ្យយើងដឹងថា ទេវតាមានអារម្មណ៍ដែរ ពីព្រោះខនោះចែងថាទេវតាបាន«ស្រែកអរសាទរ»។ សូមកត់សម្គាល់ថា«អស់ទាំងកូនព្រះ»បានអរសប្បាយជាមួយគ្នា។ នៅពេលនោះ ទេវតាទាំងឡាយរួមជាក្រុមគ្រួសារមួយដែលបំរើព្រះយេហូវ៉ាដោយសាមគ្គីភាព។
ការការពារនិងជំនួយពីទេវតា
៤. តើព្រះគម្ពីរបង្ហាញយ៉ាងដូចម្ដេចថា ទេវតាស្មោះត្រង់ចាប់អារម្មណ៍នឹងសកម្មភាពរបស់មនុស្សជាតិ?
៤ តាំងពីពេលដែលឃើញព្រះបង្កើតមនុស្សពីរនាក់ដំបូងនោះ បុគ្គលវិញ្ញាណស្មោះត្រង់បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើមនុស្សជាតិ ហើយការសម្រេចនៃគោលបំណងរបស់ព្រះ។ (សុភាសិត ៨:៣០, ៣១; ពេត្រុសទី១ ១:១១, ១២) ក៏ប៉ុន្តែ កាលដែលពេលវេលាចេះតែកន្លងទៅទេវតាសង្កេតឃើញថាមនុស្សភាគច្រើនឈប់បំរើព្រះជាអ្នកបង្កើតពួកគេដែលប្រកបទៅដោយសេចក្ដីស្រឡាញ់។ នេះច្បាស់ជាបានធ្វើឲ្យទេវតាស្មោះត្រង់ពិបាកចិត្តណាស់។ ប៉ុន្តែ កាលណាមនុស្សម្នាក់បែរត្រឡប់មកបំរើព្រះយេហូវ៉ាវិញ នោះ«មានសេចក្ដីអំណរ នៅមុខពួកទេវតា»។ (លូកា ១៥:១០) បណ្ដាទេវតាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់អ្នកដែលបំរើព្រះ ហេតុនេះគ្មានអ្វីចម្លែកឡើយ ដែលព្រះយេហូវ៉ាធ្លាប់ប្រើទេវតាជាច្រើនដងដើម្បីការពារនិងផ្ដល់កម្លាំងចិត្តឲ្យអ្នកបំរើស្មោះភក្ដីរបស់ទ្រង់នៅផែនដី។ (ហេព្រើរ ១:៧, ១៤) សូមពិចារណាឧទាហរណ៍ខ្លះៗ។
៥. ក្នុងព្រះគម្ពីរ តើមានឧទាហរណ៍អ្វីខ្លះស្តីអំពីជំនួយពីទេវតា?
៥ ទេវតាពីររូបបានជួយឡុត ដែលជាបុរសសុចរិតម្នាក់និងកូនស្រីពីរនាក់របស់គាត់ឲ្យរួចពីការបំផ្លាញទីក្រុងសូដុំមនិងកូម៉ូរ៉ា ដោយនាំពួកគាត់ចេញពីទីក្រុងនោះ។ (លោកុប្បត្តិ ១៩:១៥, ១៦) រាប់រយឆ្នាំក្រោយមក ព្យាការីដានីយ៉ែលបានត្រូវគេបោះទៅក្នុងរូងសិង្ហ តែគាត់មិនជួបគ្រោះថ្នាក់ទេ។ ដានីយ៉ែលប្រាប់ថា៖ «ព្រះនៃទូលបង្គំទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកបិទមាត់សិង្ហទាំងអស់»។ (ដានីយ៉ែល ៦:២២) នៅសតវត្សរ៍ទីមួយ ទេវតាមួយរូបបានដោះលែងសាវ័កពេត្រុសឲ្យចេញពីគុក។ (កិច្ចការ ១២:៦-១១) ម្យ៉ាងទៀត ទេវតាបានផ្ដល់កម្លាំងចិត្តឲ្យព្រះយេស៊ូពេលដែលទ្រង់ចាប់ផ្ដើមបំពេញកិច្ចការដែលព្រះប្រគល់ឲ្យនៅផែនដី។ (ម៉ាកុស ១:១៣) ហើយមិនយូរមុនដែលព្រះយេស៊ូសោយទិវង្គតនោះ ទេវតាមួយរូបបានលេចមក«ចំរើនកំឡាំងថ្វាយ»ទ្រង់។ (លូកា ២២:៤៣) នៅគ្រាសំខាន់ៗទាំងនោះ ជំនួយពីទេវតាច្បាស់ជាបានលើកទឹកចិត្តព្រះយេស៊ូណាស់!
៦. (ក) សព្វថ្ងៃនេះ តើទេវតាការពាររាស្ត្ររបស់ព្រះយ៉ាងដូចម្ដេច? (ខ) តើយើងនឹងពិចារណាសំនួរអ្វីខ្លះ?
៦ សព្វថ្ងៃនេះនៅផែនដី ទេវតាមិនលេចមកឲ្យរាស្ត្ររបស់ព្រះឃើញទៀតឡើយ។ ទោះជាមនុស្សមើលមិនឃើញទេវតាក៏ពិតមែន តែទេវតាខ្លាំងក្លារបស់ព្រះនៅតែការពាររាស្ត្ររបស់ទ្រង់ ជាពិសេសពីអ្វីដែលអាចនាំឲ្យពួកគេជួបគ្រោះថ្នាក់ខាងវិញ្ញាណ។ ព្រះគម្ពីរចែងថា៖ «ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច»។ (ទំនុកដំកើង ៣៤:៧) ហេតុអ្វីបានជាខនោះគួរលើកទឹកចិត្តយើង? គឺពីព្រោះមានពួកវិញ្ញាណកំណាចដែលចង់សំឡាប់យើង! តើពួកវាជាអ្នកណា? តើពួកវាមកពីណា? តើពួកវាខំព្យាយាមធ្វើអាក្រក់ចំពោះយើងយ៉ាងដូចម្ដេចខ្លះ? ដើម្បីដឹងសូមពិចារណាយ៉ាងខ្លីនូវអ្វីដែលបានកើតឡើងក្រោយមនុស្សដំបូងបានត្រូវបង្កើត។
បុគ្គលវិញ្ញាណដែលជាសត្រូវរបស់យើង
៧. តើសាតាំងបានទទួលជោគជ័យប៉ុនណាក្នុងការនាំឲ្យមនុស្សឈប់បំរើព្រះ?
៧ ដូចដែលយើងបានរៀននៅជំពូកទី៣ក្នុងសៀវភៅនេះ ទេវតាមួយរូបបានកើតមានចិត្តប្រាថ្នាចង់គ្រប់គ្រងលើអ្នកឯទៀត ហើយបែរជាប្រឆាំងនឹងព្រះវិញ។ ក្រោយមក ទេវតានេះបានហៅថាអារក្សសាតាំង។ (វិវរណៈ ១២:៩) ក្នុងកំលុងប្រមាណ១.៦០០ឆ្នាំបន្ទាប់ពីវាបានបញ្ឆោតអេវ៉ានោះ សាតាំងបាននាំមនុស្សជាតិស្ទើរតែទាំងអស់ឲ្យឈប់បំរើព្រះ លើកលែងតែមនុស្សស្មោះត្រង់ពីរបីនាក់ដូចជាអេបិល ហេណុក និងណូអេ។—ហេព្រើរ ១១:៤, ៥, ៧
៨. (ក) តើទេវតាខ្លះបានក្លាយទៅជាបិសាចយ៉ាងដូចម្ដេច? (ខ) ដើម្បីរួចរស់ពីទឹកជំនន់នៅសម័យណូអេ តើពួកបិសាចបានធ្វើអ្វី?
៨ នៅសម័យណូអេ ទេវតាឯទៀតបានបះបោរនឹងព្រះយេហូវ៉ាដែរ។ ពួកវាបានចេញពីក្រុមគ្រួសាររបស់ព្រះនៅស្ថានសួគ៌ រួចចុះមកផែនដីហើយប្រែក្រឡាជាមនុស្ស។ ហេតុអ្វី? លោកុប្បត្តិ ៦:២ ប្រាប់ថា៖ «ពួកកូនប្រុសរបស់ព្រះគេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ ក៏យកធ្វើជាប្រពន្ធតាមតែចិត្តគេទៅ»។ ប៉ុន្តែ ព្រះយេហូវ៉ាមិនបានបណ្ដោយឲ្យពួកទេវតាទាំងនេះនិងអំពើអាក្រក់របស់មនុស្សនៅក្រោមអានុភាពរបស់ពួកវាបន្តជានិច្ចនោះទេ។ ទ្រង់បានធ្វើឲ្យមានទឹកជំនន់ពាសពេញពិភពលោក ដែលបានត្របាក់លេបជីវិតមនុស្សទុច្ចរិតទាំងអស់ ហើយទ្រង់បានសង្គ្រោះតែមនុស្សស្មោះភក្ដីដែលបំរើទ្រង់។ (លោកុប្បត្តិ ៧:១៧, ២៣) យ៉ាងនេះ ទេវតាអាក្រក់ឬក៏ពួកបិសាច ត្រូវបានបង្ខំឲ្យប្រែក្រឡាជាបុគ្គលវិញ្ញាណហើយត្រឡប់ទៅស្ថានសួគ៌វិញ។ ពួកវាបានចូលខាងអារក្ស ហើយយ៉ាងនេះអារក្សបានទៅជា«មេអារក្ស»ឬអ្នកគ្រប់គ្រងលើពួកបិសាច។—ម៉ាថាយ ៩:៣៤
៩. (ក) តើអ្វីបានកើតឡើងដល់ពួកបិសាចពេលដែលត្រឡប់ទៅស្ថានសួគ៌វិញ? (ខ) តើយើងនឹងពិចារណាអ្វីស្តីអំពីពួកបិសាច?
៩ ពេលដែលទេវតាអាក្រក់ទាំងនោះបានត្រឡប់ទៅស្ថានសួគ៌វិញ ពួកវាមិនបានត្រូវអនុញ្ញាតឲ្យធ្វើជាសមាជិកនៃក្រុមគ្រួសាររបស់ព្រះយេហូវ៉ាទៀតឡើយ តែបានត្រូវកាត់កាល់វិញ ដូចសាតាំងដែលជាអ្នកគ្រប់គ្រងពួកវា។ (ពេត្រុសទី២ ២:៤) ទោះជាឥឡូវនេះទេវតាអាក្រក់មិនអាចប្រែក្រឡាជាមនុស្សក៏ពិតមែន តែពួកវានៅតែបញ្ចេញឥទ្ធិពលអាក្រក់ណាស់ទៅលើមនុស្ស។ តាមការពិត សាតាំងបាន«នាំលោកីយទាំងមូលឲ្យវង្វេងចេញ»ដោយមានជំនួយពីពួកបិសាចទាំងនេះ។ (វិវរណៈ ១២:៩; យ៉ូហានទី១ ៥:១៩) តើពួកវានាំឲ្យមនុស្សវង្វេងយ៉ាងដូចម្ដេច? វិធីសំខាន់បំផុតរបស់ពួកវា គឺជាការបោកបញ្ឆោតមនុស្ស។ (កូរិនថូសទី២ ២:១១) ឥឡូវយើងនឹងពិចារណាវិធីខ្លះៗ។
វិធីដែលពួកបិសាចនាំមនុស្សឲ្យវង្វេង
១០. តើមន្តអាគមជាអ្វី?
១០ ពួកបិសាចបោកបញ្ឆោតមនុស្សតាមរយៈមន្តអាគម។ មន្តអាគមគឺជាការទាក់ទងនឹងពួកបិសាចដោយផ្ទាល់ឬតាមរយៈគ្រូ។ ព្រះគម្ពីរប្រាប់ថាមន្តអាគមគឺជាអំពើអាក្រក់ ហើយព្រមានយើងឲ្យចៀសពីអ្វីសព្វបែបយ៉ាងដែលទាក់ទងនឹងមន្តអាគម។ (កាឡាទី ៥:១៩-២១) មន្តអាគមអាចប្រៀបដូចជានុយរបស់អ្នកនេសាទ។ អ្នកនេសាទប្រើនុយផ្សេងៗអាស្រ័យទៅលើប្រភេទត្រីដែលពួកគេចង់នេសាទ។ ស្រដៀងគ្នាដែរ ពួកវិញ្ញាណអាក្រក់ប្រើមន្តអាគមផ្សេងៗដើម្បីបញ្ចេញឥទ្ធិពលទៅលើមនុស្សសព្វបែបយ៉ាង។
១១. តើអ្វីជាមន្តអាគមម្យ៉ាងដែលពួកបិសាចប្រើជានុយ? ហេតុអ្វីយើងគួរចៀសវាង?
១១ នុយម្យ៉ាងរបស់ពួកបិសាចគឺដោយប្រើមន្តអាគមដើម្បីខំស្វែងយល់ពីអនាគតឬរឿងអាថ៌កំបាំង។ នេះរួមបញ្ចូលហោរាសាស្ត្រ ការទាយថ្ងៃខែ ទាយសន្លឹកបៀ ទាយបាតដៃ ហើយការគន់មើលប្រផ្នូល។ ទោះជាមនុស្សជាច្រើនគិតថាអ្វីៗទាំងនេះគ្មានគ្រោះថ្នាក់ក៏ពិតមែន តែព្រះគម្ពីរបង្ហាញថាគ្រូទាយកំពុងតែរួមដៃជាមួយនឹងពួកវិញ្ញាណអាក្រក់។ ជាឧទាហរណ៍ កិច្ចការ ១៦:១៦-១៨ប្រាប់អំពី«អារក្ស»ឬបិសាចមួយរូបដែលបានផ្ដល់សមត្ថភាពឲ្យក្មេងស្រីម្នាក់ចេះ«ទាយ»។ ក៏ប៉ុន្តែ ពេលដែលបិសាចនោះត្រូវបណ្ដេញចេញពីនាង នាងក៏លែងមានសមត្ថភាពទាយទៀត។
១២. ហេតុអ្វីបានជាការខំទាក់ទងមនុស្សស្លាប់ប្រកបដោយគ្រោះថ្នាក់?
១២ វិធីមួយទៀតដែលពួកបិសាចនាំឲ្យមនុស្សវង្វេង គឺដោយទាក់ទាញពួកគេឲ្យទាក់ទងជាមួយមនុស្សស្លាប់។ មនុស្សដែលកើតទុក្ខដោយសារបានបាត់បង់មនុស្សជាទីស្រឡាញ់នោះ ច្រើនតែមានការភាន់ច្រឡំស្តីអំពីមនុស្សស្លាប់។ គ្រូខាបប្រហែលជាប្រាប់ព័ត៌មានពិសេសឬនិយាយដោយមានសំឡេងដែលស្ដាប់ទៅដូចជាសំឡេងរបស់អ្នកដែលបានស្លាប់នោះ។ ហេតុនេះហើយ មនុស្សជាច្រើនចាប់ផ្ដើមជឿថាតាមពិតមនុស្សស្លាប់នៅរស់ ហើយការទាក់ទងមនុស្សស្លាប់នឹងជួយឲ្យអ្នកដែលនៅរស់ទ្រាំនឹងសេចក្ដីទុក្ខសោករបស់ខ្លួន។ ក៏ប៉ុន្តែ ការសម្រាលទុក្ខបែបនេះគឺក្លែងក្លាយហើយក៏ប្រកបដោយគ្រោះថ្នាក់ទៀតផង។ ហេតុអ្វី? ពីព្រោះពួកបិសាចអាចធ្វើសំឡេងដូចជាអ្នកដែលស្លាប់ ហើយក៏អាចប្រាប់ព័ត៌មានដល់គ្រូខាបអំពីអ្នកដែលបានស្លាប់នោះផងដែរ។ (សាំយូអែលទី១ ២៨:៣-១៩) ម្យ៉ាងទៀត ដូចដែលយើងបានរៀននៅជំពូកទី៦ មនុស្សស្លាប់បានសូន្យទៅ។ (ទំនុកដំកើង ១១៥:១៧) ដូច្នេះ អ្នកដែលទៅរក«គ្រូអន្ទងខ្មោច»បានចាញ់បោកពួកវិញ្ញាណអាក្រក់ ហើយកំពុងតែធ្វើអ្វីដែលខុសពីព្រះហឫទ័យរបស់ព្រះ។ (ចោទិយកថា ១៨:១០, ១១; អេសាយ ៨:១៩) ហេតុនេះ ចូរបដិសេធនុយប្រកបដោយគ្រោះថ្នាក់របស់ពួកបិសាចជាដាច់ខាត។
១៣. តើមនុស្សជាច្រើនដែលធ្លាប់ខ្លាចពួកបិសាច ឥឡូវមានអារម្មណ៍យ៉ាងណា?
១៣ ពួកវិញ្ញាណអាក្រក់មិនត្រឹមតែនាំឲ្យមនុស្សវង្វេងប៉ុណ្ណោះទេ តែពួកវាក៏ធ្វើឲ្យមនុស្សខ្លាចផងដែរ។ សព្វថ្ងៃនេះ សាតាំងនិងពួកបិសាចរបស់វាដឹងថា ពួកវាមាន‹ពេលវេលាខ្លីណាស់›មុនដែលត្រូវឃុំមិនឲ្យមានសកម្មភាពទៀត ហើយឥឡូវនេះពួកវាកាចសាហាវជាងមុនៗទៅទៀត។ (វិវរណៈ ១២:១២, ១៧) យ៉ាងណាក៏ដោយ មនុស្សរាប់ពាន់នាក់ដែលធ្លាប់ខ្លាចពួកវិញ្ញាណអាក្រក់ ឥឡូវលែងខ្លាចហើយ។ តើពួកគេបានធ្វើអ្វីដើម្បីកុំឲ្យលែងខ្លាចទៀត? តើមនុស្សអាចធ្វើយ៉ាងណាបើពួកគេជាប់ទាក់ទងនឹងមន្តអាគមហើយនោះ?
វិធីតយុទ្ធនឹងពួកវិញ្ញាណអាក្រក់
១៤. តាមគំរូរបស់គ្រីស្ទាននាសតវត្សរ៍ទីមួយនៅទីក្រុងអេភេសូរនោះ តើយើងអាចផ្ដាច់ទំនាក់ទំនងជាមួយពួកវិញ្ញាណអាក្រក់យ៉ាងដូចម្ដេច?
១៤ ព្រះគម្ពីរប្រាប់យើងវិធីតយុទ្ធនឹងពួកវិញ្ញាណអាក្រក់ ហើយវិធីផ្ដាច់ទំនាក់ទំនងជាមួយនឹងពួកវាដែរ។ សូមពិចារណាគំរូរបស់គ្រីស្ទាននៅទីក្រុងអេភេសូរនាសតវត្សរ៍ទីមួយ។ មុនដែលក្លាយជាគ្រីស្ទាន ពួកគេខ្លះធ្លាប់ធ្វើមន្តអាគម។ នៅពេលដែលសម្រេចចិត្តលះចោលមន្តអាគមនោះ តើពួកគេបានធ្វើយ៉ាងណា? ព្រះគម្ពីរប្រាប់ថា៖ «ឯមនុស្សដែលប្រព្រឹត្តវិជ្ជាប្លែកៗ នោះក៏មានច្រើននាក់ បានយកក្បួនដំរារបស់ខ្លួន មកដុតចោលនៅចំពោះមុខមនុស្សទាំងអស់គ្នា»។ (កិច្ចការ ១៩:១៩) ដោយបំផ្លាញសៀវភៅដែលមានក្បួនតម្រាមន្តអាគមរបស់ពួកគេនោះ គ្រីស្ទានថ្មីទាំងនេះបានទុកគំរូសំរាប់សព្វថ្ងៃនេះចំពោះអស់អ្នកណាដែលចង់តយុទ្ធនឹងពួកវិញ្ញាណអាក្រក់។ មនុស្សដែលចង់បំរើព្រះយេហូវ៉ាមិនត្រូវមានរបស់ណាក៏ដោយដែលទាក់ទងនឹងមន្តអាគម។ នេះរួមបញ្ចូលសៀវភៅ ទស្សនាវដ្ដី រូបភាព និងបទចំរៀងដែលខំទាក់ទាញយើងឲ្យធ្វើមន្តអាគមហើយនាំឲ្យគិតថាមន្តអាគមជាអ្វីដែលសប្បាយនិងគួរឲ្យចាប់អារម្មណ៍។ នេះក៏រួមបញ្ចូលខ្សែគាថាឬរបស់ឯទៀតដែលមនុស្សពាក់ជាគ្រឿងការពាររារាំងសត្រូវឬគ្រោះអន្តរាយផ្សេងៗ។—កូរិនថូសទី១ ១០:២១
១៥. ដើម្បីតយុទ្ធនឹងពួកវិញ្ញាណអាក្រក់ តើយើងត្រូវធ្វើអ្វី?
១៥ រាប់ឆ្នាំក្រោយគ្រីស្ទាននៅទីក្រុងអេភេសូរបានបំផ្លាញសៀវភៅដែលមានក្បួនតម្រាមន្តអាគមរបស់ពួកគេនោះ សាវ័កប៉ុលបានសរសេរថា៖ ‹យើងរាល់គ្នា[«កំពុងតែ»]តយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណ›។ (អេភេសូរ ៦:១២; ព.ថ.) នេះមានន័យថាពួកបិសាចមិនទាន់ចុះចាញ់នោះទេ។ ពួកវានៅតែខំយកឈ្នះ។ ដូច្នេះ តើគ្រីស្ទាននៅសម័យនោះត្រូវធ្វើអ្វីទៀត? ប៉ុលប្រាប់ថា៖ «ថែមទាំងយកសេចក្ដីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច[សាតាំង] ដោយសារខែលនោះបាន»។ (អេភេសូរ ៦:១៦) បើយើងពង្រឹងជំនឿរបស់យើងឲ្យកាន់តែរឹងមាំ នោះយើងអាចតយុទ្ធនឹងពួកវិញ្ញាណអាក្រក់បានកាន់តែខ្លាំង។—ម៉ាថាយ ១៧:២០
១៦. តើយើងអាចពង្រឹងជំនឿរបស់យើងយ៉ាងដូចម្ដេច?
១៦ បើដូច្នេះ តើយើងអាចពង្រឹងជំនឿរបស់យើងយ៉ាងដូចម្ដេច? គឺដោយសិក្សាព្រះគម្ពីរ។ កំពែងមួយនឹងមាំបើសង់ពីលើគ្រឹះរឹងមាំ។ ដូចគ្នាដែរ ជំនឿរបស់យើងនឹងរឹងមាំបើមានមូលដ្ឋានលើចំណេះពិតពីព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះ។ បើយើងអាននិងសិក្សាព្រះគម្ពីរជារៀងរាល់ថ្ងៃ នោះជំនឿរបស់យើងនឹងរឹងមាំ។ ជំនឿនោះនឹងការពារយើងពីឥទ្ធិពលនៃពួកវិញ្ញាណអាក្រក់ដូចជាកំពែងដ៏រឹងមាំ។—យ៉ូហានទី១ ៥:៥
១៧. តើត្រូវការអ្វីទៀតដើម្បីតយុទ្ធនឹងពួកវិញ្ញាណអាក្រក់?
១៧ តើគ្រីស្ទាននៅអេភេសូរបានធ្វើអ្វីទៀត? ពួកគេត្រូវការនូវការការពារថែមទៀត ពីព្រោះពួកគេរស់នៅក្នុងទីក្រុងមួយដែលពោរពេញទៅដោយមន្តអាគម។ ដូច្នេះ ប៉ុលប្រាប់ពួកគេថា៖ «ប្រើសេចក្ដីអធិស្ឋាន នឹងសេចក្ដីទូលអង្វរគ្រប់យ៉ាង ដើម្បីអធិស្ឋាន ដោយព្រះវិញ្ញាណរាល់ពេលរាល់វេលា»។ (អេភេសូរ ៦:១៨) ដោយសារយើងក៏រស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយមន្តអាគមដែរ ការអធិស្ឋានទូលព្រះយេហូវ៉ាអស់ពីចិត្តសុំទ្រង់ការពារយើង គឺជាអ្វីដែលចាំបាច់ណាស់ដើម្បីតយុទ្ធនឹងពួកវិញ្ញាណអាក្រក់។ យើងត្រូវប្រើព្រះនាមរបស់ព្រះយេហូវ៉ាក្នុងសេចក្ដីអធិស្ឋានរបស់យើង។ (សុភាសិត ១៨:១០) យើងគួរបន្តអធិស្ឋានសូមព្រះ«ប្រោសឲ្យយើងខ្ញុំរួចពីសេចក្ដីអាក្រក់[ឬ«មារកំណាច», ខ.ស.]» គឺអារក្សសាតាំង។ (ម៉ាថាយ ៦:១៣) ព្រះយេហូវ៉ានឹងតបឆ្លើយចំពោះសេចក្ដីអធិស្ឋានដ៏ស្មោះអស់ពីចិត្តដូចនេះ។—ទំនុកដំកើង ១៤៥:១៩
១៨, ១៩. (ក) ហេតុអ្វីបានជាយើងដឹងថាយើងអាចទទួលបានជ័យជំនះក្នុងការតយុទ្ធនឹងពួកវិញ្ញាណអាក្រក់? (ខ) តើសំនួរអ្វីនឹងត្រូវឆ្លើយក្នុងជំពូកបន្ទាប់?
១៨ ពួកវិញ្ញាណកំណាចទាំងនេះអាចធ្វើអាក្រក់ចំពោះយើងមែន ប៉ុន្តែយើងមិនចាំបាច់ខ្លាចពួកវាទេបើយើងតស៊ូនឹងអារក្សហើយចូលទៅជិតព្រះដោយធ្វើតាមព្រះហឫទ័យទ្រង់។ (យ៉ាកុប ៤:៧, ៨) អំណាចរបស់ពួកវិញ្ញាណអាក្រក់មានកំរិត។ ពួកវាបានទទួលទោសនៅសម័យណូអេ ហើយពួកវានឹងត្រូវកាត់ទោសជាលើកចុងក្រោយនៅថ្ងៃខាងមុខ។ (យូដាស ៦) សូមចាំដែរថា ទេវតាខ្លាំងក្លារបស់ព្រះយេហូវ៉ាការពារយើង។ (ពង្សាវតារក្សត្រទី២ ៦:១៥-១៧) ទេវតាទាំងនោះពិតជាចង់ឲ្យយើងទទួលបានជោគជ័យក្នុងការតយុទ្ធនឹងពួកវិញ្ញាណអាក្រក់។ នេះគឺហាក់ដូចជាទេវតាសុចរិតទាំងនេះកំពុងតែស្រែកអបអរលើកទឹកចិត្តយើង។ ដូច្នេះ ចូរយើងនៅជិតព្រះយេហូវ៉ានិងបុគ្គលវិញ្ញាណដ៏ស្មោះត្រង់ដែលជាក្រុមគ្រួសាររបស់ទ្រង់។ ចូរយើងចៀសចេញពីមន្តអាគមគ្រប់ប្រភេទ ហើយធ្វើតាមដំបូន្មានក្នុងព្រះបន្ទូលរបស់ព្រះ។ (ពេត្រុសទី១ ៥:៦, ៧; ពេត្រុសទី២ ២:៩) យ៉ាងនេះយើងនឹងបានជ័យជំនះជាមិនខានក្នុងការតយុទ្ធនឹងពួកវិញ្ញាណអាក្រក់។
១៩ ក៏ប៉ុន្តែ ហេតុអ្វីបានជាព្រះប្រណីនឹងពួកវិញ្ញាណអាក្រក់និងអំពើទុច្ចរិតដែលជាហេតុនាំឲ្យមនុស្សរងការឈឺចាប់ខ្លាំងម្ល៉េះ? សំនួរនោះនឹងត្រូវឆ្លើយក្នុងជំពូកបន្ទាប់។
[កំណត់សម្គាល់]
a វិវរណៈ ៥:១១ចែងអំពីទេវតាសុចរិតថា៖ «ចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ហើយទាំងពាន់រាប់ជាពាន់»។ ដូច្នេះព្រះគម្ពីរចែងឲ្យយើងដឹងថា ទេវតារាប់សែនលានរូបបានត្រូវបង្កើត។
អ្វីដែលព្រះគម្ពីរបង្រៀន
▪ ទេវតាស្មោះត្រង់ជួយអ្នកដែលបំរើព្រះយេហូវ៉ា។—ហេព្រើរ ១:៧, ១៤
▪ សាតាំងនិងពួកបិសាចរបស់វាកំពុងតែនាំមនុស្សឲ្យវង្វេងចេញពីព្រះ។—វិវរណៈ ១២:៩
▪ បើអ្នកធ្វើតាមព្រះហឫទ័យរបស់ព្រះហើយតស៊ូនឹងអារក្សសាតាំង នោះវានឹងរត់ចេញពីអ្នក។—យ៉ាកុប ៤:៧, ៨
[ប្រអប់/រូបភាពនៅទំព័រ១១៨]
វិធីតយុទ្ធនឹងពួកវិញ្ញាណអាក្រក់
▪ បោះចោលរបស់ណាដែលទាក់ទងវេទមន្ត
▪ សិក្សាគម្ពីរ
▪ អធិដ្ឋានទៅព្រះ
[រូបភាពនៅទំព័រ១១៣]
«ព្រះនៃទូលបង្គំលោកបានចាត់ទេវតារបស់លោក ឲ្យមកបិទមាត់សិង្ហទាំងអស់»។—ដានីយ៉ែល ៦:២២
[រូបភាពនៅទំព័រ១១៧]
ពួកវិញ្ញាណកំណាចប្រើវិធីផ្សេងៗដើម្បីនាំឲ្យមនុស្សវង្វេង